ចំណងទាក់ទង​ និង​ មេរៀន​ពី​អាហ្វ្រិក​ដ៏​សែន​ឆ្ងាយ​ – ថ្ងៃ​អាទិត្យ​ ទី​ ២៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​

Posted on Friday, 2 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥២៩ |

នៅ​ពេល​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​ កាលពី​ថ្ងៃ​ទី ២៦​ ខែ​ ធ្នូ​ ២០០៨​ នេះ​ ថា​មេទ័ព​ មូស្សា​ ដាឌីស៍​ កាម៉ារ៉ា​ (Captain Moussa Dadis Camara) បាន​ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​រដ្ឋ​ហ្គីណេ​ ក្រោយពី​រដ្ឋប្រហារ​បន្ទាប់ពី​មរណភាព​របស់​ប្រធានាធិបតី​ ឡង់សាណា​ កុងតេ​ (Lansana Conte) ដំបូង​ឡើយ​ខ្ញុំ​មិន​បាន​គិត​ថា​បញ្ហា​នេះ​មាន​តម្លៃ​គួរ​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​ដ៏​ច្រើន​នៅ​ក្នុង​ព្រឹត្តបត្រ​ The Mirror​ ទេ​ ។

រួចមក​ខ្ញុំ​នៅ​នឹក​ចាំ​រឿងរ៉ាវ​ខ្លះ​ដែល​ទាក់ទង​គ្នា​ ៖​ នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ យើង​បាន​ឆ្លុះបញ្ចាំង​ថា​ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​លក់​អង្ករ​ ១២០.០០០​តោន​ ព្រមទាំង​បញ្ជូន​អ្នក​ជំនាញ​ខាង​កសិកម្ម​ទៅកាន់​ប្រទេស​ហ្គីណេ​ ជា​ចម្លើយ​តប​ទៅ​នឹង​សំណើ​ពី​នាយករដ្ឋមន្ត្រី​ហ្គីណេ​ ។​ នៅ​ពេលនោះ​ខ្ញុំ​កើត​មាន​គំនិត​នឹក​ឆ្ងល់​ថា​ តើ​ចំណងទាក់ទង​បែប​ណា​ដែល​អាច​មាន​ចំពោះ​ប្រទេស​ដ៏​តូច​នេះ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ – ស្ទើរតែ​គ្មាន​នរណា​ដឹង​ថា​ តើ​វា​ស្ថិតនៅ​ទីណា​ផង​ ។

ប៉ុន្តែ​ កាលពី​ឆ្នាំ​ ២០០១​ កន្លងទៅ​ ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ហ្គីណេ​ បាន​ជូន​សារតាំង​ និង​ ភ្ជាប់​ចំណង​ការទូត​រួចហើយ​ – ថ្វីបើ​កម្ពុជា​ពុំ​ទាន់​មាន​ស្ថានទូត​នៅ​ទី​ណាមួយ​ក្នុង​ប្រទេស​អាហ្វ្រិក​ក៏ដោយ​ ក៏​កម្ពុជា​មាន​ចំណង​ការទូត​ជាមួយ​ប្រទេស​ចំនួន​ ១៧​ រួចហើយ​ដែរ​នៅ​អាហ្វ្រិក​ ។

កាលពី​ខែ​មីនា​ ឆ្នាំ​ ២០០៨​ សិល្បករ​ ១៥​នាក់​ មកពី​ក្រុម​សាលា​សៀក​នៅ​ប្រទេស​ហ្គីណេ​ “មជ្ឈមណ្ឌល​សិល្បៈ​នៃ​ការ​សម្ដែង​សៀក​ កេអ៊ីតា​ ហ្វូដេបា​” (Centre d’Art Acrobatique Keita Fodba) បាន​នៅ​កម្ពុជា​អស់​រយៈពេល​ ៣​ខែ​ ។

ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០០៨​ ក្នុង​ឱកាស​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ដែល​រីកចម្រើន​តិច​បំផុត​ លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំពី​លទ្ធភាព​ថ្មី​នៃ​សហប្រតិបត្តិការ​ក្នុង​ពេល​មួយ​ដែល​ស្រូវ​អង្ករ​កំពុង​ឡើង​ថ្លៃ​ ៖​ “ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​អ្នក​ចូលរួម​ ហើយ​វា​បាន​ធ្វើឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្វ្រិក​ ដែល​ខ្ញុំ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ [១៩៧៩​ ដល់​ ១៩៩០​] ។​ ក្នុង​ពេល​កន្លងទៅ​ថ្មី​ៗ​នេះ​ ប្រទេស​ហ្គីណេ​បាន​ទាក់ទង​មក​កម្ពុជា​ដើម្បី​ទិញ​កសិផល​ខ្លះ​ ។​ ចំណុច​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹង​គិត​ថា​ ក្នុង​ពេល​មាន​វិបត្តិ​ វា​តែងតែ​មាន​ឱកាស​ ដូចជា​នៅ​ពេល​មាន​វិបត្តិ​ប្រេងឥន្ធនៈ​ និង​ ស្បៀង​ កម្ពុជា​អាច​មាន​ឱកាស​ដើម្បី​ពង្រីក​ផលិតផល​ ដើម្បី​ផ្ដល់​ស្បៀង​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ និង​ ពិភពលោក​ផង​ដែរ​” ។

ការស្រាវជ្រាវ​បាន​បង្ហាញ​ហេតុការណ៍​ច្រើន​ឡើង​ៗ​ ដែល​ហាក់​ដូចជា​មាន​សារៈសំខាន់​ក្នុង​ការ​ពិចារណា​ទាក់ទង​នឹង​កម្ពុជា​ ។​ ហ្គីណេ​ តាមពិត​គឺជា​ប្រទេស​មួយ​ដែល​មាន​បញ្ហា​ច្រើន​ ។​ មរណភាព​របស់​លោក​ប្រធានាធិបតី​ត្រូវ​បាន​ក្រុម​មេដឹកនាំ​យោធា​វ័យក្មេង​ចាត់​ទុក​ដូចជា​ឱកាស​មួយ​ល្អ​ដើម្បី​ធ្វើ​សកម្មភាព​ ។​ គេ​ហាក់​ដូចជា​ពុំ​ឃើញ​មាន​លទ្ធភាព​ណាមួយ​ផ្សេង​ទៀត​ដើម្បី​កែតម្រូវ​សភាពការណ៍​ ក្រៅតែ​ពី​ធ្វើ​រដ្ឋប្រហារ​ឡើយ​ – គឺ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​របស់​ប្រទេស​ខ្លួន​ ថ្វីបើ​ពុំ​មាន​ការ​បង្ហូរ​ឈាម​ទាំងស្រុង​ ឬ​ ប្រើ​កម្លាំង​ក្ដី​ ។

តើ​អ្វី​បាន​កើតឡើង​?

ប្រទេស​ហ្គីណេ​ស្ថិតនៅ​ក្នុង​អាហ្វ្រិក​ភាគ​ខាងលិច​ ប្រហែល​មួយ​ភាគ​បី​ធំ​ជាង​កម្ពុជា​ ប៉ុន្តែ​មាន​ប្រជាជន​តែ​ ១០​លាន​នាក់​ បើ​ប្រៀបធៀប​មក​កម្ពុជា​ ដែល​មាន​ ១៤​លាន​នាក់​ ។​ វា​ជា​ប្រទេស​មួយ​សម្បូរ​ខនិជ​ (សិលាជាតិ​ ឬ​ ធាតុ​ផ្សេង​ៗ​កើត​ក្នុង​ដី​ ឬ​ លើ​ផែនដី​) ហើយ​មាន​បុកស៊ីត​ច្រើនជាង​គេ​ក្នុង​ពិភពលោក​ ដែល​ជា​មូលដ្ឋាន​សម្រាប់​បង្កើត​អាលុយមីញ៉ូម​ ។​ បច្ចុប្បន្ន​នេះ​ ប្រទេស​ហ្គីណេ​ជាប់​ចំណាត់ថ្នាក់​លេខ​បួន​ក្នុង​ពិភពលោក​ ខាង​ការ​ផលិត​បុកស៊ីត​ គឺ​បន្ទាប់ពី​អូស្ត្រាលី​ ប្រេស៊ីល​ និង​ ចិន​ ។​ ហ្គីណេ​ក៏​មាន​ពេជ្រ​ មាន​មាស​ មាន​នីកែល​ និង​ យូរ៉ាញ៉ូម​ ដែរ​ ។

