២៧-០៩-២០០៧៖ អំពើ​ពុករលួយ​និង​ភាព​មិន​ប្រក្រតី​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ

Posted on Thursday, 27 September 2007. Filed under: សប្ដាហ៍ទី ៤៦៥ |

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៦៥

តាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីកចំរើន​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ លាយឡំ​ជាមួយ​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាច្រើន​ ។​ របាយការណ៍​របស់​អង្គការ​ OSJI​ ចំនួន​១៣​ទំព័រ​បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​ នួន ជា​ អតីត​បង​ធំ​ទី​២​ និង​ជា​ប្រធាន​រដ្ឋសភា​នៃ​របប​ខ្មែរ​ក្រហម​ និង​កាំង ហ្គេចអ៊ាវ​ ហៅ ​ ឌុច​ អតីត​មេ​គុក​ទួល​ស្លែង​ រួម​ទាំង​ការ​រីកចំរើន​ផ្សេងទៀត​ ។​ ទន្ទឹម​នឹង​នេះ​អង្គការ​ OSJI​ បាន​សម្ដែង​សេចក្ដី​ព្រួយ​បារម្ភ​ទៅលើ​បញ្ហា​ជាច្រើន​ដែល​កំពុង​ញាំញី​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ ។

សេចក្ដី​ព្រួយ​បារម្ភ​របស់​អង្គការ​ OSJI​ គឺ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ឯករាជ្យ​ភាព​របស់​សាលាក្ដី​បញ្ហា​ជនរងគ្រោះ​មិនទាន់​បាន​ចូលរួម​នៅ​ក្នុង​សាលាក្ដី​ ផ្នែក​ការពារ​សាក្សី​ ជន​រងគ្រោះ​ពុំ​មាន​លុយកាក់​គ្រប់គ្រាន់​ ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ​ ។​ អង្គការ​ OSJI​ ចាត់ទុក​ថា​ នេះ​ជា​ការ​ប្រឈមមុខ​ជា​បន្ទាន់​ក្រៅ​ពី​បញ្ជាក់​នូវ​សេចក្ដី​បារម្ភ​ផ្សេងៗ​ទៀត​ដូចជា​បញ្ហា​ខ្វះខាត​ថវិកា​ បញ្ហា​សាលាក្ដី​នៃ​អង្គ​បុរេ​ជំនុំជម្រះ​ ដែល​ត្រូវ​ធ្វើ​សវនាការ​ជា​សាធារណៈ​ ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​ការ​ចោទប្រកាន់​ទោស​ជាដើម​ ។

ពាក់ព័ន្ធ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​ដែរ​ កាសែត​អាមេរិកាំង​មួយ​បាន​ចុះផ្សាយ​អត្ថបទ​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៥​ ខែ​កញ្ញា​ ដោយ​បង្ហាញ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​សម្រាប់​បម្រើ​ការ​ក្នុង​សាលាក្ដី​ ពិសេស​ដែល​កំពុង​ដំណើរការ​ទៅ​មុខ​ទាំង​រយីករយាក​ ។​ ការ​ចុះផ្សាយ​របស់​កាសែត​អាមេរិកាំង​បាន​ធ្វើ​ឲ្យ​ភ្នាក់ងារ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​ UNDP​ មាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​ផង​ដែរ​ ព្រោះ​ UNDP​ អត់​បាន​តាមដាន​ភាព​ប្រក្រតី​ដែល​កើត​ឡើង​ក្នុង​សាលាក្ដី​យ៉ាង​ពេញ​បន្ទុក​នោះ​ទេ​ ។

ក្រុម​សវនាកម្ម​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សវនកម្ម​ឯកជន​ម៉ាឡេស៊ី​ ដែល​គេ​ជួល​ឲ្យ​អង្កេត​លើ​ការ​ចាយវាយ​ថវិកា​ជំនួយ​បរទេស​សម្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​រកឃើញ​ថា​ មាន​ការ​សរសេរ​បញ្ជី​ចំណាយ​បំប៉ោង​ដល់​ទៅ​ជិត​ ៤០០.០០០​ដុល្លារ​អាមេរិក​តាមរយៈ​ការ​តម្លើង​ប្រាក់ខែ​បុគ្គលិក​ និង​បង្កើន​ចំនួន​បុគ្គលិក​ ហើយ​មន្ត្រី​សាលាក្ដី​រក​ពាក្យ​ពន្យល់​លើ​តួលេខ​នោះ​មិន​រួច​ទេ​ ចំណែក​ឯ​ UNDP​ ក៏​មិន​បាន​ដឹង​រឿង​នេះ​ ។​ ក្រុម​សវនកម្ម​បាន​រកឃើញ​ទៀត​ថា​ បុគ្គលិក​មួយ​ចំនួន​គ្មាន​សមត្ថភាព​ ហើយ​ចាត់​តាំង​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ការ​ប្រឡង​ជ្រើសរើស​ត្រឹមត្រូវ​ ។

រីឯ​សំណុំ​រឿង​បុគ្គលិក​២៨​នាក់​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់តាំង​ក៏​សាលាក្ដី​ខ្មែរក្រហម​មិនព្រម​បង្ហាញ​ឲ្យ​ក្រុម​សវនកម្ម​ពិនិត្យ​ ។​ នៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ក្រុម​អភិបាល​ត្រួតពិនិត្យ​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​បាន​យល់​ព្រម​រួមគ្នា​លើ​នីតិវិធី​ថ្មី​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ និង​កិច្ចសន្យា​សេវាកម្ម​ផ្សេងៗ​ ប៉ុន្តែ​អ្វីៗ​ហាក់​ដូចជា​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្រពេចស្រពិល​ ។​ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​មិន​សូវ​មាន​ជំនឿ​លើ​សាលាក្ដី​ខ្មែរក្រហម​ ព្រោះ​សាលាក្ដី​នេះ​ហាក់​ដូចជា​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នយោបាយ​ដោយ​ពុំ​មាន​ភាព​ឯករាជ្យ​ពេញលេញ​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ជាង​១,៧​លាន​នាក់​ដែល​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​របប​វាល​ពិឃាត​ទេ​ ។​ ចំណុច​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​ នឹង​អន្តរជាតិ​មិន​សូវ​មាន​ជំនឿ​នោះ​ គឺ​ចាប់តាំង​ពី​បង្កើត​ឡើង​រហូត​មក​ដល់​បច្ចុប្បន្ន​ សាលាក្ដី​ខ្មែរក្រហម​បាន​ជួប​ឧបសគ្គ​មិន​អស់​មិន​ហើយ​ព្រោះ​អី​សូម្បី​តែ​ការ​ចុះឈ្មោះ​មេធាវី​បរទេស​ ក៏​មាន​បញ្ហា​ស្មុគស្មាញ​គួរ​ឲ្យ​ធុញ​ទ្រាន់​ដែរ​ ។

បច្ចុប្បន្ន​នេះ​ កាំង ហ្គេចអ៊ាវ​ ហៅ​ ឌុច​ អតីត​មេ​គុក​ទួល​ស្លែង​ (ស២១)​ និង​ នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​ខ្មែរក្រហម​កំពុង​ត្រូវ​ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ដើម្បី​រង់ចាំ​ការ​កាត់ទោស​នា​ពេល​ខាងមុខ​ ។​ តាម​មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​មួយ​រូប​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នឹង​មាន​ការ​នាំ​ខ្លួន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​មក​ចោទប្រកាន់​ជា​បន្ត​បន្ទាប់​ទៀត​ ហើយ​អ្នក​ដែល​ត្រូវ​នាំ​ខ្លួន​បន្ទាប់​ពី​ នួន ជា​ គឺ​ប្រហែល​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​ខ្មែរក្រហម​ ខៀវ សំផន​ ដែល​បច្ចុប្បន្ន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ។

បើ​ទោះ​បី​ជា​មាន​ការ​ឃុំ​ខ្លួន​ កាំង ហ្គេចអ៊ាវ​ ហៅ​ ឌុច​ និង​ នួន ជា​ ក្នុង​កន្លែង​ឃុំឃាំង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​យ៉ាង​ណា​ក្ដី​ក៏​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​នៅតែ​គ្មាន​ជំនឿ​លើ​ការ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដដែល​ក្រោយ​ពេល​ដែល​ក្រុម​សវនកម្ម​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សវនកម្ម​ឯកជន​ម៉ាឡេស៊ី​បាន​រកឃើញ​អំពើពុករលួយ​ក្នុង​ការ​ចាយវាយ​ថវិការ​របស់​សាលា​ក្ដី​ពិសេស​ ។​ ហេតុនេះ​ហើយ​ទើប​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ហាក់​ដូចជា​មិន​សូវ​ចាប់​អារម្មណ៍​លើ​ដំណើរ​ការ​របស់​សាលាក្ដី​ខ្មែរក្រហម​ ព្រោះ​គេ​បាន​ដឹង​អំពី​លទ្ធផល​ជាមុន​រួច​ទៅ​ហើយ​ ។​ មាន​ន័យ​ថា​ ការ​ចំណាយ​ថវិកា​៥៦,៣​លាន​ដុល្លារ​ សម្រាប់​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ដែល​ត្រូវ​សម្លាប់​ក្នុង​របប​វាល​ពិឃាត​គ្រាន់តែ​ជា​រឿង​លេងសើច​ក្រោម​ឥទ្ធិពល​នយោបាយ​នៃ​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ​ ។

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ បើ​ទោះបី​ជា​គ្មាន​ជំនឿ​លើ​សាលាក្ដី​ក៏​ដោយ​ ប៉ុន្តែ​គេ​ចង់​ឲ្យ​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​វែកមុខ​មេខ្លោង​បង្កើត​ខ្មែរ​ក្រហម​ និង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បទឧក្រិដ្ឋ​សម្លាប់​មនុស្ស​អស់​ជាង​១,៧​លាន​នាក់​ក្នុង​រយៈពេល​៣​ឆ្នាំ​ ៨​ខែ​ ២០​ថ្ងៃ​ ។​ ការ​ដែល​គេ​ចង់​ឲ្យ​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​មក​ពី​គេ​ដឹង​ថា​ មេខ្លោង​បង្កើត​ខ្មែរ​ក្រហម​នៅរស់រាន​មាន​ជីវិត​ ហើយ​កំពុង​រក​លេស​គេច​ពី​សំណាញ់​ច្បាប់​យ៉ាង​ស្លន់ស្លោ​ ។​ ដូច្នេះ​ បើ​មាន​ការ​កាត់ទោស​ នួន ជា​ អតីត​ប្រធាន​រដ្ឋសភា​នៃ​របប​ខ្មែរក្រហម​ គឺ​ នួន ជា​ នឹង​លាតត្រដាង​មុខមាត់​មេខ្លោង​បង្កើត​ខ្មែរ​ក្រហម​ជា​សាធារណៈ​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​អំពើ​ពុករលួយ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ ដែល​ក្រុម​សវនកម្ម​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សវនកម្ម​ឯកជន​ម៉ាឡេស៊ី​រកឃើញ​ ហើយ​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ ។​ ដោយ​ហេតុ​ថា​ សាលាក្ដី​មួយ​ដែល​ញាំញី​ដោយ​អំពើ​ពុករលួយ​យ៉ាង​ស្អុយ​គគ្រុក​ គឺ​មិន​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឃើញ​ពន្លឺ​យុត្តិធម៌​ពិតប្រាកដ​ ដូចជា​ការ​រំពឹង​ទុក​នា​ពេល​កន្លង​មក​នោះ​ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​កំពុង​ធ្វើ​ឲ្យ​ការ​ចំណាយ​លុយ​៥៦,៣​លាន​ដុល្លារ​ក្លាយ​ជា​រឿង​ឥត​ប្រយោជន៍​យ៉ាង​ច្បាស់​ក្រឡែត​ ៕ មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៦​ លេខ​ ១៤៥៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ កញ្ញា​ ឆ្នាំ​ ២០០៧

  • គណបក្ស​កឹម សុខា​ ចង់​ក្ស័យ​ធន​ពាក់​កណ្ដាល​ផ្លូវ
  • ទូច ណារ៉ុថ​ : គំរាម​ដក​តំណែង​និង​ផ្ដន្ទាទោស​មន្ត្រី​នគរបាល​ណា​ដែល​ទារ​លុយ​ពី​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឬ​សៀវភៅ​ស្នាក់នៅ
  • មាន​ប្រជាពលរដ្ឋ​ខិលខូច​មក​លួច​កាប់​ព្រៃឈើ​នៅ​ពេល​យប់
    បង្ក្រាប​ក្រុម​ចោរប្លន់​ប្រើ​កាំភ្លើង​ AK​ ដ៏​សកម្ម​ក្នុង​ក្រុង​ភ្នំពេញ​បាន​ម្នាក់

ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០១​ លេខ​ ៣៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • នួន ជា​ : ព្រះករុណា​ក៏ មាន​តួនាទី​សំខាន់​ណាស់​ដែរ​ក្នុង​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រត់​ចូល​ព្រៃ​ម៉ាគី​តស៊ូ
  • បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​ឯករាជ្យ​កំចាត់​អំពើ​ពុករលួយ
  • លោក​ សុន ឆ័យ​ សុំ​ហោ ណាំហុង​ អន្តរាគមន៍​ កុំ​ឲ្យ​ភូមា​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដង្ហែ​ក្បួន

កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤០​ លេខ​ ៦១៥៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • លោក​ទេសរដ្ឋមន្ត្រី​វ៉េង សិរីវុឌ្ឍ​ ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ

មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៤​ លេខ​ ៣២៧៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • អំពើ​ពុករលួយ​និង​ភាព​មិន​ប្រក្រតី​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ
  • សម រង្ស៊ី​ : យើង​ចង់​លុប​បំបាត់​កាក​សំណល់​កុម្មុយនិស្ត​ដើម្បី​ឲ្យ​កម្ពុជា​បាន​ស្គាល់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ

រស្មីកម្ពុជា​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៤៤០០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • មេ​សហប្រជាជាតិ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​សម្រេច​ឈប់​ពី​ការងារ

ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៥១៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០០៧

  • ហ៊ុន សែន​ :​ បើ​ចិន​១,៣​ពាន់​លាន​នាក់​នោម​ស្រុះ​គ្នា​ វា​នឹង​បង្កើត​ជា​ជំនន់​ធំ​មួយ…

ត្រឡប់​ទៅ​ខាងលើ​វិញ​

Advertisements

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: