មិន​រង់ចាំ​ច្បាប់​ទទួល​ព័ត៌មាន​ – សារព័ត៌មាន​នៅ​កម្ពុជា​ប្រឈម​ទៅ​នឹង​ការ​គេចវេះ​មិន​ផ្ដល់​ព័ត៌មាន​ផ្លូវការ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ធ្នូ​ ២០០៨​

Posted on Monday, 29 December 2008. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥៣០

រាជធានី​ភ្នំពេញ​ ៖​ ក្នុង​គោលបំណង​ចង់​ឲ្យ​មាន​ការ​បំពេញ​តួនាទី​ជា​អ្នកនាំសារ​ពី​ប្រជាពលរដ្ឋ​ទៅ​រាជរដ្ឋាភិបាល​ ពី​រាជរដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​នោះ​ ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ លើក​ទី​៥​ ក្រោម​ប្រធានបទ​ “ការ​វាយតំលៃ​របស់​និពន្ធ​នាយក​សារព័ត៌មាន​ទៅលើ​ស្ថានភាព​សិទ្ធិ​ទទួល​ព័ត៌មាន​” កាលពី​រសៀល​ ថ្ងៃ​ទី​ ២៧​ ធ្នូ​ ឆ្នាំ​ ២០០៨​ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ រាជធានី​ភ្នំពេញ​ ដោយ​មាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពីសំណាក់​ លោក​ នូវ​ សុវត្ថិរ៉ូ​ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ ។​ ការ​បើក​វេទិកា​ដ៏​សំខាន់​នេះ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​មូលនិធិ​ខុនរ៉ាដ​ អាដិនណៅអ៊ែរ​ ដូច​កាលពី​លើក​មុន​ៗ​ដែរ​ ។

ការ​ពិភាក្សា​គ្នា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុលផុស​ បន្ទាប់ពី​វាគ្មិន​ចំនួន​៤​រូប​ ក្នុង​នោះ​មាន​ លោក​ ពុយ​ គា​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ទីភ្នាក់ងារ​ ក្យូដូ​ ជប៉ុន​ លោក​ ប៉ែន​ បូណា​ សហ​និពន្ធ​នាយក​កាសែត​កាំបូស័រ​ លោក​ នេត​ ភត្រា​ តំណាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ លោក​ ជា​ សយនា​ និពន្ធ​នាយក​កោះ​សន្តិភាព​ បាន​មាន​មតិ​លើកឡើង​ពី​ភាព​ងាយស្រួល​ និង​ ការ​លំបាក​ អំពី​ “សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ ការ​ប្រឈម​នានា​” រួចមក​ ។​ ជា​ចុងក្រោយ​ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ (វ.ន.ស.ក) បាន​សំរេច​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​ ។

សេចក្ដីថ្លែងការណ៍​រួម
របស់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​លើក​ទី​ ៥
“សិទ្ធិ​ទទួល​ព័ត៌មាន​ដោយ​មិន​រង់ចាំ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​”

ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ២០០៨
សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី
រាជធានី​ភ្នំពេញ​,កម្ពុជា

យើង​ទាំងអស់​គ្នា​មាន​ចំនួន​ ៣៥​រូប​ (ដូច​មាន​ក្នុង​បញ្ជី​ឈ្មោះ​ និង​ ហត្ថលេខា​ភ្ជាប់​មក​ជាមួយ​សេចក្ដីថ្លែងការណ៍​រួម​នេះ​) ជា​និពន្ធ​នាយក​សារព័ត៌មាន​ទាំង​ផ្នែក​បោះពុម្ព​ ទាំង​ផ្នែក​ផ្សាយ​តាម​រលក​ធាតុអាកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ (វ.ន.ស.ក) លើក​ទី​ ៥​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ដើម្បី​ពិភាក្សា​ និង​ វាយតម្លៃ​អំពី​ស្ថានភាព​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​ ដែល​ខ្លួន​ជួប​ប្រទះ​នៅ​ក្នុង​អាជីព​នា​ឆ្នាំ​កន្លង​មក​នេះ​និង​ស្វែង​រក​ដំណោះស្រាយ​ ។ នៅ​ក្នុង​ប្រធានបទ​រួម​ស្ដី​ពី​ “សិទ្ធ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ប្រឈម​នានា​” វាគ្មិន​ទាំងឡាយ​បាន​ចោទ​ជា​បញ្ហា​ បង្ហាញ​ទស្សនវិស័យ​ និង​ផ្ដល់​នូវ​អនុសាសន៍​ទាក់ទង​នឹង​៖

  • ស្ថានភាព​ទទួល​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ក្នុង​ប្រទេស​កម្ពុជា
  • ការ​ទទួល​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ជម្លោះ​ព្រំដែន​ព្រះវិហារ
  • ការ​ទទួល​ព័ត៌មាន​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស
  • និង​ ការ​ទទួល​ព័ត៌មាន​នៅ ថ្នាក់​កណ្ដាល​ (ក្នុង​ទី​ក្រុង​ភ្នំពេញ​ តាម​បណ្ដា​ក្រសួង​រដ្ឋ​ ក្រុមហ៊ុន​ឯកជន​)

បន្ទាប់​មក​ (វ.ន.ស.ក) បាន​ពិភាក្សា​ទូទៅ​លើ​ខ្លឹមសារ​ដែល​វាគ្មិន​ទាំងអស់​ បាន​ថ្លែង​ជូន​អង្គ​ពិធី​ និង​បាន​ចូលរួម​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​រួម​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

បញ្ហា​គួរ​កត់​សម្គាល់​ដែល​កំហិត​សិទ្ធិ​ទទួល​ព័ត៌មាន
បន្ទាប់​ពី​ពិភាក្សា​ និង​វាយ​តម្លៃ​ (វ.ន.ស.ក) សង្កេត​ឃើញ​ថា​ ៖

    ១. អំពី​អ្នក​ន​ពាក់​ឬ​មន្ត្រី ទំនាក់ទំនង​សាធារណៈ​ ឬ​មន្ត្រី​សារព័ត៌មាន​ ៖ ​ក្រសួង​ ស្ថាប័ន​រដ្ឋ​ភាគ​ច្រើន​បំផុត​ រដ្ឋ​សភា​ ព្រម​ទាំង​អង្គការ​និង​ក្រុមហ៊ុន​ភាគច្រើន​មិន​មាន​អ្នក​នាំ​ពាក្យ​ ឬ​មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​ ឬ​មន្ត្រី​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ ដើម្បី​បំពេញ​ការងារ​ឡើយ​ ។ ប្រការ​នេះ​ បាន​ក្លាយ​ទោ​ជា​ឧបសគ្គ​គន្លឹះ​ដែល​រារាំង​ដល់​លំហូរ​ព័ត៌មាន​សម្រាប់​សាធារណៈ​ជន​ទូទៅ​ដូច​ដែល​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​បាន​ធានា​ ។

    ២. អំពី​ការ​ផ្ដល់​ឯកសារ​ ៖ ជាទូទៅ​ឯកសារ​ផ្លូវ​ការ​គឺ​ចាំបាច់​ ដើម្បី​ធ្វើ​ឱ្យ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ឯកសារ​ផ្លូវការ​មិនមែន​សុទ្ធ​តែ​ជា​ការ​សំងាត់​របស់​ជាតិ​ទេ​ ឯកសារ​​ផ្លូវការ​ គឺ​ជា​ កាតព្វកិច្ច​របស់​សាមី​ស្ថាប័ន​-ក្រសួង​ ដែល​ត្រូវ​ផ្ដល់​ជូន​សាធារណជន​ផង​ និង​ដើម្បី​ស្វ័យ​ឃោសនា​ពី​ខ្លួន​ឯង​ផង​… ក៏​ប៉ុន្តែ​ ឯកសារ​ជាច្រើន​មិន​ត្រូវ​បាន​ផ្ដល់​ឱ្យ​ ឬ​ចាត់​ចែង​ផ្សព្វ​ផ្សាយ​ឡើយ​ ជា​ពិសេស​ចំពោះ​អ្នក​សារព័ត៌មាន​សូម្បី​តែ​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​និង​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ខ្លួន​ក៏​ដោយ​ចុះ​ ។

    ៣. អំពី​កម្មវិធី​សកម្មភាព​ឬ​កិច្ច​ប្រជុំ​នានា​ ៖ មាន​អង្គ​ប្រជុំ​ដែល​គួរតែ​ផ្សាយ​បន្ត​ផ្ទាល់​ តែ​បែរ​ជា​ត្រូវ​ចាត់​ថ្នាក់​ថា​ជា​ការ​សំងាត់​ផ្ទៃក្នុង​ស្ថាប័ន​ ហើយ​អ្នក​កាសែត​បាន​ត្រូវ​ស្នើ​ឱ្យ​ចាកចេញ​ពី​អង្គ​ប្រជុំ​ ។ ទន្ទឹម​នឹង​នោះ​កម្មវិធី​ការងារ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​-ស្ថាប័ន​តែង​តែ​កប់​បាត់​ក្នុង​ថតតុ​រដ្ឋបាល​ ដែល​ជួន​កាល​មើល​ពី​ក្រៅ​ហាក់​ដូចជា​ថ្នាក់​ដឹកនាំ​ក្រសួង​នោះ​មាន​ភាព​សំងាត់​ជាង​នាយករដ្ឋមន្ត្រី​ទៅ​ទៀត​ និង​ជួន​កាល​ហាក់​ដូច​ជា​អត់​ធ្វើការ​ ។

    ៤. អំពី​សេចក្ដី​ប្រកាស​ព័ត៌មាន​ ៖ មាន​ក្រសួង​មួយ​ចំនួន​តូច​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ព្រឹត្តិការណ៍​សំខាន់​ៗ​មួយ​ចំនួន​ ។ ប៉ុន្តែ​ គួរ​ឱ្យ​សោកស្ដាយ​ដែល​ក្រសួង​និង​ស្ថាប័ន​ភាគច្រើន​ពុំ​មាន​លទ្ធភាព​ធ្វើ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ហើយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លះ​យឺតយ៉ាវ​ហួស​ពី​ការ​ស្មាន​ ។

    ៥. អំពី​ជំនួប​ឬ​ការ​ធ្វើ​សន្និសីទ​កាសែត​ទៀងទាត់​ ៖ ដោយ​ផ្ទុយ​ទៅ​នឹង​ការ​អនុវត្តន៍​នៅ​ក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​នានា​ ក្រសួង​ និង​ស្ថាប័ន​ភាគច្រើន​បំផុត​ មិន​បាន​ធ្វើ​សន្និសីទ​កាសែត​ ឬ​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ទាល់​តែ​សោះ​ពី​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​ បើ​ទោះ​ជា​មាន​បញ្ហា​សំខាន់​ ឬ​ធំ​ៗ​ ដែល​គួរ​ពន្យល់​ ឬ​ផ្សព្វផ្សាយ​ក៏​ដោយ​ចុះ​ ជា​ហេតុ​ធ្វើ​ឱ្យ​សាធារណជន​នៅ​តែ​ស្រពេចស្រពិល​ចំពោះ សកម្មភាព​ និង​ការងារ​ស្ថាប័ន​-ក្រសួង​នោះ​ ។

    ៦. អំពី​វេបសាយ​ ៖ វេបសាយ​ បាន​ក្លាយទៅជា​ប្រភព​ផ្ដល់​ព័ត៌មាន​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​សម័យ​កាល​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ ។​ ក្រសួង​ និង​ ស្ថាប័ន​ភាគច្រើន​មាន​វេបសាយ​របស់​ខ្លួន​ ។​ នេះ​គឺជា​ការ​ចាប់ផ្ដើម​មួយ​គួរ​លើកទឹកចិត្ត​ ។​ ប៉ុន្តែ​ គួរ​អោយ​សោកស្ដាយ​ដែល​វេបសាយ​នៃ​ក្រសួង​ និង​ ស្ថាប័ន​ស្ទើរតែ​ទាំងអស់​នោះ​មិន​មាន​បញ្ចូល​ព័ត៌មាន​ថ្មី​ឡើយ​ ។​ ដូច្នេះ​វា​គឺ​គ្រាន់តែ ជា​វេបសាយ​មួយ​ដែល​មិន​អាច​ផ្ដល់​ព័ត៌មាន​ និង​ មិន​អាច​ស្វែងរក​ព័ត៌មាន​បាន​ ។

សន្និដ្ឋាន

ភាព​ខ្សោយ​ និង ចន្លោះ​ប្រហោង​ខាងលើ​នេះ​ ធ្វើ​អោយ​សិទ្ធិ​ទទួល​ព័ត៌មាន​ត្រូវ​ប្រឈម​ ហើយ​ប្រសិទ្ធភាព​នៃ​សេវា​នានា​ ជាពិសេស​សេវា​សាធារណៈ​ត្រូវ​បាន​ចោទ​សួរ​ ។​ ប៉ុន្តែ​រឿងរ៉ាវ​ទាំងអស់​នេះ​ពិតជា​អាច​កែលំអ​បាន​ដោយ​មិន​ចាំបាច់​រង់ចាំ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឡើយ​ ។​ ការ​កែលំអ​ពិត​ជា​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​មន្ត្រី មួយ​ចំនួន​ និង​ ការ​រៀបចំ​ខ្សែ​សង្វាក់​ការងារ​ឡើងវិញ​ នៅ​តាម​ស្ថាប័ន​ក្រសួង​មន្ទីរ​នានា​ ។​ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជាច្រើន​ សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​ និង​ សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ប៉ុន្តែ​កង្វះខាត​ខាងលើ​នេះ​ហាក់​លេប​យក​សមិទ្ធផល​ និង​ ស្នាដៃ​ទាំងអស់​នោះ​ទៅ​បាត់​ នៅ​ពេល​ដែល​វា​មិន​បាន​ឆ្លុះបញ្ចាំង​ឲ្យ​សាធារណជន​បាន​ដឹង​ ឮ​ និង​ ឃើញ​ ។​ ទន្ទឹម​នឹង​នោះ​ ការពិត​មួយ​ចំនួន​ នៅ​ក្នុង​ជីវភាព​សង្គម​-សេដ្ឋកិច្ច​ បាន​ត្រូវ​មើល​រំលង​ ឬ​ ដោះស្រាយ​មិន​ទាន់​ពេលវេលា​ដែល​ជា​វិបាក​គឺ​ទាំងអស់​គ្នា​ជា​អ្នក​ខាតបង់​ទាំង​រាជរដ្ឋាភិបាល​ ទាំង​ប្រជាពលរដ្ឋ​ ។

ការ​អំពាវនាវ
ក្នុង​ស្ថានភាព​ដែល​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​មិន​ទាន់​អនុម័ត

    ១​. វ.ន.ស.ក​ សូម​ទទូច​ឲ្យ​ក្រសួង​ និង​ ស្ថាប័ន​ទាំងអស់​ ចាត់តាំង​ និង​ រៀបចំ​ ការងារ​របស់​មន្ត្រី​ព័ត៌មាន​ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ ឬ​ មន្ត្រី​អ្នកនាំពាក្យ​ផ្លូវការ​របស់​ខ្លួន​ដែល​មាន​វិជ្ជាជីវៈ​ក្នុង​មុខងារ​ អាច​បំពេញ​ការងារ​ផ្សេង​ៗ​ តាំងពី​ការ​ផ្ដល់​ឯកសារ​ ការ​ជូនដំណឹង​អំពី​ កាលបរិច្ឆេទ​ការងារ​ និង​ សកម្មភាព​របស់​ស្ថាប័ន​ខ្លួន​រហូត​ដល់​អាច​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​បាន​ទៀត​ផង​ ។

    ២​. ក្រសួង​និង​ ស្ថាប័ន​ទាំងអស់​ត្រូវ​មាន​ការ​ធ្វើ​សន្និសីទ​កាសែត​ ឬ​ក៏​ការ​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ដោយ​ទៀងទាត់​ ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​សកម្មភាព​ និង​ ការងារ​នៅ​ក្នុង​ក្រសួង​ និង​ ស្ថាប័ន​របស់​ខ្លួន​ ។​ កិច្ចការ​នេះ​គួរតែ ធ្វើ​ឡើង​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ខែ​ ។

    ៣​. ចំពោះ​កិច្ចការ​បន្ទាន់​ទាំងឡាយ​ ក្រសួង​ និង​ ស្ថាប័ន​ទាំងអស់​ត្រូវតែ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​អោយ​បាន​ទាន់​ពេលវេលា​ សម្រាប់​ផ្សព្វផ្សាយ​ជាំ​ប្រយោជន៍​សាធារណៈ​ ។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ពេល​ ពេល​ខ្លះ​អាច​នឹង​បញ្ចៀស​គ្រោះថ្នាក់​ និង​ មហន្តរាយ​នានា​ថែម​ទៀត​ផង​ ។

    ៤​. ក្រសួង​និង​ ស្ថាប័ន​ទាំងអស់​ត្រូវ​បង្កើត​ឲ្យ​មាន​វេបសាយ​របស់​ខ្លួន​សម្រាប់​ការ​ផ្ដល់​ព័ត៌មាន​ជូន​ដល់​សាធារណជន​ទូទៅ​ ។​ ចំពោះ​ស្ថាប័ន​ និង​ ក្រសួង​ ដែល​មាន​វេបសាយ​របស់​ខ្លួន​ហើយ​នោះ​ វេបសាយ​ទាំង​នោះ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​អោយ​បាន​រៀងរាល់​ថ្ងៃ​ ។

    ៥​. វ.ន.ស.ក​ នឹង​តាមដាន​វាយតម្លៃ​ទៅ​ដល់​យន្តការ​នៃ​ការ​ផ្ដល់​ព័ត៌មាន​ទាំងអស់​នោះ​ ហើយ​វ.ន.ស.ក​ លើក​ទី​ ៦​ នឹង​បន្ត​ធ្វើ​នា​ ឆ្នាំ​ ២០០៩​ ដើម្បី​លើកកម្ពស់​ និង​ ពង្រឹង​តួនាទី​អ្នកសារព័ត៌មាន​កម្ពុជា​ ក្នុង​សង្គម​កម្ពុជា​ និង​ លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​ ៕

ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​ ២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៧

កាសែត​កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៧​ ថ្ងៃ​ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨


កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៨៣២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៨​ – ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • តុលាការ​ខេត្ត​សៀមរាប​ចាប់​មនុស្ស​បី​នាក់​ដាក់​គុក​ មាន​អ្នកកាសែត​ម្នាក់​ [នៃ​កាសែត​សង្គម​ខ្មែរ ] ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​ជីក្រែង​ [ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ រំលោភ​លើ​កម្មសិទ្ធិ​ឯកជន​ និង​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ រី​ឯ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​បាន​និយាយ​ថា​ ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អយុត្តិធម៌​]
  • ប៉ាគីស្ថាន​ និង​ ឥណ្ឌា​ បញ្ជូន​កងទ័ព​ទៅ​កាន់​ព្រំដែន​ពេល​ដែល​ភាព​តានតឹង​កើនឡើង
  • ប្រទេស​ចិន​បញ្ជូន​នាវាចំបាំង​ទៅ​កាន់​ឈូងសមុទ្រ​អាដែន​ [ដើម្បី​ជួយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ចោរ​សមុទ្រ​សូម៉ាលី​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ៣១៤​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • តន់​ វ៉ានថារ៉ា​ រដ្ឋលេខាធិការ​ក្រសួងធនធានទឹក​ លេច​មុខ​នៅ​បនល្បែង​ក្នុង​សណ្ឋាគារ​ភ្នំពេញ
  • [អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​] ជា​ រដ្ឋា​ អះអាង​ពី​កន្លែង​លាក់​ខ្លួន​ ថា​គាត់​ជា​ជនរងគ្រោះ​ក្នុង​រឿង​ជះ​ទឹកអាស៊ីត​នេះ​ [លោកស្រី​ប្រាប់​ថា​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​មួយ​នៅ​ឯ​ក្រៅ​ប្រទេស​]
  • [អតីត​រដ្ឋមន្ត្រីការបរទេស​សៀម​] ណុបផាដុន​ ប៉ាតាម៉ា​ នឹង​លើក​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​វាយបក​ [នាយករដ្ឋមន្ត្រី​] អាប់ភីស៊ីត​ [នៅ​អំឡុង​កិច្ចប្រជុំ​សភា​របស់​ថៃ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ១៧០​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ប្រជាពលរដ្ឋ​សហគមន៍​ដី​ក្រហម​ ប្រឈម​នឹង​ការ​បណ្ដេញចេញ​ពី​លំនៅឋាន​ ថ្ងៃ​ទី​ ៣០​ ធ្នូ​ ខាងមុខ​នេះ​ [បន្ទាប់ពី​សាលាខណ្ឌ​ចំការមន​ចេញ​សេចក្ដីជូនដំណឹង​ជា​លើក​ចុងក្រោយ​ ដល់​គ្រួសារ​ចំនួន​ ៩១​ នៃ​គ្រួសារ​សរុប​ ១៣៧៤​ នៅ​ឯ​តំបន់​ប្លុក​ប៊ូឌីង​ ឲ្យ​ពួកគេ​ចាក់ចេញ​ពី​ទីនោះ​ត្រឹម​ថ្ងៃ​ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៩​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៥៣៧​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មិន​រង់ចាំ​ច្បាប់​ទទួល​ព័ត៌មាន​ ៖​ សារព័ត៌មាន​នៅ​កម្ពុជា​ប្រឈម​ទៅ​នឹង​ការ​គេចវេះ​មិន​ផ្ដល់​ព័ត៌មាន​ផ្លូវការ
  • បញ្ហា​ព្រំដែន​នៅតែ​ប្រកាន់​ជំហរ​ចរចា​ជាមួយ​សៀម​ជា​ជំរើស​ត្រឹមត្រូវ​បំផុត​ដើម្បី​បញ្ចៀស​ភ្លើង​សង្គ្រាម​ [នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក​ ខៀវ​ កាញារីទ្ធ​]
  • ក្រុម​បាតុករ​អាវ​ក្រហម​ [ដែល​ជា​ក្រុម​គាំទ្រ​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​] ចាប់ផ្ដើម​ឡោមព័ទ្ធ​សភា​ថៃ​ [ដើម្បី​រំខាន​ដល់​ការ​ឡើង​ថ្លែង​គោល​នយោបាយ​នៅ​សភា​របស់​ លោក​ អាប់ភីស៊ីត​]
  • អ៊ីស្រាអែល​វាយប្រហារ​លើ​ក្រុម​ហាម៉ាស់​ នៅ​ហ្គាហ្សា​ ស្លាប់​យ៉ាង​រង្គាល​ [ដើម្បី​ជា​ការ​សងសឹក​ទៅ​នឹង​ការ​បាញ់​គ្រាប់រ៉ុកែត​ទៅលើ​អ៊ីស្រាអែល​- មនុស្ស​យ៉ាង​តិច​ ២៧១​នាក់​ បាន​ស្លាប់​ និង​ជាង​ ៦២០​នាក់​ ត្រូវ​រងរបួស​]
  • ជនស៊ីវិល​ជាង​ ៩៨​ពាន់​នាក់​ ស្លាប់​នៅ​ប្រទេស​អ៊ីរ៉ាក់​ [ចាប់​តាំងពី​ឆ្នាំ​ ២០០៣​]


មាតុភូមិ​ ឆ្នាំ​ទី​ ៥២​ លេខ​ ៧១៦​ ថ្ងៃ​ ចន្ទ​ – ពុធ​ ទី​ ២៩​ – ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • បើ​ [រដ្ឋមន្ត្រី​ក្រសួងការបរទេស​] លោក​ ហោ​ ណាំហុង​ មិន​ប្រើ​កូន​គាត់​ តើ​ឲ្យ​ប្រើ​អ្នក​ណា​វិញ​?​ [លោក​នឹង​តែងតាំង​កូនប្រុស​របស់​លោក​ ឈ្មោះ​ ហោ​ មុនីរ័ត្ន​ ឲ្យ​ទៅ​ធ្វើ​ឯកអគ្គរាជទូត​នៅ​ប្រទេស​ជប៉ុន​ សម្រាប់​ ឆ្នាំ​ ២០០៩​ ខាងមុខ​នេះ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៦៥១​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • អ្នកនាំពាក្យ​រដ្ឋាភិបាល​ [លោក​ ខៀវ​ កាញារីទ្ធ​] អះអាង​ថា​ បើ​មាន​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​ ខ្មែរ​-សៀម​ គឺ​ភាគី​ខ្មែរ​ត្រូវការ​កងទ័ព​ ២០.០០០​នាក់
  • សមាជិក​សភា​អឺរ៉ុប​ ត្រៀម​ប្ដឹង​ភ្នាក់ងារ​អាកាសចរណ៍​យួន​ [ដែល​រារាំង​ពួកគាត់​ទាំងពីរ​ ដែល​មាន​ លោក​ Marco Pannella​ និង​ លោក​ Marco Perduca​ មិន​ឲ្យ​ឡើង​យន្តហោះ​ពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​ប្រទេស​វៀតណាម​ – នេះ​បើ​យោង​តាម​អ៊ីមែល​របស់​ លោក​ Perduca​]
  • នាយក​អាជ្ញាធរជាតិ​កំចាត់​មីន​កម្ពុជា​ ត្រូវ​បាន​ដក​ចេញពី​តំណែង​ បន្ទាប់ពី​មាន​រឿង​អាស្រូវ​អំពើ​ពុករលួយ​ [ជុំវិញ​រឿង​កឹបកេង​ប្រាក់​ជំនួយ​ ដែល​បណ្ដាលឲ្យ​កម្មវិធី​ចិញ្ចឹម​ឆ្កែ​ និង​ បង្កាត់​ឆ្កែ​ដោះ​មីន​ ត្រូវ​ក្ស័យធន​យ៉ាង​ធ្ងន់ធ្ងរ​ – ដោយ​ លោក​ សម​ សុត្ថា​ ត្រូវ​បាន​ជំនួស​ដោយ​ លោក​ ជុំ​ ប៊ុនរ៉ុង​ ដែល​ជា​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ១៣៩៦​ ថ្ងៃ​ ចន្ទ​ ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • មហាជន​ក្នុង​ទីក្រុង​ [ភ្នំពេញ​] សាទរ​ដែល​អាជ្ញាធរ​បង្ក្រាប​ទីតាំង​បញ្ចាំ​ម៉ូតូ​ខុស​ច្បាប់​ [ព្រោះ​មាន​ទីតាំង​នោះ​ទើប​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ការ​លួច​ប្លន់​នៅ​ក្នុង​ទីក្រុង​ – ​ម៉ូតូ​ជិត​ ២០.០០០​គ្រឿង​ ក្នុង​នោះ​ ៧០​%​ មាន​ភាព​មិន​ប្រក្រតី​ត្រូវ​បាន​រក​ឃើញ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៧៨០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៨​ – ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨

  • ក្រសួងមហាផ្ទៃ​ចាប់ផ្ដើម​បើក​លុយ​ជំនួស​ការ​ផ្ដល់​អង្ករ​ដល់​ប៉ូលិស​នៅ​ឆ្នាំ​ ២០០៩​ [ព្រោះ​បញ្ហា​កន្លងមក​តែង​មាន​ការ​ខ្វល់ខ្វាយ​អំពី​គុណភាព​ ការ​ផ្គត់ផ្គង​យឺតយ៉ាវ​ និង​ បរិមាណ​តែងតែ​មាន​ការ​បាត់បង់​ ហើយ​ក្រសួង​សម្រេច​ផ្ដល់​​ក្នុង​មួយ​គីឡូក្រាម​ ២.៨០០​រៀល​]
  • ការ​បោះ​បង្គោល​ព្រំដែន​ កម្ពុជា​ – វៀតណាម​ ត្រូវ​ពន្យារ​ដល់​ ឆ្នាំ​ ២០១២​ [ដោយសារតែ​បញ្ហា​មួយ​ចំនួន​ – ព្រំដែន​ កម្ពុជា​-វៀតណាម​ ប្រវែង​ ១.២៧០​គីឡូម៉ែត្រ​ ត្រូវ​បោះ​បង្គោល​ចំនួន​ ៣៧០​ ដែល​មាន​តម្លៃ​សរុប​ជាង​ ១៥​ដុល្លារ​ ហើយ​ភាគី​វៀតណាម​ជា​អ្នក​ទទួល​បន្ទុក​ចេញ​ចំណាយ​ក្នុង​ការផលិត​ទាំងស្រុង​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: