សប្ដាហ៍ទី ៥២៥ ថ្ងៃអាទិត្យ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ

Posted on Sunday, 16 November 2008. Filed under: *វិចារណកថា* |

បើ​ក្រឡេក​មើល​ទៅ​ក្រោយ​ក្នុង​ពេល​មួយ​សប្ដាហ៍​ក្នុង​សារព័ត៌មាន​ យើង​តែងតែ​ឃើញ​មាន​ការ​សាកល្បង​ដើម្បី​លើកឡើង​នូវ​បញ្ហា​មួយ​ដ៏​សំខាន់​គួរឲ្យ​ចាប់អារម្មណ៍​ជាពិសេស​ ឬ​ ដើម្បី​មើល​ចំណង​ទាក់ទង​រវាង​កិច្ចការ​នានា​ដែល​ហាក់​ដូច​ឥត​ទាក់ទង​គ្នា​ និង​ ប្រមូលផ្ដុំ​ចងក្រង​វា​ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ តើ​បញ្ហា​ទាំងនេះ​ទាក់ទង​គ្នា​ជា​វិជ្ជមាន​ ឬ​មាន​ភាព​ផ្ទុយ​គ្នា​ទៅវិញទៅមក​យ៉ាង​ដូចម្ដេច​ ។

មាន​ពិធីបុណ្យ​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ពីរ​សប្ដាហ៍​កន្លងទៅ​នេះ​ – គឺ​ពិធីបុណ្យ​រំលឹក​ថ្ងៃ​ឡើង​គ្រងរាជ្យ​របស់​ព្រះបាទ​នរោត្ដម​ សីហមុនី​ រួច​មក​គឺ​ពិធីបុណ្យ​រំលឹក​ថ្ងៃ​ខួប​កំណើត​ព្រះ​បិតា​ នរោត្ដម​ សីហនុ​ គឺជា​ការ​រំលឹក​ការ​ចងចាំ​ថា​ប្រទេស​កម្ពុជា​បាន​ឯករាជ្យ​ពី​បារាំង​ បាន​ ៥៥​ឆ្នាំ​ហើយ​ ហើយ​ទី​បញ្ចប់​គឺ​បុណ្យ​អុំទូក​ អក​អំបុក​ និង​ សំពះ​ព្រះខែ​ ។

ឥឡូវនេះ​គឺជា​ពេល​ដែល​ត្រូវ​យល់​ពី​ហេតុការណ៍​ពិត​ដ៏​ជូរចត់​ដែល​យើង​កំពុង​ប្រឈមមុខ​ ។

លោក​ ចម​ ប្រសិទ្ធិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ត្រូវ​បាន​ដកស្រង់​ថា​បាន​ថ្លែងការណ៍​គួរឲ្យ​ភ័យខ្លាច​ខ្លះ​ ប៉ុន្តែ​ប្រហែលជា​មាន​ភាព​ប្រាកដ​និយម​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ ៖​ “ក្នុង​ខណៈ​ដែល​ពិភពលោក​ឈាន​ទៅ​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​…និង​ ចំណុះ​ទំនិញ​នាំចេញ​ធ្លាក់​ចុះ​រហូតដល់​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក​ធ្លាក់​ចុះ​ក្នុង​ស្ថានភាព​ក្រីក្រ​…ពេល​នោះ​គឺ​មានតែ​អ្នក​ដែល​អាច​សម្រប​ខ្លួន​ទៅតាម​ការ​ផ្លាស់ប្ដូរ​នេះ​ទេ​ ដែល​អាច​គេច​ផុត​ពី​ភាព​ក្រីក្រ​” ។

ប៉ុន្តែ​ ពុំ​មាន​ការ​និយាយ​ច្រើន​អំពី​ ថា​តើ​ការ​សម្រប​ខ្លួន​នេះ​អាច​សម្រេច​បាន​ដូចម្ដេច​ លើកលែងតែ​ថា​ “វា​ជា​ប្រការ​សំខាន់​គឺ​គេ​ត្រូវតែ​រួម​កម្លាំង​គ្នា​ ដើម្បី​ធ្វើឲ្យ​ប្រទេស​អភិវឌ្ឍន៍​ទទួលស្គាល់​ និង​ គាំទ្រ​ប្រទេស​យើង​ដោយ​ត្រឹមត្រូវ​ និង​ ពិតប្រាកដ​” ។

បើ​ពិនិត្យ​មើល​តាម​សារព័ត៌មាន​អន្តរជាតិ​វិញ​ តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​ទាក់ទាញ​នូវ​ការ​ចាប់អារម្មណ៍​អំពី​ប្រទេស​កម្ពុជា​?

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​តំបន់​នៃ​ប្រទេស​អាស៊ាន​ ដែល​មាន​ចំនួន​ 69​%​ នៃ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ប្រាក់​រក​បាន​តិច​ជាង​ ២​ ដុល្លារ​អាមេរិក​ ក្នុង​មួយ​ថ្ងៃ​ ។

ប្រទេស​កម្ពុជា​មាន​ “ផែនការ​បង្កើន​ការ​ចំណាយ​ទ្វេដង​សម្រាប់​វិស័យ​យោធា​” -គឺជា​គំនិត​មួយ​ដែល​ត្រូវ​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ ហើយ​ក៏​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​គណបក្ស​ប្រឆាំង​ដែរ​ – ប៉ុន្តែ​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​ចោទ​សួរ​ថា​ តើ​ត្រូវ​យក​ប្រាក់​ ៥០០​ លាន​ដុល្លារ​អាមេរិក​នេះ​ ពី​ណា​មកវិញ​ ។

មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទៀងទាត់​អំពី​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​ចោទ​ឡើង​ដោយ​មនុស្ស​នៅ​ក្នុង​ ឬ​ ទាក់ទង​នឹង​ការិយាល័យ​សាធារណៈ​ – ឧទាហរណ៍​ នាយ​ទាហាន​ម្នាក់​របស់​ក្រសួង​មហាផ្ទៃ​ ត្រូវ​ចោទប្រកាន់​ពី​បទ​រំលោភ​យក​ដី​ នាយ​ប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​នៅ​ប៉ោយប៉ែត​ នៅតែ​បន្ត​ទារ​ប្រាក់​ ៥,៧៥​ ដុល្លារ​អាមេរិក​ ពី​កម្មករ​ខ្មែរ​ម្នាក់​ៗ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ – ហើយ​ជា​ញឹកញយ​ពុំ​មាន​ដំណើរការ​អនុវត្ត​បន្ត​ដែល​ថា​ព្រះរាជអាជ្ញា​បាន​ផ្ដើម​ចំណាត់​ការ​លើ​រឿង​នេះ​ទេ​ ថា​តើ​ការ​ស៊ើបអង្កេត​ត្រូវ​បាន​ចាប់ផ្ដើម​ហើយ​ឬ​នៅ​ និង​ថា​ រឿងក្ដី​មួយ​ត្រូវ​បាន​បញ្ចប់​ហើយ​ ។​ ការ​ឮ​ល្បី​ថា​មាន​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​វា​នៅតែ​មាន​ជា​បន្ត​មក​នេះ​ ។

មាន​ការ​ឆ្លុះបញ្ចាំង​ថា​ ក្នុង​ចំណោម​ចំណុច​ផ្សេង​ៗ​គ្នា​ដែល​មិន​បាន​ដោះស្រាយ​ក្នុង​ការ​ចរចា​រវាង​កម្ពុជា​ និង​ ថៃ​ មាន​បញ្ហា​មួយ​ដែល​បាន​បង្កើត​ភាព​តានតឹង​នោះ​គឺ​ ការ​ប្រឆាំង​ពី​ភាគី​កម្ពុជា​ចំពោះ​គំនិត​របស់​ថៃ​ ដែល​ដាក់​ពាក្យ​ “ប្រាវិហាន​” (ជា​ភាសា​ថៃ​) នៅ​ពី​ខាងក្រោយ​ពាក្យ​ថា​ (ខ្មែរ​) ថា​ “ព្រះវិហារ​” នោះ​ដែរ​ ។​ ដោយ​មាន​ការ​ប្រឆាំង​តទល់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ និង​ ការ​យល់ដឹង​ចំពោះ​ជំហរ​របស់​ភាគី​ម្ខាងទៀត​បែបនេះ​ តើ​កាលណា​ទៅ​គេ​នឹង​អាច​គោរព​តាម​លក្ខខណ្ឌ​របស់​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​ ដែល​គេ​ត្រូវ​បង្ហាញ​របាយការណ៍​ស្ដីពី​កិច្ចការ​ដែល​បាន​ដំណើរការ​ទៅ​មុខ​ក្នុង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ទាក់ទង​នឹង​ផែនការ​គ្រប់គ្រង​ ដែល​ត្រូវ​ “បង្កើត​រួមគ្នា​ដោយ​កម្ពុជា​ និង​ ថៃ​” សម្រាប់​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​ពិភពលោក​ នា​ឆ្នាំ​ ២០១០​ ?​ ហើយ​យើង​នៅតែ​មិន​បាន​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​បាន​ផ្សព្វផ្សាយ​ឯកសារ​យូណេស្កូ​ ដែល​និយាយ​ថា​ “តំបន់​ស្នូល​ត្រូវ​បាន​កាត់បន្ថយ​យ៉ាង​ច្រើន​ ហើយ​ឥឡូវ​មាន​រួមបញ្ចូល​តែ​ព្រះវិហារ​ និង​ បរិវេណ​ជុំវិញ​ព្រះវិហារ​ប៉ុណ្ណោះ​ ហើយ​មិន​បាន​ដាក់​បញ្ចូល​ជ្រោយ​ដ៏​ធំ​ទូលាយ​ ព្រមទាំង​ចំណោត​ថ្ម​ និង​ រូង​ក្រោម​ដី​របស់​វា​ផង​ទេ​” ។​ ផែនទី​អម​ត្រូវ​បាន​ធ្វើ​ដោយ​ភាគី​កម្ពុជា​សម្រាប់​ការ​ចរចា​ និង​ ត្រូវ​បាន​យល់ព្រម​ដោយ​ភាគី​ថៃ​ ។​ សារព័ត៌មាន​ខ្មែរ​ក៏​មិន​បាន​យកចិត្ត​ទុកដាក់​ដែរ​ ថា​ផែនទី​ និង​ ឯកសារ​ចុងក្រោយ​របស់​កម្ពុជា​បាន​ស្នើ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ “ដោយ​ក្នុង​ដំណាក់កាល​នេះ​ ពុំ​មាន​តំបន់​ទ្រនាប់​នៅ​តំបន់​ភាគ​ខាងជើង​ និង​ ខាងត្បូង​នៃ​ប្រាសាទ​” – គឺជា​តំបន់​ដែល​មាន​ការ​ប្រឈម​កម្លាំង​យោធា​ដាក់​គ្នា​ ។​ – វា​លំបាក​នឹង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ចម្លើយ​អន្តរជាតិ​ជា​វិជ្ជមាន​ចំពោះ​ការ​ដោះសា​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ – “ដើម្បីឲ្យ​គេ​ទទួលស្គាល់​ និង​ គាំទ្រ​ប្រទេស​យើង​ដោយ​ត្រឹមត្រូវ​ និង​ ពិតប្រាកដ​” – ដរាបណា​ការ​សន្យា​ធ្វើ​ឡើង​ដោយ​តំណាង​នានា​របស់​រដ្ឋាភិបាល​កម្ពុជា​ ដូចជា​តំណាង​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ​មិន​ត្រូវ​បាន​ទទួលស្គាល់​ ឬ​ ពិភាក្សា​ដោយ​សារព័ត៌មាន​ជាតិ​ និង​ សាធារណជន​ ។​ សហគមន៍​អន្តរជាតិ​ក៏​អាច​នឹក​ឆ្ងល់​អំពី​បញ្ហា​នេះ​ ថា​តើ​ហេតុអ្វី​ និង​ ដូចម្ដេច​បាន​ជា​វា​ក្ដៅ​យ៉ាង​ដូច្នេះ​ និង​ តើ​វា​ត្រូវ​បាន​ដោះស្រាយ​ដូចម្ដេច​ ។​ សព្វថ្ងៃ​ប្រាសាទ​ព្រះវិហារ​ត្រូវ​ពិភាក្សា​ហាក់បីដូចជា​វា​ជា​ក្ដី​កង្វល់​ធំធេង​ចំពោះ​ប្រទេស​ជាតិ​តាំងពី​យូរយារ​ណាស់​មក​ហើយ​ ។​ តែ​ទោះជា​យ៉ាងណាក្ដី​ ផែនទី​មួយ​របស់​កម្ពុជា​ បោះពុម្ព​ក្នុង​ឆ្នាំ​ ២០០០​ ដោយ​ទីភ្នាក់ងារ​ភូមិសាស្ត្រ​ផ្លូវការ​របស់​រដ្ឋាភិបាល​ មិន​ទាំង​បាន​និយាយ​ពី​ទីតាំង​ប្រាសាទ​ព្រះវិហារ​នៅ​ព្រំដែន​ផង​ទេ​ ទោះជា​វា​ស្ថិតនៅ​ក្នុង​ខេត្ត​មួយ​ដែល​មាន​ឈ្មោះ​ដូចគ្នា​ក៏ដោយ​ ។​ ប្រការ​ដែល​ព្រំដែន​មិនមែន​ជា​ក្ដី​កង្វល់​ច្រើន​រហូត​មក​ដល់​ពេល​កន្លងទៅ​ថ្មី​ៗ​នេះ​ ក៏​វា​ពិត​ដែល​ចេញពី​ស្ថានភាព​ដែល​គេ​បាន​ឃើញ​ ៖​ កាលពីមុន​ ទីតាំង​នេះ​មាន​ទេសចរណ៍​ទៅ​មើល​ច្រើន​ ដោយ​ស្រួល​ ដោយ​មាន​សន្តិភាព​ និង​ ដោយ​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ ។​ វិធីសាស្ត្រ​ដោះស្រាយ​ត្រូវ​បាន​សង្ខេប​យ៉ាង​នេះ​គឺ​ ៖​ “បង្គោល​ព្រំដែន​ខ្មែរ​ – ថៃ​ មាន​ ៧៣​ ត្រូវ​បាន​រក​ឃើញ​ ២៩​ កំពុង​ពិនិត្យមើល​ ១៩​ និង​ កំពុង​រក​ ២៥​” ។​ តើ​នរណា​បាន​ថែរក្សា​ក្នុង​អតីតកាល​?​Official map of Cambodia,Official map of Cambodia, dated 10.10.2000

The Province of Preah Vihear with the Thai border The Province of Preah Vihear with the Thai border – no reference to the Temple

នៅទីបញ្ចប់​ មាន​ប្រតិកម្ម​ចម្រុះ​មួយ​ទៅលើ​កិច្ចព្រមព្រៀង​មួយ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ វៀតណាម​ ដែល​ថា​ ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ពុំ​មាន​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​សម្រាប់​ការ​ធ្វើដំណើរ​ចុះ​ឡើង​រវាង​ប្រទេស​ទាំងពីរ​នេះ​ទេ​ ។​ កិច្ចការ​សម្រេច​ដូចនេះ​ប្រហែលជា​ត្រូវ​ទទួល​ស្វាគមន៍​ – ជាពិសេស​ដោយ​ហេតុ​ថា​ ប្រជាជន​កម្ពុជា​បាន​ទៅ​វៀតណាម​ក្នុង​ឆ្នាំ​ ២០០៧​ ក្នុង​ចំនួន​ ២០.០០០​នាក់​ ច្រើន​ជាង​ប្រជាជន​វៀតណាម​ ១២០.០០០​នាក់​ ដែល​បាន​មក​កម្ពុជា​ ។​ ប៉ុន្តែ​អ្នកខ្លះ​បាន​ឃើញ​ហេតុការណ៍​បែបនេះ​ – ដែល​ស្រប​តាម​គោលដៅ​ទូទៅ​របស់​អាស៊ាន​ – ដូចជា​គ្រោះថ្នាក់​មួយ​ ។​ សារព័ត៌មាន​សប្ដាហ៍​នេះ​បាន​លើក​ពី​ការ​ភ័យខ្លាច​ថា​ “ប្រជាជន​វៀតណាម​កាន់តែ​ច្រើន​ អាច​ប្រើ​លិខិត​ឆ្លងដែន​ដោយ​គ្មាន​ទិដ្ឋាការ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​” ។​ តាមពិត​ ការ​ចូល​ដោយ​គ្មាន​ទិដ្ឋាការ​ មិន​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​មាន​លំនៅ​ស្ថាន​ទេ​ ។​ នៅ​ពេល​សារព័ត៌មាន​បញ្ចូល​ស្ថានភាព​ទាំងពីរ​នេះ​ វា​បាន​បង្កើត​នូវ​ការ​ច្របូកច្របល់​ដែល​មិន​ចាំបាច់​ ។​ ដោយ​បាន​ឃើញ​នូវ​ការ​សោកស្ដាយ​ដែល​គេ​ឧស្សាហ៍​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ស្ថានភាព​ឯកតោ​ខាង​វប្បធម៌​របស់​ជនជាតិ​ភាគតិច​ដែល​និយាយ​ភាសា​ខ្មែរ​នៅ​វៀតណាម​ គេ​ប្រហែលជា​បាន​គិត​ថា​ការ​ឈប់​ឲ្យ​មាន​ទិដ្ឋាការ​ជា​តម្រូវការ​នោះ​នឹង​ត្រូវ​បាន​ស្វាគមន៍​ ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​ ។​ ជាមួយ​នេះ​ផង​ដែរ​ វា​ក៏​នឹង​ជួយ​ប្រជាជន​កម្ពុជា​ជាច្រើន​នោះ​ដែល​ធ្វើដំណើរ​ទៅ​វៀតណាម​ដើម្បី​ពិនិត្យ​សុខភាព​ ។​ អ្នកសង្កេតការណ៍​ដែល​ផ្អែក​លើ​ហេតុការណ៍​ពិត​ ក៏​ប្រហែលជា​បាន​ស្វាគមន៍​ការ​ចរចា​នា​បច្ចុប្បន្ន​ ដើម្បីឲ្យ​វៀតណាម​លក់​អគ្គិសនី​ឲ្យ​កម្ពុជា​ក្នុង​តម្លៃ​លក់​ដុំ​ ០,០៥​ ដុល្លារ​អាមេរិក​ ។​ នៅ​តំបន់​មួយ​ក្នុង​ខេត្ត​កំពង់ចាម​ អគ្គិសនី​មាន​តម្លៃ​រហូតដល់​ ១,២៥​ ដុល្លារ​អាមេរិក​ ក្នុង​មួយ​គីឡូវ៉ាត់​/ម៉ោង​ ហើយ​ឈ្មួញ​ម្នាក់​ត្រូវ​បាន​ទិតៀន​ថា​បាន​បន្ថែម​តម្លៃ​ដឹកជញ្ជូន​ទៅលើ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់​ក្នុង​ខេត្ត​មណ្ឌលគិរី​ ។

សេចក្ដី​អំពាវនាវ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​លើកឡើង​ថា​ “វា​ជា​ប្រការ​សំខាន់​ គឺ​គេ​ត្រូវ​រួម​កម្លាំង​គ្នា​ដើម្បី​ធ្វើឲ្យ​ប្រទេស​អភិវឌ្ឍ​ទទួលស្គាល់​ និង​ គាំទ្រ​ប្រទេស​យើង​ដោយ​ត្រឹមត្រូវ​ និង​ ពិតប្រាកដ​” គឺជា​ការ​សំខាន់​ មិន​គ្រាន់តែ​ជា​ទូទៅ​ទេ​ ក៏ប៉ុន្តែ​ដោយ​ឡែក​ផង​ដែរ​ទាក់ទង​នឹង​ប្រទេស​ជិតខាង​កម្ពុជា​ ។​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​ ការ​រីកចម្រើន​តាម​ប្រភេទ​ផ្សេង​ៗ​ទៀត​ផង​ដែរ​ គឺ​បាន​អាស្រ័យ​លើ​ ថា​តើ​សហគមន៍​អន្តរជាតិ​បាន​ឃើញ​ចលនា​ឈាន​ទៅ​រក​ទំនាក់ទំនង​ជា​សន្តិភាព​ និង​ ជា​មិត្ត​ មែន​ឬ​មិនមែន​ ។​ ពុំ​មាន​ប្រទេស​ណា​មួយ​អាច​ចម្រើន​លូតលាស់​ក្នុង​ភាព​ឯកោ​បាន​ទេ​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

3 Responses to “សប្ដាហ៍ទី ៥២៥ ថ្ងៃអាទិត្យ​ ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: