ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ៖ វៀតណាម ឡាវ ថៃ – ថ្ងៃ ចន្ទ ទី ២៣ កុម្ភៈ ២០០៩
Dear Readers,
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៥៣៨
ការដឹកជញ្ជូនតាមផ្លូវគោក ឬ ការដឹកតាមផ្លូវថ្នល់ ជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសកម្ពុជាបំពេញតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន អ្នកទេសចរ ការចែកចាយផលិតផលនាំចេញ នាំចូល និង ផលិតផលក្នុងស្រុក ព្រមទាំងជួយសម្រួលដល់វិស័យឯទៀតៗជាច្រើន ។
កាលពីសម័យមុន ការដឹកជញ្ជូនតាមផ្លូវគោកបានប្រព្រឹត្តទៅនៅតែក្នុងស្រុកប៉ុណ្ណោះ និង ដោយមធ្យោបាយដែលគេបានចាត់ទុកថាមិនទំនើបឡើយ ។ ប៉ុន្តែនៅពេលបច្ចុប្បន្ន ជាពិសេសក្នុងសមាហរណកម្មរបស់ប្រទេសកម្ពុជានៅក្នុងតំបន់ ការដឹកជញ្ជូនតាមផ្លូវគោកបានលាតសន្ធឹងហួសដែនដីរបស់ប្រទេសទៅទៀត ដែលបានបង្កលក្ខណៈងាយស្រួល ជាពិសេសដល់ការផ្លាស់ប្ដូរទំនិញ និង អ្នកដំណើរ-អ្នកទេសចរ រវាងប្រទេសនិងប្រទេស រវាងប្រទេសនិងតំបន់ទាំងមូល ។
ប្រទេសកម្ពុជាជាសមាជិកមួយនៃមហាអនុតំបន់មេគង្គ (សមាជិក) មានប្រទេសកម្ពុជា ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ និង ប្រទេសវៀតណាម ដែលបាននិងកំពុងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តការងារដឹកជញ្ជូនទំនិញ និង ពលរដ្ឋឆ្លងកាត់ព្រំដែនរវាងបណ្ដាប្រទេសទាំងនេះ ។ ការអនុវត្តន៍ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈតំបន់នេះ មិនទាន់បានអនុវត្តពេញលេញនៅឡើយទេ ។
កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោក កម្ពុជា-វៀតណាម
ប្រទេសកម្ពុជា និង ប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោកនៅឆ្នាំ ១៩៩៨ ហើយបានចាប់ផ្ដើមអនុវត្តការងារនេះនៅចុងឆ្នាំ ២០០៦ ។ រហូតមកដល់ពេលនេះមានរថយន្តពាណិជ្ជកម្មចំនួន៤០គ្រឿង សម្រាប់ភាគីនីមួយៗបានទទួលការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការដឹកជញ្ជូនទំនិញ និង អ្នកដំណើររវាងប្រទេសទាំងពីរ ដោយឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួន ដូចជាច្រកបាវិត នៅខេត្តស្វាយរៀង ផ្លូវជាតិលេខ១ ច្រកភ្នំដិន នៅខេត្តតាកែវ ផ្លូវជាតិលេខ២ និង ច្រកត្រពាំងផ្លុង នៅខេត្តកំពង់ចាម ផ្លូវជាតិលេខ៧ និង ៧២ ។ ច្រកទ្វារព្រំដែនអន្តរជាតិមួយចំនួនទៀតដូចជា ច្រកព្រែកចាប នៅខេត្តកំពត ផ្លូវជាតិលេខ៣ និង ៣៣ ច្រកត្រពាំងស្រែ នៅខេត្តក្រចេះ ផ្លូវជាតិលេខ៧ និង ៧៨ ច្រកអូររាំង នៅខេត្តមណ្ឌលគិរី ផ្លូវជាតិលេខ៧៦ និង ច្រកអូរយ៉ាដាវ ផ្លូវជាតិលេខ៧៨ ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ផងដែរ ប៉ុន្តែស្ថានភាពផ្លូវនៅមានកម្រិតនៅឡើយ ។
នៅពេលខាងមុខដ៏ខ្លីនេះ ប្រទេសកម្ពុជានិងវៀតណាមនឹងសម្រេចបើកបន្ថែមចំនួនកូតារថយន្តសម្រាប់ភាគីនីមួយៗរហូតដល់១៥០គ្រឿង ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញ និង អ្នកដំណើរ ឬ អ្នកទេសចរ មានលក្ខណៈកាន់តែប្រសើរឡើងៗសម្រាប់ការអភិវឌ្ឍន៍រីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោក កម្ពុជា-ឡាវ
ប្រទេសកម្ពុជា និង ប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកនៅឆ្នាំ ១៩៩៩ ។ ការអនុវត្តន៍កិច្ចព្រមព្រៀងនេះអាចប្រព្រឹត្តទៅបានដរាបណាមានពិធីសារ ដែលចែងអំពីបញ្ញត្តិអនុវត្តកិច្ចព្រមព្រៀងនេះ ។ ពិធីសារនេះត្រូវបានចុះហត្ថលេខារួចហើយនៅចុងឆ្នាំ ២០០៧ ។ បន្ថែមលើនេះទៀត អនុស្សរណៈមួយដែលចែងលំអិតអំពីការសម្រួលអនុវត្តកិច្ចព្រមព្រៀងនេះក៏ត្រូវបានចុះហត្ថលេខាដែរ ដោយភាគីទាំងពីរនៅដើមឆ្នាំ ២០០៨ ។
ក្នុងកិច្ចប្រជុំទ្វេភាគីគឺជាលើកទី១ រវាងភាគីទាំងពីរ នៅថ្ងៃទី ១៤ – ១៦ ខែ មករា ឆ្នាំ ២០០៩ នៅខេត្តស្ទឹងត្រែង និង ដោយមានចំណាត់ការជាបន្តបន្ទាប់របស់ភាគីនីមួយៗ ការដឹកជញ្ជូនទំនិញ និង អ្នកដំណើររវាងប្រទេសទាំងពីរនឹងចាប់ផ្ដើមដំណើរការនៅដើមខែមេសា ឆ្នាំ ២០០៩ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ។
ការដឹកជញ្ជូនអ្នកដំណើរនៅតាមច្រកនេះ នៅក្នុងពេលបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ គឺស្ថិតនៅជាដំណាក់កាលសាកល្បងនៅឡើយ ក្នុងនោះភាគីនីមួយៗបានអនុញ្ញាតឲ្យរថយន្តដឹកអ្នកដំណើរចំនួន៥គ្រឿង ធ្វើដំណើរនៅក្នុងកំណាត់ផ្លូវនីមួយៗ ជាអាទិ៍ រថយន្តកម្ពុជាចំនួន៥គ្រឿង សម្រាប់ធ្វើដំណើរលើកំណាត់ផ្លូវប៉ាក់សេ (ខេត្តចំប៉ាសាក់ ប្រទេសឡាវ) – ខេត្តស្ទឹងត្រែង រថយន្តកម្ពុជាចំនួន៥គ្រឿង សម្រាប់ធ្វើដំណើរលើកំណាត់ផ្លូវប៉ាក់សេ – ខេត្តសៀមរាប រថយន្តកម្ពុជាចំនួន៥គ្រឿង សម្រាប់ធ្វើដំណើរលើកំណាត់ផ្លូវប៉ាក់សេ រាជធានីភ្នំពេញ និង រថយន្តកម្ពុជាចំនួន៥គ្រឿង សម្រាប់ធ្វើដំណើរលើកំណាត់ផ្លូវរាជធានីភ្នំពេញ – ទីក្រុងវៀងចន្ទន៍ ។ជាសរុបក្នុងប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ រថយន្តដឹកអ្នកដំណើររបស់កម្ពុជាអាចមានរហូតដល់២០គ្រឿង សម្រាប់ការងារប្រតិបត្តិការសាកល្បងនេះ ។
ប្រតិបត្តិករ ឬ សហគ្រាសដឹកជញ្ជូនអ្នកដំណើរ ឬ ក្រុមហ៊ុនអ្នកដំណើរដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬ បានទទួលការអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ព្រំដែនកន្លងមក ជាពិសេសបានធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ព្រំដែន នឹងមានឱកាសដើម្បីចូលរួមក្នុងប្រតិបត្តិការនេះ ។ គួរកត់សម្គាល់ថា ចាប់ពីពេលនេះតទៅរហូតដល់ពេលវេលាបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៅតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅមានពេលតិចតួចប៉ុណ្ណោះសម្រាប់ក្រុមហ៊ុន ឬ ប្រតិបត្តិករដែលមានបំណងប្រកបមុខរបរដឹកអ្នកដំណើរនៅតាមច្រកនេះ ដើម្បីធ្វើការស្វែងយល់បន្ថែមអំពីស្ថានភាពទីផ្សារនៅខេត្តចំប៉ាសាក់ និង ទីក្រុងវៀងចន្ទន៍ និង បំពេញតាមលក្ខណៈសម្បត្តិដែលកំណត់នៅក្នុងច្បាប់ និង បទបញ្ជាជាធរមាននានាដើម្បីឲ្យដំណើរការរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន និង មានភាពឈ្នះលើការងារប្រកួតប្រជែងក្នុងទីផ្សារនេះ ។
លេខាធិការដ្ឋានបច្ចេកទេសរបស់គណៈកម្មាធិការជាតិសម្រាប់សម្រួលការដឹកជញ្ជូនឆ្លងកាត់ដែលមានទីតាំងនៅអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងជួយសម្រួលរាល់ការងារចាំបាច់របស់ប្រតិបត្តិការស្របតាមនីតិវិធីច្បាប់ ។
កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោក កម្ពុជា-ថៃ
ប្រទេសកម្ពុជា និង ប្រទេសថៃ បានចុះហត្ថលេខាលើអនុស្សរណៈស្ដីពីការផ្លាស់ប្ដូរសិទ្ធិធ្វើចរាចរនៅដើមឆ្នាំ ២០០៩ ។ ក្នុងអនុស្សរណៈនោះ ភាគីទាំងពីរនឹងអនុញ្ញាតឲ្យយានយន្តពាណិជ្ជកម្មចំនួន ៤០ លិខិតអនុញ្ញាតដើម្បីធ្វើដំណើរដឹកជញ្ជូនទំនិញ និង អ្នកដំណើរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ ការដឹកជញ្ជូនឆ្លងកាត់ជាលក្ខណៈទ្វេភាគីនៅតាមច្រកនេះនៅមិនទាន់បានអនុវត្តនៅឡើយទេ ដោយសារមូលហេតុមួយចំនួន ៕ កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨៨០ ថ្ងៃទី ២២ – ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
កាសែតដែលចេញលក់នៅ
ថ្ងៃ ចន្ទ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
បាគង ឆ្នាំទី ១០ លេខ ២៥៤ ថ្ងៃ ចន្ទ – អង្គារ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ព្រៃលិចទឹកត្រីពង [ប្រមាណជា ២០០ហិកតារ] ត្រូវបានក្រុមហ៊ុន ខូវជឺលី អភិវឌ្ឍន៍ឈូសឆាយបំផ្លាញនៅខេត្តសៀមរាប [ដើម្បីទន្ទ្រានយកដី]
ជាតិខ្មែរ ឆ្នាំទី ១ លេខ ២៣ ថ្ងៃ ចន្ទ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
- លោក សម រង្ស៊ី ៖ រដ្ឋសភាមិនថោកកោះប្រជុំដកអភ័យឯកសិទ្ធិករណីលុយ ១០លានរៀល [នៃបណ្ដឹងរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតចំពោះការប្រមាថមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា] ទេ
- សាលាក្ដីខ្មែរក្រហមល្បីពុករលួយ ប្រកាសរកជំនួយ ៥លានដុល្លារ
ដើមអម្ពិល ឆ្នាំទី ៣ លេខ ១២២ ថ្ងៃ អាទិត្យ – ចន្ទ ទី ២២ – ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
- វៀតណាមបានជួយហ្វឹកហ្វឺនទាហានកម្ពុជាជាង ៤ពាន់នាក់ នាពេលកន្លងមក
- ឥណ្ឌាពន្យារពេលចុះកិច្ចសន្យាព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន [ដោយសារតែទទួលរងនូវការជះឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិហិរញ្ញវត្ថុនៅក្នុងប្រទេសឥណ្ឌា]
ដើមត្នោត ឆ្នាំទី ២ លេខ ៥៨ ថ្ងៃ ចន្ទ – អង្គារ ទី ២៣ – ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ចៅក្រម និង ព្រះរាជអាជ្ញាដែលដល់អាយុចូលនិវត្តន៍ ប៉ុន្តែមិនត្រូវបានដាក់ឲ្យចូលនិវត្តន៍ ក្លាយជាមុខសញ្ញានៃការរិះគន់
កម្ពុជាថ្មី ឆ្នាំទី ៨ លេខ ១៨៨០ ថ្ងៃ អាទិត្យ – ចន្ទ ទី ២២ – ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
- [ប្រធានរដ្ឋសភាជាតិ] សម្ដេច ហេង សំរិន អំពាវនាវឲ្យប្រទេសវៀតណាមបន្តពង្រីកការងារវិនិយោគសេដ្ឋកិច្ចទេសចរណ៍ និង យោធា
- ជនជាតិសៀមចាប់ជំរិតគ្នាទារប្រាក់លើទឹកដីខ្មែរ [ស្ត្រីមេខ្លោងដែលជាជនជាតិសៀមនោះនៅមិនទាន់ចាប់បាននៅឡើយ - ខេត្តបាត់ដំបង]
- ស្ដេចថៃបានអត់អោនទោសចំពោះអ្នកនិពន្ធអូស្ត្រាលី [ដែលបានជាប់គុកពីបទប្រមាថមើលងាយស្ដេចថៃ]
ខ្មែរម្ចាស់ស្រុក ឆ្នាំទី ៣ លេខ ៣៥០ ថ្ងៃ អាទិត្យ – អង្គារ ទី ២២ – ២៤ ខែ កុម្ភៈ ឆ្នាំ ២០០៩
- គ្មានសែ ជា ស៊ីម និង ស ខេង ណាម្នាក់នៅក្នុងបញ្ជីសែស្រឡាយអ្នកលួចជាតិ និង ប្រទេសសំរាប់លក់ [របស់អង្គការ Global Witness]
កោះសន្តិភាព ឆ្នាំទី ៤២ លេខ ៦៥៨៥ ថ្ងៃ ចន្ទ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ចាប់ឧក្រិដ្ឋជនក្រុម ហេង ពៅ សំណុំរឿងឃាតកម្ម [ទៅលើចាងហ្វាងកាសែតកោះសន្តិភាព] កាលពី ១១ឆ្នាំមុន ចាប់ផ្ដើមបើកទំព័រថ្មីដើម្បីយុត្តិធម៌
- គ្រោះមហន្តរាយដោយខ្យល់ព្យុះ រលំបាក់ផ្ទះជិត ៥០០ខ្នង [បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់ចំនួន ៦នាក់ - នៅខេត្តសៀមរាប បន្ទាយមានជ័យ និង ប៉ៃលិន]
រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨២៨ ថ្ងៃ អាទិត្យ – ចន្ទ ទី ២២ – ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ៖ វៀតណាម ឡាវ ថៃ
- ពលរដ្ឋខ្មែរពីរនាក់ដែលទាហានសៀមព័ទ្ធចាប់ក្នុងព្រៃភ្នំ ត្រូវដោះលែងហើយ [ថៃបានចោទពួកគេថាបានកាប់ព្រៃឈើខុសច្បាប់ក្នុងទឹកដីថៃ ប៉ុន្តែប្រជាជនខ្មែរបាននិយាយថាវាមានចម្ងាយ ២គីឡូម៉ែត្រពីព្រំប្រទល់ កម្ពុជា-ថៃ - ខេត្តឧត្ដរមានជ័យ]
- ឆ្នាំ ២០០៩នេះ ខេត្តសៀមរាបទទួលបានជំនួយបោសសម្អាតមីនពីប្រទេសអាល្លឺម៉ង់ចំនួន ១.៣៥០.៥២៣ដុល្លារ
- មន្ត្រីអប់រំ ៖ មិនមានការកំណត់អាយុ [សម្រាប់សិស្ស] ចូលប្រឡង [ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ] ទៀតទេ
* សូមអញ្ជើញអានវិចារណកថាសម្រាប់សប្ដាហ៍កន្លងទៅ!
* សូមជម្រាបថាក្រៅពីការអានព្រឹត្តិបត្រព័ត៌មាន កញ្ចក់សង្គម ជាភាសាខ្មែរ លោក អ្នកក៏អាចអានផងដែរនូវព្រឹត្តិបត្រព័ត៌មាន The Mirror ជាភាសាអង់គ្លេស ។
* ដើម្បីជ្រាបនូវពីព័ត៌មានស្ដីអំពីស្ត្រីក្នុងសង្គមខ្មែរ សូមអញ្ជើញទស្សនាតំបន់បណ្ដាញកម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ ដោយចុចតំណខាងក្រោមនេះ! សូមអរគុណ!




It is very happy to see it is running well. Well done.
វិសាល
Tuesday, 24 February 2009