តាំងពី​បាន​ឯករាជ្យ​ផុត​ពី​ប្រទេស​បារាំង​ កាលពី​ឆ្នាំ​ ១៩៥៨​ មក​ – ប្រាំ​ឆ្នាំ​ក្រោយ​កម្ពុជា​ – ហ្គីណេ​មាន​ប្រធានាធិបតី​ពីរ​ គឺ​ លោក​ សេគូ​ ទួរ៉េ​ (Sekou Toure) រហូតដល់​ឆ្នាំ​ ១៩៨៤​ និង​ ឧត្ដមសេនីយ៍​ ឡង់សាណា​ កុងតេ​ ដែល​បាន​ក្ដាប់​អំណាច​ក្រោយពេល​មរណភាព​របស់​ប្រធានាធិបតី​ សេគូ​ ទួរ៉េ​ ។​ ការ​គាំទ្រ​ពី​កងកម្លាំង​ប្រដាប់​អាវុធ​ គឺជា​ការ​សំខាន់​សម្រាប់​អំណាច​របស់​គាត់​ក្នុង​រយៈ​ឆ្នាំ​កន្លងមក​ ។​ ក្នុង​អំឡុង​ឆ្នាំ​ទាំងនេះ​ ការបោះឆ្នោត​ពហុបក្ស​បាន​ប្រព្រឹត្តទៅ​ជា​លើក​ទី​មួយ​ ក្នុង​ឆ្នាំ​ ១៩៩៣​ ដែល​ក្នុង​ពេលនោះ​ ឧត្ដមសេនីយ៍​ កុងតេ​ ជា​ប្រមុខ​រដ្ឋាភិបាល​យោធា​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​របស់​រដ្ឋាភិបាល​ស៊ីវិល​មួយ​ – គឺ​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នឹង​ការបោះឆ្នោត​រៀបចំ​ដោយ​ អ៊ុនតាក់​ នៅ​កម្ពុជា​ដែរ​ ។​ លោក​ កុងតេ​ ត្រូវ​បាន​ជាប់​ឆ្នោត​ជាថ្មី​ទៀត​ក្នុង​ឆ្នាំ​ ១៩៩៨​ និង​ ឆ្នាំ​ ២០០៣​ ប៉ុន្តែ​ ការបោះឆ្នោត​ទាំង​បី​លើក​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​ មាន​ភាព​មិន​ប្រក្រតី​ ។​ ក្នុង​ចន្លោះ​ពេលនោះ​ អាណត្តិ​មួយ​នៃ​ការបោះឆ្នោត​ ត្រូវ​បាន​អូស​បន្លាយ​ ពី​ ៥​ ទៅ​ ៧​ ឆ្នាំ​ បន្ទាប់ពី​គណបក្ស​របស់​លោក​ប្រធានាធិបតី​ ឈ្នះ​បាន​ ៩១​អាសនៈ​ ក្នុងចំណោម​អាសនៈ​ចំនួន​ ១១៤​ ។​ គេ​និយាយ​ថា​ “គាត់​បាន​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក​អស់​ពេល​ ២៤​ឆ្នាំ​” ។

http://www.mininglife.com/images/bauxite_mining.jpg
http://farm4.static.flickr.com/3148/2568574580_34bc283d2f.jpg?v=0

ធនធានធម្មជាតិ​ដ៏​ច្រើន​មហិមា​របស់​ប្រទេស​ហ្គីណេ​ បាន​ទាក់ទាញ​ក្រុមហ៊ុន​រ៉ែ​ធំ​ៗ​ពី​បណ្ដា​ប្រទេស​ខុស​ៗ​គ្នា​ ដូចជា​ ៖​ ក្រុមហ៊ុន​ AngloGold Ashanti (ពី​អាហ្វ្រិក​ខាងត្បូង​) ក្រុមហ៊ុន​ Billiton (ក្រុមហ៊ុន​រក​រ៉ែ​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ មកពី​ប្រទេស​អូស្ត្រាលី​ – តាំងពី​ឆ្នាំ​ ២០០៦​ មក​ Billiton ក៏​ធ្វើការ​រុករក​បុកស៊ីត​នៅ​ខេត្ត​មណ្ឌលគិរី​ដែរ​ ដោយ​មាន​ “សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ចរចា​ធ្វើ​កិច្ចព្រមព្រៀង​រុករក​រ៉ែ​ជាមួយ​នឹង​រដ្ឋាភិបាល​” នៅ​ពេល​ចប់​ការសិក្សា​ស្រាវជ្រាវ​របស់​ពួកគេ​ ហើយ​ក៏​មាន​ការិយាល័យ​ប្រេងកាត​ Billiton នៅ​ភ្នំពេញ​ដែរ​) ក្រុមហ៊ុន​ Global Alumina (ពី​សហរដ្ឋអាមេរិក​) ក្រុមហ៊ុន​ Rio Tinto (ចក្រភព​អង់គ្លេស​ និង​ អូស្ត្រាលី​) និង​ ក្រុមហ៊ុន​ RusAl (ពី​ប្រទេស​រុស្ស៊ី​) ។​ មាន​រូបភាព​ខ្លះ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ តើ​គេ​ប្រមូល​បុកស៊ីត​ដោយ​ប្រើ​ម៉ាស៊ីន​ធំ​ៗ​ ហើយ​ដឹកជញ្ជូន​ដាក់​នាវា​ចេញ​ទៅក្រៅ​ប្រទេស​យ៉ាង​ដូចម្ដេច​ខ្លះ​ ។​ អ្នកម៉ៅការ​ចម្បង​ម្នាក់​នៅ​ខាង​ភាគី​ហ្គីណេ​ បាន​និយាយ​ថា​ ៖​ “ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ និង​ ប្រជាជន​ហ្គីណេ​ សាជីវកម្ម​ឈ្មោះ​ Guinea Alumina Corporation នឹង​បង្កើត​អាជីវកម្ម​អាលូមីណា​ ថ្នាក់​ពិភពលោក​មួយ​ ដែល​ផ្ដល់​តម្លៃ​ដល់​ម្ចាស់ភាគហ៊ុន​ ដើម្បី​ទ្រទ្រង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​ សង្គម​ ដល់​ប្រជាជន​ហ្គីណេ​ និង​ ផ្ដល់​ការ​ផ្គត់ផ្គង់​គុណភាព​អាលូមីណា​ដល់​ពិភពលោក​” ។

ប៉ុន្តែ​ ទោះបីជា​មាន​ការ​និយាយ​បង្ហាញ​ភោគទ្រព្យ​ដ៏​មាន​តម្លៃ​ខ្ពស់​ៗ​យ៉ាង​នេះ​ក្ដី​ ក៏​ប្រទេស​ហ្គីណេ​នៅតែ​ត្រូវ​ចាត់​ថ្នាក់​លេខ​ ២០២​ ក្នុង​បញ្ជី​ដែរ​ កាលបើ​ប្រៀបធៀប​ពី​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ៗ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ – គឺ​ទាប​ជាង​កម្ពុជា​ទៅទៀត​ ។​ កម្ពុជា​ត្រូវ​ចាត់​ថ្នាក់​លេខ​ ១៨០​ នៃ​បញ្ជី​ដដែល​ដែល​មាន​ចំនួន​ ២២៥​ប្រទេស​ ។

ភាព​គ្មាន​តម្លាភាព​អំពី​របៀប​ថា​តើ​ “ប្រជាជន​ហ្គីណេ​” ទទួល​ផល​បាន​ពី​ភោគទ្រព្យ​ទាំងនេះ​ដូចម្ដេច​ ដោយ​ប្រៀបធៀប​ទៅ​នឹង​ភាគហ៊ុន​ដែល​ទទួល​បាន​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនោះ​ បាន​នាំឲ្យ​កើត​មាន​ការ​មិន​ពេញចិត្ត​ ការ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​ និង​ កូដកម្ម​ក្នុង​ឆ្នាំ​ ២០០៦​ និង​ ២០០៧​ និង​ ការ​ប្រឆាំង​តវ៉ា​ដ៏​ឃោរឃៅ​ទៀង​ផង​ ។

នៅ​ពេល​ដែល​លោក​ Moussa Dadis Camara ប្រកាស​តាំង​ខ្លួន​ជា​ប្រធានាធិបតី​ ហើយ​ព្យួរ​រដ្ឋធម្មនុញ្ញ​នោះ​ គាត់​បាន​ថ្លែង​បញ្ជាក់​ថា​ ជា​ការ​កែតម្រូវ​ការគ្រប់គ្រង​ខុស​ និង​ អំពើ​ពុករលួយ​របស់​អតីត​រដ្ឋាភិបាល​ ។​ គាត់​បាន​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ និង​ អភិវឌ្ឍន៍​ មាន​សមាជិក​ ៣២​នាក់​ – ជំនួស​រដ្ឋមន្ត្រី​ ដោយ​នាយទាហាន​ ២៦​នាក់​ និង​ ស៊ីវិល​ ៦​នាក់​ – ហើយ​សន្យា​ថា​នឹង​ធ្វើការ​បោះឆ្នោត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​ ។​ មាន​ភាព​តានតឹង​ក្នុង​ជួរ​កងទ័ព​តាំងពី​ច្រើន​ខែ​មក​ហើយ​ ពេល​ដែល​នាយទាហាន​វ័យក្មេង​ៗ​បាន​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​នាយទាហាន​ជាន់ខ្ពស់​ខ្លះ​ៗ​ ។

ក្នុង​ពេល​រដ្ឋប្រហារ​គ្មាន​នរណា​ណាមួយ​ត្រូវ​ចាប់ខ្លួន​ទេ​ ប៉ុន្តែ​សមាជិក​របស់​រដ្ឋាភិបាល​ត្រូវ​បញ្ចេញ​ព្រមទាំង​ឧត្ដមសេនីយ៍​ ២២​នាក់​ ដែល​ស្និទ្ធ​នឹង​អតីត​អ្នក​កាន់​អំណាច​នយោបាយ​ ។​ គេ​បាន​រាយការណ៍​ថា​ លោក​ Moussa Dadis Camara បាន​ជួប​ជាមួយ​អ្នកនយោបាយ​ អ្នកដឹកនាំ​សាសនា​ តំណាង​សហជីព​ និង​ សមាជិក​សង្គម​ស៊ីវិល​ ដោយ​បាន​ប្រកាស​ថា​ មូលហេតុ​សំខាន់​ដែល​នាំ​ដល់​ការ​ក្ដាប់​អំណាច​នេះ​ គឺ​ដើម្បី​កំចាត់​អំពើ​ពុករលួយ​ និង​ ធានា​សុវត្ថិភាព​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ ៖​ កិច្ចសន្យា​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ ដែល​បាន​ដាក់​ទុន​វិនិយោគ​រាប់​កោដិ​ដុល្លារ​ នឹង​ត្រូវ​លុបចោល​សម្រាប់​ការ​សើរើ​ឡើងវិញ​ ដើម្បី​លុបបំបាត់​អំពើ​ពុករលួយ​ឲ្យអស់​ ។​ នរណា​មួយ​ដែល​បាន​កេងបន្លំ​យក​ទ្រព្យសម្បត្តិ​មក​ប្រើប្រាស់​ក្នុង​ផ្លូវ​ខុស​ ឬ​ យក​មក​ជា​ផលប្រយោជន៍​ខ្លួន​ផ្ទាល់​ពី​ធនធាន​សាធារណៈ​នឹង​ត្រូវ​ដាក់​ទោស​ ។

ប្រតិកម្ម​អន្តរជាតិ​ តើ​យ៉ាង​ណា​?​ សំឡេង​មួយ​តំណាង​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​បាន​និយាយ​ថា​ ៖​ “វា​ហាក់បីដូចជា​របប​ថ្មី​នេះ​អាច​រិះរក​វិធី​ជំរិត​ទារ​ប្រាក់​ពី​ក្រុមហ៊ុន​អាជីវកម្ម​បច្ចុប្បន្ន​ និង​ ក្រុមហ៊ុន​រុករក​រ៉ែ​ និង​ ដែល​របប​ប្រជាធិបតេយ្យ​មួយ​ថ្មី​អាច​ព្យាយាម​ដាក់​បង្ខំ​ឲ្យ​គេ​បង់​ប្រាក់​ឲ្យ​ម្ចាស់​ដី​ និង​ បង់​ពន្ធ​” រហូត​ថែម​ទាំង​ហៅ​វា​ថា​ជា​ “ការ​គាបសង្កត់​ជំរិត​ទារ​ប្រាក់​” បើសិនជា​រដ្ឋាភិបាល​នឹង​ខិតខំ​ព្យាយាម​ចរចា​សម្រេច​កិច្ចព្រមព្រៀង​មាន​តុល្យភាព​អំពើ​ធនធាន​ផ្ទាល់​របស់​ខ្លួន​ដែល​កំពុង​ត្រូវ​លក់​ឲ្យ​បរទេស​ ។

វា​ជា​ការ​គួរឲ្យ​ចាប់អារម្មណ៍​ដែល​សំឡេង​ចេញពី​សហគមន៍​អន្តរជាតិ​ ដែល​មិន​បាន​ចោទសួរ​ពី​អំពើ​ពុករលួយ​ពាក់ព័ន្ធ​ក្នុង​គម្រោងការ​ “នាំចេញ​” នូវ​សម្បត្តិ​រ៉ែ​របស់​ប្រទេស​ជាតិ​ដោយ​ពុំ​មាន​តម្លាភាព​ហើយ​គ្មាន​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នោះ​ ឥឡូវ​កំពុងតែ​បង្កើន​កង្វល់​ជាពិសេស​អំពី​ករណី​ដែល​បាន​រំលោភ​លើ​លទ្ធផល​នៃ​ប្រព័ន្ធ​បោះឆ្នោត​របស់​ប្រទេសជាតិ​ ។

ក៏ប៉ុន្តែ​ គួរឲ្យ​កត់សំគាល់​ដែល​ប្រធានាធិបតី​ Abdoulaye Wade របស់​រដ្ឋ​សេនេហ្កាល់​ ដែល​ជាំ​ប្រទេស​ជិតខាង​មួយ​ កំពុងតែ​អំពាវនាវ​ឲ្យ​ទទួលស្គាល់​ និង​ គាំទ្រ​រដ្ឋាភិបាល​ថ្មី​នេះ​ ពីព្រោះ​តែ​គោលដៅ​វិជ្ជមាន​របស់​រដ្ឋាភិបាល​នេះ​ ។

និយាយ​ពី​ប្រវត្តិ​របស់​ប្រទេស​ហ្គីណេ​វិញ​ – ការ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ​ផ្អែកលើ​អភិបាលកិច្ច​អាក្រក់​ និង​ ការប្រើប្រាស់​ធនធាន​ក្នុង​ផ្លូវ​ខុស​ ដែល​នៅ​ទីបំផុត​បាន​នាំឲ្យ​មាន​ការ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅដល់​ការ​ចាប់ផ្ដើម​មួយ​ថ្មី​ទាំងស្រុង​ – វា​ជា​ការ​សមស្រប​ដែល​ចងចាំ​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដងទៀត​អំពី​ក្ដី​កង្វល់​ដែល​លោក​មាន​ចំពោះ​ស្ថានភាព​ដូចគ្នា​សម្រាប់​កម្ពុជា​ គឺ​សេចក្ដី​មិន​ពេញចិត្ត​រីក​ធំធេង​របស់​ប្រជាជន​ដែល​មើល​មិន​ឃើញ​ថា​សង្គម​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្លួន​ ដែល​អាច​ងាក​ទៅ​រក​ការ​ប៉ុនប៉ង​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ​ទាំងស្រុង​ ។​ ម្យ៉ាងវិញទៀត​ លោក​ក៏​បាន​លើក​ពី​ក្ដី​កង្វល់​ ថា​ប្រជាជន​ដែល​មើល​ឱកាស​របស់​ខ្លួន​ក្នុង​រកស៊ី​ធ្វើ
មាន​ធ្វើ​បាន​ដោយ​ខុស​ច្បាប់​ ដែល​ត្រូវ​ត្រួតពិនិត្យ​ខ្លាំង​ជ្រុល​ដោយ​រដ្ឋាភិបាល​ អាច​ប៉ុនប៉ង​ដណ្ដើម​អំណាច​ដើម្បី​បំប៉ន​អំពី​លោភលន់​របស់​ខ្លួន​ដោយ​គ្មាន​កំហិត​ ។​ គេ​មិន​ត្រូវ​ភ្លេច​ពាក្យ​សំដី​ថ្លែង​ទាំងនេះ​ឡើយ​ ។

ក្នុង​ឆ្នាំ​ ១៩៩៩​ លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ ៖​ “បើ​យើង​គ្រប់គ្រង​បញ្ហា​ដីធ្លី​មិន​បាន​ល្អ​ទេ​ នោះ​យើង​អាច​ប្រឈម​នឹង​បដិវត្តន៍​របស់​កសិករ​មិនខាន​” ។​ លោក​បាន​មាន​ប្រសាសន៍​បែបនេះ​ម្ដងទៀត​ក្នុង​ឆ្នាំ​ ២០០៤​ ក្នុង​ពេល​ដែល​ថ្លែងការណ៍​ទៅកាន់​វេទិកា​អន្តរជាតិ​ស្ដីពី​ការគ្រប់គ្រង​ដីធ្លី​ នៅ​ចំពោះ​មុខ​តំណាង​ជាតិ​ និង​ អន្តរជាតិ​ ។

ក្នុង​ឆ្នាំ​ ២០០២​ ក្នុង​ពេល​ថ្លែង​បើក​កិច្ចប្រជុំ​ក្រុម​ពិគ្រោះ​យោបល់​រវាង​តំណាង​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ តំណាង​របស់​ប្រទេស​ធ្វើ​សហប្រតិបត្តិការ​ និង​ ស្ថាប័ន​អន្តរជាតិ​ លោក​បាន​មាន​ប្រសាសន៍​ថា​ ៖

“យើង​ដឹង​ថា​ អំពើ​ពុករលួយ​ក្នុង​ក្បាល​ម៉ាស៊ីន​សាធារណៈ​ ទោះជា​ខាង​តុលាការ​ក្ដី​ ខាង​រដ្ឋបាល​ក្ដី​ ឬ​ ខាង​ណាមួយ​ផ្សេង​ទៀត​ក្ដី​ បង្កើន​នូវ​តម្លៃ​អន្តរការណ៍​សម្រាប់​ម្នាក់​ៗ​ ហើយ​កាត់បន្ថយ​នូវ​ភាព​ដែល​អាច​ដឹង​មុន​ក្នុង​ការ​អនុវត្តិ​ច្បាប់​ និង​ ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​… ។​ រដ្ឋាភិបាល​ជឿ​ថា​ការ​អនុម័ត​ច្បាប់​ និង​ បទបញ្ជា​គ្រប់យ៉ាង​ដើម្បី​បង្ការ​ និង​ ដាក់ទោស​លើ​អំពើ​ពុករលួយ​ គឺជា​ការសំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ។​ ក្នុង​ស្មារតី​នេះ​ រាជរដ្ឋាភិបាល​សន្យា​ថា​នឹង​បញ្ចប់​ពង្រាង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ឲ្យ​បាន​មុន​ដំណាច់​ខែ​មិថុនា​ឆ្នាំ​ ២០០៣​ ” ។

ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​ ២០០៧​ ព័ត៌មាន​ប្រចាំ​ថ្ងៃ​ចេញផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រជាជន​ចិន​ បាន​ដកស្រង់​សំដី​របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​ ថា​ ៖

“អ្នក​រំលោភ​យក​ដីធ្លី​ ហ៊ាន​យក​ដី​យ៉ាង​ច្រើន​ដោយ​ខុស​ច្បាប់​ ស្រប​ពេល​ជាមួយ​គ្នា​ដែល​យើង​តែងតែ​អំពាវនាវ​ឲ្យ​ឈប់​ម្ដង​ហើយ​ម្ដងទៀត​… ។​ អ្នក​រំលោភ​យក​ដី​មិនមែន​ជា​ជន​សាមញ្ញ​ទេ​ គេ​ប្រាកដជា​អ្នកមាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ ។​ ខ្ញុំ​ចោទ​សំណួរ​ថា​ តើ​គេ​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​ដែរ​ឬ​ទេ​ ក្នុង​ពេល​អនាគត​?​” ហើយ​លោក​ត្រូវ​បាន​គេ​ដកស្រង់​សំដី​ថា​បាន​ឆ្លើយ​ដោយ​ខ្លួនឯង​ថា​ គេ​ពិតជា​ហ៊ាន​ធ្វើ​ ។​ “ដូច្នេះ​មុន​នឹង​គេ​ធ្វើ​រដ្ឋប្រហារ​ យើង​ចាំបាច់​ត្រូវតែ​មាន​វិធានការ​ទប់ស្កាត់​ពួកគេ​ជាមុន​” ។

អ្វី​ដែល​បាន​កើតឡើង​នៅ​ហ្គីណេ​ មិន​ត្រូវ​កើត​មាន​នៅ​កម្ពុជា​ទេ​ ។​ វិធានការ​នយោបាយ​ចាំបាច់​ត្រូវ​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ល្មម​គ្រប់គ្រាន់​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ៕

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

4 Responses to “ចំណងទាក់ទង​ និង​ មេរៀន​ពី​អាហ្វ្រិក​ដ៏​សែន​ឆ្ងាយ​ – ថ្ងៃ​អាទិត្យ​ ទី​ ២៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

អត្ថាធិប្បាយរបស់លោក បានវែងល្អណាស់ ប៉ុន្តែខ្ញុំយល់ថា
មាន ប្រហែល១%នៃប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ដែលបាន​យល់ នឹងតាមដាន ក្នុងរឿងប្រទេសហ្គីណេនោះ ។ ឯប្រទេសខ្មែរ វិញ មិនបាច់អោយមេរៀនទេ វាច្បាស់ជា មិនខុសពីប្រទេសកាន់អំណាចផ្តេចការណ៍នៅអាហ្វ្រិកទាំង​នោះឡើយ ។ បន្តិចទៀត នៅស្រុកខ្មែរ គេនឹងនាំគ្នាធ្វើ​amendement constitutionnel​ដាក់អោយ នាយក​រដ្ឋមន្រ្តី កាន់អំណាចមួយជីវឹតហើយ ។
បើនិយាយអោយចំ ប្រហែលដូចជាគេថា ៖ នេះគឺជា ពូជ​ស្រុកអ្នកក្រ ។

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: