សប្ដាហ៍ទី ៥២៦ ថ្ងៃអាទិត្យ​ ទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ ការ​រីក​រាលដាល​នៃ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ – ឬ​ : និទ្ទណ្ឌភាព​បង្កើត​ឡើង​នូវ​ការ​រំលោភ​ច្បាប់​កាន់តែ​ច្រើន

Posted on Sunday, 23 November 2008. Filed under: *វិចារណកថា* |

អ្នកវិទ្យាសាស្ត្រ​បី​នាក់​ដែល​សិក្សា​ស្រាវជ្រាវ​អំពី​ចរិយាសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​សង្គម​ ជាតិ​ហុល្លង់​បាន​ធ្វើ​ពិសោធន៍​មួយ​ចំនួន​សម្រាប់​បង្ហាញ​ឲ្យ​ដឹង​ ។​ វា​ត្រូវ​បាន​រៀបរាប់​បង្ហាញ​ដូច​ខាងក្រោម​ ៖​

និក្ខេបបទ​មួយ​ដែល​គេ​ដឹង​ថា​ជា​ ‘Broken Windows Theory’ បាន​ផ្ដល់​យោបល់​ថា​ សញ្ញា​នៃ​ការ​ប្រកាន់​ចរិយា​ពាយងាយ​ឥត​សណ្ដាប់ធ្នាប់​ និង​ ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​តូចតាច​ធ្វើឲ្យ​កើតឡើង​នូវ​ការ​ប្រព្រឹត្ត​ឥត​សណ្ដាប់ធ្នាប់​ និង​ ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​តូចតាច​កាន់តែ​ច្រើន​ទៀត​ ដែល​ជា​ហេតុ​បណ្ដាលឲ្យ​ការ​ប្រព្រឹត្ត​នេះ​រីក​រាលដាល​ឡើង​ ។​ ប្រការ​នេះ​អាច​បណ្ដាលឲ្យ​អ្នកជិតខាង​ខូចបង់​ និង​ គុណភាព​នៃ​ជីវភាព​ប្រជាជន​របស់​គេ​ធ្លាក់​ចុះ​កាន់តែ​យ៉ាប់យ៉ឺន​ ។​ សម្រាប់​ការ​គ្រប់គ្រង​រដ្ឋបាល​ទីក្រុង​មួយ​ ចំណុច​នេះ​ អាច​ជា​បញ្ហា​មួយ​ដ៏​សំខាន់​ខាង​នយោបាយ​ ។​ ប៉ុន្តែ​ តើ​ភាព​ឥត​សណ្ដាប់ធ្នាប់​ពិតជា​រីក​រាលដាល​ទៅ​ដល់​អ្នកជិតខាង​មែន​ឬ​ ?​ រហូត​មក​ដល់​ពេលនេះ​ពុំ​មាន​ការ​គាំទ្រ​ខ្លាំង​ដែល​សំអាង​លើ​ពិសោធន៍​ទេ​ ហើយ​វា​ក៏​មិន​ច្បាស់​ថា​តើ​អ្វី​ជា​ ‘ភាព​ឥត​សណ្ដាប់ធ្នាប់​’ និង​ អ្វី​អាច​ធ្វើឲ្យ​វា​រីក​រាលដាល​នោះ​ដែរ​ ។​ ក្នុង​អត្ថបទ​នេះ​ យើង​បង្កើត​សម្មតិកម្ម​អំពី​ការ​រីក​រាលដាល​នៃ​ភាព​ឥត​សណ្ដាប់ធ្នាប់​ ហើយ​ពិសោធ​ចង់​ដឹង​វា​សាកមើល​…យើង​បាន​ឃើញ​ថា​នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​អ្នកដទៃ​បាន​រំលោភ​និយាម​ណាមួយ​របស់​សង្គម​ ឬ​ វិធាន​ច្បាប់​ណាមួយ​ដែល​កំណត់​ហើយ​ នោះ​គេ​ហាក់​ដូចជា​កាន់តែ​រំលោភ​ថែមទៀត​រហូតដល់​និយាម​ ឬ​ វិធាន​ដទៃ​ទៀត​ ដែល​បណ្ដាលឲ្យ​ភាព​ឥត​សណ្ដាប់ធ្នាប់​រីក​រាលដាល​ឡើង​” ។​

កំណត់​សំគាល់​ ៖​ យោង​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ “ការ​រីក​រាលដាល​នៃ​ភាព​ឥត​សណ្ដាប់ធ្នាប់​” ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ ។​ អត្ថបទ​មួយ​ទៀត​បកប្រែ​ជា​ភាសា​អាល្លឺម៉ង់​ “Unordnung ist eine Seuche” គឺ​មាន​នៅ​ទីនេះ​

លទ្ធផល​គួរឲ្យ​ភ័យ​ ៖​

“នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​អ្នកដទៃ​បាន​រំលោភ​និយាម​ណាមួយ​របស់​សង្គម​ ឬ​ វិធាន​ច្បាប់​ណាមួយ​ដែល​កំណត់​ហើយ​ នោះ​គេ​ហាក់​ដូចជា​កាន់តែ​រំលោភ​ថែមទៀត​រហូតដល់​និយាម​ ឬ​ វិធាន​ដទៃ​ទៀត​ ដែល​បណ្ដាលឲ្យ​ភាព​ឥត​សណ្ដាប់ធ្នាប់​រីក​រាលដាល​ឡើង​” ។​

ប្រការ​នេះ​លែង​ជា​មតិ​ទៀត​ហើយ​ – គេ​បាន​បញ្ជាក់​ឃើញ​នៅ​ក្នុង​ពិសោធន៍​ខ្លះ​ជាមួយ​មនុស្ស​ដែល​មិន​បាន​ដឹង​ថា​វា​ត្រូវ​បាន​សង្កេត​នោះ​ទេ​ ។​ យើង​រាយការណ៍​អំពី​ពិសោធន៍​នេះ​ពីរ​យ៉ាង​ ។​

នៅ​ក្នុង​មណ្ឌល​ហាង​លក់ដូរ​មួយ​ – ក្នុង​ប្រទេស​ហុល្លង់​ – នៅ​ត្រង់​កន្លែង​ដែល​មនុស្សម្នា​ចត​កង់​របស់​គេ​ មាន​សញ្ញា​មួយ​ធំ​ត្រូវ​គេ​បិទ​នៅ​លើ​ជញ្ជាំង​ដែល​មនុស្ស​ម្នាក់​ៗ​ដើរ​ចូល​មក​ត្រូវតែ​បាន​ឃើញ​វា​ នៅ​លើ​សញ្ញា​នោះ​មាន​សរសេរ​ថា​ “ហាម​សរសេរ​លើ​ជញ្ជាំង​”! – ពិសោធន៍​មួយ​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​ពីរ​ថ្ងៃ​ ៖​ នៅ​ថ្ងៃ​មួយ​ ជញ្ជាំង​នោះ​ត្រូវ​ប្រឡាក់ប្រឡូស​ ដោយ​មនុស្ស​បាន​គូស​ក្រវេមក្រវាម​ ឬ​ គូរ​រូប​អ្វីមួយ​នៅ​លើ​ជញ្ជាំង​ ។​ នៅ​ថ្ងៃ​មួយ​ទៀត​ ជញ្ជាំង​ត្រូវ​បាន​លាប​ថ្នាំ​ពណ៌​ថ្មី​ៗ​ នៅ​ក្នុង​ពេល​យប់​រំលង​ទៅ​ ។​ ពិសោធន៍​ទាំងអស់​ត្រូវ​បាន​ធ្វើ​ក្នុង​ម៉ោង​ពេល​តែ​មួយ​នៃ​ថ្ងៃ​ ហើយ​ពិសោធន៍​ទាំងពីរ​នេះ​បាន​ទទួលរង​លក្ខណៈ​អាកាសធាតុ​ដូចគ្នា​ ។​

នៅ​ថ្ងៃ​ទាំងពីរ​នោះ​ គេ​បាន​សង្កេត​មើល​មនុស្ស​ ៧៧​នាក់​ ដែល​បាន​ត្រឡប់​មក​យក​កង់​របស់​គេ​វិញ​ ។​ ប៉ុន្តែ​ក្នុង​ខណៈ​ដែល​គេ​ចេញ​ទៅ​បាត់​ (ក្រោយពី​បាន​ចត​កង់​ហើយ​) អ្នកវិទ្យាសាស្ត្រ​សង្គម​នោះ​បាន​ភ្ជាប់​ក្រដាស​មួយ​នៅ​នឹង​កង់​នីមួយ​ៗ​ ដោយ​និយាយ​ថា​ ៖​ “យើង​សូម​ជូនពរ​ឲ្យ​អស់លោក​រាល់គ្នា​សុខសប្បាយ​ក្នុង​ពេល​ឈប់សម្រាក​ !” ។​ – ហើយ​ឈ្មោះ​របស់​ហាង​ដែល​គេ​មិន​ឃើញ​មាន​នោះ​ ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​លើ​សន្លឹក​ក្រដាស​មួយ​ដែល​ធំ​ទាល់តែ​គេ​ត្រូវតែ​ហែក​វា​ចេញ​មុននឹង​ជិះ​កង់​ចេញ​ទៅ​ ។​ នៅ​ថ្ងៃ​ដែល​ជញ្ជាំង​ត្រូវ​លាប​ពណ៌​ស​ និង​ ស្អាតបាត​នោះ​ អ្នក​ជិះកង់​ទាំងនោះ​ប្រហែល​មួយ​ភាគ​បី​ បាន​បោះ​ក្រដាស​ផ្សាយ​នោះ​ចោល​ទៅ​លើ​ដី​ ប៉ុន្តែ​ពីរ​ភាគ​បី​ទៀត​បាន​យក​វា​ទៅ​ជាមួយ​ខ្លួន​ដោយ​មិន​ចោល​វា​រាយ​ពាសវាលពាសកាល​ទេ​ – នៅ​ថ្ងៃ​ដែល​ជញ្ជាំង​ត្រូវ​ប្រឡាក់ប្រឡូស​ ប្រហែល​ពីរ​ភាគ​បី​បាន​បោះ​ក្រដាស​ចោល​ ។​

មិនមែន​គ្រាន់តែ​ពិសោធន៍​អំពី​ភាព​មិន​មាន​របៀបរៀបរយ​ដែល​គេ​បាន​ធ្វើ​នោះ​ទេ​ – វា​ក៏​មាន​ពិសោធន៍​និយាយ​ពី​ការ​លួច​ដែរ​ ។​

លិខិត​មួយ​ដែល​លេចចេញ​ឲ្យ​ឃើញ​បាន​មួយ​ផ្នែក​ ស្រោមសំបុត្រ​មាន​វិក្កយបត្រ​ ៥​ អឺរ៉ូ​ – មាន​តម្លៃ​ស្មើ​នឹង​ប្រាំមួយ​ដុល្លារ​ – ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​ប្រអប់​សំបុត្រ​ពាក់កណ្ដាល​ ឯ​ពាក់កណ្ដាល​ទៀត​នៅ​លេច​ចេញ​មក​ក្រៅ​ ដែល​នរណា​ក៏​អាច​មើល​ឃើញ​ដែរ​ ។​ រួចហើយ​មនុស្ស​ ៧១​នាក់​ ម្នាក់​ៗ​ដើរកាត់​ម្នាក់​ៗ​ឯង​ ត្រូវ​បាន​គេ​សង្កេត​មើល​ ។​ នៅ​ថ្ងៃ​មួយ​ ប្រអប់​សំបុត្រ​ និង​ បរិវេណ​ជុំវិញ​វា​ ត្រូវ​បាន​សំអាត​ស្អាតបាត​ នៅ​ថ្ងៃ​មួយទៀត​ គេ​បាន​សរសេរ​អ្វី​នៅ​លើ​ប្រអប់​សំបុត្រ​ ធ្វើឲ្យ​ប្រឡាក់ប្រឡូស​ និង​ គ្មាន​របៀបរៀបរយ​ ហើយ​មាន​សំរាម​ចោល​នៅ​លើ​ដី​ជុំវិញ​ប្រអប់​ ៖​ មាន​ក្រដាស​ សំបក​ក្រូច​ក៏​មាន​ កន្ទុយ​បារី​ និង​ សំបក​កំប៉ុង​ក៏​មាន​ ។​ – លុះដល់​អ្វី​ៗ​ត្រូវ​គេ​សំអាត​ មាន​មនុស្ស​តែ​ម្នាក់​ទេ​ក្នុង​ចំណោម​ប្រាំបី​នាក់​ បាន​លួច​យក​ប្រាក់​ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​បរិស្ថាន​ត្រូវ​ធ្វើឲ្យ​បាត់​សណ្ដាប់ធ្នាប់​ និង​ មិន​ស្អាត​ គឺ​មនុស្ស​ម្នាក់​ក្នុង​បួន​នាក់​ បាន​លួច​យក​ប្រាក់​នោះ​ ។​

តើ​អ្វី​អាច​ជា​មេរៀន​សម្រាប់​រៀន​បាន​ខ្លះ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ទាំងនេះ​នៅ​ក្នុង​ប្រទេស​ហុល្លង់​ ?​ តើ​វា​ចង្អុល​ប្រាប់​ចរិតលក្ខណៈ​ជាទូទៅ​របស់​មនុស្ស​បាន​ខ្លះ​ដែរ​ឬ​ទេ​ ?​

ឧបនាយករដ្ឋមន្ត្រី​ និង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​គេ​រាយការណ៍​ព័ត៌មាន​ថា​បាន​រិះគន់​ប៉ូលិស​សេដ្ឋកិច្ច​ – គាត់​សឹងតែ​មិន​បាន​ឮ​អំពី​ការងារ​សម្រេច​បាន​ ប៉ុន្តែ​ច្រើនតែ​អំពី​ការ​រអ៊ូ​មិន​ពេញចិត្ត​នឹង​ពួកគេ​ទៅវិញ​ ។​

ព្រឹទ្ធសភា​ត្រូវ​បាន​គេ​រាយការណ៍​ព័ត៌មាន​ថា​នឹង​ចាប់ផ្ដើម​ស៊ើបអង្កេត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ ។​

ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​ សំណង់​ ធ្វើការ​ស៊ើបអង្កេត​លើ​អំពើ​ពុករលួយ​របស់​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នេះ​ ។​

តើ​មាន​នរណា​ម្នាក់​ត្រូវ​ទទួល​ទណ្ឌកម្ម​ដែរ​ឬ​ទេ​ ?​

តាម​ពិសោធន៍​ដែល​គេ​ដកស្រង់​នៅ​ខាងលើ​នេះ​ នៅ​ពេល​ដែល​បរិបទ​នេះ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ មនុស្ស​ដទៃ​ទៀត​ក៏​ត្រូវ​គេ​អូសទាញ​ឲ្យ​ធ្លាក់​ក្នុង​រឿង​នេះ​ដែរ​ ។​ នៅ​ពេល​ដែល​អំពើ​ពុករលួយ​ធំ​ៗ​កំពុងតែ​បន្ត​ អ្នកដទៃ​ត្រូវ​គេ​អូសទាញ​ឲ្យ​ចូល​ជាប់​ក្នុង​រឿង​នេះ​ ។​ ឧទាហរណ៍​ក្នុង​រឿង​នេះ​ គឺ​ម្ដាយ​កំសត់​ម្នាក់​ត្រូវ​ចាប់​ដាក់​គុក​ពី​បទ​លួច​ឆក់​ហោប៉ៅ​ក្នុង​ពេល​បុណ្យ​អុំទូក​ ។​ យើង​មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​របៀប​តើ​ត្រូវ​រក​យុត្តិធម៌​ដូចម្ដេច​ ៖​

“បើសិនជា​ម្ដាយ​របស់​យើងខ្ញុំ​ត្រូវ​ចាប់​ដាក់​គុក​ យើងខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​គុក​ដែរ​ ។​ ពីព្រោះ​យើងខ្ញុំ​មានតែ​ម្ដាយ​ម្នាក់ឯង​ប៉ុណ្ណោះ​ [នេះ​ជា​សំដី​របស់​ក្មេង​ស្រី​តូច​ៗ​បី​នាក់​ អាយុ​រវាង​ពី​ បួន​ទៅ​ប្រាំមួយ​ឆ្នាំ​ ដែល​កំពុង​ឈរ​នៅ​មុខ​ស្នងការ​ប៉ូលិស​ខណ្ឌ​ដូនពេញ​ រង់ចាំ​ម្ដាយ​របស់​វា​ដែល​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​គុក​ពី​បទ​លួច​ឆក់​ហោប៉ៅ​ ដែល​ត្រូវ​គេ​ចោទ​ក្នុង​ពេល​បុណ្យ​អុំទូក​] ។​

ក្មេង​ស្រី​បួន​នាក់​ [រួម​ទាំង​ទារក​ទើបនឹង​កើត​ម្នាក់​ផង​] រស់នៅ​តែ​ឯង​ក្នុង​ខណៈ​ដែល​ម្ដាយ​របស់​វា​ត្រូវ​ជាប់​ពន្ធនាគារ​ [គុក​ព្រៃស​ ពី​បទ​លូក​ឆក់​ហោប៉ៅ​គេ​ ក្នុង​ពេល​បុណ្យ​អុំទូក​] ។​

នេះ​មិន​អាច​ជា​ឧទាហរណ៍​នៃ​ប្រព័ន្ធ​កំណែទម្រង់​តុលាការ​ដែល​ត្រូវ​បាន​និយាយ​ក្នុង​កម្មវិធី​ដែល​មាន​រូបភាព​ជាច្រើន​នោះ​ទេ​ ។​

យោង​តាម​ពិសោធន៍​ហុល្លង់​នេះ​ អ្វី​ៗ​ប្រែជា​ខុស​អស់​នៅ​ពេល​ដែល​បរិស្ថាន​មាន​លក្ខណៈ​អវិជ្ជមាន​ និង​ នៅ​ពេល​ដែល​គ្មាន​រដ្ឋអំណាច​ទទួលខុសត្រូវ​ចំពោះ​មុខ​សភាពការណ៍​ដូចនេះ​ ។​

រដ្ឋធម្មនុញ្ញ​បាន​ចែង​ច្បាស់​ តើ​ត្រូវ​សម្រេច​គោលដៅ​របស់​សង្គម​មួយ​ត្រឹមត្រូវ​ដូចម្ដេច​ ដោយ​យោង​តាម​ច្បាប់​ ៖​

មាត្រា​ ៥១​ ៖​ …អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​ ។​ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ និង​ សាលា​ជម្រះក្ដី​ ។​ អំណាច​បែងចែក​ដាច់​ពី​គ្នា​ រវាង​អំណាច​នីតិ​បញ្ញត្តិ​ អំណាច​នីតិប្រតិបត្តិ​ និង​ អំណាច​តុលាការ​ ។​

មាត្រា​ ១៣០​ ៖​ គ្មាន​អង្គការ​ណាមួយ​នៃ​អំណាច​នីតិ​បញ្ញត្តិ​ ឬ​ នីតិប្រតិបត្តិ​ អាច​ទទួល​អំណាច​តុលាការ​អ្វី​បាន​ឡើយ​ ។​

ដរាបណា​គោលការណ៍​នេះ​ត្រូវ​គេ​រំលោភ​ – ដរាបណា​អ្នកខ្លះ​ត្រូវ​បាន​ការពារ​ក្រោម​កិច្ចការពារ​ពិសេស​ហើយ​មិនមែន​តាម​ច្បាប់​ – សមាជិក​របស់​ប៉ូលិស​សេដ្ឋកិច្ច​ សមាជិក​ខ្លះ​នៃ​ប្រព័ន្ធ​តុលាការ​ដែល​ជាប់​សង្ស័យ​ពី​អំពើ​ពុករលួយ​ មន្ត្រី​ពុករលួយ​ខ្លះ​នៃ​ក្រសួង​រៀបចំ​ដែនដី​ – និង​ តុលាការ​មិន​អាច​ធានា​ និង​ មិន​អាច​គាំទ្រ​ភាព​មិន​លំអៀង​ក្នុង​ការ​អនុវត្ត​ច្បាប់​បាន​ទេ​ អ្វី​ៗ​នឹង​បន្ត​ប្រព្រឹត្តទៅ​ដូច​នៅ​ក្នុង​ពិសោធន៍​ហុល្លង់​នោះ​អញ្ចឹង​ដែរ​ ៖​ ដរាបណា​ពុំ​មាន​នរណា​ម្នាក់​មាន​ទឹកចិត្ត​ចង់​ចូល​ជួយ​ធ្វើ​អន្តរាគមន៍​ទេ​នោះ​ នោះ​មនុស្ស​ជាច្រើន​នឹង​ឆ្លៀតឱកាស​ធ្វើ​អ្វី​ខុសឆ្គង​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ និង​ ក្ដាប់​យក​អ្វី​ដែល​គេ​អាច​យក​បាន​ ។​

រដ្ឋធម្មនុញ្ញ​ក៏​បាន​ផ្ដល់​នូវ​ការ​ប្រមើល​លើ​សេចក្ដី​សង្ឃឹម​ នៅ​ពេល​ដែល​អ្វី​ៗ​ប្រែជា​ខុស​ទៅ​នោះ​

មាត្រា​ ៨​ ៖​ ព្រះមហាក្សត្រ​ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ​ ។​ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​ សេរីភាព​របស់​ប្រជាពលរដ្ឋ​ … ។​

ព្រះមហាក្សត្រ​ទ្រង់​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដោះស្រាយ​បញ្ហា​នៃ​ការ​ឃុំឃាំង​អ្នកកាសែត​ម្នាក់​ ក្នុង​ខេត្ត​កំពង់ធំ​ ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ថា​នាង​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់​ និង​ តាម​មុខជំនាញ​វិជ្ជាជីវៈ​ និង​ក៏​បាន​និយាយ​ដល់​សកម្មភាព​របស់​អង្គ​នីតិប្រតិបត្តិ​ផង​ដែរ​ ។​

ដូច្នេះ​ សេចក្ដី​សង្ឃឹម​នឹង​មាន​ឡើងវិញ​ខ្លះ​ ៕​

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

19 Responses to “សប្ដាហ៍ទី ៥២៦ ថ្ងៃអាទិត្យ​ ទី​ ២៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨៖ ការ​រីក​រាលដាល​នៃ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ – ឬ​ : និទ្ទណ្ឌភាព​បង្កើត​ឡើង​នូវ​ការ​រំលោភ​ច្បាប់​កាន់តែ​ច្រើន”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: