ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨ ៖ លោក​ ធន​ សារាយ​ ប្រធាន​អាដហុក​រិះគន់​យឺតយ៉ាវ​បង្កើត​យន្តការ​គោរព​សិទ្ធិមនុស្ស

Posted on Wednesday, 22 October 2008. Filed under: សប្ដាហ៍ទី ៥២០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២០​

លោក​ ធន​ សារាយ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​នៅ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាតិ​ស្ដីពី​ធម្មនុញ្ញ​អាស៊ាន​ គ្រឹះស្ថាន​ទាំង​បី​របស់​អាស៊ាន​ នឹង​ស្ថាប័ន​សិទ្ធិ​មនុស្ស​អាស៊ាន​កាល​ពី​ទី​ ២១-២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨​ថា​ នៅ​ក្នុង​ពិភពលោក​នេះ​តំបន់​អាស៊ី​របស់​យើង​ជា​តំបន់​ ដែល​មាន​ការ​យឺតយ៉ាវ​ជាងគេ​នៅ​ក្នុង​ការ​បង្កើត​យន្តការ​សិទ្ធិ​មនុស្ស​ ដើម្បី​ជួយ​ការ​លើក​ស្ទួយ​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​។​ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​យើង​ឃើញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​នូវ​យន្តការ​សិទ្ធិមនុស្ស​របស់​អាស៊ាន​។

ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្កើត​យន្តការ​សិទ្ធិ​មនុស្ស​តំបន់​នោះ​ គឺ​ចាំបាច់​ត្រូវ​ឱ្យ​មាន​ធម្មនុញ្ញ​អាស៊ាន​ជា​មុន​សិន។​ កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ ឆ្នាំ​ ២០០៧​ ដោយ​ត្រូវ​នឹង​ខួប​លើក​ទី​ ៤០​ នៃ​ការ​បង្កើត​អង្គការ​អាស៊ាន​ផង​អង្គប្រជុំ​ថ្នាក់​កំពូល​របស់​អាស៊ាន​បាន​អនុម័ត​នូវ​ធម្មនុញ្ញ​អាស៊ាន​នៅ​ក្នុង​ទីក្រុង​សឹង្ហបូរី​។​ នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​ការ​បង្កើត​នូវ​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​នេះ​ ប៉ុន្តែ​ធម្មនុញ្ញ​នេះ​មិន​ បាន​បញ្ជាក់​ច្បាស់​ពី​អាណត្តិ​អំណាច​សមាសភាព​ជា​ដើម​។​ល។​ របស់​ស្ថាប័ន​ សិទ្ធិមនុស្ស​នោះ​ទេ​។​

នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ នេះ​ប្រទេស​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​រួច​ ហើយ​ដល់​ធម្មនុញ្ញ​អាស៊ាន​នេះ​។​ មក​ទល់​នឹង​ថ្ងៃ​ទី​ ១៨​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​នេះ​មាន​ប្រទេស​ ៦​ ហើយ​ដែល​បាន​ផ្ដល់​សច្ចាប័ន​នេះ​។​ ប្រទេស​ទាំង​នោះ​មាន​ សឹង្ហបូរី ប្រ៊ុយនេ​ ម៉ាឡេស៊ី​ វៀតណាម​ និង​កម្ពុជា​។​ តាំង​ពី​ពេល​នោះ​មក​រដ្ឋាភិបាល​នានា​របស់​អាស៊ាន​ បាន​បង្កើត​ក្រុម​ជាន់​ខ្ពស់​មួយ​ ដើម្បី​សរសេរ​ព្រាង​នូវ​ឯកសារ​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​។

ទន្ទឹម​នឹង​ការ​ខិតខំ​របស់​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​អាស៊ាន​ អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ខិតខំ​ចង់​សម្ពន្ធភាព​ជាមួយ​គ្នា​ដើម្បី​ប្រមែប្រមូល​នូវ​មតិ​យោបល់​ពី​អង្គការ​សង្គម​នានា​ក្នុង​តំបន់​ ដើម្បី​ចង​ក្រង​ជា​អនុសាសន៍​រួម​គ្នា​សម្រាប់​ជា​ការងារ​តស៊ូ​មតិ​ និង​បញ្ចុះបញ្ចូល​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​នានា​របស់​អាស៊ាន​ ដើម្បី​ឱ្យ​គេ​បញ្ចូល​នូវ​អនុសាសន៍​របស់​យើង​ទៅ​ក្នុង​ឯកសារ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​តំបន់​មួយ​ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​។​

អង្គការ​សម្ព័ន្ធ​ដែល​មាន​ឈ្មោះ​ថា​សាមគ្គីភាព​ ដើម្បី​ការ​តស៊ូ​មតិ​របស់​ប្រជាជន​អាស៊ាន​ដែល​ហៅ​កាត់​ សាប៉ា​ (SAPA)​ និង​អង្គការ​វេទិកា​អាស៊ី (Forum-Asia) បាន​ខិតខំ​ជួយ​រៀបចំ​សិក្ខាសាលា​បែប​នេះ​ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​រួច​ហើយ​ ម៉ាឡេស៊ី​ជាដើម​ ដើម្បី​ប្រមូល​មតិ​ និង​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​។​ ថ្ងៃ​នេះ​ និង​ ថ្ងៃ​ស្អែក​ អង្គការ​នេះ​បាន​សហការ​ជាមួយ​សមាគម​អាដហុក​ និង​អង្គការ​ លីកាដូ​ ដើម្បី​រៀបចំ​សិក្ខាសាលា​នៅ​ក្នុង​កម្ពុជា​យើង​ដើម្បី​ប្រមែប្រមូល​មតិ​ និង​អនុសាសន៍​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​យើង​ថែម​ទៀត​។

ថ្មី​ៗ​នេះ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​បង្ហាញ​នូវ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០០៨​ គិត​មក​ដល់​ខែ​ កក្កដា​ គឺ​មាន​ចំនួន​ ៦៤​ករណី​ដែល​បង្ហាញ​ថា​ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​តែ​មាន​ចំនួន​កើន​ឡើង​យ៉ាង​ខ្លាំង​ បើ​ប្រៀបធៀប​ស្ថាន​ការ​រំលោភ​សិទ្ធិមនុស្ស​កាល​ពី​ឆ្នាំ​មុន​ៗ​។​ ករណី​រំលោភ​សិទ្ធិ​ទាំង​នេះ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ សុទ្ធ​តែ​បង្ហាញ​ពី​ការ​ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​អាជ្ញាធរ​រដ្ឋាភិបាល​មាន​ដូចជា​ប៉ូលិស​ មន្ត្រី​កងរាជអាវុធហត្ថ​ មេភូមិ​ មេឃុំ​ និង​ពួក​មន្ត្រី​តុលាការ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​មក​លើ​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​។

អង្គការ​សិទ្ធិមនុស្ស​អាដហុក​បង្ហាញ​នូវ​ក្នុង​របាយការណ៍​នោះ​បន្ត​ទៀត​ថា​ ករណី​ទាំង​នេះ​ទាក់ទង​ការ​គំរាម​កំហែង​ទៅ​លើ​សកម្ម​ជន​គណបក្ស​នយោបាយ​មាន​ចំនួន​ ៣៤​ករណី​ ករណី​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ ២​ករណី​បង្ក​របួស​ស្នាម​ ៨​ករណី​មនុស្ស​ឃាត​ ១២​ករណី​ សកម្មភាព​ជំរិត​ទារ​ប្រាក់​ប្រជាពលរដ្ឋ​ ២​ករណី​ ការ​ចាប់​មនុស្ស​ឃុំ​ខ្លួន​ខុស​ច្បាប់​មាន​ ៦​ករណី​។​ ក្នុង​អំឡុង​ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ សកម្មភាព​គំរាម​កំហែង​ទៅ​លើ​សកម្មជន​គណបក្ស​នយោបាយ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ដល់​ទៅ​ ៣៤​ករណី​ ដែល​សុទ្ធ​តែ​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៤​កន្លង​ទៅ​នេះ​។

ចំពោះ​ករណី​រំលោភ​សិទ្ធិមនុស្ស​ដែល​បាន​កើតមាន​ឡើង​ភាគ​ច្រើន​កើត​នៅ​ក្នុង​ភូមិសាស្ត្រ​ ខេត្ត​កំពង់ចាម​ ចំនួន​ ២០​ករណី​ ខេត្ត​សៀមរាប​ មាន​ ១០​ករណី​ ខេត្ត​កំពត​មាន​ ១១​ករណី​ ខេត្ត​ស្ទឹងត្រែង​ ៥​ករណី​។​ អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ចាត់​ទុក​បណ្ដា​ខេត្ត​ទាំង​នោះ​មាន​អត្រា​នៃ​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​បណ្ដា​ខេត្ត​ឯ​ទៀត​ៗ​នៃ​ប្រទេស​កម្ពុជា​។​ រាល់​ករណី​រំលោភ​សិទ្ធិមនុស្ស​នីមួយ​ៗ​ជា​ពិសេស​ដូចជា​ បង្ក​របួស​ស្នាម​ផ្នែក​នយោបាយ​មាន​បទល្មើស​ដូច​ជា​ បង្ក​របួស​ស្នាម​ និង​ការ​ចាប់​សកម្មជន​គណបក្ស​នយោបាយ​មិន​គ្រប់គ្រង​អំណាច​ទៅ​សាលា​ឃុំ​ខ្លួន​ដោយ​ខុសច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​មន្ត្រី​អាជ្ញាធរ​ មន្ត្រី​ប៉ូលិស​ ទាហាន​ព្រម​ទាំង​កងរាជអាវុធហត្ថ​តែងតែ​ប្រើ​អំណាច​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​យក​ទៅ​ឃុំឃាំង​ទាំង​បំពានច្បាប់​ខុស​នីតិវិធី​ច្បាប់​ ឬ​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ដីកា​ត្រឹមត្រូវ​ពី​តុលាការ​ឡើយ​។

របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​បញ្ជាក់​ទៀត​ថា​ មាន​មន្ត្រី​អាជ្ញាធរ​ខ្លះ​ទៀត​ បាន​ប្រើប្រាស់​នូវ​តួនាទី​ និង​អំណាច​របស់​ខ្លួន​ធ្វើ​សកម្មភាព​បាញ់​រះ​សម្លុត​គំរាម​កំហែង​ និង​បង្ក​របួស​ស្នាម​មក​លើ​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​បណ្ដាល​ឱ្យ​ពួក​គាត់​ក្លាយ​ជា​អ្នក​រងគ្រោះ​យ៉ាង​អយុត្តិធម៌​បំផុត​ ហើយ​ជន​ល្មើស​នៅ​បន្ត​មាន​សិទ្ធិ​សេរីភាព​ គ្មាន​ការ​ផ្ដន្ទាទោស​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដល់​ពួក​គេ​ឡើយ​។​ នេះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ប្រើប្រាស់​បុណ្យ​សក្ដិ​តួនាទី​បំពាន​ច្បាប់​ពី​សំណាក់​មន្ត្រី​សមត្ថកិច្ច​ ហើយ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រំលោភ​ច្បាប់​ ការ​កើត​មាន​នូវ​វប្បធម៌​និទ្ទណ្ឌភាព​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​នោះ​ក៏​ព្រោះ​តែ​ការ​ប្រើប្រាស់​អំណាច​ខុស​ព្រំដែន​កំណត់​នៃ​ច្បាប់​។

ករណី​ទាំង​នេះ​ បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​មន្ត្រី​ប៉ូលិស​ ប៉េអិម​ មន្ត្រី​តុលាការ​។ល។ ដែល​ពួក​គេ​សុទ្ធ​តែ​ស្វែងរក​ផល​ប្រយោជន៍​បក្ខពួក​ និង​បុគ្គល​ចំពោះ​ឧបសគ្គ​ទាំង​នេះ​ រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ឬ​ដាក់​ពិន័យ​ដល់​ពួក​មន្ត្រី​ទាំងឡាយ​ណា​ដែល​ធ្វើ​ខុសច្បាប់​ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ឱ្យ​មាន​ការ​ជឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​ស្ថាប័ន​តុលាការ​៕ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៣​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩១​ ថ្ងៃ​ ពុធ​ ទី​ ២២-​ថ្ងៃ​ អង្គារ​ ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • នាយករដ្ឋមន្ត្រី​សៀម​សុំ​ជួប​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ប៉េកាំង​ដើម្បី​ចរចា​ជម្លោះ​ព្រំដែន​ [យោង​តាម​លោក​ ស្រី​ ថាមរ៉ុង​ទីប្រឹក្សា​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៧៧៤​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • មេទ័ព​សៀម​សុំ​ឱ្យ​មេទ័ព​ខ្មែរ​ជួប​គ្នា​ក្នុង​មួយ​ថ្ងៃ​ម្ដង​ដើម្បី​ឱ្យ​យល់​ចិត្ត​គ្នា​
  • ថាក់ស៊ីន​ [អតីត​នាយករដ្ឋមន្ត្រី​ថៃ] ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក​ ២​ ឆ្នាំ​ពី​បទ​ពុករលួយ​
  • យុទ្ធជន​ពិការ​ [ដែល​ជា​អតីត​កង​យោធពល​ខេមរភូមិន្ទ​ចំនួន​ ១៣​នាក់​] បាត់​ប្រាក់​បៀវត្ស​ ៦​ខែ​លើក​គ្នា​មក​តវ៉ា​នៅ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​សៀមរាប​
  • ជនជាតិ​ថៃ​ស្លាប់​ ២​នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៥​ [ខេត្ត​បន្ទាយ​មានជ័យ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ២៦៨​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ភាគី​ខ្មែរ​និង​សៀម​បន្ថែម​កម្លាំង​រៀង​ៗ​ខ្លួន​មុន​ការ​ជួប​ចរចា​គ្នា​នៅ​ខេត្ត​សៀមរាប​ថ្ងៃ​ស្អែក​
  • ក្រុមហ៊ុន​អាកាសចរណ៍​ PMT Air កំពុង​រង​នូវ​ការ​ប្ដឹង​ទារ​សំណង​ពី​សាច់​ញាតិ​ជន​រងគ្រោះ​កូរ៉េ​ខាងត្បូង​ [ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ក្នុង​ខេត្ត​ កំពត​ កាល​ពី​ចុង​ខែ​ មិថុនា​ ឆ្នាំ​ ២០០៧]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១២៣​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • លោក​ ធន​ សារាយ​ ប្រធាន​អាដហុក​រិះគន់​យឺតយ៉ាវ​បង្កើត​យន្តការ​គោរព​សិទ្ធិមនុស្ស
  • គ្រួសារ​យុទ្ធជន​ពលី​ទទួល​ប្រាក់​ឧបត្ថម្ភ​ជាង​ ៩​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ​
  • តុលាការ​បារាំង​បើក​សវនាការ​បណ្ដឹង​ ហោ​ ណាំហុង​ [ពី​បទ​បរិហារកេរ្តិ៍​] ប្ដឹង​ សម​ រង្សី​ ថ្ងៃ​ទី​ ៩​ ធ្នូ​ខាងមុខ​នេះ​ [ដែល​លោក​ សម​ រង្សី​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ ហោ​ ណាំ​ហុង​ថា​ ជា​ប្រធាន​គុក​ទួល​ស្លែង​ និង​មាន​ការ​ពាក់ព័ន្ធ​ក្នុង​របប​ខ្មែរ​ក្រហម​ កាល​ពី​ខែ​ មេសា​ ឆ្នាំ​ ២០០៨​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៧៩​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • អារម្មណ៍​ប្រទេស​អាស៊ាន​ ម៉ាឡេស៊ី៖​ ការ​ប៉ះទង្គិច​គ្នា​រវាង​កម្ពុជា-​សៀម​ធ្វើ​ឱ្យ​ប្រទេស​អាស៊ីអាគ្នេយ៍​អាម៉ាស់​
  • ការរំលោភ​ឆ្នេរ​សមុទ្រ​មន្ត្រី​ជំនាញ​ថា​ ហាម​មិន​ស្ដាប់​ [ខេត្ត​កោះកុង​]
  • ឆ្នាំ​ ២០១០​ផលិតកម្ម​អាមេរិក​គ្រោង​ថត​ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​គម្រោង​ទឹក​ប្រាក់​ចំណាយ​សម្រាប់​ការ​ផលិត​ជាង​ ១០០​លាន​$
  • ប្រទេស​ចិន​ចេញ​ច្បាប់​ថ្មី​បើក​ទូលំទូលាយ​ដល់​សេរីភាព​អ្នក​សារព័ត៌មាន​បរទេស​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៩៤​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • មន្ត្រី​សង្គម​ស៊ីវិល​ខ្មែរ​ប្រតិកម្ម​នឹង​សំដី​អាឡិចសាន់ដឺ​ ចាន់ដ្រា​ តំណាង​អង្គការ​អុកហ្វាម​ [ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា​-សៀម​]
  • ប្រជាពលរដ្ឋ​ខ្មែរ​ ធុញថប់​នឹង​ការ​បង្ក​លក្ខណៈ​ស្មុគស្មាញ​របស់​ គ.ប.ជ​ [ជុំ​វិញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​ ៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៧២​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • មេដឹកនាំ​ពិភពលោក​អំពាវនាវ​រក​សន្តិភាព​នៅ​តាម​ព្រំដែន​ខ្មែរ​សៀម​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧២២​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ការ​វិនិយោគ​កូរ៉េ​កើន​ ៤៥​ដង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ​ [ក្នុង​ឆ្នាំ​ ១៩៩៧​កូរ៉េ​វិនិយោគ​នៅ​កម្ពុជា​តែ​ ១៨​លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០០៧​កើន​ឡើង​ដល់​ទៅ​ ៨៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤២៩​ ថ្ងៃ​ ពុធ​ ទី​ ២២​ ខែ​ តុលា​ ឆ្នាំ​ ២០០៨

  • ប្រជារាស្ត្រ​ដែល​មាន​លំនៅឋាន​ជាយ​ខាង​ជើង​ទីក្រុង​ភ្នំពេញ​ប្រឈម​នឹង​ការ​រស់នៅ​ក្នុង​ទឹក​សំអុយ​យូរ​ខែ​
  • ទំនិញ​អត់​ចុះ​ថ្លៃ​តាម​ប្រេង​សាំង​

* សូម​អញ្ជើញ​អាន​វិចារណកថា​​សប្ដាហ៍​ថ្មី​ៗ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: