ក្រុម​មេធាវី​ស្នើ​ឱ្យ​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ភស្ដុតាង​ពាក់ព័ន្ធ​របប​ខ្មែរ​ក្រហម-ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

Posted on Wednesday, 26 November 2008. Filed under: សប្ដាហ៍ទី ៥២៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៥

នៅ​ក្នុង​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​ពុំ​បាន​ចែង​អំពី​ប្រទេស​ដែល​ជាប់​ពាក់​ព័ន្ធ​ទេ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា​ មាន​ប្រទេស​មួយ​ចំនួន​ជា​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម​យ៉ាង​ពេញ​ទំហឹង​ក៏​ដោយ​។​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា​ និង​ជា​បងធំ​ទី​ ២​ នៃ​របប​ខ្មែរ​ក្រហម​បាន​អះអាង​ថា​ ភស្តុតាង​ដែល​រក្សា​ទុក​ដោយ​ប្រទេស​ចិន​ យួន​ និង​សហរដ្ឋ​អាមេរិក​អាច​ពង្រីក​ការ​យល់ដឹង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​បង្ហាញ​ភស្តុតាង​ប្រកប​ដោយ​សក្ដានុពល​នូវ​ឧក្រិដ្ឋកម្ម​ ដែល​គេ​សន្មត​ថា​ ជា​ស្នាដៃ​របស់​របប​នេះ​ ជា​លទ្ធផល​នៃ​កាលៈទេសៈ​លើស​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន​។​

គួរ​កត់​សម្គាល់​ថា​ ក្នុង​សំណើ​ជា​បន្តបន្ទាប់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​តាំង​ពី​ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​បាន​សុំ​ឱ្យ​តុលាការ​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ព័ត៌មាន​ទាំង​អស់​ អំពី​បណ្ដាញ​ស៊ើប​ការណ៍​សម្ងាត់​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ របាយការណ៍​ស៊ើប​អង្កេត​ស្ដីពី​រចនាសម្ព័ន្ធ​អំណាច​ខ្មែរ​ក្រហម​ និង​មន្ទីរ​ឃុំឃាំង​ស​ ២១​។​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ ក៏​បាន​ស្នើ​សុំ​សេចក្ដី​ថ្លែងការណ៍​ពី​អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ៣​នាក់​រួម​ទាំង​លោក​ ហេនរី​ ឃីសស៊ីងហ្គ័រ​ ផង​ដែរ​។​ ក្រុម​មេធាវី​ចុង​ចោទ​បាន​ស្នើ​ឱ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​សាលា​ក្ដី​ខ្មែរ​ក្រហម​ បង្ហាញ​តួ​លេខ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខែ​ មេសា​ ឆ្នាំ​ ១៩៧៥​ ពេល​ដែល​របប​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច​ និង​ក្នុង​ខែ​ មករា​ ឆ្នាំ​ ១៩៧៩​ ពេល​ដែល​របប​នេះ​ត្រូវ​បាន​ផ្ដួល​រំលំ​។

សហ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ នួន​ ជា​ បាន​អះអាង​ថា​​ការ​ផ្ដល់​តួ​លេខ​ជាក់​ស្ដែង​វា​អាច​ជួយ​បដិសេធន៍​ ឬ​ផ្ទៀងផ្ទាត់​ការ​អះអាង​ផ្ទុយ​គ្នា​ដែល​ថា​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ ឬ​ត្រូវ​បាន​កម្ទេច​ដោយ​របប​ម៉ៅ​និយម។​ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ​ យូ​ ប៊ុនឡេង​ និង​ ម៉ាក់​សែល​ ឡឺម៉ុង​ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែល​ញាំញី​ដោយ​អំពើ​ពុករលួយ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ទេ​ដោយ​អះអាង​ថា​ ពួក​គេ​ជាប់​រវល់​ខ្លាំង​ណាស់​។​ រី​ឯ​ក្រុម​អ្នក​តំណាង​នៃ​ប្រទេស​ទាំង​ ៣​ខាង​លើ​បាន​ផ្ដល់​នូវ​ចម្លើយ​ខុស​ៗ​គ្នា​នៅ​ពេល​ដែល​ត្រូវ​បាន​សាក​សួរ​អំពី​សក្ដានុពល​សម្រាប់​កិច្ច​សហការ​ជាមួយ​សាលា​ក្ដី​កាត់​ទោស​ខ្មែរ​ក្រហម​។​ យោង​តាម​វិធាន​នីតិវិធី​ បាន​ឱ្យ​ដឹង​ថា​ សាលា​ក្ដី​នេះ​អាច​ស្នើ​រដ្ឋាភិបាល​បរទេស​ផ្ដល់​ព័ត៌មាន​ ហើយ​តុលាការ​អាច​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ឬ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ប្រសិន​បើ​អាជ្ញាធរ​បរទេស​មិន​សហការ​។​

តាម​ពិនិត្យ​ជាក់​ស្ដែង​ មិន​ដូច​ការ​អនុវត្តន៍​ក្នុង​ប្រព័ន្ធ​ច្បាប់​ Common Law ទេ​ទម្រង់​យុត្តិធម៌​ដែល​គេ​ចង់​ដឹង​ចង់​ឭ​ ដែល​ត្រូវ​បាន​ប្រើ​ក្នុង​តុលាការ​កម្ពុជា​ទប់ស្កាត់​ចុង​ចោទ​មិន​ឱ្យ​ប្រមូល​ភស្តុតាង​ដោយ​ឯករាជ្យ​បាន​។​ មេធាវី​ ៣​នាក់​ ការពារ​ក្ដី​ឱ្យ​ នួន​ ជា​ គឺ​ សុន​ អារុណ​ ជនជាតិ​ខ្មែរ​ ម៉ៃឃើល​ ផេសមែន​ និង​ វិកទ័រ​ ខូប​ ជនជាតិ​ហុល្លង់​ បាន​ស្នើ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​ យូ ប៊ុនឡេង​ និង​ ម៉ាក់សែល​ ឡឺម៉ង់​ឱ្យ​រ៉ាប់​រង​ការ​ស៊ើប​អង្កេត​ជួស​មុខ​អោយ​ នួន​ ជា​។​ អ្នក​ស្រី​ ងូ​ ធីហាវ​ អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​យួន​ បាន​អះអាង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ រដ្ឋាភិបាល​យួន​កំពុង​តែ​សហការ​ជាមួយ​នឹង​សំណើ​របស់​សាលា​ក្ដី​ ហើយ​ថា​ប្រសិន​បើ​រដ្ឋាភិបាល​យួន​មាន​ព័ត៌មាន​ណាមួយ​ពួក​គេ​នឹង​ផ្ដល់​ឱ្យ​។​

ស្ថានទូត​អាមេរិក​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​នេះ​ទេ​ ចំណែក​លោក​ Qian Hai លេខាធិការ​ទី​ ៣​ នៃ​ស្ថានទូត​ចិន​ បាន​អះអាង​ថា​ លោក​មិន​បាន​ដឹង​អំពី​សំណើ​សុំ​ឯកសារ​ទាក់ទង​របស់​ចិន​នោះ​ឡើយ​។​ លោក​បាន​ថ្លែង​ថា​ “ខ្ញុំ​គិត​ថា​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ គឺ​ជា​តុលាការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។​ ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​តាម​ច្បាប់​ដែល​ពាក់ព័ន្ធ”​។​ លោក​ Qian Hai បាន​បដិសេធន៍​ថា​ចិន​មិន​ទទួល​ខុសត្រូវ​ឧក្រិដ្ឋកម្ម​ណា​មួយ​ចំពោះ​អំពើ​ឃោរឃៅ​របស់​ខ្មែរ​ក្រហម​ឡើយ​។​

សូម​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ក្រុម​មេធាវី​ការពារ​ក្ដី​ នួន​ ជា​បាន​អះអាង​ថា​ ប្រទេស​ចិន​បាន​គាំទ្រ​ខ្មែរ​ក្រហម​យ៉ាង​ពេញ​ទំហឹង​ហើយ​ប្រហែល​ជា​បាន​ដឹង​ថា​ជំនួយ​សេដ្ឋកិច្ច​ និង​យោធា​ព្រម​ទាំង​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​ និង​ការ​ទូត​បាន​បង្ក​កាន់​តែ​ខ្លាំង​ឡើង​នូវ​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​។​ សហ​មេធាវី​ជន​ជាប់​ចោទ​ នួន​ ជា​ បាន​លើក​ឡើង​ថា​ ក្រុម​មន្ត្រី​ចិន​អាច​មាន​ឥទ្ធិពល​លើ​នយោបាយ​ខ្មែរ​ក្រហម​ ហើយ​ក្រុង​ប៉េកាំង​ប្រហែល​ជា​មាន​ព័ត៌មាន​អំពី​រចនាសម្ព័ន្ធ​អំណាច​ក្នុង​របប​វាល​ពិឃាដ​ ដែល​អាច​ជួយ​ឱ្យ​ នួន​ ជា​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​។​ ក្នុង​ខែ​សីហា​ កន្លង​ទៅ​នេះ​ដែរ​សហ​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ បាន​ស្នើ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​វិសាល​ភាព​ដែល​យួន​រក្សា​បណ្ដាញ​ស៊ើប​ការណ៍​សម្ងាត់​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ក្រុម​មន្ត្រី​ខ្មែរ​ក្រហម​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​បាន​កំណត់​ឱ្យ​បំបាត់​ចោល​។​

ក្នុង​សំណើ​មួយ​កាល​ពី​ខែ​កញ្ញា​ សហ​មេធាវី​ការពារ​ក្ដី​ នួន​ ជា​ បាន​លើក​ឡើង​ថា​នយោបាយ​អាមេរិក​នៅ​អាស៊ី​អាគ្នេយ៍​អាច​ជួយ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម​ហើយ​ថា​អាមេរិក​បាន​រក្សា​ភ្នាក់ងារ​សម្ងាត់​ខ្លះ​នៅ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ​ កាល​ពី​ខែ​មេសា​ ឆ្នាំ​ ១៩៧៥។​ សហ​មេធាវី​ការពារ​ក្ដី​ ខៀវ​ សំផន​ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​វត្តមាន​បណ្ដាញ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ សូវៀត​ និង​យួន​ក្នុង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ចំនួន​អ្នក​ស្លាប់​ពី​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​នៅ​ឆ្នាំ​ ១៩៦៩​ ដល់​ឆ្នាំ​ ១៩៧៣​ផង​ដែរ​។​ ប្រតិកម្ម​នឹង​បញ្ហា​នេះ​អ្នក​ប្រវត្តិសាស្ត្រ​មួយ​រូប​ និង​សហរដ្ឋ​អាមេរិក​មិន​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​សកម្មភាព​របស់​ខ្មែរ​ក្រហម​ទេ​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​របប​វាល​ពិឃាដ​។​

របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ថ្កោល​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ១.៧​លាន​នាក់​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​ ១៧​ ខែ​ មេសា​ ឆ្នាំ​ ១៩៧៥​ ដល់​ដើម​ខែ​ មករា​ ឆ្នាំ​ ១៩៧៩​ពេល​យួន​លើក​ទ័ព​រាប់​សែន​នាក់​ចូល​លុកលុយ​ឈ្លានពាន​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​។​ បច្ចុប្បន្ន​មាន​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរ​ក្រហម​ចំនួន​ ៥​នាក់​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​សាលា​ក្ដី​ខ្មែរ​ពិសេស​ រង់ចាំ​ការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ ជន​ជាប់ចោទ​ដែល​កំពុង​ជាប់​ឃុំ​ទាំង​ ៥​នាក់​នោះ​រួមមាន​ នួន​ ជា​ អតីត​ប្រធាន​រដ្ឋសភា​ និង​ជា​បងធំ​ទី​ ២​នៃ​របប​ខ្មែរ​ក្រហម​.អៀង​ សារី​ អតីត​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​ជា​បងធំ​ទី​ ៣​ នៃ​របប​ខ្មែរ​ក្រហម​ ខៀវ​ សំផន​ អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​. អៀង​ ធីរិទ្ធ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​ខ្មែរ​ក្រហម​ និង​ កាំង​ ហ្គេចអ៊ាវ​ ហៅ​ឌុច​អតីត​មេ​គុក​ទួល​ស្លែង​ដ៏​សាហាវ។​

ទោះ​ជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ និង​មជ្ឈដ្ឋាន​អន្តរជាតិ​ ហាក់​ដូច​ជា​ពុំ​សូវ​មាន​ជំនឿ​លើ​សាលា​ក្ដី​ខ្មែរ​ក្រហម​ ដែល​ញាំញី​ដោយ​រឿង​អាស្រូវ​ពុក​រលួយ​និង​ភាព​មិន​ប្រក្រតី​យ៉ាង​ពេញ​បន្ទុក​នោះ​ទេ​។​ ដោយ​ហេតុ​ថា​សាលា​ក្ដី​កូន​កាត់​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សហប្រជាជាតិ​បាន​ចាយ​វាយ​ថវិកា​អស់​រាប់​សិប​លាន​ដុល្លារ​រួច​ទៅ​ហើយ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ណា​ម្នាក់​ជា​ផ្លូវ​ការ​ទាល់​តែ​សោះ​។​ ផ្ទុយ​ទៅ​វិញ​សាលាក្ដី​ពិសេស​កំពុង​ស្វះស្វែង​រក​ថវិកា​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​យក​មក​បំពេញ​អំពើ​ពុករលួយ​ដែល​មិន​ទាន់​លាង​ជម្រះ​ឱ្យ​អស់​មន្ទិល​នៅ​ឡើយ​៕មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៣​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ៩៥​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • លោក​ ខៀវ​ កាញារីទ្ធ​ [រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន]នឹង​ស្នើ​សុំ​ទៅ​នាយករដ្ឋមន្ត្រី​រឹបអូស​ដី​ ១៤​ហិកតា​ពី​ឈ្មួញ​លាក់​មុខ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ [នៅ​ក្រុង​ព្រះ​សីហនុ​ ដែល​ជា​ដី​កម្មសិទ្ធិ​របស់​ក្រសួង​ព័ត៌មាន​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨០៤​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • សាលា​ក្រុង​ភ្នំពេញ​វាយ​តំលៃ​គំរោង​សិក្សា​សាងសង់​ខ្សែ​រថភ្លើង​ រត់​លើ​អាកាស​ចូល​ក្រុង​ [យោង​តាម​កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ នៅ​សាលា​ក្រុង​ភ្នំពេញ​ ការ​សិក្សា​ក្នុង​ការ​ស្ថាបនា​ Sky rail មួយ​គីឡូម៉ែត្រ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៣៥​លាន​ដុល្លារ ហើយ​អ្នក​ជំនាញ​បាន​អោយ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​ ២០១៧​បើ​មិន​ស្ថាបនា​ Sky rail នេះ​ទេ​ ចរាចរ​នឹង​កក​ស្ទះ​ដោះស្រាយ​មិន​រួច​នៅ​ក្នុង​ទីក្រុង]


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥០៩​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ទំនាស់​រឿង​ចែក​អង្ករ​ ADB រវាង​អ្នក​ភូមិ​ និង​ក្រុម​អាជ្ញាធរ​បាន​ក្លាយ​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ​ [ភាព​មិន​ប្រក្រតី​ក្នុង​ចែក​អំណោយ​ នៅ​ខេត្ត​បាត់ដំបង]
  • បែក​កញ្ចក់​រថយន្ត​វាយ​ប៉ូលិស​ចរាចរ​ប៉ោង​មុខ​ [នៅ​ខេត្ត​សៀមរាប​-មនុស្ស​ចំនួន​ ៣​នាក់​រួម​មាន​អ្នក​បើកបរ​ និង​បក្ស​ពួក​ដែល​បាន​វាយ​តប់​លើ​សមត្ថ​កិច្ច​ប៉ូលិស​ចរាចរ​ ]
  • ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាតក​ដៃ​ដល់​ចាក់​សម្លាប់​នៅ​ក្នុង​ផ្ទះ​ ប្ដី​មាន​ប្រពន្ធ​ ២​ ត្រូវ​សមត្ថកិច្ច​សង្ស័យ​ និង​ឃាត់​ខ្លួន​ [ខណ្ឌ​៧​មករា​ ក្រុង​ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦២៣​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • ក្រុម​មេធាវី​ស្នើ​ឱ្យ​ប្រទេស​ចិន​ សហរដ្ឋ​អាមេរិក​ និង​យួន​ បង្ហាញ​ភស្ដុតាង​ពាក់ព័ន្ធ​របប​ខ្មែរ​ក្រហម
  • បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ខេត្ត​រតនគិរី [យោង​តាម​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​រតនគិរី]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៥២​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • រដ្ឋមន្ត្រី​កសិកម្ម​ [លោក​ ច័ន្ទ សារុន] អំពាវនាវ​កុំ​ឱ្យ​កសិករ​ប្រញាប់​លក់​ស្រូវ​ខណៈ​ស្រូវ​កំពុង​ចុះ​ថ្លៃ​ [ដែល​កាល​ពី​មុន​តម្លៃ​ស្រូវ​ ៥៨៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន​ តែ​ឥឡូវ​នៅ​សល់​តែ​ ៤៥០​ដុល្លារ​អាមេរិក​]
  • គណបក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រដ្ឋសភា​ពិនិត្យ​ឡើង​វិញ​នូវ​សំណើ​កែ​ប្រែ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​សភា​
  • ក្រសួង​ផែនការ​ត្រៀម​រៀបចំ​ធ្វើ​ជំរឿន​សហគ្រាស​ឆ្នាំ​ ២០០៩​ ក្រោម​គម្រោង​ JICA
  • កងទ័ព​ចិន​នឹង​ផ្ដល់​រថយន្ត​ ៣៣​គ្រឿង​ដល់​កងទ័ព​កម្ពុជា​
  • តាំង​ពិព័រណ៍​រូបថត​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី​ ១​របស់​អ្នក​សារព័ត៌មាន​ខ្មែរ​ [ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១​ ខែ​ ធ្នូ​ ខាង​មុខ​នេះ​ នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ ក្នុង​ទីក្រុង​ភ្នំពេញ​]
  • សកម្មជន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ជនជាតិ​ខ្មែរ​ឈ្នះ​ពាន​រង្វាន់​ដែល​មាន​តម្លៃ​ ១.២៧​លាន​ដុល្លារ [លោក​ស្រី​ ម៉ម​ សុម៉ាលី​មាន​កិត្តិយស​ដែល​ឈ្នះ​ពាន​រង្វាន់​ Roland Berger Humanity Dignity Award នៅ​ឯ​ទីក្រុង​ប៊ែរឡាំង​ ហើយ​ប្រធានាធិបតី​អាល្លឺម៉ង់​ លោក​ ហស​ ខូល័រ​ ក៏​បាន​ចូលរួម​ផង​ដែរ]
  • ក្រសួង​វប្បធម៌​ចងក្រង​សៀវភៅ​ “ខ្នាត​ក្បាច់​ចម្លាក់​ខ្មែរ”​ សម្រាប់​ជំនាន់​ក្រោយ​
  • នាយករដ្ឋមន្ត្រី​ថៃ​ [លោក​ ស៊ុម​ ឆាយ​]​ហៅ​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ជា​អំពើ​ក្បត់ជាតិ​ កម្មករ​ថៃ​ ១.១​លាន​នាក់​នឹង​បាត់បង់​ការងារ​នៅ​ឆ្នាំ​ក្រោយ​ ក្រុម​ពាក់​អាវ​ក្រហម​ព្រមាន​បណ្ដេញ​ក្រុម​ពាក់​អាវ​លឿង​ចេញ​ពី​វិមាន​រដ្ឋាភិបាល​
  • ទីផ្សារ​ហ៊ុន​កើន​ឡើង​ខ្ពស់​ក្រោយ​ អូបាម៉ា​ រើស​បាន​ក្រុម​សេដ្ឋកិច្ច


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៤៥​ ថ្ងៃ​ ពុធ​ ទី​ ២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨

  • អាមេរិក​ និង​អង់គ្លេស​ផ្ដល់​មូលនិធិ​សម្រាប់​ការ​ផលិត​ស្រោម​អនាម័យ​ ដែល​មាន​តម្លៃ​សមរម្យ​ និង​គុណភាព​សម្រាប់​ការ​ការពារ​មេរោគ​អេដស៍​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: