Archive for December, 2008

កម្មករ​សំណង់​ ៣០​%​ អត់​ការងារ​ធ្វើ​ – ថ្ងៃ​ ពុធ​ ទី​ ៣១​ ធ្នូ​ ២០០៨​

Posted on Wednesday, 31 December 2008. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥៣០

សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​គេ​រំពឹង​ថា​នឹង​មាន​កំណើន​បន្ត​ទៀត​នោះ​ ឥឡូវ​ហាក់​ដូចជា​ជាប់​ហ្វ្រាំង​ង៉ក់​ ដោយសារ​ឆ្នាំ​នេះ​ប្រាក់​វិនិយោគ​ត្រូវ​ដាំ​ក្បាល​ចុះ​ រហូតមកដល់​ខែ​វិច្ឆិកា​កន្លងទៅ​នេះ​ ប្រាក់​ដែល​បរទេស​មក​បណ្ដាក់ទុន​លើ​ផ្នែក​សាងសង់​ ដែល​ជា​ទុន​សំខាន់​របស់​សេដ្ឋកិច្ច​ ត្រូវ​បាត់បង់​ជាង​ ១២​%​ ។​ កម្មករ​រាប់​ម៉ឺន​នាក់​ត្រូវ​អត់​ការងារ​ធ្វើ​ បណ្ដាលឲ្យ​មាន​ការ​ប៉ះទង្គិច​មួយ​ផ្នែក​ដល់​ឧស្សាហកម្ម​ ផ្នែក​ផ្សេង​ៗ​ទៀត​ ។

វិបត្តិ​ហិរញ្ញវត្ថុ​បាន​បញ្ជូន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​ការសាងសង់​នៅ​ក្នុង​ប្រទេស​ ដោយ​ទុន​វិនិយោគ​ធំ​ជា​ទុន​ពី​បរទេស​ដោយឡែក​អ្នក​វិនិយោគ​មកពី​កូរ៉េ​ខាងត្បូង​ ដែល​បាន​ទទួល​ផល​ប៉ះទង្គិច​ដោយ​ផ្ទាល់​ពី​សេដ្ឋកិច្ច​ថមថយ​នៅ​សហរដ្ឋអាមេរិក​ ។

តួលេខ​របស់​រាជរដ្ឋាភិបាល​ដែល​ផ្សព្វផ្សាយ​ចុងក្រោយ​បំផុត​កាលពី​សប្ដាហ៍​កន្លងទៅ​ បង្ហាញ​ឲ្យ​ឃើញ​ថា​ ១១​ ខែ​ ឆ្នាំ​ ២០០៨​ នេះ​ ប្រាក់​វិនិយោគទុន​លើ​ផ្នែក​សំណង់​ និង​ អភិវឌ្ឍន៍​គ្រឿង​សង្ហារិម​មាន​ចំនួន​ ១២,៥​%​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​ ពី​ ៣.២០០​លាន​ដុល្លារ​ នៅ​ត្រឹម​ ២.៨០០​លាន​ដុល្លារ​ ។​ នេះ​ជា​តួលេខ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​ សំណង់​ ។

អ្វី​ដែល​និយាយ​នេះ​គឺ​កើត​ពី​ភាវៈ​អាក្រក់​នៃ​អាជីវកម្ម​សំណង់​ធ្លាក់​ចុះ​ តម្លៃ​សម្ភារៈ​សង្ហារិម​ និង​ ការ​ចុះ​អន់ថយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ជា​រួម​ ដែល​ផ្នែក​សាងសង់​ទូទាំង​ពិភពលោក​ក៏​ប៉ះទង្គិច​នឹង​បញ្ហា​ដូចគ្នា​នឹង​រយៈពេល​ ១១​ខែ​ ដំបូង​នៃ​ឆ្នាំ​នេះ​ដែរ​ ។

សម្រាប់​កម្ពុជា​ ខាង​សហភាព​កម្មករ​និយាយ​ថា​ ប្រមាណ​ ៣០​%​ នៃ​កម្មការ​ផ្នែក​សំណង់​ ត្រូវ​អត់​ការងារ​ធ្វើ​ គ្រោង​ការ​ផ្សេង​ៗ​ត្រូវ​ផ្អាក​ ឬ​ ឈប់​តែ​ម្ដង​ ខណៈ​ដែល​តួលេខ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​ សំណង់​ ឲ្យ​ដឹង​ថា​ ការងារ​សំណង់​ក្នុង​ប្រទេស​ធ្លាប់​ប្រើ​ពលកម្ម​កម្មករ​ចំនួន​ ៤៥.០០០​ ទៅ​ ៥០.០០០​នាក់​ ហើយ​ប្រាក់ខែ​ ពី​ ៦០​ ទៅ​ ១.២០០​ដុល្លារ​ ។

ឯកឧត្ដម​ អ៊ឹម​ ឈុនលឹម​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​ សំណង់​ មាន​ប្រសាសន៍​ថា​ ការ​ថមថយ​បែបនេះ​កើតឡើង​ជាមួយ​នឹង​គម្រោងការ​វិនិយោគ​ពី​បរទេស​ ហើយ​យើង​ព្យាករណ៍​ថា​ នៅ​ឆ្នាំ​ ២០០៩​ នេះ​ នឹង​បន្ត​ធ្លាក់​ចុះ​ទៀត​ ។

ការ​ប៉ះទង្គិច​ទៅលើ​កិច្ចការ​សំណង់​ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅដល់​តម្លៃ​សម្ភារៈ​សំណង់​ គ្រឿងបន្លាស់​… ចុះ​ថ្លៃ​ ៣០​%​ – ៤០​%​ ថែមទាំង​លក់​មិន​ចេញ​ ហើយ​អ្នក​រកស៊ី​បែបនេះ​ភាគច្រើន​ពឹង​អាស្រ័យ​លើ​ធនាគារ​ ។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ គ្រោង​ការ​សំណង់​ខ្នាត​ធំ​ ដូចជា​ គម្រោងការ​សាងសង់​ទីក្រុង​កាំកូ​ស៊ីធី​ (Camco City) អគារ​ហ្គោល​ថៅវើរ​ ៤២​ (Gold Tower 42) និង​ គម្រោងការ​ អាយ.អេហ្វ.ស៊ី​ ថៅវើរ​ (IFC Tower) នៅ​ដំណើរការ​សាងសង់​ ប៉ុន្តែ​មិន​ស្ថិតស្ថេរ​ ។

នៅ​ក្នុង​ខែ​មិថុនា​ ដល់​ខែ​វិច្ឆិកា​ កន្លងមក​នេះ​ ទូទាំង​ប្រទេស​មាន​គ្រោង​ការសាងសង់​ប្រមាណ​ ១.៨៦៩​គ្រោង​ការ​ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​ ២០០៧​ មាន​ ១.៩៤២​គ្រោង​ការ​ ។

ចាត់​ទុក​ជា​លើកដំបូង​ហើយ​ដែល​មាន​ការ​បញ្ចេញ​ឲ្យ​ដឹង​នូវ​តួលេខ​ក្រោយពី​របាយការណ៍​របស់​សារព័ត៌មាន​និយាយ​ថា​ គ្រោង​ការសាងសង់​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស​យើង​ ដោយឡែក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​បិទ​ដំណើរការ​ខ្លួនឯង​ទាំងអស់​ហើយ​ ។

លោក​ ចាន់​ សុផល​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ (Cambodia Economic Association) មាន​យោបល់​ថា​ កិច្ចការ​សំណង់​បាន​ទទួល​ផល​ប៉ះទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​រយៈពេល​ ៦​ខែ​ ចុង​ឆ្នាំ​នេះ​ និង​ ដើម​ឆ្នាំ​ ២០០៩​ កាន់តែ​យ៉ាប់​ ។…

សេដ្ឋកិច្ច​កម្ពុជា​បាន​ពង្រីក​ខ្លួន​ជា​មធ្យម​ជាង​ ១០​%​ នា​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ហើយ​ ដោយ​មាន​ឧស្សាហកម្ម​កាត់​ដេរ​នាំចេញ​ វិស័យ​ទេសចរណ៍​ និង​ សំណង់​ ដែល​ជា​កម្លាំង​ចលករ​ដ៏​ខ្លាំងក្លា​ ៕​ កាសែត​មតិ​អ្នក​ ឆ្នាំ​ទី​ ១​ លេខ​ ១៦​ ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ – ថ្ងៃ​ទី​ ៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

អរិយធម៌​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៧៤​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ផ្ទះ​៩​ ត្រូវ​បាន​បិទ​ឈប់​ឲ្យ​ធ្វើ​អាជីវកម្ម​បញ្ចាំ​ [នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០២​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ព្រឹក​នេះ​តុលាការ​កំពូល​សម្រេច​ជោគវាសនា​ ប៊ន​ សំណាង​ – សុខ​ សំអឿន​ [ពី​បទ​ធ្វើឃាត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ជា​ វិជ្ជា​ កាលពី​ឆ្នាំ​ ២០០៤​]
  • សភា​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចិន​ពីរ​ធ្វើ​វិនិយោគ​លើ​ប្រព័ន្ធ​អគ្គិសនី​ ចំណាយ​ទឹកប្រាក់​ប្រមាណ​ជិត​ ១.០០០​លាន​ដុល្លារ​ [ក្នុង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​តាតៃ​ ខេត្ត​កោះកុង​ និង​ វារីអគ្គិសនី​នៅ​ឫស្សី​ក្រោម​ ដែល​ស្ថិតនៅ​ក្បែរ​ជួរ​ភ្នំ​ក្រវ៉ាញ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣៤​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ព្រះមហាក្សត្រ​យាង​សម្ពោធ​អគារ​ថ្មី​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧​ ក្រុង​សៀមរាប
  • ក្រសួងសុខាភិបាល​ត្រៀម​សារ​បំរាម​សុខភាព​ជា​រូបភាព​ចំនួន​ ៦​ សំរាប់​ដាក់​ឆ្លាស់គ្នា​នៅ​លើ​កញ្ចប់​បារី
  • អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​ពេញទំហឹង​ជាមួយ​ពួក​ហាម៉ាស់​នៅ​ហ្កាហ្សា​ – ប៉ាឡេស្ទីន​ ៣៤៥​នាក់​ និង​ អ៊ីស្រាអែល​ ៤​នាក់​ ស្លាប់
  • លោកស្រី​ ហាស៊ីណា​ នាំមុខ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​បង់ក្លាដេស​ [លោកស្រី​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាង​ ១៥១​ ក្នុង​ចំណោម​អាសនៈ​សរុប​៣០០​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៧២​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មន្ត្រី​មន្ទីរអប់រំ​បាន​សម្ដែង​ការព្រួយបារម្ភ​ពី​អនាគត​ក្មេង​ៗ​ និង​ ធនធាន​មនុស្ស​នៅ​តំបន់​ខ្លះ​បោះបង់​ការសិក្សា​ចោល​ មក​អូស​រទេះ​ [នៅ​ច្រក​ភ្នំ​ដី​ ខេត្ត​បាត់ដំបង​]
  • ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​បុរស​កូរ៉េ​ រង់ចាំ​ចាកចេញ​យ៉ាង​អន្ទះសា​ [ពី​ប្រទេស​កម្ពុជា​ នូវ​ការ​ដក​បម្រាម​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៩​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រសួងការបរទេស​ក្លាយ​ជា​កន្លែង​ប្រជុំ​សភា​ថៃ​ – ក្រុម​អាវ​ក្រហម​ [អ្នក​គាំទ្រ​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​] បន្ត​រារាំង​មិនព្រម​ដកថយ


មតិ​អ្នក​ ឆ្នាំ​ទី​ ១​ លេខ​ ១៦​ ថ្ងៃ​ ពុធ​ ទី​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ – អង្គារ​ ទី​ ៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កម្មករ​សំណង់​ ៣០​%​ អត់​ការងារ​ធ្វើ


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៥៣​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • [រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​] ស​ ខេង​ ទទួលស្គាល់​ថា​ មាន​អំពើ​ពុករលួយ​ក្នុងចំណោម​មន្ត្រី​ប៉ូលិស​ធំ​ៗ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៨២​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ផ្លូវ​លើ​អាកាស​ទី​១​ នៅ​ស្រុក​ខ្មែរ​ ភ្ជាប់​ចរាចរ​ ភ្នំពេញ​-តាខ្មៅ​ [ក្នុង​ខេត្ត​កណ្ដាល​ – សាលាក្រុង​ភ្នំពេញ​នឹង​ធ្វើការ​សាងសង់​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​]
  • វៀតណាម​អះអាង​ថា​ ឈ្មួញ​កំពុង​សម្រុក​រត់ពន្ធ​ទំនិញ​ពី​ព្រំដែន​ខ្មែរ​ ចូល​ក្នុង​ប្រទេស​ខ្លួន​ [តាម​ខេត្ត​អាងយ៉ាង​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៦៧​ ថ្ងៃ​ ពុធ​ ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រដ្ឋមន្ត្រី​ក្រសួងការបរទេស​សៀម​ [កាស៊ីត​ ពីរ៉ុមយ៉ា​] ជូនពរ​ [រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​កម្ពុជា​] លោក​ ហោ​ ណាំហុង​ តាម​ទូរស័ព្ទ​ និង​ មាន​គម្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ [ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ពេលវេលា​នៃ​ទស្សនកិច្ច​នេះ​នោះ​ទេ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Advertisements
Read Full Post | Make a Comment ( None so far )

ប្រជាជន​ដី​ក្រហម​លើក​សំណើ​ចុងក្រោយ​ខណៈ​ដែល​អាជ្ញាធរ​តម្រូវឲ្យ​រុះរើ​ចេញ​នៅ​ថ្ងៃ​ទី​ ៣០​ ធ្នូ​ – ថ្ងៃ​ អង្គារ​ ទី​ ៣០​ ធ្នូ​ ២០០៨​

Posted on Tuesday, 30 December 2008. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥៣០

ភ្នំពេញ​ ៖​ ប្រជាជន​ដី​ក្រហម​ដែល​សេសសល់​ពី​ការ​បណ្ដេញ​ចេញ​ បាន​ទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ឬក៏​ឲ្យ​មាន​សំណង់​តាម​ថ្លៃ​ដី​ទីផ្សារ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ចាក់ចេញ​ពី​តំបន់​ដី​ក្រហម​ ក្នុង​ខណ្ឌ​ចំការមន​ ទីក្រុង​ភ្នំពេញ​ ។

ការ​លើកឡើង​ពី​សំណើ​បែបនេះ​ បាន​ធ្វើឡើង​មួយ​ថ្ងៃ​មុន​កាល​កំណត់​ចុងក្រោយ​របស់​អាជ្ញាធរ​ខណ្ឌ​ចំការមន​ ដែល​បាន​តម្រូវឲ្យ​ប្រជាជន​សហគមន៍​ដី​ក្រហម​រុះរើ​លំនៅ​ស្ថាន​ចាកចេញ​ទៅកាន់​ទីលំនៅ​ថ្មី​ ស្ថិតនៅ​ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ដង្កោ​ ។

តំណាង​ប្រជាជន​សហគមន៍​ ក៏ដូចជា​ប្រជាជន​ផ្សេង​ទៀត​ បាន​លើកឡើង​ក្នុង​សន្និសីទកាសែត​ កាលពី​រសៀល​ ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ នូវ​ជម្រើស​ពីរ​យ៉ាង​ ជា​ថ្នូរ​នឹង​ការ​រុះរើ​ចេញពី​លំនៅ​ស្ថាន​រយិតរយៀក​ ក្នុង​សហគមន៍​ដី​ក្រហម​ ។​ នោះ​គឺ​ប្រជាជន​ចង់ឲ្យ​មាន​ការ​ចែក​ដី​សម្រាប់​ប្រជាជន​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ និង​មួយទៀត​ ប្រជាជន​សុំ​ឲ្យ​មាន​សំណង់​តាម​តម្លៃ​ទីផ្សារ​ ដោយ​រក​ក្រុមហ៊ុន​វាយតម្លៃ​ដីធ្លី​ឯករាជ្យ​ ដើម្បី​កំណត់​តម្លៃ​ដី​ ។

ការ​លើកឡើង​របស់​ប្រជាជន​សហគមន៍​ដី​ក្រហម​បែបនេះ​ ធ្វើឡើង​ខណៈ​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​ចំការមន​ បាន​ជូនដំណឹង​ចុងក្រោយ​ទៅកាន់​ប្រជាជន​ដែល​កំពុង​រស់នៅ​លើ​ទីតាំង​សហគមន៍​ដី​ក្រហម​ ក្នុង​ភូមិ​២​ និង​ ភូមិ​១៥​ សង្កាត់​ទន្លេបាសាក់​ ឲ្យ​ធ្វើការ​រុះរើ​ផ្ទេរ​លំនៅ​ស្ថាន​ទៅកាន់​ទីតាំង​ថ្មី​ដែល​ក្រុមហ៊ុន​ 7NG​ ដែល​បាន​សាងសង់​នៅ​ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ដង្កោ​ ជាយ​ទីក្រុង​ភ្នំពេញ​ ។​ សេចក្ដីជូនដំណឹង​ចុងក្រោយ​ ចុះ​ហត្ថលេខា​ដោយ​ លោក​ ឡូ​ យុយ​ អភិបាល​ខណ្ឌ​ចំការមន​ កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ ធ្នូ​ បាន​បញ្ជាក់​ថា​ លំនៅ​ស្ថាន​ថ្មី​នោះ​ មួយ​ល្វែង​មាន​ទំហំ​ ៤​គុណ​នឹង​១០​ម៉ែត្រ​ សាងសង់​ពី​ថ្ម​ មាន​ជាន់​ផ្ទាល់​ដី​ចាក់គ្រឹះ​ទុក​សម្រាប់​សាងសង់​ជាន់​ទី​១​ បាន​ ។​ អាជ្ញាធរ​អះអាង​ថា​ បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ចំនួន​ ១.៣៧៤​គ្រួសារ​ បាន​ធ្វើការ​ផ្ទេរ​ទៅ​រស់នៅ​លើ​ទីតាំង​ថ្មី​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ ។​ នៅសល់​តែ​ ៩១​គ្រួសារ​ទៀត​ប៉ុណ្ណោះ​ដែល​មិន​ទាន់បាន​ធ្វើការ​រៀបចំ​រុះរើ​ផ្ទេរ​ទៅកាន់​ទីតាំង​ថ្មី​នៅឡើយ​ ។​ អាជ្ញាធរ​បាន​តម្រូវឲ្យ​ប្រជាជន​ដែល​នៅសល់​រុះរើ​ចេញ​រហូតដល់​ថ្ងៃ​ទី​ ៣០​ ខែ​ ធ្នូ​ ជា​កំហិត​ ។

ក៏ប៉ុន្តែ​ក្រុម​ប្រជាជន​ដែល​សេសសល់​ពី​ការ​រុះរើ​ទៅកាន់​លំនៅ​ថ្មី​ បាន​បដិសេធន៍​មិនព្រម​ចាកចេញ​ពី​សហគមន៍​ដី​ក្រហម​ និង​ អះអាង​ថា​តស៊ូ​ប្ដូរផ្ដាច់​ ប្រសិនបើ​មាន​ការ​ប្រើ​ហិង្សា​បណ្ដេញ​ប្រជាជន​ដោយ​បង្ខំ​ ។

លោក​ ចាន់​ វិចិត្រ​ តំណាង​ប្រជាជន​សហគមន៍​ដី​ក្រហម​ បាន​មាន​ប្រសាសន៍​ថា​ បើ​សិន​អាជ្ញាធរ​ប្រើ​សកម្មភាព​ដោយ​កម្លាំង​ដើម្បី​បណ្ដេញ​ប្រជាជន​ចេញពី​ផ្ទះ​នៅ​សហគមន៍​ដី​ក្រហម​នោះ​ អ្នកភូមិ​នឹង​មាន​ការ​ឆ្លើយតប​ដោយ​ហិង្សា​ ដើម្បី​ការពារ​ខ្លួន​ និង​ ការពារ​ទ្រព្យសម្បត្តិ​ជាមិនខាន​ ។

យ៉ាងណាក៏ដោយ​ អភិបាលរង​ក្រុងភ្នំពេញ​ លោក​ ម៉ាន់​ ឈឿន​ ដែល​បាន​ជួប​ជាមួយ​តំណាង​សហគមន៍​ដី​ក្រហម​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ មិន​មាន​សម្រេច​តាម​សំណើ​របស់​ប្រជាជន​ទេ​ ។​ ក៏ប៉ុន្តែ​លោក​អភិបាលរង​ក្រុង​ បាន​លើក​នូវ​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ 7NG​ ប្រាប់​ដល់​តំណាង​ប្រជាជន​ ។​ នោះ​គឺ​ក្រុមហ៊ុន​ និង​ អាជ្ញាធរ​បាន​ផ្ដល់ឲ្យ​ជម្រើស​ពីរ​សម្រាប់​ប្រជាជន​នៅ​សហគមន៍​ដី​ក្រហម​ ជា​ថ្នូរ​នឹង​ការ​រើចេញ​ ។​ ទី​១​ គឺ​ផ្ដល់​ផ្ទះ​មួយ​ល្វែង​ ស្ថិតនៅ​ខណ្ឌ​ដង្កោ​ ជាយ​ក្រុង​ ជាមួយ​នឹង​លុយ​ ៧៧​ម៉ឺន​រៀល​ អង្ករ​៣០​គីឡូក្រាម​ មី​មួយ​កេស​ និង​ ទឹកត្រី​ ។​ ជម្រើស​ទី​២​ ប្រជាជន​ដី​ក្រហម​ក្នុង​១​គ្រួសារ​នឹង​ទទួល​បាន​លុយ​ ១​ម៉ឺន​ដុល្លារ​ និង​ ប្រាក់​បន្ថែម​ ៧៧​ម៉ឺន​រៀល​ អង្ករ​៣០​គីឡូក្រាម​ មី​១​កេស​ និង​ ទឹកត្រី​ ។​ ចំពោះ​លក្ខខណ្ឌ​ពី​ក្រុមហ៊ុន​ និង​ អាជ្ញាធរ​នេះ​ មិន​ត្រូវ​បាន​ប្រជាជន​ទទួលយក​ឡើយ​ ដោយ​សំអាង​ថា​ ទីតាំង​ថ្មី​នៅ​ឆ្ងាយ​ ពិបាក​ក្នុង​ការ​រៀន​សូត្រ​របស់​កូន​ និង​ ពិបាក​ក្នុង​ការ​ប្រកបរបរ​ទទួលទាន​ប្រចាំ​ថ្ងៃ​ ។

សូម​បញ្ជាក់​ថា​ សាលាក្រុង​ភ្នំពេញ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​សហគមន៍​ដី​ក្រហម​ឲ្យ​ដល់​ក្រុមហ៊ុន​ 7NG​ កាលពី​ឆ្នាំ​ ២០០៦​ ។​ ក្រុមហ៊ុន​ 7NG​ មាន​គម្រោង​សាងសង់​អភិវឌ្ឍន៍​អតីត​តំបន់​អ្នក​ក្រីក្រ​រស់នៅ​នេះ​ ឲ្យ​ទៅជា​សំណង់​អគារ​ផ្ទះល្វែង​ និង​ អគារ​ពាណិជ្ជកម្ម​ទំនើប​ៗ​ ។

ក៏ប៉ុន្តែ​តាម​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៣​ បាន​យល់ស្រប​តាម​សំណើ​របស់​អភិបាល​ក្រុងភ្នំពេញ​ ក្នុង​ការ​សុំ​គោលការណ៍​សម្បទាន​ដី​សង្គមកិច្ច​នៅ​សហគមន៍​ដី​ក្រហម​ ទំហំ​ ៤,៧០​ហិកតារ​ ដែល​មាន​ប្រជាជន​សរុប​ ១.៤៦៥​គ្រួសារ​ ដើម្បី​អភិវឌ្ឍន៍​លំនៅ​ស្ថាន​ដល់​ជន​ក្រីក្រ​ ។​ ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​អនុញ្ញាត​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ទំហំ​ ៣,៧០​ហិតា​ ដើម្បី​អភិវឌ្ឍន៍​លំនៅ​ស្ថាន​នៅ​សហគមន៍​ដី​ក្រហម​នោះ​ ។

យ៉ាងណាក៏ដោយ​ បន្ទាប់ពី​ទទួល​សិទ្ធិ​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​រួចមក​ ក្រុមហ៊ុន​ 7NG​ បាន​ចាប់ផ្ដើម​គម្រោង​អភិវឌ្ឍន៍​ ដែល​បង្ក​ជា​ជម្លោះ​ជា​ញឹកញាប់​ជាមួយ​អ្នកភូមិ​ ។​ អ្នកភូមិ​មួយ​ចំនួន​ត្រូវ​បាន​ចាប់ខ្លួន​ ដែល​មកទល់​ពេលនេះ​ មាន​តំណាង​ប្រជាជន​នៅ​សហគមន៍​ដី​ក្រហម​ម្នាក់​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស​នៅឡើយ​ ។​ ចំណែក​អ្នកភូមិ​ខ្លះ​ទៀត​ ក៏​បាន​ព្រមព្រៀង​ដោះដូរ​ដោយ​ទទួលយក​ផ្ទះល្វែង​ដែល​ក្រុមហ៊ុន​សាងសង់​ឲ្យ​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៨១​ ថ្ងៃ​ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣៣​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មូលនិធិ​សាធារណរដ្ឋ​កូរ៉េ​ ផ្ដល់​ប្រាក់​កំចី​ ១២០​លាន​ដុល្លារ​ សំរាប់​គំរោង​អភិវឌ្ឍន៍​ចំនួន​៤​ នៅ​កម្ពុជា​ [១​. គម្រោង​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ និង​ អភិវឌ្ឍន៍​ស្ទឹង​សៀមរាប​ ២​. គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​ ៣១​ កំណាត់​ផ្លូវជាតិ​លេខ​ ៣៣​ ផ្លូវ​ខេត្ត​លេខ​ ១១៧​ និង​ ផ្លូវវាង​ខេត្ត​កំពត​ ៣​. គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​ដូនទ្រី​ និង​ គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ក្រាំង​ពន្លៃ​ ក្នុង​ខេត្ត​កំពង់ស្ពឺ​ និង​ ៤​. គម្រោង​ស្ដារ​ស្ពាន​សំខាន់​ៗ​នៅ​តាម​ដង​ផ្លូវជាតិ​]
  • ទ័ព​សៀម​បបួល​ទ័ព​ខ្មែរ​ជប់លៀង​ថ្ងៃ​ចូលឆ្នាំ​សកល​នៅ​ទល់ដែន​ [ខេត្ត​ព្រះវិហារ​]
  • ម្ដាយ​ជនរងគ្រោះ​អះអាង​ថា​ គាត់​រក​លុយ​បង់​សេវា​ពេទ្យ​មិន​ទាន់​ ទើប​កូន​គាត់​ស្លាប់​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ [កូនប្រុស​របស់​គាត់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​កាប់​ក្បាល​នឹង​ពូថៅ​ពីក្រោយ​ ហើយ​នៅ​ពេល​ដែល​គាត់​បញ្ជូន​កូន​គាត់​ទៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិសាត់​ គ្រូពេទ្យ​មិន​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ព្យាបាល​ទេ​ គឺ​បាន​ត្រឹមតែ​ដាក់​សេរ៉ូម​អោយ​មួយ​កំប្លោក​ប៉ុណ្ណោះ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៧១​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រដ្ឋមន្ត្រីការបរទេស​ថៃ​ [លោក​ កាស៊ីត​ ពីរ៉ូមយ៉ា​] ចង់​សហការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ [នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ថៃ​ The Nation]
  • អង្គការ​សិទ្ធ​មនុស្ស​អន្តរជាតិ​ [អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ – សហព័ន្ធ​សហជីព​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ អង្គការ​ឃ្លាំមើល​ការ​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​] ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​ដោះលែង​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ [ដែល​បាន​ជាប់​ពន្ធនាគារ​ចំនួន​ ២០​ឆ្នាំ​ ពី​បទ​សម្លាប់​មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ជា​ វិជ្ជា​ ក្នុង​ខណៈ​ដែល​មនុស្ស​ជាច្រើន​ រួម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ បាន​អះអាង​ថា​ពួកគេ​ទាំងពីរ​គ្មាន​ទោស​]
  • [អភិបាល​ខណ្ឌ​មានជ័យ​] លោក​ គួច​ ចំរើន​ អំពាវនាវ​ដល់​ម្ចាស់​ [ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​បាន​ចោរ​លួច​ និង​ ប្លន់​] មក​ពិនិត្យ​ និង​ យក​ម៉ូតូ​ ក្រោយពី​ការ​បង្ក្រាប​ឃ្លាំង​ម៉ូតូ​លក់​ និង​ បញ្ចាំ

  • កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៨​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

    • រដ្ឋសភា​អនុម័ត​សេចក្ដីព្រាងច្បាប់​ទូទាត់​ថវិកា​ឆ្នាំ​ ២០០៦​ ជាប់​គាំង​នយោបាយ​ ឆ្នាំ​ ២០០៣​ អូស​បន្លាយ​ ១១​ខែ​ បង្ក​ឲ្យ​យឺតយ៉ាវ
    • វិបត្តិ​នយោបាយ​ថៃ​ ៖​ ក្រុម​អាវ​ក្រហម​ [ប្រមាណ​ជា​ ១០.០០០​នាក់​] រារាំង​ការប្រជុំ​សភា​ និង​ ទាមទារ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ជាថ្មី


    មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៥២​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

    • អតីត​រដ្ឋមន្ត្រីការបរទេស​សៀម​ [លោក​ នុបផាដុន​ ប៉ាតាម៉ា​] ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ទាមទារ​យក​ទឹកដី​ខ្មែរ​ជុំវិញ​ប្រាសាទ​ព្រះវិហារ


    រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៨១​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

    • ប្រជាជន​ដី​ក្រហម​លើក​សំណើ​ចុងក្រោយ​ ខណៈ​ដែល​អាជ្ញាធរ​តម្រូវឲ្យ​រុះរើ​ចេញ​នៅ​ថ្ងៃ​ទី​ ៣០​ ធ្នូ
    • ក្រុមហ៊ុន​ “វីណា​ហុងកុង​គ្រុប​” ជាប់​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃឈើ​រាប់​រយ​ហិកតារ​នៅ​រតនគិរី​ [ប្រជាពលរដ្ឋ​សហគមន៍​ ភូមិ​បាអ​ ឃុំ​កិះចុង​ ស្រុក​បរកែវ​ បាន​ប្ដឹង​ក្រុមហ៊ុន​នេះ​ថា​បាន​កាប់​បំផ្លាញ​ព្រៃឈើ​]
    • ចាប់​ក្រុម​ប្លន់​ធនាគារ​ ទូ​មាស​ស្វាយប៉ាក​ និង​ ទូ​មាស​កំពង់ចាម​ [ចំនួន​បី​នាក់​]
    • មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៤​ បើ​ពុំ​មាន​ថវិកា​ ២៥​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ទេ​ មិន​អាច​ដំណើរការ​បាន​ឡើយ​ [នេះ​ជា​សម្ដី​របស់​ លោក​វេជ្ជបណ្ឌិត​ Beat Richner​ ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​សម្រាប់​ព្យបាល​កុមារ​នេះ​ និង​ដែល​ផ្ដល់​នូវ​ការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​]


    សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៦៦​ ថ្ងៃ​ អង្គារ​ ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

    • កម្មករ​ និង​ អាជីវករ​នៅ​ប៉ោយប៉ែត​ ចោទ​ថា​ [មេ​ប៉ូលិស​ថ្មី​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​] សៅ​ ប៊ុនរិទ្ធិ​ និង​ [អតីត​មេ​ប៉ូលិស​ច្រក​ទ្វារ​ព្រំដែន​] ពេជ្រ​ សារ៉ន​ ដូច​មួយ​ដំប​និង​បួន​ [ទាក់ទឹន​នឹង​អំពើ​ពុករលួយ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​]
  • * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

    * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

    * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

អ្វី​ដែល​គេ​យកចិត្ត​ទុកដាក់​ – ថ្ងៃ​ អាទិត្យ​ ទី​ ២១​​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Tuesday, 30 December 2008. Filed under: *វិចារណកថា* |

កាសែត​នានា​ចេញ​ផ្សាយ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ នូវ​សេចក្ដីរាយការណ៍​ព័ត៌មាន​ដែល​និយាយ​ថា​ អ្វី​ៗ​មិន​បាន​ប្រព្រឹត្តទៅ​ល្អ​ក្នុង​សង្គម​ទេ​ ។​ កាលពី​ថ្ងៃ​ចន្ទ​ យើង​បាន​ឆ្លុះបញ្ចាំង​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ “ភាព​ក្រីក្រ​បង្ខំ​ក្មេង​ៗ​ឲ្យ​ចាកចោល​ផ្ទះសម្បែង​ ហើយ​រក​ការងារ​ធ្វើ​នៅ​ទី​ណាមួយ​” – វា​មិន​គ្រាន់តែ​ជា​អត្ថបទ​មួយ​ដែល​មាន​តួលេខ​មិន​ច្បាស់​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​វា​មាន​ឧទាហរណ៍​ពិស្ដារ​ផង​ទៀត​ គឺ​ឧទាហរណ៍​ដែល​តំណាង​ឲ្យ​ករណី​ច្រើន​យ៉ាង​ប្រហាក់ប្រហែល​គ្នា​ ៖​ ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​បម្រើការ​ក្នុង​ឡឥដ្ឋ​មួយ​ ក្មេង​ស្រី​ជំទង់​ម្នាក់​ទៀត​ អាយុ​ ១៣​ឆ្នាំ​ ដែល​មាន​ពេល​ឈប់សម្រាក​តែ​បី​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ថ្ងៃ​ផ្សេង​ក្រៅពី​នេះ​ នាង​ធ្វើការ​ ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​បាន​ប្រាក់ឈ្នួល​ពលកម្ម​ ១៧,៥០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ​ ហើយ​ក្មេង​ប្រុស​ម្នាក់​ អាយុ​ ១៤​ឆ្នាំ​ ដែល​បម្រើការ​ជា​អ្នក​លាង​រថយន្ត​ – តាមការពិត​ វា​ក៏​ដូច​តែ​ក្មេង​ស្រី​ដូច​ពោល​ខាងលើ​នេះ​ដែរ​ វា​មិន​អាច​ទៅ​សាលា​រៀន​ទេ​ ។

“ក្មេង​ៗ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​នៃ​ពលកម្ម​កុមារ​ គឺ​ដូចជា​ក្មេង​ធ្វើការ​ក្នុង​ស្រែ​អំបិល​ ធ្វើការ​នៅ​តាម​សមុទ្រ​ និង​ នេសាទ​ នៅ​ឡឥដ្ឋ​ ជា​បាវ​បម្រើ​ក្នុង​ផ្ទះ​ នៅ​ប៉ោយប៉ែត​ជា​អ្នកលីសែង​ និង​ នៅ​ចំការ​កៅស៊ូ​” – វា​កើត​មាន​រៀងរាល់​ថ្ងៃ​ – ហើយ​សង្គម​បាន​ដឹង​ស្ថានភាព​នេះ​ រួម​ទាំង​អ្នក​កាន់​តួនាទី​ដឹកនាំ​ ដូចជា​បុគ្គលិក​ជិត​ ២.០០០​នាក់​ របស់​រដ្ឋសភា​ ដែល​បាន​ទទួល​ប្រាក់ឈ្នួល​ពី​ ១៥០​ដុល្លារ​អាមេរិក​ ទៅ​ដល់​ ៥០០​ដុល្លារ​អាមេរិក​ ហើយ​មាន​ច្រើន​យ៉ាង​នេះ​ដែរ​ គឺ​សមាជិក​របស់​អង្គ​នីតិប្រតិបត្តិ​នៃ​រដ្ឋាភិបាល​ – មាន​ រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ និង​ អនុរដ្ឋលេខាធិការ​ ចំនួន​ ៤៦៣​នាក់​ – ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ប្រហែល​តែ​ ១៤​លាន​ប៉ុណ្ណោះ​ ។​ ឬមួយ​យើង​អាច​កត់ត្រា​មនុស្ស​ដែល​គេ​ស្គាល់​ថា​ត្រូវ​ជាប់ចោទ​ពី​ការ​រំលោភ​យក​ដី​ដែល​ប្រជាជន​បាន​រស់នៅ​ទីនោះ​រាប់​ឆ្នាំ​មក​ហើយ​ – ដូច​ដែល​អ្នកដឹកនាំ​អង្គការ​សិទ្ធិ​មនុស្ស​ពីរ​កន្លែង​ – គឺ​ អាដហុក​ និង​ លីកាដូ​ – បាន​និយាយ​ថា​ ៖​ នៅ​ពេល​អ្នកក្រ​ម្នាក់​ដែល​ដី​របស់​ខ្លួន​ត្រូវ​គេ​កំពុង​រំលោភ​យក​ បាន​ផ្ដិត​មេដៃ​ឲ្យ​ជា​ហត្ថលេខា​ រួច​ប្រគល់ឲ្យ​ នោះ​ពួកគេ​ក៏​បាន​រួច​ខ្លួន​ – បើ​ពុំ​ដូច្នោះ​ទេ​ សូម្បីតែ​តុលាការ​ក៏​ប្រឆាំង​នឹង​គេ​ដែរ​ ។

ហើយ​បន្ទាប់មក​ទៀត​ យើង​អាច​បន្ថែម​ករណី​ច្រើនយ៉ាង​នៃ​ការ​ចាប់​រំលោភ​ ដូចជា​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​សប្ដាហ៍​នេះ​ – អំពី​ឪពុក​ម្នាក់​ដែល​បាន​រំលោភ​កូនស្រី​ខ្លួនឯង​ អាយុ​ ១១​ឆ្នាំ​ ម្ដង​ហើយ​ម្ដងទៀត​ មុន​នឹង​ម្ដាយ​នាង​រក​កម្លាំង​បាន​ដើម្បី​រាយការណ៍​ពី​ប្ដី​របស់​ខ្លួន​ដល់​ប៉ូលិស​ ឬ​ ករណី​ក្មេង​ស្រី​ម្នាក់​ទៀត​ អាយុ​ ៩​ឆ្នាំ​ ដែល​ត្រូវ​ចាប់​រំលោភ​ផ្លូវ​ភេទ​នៅ​ផ្ទះសំណាក់​អស់​រយៈពេល​បួន​ថ្ងៃ​ ទើប​មាន​គេ​ដឹង​ ហើយ​ជួយ​ធ្វើ​អន្តរាគមន៍​ ។

តើ​នរណា​ខ្វល់​នឹង​និយាយ​ដើម្បី​រឿង​នេះ​?​ ឬមួយ​ តើ​នរណា​ជា​អ្នក​ចេញ​មុខ​រង​អ្នក​ដែល​ឈឺចាប់​នោះ​?

មាន​ករណី​មួយទៀត​ខុសប្លែក​ពី​នេះ​ ក្នុង​សប្ដាហ៍​នេះ​ ដែល​ជា​មូលហេតុ​នាំឲ្យ​មាន​អត្ថបទ​កាសែត​យ៉ាង​ច្រើន​ និង​ សារ​រាប់​រយ​ គឺ​ ៖​ វិចិត្រករ​កម្ពុជា​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ បាន​អញ្ជើញ​សាធារណជន​ តាមរយៈ​វ៉ិបសាយ​របស់​ខ្លួន​ឈ្មោះ​ វ៉ិបសាយ​រាហូ​ – សូរ្យគ្រាស​ – ឲ្យ​ចូលរួម​ក្នុង​ការ​ប្រឹងប្រែង​របស់​គេ​ ៖

“ខ្ញុំ​កំពុង​ខំ​ព្យាយាម​កសាង​សហគមន៍​សិល្បៈ​ខ្មែរ​ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​សិល្បករ​ថ្មី​ៗ​ សិល្បករ​ជើង​ចាស់​ សិល្បករ​ក្រាហ្វិក​ វិចិត្រករ​សាក់​រូប​ ឬ​នរណា​មួយ​ក្នុង​មុខ​អស់​នោះ​ ដែល​មាន​ចំណូលចិត្ត​ខាង​សិល្បៈ​ខ្មែរ​ ។​ យើង​អាច​ចែករំលែក​មតិយោបល់​ជាមួយ​គ្នា​ ពិភាក្សា​អំពី​គម្រោង​ប្លង់​របស់​លោកអ្នក​ និង​ បណ្ដាញ​ជាមួយ​សិល្បករ​ខ្មែរ​ដទៃ​ទៀត​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ និង​ ជុំវិញ​ពិភពលោក​” ។

ព្រម​ជាមួយ​សេចក្ដីអញ្ជើញ​ឲ្យ​ចូលរួម​ធ្វើការ​ពិភាក្សា​នេះ​ គាត់​បាន​បង្ហាញ​វិចិត្រកម្ម​របស់​គាត់​ – គឺ​រូប​អប្សរា​គូរ​បង្ហាញ​ក្នុង​ភាព​ប្រកបដោយ​អារម្មណ៍​មាន​តម្រេក​ បិសាច​សាក់​ រូប​គូរ​តាម​គំនិត​ស្រមើស្រមៃ​ ។​ គាត់​ក៏​បាន​ផ្ដល់​ការណែនាំ​ជាក់ស្ដែង​សម្រាប់​ការ​គូរ​រូប​ដែរ​ ។​ ប៉ុន្តែ​ជា​ជំនួស​ឲ្យ​ការ​ពិភាក្សា​ គាត់​បែរជា​បាន​ទទួល​សារ​រាប់​រយ​ដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា​ ៖

“ប៉ុន្តែ​លោក​ពិតជា​ឆ្កួត​ ពីព្រោះ​លោក​បំផ្លាញ​វប្បធម៌​របស់​លោក​… ”

“ខ្ញុំ​មិន​ដឹង​ថា​ តើ​លោក​បាន​ទទួល​ការសិក្សា​អប់រំ​បាន​ដល់​កម្រិត​ណា​នោះ​ទេ​ ដែល​អាច​នាំឲ្យ​លោក​បង្កើត​ និង​ គូរ​រូប​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ​បែបនេះ​ ។​ បើសិនជា​លោក​មាន​ឈាមជ័រ​ជា​ខ្មែរ​ លោក​ត្រូវតែ​ឈប់​ផ្សព្វផ្សាយ​អំពើ​ដ៏​លាមក​បែបនេះ​ដល់​កម្ពុជា​” ។

“មុននឹង​លោក​គូរ​រូប​ដូចនេះ​ តើ​លោក​បាន​យល់​ដឹង​ពិតប្រាកដ​ពី​វប្បធម៌​របស់​រូប​នេះ​ដែរ​ឬ​ទេ​?​ បើ​លោក​មិន​ច្បាស់​ទេ​ សូម​កុំ​គូរ​វា​… អប្សរា​មិនមែន​ដូច​អ្វី​ដែល​លោក​គូរ​នោះ​ទេ​ ។​ ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា​ ខឹង​នឹង​រូបគំនូរ​ដែល​លោក​គូរ​នេះ​ ពីព្រោះ​លោក​កំពុង​ប្រមាថ​វប្បធម៌​ខ្មែរ​” ។

“នែ​ លោក​ឯង​ឆ្កួត​ទេ​ហ្អី​” ។

“ខ្ញុំ​សង្ឃឹម​ថា​ អ៊ី-ម៉េល​ របស់​ខ្ញុំ​នឹង​ពន្យល់​លោក​ឲ្យ​ឃើញ​ច្បាស់​មិន​ខាន​ ។​ ខ្ញុំ​សរសេរ​អ៊ី-ម៉េល​នេះ​ដើម្បី​បញ្ជាក់​ប្រាប់​លោក​ពី​យោបល់​របស់​ខ្ញុំ​ថា​ ខ្ញុំ​ពិតជា​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ឃើញ​រូប​អប្សរា​ក្នុង​ភាព​ទាក់ទាញ​អារម្មណ៍​ឲ្យ​ស្រើបស្រាល​នៅ​លើ​វ៉ិបសាយ​របស់​លោក​ដូច្នេះ​ ។​ ចំពោះ​ខ្ញុំ​ នេះ​វា​ពិតជា​ការ​បំផ្លាញ​វប្បធម៌​ខ្មែរ​ ។​ បើ​លោក​ជា​ខ្មែរ​ សូម​លោក​ឈប់​គូរ​រូប​អប្សរា​ក្នុង​ភាព​ទាក់ទាញ​អារម្មណ៍​ស្រើបស្រាល​ដូចនេះ​ទៅ​… បើ​លោក​ស្រឡាញ់​អប្សរា​ សូម​លោក​កុំ​មើលស្រាល​ ហើយ​លេងសើច​ដោយ​ផាត់​ក្រែម​ ថែម​ម្សៅ​ឲ្យ​អប្សរា​ដើម​ឲ្យសោះ​ ។​ ខ្ញុំ​ពិតជា​សង្ឃឹម​ថា​ លោក​នឹង​យល់​ ហើយ​ឈប់​គូរ​រូប​ទាំងអស់​នោះ​” ។

ចម្លើយ​របស់​គាត់​ (វិចិត្រករ​) ៖

“សារ​អេឡិចត្រូនិក​ដទៃ​ទៀត​ច្រើន​រាប់​មិន​អស់​ មាន​អត្ថន័យ​ និង​ អត្ថរូប​ប្រហាក់ប្រហែល​គ្នា​ ។​ ដូច្នេះ​ សូម​លោក​ជួយ​បំភ្លឺ​ឲ្យ​ខ្ញុំ​ឃើញ​ច្បាស់​ផង​ “តើ​ត្រង់ណា​ទៅ​ដែល​ថា​រូប​មួយ​បំផ្លាញ​វប្បធម៌​ខ្មែរ​នោះ​?​ បើ​ពុំ​មាន​អ្វី​ខុស​ចំពោះ​វប្បធម៌​ផង​នោះ​ ។​ បើសិនជា​វប្បធម៌​ខ្លាំង​ ហើយ​លោក​មាន​ជំនឿ​ជឿជាក់​មែន​ លោក​មិន​គួរ​ព្រួយបារម្ភ​ទេ​” ។​ សូម​កុំ​នាំ​ខ្ញុំ​ឲ្យ​ខុស​អី​ ខ្ញុំ​ជា​ខ្មែរ​សុទ្ធសាធ​ ហើយ​ខ្ញុំ​ស្គាល់​វប្បធម៌​ខ្មែរ​ច្បាស់​ណាស់​ ។​ ខ្ញុំ​ចង់​បាន​ការពិភាក្សា​មួយ​ស្របស្រួល​គ្នា​ល្អ​ ស្ដីពី​កម្មវត្ថុ​នេះ​ ។​ ដូច្នេះ​ សូម​ជួយ​បំភ្លឺ​ខ្ញុំ​ផង​!​”

“ខ្ញុំ​ជឿ​លើ​ការ​ទិតៀន​មាន​ន័យ​ស្ថាបនា​ !​ ប៉ុន្តែ​ ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​ទទួល​សំដី​ថ្លែង​ពី​ការ​មិន​ពេញចិត្ត​យ៉ាង​ច្រើន​ចំពោះ​ខ្ញុំ​ គឺ​សំដី​មិន​គួរឲ្យ​ទទួលយក​បាន​ទាក់ទង​នឹង​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​ខ្លះ​ៗ​ ដែល​ត្រូវ​ចាត់​ទុក​ថា​បាន​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ​ ។​ ដោយ​វិនិច្ឆ័យ​ផ្អែកលើ​ពាក្យសំដី​មិន​ពេញចិត្ត​ចំពោះ​ខ្ញុំ​នោះ​ ខ្ញុំ​នឹកគិត​ថា​ តើ​ខ្មែរ​យើង​នឹង​អាច​សម្រេច​ជោគជ័យ​បាន​ដូចម្ដេច​ទៅ​ ក្នុង​សតវត្ស​ទី​ ២១​ នេះ​ ។​ សូម​ធ្វើ​ចិត្ត​ឲ្យ​ទូលំទូលាយ​ឡើង​ នោះ​លោក​ប្រាកដជា​អាច​មើល​អ្វី​ឃើញ​ឆ្ងាយ​ហួសពី​ជញ្ជាំង​បួន​ជ្រុង​ដែល​ហ៊ុំ​ព័ទ្ធ​អាស្រម​ដ៏​តូច​របស់​លោក​មិន​ខាន​ឡើយ​…”

វា​ហាក់​ដូចជា​សំខាន់​ដែល​ការពិភាក្សា​មាន​លក្ខណៈ​ប្រឈម​តទល់​គ្នា​ដូចនេះ​បាន​ចាប់ផ្ដើម​ឡើង​តាម​អ៊ីនធឺណិត​ – ជា​មធ្យោបាយ​មួយ​សម្រាប់​ការទាក់ទង​គ្នា​ទូទាំង​សកលលោក​ ដែល​នាំឲ្យ​យើង​ទាំងអស់​គ្នា​នឹកឃើញ​ យើង​កំពុង​រស់នៅ​ក្នុង​ពិភព​មួយ​មាន​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ និង​ ដែល​អាច​ពឹង​ពាក់​គ្នា​ទៅវិញទៅមក​ – គឺជា​ពិភព​មួយ​ដែល​កំពុង​ទទួល​រង​ការប្រែប្រួល​យ៉ាង​ជ្រាលជ្រៅ​ ដោយសារតែ​សកលភាវូបនីយកម្ម​ មិនមែន​តែ​ខាង​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​ខាង​គំនិត​យោបល់​ផង​ដែរ​ ។

សមាគម​សម្រាប់​ការ​បញ្ជូន​ព័ត៌មាន​ជឿនលឿន​ – វិទ្យាស្ថាន​បើក​ទូលាយ​នៃ​កម្ពុជា​ គឺជា​សមាជិក​មួយ​គាំទ្រ​ចំពោះ​ចំណង​ទាក់ទង​គ្នា​ទូទាំង​សកលលោក​នេះ​ និង​ជាពិសេស​ផង​ដែរ​ ចំពោះ​កម្មវិធី​ទ្រទ្រង់​បណ្ដាញ​នារី​ ដែល​ក្នុង​នោះ​មាន​នារី​ពី​ ៥៥​ប្រទេស​ បាន​ចូលរួម​សហប្រតិបត្តិការ​ – កាលពី​ឆ្នាំ​ ២០០៧​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ទស្សនាវដ្ដី​មួយ​ ស្ដីពី​បទបញ្ជា​លើ​ខ្លឹមសារ​តាម​អ៊ីនធឺណិត​ សរសេរ​ដោយ​អ្នក​ច្បាប់​ជនជាតិ​ឥណ្ឌា​ម្នាក់​ ដែល​ជា​អ្នក​ស្រាវជ្រាវ​បញ្ហា​យេនឌ័រ​ និង​ជា​គ្រូបង្រៀន​ម្នាក់​នៅ​មហាវិទ្យាល័យ​នារី​ ឈ្មោះ​ ណាមីត្រា​ ម៉ាល់ហូត្រា​ ៖​ “បំណង​ប្រាថ្នា​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​” [“The World Wide Web of Desire”] ។​ យើង​សូម​បង្ហាញ​គំនិត​ពិចារណា​របស់​នាង​ខ្លះ​នៅ​ទីនេះ​ ។​ គំនិត​ពិចារណា​នេះ​មិន​និយាយ​ដោយឡែក​ចំពោះ​បញ្ហា​នៃ​ការពិភាក្សា​ជា​សាធារណៈ​ខ្មែរ​ទេ​ ។​ ក៏ប៉ុន្តែ​វា​អាច​ជួយ​កំណត់​បញ្ជាក់​ការពិភាក្សា​ខ្មែរ​ឲ្យ​នៅ​ក្នុង​បរិបទ​មួយ​ទូលំទូលាយ​នៃ​បញ្ហា​ប្រឈម​ចំពោះ​ទស្សនៈ​លើ​តម្លៃ​វប្បធម៌​ជា​ប្រពៃណី​ និង​ ដែល​ពុំ​មាន​ការ​រីកចម្រើន​ ដែល​ត្រូវ​ប្រឈម​ដោយ​ប្រជាពលរដ្ឋ​ ជាពិសេស​ដោយ​ស្ត្រី​ទូទាំង​ពិភពលោក​ផង​ដែរ​ មិនមែន​ឲ្យ​ស្ថិតនៅ​ក្រោម​ការ​កៀប​ត្បៀត​ និង​ ការដឹកនាំ​ដោយ​មេ​កុលសម្ព័ន្ធ​ និង​ជា​ប្រពៃណី​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​រក​តម្លៃ​ស្មើគ្នា​របស់​ខ្លួន​នៅ​ក្នុង​សង្គម​ ។​ យើង​សូម​ដកស្រង់​សំដី​ខ្លះ​មក​បង្ហាញ​ជូន​ ៖

“អ៊ីនធឺណិត​ច្រើនតែ​ត្រូវ​គេ​ពណ៌នា​ដូចជា​ព្រំដែន​ចុងក្រោយ​សម្រាប់​ការ​និយាយ​ និង​ ការ​បញ្ចេញ​យោបល់​ដោយ​សេរី​ ជា​កន្លែង​ចន្លោះ​មាន​ភាព​អនាធិបតេយ្យ​ និង​ ច្របូកច្របល់​សម្រាប់​ការ​បញ្ចេញ​យោបល់​មុតមាំ​ខាង​នយោបាយ​ ខាង​រឿង​ភេទ​ និង​ រឿង​ផ្ទាល់ខ្លួន​ ។​ ក៏ប៉ុន្តែ​ ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​ មាន​ការ​កើន​ឡើង​នូវ​ជំនឿ​ទុកចិត្ត​របស់​រដ្ឋ​នានា​ ក្នុង​ការគ្រប់គ្រង​អ៊ីនធឺណិត​ ហើយ​ក៏​មាន​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​លើ​កន្លែង​ចន្លោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ​ ។​ តើ​ដំណើរការ​អ្វី​ខ្លះ​ដែល​ប្រជាជន​អាស្រ័យ​លើ​វា​ដើម្បី​ចូលរួម​ក្នុង​ការ​សម្រេច​ថា​តើ​អ៊ីនធឺណិត​នឹង​ត្រូវ​គ្រប់គ្រង​ដូចម្ដេច​?​ តើ​ដំណើរការ​ទាំងនេះ​មាន​លក្ខណៈ​ចូលរួម​ដូចម្ដេច​ ហើយ​តើ​វា​តំណាង​ឲ្យ​សំឡេង​ទាំងអស់​បាន​គ្រប់សព្វ​ដែរ​ឬ​ទេ​?​ ហើយ​ក្នុង​បរិបទ​នៃ​បទបញ្ជា​លើ​ខ្លឹមសារ​ជាពិសេស​នោះ​ តើ​នរណា​ជា​អ្នក​សម្រេច​ថា​តើ​អ្វី​ដែល​ត្រូវ​កំណត់​ជា​ ‘ខ្លឹមសារ​នាំឲ្យ​ខូចខាត​ប៉ះពាល់​’ – តើ​ជា​រដ្ឋ​ អង្គការ​អន្តរជាតិ​ ច្បាប់​ ឬ​ មនុស្ស​/អ្នក​ប្រើប្រាស់​ផលិតផល​?​”

វា​ហាក់​ដូចជា​មានតែ​វិស័យ​ពិត​ទូទៅ​តែ​ម្យ៉ាង​គត់​នៃ​ការ​យល់​ព្រមព្រៀង​គ្នា​ គឺ​ ៖​ ការ​រួមភេទ​ជាមួយ​កុមារ​ ត្រូវ​ចាត់​ជា​ខុស​ ។

“អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​កុមារ​ទទួលស្គាល់​ស្វយ័ត​ភាព​នេះ​ដែល​និយាយ​ពី​សិទ្ធិ​កុមារ​ក្នុង​ការ​ទទួល​ព័ត៌មាន​ និង​ សម្ភារៈ​ ពី​ប្រភព​ចម្រុះ​ជាតិ​ និង​ អន្តរជាតិ​ សិទ្ធិ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​តាម​ទំនើងចិត្ត​ និង​ ខុស​ច្បាប់​ ចូល​ក្នុង​កិច្ចការ​សំងាត់​ផ្ទាល់ខ្លួន​របស់​កុមារ​ ផ្ទះសម្បែង​គ្រួសារ​ ឬ​ ទំនាក់ទំនង​ក្នុង​គ្រួសារ​ និង​ សិទ្ធិ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​ (រួមមាន​សេរីភាព​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ ទទួល​ព័ត៌មាន​ និង​ ចែករំលែក​ព័ត៌មាន​និង​គំនិត​យោបល់​គ្រប់​បែបយ៉ាង​ ដោយ​ឥត​មាន​គិត​ព្រំដែន​កំណត់​ ទោះ​ផ្ទាល់មាត់​ក្ដី ទោះ​សរសេរ​ ឬ​ បោះពុម្ព​ក្ដី​ ទោះ​តាម​បែបផែន​ជា​សិល្បៈ​ក្ដី​ ឬ​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​ផ្សេង​ទៀត​ តាម​ជម្រើស​របស់​កុមារ​)” ។​ [អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​កុមារ​ ជាពិសេស​ប្រការ​ទី​ ១៣​ ១៦​ ១៧​]

ក្នុង​ខណៈ​ដែល​មាន​កង្វល់​ច្រើន​ដើម្បី​បង្កើត​គម្រោងការ​របស់​រដ្ឋ​ដើម្បី​ការពារ​ស្ត្រី​ និង​ កុមារ​ ក្រុម​នារី​ និង​ ក្រុម​ដទៃ​ទៀត​ដែល​កំពុង​ធ្វើការ​ក្នុង​ដំណើរការ​យេនឌ័រ​ “បាន​ជួប​ប្រឈម​ និង​ ពុះពារ​សម្រេច​បាន​លើ​ឧបសគ្គ​ធំ​ៗ​ក្នុង​ការ​ទាមទារ​នូវ​ការ​ការពារ​ពី​រដ្ឋ​ ដើម្បី​ជា​ប្រយោជន៍​នៃ​សេរីភាព​ផ្ទាល់​របស់​គេ​ក្នុង​ការ​បញ្ចេញ​យោបល់​ និង​ ដោយ​អាស្រ័យ​លើ​សម្ព័ន្ធ​ភាព​របស់​ពួកគេ​ជាមួយ​សង្គម​ស៊ីវិល​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ ចលនា​សង្គម​” ។

ការ​ត្រួតពិនិត្យ​លើ​ខ្លឹមសារ​ ច្រើនតែ​ចាប់ផ្ដើម​ជាមួយ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​អាសគ្រាម​ ។​ ប៉ុន្តែ​និយមន័យ​សកល​មួយ​តាមរយៈ​អាយុកាល​ និង​ ឆ្លងកាត់​វប្បធម៌​នៃ​អ្វី​ដែល​គួរឲ្យ​ទទួល​បាន​ ឬ​ មិន​គួរឲ្យ​ទទួល​បាន​ បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​មិន​អាច​ទៅ​រួច​ទេ​ ។​ ហើយ​ការពិត​ផ្ដើម​ចេញពី​បទពិសោធន៍​របស់​សង្គម​ជាច្រើន​ដែល​ប្រើ​អំណាច​ត្រួតត្រា​ថា​គោលដៅ​បញ្ជាក់​ពី​ការ​ត្រួតពិនិត្យ​លើ​អំពើ​អាសគ្រាម​ ជា​ញឹកញាប់​តែង​មាន​គោលបំណង​នៃ​ការ​ត្រួតពិនិត្យ​យ៉ាង​សំខាន់​ខាង​នយោបាយ​ ៖

“ប៉ុន្តែ​នៅ​មាន​ន័យ​ស្មុគស្មាញ​ថែម​ទៀត​ដែល​បង្កប់​ក្នុង​ភាព​អាសគ្រាម​ ដែល​មិន​អនុញ្ញាត​ឲ្យ​គេ​បំបាត់​វា​បាន​ដោយ​ងាយ​ៗ​ ពី​ភាព​ជា​អំពើ​ហិង្សា​ និង​ ការ​ចាត់​ទុក​ស្ត្រី​ជា​បន្ទាប់បន្សំ​ ។​ ការ​បកស្រាយ​បំភ្លឺ​អំពី​ភាព​អាសគ្រាម​ ជា​ដំបូង​បាន​នាំឲ្យ​យើង​ឃើញ​អ្វី​ៗ​ដែល​ត្រូវ​ដាក់​ដោយ​យល់​ច្រឡំ​ក្នុង​ប្រភេទ​នេះ​ ដែល​មាន​អត្ថន័យ​ធំធេង​ខាង​អក្សរសាស្ត្រ​ សិល្បៈ​ សង្គម​ និង​/ឬ​ នយោបាយ​ ។​ ភាព​អាសគ្រាម​ក៏​ផ្ដល់​តាម​របៀប​ប្រតិមតិ​នូវ​កន្លែង​ចន្លោះ​ខ្លះ​ ដែល​ទំនេរ​សម្រាប់​ការ​បញ្ចេញ​គំនិត​មិន​ពេញចិត្ត​ ប្រឆាំង​នឹង​អនុត្តរភាព​នៃ​អារម្មណ៍​ស្រើបស្រាល​ក្នុង​ផ្លូវ​ភេទ​ និង​ តម្រេក​ ។​ វា​ជា​ធាតុ​សំខាន់​មួយ​នៃ​ការ​កសាង​សហគមន៍​ក្នុងចំណោម​ក្រុម​មនុស្ស​ប្រុស​ស្នេហា​ភេទ​ដូចគ្នា​ នៃ​ការ​កែប្រែ​ភេទ​ បើ​និយាយ​ពី​យេនឌ័រ​ និង​ លិង្គ​ភាព​ និង​ ក្នុង​ប្រការ​ខ្លះ​រហូតដល់​ធ្វើឲ្យ​បាត់​ស្ថេរ​ភាព​នៃ​ស្ថាប័ន​គ្រួសារ​ និង​ សង្គម​របស់​កុលសម្ព័ន្ធ​ផង​ទៀត​… ” ។

“នៅ​ក្នុង​ពិភព​ដែល​កំពុង​អភិវឌ្ឍន៍​ ច្បាប់​កំពុង​ត្រូវ​គេ​ប្រើ​ដើម្បី​ដាក់​កម្រិត​មិន​ត្រឹមតែ​លើ​សំដី​អាសអាភាស​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​លើ​ការ​ប្រឆាំង​នឹង​នយោបាយ​ និង​ សម្លេង​ឧទ្ទាម​របស់​បុរស​ និង​ នារី​ផង​ទៀត​… ។​ វា​នៅ​ក្នុង​បរិបទ​តឹងតែង​ពេក​គួរឲ្យ​ភ័យខ្លាច​នេះ​ឯង​ដែល​រដ្ឋ​គ្មាន​វិប្បដិសារី​អំពី​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​រួមភេទ​ និង​ លិង្គ​ភាព​ ដែល​ការ​យល់ដឹង​របស់​យើង​ខាង​ច្បាប់​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​ត្រូវតែ​កំណត់​ឲ្យ​ច្បាស់​” ។

“បើសិនជា​ការ​រួមភេទ​ត្រូវ​លាក់កំបាំង​មិន​អាច​និយាយ​បាន​ជា​ចំហ​ ពោល​គឺ​ ត្រូវ​ស្ថិត​ក្នុង​ការ​ហាមឃាត់​ ភាព​ស្ងៀមស្ងាត់​ និង​ ភាព​គ្មាន​អត្ថិភាព​ ហើយ​បាន​ត្រឹមតែ​និយាយ​អំពី​វា​ ដែល​អ្នក​បាន​ចូលរួម​ក្នុង​អំពើ​ប្រព្រឹត្ត​ខុស​ចាក​គន្លងធម៌​ដោយ​ចេតនា​ ។​ មនុស្ស​ម្នាក់​ដែល​លាក់​ទុក​ភាសា​បែបនេះ​ក្នុង​អារម្មណ៍​របស់​ខ្លួន​ គឺ​កំណត់​ខ្លួន​ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​ក្រៅ​ព្រំដែន​នៃ​អំណាច​ហើយ​ ។​ នារី​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ច្បាប់​ដែល​បង្កើត​ហើយ​មិន​ខាន​ តាម​មធ្យោបាយ​ណាមួយ​ នាង​តែងតែ​រំពឹង​ទុក​ជាមុន​ថា​ សេរីភាព​នឹង​កើត​មាន​មកដល់​មិន​ខាន​” ។

ការ​លុបបំបាត់​ពាក្យសំដី​ទាក់ទង​ខាង​ផ្លូវ​ភេទ​ បាន​លេចឡើង​ ដូចជា​ធាតុ​សំខាន់​មួយ​នៃ​ការ​ត្រួតពិនិត្យ​ទូលំទូលាយ​ជា​សរុប​ខាង​សង្គម​ និង​ នយោបាយ​ ។

“ថ្វីបើ​ករណី​នេះ​ស្ដាប់​ទៅ​អាច​ឮ​ដូចជា​ការ​រវើរវាយ​មែន​ តែ​ការ​រៀបរយ​ដាក់​កម្រិត​លើ​ខ្លួនឯង​ ពិតជា​អាច​ជា​គំរូ​ដែល​សមរម្យ​បំផុត​សម្រាប់​អ៊ីនធឺណិត​ ។​ ការ​ត្រួតពិនិត្យ​លើ​ខ្លួនឯង​អាច​សម្រេច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​កង្វល់​ច្រើន​ចំពូក​ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ​លើ​ខ្លឹមសារ​ គឺ​ ៖​ សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​ រួមមាន​ការ​បញ្ចេញ​យោបល់​ខាង​ផ្លូវ​ភេទ​ បទដ្ឋាន​វប្បធម៌​ដែល​ខុស​គ្នា​ស្រឡះ​ និង​ និយមន័យ​ផ្ទុយគ្នា​តាម​យុត្តាធិការ​ខុសគ្នា​ ការពិបាក​ខាង​បច្ចេកវិទ្យា​ក្នុង​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​តភ្ជាប់​ និង​ បញ្ហា​ស្មុគស្មាញ​ខាង​នយោបាយ​ និង​ រដ្ឋបាល​ ក្នុង​ការ​ត្រួតពិនិត្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ ការពិត​នៃ​ការ​រំខាន​ខាង​បណ្ដាញ​ទូរគមនាគមន៍​ និង​ អំពើ​ឃោរឃៅ​មក​លើ​នារី​តាម​ការ​ផ្ញើ​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ ការ​ប្រព្រឹត្ត​ជា​ទម្លាប់​ជុំវិញ​បញ្ហា​រួមភេទ​ និង​ ការ​អូសទាញ​អារម្មណ៍​ឲ្យ​ស្រើបស្រាល​ក្នុង​ផ្លូវ​ភេទ​តាម​អ៊ីនធឺណិត​ ដែល​មិន​អាច​ទប់ទល់​បាន​ក្នុង​ក្រប​ខណ្ឌ​មួយ​ដែល​មាន​បទដ្ឋាន​ផ្ទុយគ្នា​ ។​ ក្រោយ​គេ​ក៏​ពិតមែន​ តែ​មាន​ខ្លឹមសារ​សំខាន់​ វា​អាច​ជួយ​បំប៉ន​ និង​ ទ្រទ្រង់​អត្ថិភាព​នៃ​កន្លែង​ចន្លោះ​ក្នុង​អ៊ីនធឺណិត​សម្រាប់​អ្វី​ៗ​ដែល​ជា​ការ​ស្រមើស្រមៃ​ និង​ ការ​ប៉ងប្រាថ្នា​ដែល​ពិបាក​គ្រប់គ្រង​ក្នុង​ការ​និយាយ​ស្ដី​ ការអនុវត្ត​ និង​ ការ​ប្រព្រឹត្ត​ខ្លួន​” ។

បញ្ហា​ប្រឈម​ដែល​វ៉ិបសាយ​រាហូ​បាន​ស្នើ​ឡើង​ដើម្បី​បង្កើត​ការពិភាក្សា​ដេញដោល​ជា​មូលដ្ឋាន​អំពី​ប្រពៃណី​អតីតកាល​ ការ​ចាប់ផ្ដើម​បង្កើត​ឡើងវិញ​ និង​ អនាគតកាល​ អាច​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​ការ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ហួស​ពី​ការ​ចម្លង​យក​ដដែល​ៗ​នូវ​ធាតុ​សំខាន់​នៃ​ប្រពៃណី​ ដូច​ដែល​គេ​ឃើញ​នៅ​ក្នុង​ការ​បង្កបង្កើត​របស់​មហាជន​នូវ​ប្រាសាទ​អង្គរវត្ត​ និង​ រូប​អប្សរា​ សម្រាប់​វិស័យ​ទេសចរណ៍​ ។​ ប្រពៃណី​សម្បូរ​បែប​នៃ​សិល្បៈ​កម្ពុជា​ មាន​តម្លៃ​គួរឲ្យ​ចង់​បាន​លើស​ពី​ការ​ចម្លង​យក​ទៅ​ទៀត​ ។

ហើយ​យើង​មាន​សង្ឃឹម​ថា​បញ្ហា​ដែល​បាន​ឆ្លុះបញ្ចាំង​ប្រចាំ​សប្ដាហ៍​ ដូចជា​ពលកម្ម​កុមារ​ ការ​ចាប់​រំលោភ​ និង​ ការ​រំលោភ​យក​ដីធ្លី​ នឹង​ទទួល​បាន​ក្នុង​ពេល​អនាគត​នូវ​ការ​យកចិត្ត​ទុកដាក់​ និង​ ភាព​រំជួល​អារម្មណ៍​ខ្លះ​ ដែល​គេ​បាន​ផ្ដោត​ទៅលើ​បញ្ហា​នៃ​អ្វី​ដែល​វិចិត្រករ​ម្នាក់​បាន​គូរ​ ។

សូម​ជួយ​ផ្ដល់​មតិ​ណែនាំ​បង្ហាញ​ពី​យើងខ្ញុំ​ចំពោះ​សហការី​ និង​ មិត្ត​ភក្តិ​របស់​លោកអ្នក​ផង​ ។

Read Full Post | Make a Comment ( 3 so far )

មិន​រង់ចាំ​ច្បាប់​ទទួល​ព័ត៌មាន​ – សារព័ត៌មាន​នៅ​កម្ពុជា​ប្រឈម​ទៅ​នឹង​ការ​គេចវេះ​មិន​ផ្ដល់​ព័ត៌មាន​ផ្លូវការ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ធ្នូ​ ២០០៨​

Posted on Monday, 29 December 2008. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥៣០

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ការ​បំពេញ​តួនាទី​ជា​អ្នកនាំសារ​ពី​ប្រជាពលរដ្ឋ​ទៅ​រាជរដ្ឋាភិបាល​ ពី​រាជរដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​នោះ​ ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ លើក​ទី​៥​ ក្រោម​ប្រធានបទ​ “ការ​វាយតំលៃ​របស់​និពន្ធ​នាយក​សារព័ត៌មាន​ទៅលើ​ស្ថានភាព​សិទ្ធិ​ទទួល​ព័ត៌មាន​” កាលពី​រសៀល​ ថ្ងៃ​ទី​ ២៧​ ធ្នូ​ ឆ្នាំ​ ២០០៨​ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ រាជធានី​ភ្នំពេញ​ ដោយ​មាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពីសំណាក់​ លោក​ នូវ​ សុវត្ថិរ៉ូ​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ។​ ការ​បើក​វេទិកា​ដ៏​សំខាន់​នេះ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មូលនិធិ​ខុនរ៉ាដ​ អាដិនណៅអ៊ែរ​ ដូច​កាលពី​លើក​មុន​ៗ​ដែរ​ ។

ការ​ពិភាក្សា​គ្នា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុលផុស​ បន្ទាប់ពី​វាគ្មិន​ចំនួន​៤​រូប​ ក្នុង​នោះ​មាន​ លោក​ ពុយ​ គា​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ទីភ្នាក់ងារ​ ក្យូដូ​ ជប៉ុន​ លោក​ ប៉ែន​ បូណា​ សហ​និពន្ធ​នាយក​កាសែត​កាំបូស័រ​ លោក​ នេត​ ភត្រា​ តំណាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ លោក​ ជា​ សយនា​ និពន្ធ​នាយក​កោះ​សន្តិភាព​ បាន​មាន​មតិ​លើកឡើង​ពី​ភាព​ងាយស្រួល​ និង​ ការ​លំបាក​ អំពី​ “សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ ការ​ប្រឈម​នានា​” រួចមក​ ។​ ជា​ចុងក្រោយ​ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ (វ.ន.ស.ក) បាន​សំរេច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​ ។

សេចក្ដីថ្លែងការណ៍​រួម
របស់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​ ៥
“សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​មិន​រង់ចាំ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​”

ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ២០០៨
សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី
រាជធានី​ភ្នំពេញ​,កម្ពុជា

យើង​ទាំងអស់​គ្នា​មាន​ចំនួន​ ៣៥​រូប​ (ដូច​មាន​ក្នុង​បញ្ជី​ឈ្មោះ​ និង​ ហត្ថលេខា​ភ្ជាប់​មក​ជាមួយ​សេចក្ដីថ្លែងការណ៍​រួម​នេះ​) ជា​និពន្ធ​នាយក​សារព័ត៌មាន​ទាំង​ផ្នែក​បោះពុម្ព​ ទាំង​ផ្នែក​ផ្សាយ​តាម​រលក​ធាតុអាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ (វ.ន.ស.ក) លើក​ទី​ ៥​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ដើម្បី​ពិភាក្សា​ និង​ វាយតម្លៃ​អំពី​ស្ថានភាព​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​ ដែល​ខ្លួន​ជួប​ប្រទះ​នៅ​ក្នុង​អាជីព​នា​ឆ្នាំ​កន្លង​មក​នេះ​និង​ស្វែង​រក​ដំណោះស្រាយ​ ។ នៅ​ក្នុង​ប្រធានបទ​រួម​ស្ដី​ពី​ “សិទ្ធ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ប្រឈម​នានា​” វាគ្មិន​ទាំងឡាយ​បាន​ចោទ​ជា​បញ្ហា​ បង្ហាញ​ទស្សនវិស័យ​ និង​ផ្ដល់​នូវ​អនុសាសន៍​ទាក់ទង​នឹង​៖

  • ស្ថានភាព​ទទួល​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ក្នុង​ប្រទេស​កម្ពុជា
  • ការ​ទទួល​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ជម្លោះ​ព្រំដែន​ព្រះវិហារ
  • ការ​ទទួល​ព័ត៌មាន​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស
  • និង​ ការ​ទទួល​ព័ត៌មាន​នៅ ថ្នាក់​កណ្ដាល​ (ក្នុង​ទី​ក្រុង​ភ្នំពេញ​ តាម​បណ្ដា​ក្រសួង​រដ្ឋ​ ក្រុមហ៊ុន​ឯកជន​)

បន្ទាប់​មក​ (វ.ន.ស.ក) បាន​ពិភាក្សា​ទូទៅ​លើ​ខ្លឹមសារ​ដែល​វាគ្មិន​ទាំងអស់​ បាន​ថ្លែង​ជូន​អង្គ​ពិធី​ និង​បាន​ចូលរួម​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​រួម​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

បញ្ហា​គួរ​កត់​សម្គាល់​ដែល​កំហិត​សិទ្ធិ​ទទួល​ព័ត៌មាន
បន្ទាប់​ពី​ពិភាក្សា​ និង​វាយ​តម្លៃ​ (វ.ន.ស.ក) សង្កេត​ឃើញ​ថា​ ៖

    ១. អំពី​អ្នក​ន​ពាក់​ឬ​មន្ត្រី ទំនាក់ទំនង​សាធារណៈ​ ឬ​មន្ត្រី​សារព័ត៌មាន​ ៖ ​ក្រសួង​ ស្ថាប័ន​រដ្ឋ​ភាគ​ច្រើន​បំផុត​ រដ្ឋ​សភា​ ព្រម​ទាំង​អង្គការ​និង​ក្រុមហ៊ុន​ភាគច្រើន​មិន​មាន​អ្នក​នាំ​ពាក្យ​ ឬ​មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​ ឬ​មន្ត្រី​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ ដើម្បី​បំពេញ​ការងារ​ឡើយ​ ។ ប្រការ​នេះ​ បាន​ក្លាយ​ទោ​ជា​ឧបសគ្គ​គន្លឹះ​ដែល​រារាំង​ដល់​លំហូរ​ព័ត៌មាន​សម្រាប់​សាធារណៈ​ជន​ទូទៅ​ដូច​ដែល​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​បាន​ធានា​ ។

    ២. អំពី​ការ​ផ្ដល់​ឯកសារ​ ៖ ជាទូទៅ​ឯកសារ​ផ្លូវ​ការ​គឺ​ចាំបាច់​ ដើម្បី​ធ្វើ​ឱ្យ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ឯកសារ​ផ្លូវការ​មិនមែន​សុទ្ធ​តែ​ជា​ការ​សំងាត់​របស់​ជាតិ​ទេ​ ឯកសារ​​ផ្លូវការ​ គឺ​ជា​ កាតព្វកិច្ច​របស់​សាមី​ស្ថាប័ន​-ក្រសួង​ ដែល​ត្រូវ​ផ្ដល់​ជូន​សាធារណជន​ផង​ និង​ដើម្បី​ស្វ័យ​ឃោសនា​ពី​ខ្លួន​ឯង​ផង​… ក៏​ប៉ុន្តែ​ ឯកសារ​ជាច្រើន​មិន​ត្រូវ​បាន​ផ្ដល់​ឱ្យ​ ឬ​ចាត់​ចែង​ផ្សព្វ​ផ្សាយ​ឡើយ​ ជា​ពិសេស​ចំពោះ​អ្នក​សារព័ត៌មាន​សូម្បី​តែ​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​និង​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ខ្លួន​ក៏​ដោយ​ចុះ​ ។

    ៣. អំពី​កម្មវិធី​សកម្មភាព​ឬ​កិច្ច​ប្រជុំ​នានា​ ៖ មាន​អង្គ​ប្រជុំ​ដែល​គួរតែ​ផ្សាយ​បន្ត​ផ្ទាល់​ តែ​បែរ​ជា​ត្រូវ​ចាត់​ថ្នាក់​ថា​ជា​ការ​សំងាត់​ផ្ទៃក្នុង​ស្ថាប័ន​ ហើយ​អ្នក​កាសែត​បាន​ត្រូវ​ស្នើ​ឱ្យ​ចាកចេញ​ពី​អង្គ​ប្រជុំ​ ។ ទន្ទឹម​នឹង​នោះ​កម្មវិធី​ការងារ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​-ស្ថាប័ន​តែង​តែ​កប់​បាត់​ក្នុង​ថតតុ​រដ្ឋបាល​ ដែល​ជួន​កាល​មើល​ពី​ក្រៅ​ហាក់​ដូចជា​ថ្នាក់​ដឹកនាំ​ក្រសួង​នោះ​មាន​ភាព​សំងាត់​ជាង​នាយករដ្ឋមន្ត្រី​ទៅ​ទៀត​ និង​ជួន​កាល​ហាក់​ដូច​ជា​អត់​ធ្វើការ​ ។

    ៤. អំពី​សេចក្ដី​ប្រកាស​ព័ត៌មាន​ ៖ មាន​ក្រសួង​មួយ​ចំនួន​តូច​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ​មួយ​ចំនួន​ ។ ប៉ុន្តែ​ គួរ​ឱ្យ​សោកស្ដាយ​ដែល​ក្រសួង​និង​ស្ថាប័ន​ភាគច្រើន​ពុំ​មាន​លទ្ធភាព​ធ្វើ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ហើយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លះ​យឺតយ៉ាវ​ហួស​ពី​ការ​ស្មាន​ ។

    ៥. អំពី​ជំនួប​ឬ​ការ​ធ្វើ​សន្និសីទ​កាសែត​ទៀងទាត់​ ៖ ដោយ​ផ្ទុយ​ទៅ​នឹង​ការ​អនុវត្តន៍​នៅ​ក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​នានា​ ក្រសួង​ និង​ស្ថាប័ន​ភាគច្រើន​បំផុត​ មិន​បាន​ធ្វើ​សន្និសីទ​កាសែត​ ឬ​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ទាល់​តែ​សោះ​ពី​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​ បើ​ទោះ​ជា​មាន​បញ្ហា​សំខាន់​ ឬ​ធំ​ៗ​ ដែល​គួរ​ពន្យល់​ ឬ​ផ្សព្វផ្សាយ​ក៏​ដោយ​ចុះ​ ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​នៅ​តែ​ស្រពេចស្រពិល​ចំពោះ សកម្មភាព​ និង​ការងារ​ស្ថាប័ន​-ក្រសួង​នោះ​ ។

    ៦. អំពី​វេបសាយ​ ៖ វេបសាយ​ បាន​ក្លាយទៅជា​ប្រភព​ផ្ដល់​ព័ត៌មាន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​សម័យ​កាល​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ ។​ ក្រសួង​ និង​ ស្ថាប័ន​ភាគច្រើន​មាន​វេបសាយ​របស់​ខ្លួន​ ។​ នេះ​គឺជា​ការ​ចាប់ផ្ដើម​មួយ​គួរ​លើកទឹកចិត្ត​ ។​ ប៉ុន្តែ​ គួរ​អោយ​សោកស្ដាយ​ដែល​វេបសាយ​នៃ​ក្រសួង​ និង​ ស្ថាប័ន​ស្ទើរតែ​ទាំងអស់​នោះ​មិន​មាន​បញ្ចូល​ព័ត៌មាន​ថ្មី​ឡើយ​ ។​ ដូច្នេះ​វា​គឺ​គ្រាន់តែ ជា​វេបសាយ​មួយ​ដែល​មិន​អាច​ផ្ដល់​ព័ត៌មាន​ និង​ មិន​អាច​ស្វែងរក​ព័ត៌មាន​បាន​ ។

សន្និដ្ឋាន

ភាព​ខ្សោយ​ និង ចន្លោះ​ប្រហោង​ខាងលើ​នេះ​ ធ្វើ​អោយ​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវ​ប្រឈម​ ហើយ​ប្រសិទ្ធភាព​នៃ​សេវា​នានា​ ជាពិសេស​សេវា​សាធារណៈ​ត្រូវ​បាន​ចោទ​សួរ​ ។​ ប៉ុន្តែ​រឿងរ៉ាវ​ទាំងអស់​នេះ​ពិតជា​អាច​កែលំអ​បាន​ដោយ​មិន​ចាំបាច់​រង់ចាំ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឡើយ​ ។​ ការ​កែលំអ​ពិត​ជា​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​មន្ត្រី មួយ​ចំនួន​ និង​ ការ​រៀបចំ​ខ្សែ​សង្វាក់​ការងារ​ឡើងវិញ​ នៅ​តាម​ស្ថាប័ន​ក្រសួង​មន្ទីរ​នានា​ ។​ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជាច្រើន​ សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​ និង​ សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ប៉ុន្តែ​កង្វះខាត​ខាងលើ​នេះ​ហាក់​លេប​យក​សមិទ្ធផល​ និង​ ស្នាដៃ​ទាំងអស់​នោះ​ទៅ​បាត់​ នៅ​ពេល​ដែល​វា​មិន​បាន​ឆ្លុះបញ្ចាំង​ឲ្យ​សាធារណជន​បាន​ដឹង​ ឮ​ និង​ ឃើញ​ ។​ ទន្ទឹម​នឹង​នោះ​ ការពិត​មួយ​ចំនួន​ នៅ​ក្នុង​ជីវភាព​សង្គម​-សេដ្ឋកិច្ច​ បាន​ត្រូវ​មើល​រំលង​ ឬ​ ដោះស្រាយ​មិន​ទាន់​ពេលវេលា​ដែល​ជា​វិបាក​គឺ​ទាំងអស់​គ្នា​ជា​អ្នក​ខាតបង់​ទាំង​រាជរដ្ឋាភិបាល​ ទាំង​ប្រជាពលរដ្ឋ​ ។

ការ​អំពាវនាវ
ក្នុង​ស្ថានភាព​ដែល​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មិន​ទាន់​អនុម័ត

    ១​. វ.ន.ស.ក​ សូម​ទទូច​ឲ្យ​ក្រសួង​ និង​ ស្ថាប័ន​ទាំងអស់​ ចាត់តាំង​ និង​ រៀបចំ​ ការងារ​របស់​មន្ត្រី​ព័ត៌មាន​ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ ឬ​ មន្ត្រី​អ្នកនាំពាក្យ​ផ្លូវការ​របស់​ខ្លួន​ដែល​មាន​វិជ្ជាជីវៈ​ក្នុង​មុខងារ​ អាច​បំពេញ​ការងារ​ផ្សេង​ៗ​ តាំងពី​ការ​ផ្ដល់​ឯកសារ​ ការ​ជូនដំណឹង​អំពី​ កាលបរិច្ឆេទ​ការងារ​ និង​ សកម្មភាព​របស់​ស្ថាប័ន​ខ្លួន​រហូត​ដល់​អាច​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​បាន​ទៀត​ផង​ ។

    ២​. ក្រសួង​និង​ ស្ថាប័ន​ទាំងអស់​ត្រូវ​មាន​ការ​ធ្វើ​សន្និសីទ​កាសែត​ ឬ​ក៏​ការ​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ដោយ​ទៀងទាត់​ ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​សកម្មភាព​ និង​ ការងារ​នៅ​ក្នុង​ក្រសួង​ និង​ ស្ថាប័ន​របស់​ខ្លួន​ ។​ កិច្ចការ​នេះ​គួរតែ ធ្វើ​ឡើង​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ខែ​ ។

    ៣​. ចំពោះ​កិច្ចការ​បន្ទាន់​ទាំងឡាយ​ ក្រសួង​ និង​ ស្ថាប័ន​ទាំងអស់​ត្រូវតែ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​អោយ​បាន​ទាន់​ពេលវេលា​ សម្រាប់​ផ្សព្វផ្សាយ​ជាំ​ប្រយោជន៍​សាធារណៈ​ ។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ពេល​ ពេល​ខ្លះ​អាច​នឹង​បញ្ចៀស​គ្រោះថ្នាក់​ និង​ មហន្តរាយ​នានា​ថែម​ទៀត​ផង​ ។

    ៤​. ក្រសួង​និង​ ស្ថាប័ន​ទាំងអស់​ត្រូវ​បង្កើត​ឲ្យ​មាន​វេបសាយ​របស់​ខ្លួន​សម្រាប់​ការ​ផ្ដល់​ព័ត៌មាន​ជូន​ដល់​សាធារណជន​ទូទៅ​ ។​ ចំពោះ​ស្ថាប័ន​ និង​ ក្រសួង​ ដែល​មាន​វេបសាយ​របស់​ខ្លួន​ហើយ​នោះ​ វេបសាយ​ទាំង​នោះ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​អោយ​បាន​រៀងរាល់​ថ្ងៃ​ ។

    ៥​. វ.ន.ស.ក​ នឹង​តាមដាន​វាយតម្លៃ​ទៅ​ដល់​យន្តការ​នៃ​ការ​ផ្ដល់​ព័ត៌មាន​ទាំងអស់​នោះ​ ហើយ​វ.ន.ស.ក​ លើក​ទី​ ៦​ នឹង​បន្ត​ធ្វើ​នា​ ឆ្នាំ​ ២០០៩​ ដើម្បី​លើកកម្ពស់​ និង​ ពង្រឹង​តួនាទី​អ្នកសារព័ត៌មាន​កម្ពុជា​ ក្នុង​សង្គម​កម្ពុជា​ និង​ លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​ ៕

ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៧

កាសែត​កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៧​ ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨


កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៨​ – ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • តុលាការ​ខេត្ត​សៀមរាប​ចាប់​មនុស្ស​បី​នាក់​ដាក់​គុក​ មាន​អ្នកកាសែត​ម្នាក់​ [នៃ​កាសែត​សង្គម​ខ្មែរ ] ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​ជីក្រែង​ [ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ រំលោភ​លើ​កម្មសិទ្ធិ​ឯកជន​ និង​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ រី​ឯ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​បាន​និយាយ​ថា​ ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អយុត្តិធម៌​]
  • ប៉ាគីស្ថាន​ និង​ ឥណ្ឌា​ បញ្ជូន​កងទ័ព​ទៅ​កាន់​ព្រំដែន​ពេល​ដែល​ភាព​តានតឹង​កើនឡើង
  • ប្រទេស​ចិន​បញ្ជូន​នាវាចំបាំង​ទៅ​កាន់​ឈូងសមុទ្រ​អាដែន​ [ដើម្បី​ជួយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣១៤​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • តន់​ វ៉ានថារ៉ា​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក​ លេច​មុខ​នៅ​បនល្បែង​ក្នុង​សណ្ឋាគារ​ភ្នំពេញ
  • [អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​] ជា​ រដ្ឋា​ អះអាង​ពី​កន្លែង​លាក់​ខ្លួន​ ថា​គាត់​ជា​ជនរងគ្រោះ​ក្នុង​រឿង​ជះ​ទឹកអាស៊ីត​នេះ​ [លោកស្រី​ប្រាប់​ថា​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​មួយ​នៅ​ឯ​ក្រៅ​ប្រទេស​]
  • [អតីត​រដ្ឋមន្ត្រីការបរទេស​សៀម​] ណុបផាដុន​ ប៉ាតាម៉ា​ នឹង​លើក​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​វាយបក​ [នាយករដ្ឋមន្ត្រី​] អាប់ភីស៊ីត​ [នៅ​អំឡុង​កិច្ចប្រជុំ​សភា​របស់​ថៃ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៧០​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប្រជាពលរដ្ឋ​សហគមន៍​ដី​ក្រហម​ ប្រឈម​នឹង​ការ​បណ្ដេញចេញ​ពី​លំនៅឋាន​ ថ្ងៃ​ទី​ ៣០​ ធ្នូ​ ខាងមុខ​នេះ​ [បន្ទាប់ពី​សាលាខណ្ឌ​ចំការមន​ចេញ​សេចក្ដីជូនដំណឹង​ជា​លើក​ចុងក្រោយ​ ដល់​គ្រួសារ​ចំនួន​ ៩១​ នៃ​គ្រួសារ​សរុប​ ១៣៧៤​ នៅ​ឯ​តំបន់​ប្លុក​ប៊ូឌីង​ ឲ្យ​ពួកគេ​ចាក់ចេញ​ពី​ទីនោះ​ត្រឹម​ថ្ងៃ​ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៩​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៧​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មិន​រង់ចាំ​ច្បាប់​ទទួល​ព័ត៌មាន​ ៖​ សារព័ត៌មាន​នៅ​កម្ពុជា​ប្រឈម​ទៅ​នឹង​ការ​គេចវេះ​មិន​ផ្ដល់​ព័ត៌មាន​ផ្លូវការ
  • បញ្ហា​ព្រំដែន​នៅតែ​ប្រកាន់​ជំហរ​ចរចា​ជាមួយ​សៀម​ជា​ជំរើស​ត្រឹមត្រូវ​បំផុត​ដើម្បី​បញ្ចៀស​ភ្លើង​សង្គ្រាម​ [នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក​ ខៀវ​ កាញារីទ្ធ​]
  • ក្រុម​បាតុករ​អាវ​ក្រហម​ [ដែល​ជា​ក្រុម​គាំទ្រ​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​] ចាប់ផ្ដើម​ឡោមព័ទ្ធ​សភា​ថៃ​ [ដើម្បី​រំខាន​ដល់​ការ​ឡើង​ថ្លែង​គោល​នយោបាយ​នៅ​សភា​របស់​ លោក​ អាប់ភីស៊ីត​]
  • អ៊ីស្រាអែល​វាយប្រហារ​លើ​ក្រុម​ហាម៉ាស់​ នៅ​ហ្គាហ្សា​ ស្លាប់​យ៉ាង​រង្គាល​ [ដើម្បី​ជា​ការ​សងសឹក​ទៅ​នឹង​ការ​បាញ់​គ្រាប់រ៉ុកែត​ទៅលើ​អ៊ីស្រាអែល​- មនុស្ស​យ៉ាង​តិច​ ២៧១​នាក់​ បាន​ស្លាប់​ និង​ជាង​ ៦២០​នាក់​ ត្រូវ​រងរបួស​]
  • ជនស៊ីវិល​ជាង​ ៩៨​ពាន់​នាក់​ ស្លាប់​នៅ​ប្រទេស​អ៊ីរ៉ាក់​ [ចាប់​តាំងពី​ឆ្នាំ​ ២០០៣​]


មាតុភូមិ​ ឆ្នាំ​ទី​ ៥២​ លេខ​ ៧១៦​ ថ្ងៃ​ ចន្ទ​ – ពុធ​ ទី​ ២៩​ – ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • បើ​ [រដ្ឋមន្ត្រី​ក្រសួងការបរទេស​] លោក​ ហោ​ ណាំហុង​ មិន​ប្រើ​កូន​គាត់​ តើ​ឲ្យ​ប្រើ​អ្នក​ណា​វិញ​?​ [លោក​នឹង​តែងតាំង​កូនប្រុស​របស់​លោក​ ឈ្មោះ​ ហោ​ មុនីរ័ត្ន​ ឲ្យ​ទៅ​ធ្វើ​ឯកអគ្គរាជទូត​នៅ​ប្រទេស​ជប៉ុន​ សម្រាប់​ ឆ្នាំ​ ២០០៩​ ខាងមុខ​នេះ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៥១​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អ្នកនាំពាក្យ​រដ្ឋាភិបាល​ [លោក​ ខៀវ​ កាញារីទ្ធ​] អះអាង​ថា​ បើ​មាន​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​ ខ្មែរ​-សៀម​ គឺ​ភាគី​ខ្មែរ​ត្រូវការ​កងទ័ព​ ២០.០០០​នាក់
  • សមាជិក​សភា​អឺរ៉ុប​ ត្រៀម​ប្ដឹង​ភ្នាក់ងារ​អាកាសចរណ៍​យួន​ [ដែល​រារាំង​ពួកគាត់​ទាំងពីរ​ ដែល​មាន​ លោក​ Marco Pannella​ និង​ លោក​ Marco Perduca​ មិន​ឲ្យ​ឡើង​យន្តហោះ​ពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​ប្រទេស​វៀតណាម​ – នេះ​បើ​យោង​តាម​អ៊ីមែល​របស់​ លោក​ Perduca​]
  • នាយក​អាជ្ញាធរជាតិ​កំចាត់​មីន​កម្ពុជា​ ត្រូវ​បាន​ដក​ចេញពី​តំណែង​ បន្ទាប់ពី​មាន​រឿង​អាស្រូវ​អំពើ​ពុករលួយ​ [ជុំវិញ​រឿង​កឹបកេង​ប្រាក់​ជំនួយ​ ដែល​បណ្ដាលឲ្យ​កម្មវិធី​ចិញ្ចឹម​ឆ្កែ​ និង​ បង្កាត់​ឆ្កែ​ដោះ​មីន​ ត្រូវ​ក្ស័យធន​យ៉ាង​ធ្ងន់ធ្ងរ​ – ដោយ​ លោក​ សម​ សុត្ថា​ ត្រូវ​បាន​ជំនួស​ដោយ​ លោក​ ជុំ​ ប៊ុនរ៉ុង​ ដែល​ជា​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៩៦​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មហាជន​ក្នុង​ទីក្រុង​ [ភ្នំពេញ​] សាទរ​ដែល​អាជ្ញាធរ​បង្ក្រាប​ទីតាំង​បញ្ចាំ​ម៉ូតូ​ខុស​ច្បាប់​ [ព្រោះ​មាន​ទីតាំង​នោះ​ទើប​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ការ​លួច​ប្លន់​នៅ​ក្នុង​ទីក្រុង​ – ​ម៉ូតូ​ជិត​ ២០.០០០​គ្រឿង​ ក្នុង​នោះ​ ៧០​%​ មាន​ភាព​មិន​ប្រក្រតី​ត្រូវ​បាន​រក​ឃើញ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៨០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៨​ – ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រសួងមហាផ្ទៃ​ចាប់ផ្ដើម​បើក​លុយ​ជំនួស​ការ​ផ្ដល់​អង្ករ​ដល់​ប៉ូលិស​នៅ​ឆ្នាំ​ ២០០៩​ [ព្រោះ​បញ្ហា​កន្លងមក​តែង​មាន​ការ​ខ្វល់ខ្វាយ​អំពី​គុណភាព​ ការ​ផ្គត់ផ្គង​យឺតយ៉ាវ​ និង​ បរិមាណ​តែងតែ​មាន​ការ​បាត់បង់​ ហើយ​ក្រសួង​សម្រេច​ផ្ដល់​​ក្នុង​មួយ​គីឡូក្រាម​ ២.៨០០​រៀល​]
  • ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា​ – វៀតណាម​ ត្រូវ​ពន្យារ​ដល់​ ឆ្នាំ​ ២០១២​ [ដោយសារតែ​បញ្ហា​មួយ​ចំនួន​ – ព្រំដែន​ កម្ពុជា​-វៀតណាម​ ប្រវែង​ ១.២៧០​គីឡូម៉ែត្រ​ ត្រូវ​បោះ​បង្គោល​ចំនួន​ ៣៧០​ ដែល​មាន​តម្លៃ​សរុប​ជាង​ ១៥​ដុល្លារ​ ហើយ​ភាគី​វៀតណាម​ជា​អ្នក​ទទួល​បន្ទុក​ចេញ​ចំណាយ​ក្នុង​ការផលិត​ទាំងស្រុង​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ នាំឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​គ្រួសារ​ និង​ ការអភិវឌ្ឍន៍​សង្គមជាតិ​ – ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ធ្នូ​ ២០០៨

Posted on Saturday, 27 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កិច្ចការ​នារី​បាន​និយាយ​ឲ្យ​ដឹង​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សុខុមាលភាព​គ្រួសារ​ ពិសេស​លើ​សមត្ថភាព​ និង​ ការអភិវឌ្ឍន៍​សង្គមជាតិ​ ។

លោកស្រី​ ស៊ី​ ដេហ្វីន​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បាន​និយាយ​ថា​ ជា​រួម​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​ប៉ះពាល់​ដល់​បុគ្គល​គ្រប់រូប​ដោយ​មិន​គិត​ទាំង​ពួកគេ​ជា​ជនរងគ្រោះ​ ឬ​ ជា​អ្នក​ប្រព្រឹត្ត​ឡើយ​ ហើយនិង​មាន​ការ​ប៉ះពាល់​ដល់​សហគមន៍​ និង​ សង្គមជាតិ​ផង​ដែរ​ ។

លោកស្រី​ ស៊ី​ ដេហ្វីន​ បាន​និយាយ​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ “លទ្ធផល​នៃ​កិច្ចប្រជុំ​វេទិកា​ស្ត្រី​ស្ដីពី​តម្រូវការ​បច្ចេកវិទ្យា​គមនាគមន៍​ ព័ត៌មានវិទ្យា​ ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​ កាលពី​ថ្ងៃ​ទី​ ២៦​ ឲ្យ​ដឹង​ថា​ ភាព​សុខដុមរមនា​ក្នុង​គ្រួសារ​ គឺជា​កត្តា​មួយ​ដែល​នាំឲ្យ​ប្រទេស​មាន​ការអភិវឌ្ឍន៍​ឈាន​ឡើង​ ។​ ស្ត្រី​ និង​ កុមារ​ ត្រូវ​ទទួល​បាន​នូវ​សុខុមាលភាព​សេវាកម្ម​ ការគ្រប់គ្រង​ធនធាន​ និង​ ឱកាស​ចូលរួម​ពេញលេញ​ដោយ​ស្មើភាព​លើ​គ្រប់​វិស័យ​ និង​ កិច្ចការពារ​នូវ​រាល់​ទំរង់​នៃ​ការរើសអើង​ក្នុង​ជីវិត​ ។

លោកស្រី​ ស៊ី​ ដេហ្វី​ បាន​និយាយ​ថា​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ ស្ត្រី​កម្ពុជា​នៅតែ​ទទួលរង​នូវ​ការរើសអើង​នៅឡើយ​ ទោះបីជា​រាជរដ្ឋាភិបាល​មាន​ការ​គាំទ្រ​លើកកម្ពស់​សិទ្ធិ​ និង​ ផ្ដល់​ឱកាស​ដល់​ស្ត្រី​ក៏ដោយ​ ។​ លោកស្រី​រដ្ឋលេខាធិការ​រូប​នេះ​បាន​បញ្ជាក់​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ អំពើ​ជួញដូរ​មនុស្ស​ អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ការ​រំលោភ​សេពសន្ថវៈ​ នៅតែ​មាន​ការ​កើតឡើង​ ដែល​អំពើ​ទាំងអស់​នេះ​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ និង​ មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ស្ត្រី​ និង​ កុមារ​កម្ពុជា​ ។​ លោកស្រី​និយាយ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​លើ​ស្ត្រី​ មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សុខុមាលភាព​គ្រួសារ​ ពិសេស​លើ​សមត្ថភាព​ និង​ ការអភិវឌ្ឍន៍​របស់​កុមារ​ ។​ លោកស្រី​បន្ថែម​ថា​ ជា​រួម​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ប៉ះពាល់​ដល់​បុគ្គល​គ្រប់រូប​ដោយ​មិន​គិត​ថា​ពួកគេ​ជា​ជនរងគ្រោះ​ ឬ​ ជា​អ្នក​ប្រព្រឹត្ត​ឡើយ​ និង​ មាន​ការ​ប៉ះពាល់​ដល់​សហគមន៍​ និង​ សង្គម​ផង​ដែរ​ ។

លោកស្រី​ ជឹម​ ម៉ាណាវី​ នាយិកា​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​និយាយ​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​មាន​ច្រើន​ប្រភេទ​ រួមមាន​អំពើ​ហិង្សា​លើ​រូបរាងកាយ​ លើ​ផ្លូវ​ចិត្ត​និង​ផ្លូវ​ចិត្ត​ ។​ លោកស្រី​បាន​លើក​យក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ តាម​ការ​ប៉ាន់ស្មាន​ ក្នុងចំណោម​ស្ត្រី​ ៣​នាក់​នៅ​ទូទាំង​ពិភពលោក​ មាន​ម្នាក់​នឹង​ត្រូវ​ទទួលរង​នូវ​ការ​ឈឺចាប់​ដោយ​អំពើ​ហិង្សា​ទាក់ទង​យេនឌ័រ​ នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ​ ។​ អំពើ​ទាំងនោះ​រួមមាន​ ការ​វាយដំ​រំលោភ​ ការ​វាយប្រហារ​ ការ​ត្រូវ​គេ​ជួញដូរ​ ត្រូវ​គេ​សម្លាប់​ ការ​ប្រមាថ​ ការ​ដាក់កំហិត​ក្នុង​ការ​ដើរហើរ​ និង​ ទំនាក់ទំនង​សង្គម​ ។​ លោកស្រី​បាន​និយាយ​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​បាន​ធ្វើឲ្យ​អន្តរាយ​ដល់​សមភាព​យេនឌ័រ​ និង​ ការ​ខ្វះ​អំណាច​របស់​ស្ត្រី​ ផ្ទុយ​អំពី​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទំរង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ​ ។

លោកស្រី​ ជឹម​ ម៉ាណាវី​ បាន​និយាយ​ថា​ ដូច្នេះ​ការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ អំពី​សិទ្ធិ​ និង​ អំពី​វិធានការ​ផ្សេង​ៗ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ និង​ ការ​កាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​ ដែល​ក្នុង​នោះ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ ព័ត៌មាន​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ ។

លោកស្រី​ ស៊ី​ ដេហ្វី​ បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ ច្បាប់​ វិធានការ​ និង​ ការ​អន្តរាគមន៍​សំរាប់​ទប់ស្កាត់​ និង​ កាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​ ពិសេស​បច្ចេកវិទ្យា​គមនាគមន៍​ និង​ ព័ត៌មាន​ មាន​តួនាទី​ដ៏​សំខាន់​ តែ​យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ផ្លាស់ប្ដូរ​ឥរិយាបថ​ដែល​មាន​នៅ​ក្នុង​ផ្នត់​គំនិត​តាំងពី​យូរ​មក​ហើយ​ លោកស្រី​ ជឹម​ ម៉ាណាវី​ បាន​និយាយ​ថា​ ស្ត្រី​ដែល​រង​អំពើ​ហិង្សា​ភាគច្រើន​មិន​ហ៊ាន​និយាយ​ទេ​ ព្រោះ​ខ្លាច​សង្គម​មាក់ងាយ​ និង​ ខ្លាច​ទទួលរង​អំពើ​ហិង្សា​ថែម​ទៀត​ ។​ លោកស្រី​យល់ឃើញ​ថា​ ការ​ដែល​នៅ​ស្ងៀមស្ងាត់​ចំពោះ​អំពើ​ហិង្សា​លើ​ស្ត្រី​ គឺជា​ការ​ខុសឆ្គង​មួយ​ ព្រោះ​ធ្វើឲ្យ​អ្នក​ប្រព្រឹត្ត​រួច​ខ្លួន​ និង​ នាំឲ្យ​អំពើ​ហិង្សា​មាន​ការ​កើន​ឡើង​ ។​ ដូច្នេះ​ស្ត្រី​ត្រូវតែ​ហ៊ាន​និយាយ​អំពី​បញ្ហា​នេះ​ ។​ លោកស្រី​បន្ថែម​ថា​ ការ​រាយការណ៍​អំពី​អំពើ​ហិង្សា​ អាច​ធ្វើ​បាន​តាម​មធ្យោបាយ​ជាច្រើន​ ដែល​ក្នុង​នោះ​គមនាគមន៍​ព័ត៌មានវិទ្យា​គឺជា​ឧបករណ៍​មួយ​យ៉ាង​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​បំផុត​ ដោយ​មិន​ខ្លាច​មាន​អ្នកដទៃ​គេ​ស្គាល់​ថា​ជា​នរណា​នោះ​ទេ​ ។

ការពិភាក្សា​ក្នុង​សិក្ខាសាលា​នេះ​នឹង​នាំមក​នូវ​ការ​មើល​ឃើញ​នូវ​ឫសគល់​នៃ​បញ្ហា​ និង​ ដំណោះស្រាយ​នានា​ ព្រមទាំង​រំពឹង​នូវ​កិច្ចសហការ​ដ៏​ស្អិត​រមួត​ជាមួយ​ស្ថាប័ន​នានា​ក្នុង​ការ​កាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​ឆ្ពោះ​ទៅ​រក​សមភាព​យេនឌ័រ​ និង​ ការ​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​ក្នុង​សង្គម​កម្ពុជា​ ៕​ កាសែត​កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣១​ ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣១​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អំពើ​ហិង្សា​ក្នុង​គ្រួសារ​ នាំឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​គ្រួសារ​ និង​ ការអភិវឌ្ឍន៍​សង្គមជាតិ
  • ព្រះមហាក្សត្រ​ចេញ​រាជក្រឹត្យ​ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​៣​ទៅជា​ខេត្ត​ [គឺ​ ក្រុង​ ព្រះសីហនុ​ ក្រុង​ កែប​ និង​ ក្រុង​ ប៉ៃលិន​]
  • សៀម​បញ្ជាក់​ជំហរ​អំពី​សម្ដេច​ហ៊ុន​ សែន​ និង​ ប្រាសាទ​ព្រះវិហារ​ [រដ្ឋមន្ត្រីការបរទេស​សៀម​ លោក​ កាស៊ីត​ ពីរូយ៉ា​ បាន​និយាយ​ថា​សៀម​គ្មាន​បំណង​គ្រប់គ្រង​ទៅលើ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ​ ប៉ុន្តែ​សៀម​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទៅលើ​ប្រាសាទ​មួយ​នេះ​] – រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​សៀម​ រំលឹក​ពី​ការ​ធ្លាប់​ស្គាល់​គ្នា​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ តាំងពី​ឆ្នាំ​ ១៩៨៩​ [ក្នុង​ពេល​សន្ធិសញ្ញា​ក្រុង​ប៉ារីស​] – សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជា​មេដឹកនាំ​បរទេស​ទី​១​ ដែល​អបអរសាទរ​ចំពោះ​ អាប់ហ៊ីស៊ីត​ ក្រោយពេល​ជាប់​ជា​នាយករដ្ឋមន្ត្រី​ [នេះ​បើ​យោង​តាម​ លោក​ កាស៊ីត​ ពីរូមយ៉ា​]
  • កងទ័ព​អាល្លឺម៉ង់​សង្គ្រោះ​នាវា​ដឹក​ទំនិញ​អេហ្ស៊ីប​មួយ​គ្រឿង​ ពី​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣១៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • គណបក្ស​ សម​ រង្ស៊ី​ ស្វាគមន៍​ការ​ប្រមូលផ្ដុំ​កម្លាំង​គ្នា​សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ ខេត្ត​-ក្រុង​ ឆ្នាំ​ ២០០៩​ នេះ
  • អ្នក​ញៀន​ល្បែង​ជនជាតិ​ខ្មែរ​ ប្រមូលផ្ដុំ​គ្នា​លេង​នៅ​ក្នុង​សណ្ឋាគារ​ភ្នំពេញ​ [របស់​ឧកញ៉ា​ លី​ យ៉ុងផាត់​] និង​ ណាហ្គា​ [បន្ទាប់ពី​បនល្បែង​នៅ​ក្រៅ​សណ្ឋាគារ​ត្រូវ​បាន​បិទ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦៩​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • នៅ​ឆ្នាំ​ ២០០៨​ នេះ​ មាន​២៥​ករណី​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​រំលោភ​លើ​ប្រជាពលរដ្ឋ​ បញ្ហា​ដីធ្លី​ [នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិមនុស្ស​ LICADHO]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៦​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២៧​ – ២៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • នាយករដ្ឋមន្ត្រី​ថៃ​ចង់​កាត់ទោស​មេដឹកនាំ​ [ក្រុម​បាតុករ​] កាន់កាប់​ប្រលានយន្តហោះ​ [ដែល​បង្ក​ឲ្យ​មាន​ការ​ខាតបង់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​អស់​ជាច្រើន​ពាន់​លាន​ដុល្លារ​]
  • បុរស​បែលហ្ស៊ិក​បើក​ម៉ូតូ​បុក​ចំ​ពាក់កណ្ដាល​ឡាន​បែន​ដឹក​ដី​ស្លាប់ [ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៥០​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២៧​ – ២៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • IMF​ [មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​] ស្នើ​ឲ្យ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ កាត់បន្ថយ​ថវិកា​ផ្នែក​យោធា​ [ពី​ ៥០០​លាន​ដុល្លារ​ មក​នៅ​ត្រឹម​តែ​ ១៦​០លាន​ដុល្លារ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នេះ​ទេ​ មូលនិធិ​អន្តរជាតិ​នេះ​នឹង​ពិចារណា​ឡើងវិញ​នូវ​ជំនួយ​ដែល​សន្យា​ផ្ដល់​ដល់​កម្ពុជា​]
  • ប្រជាពលរដ្ឋ​ [រស់នៅ​តំបន់​បឹង​កក់​] ប្រឆាំង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ បន្ត​ចាក់​ដី​បំពេញ​បឹង​កក់


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៩​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម្ដេច​ឪ​រក​ឃើញ​ជំងឺ​មហារីក​ថ្មី​ [គឺ​មហារីក​ក្រពះ​] ហើយ​ពន្យារពេល​ត្រលប់​មក​កម្ពុជា​វិញ
  • គណៈកម្មការ​ទី​៥​រដ្ឋសភា​ [គណៈកម្មការ​កិច្ចការ​បរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ ព័ត៌មាន​] ជំរុញ​ឲ្យ​វៀតណាម​មក​វិនិយោគ​កសិកម្ម​នៅ​កម្ពុជា
  • យីអ៊ុន​ វ៉ាង​ ស្រីណូ​ ធ្លាក់​ចុះ​ ៖​ សាលាក្រុង​ ទំនង​មិន​ឲ្យ​នាង​រួច​ខ្លួន​ [ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ ដែល​បាន​ធ្វើឲ្យ​ខូចខាត​រូបសំណាក​តោ​នៅ​បូជនីយដ្ឋាន​សម្ដេច​សង្ឃរាជ​ ជួន​ ណាត​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៦៤​ ថ្ងៃ​ សៅរ៍​ ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • កម្ពុជា​នឹង​លើក​បញ្ហា​ជម្លោះ​ព្រំដែន​ពេលនេះ​ នៅ​វេទិកា​អន្តរជាតិ​ តំបន់​ និង​ ពិភពលោក​ [នេះ​បើ​ផ្អែក​តាម​ សមាជិក​សភា​កម្ពុជា​ដែល​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ ឈាង​ វុន​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

កម្ពុជា​ឆ្លង​ផុត​ពី​ប្រទេស​ចំនួន​ ២៧​ដែល​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​របេង​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ពិភពលោក​ – ថ្ងៃ​ សុក្រ​ ទី​ ២៦​ ធ្នូ​ ២០០៨

Posted on Friday, 26 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ភ្នំពេញ​ ៖​ នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​មិន​បាន​ជាប់​ក្នុង​បញ្ជី​ប្រទេស​ចំនួន​ ២៧​ក្នុង​ពិភពលោក​ដែល​មាន​ករណី​ជំងឺ​របេង​ស៊ាំ​នឹង​ឱសថ​ធ្ងន់ធ្ងរ​ជាងគេ​ ប៉ុន្តែ​មួយ​ថ្ងៃ​ប្រទេស​នេះ​មាន​អ្នកជំងឺ​របេង​ចំនួន​ ៣០​នាក់​ ស្លាប់​យ៉ាង​ស្ងៀមស្ងាត់​ ។

លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់អ៊ាង​ នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ ជា​ទីប្រឹក្សា​អម​ក្រសួងសុខាភិបាល​ បាន​មាន​ប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​បំរើ​សេវា​រដ្ឋ​ និង​ ឯកជន​ ក្នុង​សិក្ខាសាលា​មួយ​ កាលពី​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​ នេះ​ថា​ យោង​តាម​ការ​ចេញ​របាយការណ៍​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​ រក​ឃើញ​ប្រទេស​ចំនួន​ ២៧​ក្នុង​ពិភពលោក​មាន​អ្នកជំងឺ​របេង​ស៊ាំ​នឹង​ឱសថ​ច្រើន​ជាងគេ​ ប៉ុន្តែ​កម្ពុជា​មិន​បាន​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ទាំងនោះ​ទេ​ ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “របេង​ស៊ាំ​ថ្នាំ​មាន​មហន្តរាយ​បំផុត​ វា​សម្លាប់​មនុស្ស​យ៉ាង​សម្ងាត់​បំផុត​” ។

កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់អ៊ាង​ បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​មាន​អ្នកជំងឺ​របេង​ស៊ាំ​នឹង​ឱសថ​ប្រមាណ​ ១,២​ ទៅ​ ១,៣​ភាគរយ​ ហើយ​មួយ​ថ្ងៃ​មាន​មនុស្ស​ប្រមាណ​ពី​ ៥​ទៅ​៦​នាក់​ ឆ្លង​ជំងឺ​របេង​ ។​ បច្ចុប្បន្ន​អ្នកជំងឺ​របេង​ស៊ាំ​នឹង​ឱសថ​ពី​ ៥០​ទៅ​៦០​នាក់​ កំពុង​ដាក់​ឲ្យ​ព្យាបាល​ និង​ នៅសល់​ឱសថ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ស៊ាំ​នឹង​ឱសថ​ប្រមាណ​ ១០០​ករណី​ទៀត​ ។​ លោក​បន្ថែម​ថា​ នៅ​កម្ពុជា​មាន​អ្នកជំងឺ​របេង​ស៊ាំ​នឹង​ឱសថ​ប្រមាណ​ ៤០០​ទៅ​៥០០​ករណី​ ក្នុង​មួយ​ឆ្នាំ​ ។

លោក​បន្ត​ថា​ ឱសថ​សម្រាប់​ព្យាបាល​អ្នកជំងឺ​របេង​ម្នាក់​ មាន​តម្លៃ​ពី​ ២០​ទៅ​៣០​ដុល្លារ​ ប៉ុន្តែ​សម្រាប់​ឱសថ​សម្រាប់​ព្យាបាល​អ្នក​ស៊ាំ​នឹង​ជំងឺ​របេង​ មាន​តម្លៃ​ចំនួន​ ៥.០០០​ដុល្លារ​ ក្នុង​ម្នាក់​ ដែល​តម្លៃ​នេះ​ទិញ​ពី​អង្គការ​ ប៉ុន្តែ​បើ​កម្មវិធី​ជាតិ​និង​រដ្ឋាភិបាល​ចង់​ទិញ​ ទាល់តែ​សុំ​ការអនុញ្ញាត​ និង​មាន​ការអនុញ្ញាត​ពី​គណៈកម្មការ​ភ្លើង​បៃតង​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ។​ លោក​បន្ត​ថា​ ប៉ុន្តែ​បើ​ទិញ​នៅ​ខាងក្រៅ​ តម្លៃ​ឱសថ​របេង​សម្រាប់​ព្យាបាល​អ្នកជំងឺ​មាន​សភាព​ស៊ាំ​នឹង​ឱសថ​ ម្នាក់​ត្រូវ​ចំណាយ​ប្រមាណ​ ៣០.០០០​ដុល្លារ​អាមេរិក​ ។

ចំណែក​ការ​ព្យាបាល​ត្រូវ​ចំណាយ​ពេល​ពី​ ១៨​ខែ​ ទៅ​២​ឆ្នាំ​ ក្នុង​ពេល​ជំងឺ​របេង​ធម្មតា​ត្រូវការ​រយៈពេល​ព្យាបាល​ត្រឹមតែ​រយៈពេល​ ៦​ខែ​ ប៉ុណ្ណោះ​ ។

យោង​តាម​របាយការណ៍​របស់​កម្មវិធី​ជាតិ​កម្ចាត់​រោគ​របេង​ បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំងពី​អនុវត្ត​កិច្ចសហការ​រវាង​សេវា​រដ្ឋ​ និង​ ឯកជន​ ចាប់​តាំងពី​ខែ​ ឧសភា​ ឆ្នាំ​ ២០០៥​ រហូត​មកទល់​ពេលនេះ​ កម្មវិធី​បាន​ពង្រីក​កម្មវិធី​នេះ​ដល់​ ១១​ខេត្ត​-ក្រុង​ ដោយ​គ្រប​ដណ្ដប់​លើ​ ៣៦​ស្រុក​ប្រតិបត្តិ​ ក្នុងចំណោម​ស្រុក​ប្រតិបត្តិ​សរុប​ប្រមាណ​ ៧៧​ នៅ​ទូទាំង​ ២៤​ខេត្ត​-ក្រុង​ ។

សំដៅ​ដល់​ប្រសិទ្ធភាព​នៃ​កិច្ចសហការ​រវាង​សេវា​រដ្ឋ​ និង​ ឯកជន​ ក្នុង​ការ​ជំរុញ​ការស្រាវជ្រាវ​ និង​ ព្យាបាល​អ្នកជំងឺ​របេង​ លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់អ៊ាង​ បាន​មាន​ប្រសាសន៍​ថា​ កាលពី​ដើម​ខែ​ធ្នូ​នេះ​ លោកស្រី​ មូនីកា​ ដែល​ធ្វើការ​នៅ​គណៈកម្មការ​ភ្លើង​បៃតង​នៅ​ទីក្រុង​ហ្សឺណែវ​ បាន​ធ្វើការ​វាយតម្លៃ​ការងារ​សហការ​នេះ​ ដោយ​បាន​រក​ឃើញ​នូវ​លទ្ធផល​ល្អ​ និង​ បញ្ហា​អសកម្ម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ត​ ។

លោក​វេជ្ជបណ្ឌិត​ នីស៊ីយ៉ាម៉ា​ មន្ត្រី​អង្គការ​ JICA​ អម​កម្មវិធី​ជាតិ​កម្ចាត់​រោគ​របេង​ បាន​មាន​ប្រសាសន៍​ថា​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) គាំទ្រ​ចំពោះ​កិច្ចសហការ​រវាង​សេវា​រដ្ឋ​ និង​ ឯកជន​ ដែល​កម្មវិធី​ជាតិ​កម្ចាត់​រោគ​របេង​កំពុង​ធ្វើការ​សហការ​ជាមួយ​សេវា​ឯកជន​ ដើម្បី​បញ្ជូន​អ្នក​សង្ស័យ​ទៅ​ពិនិត្យ​ និង​ ព្យាបាល​ជំងឺ​នៅ​សេវា​សាធារណៈ​របស់​រដ្ឋ​ ។

លោក​បន្ត​ថា​ “អ្នកជំងឺ​មួយ​ចំនួន​បាន​ទៅ​ពិគ្រោះ​ជាមួយ​សេវា​ឯកជន​ ដែល​សេវា​ឯកជន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ស្វែងរក​អ្នក​សង្ស័យ​ និង​ បញ្ជូន​ទៅ​សេវា​រដ្ឋ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​កម្ពុជា​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​” ។

លោក​ឱសថការី​ យឹម​ យ៉ាន់​ អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បាន​មាន​ប្រសាសន៍​ថា​ ជំងឺ​របេង​មាន​ហានិភ័យ​ខ្ពស់​ណាស់​ មើល​ឃើញ​យ៉ាង​នេះ​ទើប​ក្រសួងសុខាភិបាល​បាន​រៀបចំ​គោលនយោបាយ​ច្របាច់​រួមបញ្ចូល​គ្នា​រវាង​សេវា​រដ្ឋ​ និង​ ឯកជន​ ។​ លោក​បន្ត​ថា​ យើង​បាន​មើល​ឃើញ​ពី​ភាព​រីកចម្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការ​ខិតខំ​បន្ថែម​ទៀត​ និង​ បញ្ហា​ប្រឈម​នានា​ដែល​យើង​នឹង​ដោះស្រាយ​ក្នុង​អង្គ​សិក្ខាសាលា​នេះ​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៨​ ថ្ងៃ​ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ២៦​ ទី​ សុក្រ​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨៣៧​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប៉ូលិស​ខណ្ឌ​មានជ័យ​ចាប់​ខ្លួន​មនុស្ស​បាន​ ១៧២​នាក់​ ពាក់ព័ន្ធ​ករណី​ប្លន់​ និង​ លួច​ទ្រព្យសម្បត្តិ​ [គិត​ចាប់ពី​ ខែ​មករា​ រហូតដល់​ ខែ​ធ្នូ​ ឆ្នាំ​ ២០០៨​ – ក្រុងភ្នំពេញ​]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០១​ ថ្ងៃ​ សុក្រ​ – អង្គារ​ ទី​ ២៦​ – ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សៀម​សុំ​បន្ថយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ [ពី​ថ្ងៃ​ទី​ ២៤​ – ២៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០០៩​] មក​នៅ​ត្រឹម​ថ្ងៃ​ទី​ ១៣​ – ១៥​ កុម្ភៈ​ វិញ
  • ផ្អែក​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​ [ប្រេង​មួយ​បារ៉ែល​ ដែល​មាន​ចំណុះ​ ១៥៩​លីត្រ​ មាន​តម្លៃ​តែ​ជាង​ ៣០​$​] កម្ពុជា​គួរ​លក់​សាំង​ ១​លីត្រ​ជាង​ ២.០០០​រៀល​ [គឺ​ស្មើ​នឹង​ ០.៥​ដុល្លារ​ ក្នុង​ខណៈ​ដែល​សព្វថ្ងៃ​ ១​លីត្រ​ តម្លៃ​ ៣.០០០​រៀល​ ស្មើ​នឹង​ ០.៧៥​ដុល្លារ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣០​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • បាតុករ​សៀម​អាវ​ក្រហម​គាំទ្រ​ថាក់ស៊ីន​ គ្រោង​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ
  • ទូត​វៀតណាម​បដិសេធ​ចោល​ការ​ចោទប្រកាន់​មួយ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ [ដែល​ចោទ​ថា​អាជ្ញាធរ​វៀតណាម​បាន​រារាំង​សមាជិក​សភា​សហគមន៍​អឺរ៉ុប​២​នាក់​មិន​ឲ្យ​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​]
  • ប្រជាជន​ជាង​ ៥០០​គ្រួសារ​ នៅ​ឃុំ​ចង្ក្រង់​ [ខេត្ត​ក្រចេះ​] បាន​នាំគ្នា​មក​តវ៉ា​នៅ​សាលាខេត្ត​អំពី​បញ្ហា​ក្រុមហ៊ុន​ [Harmony Plantation] រំលោភ​យក​ដី​របស់​ពួកគេ
  • សម្ដេច​ប៉ាប​ ទទួលស្វាគមន៍​ពិធីបុណ្យ​គ្រិស្ត​ម៉ាស់​ជាមួយ​នឹង​ការ​អំពាវនាវ​ឲ្យ​ជួយ​ដល់​កុមារ​ដែល​ទទួលរង​នូវ​ការរំលោភ
  • លោក​ស័ក្ដិ​៣​ប្រទេស​ហ្គីណេ​ម្នាក់​ [មូសា​ ដាឌីសកាមារ៉ា​] ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​ បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ​រួចមក​ [បន្ទាប់​ពី​ការ​ស្លាប់​របស់​ប្រធានាធិបតី​មុន​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៩​ លេខ​ ៣១២​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម​ រង្ស៊ី​ ៖​ កម្ពុជា​ត្រូវការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ និង​ របៀប​ដឹកនាំ​ ដើម្បី​ធ្វើឲ្យ​ប្រទេស​ជឿនលឿន​ [លោក​បាន​ថ្លែង​បែបនេះ​បន្ទាប់ពី​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​លោក​ប៉ង​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ​ទៀត​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦៨​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម្ដេច​ឪ​ រំលឹក​ព្រះរាជសារ​ ១៥​ឆ្នាំ​មុន​ ថា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ព្រះអង្គ​ពុំ​បាន​ផ្ដល់​ផ្ទះ​ ការិយាល័យ​ និង​ រថយន្ត​ទេ​ [ទោះបី​ជា​មាន​ការ​ទាមទារ​ពី​សំណាក់​ទីប្រឹក្សា​ក៏​ដោយ​ដោយ​លើក​ហើយ​ផល​ថា​ពេល​នោះ​ប្រទេស​ជាតិ​កំពុង​ជួប​ស្ថានភាព​សេដ្ឋកិច្ច​លំបាក​ ហើយ​តំណែង​នេះ​គ្រាន់​តែ​ជា​តំណែង​កិត្តិយស​និង​ជា​ពិធីការ​តែ​ប៉ុណ្ណោះ​ ដែល​មិន​ការ​ការ​ងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​នោះ​ទេ​ – ព្រះអង្គ​ចេញ​ផ្សាយ​រាជសារ​នេះ​ម្ដង​ទៀត​ បន្ទាប់​ពី​ព្រះ​មហាក្សត្រ​ធ្វើ​ការ​តែង​តាំង​សមាជិក​រាជវង្ស​ជាង​២០​នាក់​ជា​ទីប្រឹក្សា​របស់​ទ្រង់​]
  • សៀម​បញ្ជូន​ទ័ព​ធ្វើ​សម​យុទ្ធ​យោធា​ពេល​យប់​តាម​បណ្ដោយ​ព្រំដែន​ ពី​ស្រុក​បន្ទាយ​អម្ពិល​ ដល់​ អន្លង់វែង​ [ខេត្ត​ឧត្ដរមានជ័យ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៥​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • បុរស​២​នាក់​ត្រូវ​ឃាតក​សម្លាប់​ – ម្នាក់​អារ​.ក​ និង​ ម្នាក់​កាប់​៣​ពូថៅ​ នៅ​ស្រុក​ថ្ពង​ និង​ ស្រុក​បសេដ្ឋ​ [ខេត្ត​កំពង់ស្ពឺ​ – ជនសង្ស័យ​នៅ​មិន​ទាន់​រក​ឃើញ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៨​ ថ្ងៃ​ សុក្រ​ ទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ឆ្លង​ផុត​ពី​ប្រទេស​ចំនួន​ ២៧​ដែល​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​របេង​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ពិភពលោក
  • កម្ពុជា​ – ម៉ាឡេស៊ី​ រៀបចំ​ចុះ​អនុស្សរណៈ​យោគយល់​លើ​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស
  • ម៉ុងហ្គោលី​បង្កើន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ដោយ​ការ​បើក​ស្ថានទូត​ថ្មី​ [នៅ​ទីក្រុង​ភ្នំពេញ​]
  • ភ្ញៀវ​ទេសចរ​បរទេស​ចូល​តាម​ច្រក​ប៉ោយប៉ែត​ កើន​តិចតួច​នៅ​ឆ្នាំ​ ២០០៨​ នេះ​ [បើ​ប្រៀបធៀប​ទៅ​នឹង​ ឆ្នាំ​ ២០០៧​ ដែល​មាន​ចំនួន​ ១៩៧.៤២៥​នាក់​ គឺ​កើន​ឡើង​ចំនួន ១១,១៥​%​ លើ​ចំនួន​ភ្ញៀវ​ទេសចរ​ ២១៩.២៤៩​នាក់​]
  • អង្គការ​សារព័ត៌មាន​ពិភពលោក​ថ្កោលទោស​ថៃ​អំពី​ចំណាត់​ការ​លើ​អ្នកសារព័ត៌មាន​ [BBC] ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ប្រមាថ​ស្ដេច​ [ព្រោះ​លោក​បាន​និយាយ​ថា​ ព្រះបរមរាជវាំង​អាច​ផ្ដល់​ការ​គាំទ្រ​ដល់​ពួក​អាវ​លឿង​ ដែល​ជា​អ្នកគាំទ្រ​នាយករដ្ឋមន្ត្រី​បណ្ដេញ​ចេញ​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ដោយ​គ្មាន​លក្ខខណ្ឌ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ធ្នូ​ ២០០៨​

Posted on Thursday, 25 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ជនសង្ស័យ​២​នាក់​ ជា​ឃាតក​សិប្បនិម្មិត​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ ដែល​ត្រូវ​បាន​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​តុលាការ​ក្រុងភ្នំពេញ​ ផ្ដន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​រយៈពេល​ ២០​ឆ្នាំ​នោះ​ តុលាការ​កំពូល​នឹង​មាន​គំរោង​បើក​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ខាងមុខ​នេះ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​ ពិចារណា​ដោះលែង​ជនសង្ស័យ​ទាំង​២​នាក់​ គឺ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ។​ ខណៈ​ដែល​ពួកគេ​កំពុង​ជាប់​ពន្ធនាគារ​ ហើយ​ឃាតក​ពិតប្រាកដ​ និង​ អ្នក​ផ្សំ​គំនិត​ កំពុង​ត្រូវ​បាន​រួច​ខ្លួន​ពី​ការ​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​រូប​នេះ​ ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បន្ត​ទៀត​ថា​ តុលាការ​កំពូល​ត្រូវ​ដោះលែង​ជនសង្ស័យ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ជា​បន្ទាន់​ ។​ ដែល​ពួកគេ​ទាំង​២​នាក់​ ត្រូវ​បាន​អាជ្ញាធរ​នគរបាល​ចាប់​ឃុំខ្លួន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ បន្ទាប់ពី​ លោក​ ជា​ វិជ្ជា​ ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ នៅ​តូប​កាសែត​មួយ​កន្លែង​ ខាងលិច​វត្ត​លង្កា​ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​នឹង​ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​ទោស​ នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ខាងមុខ​នេះ​ បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​តម្កល់​សាលដីកា​រក្សា​ការ​ផ្ដន្ទាទោស​របស់​តុលាការ​ក្រុងភ្នំពេញ​ ដាក់​ពន្ធនាគារ​ជនសង្ស័យ​ជា​ឃាតក​ទាំង​២​នាក់​ ម្នាក់​ៗ​រយៈពេល​ ២០​ឆ្នាំ​ ។​ បើ​ទោះបីជា​ព្រះរាជអាជ្ញា​បដិសេធន៍​ថា​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់​ដើម្បី​តុលាការ​ផ្ដន្ទាទោស​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ក៏ដោយ​ ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​បន្ត​ទៀត​ថា​ មាន​ការ​ធ្វើ​ទារុណកម្ម​ជំរិត​យក​ចម្លើយ​ពី​ជនជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ និង​មាន​ការ​គំរាមកំហែង​បំភិតបំភ័យ​សាក្សី​ និង​មាន​ការ​លូកដៃ​ជា​នយោបាយ​នៅ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ ព្រមទាំង​មាន​ការប្រព្រឹត្ត​ខុស​ច្បាប់​នៅ​ក្នុង​ទី​ឃុំឃាំង​មក​លើ​ជនជាប់ចោទ​ទាំង​២​នាក់​ ។​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ឡើងវិញ​ ដើម្បី​នាំ​យក​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។

លោកស្រី​ ប្រីតធីស​ អ៊ែតមែន​ អ្នកស្រាវជ្រាវ​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ បាន​អះអាង​បញ្ជាក់​ថា​ ករណី​ដែល​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ជា​ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ និង​ ការ​វាយ​ធ្វើបាប​ក្នុង​ទី​ឃុំឃាំង​ពី​សំណាក់​ប៉ូលិស​ និង​ ការ​សន្យា​ផ្ដល់​រង្វាន់​នោះ​ ត្រូវ​បាន​តុលាការ​ប្រើ​ជា​ភស្តុតាង​សម្រាប់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជនសង្ស័យ​ជា​ឃាតក​ទាំង​២​នាក់​ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​រយៈពេល​ ២០​ឆ្នាំ​ ដោយ​អយុត្តិធម៌​ ។

អ្នកស្រី​ ប្រីតធីស​ អ៊ែតមែន​ បាន​បញ្ជាក់​ទៀត​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ គឺ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ បាន​ដក​ចម្លើយ​សារភាព​ក្លែងក្លាយ​របស់​ពួកគេ​វិញ​ហើយ​ ភស្តុតាង​ទាំងនោះ​តុលាការ​មិន​អាច​យក​ជា​ការ​បាន​ទេ​ក្នុង​ការ​ផ្ដន្ទាទោស​ពួកគេ​ ពីព្រោះ​ភស្តុតាង​ទាំងនោះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​បង្ខិតបង្ខំ​ ។

ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ធ្លាប់​បាន​និយាយ​បដិសេធន៍​រាល់​ការ​ចោទប្រកាន់​ទាំងនោះ​ ហើយ​ក៏​ធ្លាប់​បាន​និយាយ​ផង​ដែរ​ថា​ តុលាការ​នៅ​មិន​ទាន់​បាន​បដិសេធន៍​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​នៅឡើយ​ទេ​ ហើយ​អាជ្ញាធរ​នៅ​រង់ចាំ​អនុវត្ត​ទៅ​តាម​ការ​សម្រេច​របស់​តុលាការ​ ។

តាម​ការស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាមួយ​នឹង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​នៅ​ប្រទេស​កម្ពុជា​ ធ្លាប់​បាន​អះអាង​ថា​ ពួកគេ​បាន​ទៅ​ធ្វើការ​ស៊ើបអង្កេត​ដល់​ភូមិ​មួយ​កន្លែង​ នៅ​អ្នកលឿង​ ដែល​ជា​លំនៅដ្ឋាន​របស់​សង្សារ​ ប៊ន​ សំណាង​ នោះ​ នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ អ្នកភូមិ​បាន​អះអាង​ថា​ ប៊ន​ សំណាង​ បាន​ស្ថិតនៅ​ក្នុង​ពិធី​សប្បាយរីករាយ​ជាមួយ​អ្នកភូមិ​ និង​ សង្សារ​របស់​ខ្លួន​ ហើយ​អះអាង​ទៀត​ថា​ ប៊ន​ សំណាង​ មិនមែន​ជា​ឃាតក​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ នោះ​ទេ​ ។

អតីត​ព្រះមហាក្សត្រ​ព្រះអង្គ​ធ្លាប់​បាន​មាន​ព្រះរាជ​បន្ទូល​ផង​ដែរ​ថា​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ មិនមែន​ជា​ឃាតក​បាញ់​សម្លាប់​ ជា​ វិជ្ជា​ នោះ​ទេ​ ។​ ជា​រៀងរាល់​ឆ្នាំ​ ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​ តែងតែ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ពិធី​បួងសួង​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​ ដូចជា​លែង​ចាប​ បង្ហោះ​ប៉េងប៉ោង​ ជា​និមិត្តសញ្ញា​នៃ​ការ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ជនជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ពី​ពន្ធនាគារ​ ដើម្បី​មាន​សិទ្ធិ​សេរីភាព​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ឯទៀត​ ។

លោក​ ជា​ មុនី​ ប្អូនប្រុស​ លោក​ ជា​ វិជ្ជា​ ក៏​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​ជនជាប់ចោទ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ផង​ដែរ​ ដោយ​បាន​អះអាង​ថា​ បុរស​ទាំង​២​នាក់​នេះ​មិនមែន​ជា​ឃាតក​ពិតប្រាកដ​នោះ​ទេ​ ។​ អតីត​អ្នកលក់​កាសែត​ម្នាក់​នៅ​ខាងលិច​វត្ត​លង្កា​ ទី​ដែល​ឃាតក​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៤​ នោះ​ បាន​សរសេរ​លិខិត​ផ្ញើ​ជូន​សាលាឧទ្ធរណ៍​ពី​ក្រុង​បាងកក​ ប្រទេស​សៀម​ នៅ​មុន​ដំណើរ​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​ទី​៣​ បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ បាន​បញ្ជាក់​ថា​ អ្នកស្រី​បាន​ឃើញ​ឃាតក​ច្បាស់​ ហើយ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ កំពុង​ជាប់​ពន្ធនាគារ​ គឺ​ពួកគេ​មិនមែន​ជា​ឃាតក​ពិតប្រាកដ​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ នោះ​ទេ​ ។​ ប៉ុន្តែ​អ្នកស្រី​មិន​អាច​និយាយ​បាន​នៅ​ពេល​កើត​ហេតុ​ភ្លាម​ៗ​ បន្ទាប់ពី​អាជ្ញាធរ​ប៉ូលិស​បាន​ទៅ​ហាមប្រាម​អ្នកស្រី​មិន​ឲ្យ​និយាយ​អ្វី​ផ្សេង​តាម​ផែនការ​របស់​ប៉ូលិស​កំណត់​ឲ្យ​និយាយ​ប្រាប់​អ្នកកាសែត​ និង​ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ ។

ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ​ និង​ បច្ចុប្បន្ន​ជា​ទណ្ឌិត​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ជាច្រើន​ កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ បន្ទាប់ពី​ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​ ឲ្យ​ជាប់​ពន្ធនាគារ​មាន​រយៈពេល​ជាង​ ៦០​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អះអាង​ថា​ជា​សាក្សី​សំខាន់​នៅ​ក្នុង​ការ​ជួយ​ឲ្យ​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ២០​ឆ្នាំ​ ។​ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​ ក៏ដូចជា​ព្រះរាជអាជ្ញា​ ស្នើ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ជូន​ ហេង​ ពៅ​ មក​ចូលរួម​ជា​សាក្សី​បំភ្លឺ​នៅ​ក្នុង​សវនាការ​តុលាការ​កំពូល​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ សប្ដាហ៍​ខាងមុខ​នេះ​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៨​ ថ្ងៃ​ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ពិធី​ប្រគល់​រង្វាន់​ជូន​អ្នកសារព័ត៌មាន​កម្ពុជា​ ៣​រូប​ ដែល​ជាប់​ចំណាត់ថ្នាក់​ក្នុង​ការ​ប្រឡង​សរសេរ​អត្ថបទ​ស្ដីពី​ “ការ​អភិវឌ្ឍន៍​ជនបទ​” [អ្នកនាង​ កង​ កល្យាណ​ អ្នក​កាសែត​ កាំបូដ​ស័រ ទទួល​បាន​ចំណាត់​ថ្នក់​លេខ​១​និង​ បាន​រង្វាន់​ជា​ទឹក​ប្រាក់​ ៧០០​ដុល្លារ​ លេខ​២​បាន​ទៅ​លើ​លោក​ ទៀង​ មង្គល​ មក​ពី​កាសែត​ សហគមន៍​គៀន​ស្វាយ ទទួល​បាន​៥០០​ដុល្លារ​ និង​ លេខ​៣​បាន​ទៅ​លើ​ អ៊ឹង​ ចំរើន​ មក​ពី​កាសែត​ កាំបូដស័រ​ ទទួល​បាន​ទឹក​ប្រាក់​ ៣០០ដុល្លារ
  • រដ្ឋមន្ត្រីការបរទេស​សៀម​ [លោក​ កាស៊ីត​ ពីរូមយ៉ា​] សុំទោស​ [ចំពោះ​ប្រជាជន​ថៃ​ទាំងអស់​ដែល​គាត់​បាន​និយាយ​ថា​ការ​ធ្វើ​បាតុកម្ម​បិទ​ប្រលានយន្តហោះ​ជា​រឿង​សប្បាយ​]
  • ប្រេស៊ីល​ទិញ​អាវុធ​ពី​បារាំង​ តំលៃ​ ១២.០០០​លាន​ដុល្លារ


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣១១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ថ្កោលទោស​ក្រុង​ហាណូយ​ [ែដល​រារាំង​មិន​ឲ្យ​សមាជិក​សភា​អឺរ៉ុប​២​រូប​ ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ក្នុង​ស្រុក​បញ្ចុះ​តម្លៃ​ តែ​ទំនិញ​នៅ​លើ​ទីផ្សារ​នៅ​ដដែល


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • កាសែត​ និង​ ទស្សនាវដ្ដី​ ជាង​៦០០​ – សមាគម​អ្នកកាសែត​មាន​ ១៨​ តែ​រក​តំណាង​ចូល​ជា​សមាជិក​អាស៊ាន​មិន​ទាន់​បាន​ [នេះ​បើ​យោង​តាម​ក្រសួងព័ត៌មាន​]
  • ១,៤​លាន​ដុល្លារ​ គ្រោង​រៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា​ ស្រុក​-ខណ្ឌ​-ខេត្ត​-ក្រុង​ [ដែល​គ្រោង​រៀបចំ​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មករា​ ដល់​ ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៩​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អង្គការ​លើកលែង​ទោស​អន្តរជាតិ​ សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​ ប៊ន​ សំណាង​ និង​ សុខ​ សំអឿន​ ដោយ​គ្មាន​លក្ខខណ្ឌ
  • អៀង​ សារី​ មាន​ជំងឺ​ធ្ងន់ធ្ងរ​ [ដោយ​សារ​ជើង​ឡើង​ហើម​] ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ នាំឲ្យ​មាន​កង្វល់​កាន់តែ​ខ្លាំង​ [ថា​គាត់​អាច​នឹង​ស្លាប់​បាត់បង់​ជីវិត​មុន​នឹង​ការពិត​ត្រូវ​បាន​លាតត្រដាង​]
  • សាលាក្ដី​ខ្មែរក្រហម​ គ្រោង​កោះហៅ​ជនសង្ស័យ​ ៦​នាក់​ទៀត​ មកកាន់​តុលាការ​ [យោង​តាម​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​របស់​សាលាក្ដី​ខ្មែរក្រហម​ លោក​ រ៉ូបឺត​ ប៉ឺតទីត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រក​ឃើញ​ឈើហុប​រាប់​រយ​ដើម​ [ប្រហែលជា​ ៤០០​ម៉ែត្រ​គូប​] ដែល​គេ​កាប់​ដឹក​ទៅ​គរ​ទុក​ជិត​ចម្ការ​កៅស៊ូ​មន្ត្រី​យោធា​ម្នាក់​នៅ​រតនគិរី​ [ប៉ុន្តែ​ជំនួយការ​របស់​មន្ត្រី​ម្នាក់​នោះ​បាន​និយាយ​ថា​ ឈើ​ទាំងនោះ​គឺ​កាប់​សម្រាប់​យក​ទៅ​ធ្វើ​ស្ពាន​ធំ​ៗ​ចំនួន​ពីរ​ និង​ ស្ពាន​តូច​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដែល​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ – មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ទាន់​បាន​រឹបអូស​យក​ឈើ​ទាំងនោះ​ទេ​]
  • ក្រសួងមហាផ្ទៃ​អះអាង​ថា​ រាជរដ្ឋាភិបាល​មាន​គោលការណ៍​បំបែក​ខណ្ឌ​ឫស្សីកែវ​ [ដោយសារតែ​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាពលរដ្ឋ​ ផ្ទៃដី​ធំ​ទូលាយ​ ការគ្រប់គ្រង​រដ្ឋបាល​ សន្តិសុខ​ សណ្ដាប់ធ្នាប់​មាន​ការ​លំបាក​ និង​ ការអភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​]
  • វៀតណាម​ប្រគល់​ឯកសារ​ជា​ហ្វ៊ីល​ [ចំនួន​ ១៦​ដុំ​] ទាក់ទង​ទៅ​នឹង​របប​ខ្មែរក្រហម​ ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
  • នាំ​គូសង្សារ​ជិះ​ម៉ូតូឌុប​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ថ្ម​ឈប់​នៅ​ស្ងៀម​ ស្លាប់​២​នាក់​ របួស​ម្នាក់​ [ម្ចាស់​ម៉ូតូឌុប​ និង​ នារី​ជា​សង្សារ​ត្រូវ​បាន​ស្លាប់​ ក្នុង​ខណៈ​ដែល​បុរស​ជា​សង្សារ​រង​របួស​ធ្ងន់ធ្ងរ​ – ក្រុងព្រះសីហនុ​]
  • កូរ៉េ​ខាងជើង​គំរាម​កម្ទេច​កូរ៉េ​ខាងត្បូង​ឲ្យ​ក្លាយ​ជា​ផេះ​ [ដោយ​ចោទ​ថា​ប្រទេស​កូរ៉េ​ខាងត្បូង​ព្យាយាម​បង្ក​សង្គ្រាម​]
  • ម៉ៃឃើល​ ជែកសាន់​ [តារា​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក​] កើត​រោគ​សួត​ និង​ ភ្នែក​ [ខាង​ឆ្វេង​] ងងឹត​ស្ទើរ​ទាំងស្រុង

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជាភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

រដ្ឋាភិបាល​យួន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ ទទួល​ដឹក​សមាជិក​សភា​អឺរ៉ុប​ពី​កម្ពុជា​ទៅ​ស្រុក​យួន​ – ថ្ងៃ​ ពុធ​ ទី​ ២៤​ ធ្នូ​ ២០០៨​

Posted on Wednesday, 24 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ការ​រារាំង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​យួន​ និង​រដ្ឋាភិបាល​យួន​ មិន​ឱ្យ​សមាជិក​សភា​អឺរ៉ុប​២​នាក់​ ធ្វើ​ដំណើរ​តាម​យន្តហោះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ស្រុក​យួន​ កាល​ពី ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ម្សិលមិញ​នេះ​ក្រោម​លេស​អះអាង​ថា​នឹង​មាន​បាតុកម្ម​ធំ​របស់​ប្រជា​ពលរដ្ឋ​យួន​នៅ​ក្រុង​ហាណូយ​ ប្រឆាំង​វត្តមាន​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​ ។

ការ​រារាំង​របស់​រដ្ឋាភិបាល​យួន​បាន​កើត​ឡើង​ បន្ទាប់​ពី​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​ មាន​គំរោង​ជួប​ជាមួយ​សមាជិកសភា​ និង​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហាណូយ​ដើម្បី​និយាយ​ពី​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ដល់​ជន​ជាតិ​ កុលសម្ព័ន្ធ​ភ្នំ​ម៉ុងតាញ៉ា​ ការ​ទាមទារ​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​ និង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ព្រះ​សង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ក្រោម​ការ​ត្រួតត្រា​ និង​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ និង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ ព្រះសង្ឃ​ ទឹម​ សាខន​ និង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ៥​អង្គ​ផ្សេង​ទៀត​ នៅ​ខេត្ត​ឃ្លាំង​កំពុង​ជាប់​ពន្ធនាគារ​ ។

កាល​ពី​វេលា​ម៉ោង​ ១២:៤០​នាទី​ ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ លោក​ (Marco Panella) ម៉ាកូ​ ផានីឡា​ និង​ លោក​ (Marco Perduca) ម៉ាកូ​ ភឺដូកា​ ដែល​ជា​សមាជិក​សភា​អឺរ៉ុប​ បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដើម្បី​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរឡាញ​ ឆ្ពោះ​ទៅ​ទីក្រុង​សាយហ្កន​ ប្រទេស​យួន​ ។ ប៉ុន្តែ​មុន​ពេល​ឡើង​យន្តហោះ​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​រង់ចាំ​មួយ​រយៈ​ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរឡាញ​ បាន​ប្រគល់​លិខិត​មួយ​ច្បាប់​ជូន​ពួក​គាត់​ ដែល​លិខិត​នោះ​មិន​មែន​ជា​លិខិត​របស់​រដ្ឋាភិបាល​វៀតណាម​ទេ​ គឺ​ជា​លិខិត​របស់​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​ទៅ​វិញ​ ដែល​ក្រុមហ៊ុន​នោះ​ឈ្មោះ​ថា​ វង់តាវ​តួ​ហាណូយ​ ដែល​មាន​សេចក្ដី​ថា​ “តាម​ការ​ស្នើ​សុំ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​ទី​ក្រុង​រ៉ូម​ នៅ​ប្រទេស​អ៊ីតាលី​ពាក់ព័ន្ធ​ទៅ​នឹង​វីសា​ ហើយ​ដែល​បាន​ស្នើ​សុំ​ជា​ផ្លូវ​ការ​ និង​ការ​យល់​ព្រម​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ជា​លក្ខណៈ​ទេសចរណ៍​នោះ​ ពី​ថ្ងៃ​ទី ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ដល់​ថ្ងៃ​ទី​១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដែល​មាន​ឈ្មោះ​ (Marco Panella) ម៉ាកូ​ ផានីឡា​ និង​ លោក​ (Marco Perduca) ម៉ាកូ​ ភឺដូកា​ យោង​តាម​ច្បាប់​ប្រទេស​វៀតណាម​ ដែល​បាន​បញ្ជាក់​អំពី​វិសា​ឆ្លង​ចូល​ប្រទេស​វៀតណាម​ត្រូវ​តែ​បង្ហាញ​នូវ​ឯកសារ​កម្មវិធី​ចែង​អំពី​ដំណើរ​ការងារ​នៅ​ក្នុង​ប្រទេស​វៀតណាម​ឱ្យ​បាន​សព្វគ្រប់​” ។

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរឡាញ​ បាន​បញ្ជាក់​ទៀត​ថា​ មិន​អាច​ទាក់​ទង​សមាជិក​សភា​អឺរ៉ុប​ទាំង​ពីរ​ដើម្បី​សុំ​ឱ្យ​បង្ហាញ​កម្មវិធី​ការងារ​ នៅ​ក្នុង​ប្រទេស​វៀតណាម​ បាន​ទេ​ បើ​យោង​តាម​ច្បាប់​វៀតណាម​ ដូច្នេះ​ហើយ​ក្រុមហ៊ុន​ អាកាសចរណ៍​វៀតណាម​អ៊ែរឡាញ​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​មាន​សិទ្ធិ​ចូល​ទៅ​ប្រទេស​វៀតណាម​បាន​ឡើយ​ ។

លោក​ (Marco Perduca) ម៉ាកូ​ ភឺដូកា​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​ពិធី​សន្និសីទ​នៅ​សួន​ច្បារ​ខាង​មុខ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ាល់​ កាល​ពី​រសៀល​ថ្ងៃ​ទី​ ២៣​ ខែ​ ធ្នូ​ ថា​ តាម​ព័ត៌មាន​ដែល​លោក​បាន​ទទួល​ពី​អ្នក​ការ​ទូត​អ៊ីតាលី​ នៅ ក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ បាន​ផ្ដល់​ព័ត៌មាន​ថា​ មាន​លិខិត​របស់​ជន​ជាតិ​វៀតណាម​ បាន​សម្ដែង​ការ​ប្រឆាំង​ចំពោះ​វត្តមាន​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​ នៅ​លើ​ទឹក​ដី​វៀតណាម​ ។ ដោយ​សារ​មាន​លិខិត​បែប​នេះ​ហើយ​ទើប​រដ្ឋាភិបាល​វៀតណាម​ មាន​ការ​ព្រួយ​បារម្ភ​មិន​អាច​ការពារ​ សន្តិសុខ​ ជូន​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​នេះ​បាន​ទេ​ ទើប​រដ្ឋាភិបាល​វៀតណាម​ សុំ​ឱ្យ​សមាជិក​សភា​អឺរ៉ុប​ទាង​២​នាក់​នេះ​ កុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ ។ លោក​ (Marco Perduca) ម៉ាកូ​ ភឺដូកា​ បាន​បញ្ជាក់​ទៀត​ថា​ ពួកគាត់​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ និង​ បន្ត​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ ជា​លក្ខណៈ​ក្រៅ​ផ្លូវការ​ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លោក​បាន​ជួប​សហគមន៍​ និង​ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ កាលពី​ថ្ងៃ​អាទិត្យ​ ទី​ ២១​ ខែ​ ធ្នូ​ និង​ បាន​ជួប​ជាមួយ​សមាជិក​សភា​មកពី​គណបក្ស​ សម​ រង្ស៊ី​ ផង​ដែរ​ ។​ ហើយ​បន្ត​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ ក៏ដូចជា​សមាជិក​សភា​វៀតណាម​ និង​ ជួប​ជាមួយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ជួប​ជាមួយ​អ្នក​កាន់​សាសនា​កាតូលិក​ ជួប​ជាមួយ​នឹង​ក្រុម​ម៉ុងតាញ៉ា​ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ៥​អង្គ​ កំពុង​ជាប់​ពន្ធនាគារ​ និង​ ទាមទារ​ឲ្យ​បញ្ជូន​ព្រះសង្ឃ​ ទឹម​ សាខន​ មក​ប្រទេស​កម្ពុជា​វិញ​ ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​ចាស់​ម្នាក់​ អាយុ​ ៩០​ឆ្នាំ​ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ ដែល​ជា​អ្នក​ដឹកនាំ​សាសនា​ ។​ លោក​បាន​បន្ត​ទៀង​ថា​ តាម​ការ​អះអាង​របស់​មន្ត្រី​ទូត​អ៊ីតាលី​ ពី​ក្រុង​ហាណូយ​ បញ្ជាក់​ថា​ ទិដ្ឋាការ​របស់​ពួកគាត់​ចូល​ទៅកាន់​ប្រទេស​វៀតណាម​មិន​ទាន់​ត្រូវ​បាន​លុប​ចោល​ទេ​ ហើយ​សមាជិក​សភា​ និង​ មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ កំពុងតែ​រៀបចំ​ខ្លួន​ទទួល​ពួកគាត់​ ដែល​បញ្ហា​ទាំងនេះ​គឺជា​រឿង​ចម្លែក​មួយ​ដែល​បាន​កើត​ឡើង​នៅ​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា​ ដែល​មិន​អនុញ្ញាត​ទទួល​ឲ្យ​ពួកគាត់​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​វៀតណាម​ ។

លោក​ (Marco Panella) ម៉ាកូ​ ផានីឡា​ បាន​មាន​ប្រសាសន៍​ថា​ វា​ជា​រឿង​ធម្មតា​សោះ​ដែល​សមាជិក​សភា​អឺរ៉ុប​ ២​នាក់​ មាន​បំណង​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ និង​ សមាជិក​សភា​វៀតណាម​ ប៉ុន្តែ​គ្រាន់តែ​ឡើង​ជិះ​យន្តហោះ​ទៅ​ប្រទេស​វៀតណាម​ សមាជិក​សភា​ទាំង​២​នាក់​នេះ​មិន​អាច​ឡើង​ជិះ​បាន​ ។​ ក្រសួងការបរទេស​អ៊ីតាលី​ បាន​ប្រាប់​ថា​ ហេតុការណ៍​ពុំ​មាន​អ្វី​ប្រែប្រួល​ ហើយ​ទិដ្ឋាការ​ចូល​ទៅកាន់​ប្រទេស​វៀតណាម​នៅតែ​ជា​ផ្លូវការ​ រីឯ​រឿង​ដែល​ថា​ មាន​អ្នក​ដែល​រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​ពេល​ទៅដល់​ប្រទេស​វៀតណាម​ គឺ​ការ​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នោះ​វា​ជា​កិត្តិយស​ទៅវិញ​ទេ​ បើសិនជា​ពួកគាត់​ទាំង​២​នាក់​មាន​កិត្តិយស​ល្បីល្បាញ​ ត្រូវ​ប្រជាពលរដ្ឋ​វៀតណាម​ធ្វើ​បាតុកម្ម​ប្រឆាំង​ ហើយ​អាជ្ញាធរ​វៀតណាម​មិន​អាច​ការពារ​អាយុជីវិត​ជូន​សមាជិក​សភា​អឺរ៉ុប​ទាំង​២​នាក់​នេះ​បាន​ ។

លោក​ (Marco Panella) ម៉ាកូ​ ផានីឡា​ បាន​បញ្ជាក់​ទៀត​ថា​ ការ​ទាមទារ​របស់​សមាជិក​សភា​អឺរ៉ុប​ទៅ​រដ្ឋាភិបាល​វៀតណាម​នោះ​ គឺ​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​កុលសម្ព័ន្ធ​ម៉ុងតាញ៉ា​ អ្នក​កាន់​សាសនា​កាតូលិក​ និង​ ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ និង​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ ៥​អង្គ​ ដែល​មាន​ឈ្មោះ​ យ៉េន​ តូន​,លី​ សឿង​, គឹម​ មឿន​, ថាច់​ សឿន​ និង​ ឈ្មោះ​ ធឿន​ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ ខេត្ត​ឃ្លាំង​ កាលពី​ដើម​ឆ្នាំ​ ២០០៧​ ព្រមទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ជូន​ ព្រះសង្ឃ​ ទឹម​ សាខន​ មក​ប្រទេស​កម្ពុជា​វិញ​ ៕​ មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៧​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០០​ ថ្ងៃ​ ពុធ​ – ព្រហស្បតិ៍​ ទី​ ២៤​ – ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • [តំណាងរាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​] សុន​ ឆ័យ​ ៖​ បង្កើត​ក្រុម​ឯកទេស​កំណត់​តម្លៃ​ប្រេង​ ប្រសើរ​ជាង​ការ​អង្វរ​របស់​នាយករដ្ឋមន្ត្រី​ [ឲ្យ​បណ្ដា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បញ្ចុះ​តម្លៃ​ប្រេង​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២៨​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • តំលៃ​ប្រេងឥន្ធនៈ​នៅ​ទ្រឹង​ ក្រោយពី​ការ​អំពាវនាវ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ [ដែល​មួយ​លីត្រ​មាន​តម្លៃ​ ៣.១០០​រៀល​]
  • កាត់ទោស​មេការ​ និង​ ម្ចាស់​ក្លឹប​ មីកាដូ​ ដែល​មាន​វេបសាយ​លក់​ផ្លូវ​ភេទ​នារី​កម្ពុជា [ជនជាប់ចោទ​ទាំងពីរ​នាក់​ត្រូវ​បាន​បន្ត​ឃុំ​ខ្លួន​ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៀត​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦៦​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រុម​អ្នក​រកស៊ី​នាំ​ភ្ញៀវ​ទេសចរ​ គាំទ្រ​ការ​អនុម័ត​ច្បាប់​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​កម្ពុជា​តាម​បណ្ដា​ខេត្ត​ក្រុង​នានា


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៣​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • [រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​] លោក​ ហោ​ ណាំហុង​ ទៅ​ព្រះវិហារ​ – មន្ត្រី​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ច្រានចោល​ពាក្យចចាមអារ៉ាម​ពី​សង្គ្រាម
  • រដ្ឋាភិបាល​ថ្មី​ថៃ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ [ដោយ​មាន​សមាជិក​ ៣៦​រូប​]


មតិ​អ្នក​ ឆ្នាំ​ទី​ ១​ លេខ​ ១៥​ ថ្ងៃ​ ពុធ​ – អង្គារ​ ទី​ ២៤​ – ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • កាស៊ីណូ​ណាហ្គា​កើន​ចំណូល​ [កាស៊ីណូ​ ណាហ្កា​ដែល​ជា​កាស៊ីណូ​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ បាន​ផ្សព្វផ្សាយ​តួលេខ​ក្នុង​រយៈពេល​ ៦​ ខែ​ ឆ្នាំ​ ២០០៨​ នេះ​ ថា​ចំណូល​កើន​ឡើង​ ២៦​%​ គឺ​ ២៥,៥​លាន​ដុល្លារ​អាមេរិក​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៧​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • រដ្ឋាភិបាល​យួន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ ទទួល​ដឹក​សមាជិក​សភា​អឺរ៉ុប​ពី​កម្ពុជា​ទៅ​ស្រុក​យួន
  • មន្ត្រី​ស្ថានទូត​អាមេរិក​ [លោក​ John Johnson] អះអាង​ថា​ អំពើ​ឆក់ប្លន់​ទៅលើ​ជនបរទេស​ មាន​ការ​កើន​ឡើង
  • [អតីត​នាយករដ្ឋមន្ត្រី​ និង​ ជា​អនុប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​] ប៉ែន​ សុវណ្ណ​ ៖​ បើ​ ហ៊ុន​ សែន​ ខ្លាំង​ អនុញ្ញាត​ឲ្យ​ទូរទស្សន៍​ជាតិ​ចាក់​ផ្សាយ​ឯកសារ​ ២​ធ្នូ​ ដែល​ខ្ញុំ​មាន​ [នេះ​គឺ​ជា​ប្រតិកម្ម​របស់​លោក​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ថ្មី​ៗ​នេះ​បាន​ធ្វើការ​រិះ​គន់​លោក​ ប៉ែន​ សុវណ្ណ​ ដែល​បាន​និយាយ​ថា​លោក​ជា​បិតា​ ២​ ធ្នូ​ ដែល​ជា​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ និង​ ថា​ លោ​ ហ៊ុន​ សិន​ ធ្លាប់​ជា​កូន​ចៅ​របស់​លោក​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៦​ ថ្ងៃ​ ពុធ​ ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ផ្លូវ​ហុយ​ពេក​មើល​មិន​ឃើញ​ ឡាន​តូច​ និង​ ឡាន​ធំ​ បុក​គ្នា​ស្លាប់​ពីរ​ របួស​៧​នាក់​ [ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយមានជ័យ​]
  • បុរស​ជា​ប្ដី​ម្នាក់​ វាយ​ និង​ ដាល់​ប្រពន្ធ​កូនខ្ចី​ទាល់តែ​ស្លាប់​ [បុរស​នោះ​បាន​រត់​គេច​ខ្លួន​ចោល​កូន​ៗ​ – ខេត្ត​ព្រៃវែង​]
  • គណបក្ស​ភឿ​ថៃ​ ទាមទារ​ឲ្យ​ដក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្មី​ចេញ​វិញ​ [លោក​ កាស៊ីត​ ភិរុម​ ព្រោះតែ​លោក​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​បាតុករ​ សម្ព័ន្ធ​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ PAD​ ដែល​កាន់កាប់​ប្រលានយន្តហោះ​ខុស​ច្បាប់​ ហើយ​លោក​និយាយ​ថា​វា​ការ​ធ្វើ​បាតុកម្ម​គឺ​ជា​រឿង​សប្បាយ​ – បើ​មិន​ដូច្នេះ​ក្រុម​គណបក្ស​ភឿ​ថៃ​នឹង​ប្រមូលផ្ដុំ​គ្នា​ធ្វើបាតុកម្ម​នៅ​ខាងមុខ​ក្រសួងការបរទេស​]
  • ចិន​ផ្ដល់​ថវិកា​ជិត​ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក​ ដល់​ក្រុមហ៊ុន​តៃវ៉ាន់​ [ដើម្បី​កសាង​ទំនាក់ទំនង​កក់ក្ដៅ​រវាង​ប្រទេស​ទាំងពីរ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ឱសថ​ក្លែង​ក្លាយ​កំពុង​វាយ​លុក​ទីផ្សារ​កម្ពុជា​ខណៈ​ក្រសួង​សុខាភិបាល​ងាប់​ត្រកៀក​ – ថ្ងៃ​ អង្គារ​ ទី​ ២៣​ ធ្នូ​ ២០០៨​

Posted on Tuesday, 23 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ឱសថ​គឺ​ជា​កាំបិត​មុខ​ពីរ​ ។ នៅ​ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ក្រុម​សមត្ថកិច្ច​បាន​មើល​ឃើញ​ថា​ ឱសថ​ក្លែងក្លាយ​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្រសួង​សុខាភិបាល​ ដែល​ជា​អាណាព្យាបាល​ ឬ​ជា​អ្នក​គ្រប់​គ្រង​លើ​វិស័យ​នេះ​ មិនបាន​ធ្វើ​អ្វី​ឱ្យ​ចេញ​ជា​លទ្ធផល​វិជ្ជមាន​ធំដុំ​ ទៅ​តាម​ទំហំ​នៃ​ការ​រីក រាលដាល​ក្នុង​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​ឬ​ឱសថ​គ្មាន​គុណភាព​នោះ​ទេ​ ។

រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​គណៈកម្មការ​ថ្នាក់​កណ្ដាល​ និង​គណៈកម្មការ​ថ្នាក់​ខេត្ត​ ដើម្បី​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ ក៏​ដូច​ជា​សេវា​សុខាភិបាល​ខុស​ច្បាប់​នានា​ តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ​ ។ រហូត​មក​ដល់​ពេល​នេះ​ គឺ​ចុង​ឆ្នាំ​២០០៨​ ដែល​ស្ថាប័ន​សុខាភិបាល​បាន​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ពីរ​រូប​មក​ហើយ​តាំង​ពី​ លោក​រដ្ឋមន្ត្រី នុត​ សុខុម​ រហូត​មក​ដល់​ លោក​រដ្ឋមន្ត្រី​ ម៉ម​ ប៊ុន​ហេង​ មិន ឃើញ​មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​ នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​នេះ​ឡើយ​ មិន​តែ​ប៉ុណ្ណោះ​ការ​នៅ​ស្ងៀម​មួយ​កន្លែង​ មាន​ន័យ​ថា​ជា​ការ​ផ្ដល់​ឱកាស​ឱ្យ​ឱសថ​ក្លែងក្លាយ​កាន់​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ថែម​ទៀត​ ។

នៅ​តាម​បណ្ដា​ខេត្ត​ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​ធ្វើ​ការងារ​របស់​ខ្លួន​រប៉េះរប៉ោះ​ខ្លះ​ដែរ​ នៅ​ក្នុង​ការ​បង្ក្រាប​ការ​ប្រើប្រាស់​ ការ​លក់​ឱសថ​ក្លែងក្លាយ​ ។ ប៉ុន្តែ​បើ​នៅ​ថ្នាក់​កណ្ដាល​វិញ​ គឺ​ងាប់​ត្រកៀក​ស្ដូក​តែ​ម្ដង​ ។ជាង​៣​ឆ្នាំ​មក​ហើយ​ គណៈកម្មការ​ថ្នាក់​កណ្ដាល​ជួប​ប្រជុំ​គ្នា​បាន​តែ​ម្ដង​គត់​ គឺ​នៅ​ឆ្នាំ​ ២០០៦​ ដោយ​សារ​តែ​មាន​ការ​ជំរុញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៀត​ផង​ ។

ជា​ការ​ពិត​ ! តើ​ក្រសួង​សុខាភិបាល​រក​ឃើញ​ឱសថ​ក្លែងក្លាយ​ប៉ុន្មាន​ដែរ​ ? ប្រភេទ​នៃ​ឱសថ​ក្លែង​ក្លាយ​នោះ​មក​ពី​ណា​ ? មាន​អ្វី​ខ្លះ​ ? មាន​បាន​ផ្សាយ​ឱ្យ​សាធារណជន​ បាន​ដឹង​ដែរ​ឬទេ​ ?​ មាន​ផ្សាយ​វា​ទាន់​ពេល​វេលា​ដែរ​ឬ​ទេ​ ? ឬ​ទុក​ឱកាស​ឱ្យ​ឈ្មួញ​លក់​អស់​ ទើប​ប្រវេប្រវា​ផ្សាយ​ជា​ក្រោយ​ ដើម្បី​យក​មុខ​ ? តើ​គណៈកម្មការ​ថ្នាក់​កណ្ដាល​មាន​កសាង​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​រឿង​នេះ​ទេ​ ? បើ​មាន​ តើ​ធ្វើ​ការ​វាយ​តម្លៃ​ឬ​ទេ​ ?​ តើ​លទ្ធផល​ដែល​ទទួល​បាន​ធ្លាប់​រាយការណ៍​ជូន​រាជ​រដ្ឋាភិបាល​ប៉ុន្មាន​ដង​ហើយ​ ?

ការ​នាំ​ឱសថ​ក្លែងក្លាយ​ចូល​ក្នុង​ប្រទេស​ ធ្វើ​ឱ្យ​មាន​ការ​ខាត​បង់​ដែល​មិន​អាច​គណនា​បាន​ ។ ឱសថ​ក្លែងក្លាយ​វា​មិន​យល់​មុខ​ រដ្ឋមន្ត្រី​ អ្នក​តំណាងរាស្ត្រ​ វេជ្ជបណ្ឌិត​ គយ​ ប៉ូលិស​ អ្នក​មាន​ អ្នក​ក្រ​ ទាហាន​ គ្រូ​បង្រៀន​ … នោះ​ឡើយ​ ។ កុំ​ថា​ឡើយ​អ្នក​ប្រើប្រាស់​វា​ទោះបី​ជា​អ្នក​មិន​ប្រើ​ក៏​អាច​រង​វិបត្តិ​ដែរ​ ។

អ្នក​បច្ចេកទេស​សុខាភិបាល​និយាយ​ថា​ អង្គការ​ស៊ី​ម៉ាក់​ខំ​ដោះ​មីន​ ប៉ូលិស​ចរាចរ​ខំ​រឹត​បន្តឹង​ច្បាប់​ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ខំ​ស្រែក​ទាមទារ​ការពារ​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ឱសថ​ក្លែងក្លាយ​សាហាវ​ជាង​មីន​ គ្រោះថ្នាក់​ជាង​ចរាចរ​តាម​ផ្លូវ​ វា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ … ។ ប៉ុន្តែ​គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​គ្រោះ​ថ្នាក់​នេះ​នោះ​ឡើយ​រាប់​ទាំង​ស្ថាប័ន​ជំនាញ​ គឺ​ក្រសួង​សុខាភិបាល​នោះ​ផង​ ។ មិន​មែន​ផ្នែក​ជំនាញ មិន​ដឹង​នោះ​ទេ​ ប៉ុន្តែ​គេ​សង្ស័យ​ថា​ រឿង​ផល​ប្រយោជន៍​ជាមួយ​ក្រុមហ៊ុន​ឱសថ​ ទើប​ធ្វើ​ឱ្យ​គណៈកម្មការ​ថ្នាក់​កណ្ដាល​ងាប់​ត្រកៀក​ស្ដូក​ដូច​ពេល​នេះ​ ។

ផ្ទុយ​ពី​ការ​ដេក​មួយ​កន្លែង​នៃ​គណៈកម្មការ​កណ្ដាល​ ដែល​មាន​មុខ​នាទី​ក្នុង​ការ​បង្ក្រាប​ឱសថ​ក្លែងក្លាយ​នោះ​បែរ​ជា​ស្ថាប័ន​ផ្សេង​ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ខ្លួន​ ចំពោះ បញ្ហា​ដ៏​គ្រោះថ្នាក់​នេះ​ទៅ​វិញ​ ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ អង្គការ​អន្តរជាតិ​ ដូច​ជា​ប៉ូលិស​ អាំងទ័រប៉ូល​ជាដើម​ ធ្លាប់​បាន​ឆ្កឹះ​ឆ្កៀល​ឱ្យ​គណៈកម្មការ​កណ្ដាល​នេះ​រស់​ត្រកៀក​ឡើង​វិញ​ដែរ​ ប៉ុន្តែ​ដូច​ជា​អត់​ប្រយោជន៍​បន្តិច​បន្តួច​ឡើយ​ ។

ក្រៅ​ពី​បញ្ហា​ឱសថ​ក្លែង​ក្លាយ​ ដែល​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​ ក៏​នៅ​មាន​បញ្ហា​គ្លីនិក​អត់​ច្បាប់​ជា​ច្រើន​ទៀត​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ ។ គ្លីនិក​អត់​ច្បាប់​មិន​មែន​ជា​របៀប​ក្មេង​លួច​លក់​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​មើល​មិន​ឃើញ​នោះ​ទេ​ ។ គ្លីនិក​អត់​ច្បាប់​បង្ហាញ​ប៉ាយ​ធំ​ៗ​នៅ​តាម​បណ្ដា​ខ្សែ​ផ្លូវ​សំខាន់​ៗ​ នៅ​ក្នុង​ទី​ក្រុង​និង​ទី​ប្រជុំ​ជន​នានា​ ។ ដូច្នេះ​បើ​ក្រសួង​សុខាភិបាល​មាន​ចេតនា​នឹង​បង្ក្រាប​ទីតាំង​គ្លីនិក​អត់​ច្បាប់​ទាំង​នោះ​ ពិត​ជា​មិន​លំបាក​នោះ​ទេ​ ។ ប៉ុន្តែ​មើល​ទៅ​ក្រសួង​សុខាភិបាល​គ្មាន​ចេតនា​បង្ក្រាប​គ្លីនិក​អត់​ច្បាប់​នោះ​ឡើយ​ ។ គេ​ថា​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល​ដាក់​ខែ​ រាប់​ពាន់​ដុល្លារ​ជាមួយ​គ្លីនិក​អត់​ច្បាប់​ទាំង​នោះ​ ។

មិន​ថា​តែ​គ្លីនិក​អត់​ច្បាប់​ ត្រូវ​បង់​ខែ​ឱ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ការ​នាំ​ឱសថ​ក្លែងក្លាយ​ចូល​ក្នុង​ប្រទេស​ ក៏​ត្រូវ​បង់​លុយ​ឱ្យ​សមត្ថកិច្ច​សុខាភិបាល​ផង​ដែរ​ ។ និយាយ​រួម​ទៅ​ ពួក​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល​ស្គាល់​អ្នក​រក​ស៊ី​ខូច​ ផ្នែក​ឱសថ​ក្លែង​ក្លាយ​និង​គ្លីនិក​អត់​ច្បាប់​ទាំង​អស់​នោះ​ដូច​ស្គាល់​បាត​ដៃ​ខ្លួន​ឯង​ ។

រឿង​រ៉ាវ​សំខាន់​ទាំង​ពីរ​ខាង​លើ​នេះ​ គេ​រំពឹង​ថា​ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ម៉ម​ ប៊ុន​ហេង​ នឹង​ពង្រឹង​បញ្ហា​នេះ​ឡើង​វិញ​ ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ៕ ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨៣៦​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

ចក្រវាឡ​ ឆ្នាំ​ទី​ ១៦​ លេខ​ ២៨៣៦​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ឱសថ​ក្លែង​ក្លាយ​កំពុង​វាយ​លុក​ទីផ្សារ​កម្ពុជា​ខណៈ​ក្រសួង​សុខាភិបាល​ងាប់ត្រកៀក


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២៧​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មេដឹកនាំ​សំខាន់​ៗ​ហ៊្វុនស៊ិនប៉ិច​ [ចំនួន​ ៤១​នាក់​] សំរុក​ចូល​ទៅ​គណបក្ស​ប្រជាជន​ដូច​ទឹក​បាក់​ទំនប់
  • សម្ដេច​តេជោ​ហ៊ុន​ សែន​ ៖​ សមាជិក​អាស៊ាន​ ៩​ ផ្សេង​ទៀត​ គួរ​ត្រូវ​មាន​ដំណោះស្រាយ​សមស្រប​ ដើម្បី​កុំឲ្យ​អាស៊ាន​ជាប់​គាំង


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦៥​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ អំពាវនាវ​សាជាថ្មី​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុង​ស្រុក​បញ្ចុះ​តម្លៃ​បន្ត​ទៀត​ [ដែល​តម្លៃ​ប្រេង​នៅ​ពេល​បច្ចុប្បន្ន​គឺ​ ៣.១០០​រៀល​ ក្នុង​មួយ​លីត្រ​]
  • មេធាវី​សម្ដេច​ក្រុមព្រះ​ទាមទារ​ឲ្យ​កាសែត​មនសិការ​ខ្មែរ​បង្ហាញ​ភស្តុតាង​ បើ​គ្មាន​ប្ដឹង​ទៅ​តុលាការ​ [មេធាវី​របស់​សម្ដេច​ក្រុមព្រះ​បាន​ស្នើ​ឲ្យ​កាសែត​ មនសិការ​ខ្មែរ បង្ហាញ​បញ្ជី​ឈ្មោះ​មន្ត្រី​ជាង​ ២០០​នាក់​ ដែល​កាសែត​នេះ​បាន​និយាយ​ថា​ ពួកគេ​ត្រូវ​បាន​សម្ដេច​ក្រុមព្រះ​ នរោត្ដម​ រណឫទ្ធិ​ ស្នើ​ព្រះមហាក្សត្រ​ឱ្យ​តែងតាំង​ធ្វើការ​នៅ​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​]
  • កង​សន្តិសុខ​ក្រុមហ៊ុន​ ស៊ូកាកូអ៊ីន​ ប្រើ​ដាវស៊ាំមូរ៉ៃ​ កាប់​ប្រជាពលរដ្ឋ​ [ព្រោះ​មាន​កំហឹង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹង​កក់​នេះ​ដែល​បាន​និយាយ​តប​នឹង​សំដី​គម្រាម​របស់​សន្តិសុខ​ឱ្យ​ពួក​គេ​ចាកចេញ​ពី​តំបន់​នេះ​ឱ្យ​បាន​ឆាប់​ – គ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ប្រចាំ​តំបន់​ ប៉ុន្តែ​មិន​ទាន់​បាន​ដឹង​អំពី​ចំណាត់​ការ​របស់​ប៉ូលិស​បែប​ណា​នោះ​ទេ​]
  • ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ត្រូវ​ចំណាយ​ពេល​ដប់​ឆ្នាំ​ទៀត


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៤៦​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រោយពេល​ នេត​ សាវឿន​ ឡើង​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ បញ្ហា​អសន្តិសុខ​សង្គម​នៅតែ​មាន​សភាព​គួរឲ្យ​ព្រួយបារម្ភ​ដដែល
  • [អាង​ ឧត្ដម​] សហ​មេធាវី​ [របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​] អៀង​ សារី​ ព្រមាន​បង្កើត​វេបសាយ​ផ្ទាល់ខ្លួន​ បន្ទាប់ពី​សាលាក្ដី​មិន​ទទួល​សារណា


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៥​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ ព្រមាន​ចំពោះ​អ្នក​ដែល​និយាយ​អំពី​ការណ៍សម្ងាត់​របស់​កងទ័ព
  • រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​ថៃ​ [កាស៊ី​ ពីរ៉ូមីយ៉ា​] ចាត់​ទុក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​គឺជា​អាទិភាព
  • លោក​ កេង​ វ៉ានសាក់​ ទទួល​មរណភាព​ក្នុង​ជន្មាយុ​ ៨៣​ឆ្នាំ​ [ក្នុង​ទីក្រុង​ប៉ារីស​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ – ​កើត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ លោក​ កេង​ វ៉ាន់សាក់​ ជា​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ​ និង​ ជា​អ្នក​បង្កើត​អង្គុលីលេខ​ភាសាខ្មែរ​ ហើយ​ពិធី​បុណ្យ​សព​របស់​លោក​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ នេះ​]
  • នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ ត្រូវ​គេ​កាប់​របើក​លលាដ៍​ស្លាប់​ [មិន​ទាន់​រក​ឃើញ​អំពី​អត្តសញ្ញាណ​របស់​ជន​ល្មើស​]
  • សម្ដេច​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​មួក​សុវត្ថិភាព​គ្រប់គ្នា​នៅ​ពេល​ជិះ​ម៉ូតូ
  • ចំនួន​ពលករ​ខ្មែរ​ទៅ​ម៉ាឡេស៊ី​ និង​ ថៃ​ ធ្លាក់​ចុះ​ [គឺ​ធ្លាក់​ចុះ​ពី​ ៣.២១៩​នាក់​ ក្នុង​ឆ្នាំ​ ២០០៧​មក​នៅ​ត្រឹម​ ២.៦៥៤​នាក់​ ក្នុង​ឆ្នាំ​ ២០០៨​ សម្រាប់​ប្រទេស​ម៉ាឡេស៊ី​ និង​ ធ្លាក់​ចុះ​ពី​ ៥.៦៧០​នាក់​ មក​នៅ​ត្រឹម​ ៤.០០០​នាក់​ប៉ុណ្ណោះ​ សម្រាប់​ប្រទេស​ថៃ​] ខណៈ​ កូរ៉េ​ និង​ ជប៉ុន​ កើន​ឡើង​ [ពី​ ៩៥​នាក់​ ក្នុង​ឆ្នាំ​ ២០០៧​ ឡើង​ដល់​ជាង​ ២.៤០០​នាក់​ ក្នុង​ឆ្នាំ​ ២០០៨​ សម្រាប់​ប្រទេស​កូរ៉េ​ និង​ កើន​ឡើង​ពី​ ៣​នាក់​ ឡើង​ដល់​ ៣៩​នាក់​ សម្រាប់​ប្រទេស​ជប៉ុន​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៤៦១​ ថ្ងៃ​ អង្គារ​ ទី​ ២៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សភា​សហគមន៍​អឺរ៉ុប​ គ្រោង​ជួយ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​អហិង្សា​ នៅ​ខួប​លើក​ទី​ ៦០​ [ដែល​បារាំង​បាន​ប្រគល់​ទឹកដី​ខ្មែរ​ក្រោម​ឲ្យ​ទៅ​វៀតណាម​] នៃ​ថ្ងៃ​ទី​ ៤​ ខែ​ មិថុនា​ ឆ្នាំ​ក្រោយ​ [ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​ក្រោម​សម្ដែង​មតិ​អំពី​បញ្ហា​ដែល​ពួក​គេ​ជួបប្រទះ​នៅ​ប្រទេស​វៀតណាម​]
  • ក្រុម​គ្រួសារ​ជនរងគ្រោះ​ រៀបចំ​ពាក្យបណ្ដឹង​អំពី​ករណី​ប្លន់​ដែល​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​អះអាង​ថា​គ្រោះថ្នាក់​ចរាចរណ៍​ [មនុស្ស​៧​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​បាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយ​ជនរងគ្រោះ​ ដែល​ជា​មន្ត្រី​ប៉ូលិស​ បណ្ដាលឲ្យ​ស្លាប់​ និង​ បាន​លួច​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ រួមមាន​ កាំភ្លើង​ខ្លី​មួយ​ដើម​ ខណៈ​ពេល​ដែល​អាជ្ញាធរ​ក្នុង​តំបន់​និយាយ​ថា​ជនរងគ្រោះ​គ្រោះថ្នាក់​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

សាលាក្ដី​ខ្មែរក្រហម​ត្រូវតែ​បើកចំហ​ព័ត៌មាន​ឲ្យ​ទូលាយ​ – ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Monday, 22 December 2008. Filed under: សប្ដាហ៍ទី ៥២៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥២៩

ដើម្បី​ជា​គំរូ​នៅ​លើ​ពិភពលោក​ សាលាក្ដី​ខ្មែរក្រហម​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ និង​ អង្គការ​សហប្រជាជាតិ​ ត្រូវតែ​បើកចំហ​ព័ត៌មាន​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​ថែមទៀត​ ទើប​ជា​ការ​ប្រសើរ​ ឬ​ យ៉ាងហោចណាស់​ក៏​ធ្វើឲ្យ​ប្រហាក់ប្រហែល​នឹង​សាលាក្ដី​កាត់ទោស​អ្នក​ផ្ដើម​គំនិត​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ រ៉្វាន់ដា​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដែរ​ ។

កាលពី​ដើម​សប្ដាហ៍​កន្លងទៅ​នេះ​ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ឃ្លាំមើល​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម​ បាន​ផ្ដល់​នូវ​អនុសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ ដោយ​សុំ​ឲ្យ​មាន​ការ​ទទួល​ព័ត៌មាន​ជា​ចំហ​ និង​ កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​សាលាក្ដី​នេះ​ និង​ បាន​សង្កត់​ធ្ងន់​ថា​ “សាធារណជន​គួរតែ​បាន​ដឹង​អំពី​ការវិវត្តន៍​នៃ​ការ​ស៊ើបអង្កេត​ដោយ​សម្ងាត់​ដែល​កំពុង​បន្ត​ធ្វើ​ដោយ​សាលាក្ដី​” ។

អនុសាសន៍​នេះ​គឺជា​អនុសាសន៍​មួយ​ក្នុងចំណោម​អនុសាសន៍​៤​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ រួមមាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ អង្គការ​អាដហុក​ វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ និង​ អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​នៃ​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម​សាធារណៈ​ បាន​អះអាង​ថា​ អាច​នឹង​ជួយ​ធ្វើឲ្យ​ឱកាស​ជោគជ័យ​របស់​សាលាក្ដី​បាន​ល្អ​ប្រសើរ​ឡើង​ ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បាន​និយាយ​ថា​ “ការពិត​ដែល​ថា​ជន​ត្រូវ​ចោទ​នៅតែ​ជាប់​ឃុំ​អំឡុង​ពេល​ដំណើរការ​ស៊ើបអង្កេត​នោះ​បង្ហាញ​នូវ​តំរូវការ​ឲ្យ​តុលាការ​នេះ​ផ្ដល់​ព័ត៌មាន​ជា​សាធារណៈ​អំពី​ដំណើរការ​ស៊ើបអង្កេត​នេះ​” ។

សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ “ប្រសិនបើ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ត្រូវ​កំណត់​ឧទាហរណ៍​ជា​វិជ្ជមាន​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ តុលាការ​នេះ​ត្រូវ​ធ្វើឲ្យ​មាន​តម្លាភាព​ភ្លាម​ៗ​ និង​ ពង្រឹង​ឡើងវិញ​នូវ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចពិភាក្សា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​” ។

អនុសាសន៍​ផ្សេង​ទៀង​ដែល​រួមមាន​ការ​ឃ្លាំមើល​ដ៏​ដិតដល់​ចំពោះ​ភាគី​អង្គការ​សហប្រជាជាតិ​នៅ​តុលាការ​ដោយ​ការិយាល័យ​កិច្ចការ​ច្បាប់​អង្គការ​សហប្រជាជាតិ​នោះ​ បាន​បង្រួបបង្រួម​ថ្នាក់ដឹកនាំ​ទាំង​ភាគី​កម្ពុជា​ និង​ ភាគី​អង្គការ​សហប្រជាជាតិ​នៅ​រដ្ឋបាល​របស់​តុលាការ​នេះ​ និង​ តួនាទី​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​អ្នក​ផ្ដល់​ជំនួយ​ក្នុង​ការគ្រប់គ្រង​ការ​ផ្ដល់​មូលនិធិ​របស់​តុលាការ​ ។

លោកស្រី​ ហេឡែន​ ចាវីស​ ប្រធាន​កិច្ចការ​សាធារណៈ​នៅ​សាលាក្ដី​នេះ​បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ តុលាការ​បាន​ធ្វើ​សវនាការ​ចំនួន​ពីរ​ ដែល​ផ្សាយ​តាម​ទូរទស្សន៍​បាន​ចេញ​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំជម្រះ​នៅ​តុលាការ​នេះ​ហើយ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​របស់​សហ​ព្រះរាជអាជ្ញា​ ។

លោកស្រី​ ចាវីស​ បាន​មាន​ប្រសាសន៍​ថា​ “វា​ជា​ការ​គួរឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ដែល​ថា​គេ​កំពុង​និយាយ​អំពី​កង្វះខាត​តម្លាភាព​” ។​ លោកស្រី​បាន​បន្ថែម​ លោកស្រី​ជឿ​ថា​អ្នកគ្រប់គ្រង​ជនជាតិ​កម្ពុជា​បាន​ដឹកនាំ​ជាប់​ជានិច្ច​ចាប់​តាំងពី​ដំបូង​មក​ ។

លោក​ ឡុង​ បញ្ញាវុឌ្ឍ​ អ្នក​សម្របសម្រួល​នៅ​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ដំណើរការ​ស៊ើបអង្កេត​រយៈពេល​យូរ​របស់​សាលាក្ដី​នេះ​បាន​ធ្វើឲ្យ​សាធារណជន​រសាយ​ចិត្ត​ ហើយ​មិន​អាច​ប៉ាន់ស្មាន​ថា​អ្វី​មួយ​ឲ្យ​ពិតប្រាកដ​ដែល​កំពុង​បន្ត​នៅ​តុលាការ​នេះ​ ជាពិសេស​នៅ​ពេល​ដែល​សវនាការ​នៅសល់​នឹង​ចាប់ផ្ដើម​ ។

លោក​ ឡុង​ បញ្ញាវុឌ្ឍ​ បាន​សួរ​ថា​ “តើ​ព្រះរាជអាជ្ញា​បាន​ធ្វើ​សម្ភាសន៍​សាក្សី​ប៉ុន្មាន​នាក់​នៅ​ខែ​នេះ​?​ តើ​អ្នក​ស៊ើបអង្កេត​បាន​ធ្វើដំណើរ​ពិនិត្យ​ដល់​ទីកន្លែង​បាន​ប៉ុន្មាន​ដង​នៅ​ខែ​នេះ​?​” ។​ លោក​បាន​បន្ថែម​ថា​ “សាធារណជន​ចង់​ដឹង​” ។

ដើម្បី​ទុក​ជា​បទពិសោធន៍​សម្រាប់​ជនរួមជាតិ​ខ្មែរ​ និង​ សាលាក្ដី​ខ្មែរក្រហម​ ដែល​នឹង​ត្រូវ​ដំណើរការ​កាត់ទោស​ កាំង​ ហ្គិចអ៊ាវ​ ហៅ​ ឌុច​ អតីត​មេ​គុក​ទួល​ស្លែង​ មុន​គេ​នៅ​ដើម​ឆ្នាំ​ ២០០៩​ ខាងមុខ​នេះ​ យើង​សូម​បង្ហាញ​នូវ​សកម្មភាព​របស់​សាលាក្ដី​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើការ​កាត់ទោស​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើជា​មេ​គំនិត​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​ ឆ្នាំ​ ១៩៩៤​ របស់​ប្រទេស​ រ៉្វាន់ដា​ ឲ្យ​ជាប់​គុក​មួយ​ជីវិត​នៅ​ក្នុង​ការ​សម្លាប់​មនុស្ស​ប្រមាណ​ជា​ ៨០​ម៉ឺន​នាក់​ ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ចៅក្រម​នៅ​សាលាក្ដី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​ប្រទេស​ រ៉្វាន់ដា​ (ICTR)​ បាន​ប្រកាស​ថា​ បុរស​ បាហ្គោស៊ូរ៉ា​ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ “អំពើ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ ឧក្រិដ្ឋកម្ម​សង្គ្រាម​” ។

ដូច្នេះ​ប្រសិនបើ​សាលាក្ដី​ខ្មែរក្រហម​មាន​ភាព​ឯករាជ្យ​មែន​នោះ​ យើង​ជឿ​ថា​ ព័ត៌មាន​នៃ​ការ​ស៊ើបអង្កេត​ទាំងឡាយ​របស់​សហ​ព្រះរាជអាជ្ញា​ ឬ​ សហ​ចៅក្រម​ មិន​ត្រូវ​បិទបាំង​ឬ​លាក់លៀម​តទៅ​ទៀង​ទេ​ សំខាន់​គឺ​ត្រូវតែ​បើកចំហ​ព័ត៌មាន​ឲ្យ​ទូលំទូលាយ​ ដើម្បី​សាធារណជន​បាន​ដឹង​ឮ​ផង​ ៕

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨២៥​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២១​-២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សហ​ព្រះរាជអាជ្ញា​បដិសេធ​សំណើ​សុំ​ដោះលែង​ ខៀវ​ សំផន​ [ដោយ​សំអាង​ថា​ ការ​ស្នើ​នោះ​ខុស​នីតិវិធី​ច្បាប់​]
  • បំពាក់​មេដាយ​ជូន​ភ្នាក់ងារ​ស៊ើប​អង្កេត​អាមេរិក​ FBI និង​ IRS ដែល​ជួយ​កម្ពុជា​ក្នុង​ការ​បំបែក​សំណុំ​រឿង​ CFF
  • អ្នក​ជំងឺ​ផ្ដាសាយ​បក្សី​ [ម្នាក់​មក​ពី​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​] បាន​ជា​សះ​ស្បើយ​ហើយ​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត្រ
  • កូរ៉េ​ខាង​ជើង​ថា​កូរ៉េ​ខាង​ត្បូង​បញ្ជូន​ភ្នាក់​ងារ​ឱ្យ​តាម​ធ្វើ​ឃាត​ លោក​ គីម​ ជុង​អ៊ីល​ [ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​]
  • កូរ៉េ​ខាង​ត្បូង​ដក​ទ័ព​ទាំង​ស្រុង​ពី​ប្រទេស​អ៊ីរ៉ាក់


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣០៩​ ថ្ងៃ​ អាទិត្យ​-អង្គារ​ ទី​ ២១​-២៣ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវតែ​បើក​ចំហ​ព័ត៌មាន​ឱ្យ​ទូលាយ
  • កែប​ ជុតិមា​ មាន​អំណាច​ជាង​តុលាការ​ទើប​ហ៊ាន​លើក​លែង​ទោស​ឱ្យ​ វ៉ាង​ ស្រី​ណូ​ [ដែល​បើក​ឡាន​បុក​រូប​សំណាក​តោ​ នៅ​បូជនីយដ្ឋាន​សម្ដេច​សង្ឃរាជ​ ជួន​ ណាត​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៦៤​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២១​-២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ជនជាតិ​ភាគ​តិច​ដុត​គ្រឿង​ចក្រ​ក្រុមហ៊ុន​ ខូវ​ ជឺលី​ ក្រោយ​ពី​ការ​តវ៉ា​មួយ​សប្ដាហ៍​មិន​បាន​សម្រេច​ [ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ពួក​គេ​]
  • សាលាក្រុង​នឹង​ទទួល​បាន​ជំនួយ​ឥណទាន​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​រាជធានី​ភ្នំពេញ​ [សម្រាប់​គម្រោង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​ បន្ទាប់​ពី​ដំណើរ​វិល​ត្រលប់​ពី​ប្រទេស​បារាំង​វិញ​របស់​អភិបាល​ក្រុង​ភ្នំពេញ​]
  • រំលឹក​ខួប​៥៣​ឆ្នាំ​លើក​ដំបូង​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​នា​ព្រឹក​នេះ​ [ថ្ងៃ​ទី​ ២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣១​ ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ចាប់​ខ្លួន​អ្នក​កាសែត​ [របស់​កាសែត​ កម្ពុជា​បច្ចុប្បន្ន ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះ​មួយ​] ជាប់​ចោទ​ពាក់ព័ន្ធ​ចោរ​ប្លន់​ទូ​មាស​ សកម្មភាព​ទុច្ចរិត​បាន​បំផ្លាញ​មុខ​មាត់​អ្នក​កាសែត​ [ខេត្ត​ ពោធិ៍សាត់​]
  • សមាសភាព​រដ្ឋាភិបាល​ថៃ​ត្រូវ​បាន​ព្រះមហាក្សត្រ​អនុម័ត​ រដ្ឋាភិបាល​របស់​ [នាយករដ្ឋមន្ត្រី​] អាប់ហ៊ីស៊ីត​ មាន​សមាជិក​ចំនួន​៣៦​រូប
  • អាមេរិក​បញ្ជូន​ទ័ព​បន្ថែម​៣ម៉ឺន​នាក់​មក​អាហ្វហ្កានីស្ថាន

រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៣​ លេខ​ ១៣៩៣​ ថ្ងៃ​ ចន្ទ​ ទី​ ២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ជនជាតិ​ចិន​ចាប់​ជំរិត​គ្នា​ឯង​យ៉ាង​សាហាវ​កណ្ដាល​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ប៉ូលីស​បង្ក្រាប​[ប៉ុន្តែ​ស្ត្រី​ជន​ជាតិ​ចិន​ត្រូវ​បាន​ជន​ល្មើស​ចាក់​ឱ្យ​របួស​ត្រង់​ថ្ពាល់​]

រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៧៣​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២១​-២២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អ្នក​កាសែត​អាស៊ី​ប៉ាស៊ីហ្វិក​ទាមទារ​ឱ្យ​យក​ចិត្ត​ទុកដា់​ដល់​សុវត្ថិភាព​របស់​ពួក​គេ​ [ពី​សំណាក់​ រដ្ឋាភិបាល​ អង្គការ​សារព័ត៌មាន​ និង​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ – នៅ​ចន្លោះ ឆ្នាំ ១៩៩៦​ ដល់​ ២០០៨​ មាន​អ្នក​ព័ត៌មាន​ជាង​ ១.៤០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ពិភពលោក​ ហើយ​ក្នុង​ចំណោម​ចំនួន​នេះ​ យ៉ាង​ហោច​ណាស់​អ្នក​កាសែត​១២៥​នាក់​ បាន​ស្លាប់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​]
  • កម្ពុជា​រក​ឃើញ​អម្បូរ​កង្កែប​ឈាម​បៃតង​និង​ឆ្អឹង​ខៀវ​ចាស់​នៅ​តំបន់​ភ្នំ​ក្រវាញ​ [នេះ​បើ​យោង​តាម​អង្គការ​អភិរក្ស​សត្វ​ព្រៃ​អន្តរជាតិ​ Fauna and Flora International ]
  • រថយន្ត​តូច​បើក​បុក​រថយន្ត​ចំ​ពី​ក្រោយ​បណ្ដាល​ឱ្យ​ដាច់​ក្បាល​អ្នក​បើក​ធ្លាក់​មក​ដី​ [ពោធិ៍សាត់​]
  • ម៉ាស៊ីន​ Scanner Multi-Barette 64 [ជា​ម៉ាស៊ីន​ស្គែន​បេះដូង​ដែល​មាន​តម្លៃ​ជិត​ ១,៥លាន​ដុល្លារ​អាមេរិក​] បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...