សប្ដាហ៍ទី ៤៨២ ថ្ងៃទី​​ ២៧​ មករា​ ២០០៨៖​ ការ​ពិត​ ភាព​ខាងក្រៅ​ និង​ការ​យល់​ដឹង​ជ្រៅជ្រះ

Posted on Wednesday, 6 February 2008. Filed under: *វិចារណកថា* |

មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​ព័ត៌មាន​ដែល​បង្ហាញ​ថា​ វា​អាច​មាន​គម្លាត​មួយ​យ៉ាង​ធំ​រវាង​អ្វី​ដែល​អាច​ត្រូវ​ចាត់ទុក​ជា​ហេតុការណ៍​ផ្អែក​លើ​ព័ត៌មាន​ដែល​អាច​បញ្ជាក់​ជា​ការពិត​បាន​ និង​ ថាមពល​ឌីណាមិក​ខុសៗ​គ្នា​ផ្ដើម​ចេញ​ពី​ហេតុការណ៍​ដដែល​ ពីព្រោះ​វា​លេច​ចេញ​មក​តាម​លក្ខណៈ​ខុសៗ​គ្នា​ចំពោះ​មនុស្ស​ផ្សេងៗ​គ្នា​ ហើយ​ដូច្នេះ​ វា​ក៏​ត្រូវ​បាន​យល់​ឃើញ​តាម​គំនិត​ខុសៗ​គ្នា​ដែរ​ ។

នេះ​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ពិចារណា​ក្នុង​សង្គម​មួយ​មាន​ប្រជាធិបតេយ្យ​ ពីព្រោះ​នៅ​គ្រប់​ឱកាស​នៃ​ការ​បោះឆ្នោត​ អ្នក​បោះឆ្នោត​តែង​ធ្វើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដោយ​មិន​ផ្អែក​ទៅ​លើ​តែ​ហេតុការណ៍​ជា​សត្យានុម័ត​តែ​ប៉ុណ្ណោះ​ទេ។ ចំណុច​នេះ​ពិសេស​ណាស់​បើ​សិន​ជា​វា​លំបាក​បញ្ជាក់​ការ​ពិត។

ក្នុង​សប្ដាហ៍​នេះ​ នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​សាធារណជន​កុំ​ឲ្យ​ទុក​ចិត្ត​លើ​ពាក្យ​សន្យា​ដែល​អាច មើល​ទៅ​ដូចជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​តាម​ការពិត​ វា​ជា​ការ​សន្យា​ចោល​ បោក​បញ្ឆោត​ប្រជាជន​ ។

សេចក្ដី​ព្រមាន​បែប​នេះ​គឺ​អាច​យល់​បាន ពីព្រោះ​ការ​សន្យា​ជា​ច្រើន​ត្រូវ​ធ្វើ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ ហើយ​បើ​គ្មាន​ផែនការ​ច្បាស់លាស់​ និង លំអិត​ត្រូវ​ផ្ដល់​ឲ្យ​រួម​ជាមួយ​នឹង​ការ​សន្យា​ថា​តើ​ត្រូវ​អនុវត្ត​វា​ដូចម្ដេច ការ​សន្យា​បែប​នេះ​មិន​គួរ​ឲ្យ​ជឿ​បាន​ទេ ។ ការ​ដែល​គ្រាន់​តែ​សន្យា​ថា​នឹង​លុបបំបាត់​អំពើ​ពុករលួយ​ ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ប៉ាន់ស្មាន​ការ​ខាត​បង់​ប្រាក់​អស់​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ដោយសារ​អំពើ​ពុករលួយ​ ជា​ការ​មិន​គួរ​ឲ្យ​ជឿ​បាន​ទេ​ បើ​សិន​ជា​ការ​នេះ​មិន​បាន​អម​ជាមួយ​ដោយ​ផែនការ​លំអិត​ និង​ ជា​សាធារណៈ​ ថា​តើ​កិច្ចការ​ត្រូវ​ធ្វើ​ឲ្យ​សម្រេច​ដូចម្ដេច​ ។

អ្វី​ដែល​ធ្វើ​ឲ្យ​ការ​ព្រមាន​កុំ​ឲ្យ​ធ្វើ​ការ​សន្យា​ដោយ​ឥត​បាន​ការ​ទាក់​ទង​នឹង​ការ​បោះឆ្នោត​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​បែប​នេះ​គឺ​ជា​ប្រការ​ដែល​សាធារណជន​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ ដើម្បី​យល់​ឲ្យ​ច្បាស់​តើ​អ្វី​មាន​ត្រឹម​តែ​ភិនភាគ​ខាង​ក្រៅ​ ហើយ​តើ​អ្វី​មាន​សារធាតុ​ពិត​របស់​វា​ ។ ពាក្យ​សំដី​របស់​អ្នក​ទាំងឡាយ​​ដែល​ប្រកាស​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​នោះ​ក៏​នឹង​ត្រូវ​យក​មក​វាយតម្លៃ​ដែរ​ ។

តើ​សាធារណជន​ត្រូវ​យល់​ដូចម្ដេច​ចំពោះ​សេចក្ដី​អំពាវនាវ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​បញ្ជា​ឲ្យ​បិទ​បន​ល្បែង​ស៊ីសង​ហើយ​នៅ​ក្នុង​សប្ដាហ៍​ជាមួយ​គ្នា​នោះ​ដែរ​មាន​សេចក្ដី​ជូនដំណឹង​នៅ​តាម​កាសែត​ថា​ នៅ​ក្នុង​ពិធី​បើក​លើក​ដំបូង​នូវ​ក្លឹប​ល្បែង​ស៊ីសង​ថ្នាក់​ខ្ពស់​ ដែល​មាន​រង្វាន់​ធំ​ចំនួន​ ១៨,៨៨៨,៨៨​ដុល្លារ​អាមេរិក?

កាល​ពី​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ នៅ​ពេល​ដែល​ព្រះអង្គម្ចាស់​រណឫទ្ធិ​ ជា​ព្រះ​ប្រធាន​គណៈកម្មការ​ជាតិ​អូឡាំពិត​ នាយក​រដ្ឋមន្ត្រី​បាន​ទិតៀន​យ៉ាង​ខ្លាំង​ដល់​ស្ថាប័ន​នេះ​ថា​បាន​ចំណាយ​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​សកម្មភាព​របស់​ស្ថាប័ន​នេះ​ ជា​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ក្រុម​អន្តរជាតិ​ ។​ ឥឡូវ​ស្រាប់​តែ​មាន​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​បាន​ទទួល​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អន្តរជាតិ​ នឹង​ត្រូវ​ផ្ដល់​រង្វាន់​ជា​ប្រាក់​ ។​ ហើយ​កីឡាករ​បួន​នាក់​ដែល​តំណាង​ឲ្យ​កម្ពុជា​ នៅ​ក្នុង​កីឡា​អូឡាំពិត​នា​ទីក្រុង​ប៉េកាំង​ខាង​វិញ្ញាសារ​អត្តពលកម្ម​ និង ហែល​ទឹក​ នឹង​បាន​ទទួល​ប្រាក់​ម្នាក់​២០០​ដុល្លារ​អាមេរិក​ ។​ ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​ជូន​ដំណើរ​ដោយ​មន្ត្រី​១១​នាក់​ ។​ ហើយ​រឿង​នេះ​ ប្រព័ន្ធ​ឃោសនា​អន្តរជាតិ​បាន​ដកស្រង់​សំដី​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​អូឡាំពិត​ដូច​យ៉ាង​នេះ​ថា៖​ ”សម្រាប់​ប្រធាន​ក្រុម​បេសកកម្ម​ និង​​ ប្រធាន​គណៈកម្មការ​អូឡាំពិត​ និង​ អគ្គ​លេខា ភ្ញៀវ​ដូចជា​ភរិយា​ ឬ​ កូន​អាច​រួម​ដំណើរ​ជាមួយ​យើង”​ ។​ វា​មិនមែន​គ្រាន់​តែ​ជា​សំណួរ​ថា​តើ​បរិវារ​ដ៏​ច្រើន​ចំនួន​ ដប់​មួយ​នាក់​ដែល​អម​ដំណើរ​អ្នក​ទាំងបួន​នេះ​សំខាន់​ចាំ​បាច់​ដែរ​ ឬ​ អត់​នោះ​ទេ​ វា​ជា​សំណួរ​ថា​តើ​មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​បែបណា​ចំពោះ​តុល្យភាព​រវាង​ប្រាក់​២០០​ដុល្លារ​ និង​ចំណាយ​សរុប​ ។

មាន​ពាក្យ​ចោទប្រកាន់​ថា​ មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​យក​គម្រោង​ផ្គត់ផ្គង់​ឱសថ​សម្រាប់​ក្រសួង​សុខាភិបាល​ ហើយ​មាន​សំណួរ​ថា​តើ​កិច្ចសន្យា​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​១​កោដិ​ដុល្លារ​អាមេរិក​ ដែល​នឹង​មាន​ផល​ប៉ះពាល់​ដល់​អនាគត​របស់​រតន​សម្បត្តិ​ជាតិ​នៃ​ឧទ្យាន​ជាតិ​បូកគោ​ នឹង​ត្រូវ​សម្រេច​ដូចម្ដេច​ ។ ហើយ​កោះ​បី​ទៀត​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​ជា​សម្បត្តិ​សាធារណៈ​ ត្រូវ​បាន​ចុះ​កិច្ចសន្យា​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ។

ទោះ​ជា​មាន​សម្លេង​ប្រឆាំង​ និង​ សម្លេង​ព្រួយបារម្ភ​ខុសៗ​គ្នា​យ៉ាង​ច្រើន​ក៏​ដោយ​ដែល​គេ​បាន​ឮ​ ទាក់ទិន​នឹង​ផែនការ​ចាក់​បំពេញ​ដី​បឹង​ដ៏​ធំ​បំផុត​ចំនួន​ ៩០%​ នៅ​ទីក្រុង​ភ្នំពេញ​ សម្លេង​របស់​ប្រជាជន​ដែល​ទីនោះ​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​បញ្ហា​នោះ​ សម្លេង​របស់​អ្នក​ជំនាញ​កម្រិត​ខ្ពស់​ និង​សម្លេង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៅ​សភា​ជាតិ​ និង​របស់​គណបក្ស​ប្រជាជន​ ការ​រៀបចំ​ដាក់​ប្រព័ន្ធ​បំពង់​លូ​បង្ហូរ​ទៅ​កាន់​ទីនោះ​ ហើយ​ធ្វើ​ឲ្យ​ខូច​អន្តរាយ​ដល់​ផ្នែក​នេះ​នៃ​បរិស្ថាន​របស់​រាជធានី​ នឹង​មាន​បន្ត​តទៅ ។ នីតិវិធី​នៃ​ការ​ធ្វើ​សេចក្ដី​សម្រេច​ពុំ​មាន​តម្លាភាព​ចំពោះ​សាធារណជន​ទេ​ ឯ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​កិច្ចការ​នោះ​ក៏​ឥត​ច្បាស់លាស់​ដែរ ។

ទោះ​ជា​ហេតុការណ៍​មាន​ពិត​ដល់​កម្រិត​ណា​ក្ដី​ ប្រជាជន​ និង​ សាធារណជន​ នឹង​គោរព​ ហើយ​ទាញ​សេចក្ដី​សន្និដ្ឋាន​តាម​ការ​យល់​ដឹង​ជ្រៅជ្រះ​ថា​ ឬ​មួយ​ធនធាន​សាធារណៈ​ត្រូវ​គេ​ថែ​ទាំ​សម្រាប់​ជា​ផល​ប្រយោជន៍​សាធារណៈ​ ឬ​មួយ​វា​លេច​ជា​រូបភាព​ថា​ផល​ប្រយោជន៍​ឯកជន​ និង​ ដំណោះស្រាយ​ជា​ឯកជន​ នៅ​តែ​បន្ត​ ។

តាំង​ពី​ច្រើន​សប្ដាហ៍​មក​ហើយ​ បញ្ហា​ត្រូវ​បាន​លើក​ឡើង​ដដែលៗ​ក្នុង​ប្រព័ន្ធ​ឃោសនា​ផ្សេងៗ​គ្នា​ តើ​ពាក្យ​ចោទ​មាន​ ឬ​ អត់​ថា​អំពើ​ពុករលួយ​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍​​កម្ពុជា​ត្រូវ​បាន​រកឃើញ​ថា​គ្មាន​ហេតុផល​ ឬ​ មាន​នោះ​ ឬ​ បើ​ពុំ​នោះ​ទេ​ តើ​គេ​មាន​ផ្ដើម​ចាត់វិធានការ​ដាក់​ទោស​ ដែរ​ ឬ ទេ។

សប្ដាហ៍​នេះ​ក៏​បាន​នាំ​មក​នូវ​ដំណឹង​ដែល​មក​ដល់​យឺតយ៉ាវ​ថា​ ប្រធានាធិបតី​អាមេរិក​កាល​ពី​ខែ​ធ្នូ​ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ ដែល​ណែនាំ​ក្រសួង​ការ​បរទេស​អាមេរិក​ឲ្យ​បញ្ជាក់​អត្តសញ្ញាណ​ មន្ត្រី​បរទេស​ និង​ ញាតិសន្ដាន​របស់​គេ​ដែល​ត្រូវ​គេ​ជឿ​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ទាក់ទង​នឹង​ការ​ចម្រាញ់​យក​ផល​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ។​ ជា​ថ្មី​ទៀត​ មាន​លទ្ធផល​នៃ​ការ​យល់​ដឹង​ជ្រៅជ្រះ​ បង្កើត​ឡើង​ដោយ​របាយការណ៍​របស់​អង្គការ​ Global Witness ដែល​រៀបរាប់​លំអិត​អំពី​ពាក្យ​ប្រកាន់​ពី​រឿង​បំផ្លាញ​ព្រៃឈើ​ទាក់ទង​នឹង​អំពើ​ពុករលួយ​ ។ ពុំ​មាន​ប្រភព​ពី​ខាង​ក្រៅ​ណា​បាន​បញ្ជាក់​ការ​ពិត​នៃ​ពាក្យ​ចោទប្រកាន់​ទាំង​នេះ​ទេ​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ពុំ​មាន​ហេតុការណ៍​ពិត​ឆ្លើយ​តប​លំអិត​ ដែល​បញ្ជាក់​ថា​ពាក្យ​ចោទប្រកាន់​នោះ​គ្មាន​មូលដ្ឋាន​ក៏​ទេ​ដែរ​ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ ក៏​បាន​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ និង​ ការ​ចែក​ចាយ​របាយការណ៍​ (របស់ Global Witness) នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ។

មាន​សង្ឃឹម​តែ​ម្យ៉ាង​ទេ​គឺ​ថា​ សេចក្ដី​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​ដកស្រង់​ពី​ខាង​ដើម​ នឹង​នាំ​ឲ្យ​ការ​ពិនិត្យ​ពិចារណា​ កាន់តែ​ប្រយ័ត្ន​ប្រយែង​ថែម​ទៀត​ថា​តើ​ត្រូវ​ដោះស្រាយ​ហេតុការណ៍​ដូចម្ដេច​នោះ​ ជា​ពិសេស​ដោយ​មាន​តម្លាភាព​ ឬ​ គ្មាន​តម្លាភាព​ អាច​កសាង​ ឬ​ បំផ្លាញ​ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន​ ។ បើ​ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ជា​មូលដ្ឋាន​បែបនេះ​ដែល​យុត្តិធម៌​នឹង​នៅ​មាន​ជា​ទូទៅ​បាន​ នោះ​សេចក្ដី​សង្ឃឹម​ថា​សង្គម​នឹង​មាន​អនាគត​មួយ​ល្អ​ប្រសើរ​ពុំ​អាច​សម្រេច​ស្ថិតស្ថេរ​បានឡើយ​៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: