Archive for January, 2008
អំពីកញ្ចក់សង្គម
ចាប់តាំងពីឆ្នាំ ១៩៩៧ រហូតដល់ដំណាច់ឆ្នាំ ២០០៦ ខ្ញុំបានបោះពុម្ពផ្សាយនូវព្រឹត្តិបត្រ The Mirror ជាភាសាអង់គ្លេសដែលជាការដកស្រង់ចេញពីសារព័ត៌មានភាសាខ្មែរ ។ នៅឆ្នាំ ១៩៩៨ ព្រឹត្តិបត្រជាភាសាខ្មែរឈ្មោះថា កញ្ចក់សង្គម ត្រូវបានបន្ថែម ។ ព្រឹត្តិបត្រទាំងនេះត្រូវបានផ្សព្វផ្សាយទាំងតាមរយៈការបោះពុម្ព និង តាមរយៈប្រព័ន្ធអេឡិចត្រូនិច ។ គោលបំណងគឺដើម្បីផ្ដល់នូវការដកស្រង់ព័ត៌មានស្ដីអំពីបញ្ហាសំខាន់ៗដែលមាននៅក្នុងកាសែតភាសាខ្មែរ និង ដើម្បីជួយសម្រួលដល់ការពិភាក្សារវាងក្រុមផ្សេងៗគ្នានៅក្នុងសង្គមដោយឆ្លុះបញ្ចាំងអំពីព័ត៌មាន និង ទស្សនៈផ្សេងៗយ៉ាងទូលំទូលាយ ។
ការបោះផ្សព្វផ្សាយតាមប្រព័ន្ធអ៊ិនថឹណេត បានចាប់ផ្ដើមក្នុងឆ្នាំ ២០០៧ នូវព្រឹត្តិបត្រដែលមានឈ្មោះថា “The Mirror” នៅក្នុងខែ មករា និង ព្រឹត្តិបត្រ កញ្ចក់សង្គម នៅក្នុងខែឧសភា។ អត្ថបទ និង ចំណងជើងសំខាន់ៗដែលដកស្រង់ចេញពីសារព័ត៌មានជាភាសាខ្មែរមានផ្សាយ ជូនជូនជារៀងរាល់ថ្ងៃ ព្រមទាំងបទវិចារណកថានៅរៀងរាល់សប្ដាហ៍ផងដែរ ។ យោបល់បន្ថែមរបស់មិត្តអ្នកអានទាំងភាសាខ្មែរ ឬ ភាសាអង់គ្លេសត្រូវបានស្វាគមន៍ ។ យើងខ្ញុំសង្ឃឹមថានឹងលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកក្នុងចំណោមមិត្តអ្នកអានដោយចែករំលែកនូវសំណួរ ទស្សនៈ និង កង្វល់របស់ខ្លួនស្ដីអំពីសង្គមខ្មែរ ប្រទេសខ្មែរ និង អនាគតរបស់ប្រទេសនេះក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ ។
ជាអកុសល [...]
វិចារណកថា៖
សូមអញ្ជើញ លោក លោកស្រី ប្រិយមិត្ត ចុចវិចារណកថាសម្រាប់សប្ដាហ៍កន្លងទៅដែលស្ថិតនៅជាបន្តបន្ទាប់ខាងស្ដាំដៃ ដើម្បីអានតាមបំណងរបស់លោកអ្នក! សូមអរគុណ!
Read Full Post | Make a Comment ( Comments Off so far )ថ្ងៃ ព្រហស្បតិ៍ ទី ១៧ មករា ២០០៨៖ តារាភាពយន្តអាម៉េរិកាំង ប៉ុនប៉ងធ្វើយុទ្ធនាការ ជំរុញឱ្យចិនជួយបញ្ឈប់អំពើហិង្សា នៅតំបន់ដាហ្វួរ តែអាជ្ញាធរកម្ពុជាទំនងបដិសេធ
កញ្ចក់សង្គម ៖ ឆ្នាំទី ១០ លេខ ៤៨១
ភ្នំពេញ ៖ តារាភាពយន្តជនជាតិអាមេរិកអាយុ៦៣ឆ្នាំ ឈ្មោះមៀ ហ្វារ៉ូវ (Mia Farrow) បច្ចុប្បន្នជាឯកអគ្គរដ្ឋទូតបំណងល្អរបស់អង្គការយូនីសេហ្វដែលចង់មកធ្វើយុទ្ធនាការមួយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលចិនជួយបញ្ឈប់សកម្មភាពរំលោភផ្សេងៗ នៅក្នុងតំបន់ដាហ្វួរ (Darfur) ភាគខាងលិចនៃប្រទេសស៊ូដង់ (Sudan) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទំនងជាកម្ពុជាមិនអនុញ្ញាតឡើយ។
យោងទៅតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា តារាភាពយន្តអាមេរិករូបនេះ មានគម្រោងនឹងធ្វើយុទ្ធនាការមួយ តាមរយៈការដាក់ភ្លើងគប់តាមរបៀបរៀបចំកីឡាអូឡាំពិក ដើម្បីជំរុញឱ្យប្រទេសចិន ដែលកំពុងតែមានទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលនៅក្នុងប្រទេសស៊ូដង់ ឱ្យជួយបញ្ឈប់អំពើរំលោភបំពានផ្សេងៗនៅក្នុងតំបន់មានជម្លោះនេះ នៅក្នុងប្រទេសកម្ពុជា នៅក្នុងពេលអនាគត ក្រោយពីស្ត្រីរូបនោះបានបញ្ចប់សកម្មភាពបែបនេះនៅនឹងតំបន់មួយ នៅក្នុងប្រទេសឆាដ (Chad) ជាប់នឹងតំបន់ដាហ្វួរ។
ប្រភពដដែលនោះបានឱ្យដឹងថា ប្រទេសកម្ពុជាគឺជាប្រទេសគោលដៅទី៦ ដែលតារាភាពយន្តអាមេរិកហ្វារ៉ូវ មានគោលដៅធ្វើបន្ទាប់ពីឆាដ រ៉្វាន់ដា អាល់មេនី អាល្លឺម៉ង់ និងបូស្នៀ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនលើកទូរស័ព្ទ ចំណែកឯលោកឧត្ដមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏មិនបានលើកទូរស័ព្ទផងដែរ កាលពីរសៀលថ្ងៃទី១៦ ខែមករា ប៉ុន្តែលោកបានប្រាប់ប្រភពព័ត៌មានហេរ៉ាល់សាន់ (Herald Sun) ថា កម្ពុជាមិនស្វាគមន៍គម្រោងយុទ្ធនាការបែបនេះឡើយ ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំគ្នាណាមួយ ដើម្បីដាក់ភ្លើងគប់បែបនេះដែរ។
លោកបានប្រាប់ប្រភពដដែលនោះថា [...]
ថ្ងៃ ពុធ ទី ១៦ មករា ២០០៨៖ រដ្ឋសភាអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីសម្រួលដល់ការរៀបចំច្បាប់បោះឆ្នោតខេត្តនិងស្រុក
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៤៨១
ភ្នំពេញ ៖ រដ្ឋសភាជាតិកាលពីថ្ងៃទី១៥ ខែមករានេះ បានធ្វើការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសំឡេងអនុម័ត៨៨លើ១០៧ ក្នុងគោលបំណងបើកផ្លូវទៅដល់ការរៀបចំច្បាប់អង្គការ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាស្រុក ខណ្ឌ និងខេត្ត ក្រុង។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអាននូវគោលបំណងនៃការស្នើឡើងនៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មីនៃរដ្ឋធម្មនុញ្ញ។ លោកបាននិយាយថា ដោយផ្អែកតាមយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០០៦-២០១០ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ សំដៅធានាឱ្យបាននូវការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់រដ្ឋបាលទាំងនោះ។ លោកបានបន្តថា ដើម្បីសម្រេចបាននូវទិសដៅទាំងនោះ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំសេចក្ដីព្រាងច្បាប់រៀបចំអង្គការ ដូចដែលបានកំណត់ក្នុងមាត្រា១៤៦ថ្មីនៃរដ្ឋធម្មនុញ្ញ។
ការតាក់តែងសេចក្ដីព្រាងច្បាប់ខាងលើនេះ មានការប៉ះពាល់ជាមួយបទបញ្ញត្តិមាត្រា១៤៥ថ្មី ដែលចាំបាច់ត្រូវមានការកែសម្រួលឱ្យបានសមស្រប ជាមួយការរីកចម្រើនខាងវិស័យនយោបាយ រដ្ឋបាលសង្គម និងសេដ្ឋកិច្ចរបស់ជាតិ ទាំងក្នុងពេលចំពោះមុខ និងក្នុងពេលអនាគត។
មាត្រា១៤៥ថ្មី ត្រូវបានកែសម្រួលជា «ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចែកជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់»។
មាត្រា១៤៦ថ្មី ត្រូវបានកែសម្រួលជា «រាជធានី ខេត្ត ក្រុង ស្រុក [...]
ថ្ងៃ អង្គារ ទី ១៥ មករា ២០០៨៖ ខឹងអ្នកផ្សេងរំលោភយកដីធ្លីមកចងកំហឹងនឹងលោកតំណាងរាស្ត្រជិន គឹមស្រេងទៅវិញ
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៤៨១
ភ្នំពេញ ៖ បុរសម្នាក់ដែលទំនងជាមានវិបត្តិផ្លូវចិត្តបានស្ទុះទៅវាយសំពងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនមួយរូបបណ្ដាលឲ្យមានរបួសជាទម្ងន់។ ជាមួយគ្នានេះបុរសនេះបានយករថយន្តរបស់អ្នកតំណាងរាស្ត្ររងគ្រោះបើកបំបុកទ្វាររបង បណ្ដាលឲ្យខ្ទេចរថយន្តទៀតផង។
រឿងហេតុនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៣ខែមករា នៅមុខផ្ទះលេខ១៧ ផ្លូវលេខ៧១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ខណៈពេលត្រូវប៉ូលិស ឃាត់ខ្លួនជនបង្កហេតុបានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនជាច្រើនលើក ប៉ុន្តែប៉ូលិសជួយទាន់។
ប៉ូលិសមូលដ្ឋានបានបញ្ជាក់ថា ផ្ទះកើតហេតុខាងលើជារបស់លោកជិន គឹមស្រេង អាយុ៧០ឆ្នាំ ជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ចាម។ ផ្ទះនោះលោកជិន គឹមស្រេងបានជួលឲ្យបារាំងបើកហាងផឹកស៊ីពាក់កណ្ដាល។ រីឯពាក់កណ្ដាលទៀតលោកជិន គឹមស្រេងទុកសម្រាប់រស់នៅ។ ចំពោះជនបង្កវិញឈ្មោះរស់ សុវណ្ណ អាយុ២៨ឆ្នាំ ជាបុគ្គលិកសន្តិសុខឯកជនប្រូតិច មានទីលំនៅឯភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ ដែលត្រូវបានក្រុមហ៊ុនចាត់តាំងមកយាមការពារនៅផ្ទះលោកជិន គឹមស្រេង។
រស់ សុវណ្ណ ហាក់ពុំមានតក់ស្លុតអ្វីចំពោះទង្វើរបស់ខ្លួនឡើយ។ សាក្សីក៏ដូចប៉ូលិស និយាយថា រស់ សុវណ្ណ បានប្រព្រឹត្តដូចមនុស្សឆ្កួត។
ទោះបីជាយ៉ាងនេះក្ដី បើតាមអ្វីដែលរស់ សុវណ្ណ បានបញ្ជាក់នោះគឺសកម្មភាពរបស់ខ្លួនមានការគិតទុកជាមុន។ រស់ សុវណ្ណនិយាយថា ខ្លួនមានគំនុំជាមួយលោកអ្នកធំបន្ទាប់ពីដីរបស់ខ្លួននៅភូមិឫស្សីស្រស់ត្រូវអស់លោកអ្នកធំរំលោភយក។ បញ្ហាដីធ្លីនេះបានធ្វើឲ្យខ្លួនពុំបានរៀបអាពាហ៍ពិពាហ៍។ ម្ដាយប្រាប់ថា ទាល់តែលក់ដីនោះទើបមានប្រាក់រៀបចំការប្រពន្ធឲ្យបាន។ តាំងពីពេលនោះមកខ្លួនហាក់មានគំនុំយ៉ាងខ្លាំងចំពោះអ្នកធំ ដោយមិនថាអ្នកធំមួយណាឡើយ។ រហូតដល់ស្នើសុំឲ្យក្រុមហ៊ុនសន្តិសុខឯកជនប្រូតិចបញ្ជូនខ្លួន ទៅយាមការពារផ្ទះលោកធំដើម្បីរកឱកាសសងសឹក។ ក្រោយមកក្រុមហ៊ុនសន្តិសុខឯកជនប្រូតិចបានបញ្ជូនរស់ [...]
ថ្ងៃ ចន្ទ ទី ១៤ មករា ២០០៨៖ ស្ថាប័នរដ្ឋាភិបាលនីមួយៗគួរពិនិត្យមើលវើបសាយរបស់ខ្លួនឡើងវិញផង
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៤៨១
ភ្នំពេញ ៖ បណ្ដាស្ថាប័នក្រសួងរបស់រដ្ឋាភិបាលគួរពិនិត្យមើលបណ្ដាញវើបសាយរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់អ្នកដែលសិក្សាស្រាវជ្រាវ និងចង់ស្វែងយល់ពីប្រទេសកម្ពុជា។
កាលពីដើមសប្ដាហ៍កន្លងទៅនេះ មាននិស្សិតមួយក្រុមបានពិភាក្សាគ្នាអំពីការសិក្សាស្រាវជ្រាវរបស់ខ្លួននៅក្នុងជំនួបសិក្សាមួយនៅក្នុងទីធ្លានៃសកលវិទ្យាល័យនៅទីក្រុងភ្នំពេញដើម្បីបំពេញកិច្ចការយកទៅឲ្យសាស្ត្រាចារ្យរបស់ពួកគេ ប៉ុន្តែអ្វីដែលរស្មីកម្ពុជាបានចាប់អារម្មណ៍នោះ គឺការរអ៊ូរទាំពីកង្វះខាតឯកសារនៅក្នុងបណ្ដាវើបសាយក្រសួងរបស់រដ្ឋាភិបាលកម្ពុជា។
ពួកគេបានរអ៊ូរទាំថា បណ្ដាវើបសាយរបស់បណ្ដាក្រសួងស្ទើរតែទាំងអស់មិនមានព័ត៌មានគ្រប់គ្រាន់សម្រាប់បម្រើការស្រាវជ្រាវរបស់ពួកគេឡើយ ហើយព័ត៌មានទាំងនោះទៀតសោត គឺភាគច្រើនជាព័ត៌មានដែលមិនទាន់សភាពការណ៍ទៅទៀត។
ពួកគេទាំងអស់នោះមិនហ៊ានផ្ដល់នូវបទសម្ភាសន៍ជាមួយរស្មីកម្ពុជាឡើយ ប៉ុន្តែនៅពេលដែលទទួលបានព័ត៌មាននេះ រស្មីកម្ពុជាបានព្យាយាមបើកវើបសាយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានអាសយដ្ឋាន http: //www.Pressocm.gov.kh/។ នៅពេលបើកភ្លាមអ្វីដែលពួកគេបានអះអាងហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះ។ វើបសាយនោះត្រូវបានគេសរសេរជាអក្សរខ្មែរយ៉ាងមានរបៀបរៀបរយ មានឯកសារជាច្រើន ថ្វីបើទំព័រព័ត៌មានមិនសូវសម្បូរក៏ពិតមែន ហើយជាទូទៅគេបានព្យាយាមធ្វើវាឲ្យថ្មី ទាន់ពេល។ រស្មីកម្ពុជាព្យាយាមបើកមួយដំណាក់ទៅមួយដំណាក់ៗចាប់ពីទំព័រដើមរហូតដល់ទៅកន្លែងមួយដែលគេដាក់ថា «ក្រសួងនានា»។ នៅពេលដែលចុចទៅស្រាប់តែចេញឈ្មោះក្រសួងចំនួន២៦រដ្ឋលេខាធិការដ្ឋានចំនួន២ និងឈ្មោះមួយទៀតគឺសាលាក្រុងភ្នំពេញ។ នៅត្រង់ចំណុចនេះ អ្នកយកព័ត៌មានរស្មីកម្ពុជាបានព្យាយាមចំណាយពេលវេលាតាំងតែពីដើមសប្ដាហ៍រហូតដល់ចុងសប្ដាហ៍ដើម្បីចុចទៅលើឈ្មោះក្រសួងនីមួយៗនោះម្ដងមួយចំណុចៗ ហើយបានឃើញថា ក្រសួងទាំងអស់របស់រដ្ឋាភិបាលកម្ពុជាសុទ្ធតែមានវើបសាយផ្ទាល់ទាំងអស់ ហើយវើបសាយទាំងនោះភាគច្រើនបានត្រូវគេរៀបចំមិនចាញ់វើបសាយរបស់បណ្ដាក្រសួងមន្ទីររបស់ប្រទេសជិតខាងនានាឡើយ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ ភាគច្រើនបណ្ដាវើបសាយទាំងនោះស្ទើរតែមិនមានអ្វីដែលថ្មីទាល់តែសោះ ហើយមានក្រសួងខ្លះទើបតែប្រមូលព័ត៌មានដាក់បានដល់ត្រឹមតែឆ្នាំ២០០៥ប៉ុណ្ណោះខណៈដែលមកដល់ពេលនេះពិភពលោកបានវិលមកដល់ឆ្នាំ២០០៨ទៅហើយនោះ។
រស្មីកម្ពុជាមិនអាចទាក់ទងអ្នកដែលសរសេរវើបសាយរបស់បណ្ដាក្រសួងទាំងនោះបានឡើយ ប៉ុន្តែលោកភូ លីវុឌ្ឍ អគ្គលេខាធិការនៃអាជ្ញាធរអភិវឌ្ឍន៍វិស័យព័ត៌មាន និងទូរគមនាគមន៍ជាតិបានប្រាប់រស្មីកម្ពុជាតាមទូរស័ព្ទថា រដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុតលើវិស័យបច្ចេកវិទ្យាព័ត៌មាននេះ ប៉ុន្តែការរៀបចំវើបសាយរបស់ក្រសួងនានានោះ គឺជាកិច្ចការរបស់ក្រសួងសាមី។
លោកបាននិយាយកាលពីថ្ងៃសុក្រ ទី១១ ខែមករា កន្លងទៅនេះថា«នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល ការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានគឺជាការយកចិត្តទុកដាក់កម្រិតខ្ពស់មួយ ប៉ុន្តែការអភិវឌ្ឍន៍នេះគឺវាតែងតែនៅមានចំណុចខ្វះចន្លោះច្រើន»។
លោកបានបន្តទៀតថា ដោយមើលឃើញពីសារសំខាន់នៃបច្ចេកវិទ្យាព័ត៌មាននេះរដ្ឋាភិបាលបានសម្រេចបង្កើតអាជ្ញាធរអភិវឌ្ឍន៍វិស័យព័ត៌មាន និងទូរគមនាគមន៍ជាតិឡើងនៅឆ្នាំ២០០០មកម្ល៉េះ ហើយរហូតមកដល់ពេលនេះអាជ្ញាធរបានបណ្ដុះបណ្ដាលមន្ត្រីរាជការ និងសាធារណជនប្រមាណជា៦.០០០នាក់ ចំណែកឯការរៀបចំវើបសាយនោះគឺបានប្រមាណជាជាង៣០នាក់។
គិតចាប់តាំងពីឆ្នាំ២០០០មករហូតមកដល់ពេលនេះ [...]
ថ្ងៃ សៅរ៍ ទី ១២ មករា ២០០៨៖ ចំណូលពីប្រាសាទអង្គរវត្តជាង៦០លានដុល្លាររដ្ឋទទួលបានថវិកាមិនដល់១០លានដុល្លារផង!
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៤៨០
សមាជិកសភាសុន ឆ័យ បានសរសេរលិខិតមួយច្បាប់ ជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យពិនិត្យពិចារណាឡើងវិញ ចំពោះការផ្ដល់សិទ្ធិគ្រប់គ្រង ទៅលើប្រាសាទអង្គរវត្ត របស់ក្រុមហ៊ុនសូគីម៉ិច។ នៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០០៨ លោកសុន ឆ័យរំលឹកថា ការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនរបស់ឧកញ៉ាសុខ គង់ គ្រប់គ្រងប្រាសាទអង្គរវត្ត ធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាក់ ក្នុង១ឆ្នាំៗមិនតិចជាង៥០លានដុល្លារនោះទេ។
គ្រាន់តែនៅក្នុងឆ្នាំ ២០០៧នេះ ចំណូលបានមកពីភ្ញៀវទេសចរចូលមកទស្សនា ប្រាសាទអង្គរវត្តទទួលបានទឹកប្រាក់ប្រមាណ ៦០លានដុល្លារសហរដ្ឋអាមេរិក ក៏ប៉ុន្តែ រដ្ឋាភិបាលបានម៉ៅប្រាសាទអង្គរវត្ត ឲ្យក្រុមហ៊ុនឧកញ៉ា សុខ គង់ គ្រប់គ្រងដែលក្នុង១ឆ្នាំ រដ្ឋយកលុយពីក្រុមហ៊ុនតែ ១០លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះឃើញថា ប្រាសាទអង្គរវត្តជាកេរតំណែលរបស់ខ្មែរនេះ បានផ្ដល់ភាពចំណេញឲ្យក្រុមហ៊ុនសុខ គង់ យ៉ាងងាយៗក្នុង១ឆ្នាំមិនតិចជាង៥០លានដុល្លារនោះទេ។ ហេតុដូច្នេះហើយ បានជាលោក សុន ឆ័យស្នើឲ្យរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុន សែនឆាប់ពិនិត្យ កិច្ចកុងត្រាដែលបានផ្ដល់សិទ្ធិគ្រប់គ្រង ប្រាសាទអង្គរវត្តឲ្យទៅក្រុមហ៊ុនសូគីម៉ិច នោះឡើងវិញ។ បើមិនដូច្នោះទេ រដ្ឋាភិបាលនឹងបន្តខាតបង់ ខណៈដែលខាងក្រុមហ៊ុន [...]
ថ្ងៃ សុក្រ ទី ១១ មករា ២០០៨៖ លោក សុន ឆ័យ៖ នយោបាយរដ្ឋាភិបាលខ្មែរក្នុងការរាំងខ្ទប់ការិយាល័យពាណិជ្ជកម្មតៃវ៉ាន់ គឺជាការឆោតល្ងង់មួយ
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៤៨០
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានបញ្ចេញប្រតិកម្មជំទាស់ទៅនឹងគំនិតទ័លច្រករបស់មេដឹកនាំរដ្ឋាភិបាលខ្មែរក្នុងការទប់ស្កាត់មិនឲ្យមានការិយាល័យពាណិជ្ជកម្មរបស់តៃវ៉ាន់នៅក្នុងប្រទេសកម្ពុជា។
លោកសុន ឆ័យ បានមានប្រសាសន៍ថា ”នយោបាយរដ្ឋាភិបាលខ្មែរក្នុងការរាំងខ្ទប់ការិយាល័យពាណិជ្ជកម្មរបស់តៃវ៉ាន់ គឺជាការឆោតល្ងង់មួយហើយក៏ជាការប្រកាន់ជ្រុលជាងប្រទេសចិនប្រជាមានិតទៅទៀត ព្រោះគេបានអនុញ្ញាតឲ្យមានតំណាងបែបនេះ នៅក្នុងប្រទេសរបស់គេ”។
អ្នកតំណាងរាស្ត្រដែលមានថ្វីមាត់ខាងរិះគន់មន្ត្រីរដ្ឋាភិបាលដោយគ្មានកោតញញើតបុរសណា រូបនេះ បានបញ្ជាក់ច្បាស់ៗថា ”ប្រទេសកម្ពុជាយើងក៏មានអ្នកវិនិយោគតៃវ៉ាន់មកដែរ។ ហើយបើយើងត្រូវការធ្វើវិនិយោគ ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរ និងជួយដល់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនោះ យើងមិនត្រូវរឹងត្អឹងចំពោះចិនតៃវ៉ាន់ ដែលគ្រាន់តែមានការិយាល័យពាណិជ្ជកម្មបែបនេះទេ”។
លោកសុន ឆ័យ ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាប្រទេសកម្ពុជា បានមានប្រសាសន៍បន្តទៀតថា ”ដោយឡែកការិយាល័យនេះ ក៏មិនបង្កការប្រឆាំងស្អីពីប្រទេសចិនផងដែរ។ ដូច្នេះការភ័យខ្លាច និងយកចិត្តប្រទេសចិនហួសកំរិតបែបនេះ គឺជានយោបាយមួយដែលនាំមកនូវការខាតបង់ដល់ផលប្រយោជន៍ជាតិ”។
គួររំលឹកថា ប្រទេសកម្ពុជាបានប្រកាន់យកនូវគោលនយោបាយចិនតែមួយតាំងពីដើមរៀងមក។ ហើយសូម្បីតែមេដឹកនាំគណបក្សជំទាស់ដ៏ធំបំផុតនៃប្រទេសកម្ពុជា គឺលោកសម រង្ស៊ី ក៏ធ្លាប់បានមានប្រសាសន៍អំពីការគាំទ្រចិនតែមួយនេះដែរ។
ទោះជាដូច្នេះក្ដី ក៏លោកសម រង្ស៊ី ធ្លាប់បានផ្ដល់នូវអនុសាសន៍ល្អៗទៅដល់រដ្ឋាភិបាលហ៊ុន សែន ចំពោះជំហរចិនតែមួយនេះ គឺធ្វើយ៉ាងណាត្រូវគិតគូរដល់ការទំនាក់ទំនងលើវិស័យពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនានាលើពិភពលោកដើម្បីសេដ្ឋកិច្ចជាតិយើងរស់ប្រជាពលរដ្ឋយើងមានជីវភាពធូរធារ។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាល ហ៊ុន សែន បានបញ្ជាក់ច្បាស់កាលពីថ្ងៃពុធ ទី០៩ ខែមករាថា ទាក់ទិននឹងការស្នើសុំបើកការិយាល័យតំណាងពាណិជ្ជកម្មរបស់តៃវ៉ាន់នៅក្នុងប្រទេសកម្ពុជាគឺមិនទាន់មានសំណើជាផ្លូវការនៅឡើយទេ។
ក្នុងនោះលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន [...]
