សប្ដាហ៍ទី ៥១៩​ ថ្ងៃទី​​ ១២​ តុលា​ ២០០៨៖​ សន្តិភាព​ ឬ​ សង្គ្រាម​? សន្តិភាព​!

Posted on Monday, 20 October 2008. Filed under: *វិចារណកថា* |

អស់​ពេល​ជិត​មួយ​ជំនាន់​ទៅ​ហើយ​ ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ទទួល​នូវ​អនុស្សាវរីយ៍​ដ៏​សែន​ជូរចត់​ពី​សម័យកាល​នៃ​របប​ខ្មែរ​ក្រហម​ទាល់តែ​គេ​ធ្វើការ​ប្រឆាំង​តទល់​នឹង​រាល់​អ្វី​ៗ​ដែល​អាច​ធ្វើឲ្យ​គេ​នឹក​ឃើញ​ដល់​ ឬ​ ឲ្យ​គេ​មាន​អារម្មណ៍​គិត​ទៅលើ​ទំនាស់​បដិបក្ខ​នៃ​សម័យកាល​នោះ​ ។​ ឥឡូវនេះ​ទោះជា​ដំណើរការ​យឺតយ៉ាវ​ដូច​ម្ដេចម្ដា​ក្ដី​ ក៏​ប្រទេស​ជាតិ​កំពុងតែ​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​តាមរយៈ​សាលាក្ដី​ខ្មែរ​ក្រហម​ដែរ​ ហើយ​ដែល​ក្នុង​ដំណើរការ​នេះ​កំពុងតែ​ពិនិត្យ​ពិចារណា​លើ​បទពិសោធន៍​ដ៏​លំបាក​ៗ​នៃ​សម័យកាល​នោះ​ ព្រមទាំង​ពង្រឹង​នីតិរដ្ឋ​ផង​ទៀត​ ។​

ប៉ុន្តែ​គួរឲ្យ​ស្ដាយ​ ពុំ​មាន​ដំណើរការ​ណា​មួយ​ដែល​ឲ្យផល​ និង​ ដែល​បង្ហាញ​នូវ​ការ​គិតគូរ​ប្រហាក់ប្រហែល​គ្នា​ដើម្បី​ដោះស្រាយ​ និង​ រៀន​សូត្រ​ពី​បទពិសោធន៍​នៃ​សង្គ្រាម​ក្នុង​សម័យកាល​ដដែល​នោះ​ទេ​ ។​ អនុស្សាវរីយ​ទាំងឡាយ​នៃ​ទំនាស់​ប្រដាប់​អាវុធ​ ទោះជា​វា​ជូរចត់​យ៉ាងណាក្ដី​ ប្រកបដោយ​ក្ដី​អន្តរាយ​ហិនហោច​ និង​ គ្មាន​ប្រយោជន៍​យ៉ាងណាក្ដី​ វា​ហាក់​ដូចជា​ត្រូវ​គេ​ភ្លេច​បាត់​អស់​ទៅ​ហើយ​ ។​ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មី​ៗ​នេះ​ មាន​ការ​ទាមទារ​ច្រើន​ឡើង​ៗ​តម្រូវឲ្យ​មាន​ដំណោះស្រាយ​ហិង្សា​ចំពោះ​ជម្លោះ​លើ​បញ្ហា​ដីធ្លី​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ។​

ការ​អំពាវនាវ​ទាំងនេះ​គឺ​ពិតជា​ធ្វើ​ដោយ​មិន​ដឹង​មិន​ឮ​ចំពោះ​ហេតុការណ៍​ នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ដែល​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខុទ្ទកាល័យ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ បាន​ចុះហត្ថលេខា​ក្នុង​នាម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ថា​ “ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​យល់ព្រម​ថា​ ប្រាសាទ​ព្រះវិហារ​ត្រូវ​ចាត់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដោយ​នៅ​ក្នុង​ដំណាក់កាល​នេះ​ពុំ​មាន​តំបន់​ទ្រនាប់​នៅ​ប៉ែក​ខាងជើង​ និង​ ខាងលិច​នៃ​តួ​ប្រាសាទ​ឡើយ​” ហើយ​ដែល​ផែនទី​ដាក់​ជូន​ក្នុង​ឧប​សម្ព័ន្ធ​ “នឹង​ត្រូវ​ប្រើ​ជា​ជំនួស​ផែនទី​ពីមុន​…ក៏ដូចជា​ឯកសារ​ជា​ក្រាហ្វិក​យោង​ទាំងអស់​ផង​ដែរ​…នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​ក្នុង​ឯកសារ​កំណត់​របស់​កម្ពុជា​” ដែល​ដាក់​ជូន​ទៅ​អង្គការ​យូណេស្កូ​ កាលពីមុន​ ដោយ​មាន​ផែនទី​ធ្វើ​កាលពី​ឆ្នាំ​ ១៩៦២​ និង​ ឆ្នាំ​ ១៩០៧​ ។​

សេចក្ដី​ថ្លែងការណ៍​រួម​ ចុះ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ នេះ​ ដែល​ត្រូវ​ចុះហត្ថលេខា​ជា​ជំនួស​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ – ជាមួយ​តំណាង​របស់​រាជាណាចក្រ​ថៃ​ និង​ ជំនួយការ​អគ្គនាយក​ផ្នែក​វប្បធម៌​របស់​អង្គការ​យូណេស្កូ​ – ដោយ​បន្សល់​ទុក​នូវ​បញ្ហា​នៃ​កម្មសិទ្ធិ​លើ​តំបន់​ភាគ​ខាងជើង​ និង​ ខាងលិច​នៃ​ប្រាសាទ​ព្រះវិហារ​ ឥត​មាន​បញ្ជាក់​រហូត​ដល់​ការ​ចរចា​បន្ត​មក​ក្រោយ​ទៀត​ គឺ​កម្រ​នឹង​ត្រូវ​បាន​គេ​រាយការណ៍​ណាស់​បើសិនជា​មាន​ នៅ​ក្នុង​សារព័ត៌មាន​នៅ​កម្ពុជា​ ។​ ប៉ុន្តែ​ផ្ទុយទៅវិញ​ វា​ត្រូវ​បាន​គេ​ដឹង​ឮ​ពាសពេញ​ប្រទេស​ថៃ​ ។​

ក្នុង​ពេល​មួយ​សប្ដាហ៍​កន្លងទៅ​នេះ​ មាន​ការ​ផ្ទុះ​អាវុធ​មួយ​ប្រ៉ាវ​ រវាង​ទាហាន​កម្ពុជា​ និង​ ទាហាន​ថៃ​ ។​ វា​ជា​ហេតុ​ធ្វើឲ្យ​មាន​ការ​បង្ហូរ​ឈាម​ ។​ ប៉ុន្តែ​ជា​ការ​ល្អ​ដែរ​ ដែល​ពុំ​មាន​ទាហាន​ច្រើន​នាក់​ពី​ភាគី​ទាំងសងខាង​បាន​ចូលរួម​ ។​ បើសិនជា​ឧប្បត្តិហេតុ​មួយ​ដូចគ្នា​ បាន​កើតឡើង​ក្នុង​ពេល​ដែល​មាន​ទាហាន​ប្រហែល​ពីរ​ពាន់​នាក់​កំពុង​ប្រឈមមុខ​ដាក់​គ្នា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ សូម្បី​ការ​បាញ់​កាំភ្លើង​ដោយ​អចេតនា​នោះ​ក៏​វា​អាច​រីក​រហ័ស​ជា​ថ្លុក​ឈាម​មួយ​ដ៏​ធំ​ដែរ​ ។​

ក្រសួងការបរទេស​កម្ពុជា​បាន​ចោទប្រកាន់​ថៃ​ថា​ជា​អ្នក​ចាប់ផ្ដើម​បាញ់​មុន​ ឯ​ប្រទេស​ថៃ​វិញ​បាន​ចោទ​កម្ពុជា​ថា​ជា​អ្នក​ចាប់ផ្ដើម​មុន​ ។​ ហេតុដូច្នេះ​មាន​ការ​អះអាង​មួយ​ប្រឆាំង​នឹង​មួយ​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ​ ។​ ដូច​ដែល​អង្គ​ជំនុំជម្រះ​របស់​តុលាការ​នីមួយ​ៗ​ដែល​ល្អ​បាន​បង្ហាញ​អញ្ចឹង​ វិធី​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​បញ្ហា​ដូចនេះ​ គឺ​វិធី​ស្ងប់ស្ងៀម​ ដោយ​ផ្អែក​លើ​ការ​ប្រមូល​ និង​ ការ​ពិចារណា​ហេតុការណ៍​ ។​ ធ្វើ​យ៉ាង​នោះ​អាច​ផ្ដល់​ជា​មូលដ្ឋាន​សម្រាប់​ការ​ពិភាក្សា​ ជា​កម្លាំង​មួយ​បរិសុទ្ធ​សម្រាប់​ស្វែងយល់​ជំហរ​ទស្សនៈ​របស់​បុគ្គល​ម្នាក់​ទៀត​បាន​ ព្រមទាំង​អាច​រក​ផ្លូវ​កាត់បន្ថយ​ភាព​តានតឹង​បាន​ផង​ទៀត​ ។​

ព័ត៌មាន​រាយការណ៍​អំពី​កិច្ចប្រជុំ​ក្នុង​សប្ដាហ៍​នេះ​រវាង​តំណាង​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​មាន​ភាព​ប្រឆាំង​ជំទាស់​គ្នា​ និង​ ភាព​គួរឲ្យ​ភ័យខ្លាច​ ៖​ ម្យ៉ាង​ គេ​បាន​ប្រកាស​កាលវិភាគ​សម្រាប់​ការ​ចរចា​គ្នា​ជា​ផ្លូវការ​លើកក្រោយ​ – ប៉ុន្តែ​ម្យ៉ាងទៀត​ ភាគី​កម្ពុជា​ភ្លាម​ៗ​បន្ទាប់មក​បាន​ចេញ​ឱសានវាទ​ថា​នឹង​មាន​ទំនាស់​ប្រដាប់​អាវុធ​ បើសិនជា​ទ័ព​ថៃ​មិន​ដក​ចេញ​ភ្លាម​ពី​ដី​ដែល​មាន​ជម្លោះ​ទេ​នោះ​ – តំបន់​ខ្លះ​ដែល​ត្រូវ​បាន​ទាមទារ​តាំងពី​យូរ​មក​ហើយ​ដោយ​ប្រទេស​ទាំងពីរ​ ហើយ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញទៅមក​ថា​ជា​វិញ្ញាសា​មួយ​នៃ​ការ​ចរចា​នា​ពេល​អនាគត​ ។​ វា​ជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​ភាគី​កម្ពុជា​ឥឡូវ​កំពុង​មាន​ប្រតិកម្ម​ខ្លាំង​យ៉ាង​នេះ​ទាក់ទង​នឹង​ “តំបន់​ទ្រនាប់​នៅ​ភាគ​ខាងជើង​ និង​ ខាងលិច​នៃ​ប្រាសាទ​ព្រះវិហារ​” ដែល​ត្រូវ​ទុក​មួយ​អន្លើ​ “ក្នុង​ដំណាក់កាល​នេះ​” ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ នា​ខែ​ មិថុនា​ ។​

ប្រទេស​កម្ពុជា​បាន​ខិតខំ​លំបាក​យ៉ាង​ខ្លាំង​ដើម្បី​ក្លាយ​ជា​សមាជិក​របស់​ក្រុម​ប្រទេស​អាស៊ាន​ ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ទិដ្ឋភាព​ជាច្រើន​នៃ​ការងារ​អាស៊ាន​ ។​ កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ យើង​បាន​ឆ្លុះបញ្ចាំង​ព័ត៌មាន​មួយ​រាយការណ៍​ថា​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ព្រម​ធ្វើជា​ប្រធាន​នៃ​កម្មវិធី​អាស៊ាន​ “ស្ពាន​ – ការ​ចរចា​ឆ្ពោះ​ទៅ​រក​វប្បធម៌​នៃ​សន្តិភាព​” ដែល​សម្រុះសម្រួល​មនុស្ស​នានា​ដែល​បាន​ទទួល​កិត្តិយស​ចំពោះ​វិភាគទាន​របស់​ខ្លួន​ចំពោះ​សន្តិភាព​ក្នុង​ពិភពលោក​ ។​ ឥស្សរជន​បែបនេះ​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ផ្សេង​ៗ​គ្នា​ក្នុង​តំបន់​អាស៊ី​ ហើយ​តាមរយៈ​កិច្ចប្រជុំ​មួយ​ចំនួន​នៅ​តាម​សកលវិទ្យាល័យ​ បាន​ធ្វើ​ពលិកម្ម​របស់​ខ្លួន​ចំពោះ​ការ​ពង្រឹង​វប្បធម៌​សន្តិភាព​ ។​

មាន​ព័ត៌មាន​រាយការណ៍​ថា​ សម្ដេច​នាយករដ្ឋមន្ត្រី​ “បាន​ទទួល​ស្វាគមន៍​ និង​ គាំទ្រ​យ៉ាង​ដាច់ខាត​ចំពោះ​កម្មវិធី​រៀបចំ​ដោយ​មូលនិធិ​សន្តិភាព​អន្តរជាតិ​ ហើយ​បាន​យល់ព្រម​ទទួល​យក​សំណើ​ចំពោះ​រូប​លោក​ ដើម្បីឲ្យ​លោក​ធ្វើជា​ប្រធាន​នៃ​កម្មវិធី​នោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ‘ដើម្បី​ភ្ជាប់​ចំណង​ទាក់ទង​របស់​មនុស្ស​នៅ​ក្នុង​ប្រទេស​អាស៊ាន​ ជាមួយ​នឹង​មនុស្ស​ដែល​ទទួល​មេដាយ​សន្តិភាព​ពិភពលោក​” ។​

យើង​ទាំងអស់​គ្នា​បាន​ស្គាល់​នូវ​ការ​ឈឺចាប់​ដ៏​ធំធេង​ និង​ ការ​បាត់បង់​អាយុ​ជីវិត​ ដែល​បណ្ដាលមកពី​ការ​ប្រើ​កម្លាំង​តាមរបៀប​ផ្លូវ​កាត់​ ជា​ជំនួស​ការ​ដំណើរការ​តាមរយៈ​ការ​ចរចា​ ហើយ​ដើរ​តាម​ស្មារតី​នៃ​សន្ធិសញ្ញា​មិត្តភាព​ និង​ កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​សមាជិក​នៃ​ប្រទេស​អាស៊ាន​យល់ព្រម​ជាមួយ​ ។​ ប្រើប្រាស់​កម្លាំង​ជា​ជំនួស​ការ​ចរចា​ស្ដីពី​បញ្ហា​ចំពោះ​មុខ​អំពី​ទឹកដី​ដែល​មាន​ជម្លោះ​ – ការ​ចរចា​ដែល​ត្រូវ​បាន​គ្រោង​រួច​ហើយ​តាមរយៈ​ការ​ព្រមព្រៀងគ្នា​ទៅវិញទៅមក​ – ក៏​នឹង​ប្រឆាំង​គ្នា​ចំពោះ​បទដ្ឋាន​អន្តរជាតិ​នៃ​ការ​ដោះស្រាយ​បញ្ហា​ជា​គូភាគី​តាមរយៈ​សន្តិវិធី​ដែរ​ ដូច​ដែល​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​ប្ដេជ្ញា​ខ្លួនឯង​ហើយ​ ។​ ហើយ​ការ​ប្រើ​កម្លាំង​ក្នុង​ពេល​ដែល​ការ​ចរចា​អាច​នៅ​មាន​លទ្ធភាព​ដំណើរការ​បាន​ ជា​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​មេរៀន​ដ៏​ជូរចត់​នៃ​រយៈកាល​សង្គ្រាម​ជាច្រើន​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ។​

បើសិនជា​អ្វី​ដែល​ត្រូវ​ជ្រើសរើស​នោះ​គឺ​សង្គ្រាម​ ឬ​ សន្តិភាព​ នោះ​ជម្រើស​គឺ​អាច​មានតែ​សន្តិភាព​ទេ​ ៕​

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: