ព័ត៌មាន​ខ្លះ​ស្ដីពី​វិបត្តិ​នៅ​ប្រទេស​ថៃ​ – ថ្្ងៃ​ អាទិត្យ​ ទី​ ៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

Posted on Monday, 15 December 2008. Filed under: *វិចារណកថា* |

មិត្ត​ភក្តិ​ខ្លះ​នៅ​ឯ​បរទេស​បាន​ស្នើ​ឲ្យ​ខ្ញុំ​រៀបចំ​ដោយ​សង្ខេប​ តើ​ខ្ញុំ​បាន​ឃើញ​វិបត្តិ​នៅ​ប្រទេស​ថៃ​ដូចម្ដេច​ខ្លះ​ ។​ ខ្ញុំ​បាន​ផ្ញើ​ព័ត៌មាន​ដូច​ខាងក្រោម​ទៅ​ឲ្យ​ពួកគេ​ ហើយ​ខ្ញុំ​បាន​សរសេរ​វា​ម្ដងទៀត​នៅ​ទីនេះ​ ពីព្រោះ​ខ្ញុំ​យល់​ថា​តួនាទី​របស់​តុលាការ​ដែល​អះអាង​ជំហរ​ឯករាជ​របស់​ខ្លួន​ថា​ជា​អំណាច​មួយ​នៃ​អំណាច​ទាំង​បី​នៅ​ក្នុង​រដ្ឋ​ទំនើប​បែប​ប្រជាធិបតេយ្យ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ដំណើរការ​នេះ​ ។​ តួនាទី​របស់​តុលាការ​នោះ​មិន​ត្រូវ​បាន​ឆ្លុះបញ្ចាំង​គ្រប់សព្វ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​ជា​អន្តរជាតិ​ទេ​ ។

“សំឡេង​របស់​ទេសចរ​ជាង​ ១០០.០០០​នាក់​ ដែល​ត្រូវ​ជាប់​គាំង​ក្នុង​ប្រទេស​ថៃ​ គឺ​ត្រូវ​គេ​ឮ​ដូច​ៗ​គ្នា​ បើសិនជា​គេ​រើស​យក​សំណាក​គំរូ​នៃ​កំណត់ហេតុ​បង្ហាញ​ និង​ សម្ភាសន៍​មក​បង្ហាញ​ជា​ឧទាហរណ៍​ គឺ​ ៖​ ដំណើរ​តាម​ប្រទេស​ថៃ​គ្មាន​លើក​ទីពីរ​ទៀត​ឡើយ​!​ – តើ​លោក​ថៃ​រស់នៅ​ដូចម្ដេច​បើ​គ្មាន​យើង​ជា​ទេសចរ​ ?​ – យើង​នឹង​លែង​មកកាន់​ទីនេះ​ទៀត​ឡើយ​!​” ។

“​’ការព្រមាន​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ​ទៅទៀត​ ៖
‘ការ​ក្ដាប់​យក​អំណាច​កាន់កាប់​ចំណត​អាកាសយាន​អន្តរជាតិ​មេ​ក្នុង​ទីក្រុង​បាងកក​ដោយ​ពួក​បាតុករ​ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​បដា​របស់​ក្រុម​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ PAD​ គឺជា​ឱកាស​នៃ​ព្រឹត្តិការណ៍​ដើម្បី​ប្រជាធិបតេយ្យ​ និង​ នីតិរដ្ឋ​ក្នុង​ប្រទេស​ថៃ​ ។​ វា​បាន​ដំណើរការ​បន្ទាប់ពី​យុទ្ធសាស្ត្រ​ឈ្លានពាន​កាន់តែ​ខ្លាំង​ឡើង​អស់​ពេល​ប៉ុន្មាន​ខែ​មកនេះ​ដើម្បី​ធ្វើឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ចុះចេញ​ពី​តំណែង​ ព្រមទាំង​រាំងស្ទះ​រដ្ឋាភិបាល​នេះ​មិន​ឲ្យ​មាន​ឱកាស​ធ្វើ​វិសោធនកម្ម​ចំពោះ​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​ ២០០៨​ ដែល​ត្រូវ​បាន​រៀបចំ​ក្រោម​ការ​តាមដាន​មើល​របស់​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ ឆ្នាំ​ ២០០៦​ និង​ ពួក​អ្នកគាំទ្រ​របស់​គេ​… ។

“​’សមាជិក​របស់​សម្ព័ន្ធ​ភាព​ តាំងតែ​ពី​ខែ​សីហា​មក​ បាន​ឈាន​ពី​សកម្មភាព​ដែល​គ្រាន់តែ​កាន់កាប់​ទី​លំហ​ ដូចជា​ផ្លូវថ្នល់​ និង​ ទី​ឧទ្យាន​ រហូតដល់​ទៅ​បាន​កាន់កាប់​អាគារ​សាធារណៈ​ ជាពិសេស​វិមាន​រដ្ឋាភិបាល​’ ។

“នៅ​ទី​បញ្ចប់​ រដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ។
“សំណួរ​ដែល​សួរ​ថា​ តើ​ដំណើរការ​ប្រព្រឹត្តទៅ​របស់​សង្គម​ក្នុង​ប្រទេស​ថៃ​បាន​ចាប់ផ្ដើម​មាន​វិបត្តិ​តាំងពី​ពេលណា​មក​នោះ​ បាន​ទទួល​ចម្លើយ​ខុស​ៗ​គ្នា​រួច​ហើយ​ ។​ តើ​អ្វី​ទៅ​ជា​តួនាទី​ និង​ តម្លៃ​របស់​ប្រព័ន្ធ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ បាន​ផ្ដួចផ្ដើម​បង្កើត​ ក្នុង​ឆ្នាំ​ ២០០៣​ នូវ​យុទ្ធនាការ​ប្រឆាំង​នឹង​ឈ្មួញ​គ្រឿងញៀន​ ដែល​ក្នុង​ពេលនោះ​មនុស្ស​ ២.៨០០​នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​រយៈពេល​បី​ខែ​ – ដោយ​មិនមែន​តាម​នីតិវិធី​តុលាការ​តាម​រដ្ឋធម្មនុញ្ញ​ថៃ​ទេ​ ដែល​អនុញ្ញាត​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ មិនមែន​តាម​សេចក្ដីវិនិច្ឆ័យ​ត្រឹមត្រូវ​ទេ​ តែ​តាម​ការ​វាយឆ្មក់​ស្ទើរតែ​គ្រប់​ពេល​ ដែល​ក្នុង​ឱកាស​នោះ​ឈ្មួញ​ និង​ ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​បាន​បាត់បង់​ជីវិត​ជាមួយគ្នា​ ។

“ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ ‘​បាន​បោស​សំអាត​’ មិន​ឲ្យ​មាន​សំឡេង​រិះគន់​ – មនុស្ស​មួយ​រយ​នាក់​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ការ​បោះពុម្ព​ និង​ តាម​អេឡិចត្រូនិក​ បាន​បាត់បង់​ការងារ​របស់​ខ្លួន​ ។​ ស្ត្រី​វ័យក្មេង​ម្នាក់​ ឈ្មោះ​ ស៊ុពិនយ៉ា​ ក្លាំងណារ៉ុង​ ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​អន្តរជាតិ​ ។​ នាង​បាន​បង្កើត​យុទ្ធនាការ​មួយ​សម្រាប់​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រជាប្រិយ​ ដោយ​ប្រមូល​ព័ត៌មាន​ដែល​អាច​យក​បាន​ជា​សាធារណៈ​ ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ តើ​ផ្នែក​ផ្សេង​ៗ​គ្នា​នៃ​ព័ត៌មាន​បែបនេះ​ត្រូវ​តភ្ជាប់​គ្នា​ដូចម្ដេច​ ។​ នាង​ត្រូវ​គេ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ ហើយ​ត្រូវ​បាន​កាត់ទោស​ឲ្យ​បង់​ប្រាក់​ពិន័យ​ច្រើន​លាន​ដុល្លារ​ – ដោយ​បិទ​មាត់​នាង​ ហើយ​ចាប់​នាង​ដាក់​គុក​បើ​ព្រឹត្តិការណ៍​នយោបាយ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ២០០៦​ មិន​បាន​បិទ​មាត់​ និង​ ទម្លាក់​នាយករដ្ឋមន្ត្រី​ទេ​នោះ​ ។​ នាង​បាន​ចងក្រង​ជា​ឯកសារ​ តើ​ក្នុង​ពេល​នាយករដ្ឋមន្ត្រី​កាន់​តំណែង​ គាត់​បាន​បង្កើត​ប្រព័ន្ធ​ត្រួតត្រា​ដែល​រីក​ធំធេង​លើស​សព្វមួយដង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចម្ដេច​ ហើយ​ក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរ​គាត់​បាន​បង្កើត​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​គាត់​កាន់តែ​ខ្លាំង​ផង​ដែរ​ ។

“វា​ជា​ការពិត​ដែល​ភាគច្រើន​គឺ​ ‘បញ្ញវន្ត​’ និង​ ‘វណ្ណៈ​កណ្ដាល​’ បាន​រិះគន់​ឧបាយកល​ទុច្ចរិត​របស់​ថាក់ស៊ីន​ ។​ ភាព​កាន់តែ​មាន​អំណាច​ខ្លាំង​ឡើង​លើស​សព្វមួយដង​អាច​ទៅ​រួច​ ពីព្រោះ​ការបែងចែក​អំណាច​ទាំង​បី​ គឺ​អំណាច​តុលាការ​ អំណាច​នីតិ​បញ្ញត្តិ​ និង​ អំណាច​នីតិប្រតិបត្តិ​ មិន​បាន​ដំណើរការ​ទេ​ ដោយ​វា​ពុំ​មាន​ឯករាជ្យ​ភាព​រវាង​អង្គ​ទាំង​បី​នេះ​ ដោយ​គេ​ពុំ​បាន​រក្សា​ឲ្យ​មាន​លំនឹង​មួយ​រវាង​អង្គ​ទាំង​បី​ ។

“សារព័ត៌មាន​អន្តរជាតិ​ពុំសូវ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​ភាព​គ្មាន​តុល្យភាព​រវាង​អំណាច​ទាំង​បី​នេះ​ទេ​ ហើយ​សារព័ត៌មាន​អន្តរជាតិ​មិន​បាន​វិភាគ​ និង​ រាយការណ៍​ឲ្យ​បាន​ច្រើន​អំពី​ការ​អះអាង​នា​ពេល​កន្លងទៅ​ថ្មី​ៗ​នេះ​របស់​តុលាការ​ប្រឆាំង​នឹង​អង្គ​នីតិប្រតិបត្តិ​ទេ​ ។​ ការបោះឆ្នោត​សភា​ និង​ ព្រឹទ្ធសភា​ កាលពី​ឆ្នាំ​ ២០០៧​ និង​ ២០០៨​ ដែល​បាន​ពង្រឹង​អំណាច​របស់​ ថាក់ស៊ីន​ អាច​ធ្វើ​ទៅ​បាន​ពីព្រោះ​តែ​ឧបាយកល​ទុច្ចរិត​ដែល​បាន​បណ្ដាលឲ្យ​មាន​ការ​ដកហូត​សិទ្ធិ​មនុស្ស​ជាង​មួយ​រយ​នាក់​របស់​គណបក្ស​ដែល​បាន​ជួយ​ឲ្យ​ឈ្នះ​ឆ្នោត​ក្នុង​សំឡេង​ភាគច្រើន​ ។​ គណបក្ស​ថៃ​រ៉ាក់​ថៃ​ គឺ​ ‘ថៃ​ស្រឡាញ់​ថៃ​’ – ត្រូវ​រំសាយ​ព្រោះតែ​ធ្វើ​សកម្មភាព​ក្លែងបន្លំ​ដូចគ្នា​នេះ​ ។​ ប៉ុន្តែ​សមាជិក​គ្រួសារ​ និង​ សមាជិក​គណបក្ស​ដទៃ​ទៀត​បាន​រក​ឃើញ​ភាគច្រើន​ថ្មី​ទៀត​ក្នុង​ការបោះឆ្នោត​លើក​ក្រោយមក​ទៀត​ – ដែល​បន្ត​សកម្មភាព​របស់​គណបក្ស​ ‘ថៃ​រ៉ាក់​ថៃ​’ – ដែល​ឥឡូវ​ស្ថិតនៅ​ក្រោម​ឈ្មោះ​ ‘គណបក្ស​អំណាច​ប្រជាជន​’ ។

“ប្រមុខ​រដ្ឋាភិបាល​ថ្មី​ គឺ​ លោក​ សាម៉ាក់​ ស៊ុនដារ៉ាវៃ​ ។​ ប៉ុន្តែ​គាត់​បាន​លា​ចេញពី​តំណែង​ក្នុង​ខែ​ កញ្ញា​ បន្ទាប់ពី​តុលាការ​មួយ​បាន​ចោទប្រកាន់​គាត់​ថា​បាន​រាយការណ៍​ទិន្នន័យ​ហិរញ្ញវត្ថុ​អំពី​ប្រាក់ចំណូល​របស់​គាត់​ដែល​បាន​ពី​កម្មវិធី​មួយ​ប្រចាំ​ទូរទស្សន៍​ ។​ រួចមក​ហើយ​ ក្នុង​ខែ​ កក្កដា​ រដ្ឋមន្ត្រីការបរទេស​ ណុបផាដន​ ប៉ាត់តាម៉ា​ អតីត​ទីប្រឹក្សា​ច្បាប់​របស់​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ ត្រូវ​បាន​តុលាការ​ចេញ​សេចក្ដី​សម្រេច​បង្ខំ​ឲ្យ​ចុះ​ពី​តំណែង​ ពីព្រោះ​គាត់​បាន​ធ្វើ​រឿង​សំខាន់​ៗ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋសភា​ ។​ ក្រោយពី​នោះ​មក​ លោក​ ស៊ុមឆៃ​ វង់សាវ៉ាត​ ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ បាន​ឡើង​ជា​នាយករដ្ឋមន្ត្រី​ ។

“មុន​ព្រឹត្តិការណ៍​ទាំងនេះ​ កាលពី​ខែ​មិថុនា​ តុលាការ​កំពូល​បាន​គ្រោង​ដាក់​កាលបរិច្ឆេទ​មួយ​ដើម្បី​បំភ្លឺ​ភាព​មិន​ប្រក្រតី​ដែល​គេ​បាន​ដឹង​ ទាក់ទង​នឹង​ការ​លក់​ទ្រព្យសម្បត្តិ​សាធារណៈ​ទៅ​ឲ្យ​ប្រពន្ធ​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ មេធាវី​របស់​ ថាក់ស៊ីន​ បី​នាក់​ បាន​ទៅ​ជួប​តុលាការ​ ។​ អ្នក​ទាំងនោះ​ត្រូវ​ចាប់ខ្លួន​ និង​ ដាក់​គុក​ ៦​ខែ​ ពីព្រោះ​ពួកគេ​ – ‘ដោយ​ចៃដន្យ​’ – បាន​បន្សល់ទុក​ប្រអប់​សូកូឡា​ដែល​មាន​ប្រាក់​ ៦០.០០០​ដុល្លារ​ សម្រាប់​បុគ្គលិក​តុលាការ​ ប៉ុន្តែ​សម្រាប់​និយោជិក​តុលាការ​គេ​បាន​ផ្ដល់​អំណោយ​ជា​សូកូឡា​មួយ​ប្រអប់​តូច​ប៉ុណ្ណោះ​ ។

“ថាក់ស៊ីន​ រួច​ជាមួយ​នឹង​ប្រពន្ធ​របស់​គាត់​ បាន​ធ្វើដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ចិន​ បន្ទាប់ពី​បាន​បង់​ប្រាក់​ធានា​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ ដោយ​បាន​សន្យា​ថា​នឹង​វិលត្រឡប់​មកវិញ​ក្នុង​ពេល​ឆាប់​ៗ​ ដើម្បី​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​របស់​តុលាការ​ ។​ ប៉ុន្តែ​ គេ​បែរជា​ធ្វើដំណើរ​ហោះហើរ​ទៅកាន់​ប្រទេស​អង់គ្លេស​ទៅវិញ​ – នៅ​ក្នុង​ពេល​ដែល​គាត់​នៅ​ជា​ម្ចាស់​ក្លឹប​កីឡា​បាល់ទាត់​ Manchester United​ ដ៏​ល្បី​ ។​ ក្នុង​ចន្លោះ​ពេលនោះ​ ទិដ្ឋាការ​ចូល​អង់គ្លេស​របស់​ពួកគាត់​ត្រូវ​លុបចោល​ ។​ ការ​លែងលះ​ក្នុង​ពេល​ថ្មី​ៗ​នេះ​របស់​ពួកគាត់​ ដែល​បាន​ប្រព្រឹត្តទៅ​តាម​ច្បាប់​ហុងកុង​ ត្រូវ​អ្នកខ្លះ​យល់ឃើញ​ថា​ជា​វិធី​មួយ​សម្រប​តាម​ច្បាប់​ ដើម្បី​ធានា​ទ្រព្យសម្បត្តិ​ឲ្យ​នៅ​គង់វង្ស​ ដោយ​ចុះ​ឈ្មោះ​ប្រពន្ធ​របស់​គាត់​ជា​ម្ចាស់​ ក្នុង​ករណី​ទ្រព្យសម្បត្តិ​មហាសាល​រក​បាន​មក​ក្នុង​ឈ្មោះ​របស់​គាត់​ផ្ទាល់​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ជា​នាយករដ្ឋមន្ត្រី​ អាច​ត្រូវ​ដកហូត​ ។

“មាន​រឿង​មួយ​គួរតែ​ចងចាំ​ ៖​ ដូចនេះ​ដែរ​ ហ៊ីត្លែរ​ មេដឹកនាំ​អាល្លឺម៉ង់​ ដែល​បាន​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់​ ហើយ​អ្នកជិតខាង​ប្រទេស​នេះ​ជាច្រើន​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ និង​ គ្រោះ​មហន្តរាយ​ ត្រូវ​បាន​ជាប់​ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត​ ជាប់​ឆ្នោត​ ‘ដោយ​ប្រជាជន​’ ពីព្រោះ​ ‘ប្រជាជន​ស្រឡាញ់​ចូលចិត្ត​គាត់​’ ជា​ ‘មេដឹកនាំ​’ ។​ ក្នុង​បរិយាកាស​ដូចគ្នា​នេះ​ដែរ​ ថាក់ស៊ីន​ត្រូវ​បាន​ជាប់​ឆ្នោត​ ហើយ​បរិវារ​របស់​គាត់​ត្រូវ​បាន​ជ្រើសតាំង​ជា​ថ្មី​ទៀត​ – ហើយ​វា​ក៏​ប្រហែលជា​អាច​ថា​គាត់​នឹង​ត្រូវ​ជាប់ឆ្នោត​ម្ដងទៀត​ បើសិនជា​តុលាការ​នឹង​មិន​បាន​ចេញ​សេចក្ដី​សម្រេច​ថា​ការ​បន្លំ​សន្លឹកឆ្នោត​បាន​នាំ​ទៅដល់​ការ​បញ្ចេញ​ឲ្យ​នៅ​ក្រៅ​ឆាក​នយោបាយ​ក្នុង​មួយ​រយៈពេល​ច្រើន​ឆ្នាំ​ទេ​នោះ​ ។

“មាន​សេចក្ដី​សង្ឃឹម​ថា​ សុន្ទរកថា​របស់​មហាក្សត្រ​ ក្នុង​ឱកាស​ពិធី​បុណ្យ​ខួបកំណើត​របស់​ព្រះអង្គ​ កាលពី​ថ្ងៃ​ទី​ ៥​ ធ្នូ​ នឹង​ផ្ដល់​ទស្សនវិស័យ​មួយ​សម្រាប់​រក​ដំណោះស្រាយ​ ។​ ទោះជា​មហាក្សត្រ​មិន​ធ្វើ​នយោបាយ​ក្ដី​ ក៏​សេចក្ដីថ្លែងការណ៍​ក្នុង​ពិធី​ខួបកំណើត​របស់​ព្រះអង្គ​មាន​សារៈសំខាន់​ក្នុង​អតីតកាល​ក្នុង​ការ​ផ្ដល់​ការណែនាំ​ដែល​មាន​ការ​ទទួល​យក​យ៉ាង​ទូលំទូលាយ​ដែរ​ ។​ ក្នុង​ឱកាស​ទាំងនេះ​ មហាក្សត្រ​ទ្រង់​បាន​មាន​បន្ទូល​ជា​ញឹកញយ​អំពី​រឿងរ៉ាវ​ដែល​គ្មាន​នរណា​មួយ​ហ៊ាន​និយាយ​ដែរ​ ។

“ចំណែក​ឯ​បរិយាកាស​សង្គម​ជាទូទៅ​វិញ​ ៖​ ក្នុង​ពេល​ដែល​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​មួយ​ក្រុម​ បាន​ទទួល​បញ្ជា​ឲ្យ​បោសសំអាត​អ្នកកាន់កាប់​អាកាសយានដ្ឋាន​ចេញ​ និង​ រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ឡើងវិញ​នោះ​ មេដឹកនាំ​ម្នាក់​ក្នុងចំណោម​អ្នកដឹកនាំ​សំខាន់​ៗ​ទាំងពីរ​នាក់​របស់​ក្រុម​ស​សម្ព័ន្ធ​ភាព​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ PAD​ គឺ​ ឧត្ដមសេនីយ៍​ចូល​និវត្ត​ ចម្លង​ ស្រ៊ីមឿង​ បាន​ប្រឈមមុខ​ស្លាប់រស់​ ក្នុង​ឆ្នាំ​ ១៩៩៣​ ធ្វើការ​ដឹកនាំ​ចលនា​ប្រឆាំង​របស់​ប្រជាជន​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ សុចិន្ដា​ ក្រាប្រាយូន​ ។​ ចម្លង​ ត្រូវ​បាន​ដកស្រង់​សំដី​ថា​ ឥឡូវ​ជា​អ្នក​ប្រឹក្សា​យោបល់​ដល់​ពួក​បាតុករ​ ៖​ “បើ​ប៉ូលិស​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ទៅ​ផ្ទះ​ ចូរ​កុំ​ខ្លាច​!​ រួច​ទៅ​ផ្ទះ​ទៅ​ ។​ ហើយ​ព្រឹកស្អែក​មក​ទៀត​!​” ។

សរសេរ​នៅ​ថ្ងៃ​ទី​ ២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​”

ប៉ុន្តែ​ក្នុង​ថ្ងៃ​ដដែល​ តុលាការ​ជាន់ខ្ពស់​ថៃ​ – ដោយ​បាន​ពិនិត្យ​ពិចារណា​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ធ្វើការ​បោះឆ្នោត​ ដែល​បាន​នាំ​ពួកគេ​ឲ្យ​ឡើង​កាន់​អំណាច​ – ក៏​បាន​ហាម​មិន​ឲ្យ​នាយករដ្ឋមន្ត្រី​ ស៊ុមឆៃ​ វង់សាវ៉ាត​ ចូល​ធ្វើ​នយោបាយ​ប្រាំ​ឆ្នាំ​ដែរ​ ហើយ​បាន​រំលាយ​គណបក្ស​កាន់​អំណាច​ គឺ​ គណបក្ស​អំណាច​របស់​ប្រជាជន​ ។

នៅ​ល្ងាច​ថ្ងៃ​ទី​ ៤​ ធ្នូ​ ២០០៨​ ជា​ថ្ងៃ​ដែល​សេចក្ដីថ្លែងការណ៍​ក្នុង​ពិធី​ខួបកំណើត​គម្រប់​ ៨១​ព្រះវស្សា​ របស់​មហាក្សត្រ​ថៃ​ ត្រូវ​បាន​គេ​រំពឹង​ទុក​នោះ​ មាន​ការ​ប្រកាស​ជូនដំណឹង​ថា​ជំងឺ​បាន​រារាំង​មហាក្សត្រ​មិន​ឲ្យ​មាន​ព្រះរាជឱង្ការ​ទៅកាន់​សាធារណជន​បាន​ទេ​ ដោយ​ព្រះអង្គ​ទ្រង់​មាន​ព្រះ​កាយពល​ខ្សោយ​ពេក​ ហើយ​កំពុង​ទទួល​ការ​ព្យាបាល​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: