Archive for November, 2007
ថ្ងៃ សុក្រ ទី ៣០-១១-២០០៧៖ សម រង្ស៊ី : ”វប្បធម៌នៃការស្អប់គ្នា” រវាងCCP និង SRS ដែលមានជាយូរមកហើយឥឡូវនេះត្រូវបញ្ចប់
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៣
បើយើងនិយាយពីភាពស្និតស្នាលរវាងមេគណបក្សប្រឆាំង សម រង្ស៊ី ជាមួយមេរាជរដ្ឋាភិបាល ឬ ជាមួយមេៗថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចកន្លងមករហូតសព្វថ្ងៃនេះ គេពិតជាអាចនិយាយបានថាកម្រខ្លាំងណាស់ដែលគេប្រទះឃើញមេបក្សប្រឆាំងដ៏ល្បីល្បាញរូបនេះទៅស្និតស្នាលឬនែបនិតជាមួយប្រមុខរាជរដ្ឋាភិបាល ឬមេៗគណបក្សប្រជាជនកម្ពុជា ។ មានមតិសាធារណៈពីរផ្ទុយផ្សេងពីគ្នាបានឲ្យដឹងថាលោក សម រង្ស៊ី មេបក្សប្រឆាំងគឺជា បុរសដែកថែប ដែលមិនងាយចុះញ៉មនរណាម្នាក់ ក៏ប៉ុន្តែមតិមួយផ្សេងទៀតក៏បានឲ្យដឹងថា ធាតុពិត សម រង្ស៊ី គ្រាន់តែជា បុរសម្នាក់រឹងដើម្បីទន់ តែប៉ុណ្ណោះ ។ សំរាប់យើង យើងគិតថា ជាអ្នកនយោបាយក្នុងលោកនេះពុំមានអ្នកនយោបាយណាម្នាក់ដែលមានភាពរឹងត្អឹង តឹងតែងខ្វះភាពទន់ភ្លន់នោះទេ ពួកគេទោះស្ថិតក្នុងសភាពឃោរឃៅ ព្រៃផ្សៃហ្វាស៊ីសបែបណាក្ដីក៏គង់នៅមានបេះដូងអាណិតអាសូរនិងស្រឡាញ់ដូចមនុស្សម្នាផងគ្នាអញ្ចឹងដែរ ។ យ៉ាងណាមិញសំរាប់ សម រង្ស៊ី ដែលជាមេបក្សប្រឆាំងយើងពិតជាមិនជឿថាម្សៀររូបនេះ ប្រកាន់យកភាពជាអ្នកប្រឆាំងរហូតដល់ថ្នាក់ដាច់ក្បាលកន្ទុយខ្លួនឯងនោះឡើយ ។ សម រង្ស៊ី ពិតជាមានថ្ងៃក្លាយទៅជាមនុស្សទន់ភ្លន់ស្គាល់បាបស្គាល់បុណ្យគុណនិងទោសជាពុំខាន ព្រោះថា ធម៌ជេរប្រទេច ឬ ប្រមាទទៅលើអ្នកដទៃដែល សម រង្ស៊ី បាននិងកំពុងប្រកាន់យកធ្វើជា គម្ពីរ សំរាប់គណបក្សខ្លួននោះវាពុំមែនជាកុសលដែលអាចនាំឲ្យ សម រង្ស៊ី [...]
Read Full Post | Make a Comment ( None so far )ថ្ងៃ ព្រហស្បតិ៍ ទី ២៩-១១-២០០៧៖ សម្ដេចតេជោ : មិនត្រូវទុកដែនសមុទ្រកម្ពុជាយើងក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ពួកភេរវករឡើយ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៣
ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា «យើងមិនត្រូវទុកដែនសមុទ្រកម្ពុជានៅចន្លោះប្រហោងហើយក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់ពួកភេរវករឬចោរសមុទ្រនោះទេ» ។
សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នេះនៅក្នុងឱកាសចូលរួមនៅក្នុងសិក្ខាសាលាស្ដីពីសន្តិសុខដែនសមុទ្រកម្ពុជា ដែលបានរៀបចំធ្វើរយៈពេល២ថ្ងៃ ពីថ្ងៃទី២៨ដល់២៩ខែវិច្ឆិកា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនិងស្ថានទូតអូស្ត្រាលី ។
សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ។ ឥឡូវការធ្វើភេរវកម្មឬឧក្រិដ្ឋកម្មឆ្លងដែនបានធ្វើតាមរយៈផ្លូវអាកាសនិងរវាងផ្លូវគោកដែលត្រូវបានទប់ស្កាត់បានយ៉ាងច្រើន ។ ដូច្នេះពួកភេរវកម្មក៏មានការគិតគូរអាចប្រើប្រាស់ដែនសមុទ្រដ៏ធំល្វឹងល្វើយដើម្បីគេចផុតពីការបង្ក្រាបរបស់សមត្ថកិច្ចនៃបណ្ដារដ្ឋដែលកំពុងរួមគ្នាបង្ក្រាប ។ ពួកចោរសមុទ្រក៏ធ្វើសកម្មភាពផងដែរ ។ សម្ដេចតេជោបានបន្តថា កាលពីប៉ុន្មានឆ្នាំមុន សម្ដេចមានការបារម្ភយ៉ាងច្រើនដោយសារម្ខាងប្រទេសវៀតណាម គេមានកងទ័ពជើងទឹកក៏ល្អ ហើយម្ខាងទៀតថៃក៏មានកម្លាំងទ័ពជើងទឹកដ៏ល្អក៏ប៉ុន្តែកម្លាំងទ័ពជើងទឹកកម្ពុជាខ្វះមធ្យោបាយ ដូច្នេះនៅពេលណាមួយអាចពួកភេរវកម្មឬពួកចោរសមុទ្រគិតថាដែនសមុទ្រកម្ពុជាគឺជាតំបន់សុវត្ថិភាពសម្រាប់ការជ្រកកោនរបស់ពួកគេ ។ ការគិតរបៀបនេះហើយ ដែលបានជំរុញឲ្យសម្ដេចធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីស្វះស្វែងរកការផ្គត់ផ្គង់មធ្យោបាយនាវា ។ សមត្ថភាពកងទ័ពជើងទឹក ត្រូវបានបង្កើនឡើង ក៏ប៉ុន្តែការបង្កើនសមត្ថភាពនេះមិនមែនដើម្បីគំរាមកំហែងដល់ប្រទេសជិតខាងកម្ពុជានោះទេ (វៀតណាម ថៃ) តែផ្ទុយទៅវិញ វាជាការរួមចំណែកជាមួយសមភាគីរបស់យើងដើម្បីទប់ស្កាត់និងបំផ្លាញចោលនូវប្រភពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងចោរសមុទ្រនិងធានានូវសុវត្ថិភាពទាំងឡាយសម្រាប់គោលដៅអាជីវកម្មដូចជា អាជីវកម្មប្រេងកាត ដែលកំពុងរុករកនិងឈានទៅធ្វើអាជីវកម្ម ។ ការដឹកជញ្ជូនផ្លូវសមុទ្រទៅកាន់កំពង់ផែក្រុងព្រះសីហនុ ទេសចរក៏ចូលមកយ៉ាងច្រើនតាមសមុទ្រ ។
សម្ដេចតេជោហ៊ុន សែនបានបន្តថា ចំណុចនេះសម្ដេចបានពិភាក្សារួចហើយជាមួយឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី លោកស្រីម៉ាហ្គារ៉េត អាដាមសិន [...]
ថ្ងៃ ពុធ ទី ២៨-១១-២០០៧៖ សម្ដេចតេជោ : «បើសឿងអ្នកឈរឈ្មោះនាយករដ្ឋមន្ត្រីគួរលាសញ្ជាតិមួយ»
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៣
ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា «អ្នកនយោបាយស្រុកខ្មែរគួរតែបញ្ចប់ការប្រើសញ្ជាតិ២ពួកគេចិត្តមិនសឿងសោះ ពិសេសអ្នកឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីត្រូវតែលាសញ្ជាតិបើពូកែ» ។
សម្ដេចតេជោ ហ៊ុន សែន នៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍នេះនៅក្នុងឱកាសចែកសញ្ញាបត្រ បរិញ្ញាបត្រ ដល់គរុសិស្សកម្រិតឧត្ដមនិងគរុនិស្សិតកម្រិតមូលដ្ឋាននាព្រឹកថ្ងៃទី២៧ខែវិច្ឆិកានេះ ។
សម្ដេចហ៊ុន សែន បានលើកសំណួរថា បេក្ខជននាយករដ្ឋមន្ត្រីហ៊ានលាសញ្ជាតិទេ ? បើមិនហ៊ានទេ តើឲ្យគេជឿទុកចិត្តម្ដេចកើត ? ធ្វើការនៅស្រុកខ្មែររកស៊ីតែយកលុយបង់ពន្ធឲ្យបារាំង ។
សម្ដេចបានបន្តថា ចាំមើលច្បាប់ប្រឆាំងពុករលួយចេញ ពិតជាធ្ងន់ហើយ ។ ផ្ដាំទុកឲ្យហើយត្រៀមខ្លួនទៅព្រោះច្បាប់ប្រឆាំងពុករលួយចេញត្រូវប្រកាសទ្រព្យសម្បត្តិ ។ បើត្រូវប្រកាសក្រុមសញ្ជាតិ២ដែលមានទ្រព្យសម្បត្តិនៅស្រុកខ្មែរច្បាស់ជាបារាំងសួរហើយ ថាហេតុអ្វីមានទ្រព្យសម្បត្តិនៅស្រុកខ្មែរ ហើយប៉ុន្មានឆ្នាំមកនេះមិនបង់ពន្ធឲ្យរដ្ឋ ។ សម្ដេចបានបន្តថា ចំណុចងាប់គឺមិនមែនអ្នកនៅស្រុកខ្មែរទេ គឺពួកសញ្ជាតិ២ ។
សម្ដេចហ៊ុន សែន បានបន្តថាលោកក៏កំពុងតែភ័យដែរ ព្រោះសព្វថ្ងៃនេះមានចៅមួយកើតនៅអាមេរិកដូចនេះវាមានសញ្ជាតិអាមេរិកមិនដឹងថា ត្រូវលាសញ្ជាតិបែបណា ? ព្រោះប្រសិនអាមេរិកកើតសង្គ្រាមហៅចូលកាតព្វកិច្ចកងទ័ព ដល់ពេលនៅស្រុកខ្មែររកស៊ីអត់បង់ពន្ធឲ្យអាមេរិកៗចាប់ទៀត ។
សម្ដេចបានបន្តថា អ្នកខ្លះមានដីរហូត៦០០ហិកតានៅសៀមរាបហើយ អ្នកខ្លះមានដីនៅមណ្ឌលគិរីទៀត ។ មានដីលក់មួយកន្លែងហើយនៅមួយកន្លែងទៀត ។ អ្នកខ្លះអួតស្អាតស្អំតែមានដីលក់រាប់រយហិកតា តែបើបារាំងសួរថាបានលុយពីណាទិញដីទិញផ្ទះនៅស្រុកខ្មែរគឺច្បាស់ជាធ្ងន់ហើយ [...]
ថ្ងៃ អង្គារ ទី ២៧-១១-២០០៧៖ បុគ្គលិកកម្ពុជាថ្មីជាប់ឃុំ២យប់២ថ្ងៃទើបដឹងថាអំពើពុករលួយមានតាំងពីក្រោមដល់លើ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧៣
*ជនរងគ្រោះដោយអយុត្តិធម៌នឹងប្ដឹងតបវិញ
ភ្នំពេញ ៖ សេរីភាពជាសិទ្ធិចាំបាច់របស់មនុស្សម្នាក់ៗយុត្តិធម៌ និងអយុត្តិធម៌បានចែកដាច់ពីគ្នា។ បុគ្គលដែលរងនូវអំពើអយុត្តិធម៌ហួសហេតុពេក ក៏មិនអាចទទួលយកបានដែរ ពេលនោះ ត្រូវតែឆ្លើយតបវិញដើម្បីទាមទាររកយុត្តិធម៌ឲ្យបាន ។
ជាក់ស្ដែងភាពអយុត្តិធម៌មួយចំពោះអ្នកយកព័ត៌មានកម្ពុជាថ្មីដែលត្រូវបានឃុំខ្លួនរយៈពេល២យប់២ថ្ងៃនៅអធិការដ្ឋាននគរបាលខ័ណ្ឌដូនពេញ ដោយគ្រាន់តែជាប់សង្ស័យថា កាមេរ៉ាឌីជិថលមួយគ្រឿងរបស់បុគ្គលម្នាក់បានបាត់ហើយចោទគ្មានភស្តុតាងមកលើបុគ្គលិករបស់យើងនៅក្នុងពិធីបុណ្យអុំទូកថ្ងៃដំបូង ។
ដោយសារតែការចោទគ្មានភស្តុតាង ធ្វើឲ្យបុគ្គលិកកម្ពុជាថ្មីម្នាក់រងនូវភាពអាម៉ាស់និងខូចកេរ្តិ៍ឈ្មោះនោះ កម្ពុជាថ្មីសំរេចថានឹងប្ដឹងតបវិញទាមទារនូវសំណងជំងឺចិត្តដែលបានបាត់បង់ បើទោះបីអ្នកយកព័ត៌មាននេះត្រូវបានដោះលែងឲ្យរួចខ្លួនក៏ដោយ ។
អ្នកយកព័ត៌មានកម្ពុជាថ្មីឈ្មោះចាន់ ធី ប្រចាំការនូវខេត្តព្រះវិហារបានយកអត្ថបទមកដាក់នៅការិយាល័យកាសែតកម្ពុជាថ្មីនៃទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០០៧ ដែលត្រូវចំថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក ។ក្រោយពេលដែលដាក់អត្ថបទនៅស្នាក់ការកាសែតរួចហើយ ក៏បានធ្វើដំណើរទៅលេងក្នុងពិធីបុណ្យអុំទូកតែម្នាក់ឯង ។
នៅខណៈពេលដែលដើរក្នុងហ្វូងមហាជនដូចគេដូចឯង នៅវេលាម៉ោង៨យប់ថ្ងៃដដែល នៅម្ដុំមុខវាំងស្រាប់តែបុគ្គលម្នាក់ឈ្មោះឈុន គង់ ដែលបានបណ្ដើរម៉ូតូនឹងមានកញ្ឆេរពងទានៅក្នុងនោះផង ធ្វើដំណើរស្របទិសគ្នាក្នុងចំណោមមនុស្សយ៉ាងកកកុញ ។ បន្ទាប់មកស្រាប់តែឈ្មោះឈុន គង់ បានមកចាប់កអាវហើយទាញអាវរហូតដល់ដាច់ឡេវនិងចោទថាចាន់ ធីនេះយកកាមេរ៉ាឌីជិថលរបស់គេពីហោប៉ៅ ។ ដោយមានការជជែកក្នុងហ្វូងមហាជនមិនស្រេចបាច់ បុគ្គលិកកម្ពុជាថ្មីក៏បាននាំបុគ្គលដែលចោទនេះដើរទៅជួបសមត្ថកិច្ចដើម្បីដោះស្រាយរកការពិត ។ តែទីបំផុតពេលទៅដល់សមត្ថកិច្ចដែលប្រចាំការនៅក្នុងពិធីបុណ្យអុំទូកនេះ ក្នុងសង្កាត់ចតុមុខ ស្រាប់តែប៉ូលិសបែរជាចាប់ខ្លួនទៅវិញ ។ សមត្ថកិច្ចពេលនោះមិនបានសួររកហេតុផលច្បាស់លាស់ទេ រួចក៏ដកហូតយកលុយនៅក្នុងហោរប៉ៅរបស់បុគ្គលិកកម្ពុជាថ្មីដែលមានប្រាក់ដុល្លារ១៦២ដុល្លារ និងប្រាក់រៀល៤៥ម៉ឺនរៀល រួចប៉ូលិសប្រាប់ថា ដកហូតលុយនេះជាភស្តុតាង ព្រោះការចោទរបស់ឈ្មោះរបស់ឈុន គង់ ដែលថាបាត់ម៉ាស៊ីនថតរបស់ខ្លួនមិនបានឃើញនៅជាប់នឹងខ្លួនរបស់បុគ្គលិកកម្ពុជាថ្មីទេ ។
ពេលនោះហើយដែលបុគ្គលិកកម្ពុជាថ្មីត្រូវបានគេយកមកឃុំនៅក្នុងបន្ទប់ឃុំឃាំងនគរបាលខ័ណ្ឌដូនពេញរយៈពេលមួយយប់ [...]
ថ្ងៃ សុក្រ ទី ១៦-១១-២០០៧៖ បង្ក្រាបអ្នកកាប់ព្រៃយកដី ផ្ទុះអាវុធស្លាប់២នាក់ របួសធ្ងន់៧នាក់ ចាប់ខ្លួន១៥នាក់ដុតកម្ទេចផ្ទះរាប់រយខ្នង
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧២
ខេត្តព្រះវិហារ ៖ ទីបំផុតការអត់ធ្មត់របស់អាជ្ញាធរបានបញ្ចប់ បន្ទាប់ពីអូសបន្លាយការចរចាគ្នាអស់រយៈពេល៥ថ្ងៃកន្លងមកមិនបានសម្រេច ក្នុងការទាមទារឲ្យក្រុមប្រជាពលរដ្ឋជាង៣០០គ្រួសារចាកចេញពីចំណុចមុខភ្នំប្រាសាទព្រះវិហារ តំបន់អូរឈើទាល ក្នុងភូមិស្រឯម ឃុំកន្ទួត ស្រុកជាំក្សាន្ត ហើយក្រុមប្រជាពលរដ្ឋបានក្រាញននៀលមិនព្រមចាកចេញ ។
នៅវេលាម៉ោងប្រមាណ៨ និង៣០នាទីព្រឹកថ្ងៃទី១៥ វិច្ឆិកា កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការសម្រុកចូលដោយមានផ្ទុះអាវុធផងដែរទៅកាន់តំបន់មានលំនៅឋានប្រជាពលរដ្ឋដែលបានព្យាយាមកាប់ដើមឈើដាក់រាំងផ្លូវ និងស្ពាន និងប្រដាប់ដោយកាំបិត ដំបង ពូថៅ ជាអាវុធទប់ទល់នឹងសមត្ថកិច្ច ។ ទោះបីជាបែបណា ការសម្រុកចូលដោយមានការផ្ទុះអាវុធផងនោះ ត្រូវបានទទួលសេចក្ដីរាយការណ៍មកថា មានមនុស្ស២នាក់បានស្លាប់ គឺស្ត្រីម្នាក់ជាប្រពន្ធរបស់តំណាងប្រជាពលរដ្ឋឈ្មោះម៉ាន់ ចាន់ថន បានស្លាប់នៅនឹងកន្លែង និងបុរសម្នាក់ឈ្មោះអឿន អេន អាយុ២៨ឆ្នាំ បានស្លាប់ពេលនាំទៅដល់មន្ទីរពេទ្យ ។ ក្រៅពីនេះ ក៏មានប្រជាពលរដ្ឋចំនួន៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ បាក់ដៃ បាក់ភ្លៅ ដែលអ្នករបួសទាំងនេះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត និងមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ។ ជាមួយគ្នានោះដែរ ផ្ទះខ្ទមចំនួន៣១៧ខ្នងដែលត្រូវបានសាងសង់តាមបណ្ដោយផ្លូវប្រវែង៦គីឡូម៉ែត្រនោះ ត្រូវបានដុតបំផ្លាញចោលអស់ហើយ ។
ក្នុងប្រតិបត្តិការរំលត់អធិករណ៍ចាប់ដីនៅចំណុចអូរឈើទាលនោះ ត្រូវបានគេដឹងថា មានមនុស្ស១៥នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ មានតំណាងឈ្មោះម៉ាន់ ចាន់ថន ផងដែរ ។ សរុបការចាប់ខ្លួនក្នុងករណីនេះគឺមាន២នាក់បានចាប់ខ្លួនក្នុងយុទ្ធនាការបោសសំអាត [...]
ថ្ងៃ ពុធ ទី ១៤-១១-២០០៧៖ សាធារណមតិជុំវិញការចាប់ខ្លួន ការនាំខ្លួនអៀង សារី មិនជាប់ទាក់ទិននឹងការលើកលែងទោសប្រហារជីវិត
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧២
រាជធានីភ្នំពេញ ៖ មន្ត្រីសង្គមស៊ីវិល និងអ្នកនយោបាយ បានសំដែងមតិស្វាគមន៍កាលពីថ្ងៃទី១៣ វិច្ឆិកា ជុំវិញការនាំខ្លួនលោកអៀង សារី និងប្រពន្ធរបស់គាត់គឺអ្នកស្រីអៀង ធិរិទ្ធ ទៅកាន់សាលាក្ដីខ្មែរក្រហមដើម្បីសាកសួរក្នុងបញ្ហាទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម តាមដីកាឲ្យនាំខ្លួនរបស់សហព្រះរាជអាជ្ញា និងសហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីនេះ ។
លោកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថាលោកស្រីស្វាគមន៍ចំពោះការនាំខ្លួនលោកអៀង សារី និងប្រពន្ធរបស់គាត់ទៅសាកសួរជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ។ លោកស្រីបន្តថា ”យើងស្វាគមន៍ចំពោះការនាំខ្លួននេះ ព្រោះប្រជាពលរដ្ឋយើងទន្ទឹងរង់ចាំជាយូរមកហើយ” ។ លោកស្រីពុង ឈីវកេក បន្ថែមថា ”ពេលនេះសាលាក្ដីខ្មែរក្រហមមានភាពជឿនលឿនទៅមុខមិននៅនឹងមួយកន្លែងទៀតទេ” ។ លោកស្រីបន្តថាយើងសង្ឃឹមថា តុលាការនេះអាចរកយុត្តិធម៌ដល់ជនរងគ្រោះ ប៉ុន្តែមិនមែនទាំងអស់ទេ ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា លោកក៏ស្វាគមន៍ដែរចំពោះការនាំខ្លួនលោកអៀង សារីនិងភរិយាគាត់ ក៏ដូចជាអតីតមេដឹកនាំខ្មែរក្រហមដទៃទៀតដើម្បីទៅសាកសួរជុំវិញបញ្ហាសម្លាប់មនុស្សរាប់លាននាក់នៅក្នុងរបបដ៏ខ្មៅងងឹត (១៩៧៥ - ១៩៧៩) ។ លោកបន្តទៀតថា ”លោកអៀង សារី និងភរិយាជាអ្នកទទួលខុសត្រូវខ្ពស់នៅក្នុងរបបនោះហើយការនាំខ្លួនទៅសាកសួរនោះវាត្រឹមត្រូវហើយ” ។
លោកកែវ រ៉េមី អនុប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា លោកស្វាគមន៍ចំពោះការនាំខ្លួនលោកអៀង [...]
ថ្ងៃ ចន្ទ ទី ១១-១១-២០០៧៖ ក្រសួងមហាផ្ទៃជំរុញការធ្វើច្បាប់ជ្រើសរើសក្រុមប្រឹក្សាខេត្ត - ក្រុង - ស្រុក - ខណ្ឌតាមការបោះឆ្នោត
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧២
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកំពុងតែជំរុញឲ្យមានច្បាប់គ្រប់គ្រងខេត្តក្រុង ស្រុកនិងខណ្ឌតាមរយៈការបោះឆ្នោតជាអសកល ដើម្បីជាផ្នែកមួយនៃការធ្វើកំណែទម្រង់ការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាព ។ ក្រសួងមហាផ្ទៃមានបំណងឲ្យច្បាប់នេះអាចចេញរួចត្រឹមឆ្នាំ២០១០ ។ ដោយយោងទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា ការគ្រប់គ្រងខេត្ត ក្រុង ស្រុក ខណ្ឌតម្រូវឲ្យមានច្បាប់អង្គការមួយនោះសព្វថ្ងៃនេះក្រសួងមហាផ្ទៃកំពុងសិក្សាលើសេចក្ដីព្រាងច្បាប់អង្គការ ដែលច្បាប់នេះគឺជាគោលដៅធំនិងសំខាន់បំផុតនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការសំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលឯកភាពមួយនៅថ្នាក់ក្រោមជាតិដែលជាគោលដៅជាសារវ័ន្ដគឺអភិបាលកិច្ចនៃការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត ។
លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះថា យើងបានពុះពារនូវការលំបាកក្នុងរយៈពេលដ៏វែងបង្គួរមួយក្នុងការត្រួសត្រាយផ្លូវមួយ ដើម្បីតាក់តែងនូវសេចក្ដីព្រាងច្បាប់អង្គការ ពីព្រោះថាសេចក្ដីព្រាងច្បាប់នេះមានគោលបំណងដើម្បីធ្វើឲ្យមាននិរន្តរភាពនៃការគ្រប់គ្រង ពោលគឺរក្សាឲ្យបានស្ថិរភាពនៃការគ្រប់គ្រង បច្ចុប្បន្នផង ហើយផ្សារភ្ជាប់ជាមួយនឹងចរិតនៃការកែទម្រង់ផង ។ បើយើងគ្រាន់តែធ្វើច្បាប់មួយដើម្បីគ្រប់គ្រងតែមិនមានចរិតនៃការកែទម្រង់វាក៏មិនសមស្របទៅនឹងនយោបាយយុទ្ធសាស្ត្រចតុកោណស្ដីពីកំណែទម្រង់រដ្ឋបាលនោះទេ ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា មកដល់ពេលនេះយើងបានបញ្ចប់នូវសេចក្ដីព្រាងច្បាប់អង្គការដែលយើងបានពិភាក្សាច្រើនលើកច្រើនសាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃដោយបានសម្រេចពីរបៀបជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង និងរបៀបជ្រើសរើសក្រុមប្រឹក្សាស្រុក ខណ្ឌថាត្រូវធ្វើយ៉ាងម៉េចនោះ ? ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះត្រូវខ្ទាស់ដោយរដ្ឋធម្មនុញ្ញត្រង់ចំណុចដែលចែងថា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបែងចែកជាខេត្ត ក្រុង ហើយខេត្ត ក្រុងបែងចែកជាស្រុក ខណ្ឌ ហើយស្រុកខណ្ឌបែងចែកជាឃុំ សង្កាត់ ។ នេះជាឧបសគ្គមួយក្នុងការផ្សារភ្ជាប់ជាមួយនឹងនយោបាយកំណែទម្រង់ និងមិនសមស្របតាមសភាពការណ៍ជាក់ស្ដែងនាពេលបច្ចុប្បន្ននៅកម្ពុជា ។
លោកស ខេង បានមានប្រសាសន៍ថា ដូច្នេះតោងប្រមើលមើលរដ្ឋធម្មនុញ្ញរបស់យើងថា ត្រូវដោះស្រាយរបៀបម៉េច ? នេះជាបញ្ហា ។ [...]
ថ្ងៃ ព្រហស្បតិ៍ ទី ០៨-១១-២០០៧៖ សម្ដេចតេជោហ៊ុន សែននិងសម រង្ស៊ីប៉ះគ្នារឿងអាណត្តិនាយករដ្ឋមន្ត្រី
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧១
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានប៉ះសម្ដីគ្នាទៅលើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមមួយអាណត្តិ ។ សម្រាប់សម្ដេចតេជោ ការឲ្យនាយករដ្ឋមន្ត្រីកាន់តំណែងត្រឹមមួយអាណត្តិនឹងធ្វើឲ្យនាយករដ្ឋមន្ត្រីរូបនោះពុករលួយខ្លាំងនៅក្នុងមុខតំណែងប៉ុណ្ណោះ ។ ប៉ុន្តែលោកសម រង្ស៊ីវិញយល់ថា ការឲ្យនាយករដ្ឋមន្ត្រីកាន់តំណែងតែមួយអាណត្តិ គឺដើម្បីធ្វើឲ្យនាយករដ្ឋមន្ត្រីនោះប្រមូលអារម្មណ៍ពេញលេញធ្វើការបម្រើជាតិ ។
សម្ដេចហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងឱកាសបើកសន្និសីទស្ដីពី «ការវិនិយោគ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឆ្នាំ២០០៧» កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ ។ សម្ដេចបានលើកឡើងអំពីការរិះគន់របស់អ្នកនយោបាយមួយចំនួនដែលបានលើកឡើងស្នើឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីតែមួយអាណត្តិ ហើយខ្លះថា លោកហ៊ុន សែន មិនត្រូវយកបញ្ហាអាយុមកធ្វើជាការចូលនិវត្តន៍នោះទេ ។ សម្ដេចហ៊ុន សែន បានបន្ត «បើខ្លាចហ៊ុន សែន គួរតែនិយាយឲ្យត្រង់ៗថាបើលោកហ៊ុន សែនឯងឈរខ្ញុំអត់ជាប់ទេ» ។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា ការបោះឆ្នោតគឺជាដំណើរការប្រជាធិបតេយ្យបំផុត ហើយកុំបាច់និយាយពីអាណត្តិឬអាយុស្អីនោះ ។ សម្ដេចហ៊ុន សែន បានបន្តថា លោកធ្វើនាយករដ្ឋមន្ត្រីជិត៥អាណត្តិហើយមិនមែន៣អាណត្តិទេ ហើយបើនិយាយការកាន់អំណាចមានអាយុកាល២៨ឆ្នាំហើយ ។
សម្ដេចហ៊ុន សែន [...]
ថ្ងៃ ពុធ ទី ០៧-១១-២០០៧៖ សម្ដេចតេជោអំពាវនាវឲ្យប្រទេសនានាចូលរួមសកម្មភាពអនុសញ្ញាអូតាវ៉ា
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧១
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឲ្យប្រទេសទាំងអស់នៅលើពិភពលោកចូលរួមសកម្មភាពក្នុងអនុសញ្ញាអូតាវ៉ាដោយរួមមានទាំងសហរដ្ឋអាមេរិកផងដែរ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនមានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនទាន់ចុះសន្ធិសញ្ញាច្រើនណាស់យើងអំពាវនាវឲ្យសហរដ្ឋអាមេរិកធ្វើកិច្ចការទាំងឡាយដែលទាក់ទងទៅនឹងសុវត្ថិភាពរបស់ពិភពលោក ។ សម្ដេចហ៊ុន សែនថ្លែងថា ”ខ្ញុំចង់និយាយគ្រប់ប្រទេសទាំងអស់គ្នា បើមានអ្នកខ្លះធ្វើ ចូលរួមសកម្មភាពទាំងអស់គ្នា បើមានអ្នកខ្លះធ្វើ អ្នកខ្លះមិនធ្វើគឺមិនកើតទេ នេះជាការអំពាវនាវរួមរបស់យើង” ។
សម្ដេចហ៊ុន សែនបានប្រាប់សន្និបាតស្ដីពី ”បច្ចុប្បន្នភាពយុទ្ធសាស្ត្រសកម្មភាពមីននៅកម្ពុជា” ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី០៦វិច្ឆិកាថា ទំហំនៃបញ្ហាមីននៅកម្ពុជាមានធំធេងណាស់ ដូច្នេះតាមលក្ខខ័ណ្ឌអនុសញ្ញាប្រទេសកម្ពុជាអាចស្នើសុំមហាសន្និបាតនៃប្រទេសហត្ថលេខីបន្តធរមាននេះ១០ឆ្នាំទៀត ។ សម្ដេចមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងបង្ហាញអំពីមូលហេតុនៃការបន្តធរមាននេះនិងធ្វើរបាយការណ៍ជូនមហាសន្និបាតពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាការតស៊ូប្ដូរផ្ដាច់របស់អង្គការប្រតិបត្តិការជាតិនិងអន្តរជាតិទាំងអស់ព្រមទាំងកម្មវិធីនានារបស់ពួកគេផងដែរជូនមហាសន្និបាតលើកទី៨ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ ។
ប្រទេសកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញាអូតាវ៉ាស្ដីពី ”ការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផ្ទេរគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនិងការកំទេចគ្រាប់មីនទាំងនោះ” នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៩៧ ហើយអនុសញ្ញានេះបានចូលជាធរមាននៅកម្ពុជានៅឆ្នាំ២០០០ហើយបន្ទាប់ពីកម្ពុជាផ្ដល់សច្ចាប័នតាមច្បាប់អន្តរជាតិកម្ពុជាត្រូវមានកាតព្វកិច្ចបោសសំអាតមីនឲ្យអស់ក្នុងរយៈពេល១០ឆ្នាំពោលគឺឆ្នាំ២០១០ ។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងសន្និសីទកាសែតរយៈពេលខ្លីនៅក្រៅសន្និបាតថា កម្ពុជាត្រូវការពេលវេលា ព្រោះគ្រាប់មីនជាច្រើនបានកប់ក្នុងដីនិងនៅក្នុងព្រៃក្រាស់ ក៏ប៉ុន្តែបើទោះជាកម្ពុជាបោសសំអាតគ្រាប់មីនអស់នៅឆ្នាំ២០២០ ក៏ប្រទេសមួយដែលកំពុងមានសង្គ្រាមកុំថាឡើយត្រឹមឆ្នាំ២០២០ ទោះជាដល់ឆ្នាំ២០៣០ - ២០៤០ ក៏វាមិនអស់ដែរ ព្រោះថ្ងៃណាក៏ជាថ្ងៃដាក់មីនបន្ថែមមិនមែនថ្ងៃដោះមីននោះទេ ។
សង្គ្រាមរ៉ាំរ៉ៃប្រមាណ៣ទសវត្សបានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយមានបញ្ហាមីនដ៏ធំមួយហើយយោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជាឲ្យដឹងថា គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានធ្វើឲ្យបាត់បង់អាយុជីវិត ពិការបាត់បង់កាយសម្បទានិងបាត់បង់កំលាំងពលកម្មប្រមាណ ៦៣០០០នាក់ ។
យោងទៅរករបាយការណ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន សម្ដេចនាយករដ្ឋមន្ត្រីបានកត់សំគាល់ពីវឌ្ឍនភាពនៃលទ្ធផលប្រឹងប្រែងរបស់ប្រតិបត្តិការទាំងអស់រួមទាំងដៃគូអភិវឌ្ឍន៍លើកិច្ចសហប្រតិបត្តិការបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពិសេសគឺលទ្ធផលក្នុងរយៈពេល១៨ខែកន្លងទៅនេះ [...]
ថ្ងៃ អង្គារ ទី ០៦-១១-២០០៧៖ គណបក្សសម រង្ស៊ីនឹងដាក់ជូនសភានូវសេចក្ដីព្រាងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីតែមួយអាណត្តិ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៧១
មេដឹកនាំគណបក្សសម រង្ស៊ីបានថ្លែងថាគណបក្សរបស់លោក នឹងដាក់ជូនសេចក្ដីព្រាងច្បាប់មួយទៅរដ្ឋសភាអំពាវនាវអោយកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីតែមួយអាណត្តិគត់ ។
គណបក្សសម រង្ស៊ីបានសំរេចជាផ្លូវការថា ការកំណត់មួយអាណត្តិសំរាប់នាយករដ្ឋមន្ត្រីនេះក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែរ ។ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការនាយកគណបក្សសម រង្ស៊ីដែលគេរំពឹងថា នឹងជួបប្រជុំនៅក្នុងសប្ដាហ៍នេះនឹងធ្វើសេចក្ដីសំរេចនេះជាចុងក្រោយ ។ លោកសម រង្ស៊ីបានមានប្រសាសន៍ថា យើងចង់ផ្ដល់ឱកាសជូនអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ជំនាន់ក្រោយ ។ ពេលណាដែលមនុស្សម្នាក់ក្ដោបក្ដាប់អំណាចទាំងអស់ វាមានន័យថា ជននោះមើលងាយមើលថោកដល់ជនអ្នកចេះដឹងឯទៀត ។ ប្រធានគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ទៀតថា មួយអាណត្តិនឹងគ្រប់គ្រាន់សម្រាប់នាយករដ្ឋមន្ត្រីហើយ ។
ប៉ុន្តែលោកខៀវ កាញារីទ្ធអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា គំនិតរបស់គណបក្សសម រង្ស៊ីនេះ គណបក្សប្រជាជនកាន់អំណាចមិនគាំទ្រទេ ។ លោកថា ដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ ។ លោកបន្ថែមទៀតថា ការផ្លាស់ប្ដូរណាមួយនៅក្នុងពេលបច្ចុប្បន្នអំពីតំណែងនាយករដ្ឋមន្ត្រីនឹងធ្វើអោយមានអស្ថេរភាព ។ គាត់ថាការផ្លាស់ប្ដូរមេដឹកនាំនឹងបង្កបញ្ហាស្មុគស្មាញជាមិនខាន ៕ ស្រឡាញ់ខ្មែរ ៖ ឆ្នាំទី ០៣ លេខ ៥៤៤ ថ្ងៃ អង្គារ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០០៧
កាសែតដែលចេញលក់នៅ
ថ្ងៃ អង្គារ ទី [...]
« Previous Entries



