អង្គការសហប្រជាជាតិ និង រដ្ឋាភិបាល នឹងទំលាយអំពើពុករលួយនៅសាលាក្ដី – ថ្ងៃ ពុធ ទី ២៥ កុម្ភៈ ២០០៩
ជូនចំពោះអ្នកអាន កញ្ចក់សង្គម
ជារឿងដែលគួរឲ្យក្រៀមក្រំដែលខ្ញុំត្រូវចែករំលែកនូវព័ត៌មានមិនល្អជាមួយលោកអ្នក គឺយើងនឹងមិនអាចបន្តការផ្សាយ កញ្ចក់សង្គម ឲ្យលើសពីចុងសប្ដាហ៍នេះទេ គឺនៅត្រឹមថ្ងៃ សៅរ៍ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៩នេះ យើងនឹងបន្តជ្រើសរើសចំណងជើង និង អត្ថបទមួយពីសារព័ត៌មានខ្មែរ រហូតដល់ពេលចុងក្រោយ ហើយនៅថ្ងៃ អាទិត្យ ទី ១ ខែ មីនា ឆ្នាំ ២០០៩ ខ្ញុំនឹងចែករំលែកនូវពាក្យចុងក្រោយនៅទីបញ្ចាប់នៃសេវានេះ ។ ការចេញផ្សាយជាភាសាអង់គ្លេស The Mirror នឹងបន្តទៅទៀត ។ លោកអ្នកអាចអានបាននៅទីនេះ ៖
http://cambodiamirror.wordpress.com
ការចេញផ្សាយ កញ្ចក់សង្គម កាលពីពេលកន្លងទៅតាមគេហទំព័របច្ចុប្បន្ន លោកអ្នកនឹងនៅតែអាចអានបានបន្តទៅទៀត លោកអ្នកអាចអានឡើងវិញនូវព័ត៌មានមួយចំនួន ឬក៏ធ្វើការស្វែងរកព័ត៌មានមួយចំនួន ។
ការតម្រូវឲ្យធ្វើដូច្នេះគឺដោយសារវិបត្តិហិរញ្ញវត្ថុ ។
កញ្ចក់សង្គម ៖ ឆ្នាំទី ១១ លេខ ៥៣៨
ដោយប្រកាសការទំលាយភាពទាល់ច្រក បន្ទាប់ពីការពិភាក្សាស្ដីពីការទប់ស្កាត់អំពើពុករលួយនៅឯសាលាក្ដីកាត់ទោសខ្មែរក្រហម ក្រុមមន្ត្រីអង្គការសហប្រជាជាតិ និង ក្រុមមន្ត្រីកម្ពុជានៅថ្ងៃច័ន្ទ បានបញ្ចេញឲ្យដឹងនូវកម្មវិធីដ៏ស្មុគស្មាញមួយ ដើម្បីដោះស្រាយបណ្ដឹងអំពីឥរិយាបថមិនត្រឹមត្រូវដែលនឹងផ្ដល់ការទទួលខុសត្រូវស្មើគ្នាចំពោះភាគីអន្តរជាតិ និង ភាគីកម្ពុជានៃតុលាការនេះ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯទីស្ដីការគណៈរដ្ឋមន្ត្រីនៅល្ងាចថ្ងៃច័ន្ទកន្លងទៅនេះ លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី និង លោក ភីតធឺ តាក់ស៊ូ-ជិនសេន ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានមានប្រសាសន៍ថា ពួកលោកជឿថាប្រព័ន្ធថ្មីនេះនឹងអាចឲ្យក្រុមអ្នកផ្ដល់ជំនួយបន្តការផ្ដល់មូលនិធិឲ្យភាគីកម្ពុជានៃសាលាក្ដីនេះ ដែលនឹងប្រឈមវិបត្តិថវិកាក្នុងប៉ុន្មានពេលសប្ដាហ៍ខាងមុខនេះ ។ លោក សុខ អាន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មានថា ខ្ញុំគិតថា ការយោគយល់គ្នាទៅវិញទៅមកនេះគឺជាមូលដ្ឋានដ៏ល្អបំផុតមួយសំរាប់រដ្ឋបាលនៃតុលាការនេះដើម្បីដំណើរការទៅមុខ ហើយសូម្បីតែតុលាការក៏ដំណើរការទៅមុខដែរ ។ លោកបានថ្លែងថា ចំណុចសំខាន់នៃការយោគយល់គ្នារបស់យើងគឺអំពីការធ្វើការងារដ៏ជោគជ័យនៃដំណើរការរួម … ។ ពួកគេនឹងធ្វើការរួមគ្នាក្នុងដំណើរការរួមដើម្បីជំរះបញ្ហាទាំងអស់ ។ លោក តាក់ស៊ូ-ជិនសេន ក៏បានប្រាប់ក្រុមអ្នកយកព័ត៌មានដែរថា លោកជឿថាកិច្ចព្រមព្រៀងនេះទីបំផុតនឹងបញ្ចប់លែងពិភាក្សាអំពីការចោទប្រកាន់ពីបទទទួលប្រាក់សគុណដែលបានសាយភាយចេញពីតុលាការតាំងពីហៀបនឹងចាប់ផ្ដើមរបស់ខ្លួនមកហើយបានបណ្ដាលឲ្យក្រុមអ្នកផ្ដល់ជំនួយខ្លះបញ្ឈប់ការផ្ដល់មូលនិធិ ។ លោក តាក៊ស៊ូ-ជិនសេន បានមានប្រសាសន៍ថា នេះជាជំហានដ៏សំខាន់មួយក្នុងការខ្នះខ្នែងរួមរបស់យើងដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ ។ ខ្ញុំគិតថា កិច្ចព្រមព្រៀងនេះដែលយើងមាននៅពេលនេះ ពិតជានឹងត្រូវទទួលបានជាវិជ្ជមានដោយបណ្ដាប្រទេសផ្ដល់ជំនួយ ។
ទោះជាយ៉ាងណាក្ដី កម្មវិធីប្រឆាំងអំពើពុករលួយថ្មីដែលត្រូវបានស្នើឡើងនេះ ទំនងជាតិចតួចបំផុតជាងអ្វីដែលក្រុមមន្ត្រីសហប្រជាជាតិបានស្វះស្វែងក្នុងការពិភាក្សាមិនជោគជ័យជាមួយរដ្ឋាភិបាលក្នុងខែមករា ។ ក្រុមអ្នកគ្រប់គ្រងកម្ពុជានៅដើមខែនេះបានលើកឡើងថា ក្នុងការពិភាក្សាឯកជនក្នុងខែមករា ក្រុមមន្ត្រីសហប្រជាជាតិបានស្នើឲ្យបង្កើតកម្មវិធីប្រឆាំងអំពើពុករលួយតែមួយដ៏ធំធេងសំរាប់ភាគីទាំងពីរនៃតុលាការនេះ ដែលពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍ក្រមសីលធម៌អន្តរជាតិឯករាជ្យដែលជាគណៈកម្មាធិការក្រមសីលធម៌ និង អង្គបុរេជំនុំជម្រះរបស់តុលាការ ។ ទោះជាយ៉ាងណាក្ដី កម្មវិធីនេះដែលត្រូវបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញនៅល្ងាចថ្ងៃច័ន្ទ នឹងបន្សល់ទុកវិធានការប្រឆាំងអំពើពុករលួយដែលមិនអាចប៉ះពាល់ដែលចូលជាធរមានរួចរាល់ដោយភាគីកម្ពុជានៃតុលាការនេះ ហើយពាក់ព័ន្ធនឹងភាគីសហប្រជាជាតិដែលបង្កើតយន្តការស្របគ្នារបស់ខ្លួនផ្ទាល់ដែលមានមនុស្សតែមួយឲ្យទទួលពាក្យបណ្ដឹង ។ ពាក្យបណ្ដឹងដែលត្រូវទទួលដោយភាគីជាតិ ឬ អន្តរជាតិនៃសាលាក្ដីនេះ បន្ទាប់នោះនឹងត្រូវបញ្ជូនតទៅគណៈកម្មាធិការមួយដែលមានចំនួនមន្ត្រីកម្ពុជា និង អង្គការសហប្រជាជាតិស្មើគ្នា ដែលនឹងតម្រូវឲ្យមានចំនួនច្រើន ឬ កិច្ចព្រមព្រៀងអំពីយ៉ាងហោចណាស់មួយចំនួនលើភាគីទាំងពីរសំរាប់គណៈកម្មាធិការនេះដើម្បីចាត់វិធានការណាមួយ ។
សេចក្ដីថ្លែងការណ៍រួមចេញនៅថ្ងៃច័ន្ទ មិនបានបង្ហាញច្បាស់ថាតើប្រព័ន្ធនេះនឹងទប់ស្កាត់ការកើតឡើងម្ដងទៀតនៃព្រឹត្តិការណ៍នៅឆ្នាំមុនឬយ៉ាងណាទេ នៅពេលដែលបុគ្គលិកកម្ពុជាមួយក្ដាប់តូចមិនសុខចិត្តចំពោះការបែងចែកក្នុងរដ្ឋបាលនៅក្នុងតុលាការនេះ ហើយផ្ដល់ព័ត៌មានឲ្យក្រុមមន្ត្រីសហប្រជាជាតិអំពីការចោទប្រកាន់ពីបទទទួលប្រាក់សគុណ ដែលបន្ទាប់នោះត្រូវបានពិនិត្យឡើងវិញជាបន្តបន្ទាប់នៅទីក្រុងញូយ៉ក ដោយសាលាអគ្គអធិការកិច្ចនៃអង្គការសហប្រជាជាតិ ។ លទ្ធផលនៃការពិនិត្យដោយសហប្រជាជាតិមិនត្រូវបានប្រកាសជាសាធារណៈទេ ប៉ុន្តែតាមដឹងមកថាបានអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញនៃការចោទប្រកាន់ពីបទទទួលប្រាក់សគុណដើម្បីបានការងារធ្វើ ។
លោកស្រី ហេតធី រីយ៉ាន អ្នកសង្កេតការណ៍តុលាការប្រចាំអង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សាធារណៈបានថ្លែងនៅថ្ងៃច័ន្ទថា អង្គការរបស់លោកស្រីខកចិត្តជាមួយលទ្ធផលនៅថ្ងៃច័ន្ទ ។ លោកស្រីបានថ្លែងថា អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សាធារណៈជឿថាកិច្ចព្រមព្រៀងដែលត្រូវបានពណ៌នានេះមិនបានលើកឡើងអំពីការចោទប្រកាន់ពីបទពុករលួយ និង តំណាងឲ្យជំហានថយក្រោយមួយក្នុងកិច្ចប្រឹងប្រែងនោះ ។ យើងបារម្ភថាអង្គការសហប្រជាជាតិកំពុងតែកំណត់ទាបបំផុតនូវឧបសគ្គមួយសំរាប់កម្ពុជា និង កិច្ចប្រឹងប្រែងរួមនៅអនាគតនៅឯតុលាការឯករាជ្យ ។
លោក អានឌ្រូ ឡានូសហ្ស៊ី ទីប្រឹក្សាច្បាប់របស់មេធាវីចុងចោទសំរាប់អតីតមេដឹកនាំខ្មែរក្រហម នួន ជា ដែលបានស្នើឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតការណ៍ការចោទប្រកាន់ពីបទទទួលប្រាក់សគុណនៅឯតុលាការនេះ បានមានប្រសាសន៍ថា លោកបានជួបជាមួយលោក តាក់ស៊ូ-ជិនសេន ក៏ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីខ្លឹមសារនៃការពិភាក្សារបស់ពួកគាត់ឡើយ ។
យោងតាមសេចក្ដីថ្លែងការណ៍រួមចេញនៅថ្ងៃច័ន្ទ បានឲ្យដឹងថា អង្គការសហប្រជាជាតិ និង រដ្ឋាភិបាល ត្រូវចេញលិខិតទៅវិញទៅមកក្នុងសប្ដាហ៍ខាងមុខនេះ ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនេះស្របច្បាប់ ថ្វីបើសេចក្ដីលំអិតកំពុងត្រូវចរាចរនៅឡើយក៏ដោយ ៕កាសែតរស្មីអង្គរ ឆ្នាំទី ១៦ លេខ ១៤១៥ ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
កាសែតដែលចេញលក់នៅ
ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
ជាតិខ្មែរ ឆ្នាំទី ១ លេខ ២៥ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- លោក ហ៊ុន សែន ព្រមានដកអភិបាលខណ្ឌ [ទាំង៨] និង បញ្ចប់អាជ្ញាប័ណ្ណខេមបុស៊ិក [បើសិនជាពួកគេឃុបឃិតឲ្យជនជាតិខ្មែរចូលលេងនៅក្នុងក្លឹបល្បែងស៊ីសង]
- ហ៊ុន សែន ៖ Global Witness គ្មានអំណាចត្រូវសួរ លោកមិនមែនជាអ្នកទោស
កម្ពុជាថ្មី ឆ្នាំទី ៨ លេខ ១៨៨២ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ដកអភ័យឯកសិទ្ធិ សម រង្ស៊ី មិនពិបាកទេ [នេះជាសម្ដីរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន]
- ពួកខ្លាតាម៉ីលបានប្រកាសត្រៀមខ្លួនទទួលយកកិច្ចឈប់បាញ់មួយដែលមានការសំរបសំរួលពីអន្តរជាតិ [ស្រីលង្កា]
ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំទី ៧ លេខ ៣៤៩ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មចំពោះ Global Witness គឺជា Global Cheating
កោះសន្តិភាព ឆ្នាំទី ៤២ លេខ ៦៥៨៧ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- សាលាក្ដីខ្មែរក្រហមប្រកាសពីកាលបរិច្ឆេទបើកសវនាការកាត់ទោស “ឌុច” គឺថ្ងៃ ៣០ មីនា ឆ្នាំ ២០០៩
- សាលាក្ដីបើកសវនាការ [អតីតរដ្ឋមន្ត្រីសង្គមកិច្ចនៃរបបខ្មែរក្រហម] អៀង ធីរិទ្ធ ខណៈពេល [អតីតឧបនាយករដ្ឋមន្ត្រី] អៀង សារី ចូលមន្ទីរពេទ្យ
- បាតុករអាវក្រហមសៀម [ប្រមាណ១.០០០នាក់] នាំគ្នាព័ទ្ធវិមានរដ្ឋាភិបាល [ប្រទេសថៃ]
មនសិការខ្មែរ ឆ្នាំទី ១៦ លេខ ៣៦៩៦ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- គំរោងអភិវឌ្ឍន៍នៅកម្ពុជាបានធ្វើឲ្យខូចប្រយោជន៍ប្រជាពលរដ្ឋខ្មែរច្រើនពាន់គ្រួសារ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ [នេះបើតាមការរិះគន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី]
រស្មីអង្គរ ឆ្នាំទី ១៦ លេខ ១៤១៥ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- អង្គការសហប្រជាជាតិ និង រដ្ឋាភិបាល នឹងទំលាយអំពើពុករលួយនៅសាលាក្ដី
- ទីប្រឹក្សាថ្មីរបស់ប្រធានរដ្ឋសភា [លោក ហេង សំរិន] សរុបមានចំនួនជាង ១០០នាក់ [បន្ទាប់ពីទីប្រឹក្សាថ្មីចំនួន២៨នាក់ត្រូវបានតែងតាំង]
រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៨៣០ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- អចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំរឿងរៀបចំការដកអភ័យឯកសិទ្ធិ សម រង្ស៊ី [នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០០៩]
- សម្ដេចតេជោអំពាវនាវឲ្យកម្មការិនីកុំធ្វើកូដកម្មផ្ដេសផ្ដាសដែលនាំឲ្យបាត់ការងារ
- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បង្ហាញថាបទល្មើសជួញដូរមនុស្ស [ក្នុងឆ្នាំ ២០០៨] មានច្រើន តែការដាក់ទោចបានតិចតួច
- ក្រសួងការពារប្រទេសបង្កើតអគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស
សម្លេងយុវជនខ្មែរ ឆ្នាំទី ១៦ លេខ ៣៤៨៩ ថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៩
- ប្រមូលទាហាន ១ម៉ឺននាក់ [ដែលត្រូវដាក់ឱ្យឈរជើងនៅកន្លែងដែលមិនមែនជាកាតព្វកិច្ចយោធាដូចជាតាមតំបន់អភិវឌ្ឍន៍] ចូលបន្ទាយវិញ [នេះគឺជាបញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៊ុល សារឿន ក្នុងគោលបំណងដើម្បីកាត់បន្ថយបញ្ហាដីធ្លី]
* សូមអញ្ជើញអានវិចារណកថាសម្រាប់សប្ដាហ៍កន្លងទៅ!
* សូមជម្រាបថាក្រៅពីការអានព្រឹត្តិបត្រព័ត៌មាន កញ្ចក់សង្គម ជាភាសាខ្មែរ លោក អ្នកក៏អាចអានផងដែរនូវព្រឹត្តិបត្រព័ត៌មាន The Mirror ជាភាសាអង់គ្លេស ។
* ដើម្បីជ្រាបនូវពីព័ត៌មានស្ដីអំពីស្ត្រីក្នុងសង្គមខ្មែរ សូមអញ្ជើញទស្សនាតំបន់បណ្ដាញកម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយ ដោយចុចតំណខាងក្រោមនេះ! សូមអរគុណ!