ថ្ងៃ ព្រហស្បតិ៍ ទី ១០ មករា ២០០៨៖ មន្ត្រីសាលាក្ដីខ្មែរក្រហមគ្រោងជួបប្រជាជននិងមន្ត្រីនៅ ប៉ៃលិនក្នុងបំណងរំងាប់របួសផ្លូវចិត្ត
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៤៨០
ភ្នំពេញ ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ក.ក) នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងអតីតមន្ត្រីថ្នាក់ដឹកនាំ ខ្មែរក្រហមនៅទីក្រុងប៉ៃលិន ក្នុងគោលបំណងរំងាប់របួសផ្លូវចិត្តដែលកើតមានកាលពីរបបកម្ពុជា ប្រជាធិបតេយ្យនិងពន្យល់អំពីដំណើរការនៃសាលាក្ដី។
លោករាជ សម្បត្តិ អ្នកនាំពាក្យអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជាបានប្រាប់ កម្ពុជាថ្មីកាលពីរសៀលថ្ងៃ៩មករាថា អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងធ្វើពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋនិងអតីតមន្ត្រីខ្មែរក្រហមនៅទីក្រុងប៉ៃលិននៅ សប្ដាហ៍ក្រោយ។
លោកបន្តថាកម្មវិធីនោះនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨ដោយមានការចូលរួមពីសហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីគឺលោក យូ ប៊ុនឡេង និងលោក Marcel Lemonde។
លោករាជ សម្បត្តិបន្តទៀតថាគោលបំណងនៃពិធីនោះគឺដើម្បីផ្ដល់ព័ត៌មានជូន អាជ្ញាធរនិងបងប្អូនដែលជាអតីតកំលាំងខ្មែរក្រហមព្រមទាំង ប្រជាពលរដ្ឋនៅតំបន់ប៉ៃលិនទាំងអស់ឲ្យមានសតិអារម្មណ៍ជ្រះស្រឡះ ហើយយល់អំពីបំណងរបស់សាលាក្ដី។ ហេតុនេះទើបយើងធ្វើពិធីសំណេះសំណាលនៅទីនោះដើម្បីលុបបំបាត់នូវការ ភ័ន្តច្រឡំករណីផ្សេងៗ ទាក់ទងទៅនឹងសាលាក្ដីខ្មែរក្រហម។ សាលាក្ដីនេះមានអំណាចកាត់ក្ដីតែទៅលើមេដឹកនាំកំពូលនិងអ្នកទទួល ខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ។ ដូច្នេះបងប្អូនដែលជាអតីតខ្មែរក្រហមតូចតាចរួមទាំងប្រជាពលរដ្ឋ ទាំងអស់មិនត្រូវព្រួយបារម្ភឬភិតភ័យទេ។ ពួកគាត់ត្រូវតែមានស្មារតីល្អមិនត្រូវព្រួយបារម្ភនោះទេ។ ការកំណត់យកទីក្រុងប៉ៃលិនដើម្បីធ្វើពិធីសំណេះសំណាលដ៏ធំបែបនេះគឺ ជាលើកទីមួយរបស់សាលាក្ដី។
លោករាជ សម្បត្តិក៏បានបញ្ជាក់ដែរថា កម្មវិធីសំណេះសំណាលដ៏ធំនៅទីក្រុងប៉ៃលិននោះធ្វើរយៈពេល២ថ្ងៃគឺ ថ្ងៃទីមួយជួបជាមួយអាជ្ញាធរនិងអតីតមន្ត្រីខ្មែរក្រហមនិងថ្ងៃទី២ - ជួបជាមួយប្រជាពលរដ្ឋ។ កម្មវិធីនោះក៏មានគោលបំណងឲ្យអតីតមន្ត្រីខ្មែរក្រហមនិងប្រជាពលរដ្ឋ ទាំងអស់ចូលរួមសហការជាមួយសាលាក្ដី ព្រោះកិច្ចការទាំងអស់នេះគឺធ្វើដើម្បីមនុស្សជាតិទាំងអស់ មិនមែនសំរាប់អតីតមន្ត្រីខ្មែរក្រហមនៅទីក្រុងប៉ៃលិននោះទេ លុះត្រាតែមានការគាំទ្រពីពួកគាត់ទើបសាលាក្ដីដំណើរការទៅដោយ ជោគជ័យ។
ប្រភពព័ត៌មានពីក្រុងប៉ៃលិនបានឲ្យដឹងដែរថា ទាក់ទងនឹងការបើកធ្វើពិធីសំណេះសំណាលដ៏ធំរយៈពេល២ថ្ងៃនោះ មានការគាំទ្រពីអាជ្ញាធរនៅទីក្រុងប៉ៃលិន [...]
ថ្ងៃ អង្គារ ពុធ ទី ៨ - ៩ មករា ២០០៨៖ បណ្ណាធិការជំរុញឲ្យតុលាការក្រុងទាមទារ២ម៉ឺនដុល្លារពីវិទ្យុអាស៊ីសេរី
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៤៨០
រាជធានីភ្នំពេញ ៖ លោកប៊ែរណាត គ្រីសឺរ (Bernard Krisher) បណ្ណាធិការរបស់ព្រឹត្តិបត្រឌឹឃែមបូឌា ដេលី កាលពីថ្ងៃទី៦ មករា ២០០៨ បានមានប្រសាសន៍ថា លោកបានចូលបំភ្លឺតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៥ ធ្នូ ២០០៧ កន្លងទៅ ជុំវិញបណ្ដឹងរបស់លោកទៅវិទ្យុអាស៊ីសេរី (RFA) ដោយទាមទារនូវប្រាក់សំណងជំងឺចិត្តប្រមាណ២ម៉ឺនដុល្លារអាមេរិក ចំពោះករណីដែលវិទ្យុនេះបានថតចំលងនូវរាល់ព័ត៌មានពីព្រឹត្តិបត្ររយៈពេលប្រមាណជាង១០ឆ្នាំកន្លងមក។
កាលពីអំឡុងខែតុលា ២០០៧ កន្លងទៅលោកកឹម សុះប្រធានការផ្សាយជាភាសាខ្មែររបស់វិទ្យុអាស៊ីសេរី បានចូលទៅបំភ្លឺតុលាការក្រុងភ្នំពេញ ទាក់ទងនឹងពាក្យបណ្ដឹងរបស់តំណាងព្រឹត្តិបត្រឌឹឃែមបូឌា ដេលី។ លោក កឹម សុះ មិនធ្វើអត្ថាធិប្បាយទេនៅក្នុងទំនាក់ទំនងតាមទូរស័ព្ទកន្លងមករបស់កោះសន្តិភាព ប៉ុន្តែលោកបានច្រានសំណួរទៅឲ្យមេធាវីរបស់លោកជាអ្នកឆ្លើយជំនួសឯមេធាវីក៏មិនធ្វើអត្ថាធិប្បាយដែរ។
លោកប៊ែរណាត គ្រីសឺរ បានឲ្យដឹងទៀតថា កាលពីរយៈពេល២ឆ្នាំនៅក្នុងការថតចំលងតាមប្រព័ន្ធអេឡិចត្រូនិក (Fax) វិទ្យុ RFA បានចំលងព័ត៌មានពីព្រឹត្តិបត្ររបស់លោកទាំងស្រុងពីក្រុងភ្នំពេញទៅក្រុងបាងកក រួចបញ្ជូនទៅសហរដ្ឋអាមេរិកទៀត។ លោកបានអះអាងថា ”យើងមិនអនុញ្ញាតនោះទេបើទោះបីជាទិញក្នុងតំលៃប៉ុនណាក្ដី ព្រោះនេះជាច្បាប់កម្មសិទ្ធិបញ្ញារបស់ប្រទេសជាតិ។ ពួកគេអាចដកស្រង់ព័ត៌មានខ្លះបានតែមិនទាំងស្រុងទេដូចជាករណីដើម្បីបង្រៀនដល់សិស្សជាដើម”។
បុគ្គលិកវិទ្យុ RFA នៅភ្នំពេញមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា បញ្ហានេះបើតាមគេដឹងនោះ មេដឹកនាំរវាងអង្គភាពព័ត៌មានទាំងពីរបានធ្វើការសំរបសំរួលគ្នារួចហើយ។ បុគ្គលិកដដែលអះអាងថា វាប្រហែលជាចប់ហើយនូវបញ្ហាប្ដឹងប្ដល់ទៅតុលាការក្រុងភ្នំពេញនាពេលកន្លងទៅនោះ។ ទោះបីជាយ៉ាងណា បុគ្គលិកវិទ្យុអាស៊ីសេរី [...]
« Previous Entries



