អ្វី​ដែល​គេ​យកចិត្ត​ទុកដាក់​ – ថ្ងៃ​ អាទិត្យ​ ទី​ ២១​​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Tuesday, 30 December 2008. Filed under: *វិចារណកថា* |

កាសែត​នានា​ចេញ​ផ្សាយ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ នូវ​សេចក្ដីរាយការណ៍​ព័ត៌មាន​ដែល​និយាយ​ថា​ អ្វី​ៗ​មិន​បាន​ប្រព្រឹត្តទៅ​ល្អ​ក្នុង​សង្គម​ទេ​ ។​ កាលពី​ថ្ងៃ​ចន្ទ​ យើង​បាន​ឆ្លុះបញ្ចាំង​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ “ភាព​ក្រីក្រ​បង្ខំ​ក្មេង​ៗ​ឲ្យ​ចាកចោល​ផ្ទះសម្បែង​ ហើយ​រក​ការងារ​ធ្វើ​នៅ​ទី​ណាមួយ​” – វា​មិន​គ្រាន់តែ​ជា​អត្ថបទ​មួយ​ដែល​មាន​តួលេខ​មិន​ច្បាស់​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​វា​មាន​ឧទាហរណ៍​ពិស្ដារ​ផង​ទៀត​ គឺ​ឧទាហរណ៍​ដែល​តំណាង​ឲ្យ​ករណី​ច្រើន​យ៉ាង​ប្រហាក់ប្រហែល​គ្នា​ ៖​ ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​បម្រើការ​ក្នុង​ឡឥដ្ឋ​មួយ​ ក្មេង​ស្រី​ជំទង់​ម្នាក់​ទៀត​ អាយុ​ ១៣​ឆ្នាំ​ ដែល​មាន​ពេល​ឈប់សម្រាក​តែ​បី​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ថ្ងៃ​ផ្សេង​ក្រៅពី​នេះ​ នាង​ធ្វើការ​ ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយ​បាន​ប្រាក់ឈ្នួល​ពលកម្ម​ ១៧,៥០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ​ ហើយ​ក្មេង​ប្រុស​ម្នាក់​ អាយុ​ ១៤​ឆ្នាំ​ ដែល​បម្រើការ​ជា​អ្នក​លាង​រថយន្ត​ – តាមការពិត​ វា​ក៏​ដូច​តែ​ក្មេង​ស្រី​ដូច​ពោល​ខាងលើ​នេះ​ដែរ​ វា​មិន​អាច​ទៅ​សាលា​រៀន​ទេ​ ។

“ក្មេង​ៗ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​នៃ​ពលកម្ម​កុមារ​ គឺ​ដូចជា​ក្មេង​ធ្វើការ​ក្នុង​ស្រែ​អំបិល​ ធ្វើការ​នៅ​តាម​សមុទ្រ​ និង​ នេសាទ​ នៅ​ឡឥដ្ឋ​ ជា​បាវ​បម្រើ​ក្នុង​ផ្ទះ​ នៅ​ប៉ោយប៉ែត​ជា​អ្នកលីសែង​ និង​ នៅ​ចំការ​កៅស៊ូ​” – វា​កើត​មាន​រៀងរាល់​ថ្ងៃ​ – ហើយ​សង្គម​បាន​ដឹង​ស្ថានភាព​នេះ​ រួម​ទាំង​អ្នក​កាន់​តួនាទី​ដឹកនាំ​ ដូចជា​បុគ្គលិក​ជិត​ ២.០០០​នាក់​ របស់​រដ្ឋសភា​ ដែល​បាន​ទទួល​ប្រាក់ឈ្នួល​ពី​ ១៥០​ដុល្លារ​អាមេរិក​ ទៅ​ដល់​ ៥០០​ដុល្លារ​អាមេរិក​ ហើយ​មាន​ច្រើន​យ៉ាង​នេះ​ដែរ​ គឺ​សមាជិក​របស់​អង្គ​នីតិប្រតិបត្តិ​នៃ​រដ្ឋាភិបាល​ – មាន​ រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ និង​ អនុរដ្ឋលេខាធិការ​ ចំនួន​ ៤៦៣​នាក់​ – ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​ប្រហែល​តែ​ ១៤​លាន​ប៉ុណ្ណោះ​ ។​ ឬមួយ​យើង​អាច​កត់ត្រា​មនុស្ស​ដែល​គេ​ស្គាល់​ថា​ត្រូវ​ជាប់ចោទ​ពី​ការ​រំលោភ​យក​ដី​ដែល​ប្រជាជន​បាន​រស់នៅ​ទីនោះ​រាប់​ឆ្នាំ​មក​ហើយ​ – ដូច​ដែល​អ្នកដឹកនាំ​អង្គការ​សិទ្ធិ​មនុស្ស​ពីរ​កន្លែង​ – គឺ​ អាដហុក​ និង​ លីកាដូ​ – បាន​និយាយ​ថា​ ៖​ នៅ​ពេល​អ្នកក្រ​ម្នាក់​ដែល​ដី​របស់​ខ្លួន​ត្រូវ​គេ​កំពុង​រំលោភ​យក​ បាន​ផ្ដិត​មេដៃ​ឲ្យ​ជា​ហត្ថលេខា​ រួច​ប្រគល់ឲ្យ​ នោះ​ពួកគេ​ក៏​បាន​រួច​ខ្លួន​ – បើ​ពុំ​ដូច្នោះ​ទេ​ សូម្បីតែ​តុលាការ​ក៏​ប្រឆាំង​នឹង​គេ​ដែរ​ ។

ហើយ​បន្ទាប់មក​ទៀត​ យើង​អាច​បន្ថែម​ករណី​ច្រើនយ៉ាង​នៃ​ការ​ចាប់​រំលោភ​ ដូចជា​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​សប្ដាហ៍​នេះ​ – អំពី​ឪពុក​ម្នាក់​ដែល​បាន​រំលោភ​កូនស្រី​ខ្លួនឯង​ អាយុ​ ១១​ឆ្នាំ​ ម្ដង​ហើយ​ម្ដងទៀត​ មុន​នឹង​ម្ដាយ​នាង​រក​កម្លាំង​បាន​ដើម្បី​រាយការណ៍​ពី​ប្ដី​របស់​ខ្លួន​ដល់​ប៉ូលិស​ ឬ​ ករណី​ក្មេង​ស្រី​ម្នាក់​ទៀត​ អាយុ​ ៩​ឆ្នាំ​ ដែល​ត្រូវ​ចាប់​រំលោភ​ផ្លូវ​ភេទ​នៅ​ផ្ទះសំណាក់​អស់​រយៈពេល​បួន​ថ្ងៃ​ ទើប​មាន​គេ​ដឹង​ ហើយ​ជួយ​ធ្វើ​អន្តរាគមន៍​ ។

តើ​នរណា​ខ្វល់​នឹង​និយាយ​ដើម្បី​រឿង​នេះ​?​ ឬមួយ​ តើ​នរណា​ជា​អ្នក​ចេញ​មុខ​រង​អ្នក​ដែល​ឈឺចាប់​នោះ​?

មាន​ករណី​មួយទៀត​ខុសប្លែក​ពី​នេះ​ ក្នុង​សប្ដាហ៍​នេះ​ ដែល​ជា​មូលហេតុ​នាំឲ្យ​មាន​អត្ថបទ​កាសែត​យ៉ាង​ច្រើន​ និង​ សារ​រាប់​រយ​ គឺ​ ៖​ វិចិត្រករ​កម្ពុជា​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ បាន​អញ្ជើញ​សាធារណជន​ តាមរយៈ​វ៉ិបសាយ​របស់​ខ្លួន​ឈ្មោះ​ វ៉ិបសាយ​រាហូ​ – សូរ្យគ្រាស​ – ឲ្យ​ចូលរួម​ក្នុង​ការ​ប្រឹងប្រែង​របស់​គេ​ ៖

“ខ្ញុំ​កំពុង​ខំ​ព្យាយាម​កសាង​សហគមន៍​សិល្បៈ​ខ្មែរ​ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​សិល្បករ​ថ្មី​ៗ​ សិល្បករ​ជើង​ចាស់​ សិល្បករ​ក្រាហ្វិក​ វិចិត្រករ​សាក់​រូប​ ឬ​នរណា​មួយ​ក្នុង​មុខ​អស់​នោះ​ ដែល​មាន​ចំណូលចិត្ត​ខាង​សិល្បៈ​ខ្មែរ​ ។​ យើង​អាច​ចែករំលែក​មតិយោបល់​ជាមួយ​គ្នា​ ពិភាក្សា​អំពី​គម្រោង​ប្លង់​របស់​លោកអ្នក​ និង​ បណ្ដាញ​ជាមួយ​សិល្បករ​ខ្មែរ​ដទៃ​ទៀត​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ និង​ ជុំវិញ​ពិភពលោក​” ។

ព្រម​ជាមួយ​សេចក្ដីអញ្ជើញ​ឲ្យ​ចូលរួម​ធ្វើការ​ពិភាក្សា​នេះ​ គាត់​បាន​បង្ហាញ​វិចិត្រកម្ម​របស់​គាត់​ – គឺ​រូប​អប្សរា​គូរ​បង្ហាញ​ក្នុង​ភាព​ប្រកបដោយ​អារម្មណ៍​មាន​តម្រេក​ បិសាច​សាក់​ រូប​គូរ​តាម​គំនិត​ស្រមើស្រមៃ​ ។​ គាត់​ក៏​បាន​ផ្ដល់​ការណែនាំ​ជាក់ស្ដែង​សម្រាប់​ការ​គូរ​រូប​ដែរ​ ។​ ប៉ុន្តែ​ជា​ជំនួស​ឲ្យ​ការ​ពិភាក្សា​ គាត់​បែរជា​បាន​ទទួល​សារ​រាប់​រយ​ដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា​ ៖

“ប៉ុន្តែ​លោក​ពិតជា​ឆ្កួត​ ពីព្រោះ​លោក​បំផ្លាញ​វប្បធម៌​របស់​លោក​… ”

“ខ្ញុំ​មិន​ដឹង​ថា​ តើ​លោក​បាន​ទទួល​ការសិក្សា​អប់រំ​បាន​ដល់​កម្រិត​ណា​នោះ​ទេ​ ដែល​អាច​នាំឲ្យ​លោក​បង្កើត​ និង​ គូរ​រូប​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ​បែបនេះ​ ។​ បើសិនជា​លោក​មាន​ឈាមជ័រ​ជា​ខ្មែរ​ លោក​ត្រូវតែ​ឈប់​ផ្សព្វផ្សាយ​អំពើ​ដ៏​លាមក​បែបនេះ​ដល់​កម្ពុជា​” ។

“មុននឹង​លោក​គូរ​រូប​ដូចនេះ​ តើ​លោក​បាន​យល់​ដឹង​ពិតប្រាកដ​ពី​វប្បធម៌​របស់​រូប​នេះ​ដែរ​ឬ​ទេ​?​ បើ​លោក​មិន​ច្បាស់​ទេ​ សូម​កុំ​គូរ​វា​… អប្សរា​មិនមែន​ដូច​អ្វី​ដែល​លោក​គូរ​នោះ​ទេ​ ។​ ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា​ ខឹង​នឹង​រូបគំនូរ​ដែល​លោក​គូរ​នេះ​ ពីព្រោះ​លោក​កំពុង​ប្រមាថ​វប្បធម៌​ខ្មែរ​” ។

“នែ​ លោក​ឯង​ឆ្កួត​ទេ​ហ្អី​” ។

“ខ្ញុំ​សង្ឃឹម​ថា​ អ៊ី-ម៉េល​ របស់​ខ្ញុំ​នឹង​ពន្យល់​លោក​ឲ្យ​ឃើញ​ច្បាស់​មិន​ខាន​ ។​ ខ្ញុំ​សរសេរ​អ៊ី-ម៉េល​នេះ​ដើម្បី​បញ្ជាក់​ប្រាប់​លោក​ពី​យោបល់​របស់​ខ្ញុំ​ថា​ ខ្ញុំ​ពិតជា​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ឃើញ​រូប​អប្សរា​ក្នុង​ភាព​ទាក់ទាញ​អារម្មណ៍​ឲ្យ​ស្រើបស្រាល​នៅ​លើ​វ៉ិបសាយ​របស់​លោក​ដូច្នេះ​ ។​ ចំពោះ​ខ្ញុំ​ នេះ​វា​ពិតជា​ការ​បំផ្លាញ​វប្បធម៌​ខ្មែរ​ ។​ បើ​លោក​ជា​ខ្មែរ​ សូម​លោក​ឈប់​គូរ​រូប​អប្សរា​ក្នុង​ភាព​ទាក់ទាញ​អារម្មណ៍​ស្រើបស្រាល​ដូចនេះ​ទៅ​… បើ​លោក​ស្រឡាញ់​អប្សរា​ សូម​លោក​កុំ​មើលស្រាល​ ហើយ​លេងសើច​ដោយ​ផាត់​ក្រែម​ ថែម​ម្សៅ​ឲ្យ​អប្សរា​ដើម​ឲ្យសោះ​ ។​ ខ្ញុំ​ពិតជា​សង្ឃឹម​ថា​ លោក​នឹង​យល់​ ហើយ​ឈប់​គូរ​រូប​ទាំងអស់​នោះ​” ។

ចម្លើយ​របស់​គាត់​ (វិចិត្រករ​) ៖

“សារ​អេឡិចត្រូនិក​ដទៃ​ទៀត​ច្រើន​រាប់​មិន​អស់​ មាន​អត្ថន័យ​ និង​ អត្ថរូប​ប្រហាក់ប្រហែល​គ្នា​ ។​ ដូច្នេះ​ សូម​លោក​ជួយ​បំភ្លឺ​ឲ្យ​ខ្ញុំ​ឃើញ​ច្បាស់​ផង​ “តើ​ត្រង់ណា​ទៅ​ដែល​ថា​រូប​មួយ​បំផ្លាញ​វប្បធម៌​ខ្មែរ​នោះ​?​ បើ​ពុំ​មាន​អ្វី​ខុស​ចំពោះ​វប្បធម៌​ផង​នោះ​ ។​ បើសិនជា​វប្បធម៌​ខ្លាំង​ ហើយ​លោក​មាន​ជំនឿ​ជឿជាក់​មែន​ លោក​មិន​គួរ​ព្រួយបារម្ភ​ទេ​” ។​ សូម​កុំ​នាំ​ខ្ញុំ​ឲ្យ​ខុស​អី​ ខ្ញុំ​ជា​ខ្មែរ​សុទ្ធសាធ​ ហើយ​ខ្ញុំ​ស្គាល់​វប្បធម៌​ខ្មែរ​ច្បាស់​ណាស់​ ។​ ខ្ញុំ​ចង់​បាន​ការពិភាក្សា​មួយ​ស្របស្រួល​គ្នា​ល្អ​ ស្ដីពី​កម្មវត្ថុ​នេះ​ ។​ ដូច្នេះ​ សូម​ជួយ​បំភ្លឺ​ខ្ញុំ​ផង​!​”

“ខ្ញុំ​ជឿ​លើ​ការ​ទិតៀន​មាន​ន័យ​ស្ថាបនា​ !​ ប៉ុន្តែ​ ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​ទទួល​សំដី​ថ្លែង​ពី​ការ​មិន​ពេញចិត្ត​យ៉ាង​ច្រើន​ចំពោះ​ខ្ញុំ​ គឺ​សំដី​មិន​គួរឲ្យ​ទទួលយក​បាន​ទាក់ទង​នឹង​ស្នាដៃ​សិល្បៈ​របស់​ខ្ញុំ​ខ្លះ​ៗ​ ដែល​ត្រូវ​ចាត់​ទុក​ថា​បាន​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ​ ។​ ដោយ​វិនិច្ឆ័យ​ផ្អែកលើ​ពាក្យសំដី​មិន​ពេញចិត្ត​ចំពោះ​ខ្ញុំ​នោះ​ ខ្ញុំ​នឹកគិត​ថា​ តើ​ខ្មែរ​យើង​នឹង​អាច​សម្រេច​ជោគជ័យ​បាន​ដូចម្ដេច​ទៅ​ ក្នុង​សតវត្ស​ទី​ ២១​ នេះ​ ។​ សូម​ធ្វើ​ចិត្ត​ឲ្យ​ទូលំទូលាយ​ឡើង​ នោះ​លោក​ប្រាកដជា​អាច​មើល​អ្វី​ឃើញ​ឆ្ងាយ​ហួសពី​ជញ្ជាំង​បួន​ជ្រុង​ដែល​ហ៊ុំ​ព័ទ្ធ​អាស្រម​ដ៏​តូច​របស់​លោក​មិន​ខាន​ឡើយ​…”

វា​ហាក់​ដូចជា​សំខាន់​ដែល​ការពិភាក្សា​មាន​លក្ខណៈ​ប្រឈម​តទល់​គ្នា​ដូចនេះ​បាន​ចាប់ផ្ដើម​ឡើង​តាម​អ៊ីនធឺណិត​ – ជា​មធ្យោបាយ​មួយ​សម្រាប់​ការទាក់ទង​គ្នា​ទូទាំង​សកលលោក​ ដែល​នាំឲ្យ​យើង​ទាំងអស់​គ្នា​នឹកឃើញ​ យើង​កំពុង​រស់នៅ​ក្នុង​ពិភព​មួយ​មាន​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា​ និង​ ដែល​អាច​ពឹង​ពាក់​គ្នា​ទៅវិញទៅមក​ – គឺជា​ពិភព​មួយ​ដែល​កំពុង​ទទួល​រង​ការប្រែប្រួល​យ៉ាង​ជ្រាលជ្រៅ​ ដោយសារតែ​សកលភាវូបនីយកម្ម​ មិនមែន​តែ​ខាង​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​ខាង​គំនិត​យោបល់​ផង​ដែរ​ ។

សមាគម​សម្រាប់​ការ​បញ្ជូន​ព័ត៌មាន​ជឿនលឿន​ – វិទ្យាស្ថាន​បើក​ទូលាយ​នៃ​កម្ពុជា​ គឺជា​សមាជិក​មួយ​គាំទ្រ​ចំពោះ​ចំណង​ទាក់ទង​គ្នា​ទូទាំង​សកលលោក​នេះ​ និង​ជាពិសេស​ផង​ដែរ​ ចំពោះ​កម្មវិធី​ទ្រទ្រង់​បណ្ដាញ​នារី​ ដែល​ក្នុង​នោះ​មាន​នារី​ពី​ ៥៥​ប្រទេស​ បាន​ចូលរួម​សហប្រតិបត្តិការ​ – កាលពី​ឆ្នាំ​ ២០០៧​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ទស្សនាវដ្ដី​មួយ​ ស្ដីពី​បទបញ្ជា​លើ​ខ្លឹមសារ​តាម​អ៊ីនធឺណិត​ សរសេរ​ដោយ​អ្នក​ច្បាប់​ជនជាតិ​ឥណ្ឌា​ម្នាក់​ ដែល​ជា​អ្នក​ស្រាវជ្រាវ​បញ្ហា​យេនឌ័រ​ និង​ជា​គ្រូបង្រៀន​ម្នាក់​នៅ​មហាវិទ្យាល័យ​នារី​ ឈ្មោះ​ ណាមីត្រា​ ម៉ាល់ហូត្រា​ ៖​ “បំណង​ប្រាថ្នា​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​” [“The World Wide Web of Desire”] ។​ យើង​សូម​បង្ហាញ​គំនិត​ពិចារណា​របស់​នាង​ខ្លះ​នៅ​ទីនេះ​ ។​ គំនិត​ពិចារណា​នេះ​មិន​និយាយ​ដោយឡែក​ចំពោះ​បញ្ហា​នៃ​ការពិភាក្សា​ជា​សាធារណៈ​ខ្មែរ​ទេ​ ។​ ក៏ប៉ុន្តែ​វា​អាច​ជួយ​កំណត់​បញ្ជាក់​ការពិភាក្សា​ខ្មែរ​ឲ្យ​នៅ​ក្នុង​បរិបទ​មួយ​ទូលំទូលាយ​នៃ​បញ្ហា​ប្រឈម​ចំពោះ​ទស្សនៈ​លើ​តម្លៃ​វប្បធម៌​ជា​ប្រពៃណី​ និង​ ដែល​ពុំ​មាន​ការ​រីកចម្រើន​ ដែល​ត្រូវ​ប្រឈម​ដោយ​ប្រជាពលរដ្ឋ​ ជាពិសេស​ដោយ​ស្ត្រី​ទូទាំង​ពិភពលោក​ផង​ដែរ​ មិនមែន​ឲ្យ​ស្ថិតនៅ​ក្រោម​ការ​កៀប​ត្បៀត​ និង​ ការដឹកនាំ​ដោយ​មេ​កុលសម្ព័ន្ធ​ និង​ជា​ប្រពៃណី​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​រក​តម្លៃ​ស្មើគ្នា​របស់​ខ្លួន​នៅ​ក្នុង​សង្គម​ ។​ យើង​សូម​ដកស្រង់​សំដី​ខ្លះ​មក​បង្ហាញ​ជូន​ ៖

“អ៊ីនធឺណិត​ច្រើនតែ​ត្រូវ​គេ​ពណ៌នា​ដូចជា​ព្រំដែន​ចុងក្រោយ​សម្រាប់​ការ​និយាយ​ និង​ ការ​បញ្ចេញ​យោបល់​ដោយ​សេរី​ ជា​កន្លែង​ចន្លោះ​មាន​ភាព​អនាធិបតេយ្យ​ និង​ ច្របូកច្របល់​សម្រាប់​ការ​បញ្ចេញ​យោបល់​មុតមាំ​ខាង​នយោបាយ​ ខាង​រឿង​ភេទ​ និង​ រឿង​ផ្ទាល់ខ្លួន​ ។​ ក៏ប៉ុន្តែ​ ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​ មាន​ការ​កើន​ឡើង​នូវ​ជំនឿ​ទុកចិត្ត​របស់​រដ្ឋ​នានា​ ក្នុង​ការគ្រប់គ្រង​អ៊ីនធឺណិត​ ហើយ​ក៏​មាន​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​លើ​កន្លែង​ចន្លោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ​ ។​ តើ​ដំណើរការ​អ្វី​ខ្លះ​ដែល​ប្រជាជន​អាស្រ័យ​លើ​វា​ដើម្បី​ចូលរួម​ក្នុង​ការ​សម្រេច​ថា​តើ​អ៊ីនធឺណិត​នឹង​ត្រូវ​គ្រប់គ្រង​ដូចម្ដេច​?​ តើ​ដំណើរការ​ទាំងនេះ​មាន​លក្ខណៈ​ចូលរួម​ដូចម្ដេច​ ហើយ​តើ​វា​តំណាង​ឲ្យ​សំឡេង​ទាំងអស់​បាន​គ្រប់សព្វ​ដែរ​ឬ​ទេ​?​ ហើយ​ក្នុង​បរិបទ​នៃ​បទបញ្ជា​លើ​ខ្លឹមសារ​ជាពិសេស​នោះ​ តើ​នរណា​ជា​អ្នក​សម្រេច​ថា​តើ​អ្វី​ដែល​ត្រូវ​កំណត់​ជា​ ‘ខ្លឹមសារ​នាំឲ្យ​ខូចខាត​ប៉ះពាល់​’ – តើ​ជា​រដ្ឋ​ អង្គការ​អន្តរជាតិ​ ច្បាប់​ ឬ​ មនុស្ស​/អ្នក​ប្រើប្រាស់​ផលិតផល​?​”

វា​ហាក់​ដូចជា​មានតែ​វិស័យ​ពិត​ទូទៅ​តែ​ម្យ៉ាង​គត់​នៃ​ការ​យល់​ព្រមព្រៀង​គ្នា​ គឺ​ ៖​ ការ​រួមភេទ​ជាមួយ​កុមារ​ ត្រូវ​ចាត់​ជា​ខុស​ ។

“អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​កុមារ​ទទួលស្គាល់​ស្វយ័ត​ភាព​នេះ​ដែល​និយាយ​ពី​សិទ្ធិ​កុមារ​ក្នុង​ការ​ទទួល​ព័ត៌មាន​ និង​ សម្ភារៈ​ ពី​ប្រភព​ចម្រុះ​ជាតិ​ និង​ អន្តរជាតិ​ សិទ្ធិ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​តាម​ទំនើងចិត្ត​ និង​ ខុស​ច្បាប់​ ចូល​ក្នុង​កិច្ចការ​សំងាត់​ផ្ទាល់ខ្លួន​របស់​កុមារ​ ផ្ទះសម្បែង​គ្រួសារ​ ឬ​ ទំនាក់ទំនង​ក្នុង​គ្រួសារ​ និង​ សិទ្ធិ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​ (រួមមាន​សេរីភាព​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ ទទួល​ព័ត៌មាន​ និង​ ចែករំលែក​ព័ត៌មាន​និង​គំនិត​យោបល់​គ្រប់​បែបយ៉ាង​ ដោយ​ឥត​មាន​គិត​ព្រំដែន​កំណត់​ ទោះ​ផ្ទាល់មាត់​ក្ដី ទោះ​សរសេរ​ ឬ​ បោះពុម្ព​ក្ដី​ ទោះ​តាម​បែបផែន​ជា​សិល្បៈ​ក្ដី​ ឬ​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​ផ្សេង​ទៀត​ តាម​ជម្រើស​របស់​កុមារ​)” ។​ [អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​កុមារ​ ជាពិសេស​ប្រការ​ទី​ ១៣​ ១៦​ ១៧​]

ក្នុង​ខណៈ​ដែល​មាន​កង្វល់​ច្រើន​ដើម្បី​បង្កើត​គម្រោងការ​របស់​រដ្ឋ​ដើម្បី​ការពារ​ស្ត្រី​ និង​ កុមារ​ ក្រុម​នារី​ និង​ ក្រុម​ដទៃ​ទៀត​ដែល​កំពុង​ធ្វើការ​ក្នុង​ដំណើរការ​យេនឌ័រ​ “បាន​ជួប​ប្រឈម​ និង​ ពុះពារ​សម្រេច​បាន​លើ​ឧបសគ្គ​ធំ​ៗ​ក្នុង​ការ​ទាមទារ​នូវ​ការ​ការពារ​ពី​រដ្ឋ​ ដើម្បី​ជា​ប្រយោជន៍​នៃ​សេរីភាព​ផ្ទាល់​របស់​គេ​ក្នុង​ការ​បញ្ចេញ​យោបល់​ និង​ ដោយ​អាស្រ័យ​លើ​សម្ព័ន្ធ​ភាព​របស់​ពួកគេ​ជាមួយ​សង្គម​ស៊ីវិល​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ ចលនា​សង្គម​” ។

ការ​ត្រួតពិនិត្យ​លើ​ខ្លឹមសារ​ ច្រើនតែ​ចាប់ផ្ដើម​ជាមួយ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​អាសគ្រាម​ ។​ ប៉ុន្តែ​និយមន័យ​សកល​មួយ​តាមរយៈ​អាយុកាល​ និង​ ឆ្លងកាត់​វប្បធម៌​នៃ​អ្វី​ដែល​គួរឲ្យ​ទទួល​បាន​ ឬ​ មិន​គួរឲ្យ​ទទួល​បាន​ បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​មិន​អាច​ទៅ​រួច​ទេ​ ។​ ហើយ​ការពិត​ផ្ដើម​ចេញពី​បទពិសោធន៍​របស់​សង្គម​ជាច្រើន​ដែល​ប្រើ​អំណាច​ត្រួតត្រា​ថា​គោលដៅ​បញ្ជាក់​ពី​ការ​ត្រួតពិនិត្យ​លើ​អំពើ​អាសគ្រាម​ ជា​ញឹកញាប់​តែង​មាន​គោលបំណង​នៃ​ការ​ត្រួតពិនិត្យ​យ៉ាង​សំខាន់​ខាង​នយោបាយ​ ៖

“ប៉ុន្តែ​នៅ​មាន​ន័យ​ស្មុគស្មាញ​ថែម​ទៀត​ដែល​បង្កប់​ក្នុង​ភាព​អាសគ្រាម​ ដែល​មិន​អនុញ្ញាត​ឲ្យ​គេ​បំបាត់​វា​បាន​ដោយ​ងាយ​ៗ​ ពី​ភាព​ជា​អំពើ​ហិង្សា​ និង​ ការ​ចាត់​ទុក​ស្ត្រី​ជា​បន្ទាប់បន្សំ​ ។​ ការ​បកស្រាយ​បំភ្លឺ​អំពី​ភាព​អាសគ្រាម​ ជា​ដំបូង​បាន​នាំឲ្យ​យើង​ឃើញ​អ្វី​ៗ​ដែល​ត្រូវ​ដាក់​ដោយ​យល់​ច្រឡំ​ក្នុង​ប្រភេទ​នេះ​ ដែល​មាន​អត្ថន័យ​ធំធេង​ខាង​អក្សរសាស្ត្រ​ សិល្បៈ​ សង្គម​ និង​/ឬ​ នយោបាយ​ ។​ ភាព​អាសគ្រាម​ក៏​ផ្ដល់​តាម​របៀប​ប្រតិមតិ​នូវ​កន្លែង​ចន្លោះ​ខ្លះ​ ដែល​ទំនេរ​សម្រាប់​ការ​បញ្ចេញ​គំនិត​មិន​ពេញចិត្ត​ ប្រឆាំង​នឹង​អនុត្តរភាព​នៃ​អារម្មណ៍​ស្រើបស្រាល​ក្នុង​ផ្លូវ​ភេទ​ និង​ តម្រេក​ ។​ វា​ជា​ធាតុ​សំខាន់​មួយ​នៃ​ការ​កសាង​សហគមន៍​ក្នុងចំណោម​ក្រុម​មនុស្ស​ប្រុស​ស្នេហា​ភេទ​ដូចគ្នា​ នៃ​ការ​កែប្រែ​ភេទ​ បើ​និយាយ​ពី​យេនឌ័រ​ និង​ លិង្គ​ភាព​ និង​ ក្នុង​ប្រការ​ខ្លះ​រហូតដល់​ធ្វើឲ្យ​បាត់​ស្ថេរ​ភាព​នៃ​ស្ថាប័ន​គ្រួសារ​ និង​ សង្គម​របស់​កុលសម្ព័ន្ធ​ផង​ទៀត​… ” ។

“នៅ​ក្នុង​ពិភព​ដែល​កំពុង​អភិវឌ្ឍន៍​ ច្បាប់​កំពុង​ត្រូវ​គេ​ប្រើ​ដើម្បី​ដាក់​កម្រិត​មិន​ត្រឹមតែ​លើ​សំដី​អាសអាភាស​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​លើ​ការ​ប្រឆាំង​នឹង​នយោបាយ​ និង​ សម្លេង​ឧទ្ទាម​របស់​បុរស​ និង​ នារី​ផង​ទៀត​… ។​ វា​នៅ​ក្នុង​បរិបទ​តឹងតែង​ពេក​គួរឲ្យ​ភ័យខ្លាច​នេះ​ឯង​ដែល​រដ្ឋ​គ្មាន​វិប្បដិសារី​អំពី​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​រួមភេទ​ និង​ លិង្គ​ភាព​ ដែល​ការ​យល់ដឹង​របស់​យើង​ខាង​ច្បាប់​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​ត្រូវតែ​កំណត់​ឲ្យ​ច្បាស់​” ។

“បើសិនជា​ការ​រួមភេទ​ត្រូវ​លាក់កំបាំង​មិន​អាច​និយាយ​បាន​ជា​ចំហ​ ពោល​គឺ​ ត្រូវ​ស្ថិត​ក្នុង​ការ​ហាមឃាត់​ ភាព​ស្ងៀមស្ងាត់​ និង​ ភាព​គ្មាន​អត្ថិភាព​ ហើយ​បាន​ត្រឹមតែ​និយាយ​អំពី​វា​ ដែល​អ្នក​បាន​ចូលរួម​ក្នុង​អំពើ​ប្រព្រឹត្ត​ខុស​ចាក​គន្លងធម៌​ដោយ​ចេតនា​ ។​ មនុស្ស​ម្នាក់​ដែល​លាក់​ទុក​ភាសា​បែបនេះ​ក្នុង​អារម្មណ៍​របស់​ខ្លួន​ គឺ​កំណត់​ខ្លួន​ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​ក្រៅ​ព្រំដែន​នៃ​អំណាច​ហើយ​ ។​ នារី​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ច្បាប់​ដែល​បង្កើត​ហើយ​មិន​ខាន​ តាម​មធ្យោបាយ​ណាមួយ​ នាង​តែងតែ​រំពឹង​ទុក​ជាមុន​ថា​ សេរីភាព​នឹង​កើត​មាន​មកដល់​មិន​ខាន​” ។

ការ​លុបបំបាត់​ពាក្យសំដី​ទាក់ទង​ខាង​ផ្លូវ​ភេទ​ បាន​លេចឡើង​ ដូចជា​ធាតុ​សំខាន់​មួយ​នៃ​ការ​ត្រួតពិនិត្យ​ទូលំទូលាយ​ជា​សរុប​ខាង​សង្គម​ និង​ នយោបាយ​ ។

“ថ្វីបើ​ករណី​នេះ​ស្ដាប់​ទៅ​អាច​ឮ​ដូចជា​ការ​រវើរវាយ​មែន​ តែ​ការ​រៀបរយ​ដាក់​កម្រិត​លើ​ខ្លួនឯង​ ពិតជា​អាច​ជា​គំរូ​ដែល​សមរម្យ​បំផុត​សម្រាប់​អ៊ីនធឺណិត​ ។​ ការ​ត្រួតពិនិត្យ​លើ​ខ្លួនឯង​អាច​សម្រេច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជា​កង្វល់​ច្រើន​ចំពូក​ទាក់ទង​នឹង​ការ​ត្រួតពិនិត្យ​លើ​ខ្លឹមសារ​ គឺ​ ៖​ សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​ រួមមាន​ការ​បញ្ចេញ​យោបល់​ខាង​ផ្លូវ​ភេទ​ បទដ្ឋាន​វប្បធម៌​ដែល​ខុស​គ្នា​ស្រឡះ​ និង​ និយមន័យ​ផ្ទុយគ្នា​តាម​យុត្តាធិការ​ខុសគ្នា​ ការពិបាក​ខាង​បច្ចេកវិទ្យា​ក្នុង​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​តភ្ជាប់​ និង​ បញ្ហា​ស្មុគស្មាញ​ខាង​នយោបាយ​ និង​ រដ្ឋបាល​ ក្នុង​ការ​ត្រួតពិនិត្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ ការពិត​នៃ​ការ​រំខាន​ខាង​បណ្ដាញ​ទូរគមនាគមន៍​ និង​ អំពើ​ឃោរឃៅ​មក​លើ​នារី​តាម​ការ​ផ្ញើ​សារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ ការ​ប្រព្រឹត្ត​ជា​ទម្លាប់​ជុំវិញ​បញ្ហា​រួមភេទ​ និង​ ការ​អូសទាញ​អារម្មណ៍​ឲ្យ​ស្រើបស្រាល​ក្នុង​ផ្លូវ​ភេទ​តាម​អ៊ីនធឺណិត​ ដែល​មិន​អាច​ទប់ទល់​បាន​ក្នុង​ក្រប​ខណ្ឌ​មួយ​ដែល​មាន​បទដ្ឋាន​ផ្ទុយគ្នា​ ។​ ក្រោយ​គេ​ក៏​ពិតមែន​ តែ​មាន​ខ្លឹមសារ​សំខាន់​ វា​អាច​ជួយ​បំប៉ន​ និង​ ទ្រទ្រង់​អត្ថិភាព​នៃ​កន្លែង​ចន្លោះ​ក្នុង​អ៊ីនធឺណិត​សម្រាប់​អ្វី​ៗ​ដែល​ជា​ការ​ស្រមើស្រមៃ​ និង​ ការ​ប៉ងប្រាថ្នា​ដែល​ពិបាក​គ្រប់គ្រង​ក្នុង​ការ​និយាយ​ស្ដី​ ការអនុវត្ត​ និង​ ការ​ប្រព្រឹត្ត​ខ្លួន​” ។

បញ្ហា​ប្រឈម​ដែល​វ៉ិបសាយ​រាហូ​បាន​ស្នើ​ឡើង​ដើម្បី​បង្កើត​ការពិភាក្សា​ដេញដោល​ជា​មូលដ្ឋាន​អំពី​ប្រពៃណី​អតីតកាល​ ការ​ចាប់ផ្ដើម​បង្កើត​ឡើងវិញ​ និង​ អនាគតកាល​ អាច​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​ការ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ហួស​ពី​ការ​ចម្លង​យក​ដដែល​ៗ​នូវ​ធាតុ​សំខាន់​នៃ​ប្រពៃណី​ ដូច​ដែល​គេ​ឃើញ​នៅ​ក្នុង​ការ​បង្កបង្កើត​របស់​មហាជន​នូវ​ប្រាសាទ​អង្គរវត្ត​ និង​ រូប​អប្សរា​ សម្រាប់​វិស័យ​ទេសចរណ៍​ ។​ ប្រពៃណី​សម្បូរ​បែប​នៃ​សិល្បៈ​កម្ពុជា​ មាន​តម្លៃ​គួរឲ្យ​ចង់​បាន​លើស​ពី​ការ​ចម្លង​យក​ទៅ​ទៀត​ ។

ហើយ​យើង​មាន​សង្ឃឹម​ថា​បញ្ហា​ដែល​បាន​ឆ្លុះបញ្ចាំង​ប្រចាំ​សប្ដាហ៍​ ដូចជា​ពលកម្ម​កុមារ​ ការ​ចាប់​រំលោភ​ និង​ ការ​រំលោភ​យក​ដីធ្លី​ នឹង​ទទួល​បាន​ក្នុង​ពេល​អនាគត​នូវ​ការ​យកចិត្ត​ទុកដាក់​ និង​ ភាព​រំជួល​អារម្មណ៍​ខ្លះ​ ដែល​គេ​បាន​ផ្ដោត​ទៅលើ​បញ្ហា​នៃ​អ្វី​ដែល​វិចិត្រករ​ម្នាក់​បាន​គូរ​ ។

សូម​ជួយ​ផ្ដល់​មតិ​ណែនាំ​បង្ហាញ​ពី​យើងខ្ញុំ​ចំពោះ​សហការី​ និង​ មិត្ត​ភក្តិ​របស់​លោកអ្នក​ផង​ ។

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

3 Responses to “អ្វី​ដែល​គេ​យកចិត្ត​ទុកដាក់​ – ថ្ងៃ​ អាទិត្យ​ ទី​ ២១​​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: