តុលាការ​ក្រុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ រៀបរាប់​ពី​បញ្ហា​ខ្វះ​ចៅក្រម​សម្រាប់​បើក​សវនាការ​ – ថ្ងៃ​ សៅរ៍​ ទី​ ៣​ មករា​ ២០០៩​

Posted on Saturday, 3 January 2009. Filed under: សប្ដាហ៍ទី ៥៣០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣០

តុលាការ​ក្រុងភ្នំពេញ​ ដែល​ជាប់​ឈ្មោះ​លេខ​១​ ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ក្នុងចំណោម​តុលាការ​នៅ​ទូទាំង​ប្រទេស​នោះ​ បាន​រៀបរាប់​កាលពី​ថ្ងៃ​ ច័ន្ទ​ ថា​ ខ្លួន​កំពុងតែ​ជួប​កង្វះខាត​ចៅក្រម​សម្រាប់​ធ្វើការ​កាត់ក្ដី​ចំនួន​ ៦.៥០០​ករណី​ កាលពី​ឆ្នាំ​ ២០០៨​ ។​ ហើយ​ការ​ដែល​មិន​បាន​ដោះស្រាយ​រឿងក្ដី​ច្រើន​បែបនេះ​ បាន​ធ្វើឲ្យ​ជនជាប់ចោទ​ជាច្រើន​រយ​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ហួស​នីតិវិធី​ច្បាប់​ ដែល​កំណត់​ឲ្យ​ឃុំ​ខ្លួន​ជនជាប់ចោទ​ ឬ​ ជនសង្ស័យ​ណា​ម្នាក់​ តែ​រយៈពេល​ ៦​ខែ​ប៉ុណ្ណោះ​ គឺ​ត្រូវ​នាំ​យក​មក​កាត់ទោស​នៅ​តុលាការ​ ហើយ​បើ​តុលាការ​រក​មិន​ឃើញ​ទោសកំហុស​ទេ​ ត្រូវ​ដោះលែង​ភ្លាម​ៗ​ ។​ ប៉ុន្តែ​តុលាការ​ក្រុងភ្នំពេញ​ និង​ តុលាការ​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ពុំ​បាន​គោរព​តាម​នីតិវិធី​ច្បាប់​នេះ​ទេ​ ហើយ​បន្ត​ឃុំ​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​គុក​ជាច្រើន​ឆ្នាំ​ ដោយ​មិន​បាន​កាត់ទោស​ ដែល​ទង្វើ​បែបនេះ​វា​ផ្ទុយ​នឹង​នីតិវិធី​ច្បាប់​ និង​ រំលោភ​សិទ្ធិ​របស់​ជនជាប់ចោទ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង​ ។

ជីវ​ កេង​ ប្រធាន​តុលាការ​ក្រុងភ្នំពេញ​ ដែល​ល្បី​ឈ្មោះ​ខាង​លំអៀង​ទៅ​រក​អ្នកមាន​លុយ​ ធ្វើបាប​អ្នកក្រ​ឲ្យ​ចាញ់ក្ដី​ជានិច្ច​នោះ​ បាន​និយាយ​ប្រាប់​បណ្ដាញ​ព័ត៌មាន​បរទេស​នៅ​កម្ពុជា​ថា​ នៅ​ឆ្នាំ​ ២០០៨​ កន្លងទៅ​នេះ​ តុលាការ​ក្រុងភ្នំពេញ​មិន​បាន​ដោះស្រាយ​រឿងក្ដី​ប្រហែល​ ៦.៥០០​ករណី​ ។​ នៅ​ដំណាច់​ឆ្នាំ​ ២០០៧​ មាន​ចំនួន​ ៩.២០០​ករណី​ ដែល​មិន​បាន​ដោះស្រាយ​ ។​ តាម​ការ​ប្រៀបធៀប​ឆ្នាំ​ទាំងពីរ​កន្លងមក​ យើង​ឃើញ​ថា​ ចំនួន​បណ្ដឹង​ធម្មតា​ដែល​ត្រូវ​បាន​ប្ដឹង​មកកាន់​តុលាការ​ក្រុង​នោះ​ ត្រូវ​បាន​ដោះស្រាយ​ច្រើន​ជាង​កាលពី​ឆ្នាំ​ ២០០៧​ ដោយ​នៅ​ឆ្នាំ​ ២០០៨​ មាន​បណ្ដឹង​តែ​ ៦.៥០០​ករណី​ប៉ុណ្ណោះ​ ដែល​មិន​បាន​ដោះស្រាយ​ទាន់​ពេល​ ចំណែក​ឯ​ឆ្នាំ​ ២០០៧​ វិញ​ មាន​ករណី​បណ្ដឹង​ដល់ទៅ​ ៩.២០០​ករណី​មិន​ត្រូវ​បាន​ដោះស្រាយ​ ។

ជីវ​ កេង​ បាន​បញ្ជាក់​ថា​ “នេះ​មិនមែន​មានន័យថា​ យើង​ទទួល​បាន​ករណី​បណ្ដឹង​តិច​ជាង​កាលពី​ឆ្នាំ​ទៅ​ទេ​ ។​ យើង​ទទួល​បាន​បណ្ដឹង​ដូចគ្នា​នឹង​ឆ្នាំ​មុន​ដែរ​ ក៏ប៉ុន្តែ​ឆ្នាំ​នេះ​យើង​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ ហើយ​ចំនួន​ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ ក៏​មាន​ចំនួន​កើន​ឡើង​ដែរ​” ។

ជីវ​ កេង​ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឯកឧត្ដម​នៅ​ឆ្នាំ​ ២០០៨​ កន្លងមក​ បាន​និយាយ​ថា​ តុលាការ​ក្រុងភ្នំពេញ​ជា​មធ្យម​ទទួល​ពាក្យបណ្ដឹង​ចំនួន​ពី​ ៣.០០០​ ទៅ​ ៥.០០០​ករណី​ ជា​រៀងរាល់​ឆ្នាំ​ ។​ ជីវ​ កេង​ បាន​បន្ថែម​ថា​ នៅ​ឆ្នាំ​ ២០០៨​ យើង​បាន​ដោះស្រាយ​ករណី​បណ្ដឹង​មក​តុលាការ​ក្រុង​ច្រើន​ជាង​កាលពី​ឆ្នាំ​ ២០០៧​ ។

ជីវ​ កេង​ បាន​ឲ្យ​ដឹង​ទៀត​ថា​ តុលាការ​ក្រុងភ្នំពេញ​បាន​បង្កើន​ចំនួន​ចៅក្រម​នៅ​ក្នុង​ឆ្នាំ​ ២០០៨​ ពី​ចំនួន​ ៩​នាក់​ ដល់​ចំនួន​ ១៦​នាក់​ ហើយ​តុលាការ​ក្រុង​មាន​គំរោង​ស្នើសុំ​ចៅក្រម​ឲ្យ​គ្រប់​ចំនួន​ ៤៥​នាក់​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ នៅ​ក្នុង​ឆ្នាំ​ ២០០៩​ នេះ​ ហើយ​ចំណែក​ឯ​ព្រះរាជអាជ្ញា​វិញ​ នឹង​ស្នើសុំ​ឲ្យ​គ្រប់​ចំនួន​ ២៥​នាក់​ ដែល​ធ្វើការ​សព្វថ្ងៃ​មាន​ចំនួន​តែ​ ៨​នាក់​ប៉ុណ្ណោះ​ ។

ជីវ​ កេង​ បាន​បន្ថែម​ថា​ កន្លែង​ធ្វើការ​គឺជា​បញ្ហា​មួយ​សម្រាប់​តុលាការ​ក្រុងភ្នំពេញ​ ហេតុដូច្នេះ​ហើយ​ទើប​តុលាការ​ក្រុង​រៀបចំ​សាងសង់​អគារ​ថ្មី​មួយ​កំពស់​ ៦​ជាន់​ ស្ថិតនៅ​ក្នុង​បរិវេណ​តុលាការ​ក្រុងភ្នំពេញ​សព្វថ្ងៃ​នេះ​ ។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ចុងក្រោយ​ដែល​មាន​ឈ្មោះ​ថា​ គំរោង​ត្រួតពិនិត្យ​តុលាការ​នៅ​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ កាលពី​ខែ​តុលា​ ឆ្នាំ​ ២០០៦​ និង​ ខែ​កញ្ញា​ ឆ្នាំ​ ២០០៧​ បាន​រក​ឃើញ​ថា​ តុលាការ​ក្រុងភ្នំពេញ​មាន​បន្ទប់​កាត់ក្ដី​តែ​ ២​ប៉ុណ្ណោះ​ ដែល​នៅ​ក្នុង​នោះ​តុលាការ​ក្រុង​បាន​ធ្វើ​សវនាការ​ករណី​ព្រហ្មទណ្ឌ​រហូតដល់​ទៅ​ចំនួន​ជាង​ ៨៨៤​ករណី​ឯណោះ​ ក្នុង​រយៈពេល​នៃ​ការ​ធ្វើ​របាយការណ៍​នោះ​ គឺ​ពី​ខែ​តុលា​ ឆ្នាំ​ ២០០៦​ ដល់​ ខែ​កញ្ញា​ ឆ្នាំ​ ២០០៧​ ។

របាយការណ៍​ដដែល​នោះ​បនា​និយាយ​ថា​ តុលាការ​ក្រុង​បាន​បើក​សវនាការ​កាត់ក្ដី​រឿង​ព្រហ្មទណ្ឌ​ជា​មធ្យម​ចំនួន​ ៣​ករណី​ ជា​រៀងរាល់​ថ្ងៃ​ ដោយ​ចំនួន​ពាក់កណ្ដាល​នៃ​ការ​ធ្វើ​សវនាការ​កាត់ក្ដី​រឿង​ព្រហ្មទណ្ឌ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​តែ​ចំនួន​ជាង​ ២០​នាទី​ប៉ុណ្ណោះ​ ។​ គឺ​ការ​បើក​សវនាការ​កាត់ក្ដី​នីមួយ​ៗ​មាន​រយៈពេល​ខ្លី​ណាស់​ ដោយ​គ្រាន់តែ​អាន​សាលក្រម​ដែល​តុលាការ​បាន​សរសេរ​កំណត់​ទោស​ ឬ​ កំណត់​អ្នក​នេះ​ត្រូវ​ឈ្នះ​ក្ដី​ ហើយ​អ្នក​នោះ​ត្រូវ​ចាញ់​ក្ដី​ រួច​ជាស្រេច​ ដែល​ការ​ធ្វើ​បែបនេះ​មិន​បាន​វែកញែក​រឿងក្ដី​នីមួយ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​តាម​នីតិវិធី​ ឬ​ អង្គហេតុ​នៃ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ។​ ម្ល៉ោះហើយ​ទើប​គេ​សង្កេត​ឃើញ​ថា​ ឲ្យតែ​អ្នកធំ​អ្នកមាន​លុយ​ តែងតែ​ឈ្នះ​ក្ដី​ជាមួយ​អ្នកក្រ​ និង​ អ្នក​តូចតាច​ជានិច្ច​ ។

លោក​ សុក​ សំអឿន​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​គំរោង​ការពារ​ក្ដី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​មើល​ឃើញ​ថា​មាន​ការ​ល្អ​ប្រសើរ​ឡើង​ខ្លះ​ដែរ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ខ្មែរ​ ក៏ប៉ុន្តែ​នៅ​មាន​ការងារ​ច្រើន​ណាស់​ដែល​តុលាការ​ត្រូវ​ធ្វើ​បន្ត​ ។

លោក​និយាយ​ថា​ “តុលាការ​គួរតែ​ធ្វើឲ្យ​មាន​ឯករាជ្យ​ភាព​ចំពោះ​ចៅក្រម​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ជាង​សព្វថ្ងៃ​នេះ​ ដូច្នេះ​ហើយ​ទើប​ចៅក្រម​ទាំងនោះ​អាច​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង​អំពី​ករណី​បណ្ដឹង​តុលាការ​ទាំងនោះ​” ។

ជីវ​ កេង​ បាន​ទទួលស្គាល់​ថា​ តុលាការ​ខ្មែរ​មិន​ល្អឥតខ្ចោះ​នោះ​ទេ​ ដូច្នេះ​ហើយ​តុលាការ​ខ្មែរ​ទាំងមូល​ត្រូវការ​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​ដើម្បី​កែលំអ​ឲ្យ​បាន​ប្រសើរ​ឡើង​ ។​ ជីវ​ កេង​ បាន​អះអាង​ថា​ “ឥឡូវនេះ​យើង​មិនមែន​ល្អ​ ១០០​ភាគរយ​នោះ​ទេ​ ប៉ុន្តែ​យើង​បាន​ធ្វើ​កំណែទម្រង់​យ៉ាង​ច្រើន​ ហើយ​ពេលនេះ​យើង​ក៏​មិន​បាន​ឮ​ការរិះគន់​ច្រើន​អំពី​តុលាការ​ពុករលួយ​ដូច​ដែល​យើង​ធ្លាប់​បាន​ឮ​កាលពី​ ៣​-៤​ឆ្នាំ​មុន​នោះ​ទេ​” ។

ជីវ​ កេង​ បាន​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​តុលាការ​មាន​យន្តការ​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​សេចក្ដីរាយការណ៍​ពី​ភាព​អសកម្ម​របស់​តុលាការ​ ឬ​ ការ​រំលោភ​អំណាច​ដទៃ​ទៀត​របស់​តុលាការ​ ។​ ជីវ​ កេង​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ប្រទេស​កម្ពុជា​ត្រូវការ​ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ បន្ថែម​ចំនួន​ជាង​ ៣០០​នាក់​ទៀត​ នៅ​ទូទាំង​ប្រទេស​ ។​ សព្វថ្ងៃ​នេះ​កម្ពុជា​មាន​ចៅក្រម​ និង​ ព្រះរាជអាជ្ញា​តែ​ចំនួន​ប្រហែល​ ២០០​នាក់​ប៉ុណ្ណោះ​ទូទាំង​ប្រទេស​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៥៦​ ថ្ងៃ​ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៣៧​ ថ្ងៃ​ សៅរ៍​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • មន្ទីរ​ព័ត៌មាន​បដិសេធ​វិទ្យុ​អាស៊ី​សេរី​ដែល​ផ្សាយ​អំពី​ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ដោត​ទង់ជាតិ​ [នៅ​មុខ​ផ្ទះ​របស់​ពួកគេ​ ដើម្បី​អបអរសាទរ​ទិវា​ជ័យជំនះ​ ៧​ មករា​]
  • មង្គលការ​បុត្រី​សម្ដេច​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ [សុមឆ័យ​ វង្សសាវ៉ាត់​] ចូលរួម​ [ភ្នំពេញ​]
  • ក្នុង​ឆ្នាំ​ ២០០៨​ មាន​ឈ្មោះ​អ្នកបោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ គ.ជ.ប​ ជាង​ ៨​លាន​នាក់
  • ចោរ​ចូល​គាស់​ទូដែក​ក្នុង​ក្រសួង​កិច្ចការ​នារី​ ប្រមូល​យក​លុយ​អស់​ ២០​លាន​រៀល
  • អ្នកសុំទាន​នៅ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​មាន​ការ​កើន​ឡើង​ច្រើន
  • មេដឹកនាំ​ជាន់ខ្ពស់​ហាម៉ាស់​ បាន​សម្លាប់​ដោយ​ការវាយប្រហារ​ពី​យន្តហោះ​អ៊ីស្រាអែល​ លើ​តំបន់​ហ្កាហ្សា
  • ប្រទេស​គុយបា​ប្រារព្ធ​ខួប​លើក​ទី​ ៥០​ នៃ​ការ​ធ្វើ​បដិវត្តន៍


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៧៤​ ថ្ងៃ​ សៅរ៍​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [បុរស​] ជនជាតិ​កូរ៉េ​ម្នាក់​បាន​ចងក​ធ្វើ​អត្តឃាត​ដោយ​គ្មាន​មូលហេតុ​ [នៅ​ទីក្រុង​ភ្នំពេញ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៤២​ ថ្ងៃ​ សៅរ៍​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កំទេច​គ្រឿងផ្ទុះ​ច្នៃ​ ៣​គ្រាប់​ [ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​] – ប៉ូលិស​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ជា​ការ​បង្ក​សំលេង​ផ្ទុះ​ឲ្យ​ភ្ញាក់ផ្អើល
  • នាងក្រមុំ​ដើរ​កាត់​ចំការ​អំពៅ​ កម្មករ​ឈាម​ក្ដៅ​៣​នាក់​ ចាប់​រំលោភ​ – ម្នាក់​បាន​សំរេច​ ២​នាក់​ដាច់​ត្រចៀក​ [ពួកគេ​ទាំង​បី​ត្រូវ​បាន​ចាប់​ខ្លួន​ – ខេត្ត​កោះកុង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៥៦​ ថ្ងៃ​ សៅរ៍​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • តុលាការ​ក្រុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ រៀបរាប់​ពី​បញ្ហា​ខ្វះ​ចៅក្រម​សម្រាប់​បើក​សវនាការ
  • [មេដឹកនាំ​គណបក្ស​ប្រឆាំង​] សម​ រង្ស៊ី​ ៖​ មាន​ព្រឹត្តិការណ៍​ ១៧​ មេសា​ ឆ្នាំ​ ១៩៧៥​ [ជា​ពេល​ដែល​របប​ខ្មែរក្រហម​បាន​ត្រួតត្រា​ប្រទេស​កម្ពុជា​ទាំងមូល​] ទើប​មាន​ថ្ងៃ​ ៧​ មករា​ ឆ្នាំ​ ១៩៧៩​ [ដែល​នាំឲ្យ​មាន​ការ​ឈ្លានពាន​ពី​កងទ័ព​យួន​]
  • អៀង​ សារី​ ត្រូវ​បញ្ជូន​ ចេញ​-ចូល​ មន្ទីរពេទ្យ​កាល់ម៉ែត​កាន់តែ​ញឹកញាប់​ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ
  • រដ្ឋមន្ត្រី​ការបរទេស​សៀម​ [កាស៊ីត​ ពីរ៉ុមយ៉ា​] កំពុង​រង​ការ​គាបសង្កត់​ឲ្យ​ចុះចេញ​ពី​តំណែង​ បន្ទាប់ពី​ទូរស័ព្ទ​សុំ​ចរចា​វិវាទ​ព្រំដែន​ ជាមួយ​ [រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្រទេស​កម្ពុជា​] ហោ​ ណាំហុង​ [ផ្អែក​តាម​ កាសែត​បាងកក​ប៉ុស្តិ៍​ – គាត់​ត្រូវ​បាន​គាបសង្កត់​ឱ្យ​លាលែង​ពី​តំណែង​ពី​សំណាក់​ក្រុម​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​របស់​ នាយករដ្ឋមន្ត្រី​ អាប់ភីស៊ីត​ វិចាជីវ៉ា​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៨៥​ ថ្ងៃ​ សៅរ៍​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • បញ្ជូន​រឿង​ជះ​ទឹកអាស៊ីត​លើ​ម្ដាយមីង​ អ៊ិន​ សុខលីដា​ ទៅ​ជម្រះ​ – សំណុំរឿង​មាន​លក្ខណៈ​ “ពិសេស​” ប្រៀប​នឹង​រឿង​ តាត​ ម៉ារីណា​ ,ទូច​ ស៊ុននិច​ និង​ ពៅ​ បញ្ញាពេជ្រ​ [ព្រោះ​ប៉ូលិស​បាន​ចាត់វិធានការ​យ៉ាង​លឿន​នៅ​ពេល​ដែល​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ ថ្ងៃ​ទី​ ៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ ខណៈ​ដែល​ករណី​របស់​អ្នក​ទាំង​បី​ខាង​លើ​នេះ​ រហូត​មក​ដល់​ពេល​នេះ​ ជនល្មើស​នៅតែ​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​ និង​ ផ្ដន្ទាទោស​ ហើយ​បើ​សង្កេត​តាម​ជាក់ស្ដែង​ឃើញ​ថា​ អ៊ិន​ សុខលីដា​ មាន​ជីវភាព​ធូរធារ​ជាង​មុន​ ព្រោះ​ឥឡូវ​នាង​ជិះ​ឡាន​របស់​ លោកស្រី​ ជា​ រដ្ឋា​ ដែល​ប៉ូលិស​បាន​ដកហូត​ឱ្យ​នាង​ និង​ ថែម​ទាំង​មាន​អង្គរក្ស​ផ្ទាល់ខ្លួន​ទៀត​ផង​]
  • ក្រុម​មេធាវី​ការពារ​ជនរងគ្រោះ​ ព្រមាន​ឈប់​ពី​កិច្ចការ​នៅ​សាលាក្ដី​ខ្មែរក្រហម​ [បើសិនជា​មិន​មាន​ថវិកា​សម្រាប់​ពួកគេ​]
  • រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​សម្បទាន​ និង​ ស្ដារ​ផ្លូវ​ដែក​ [ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​]
  • នាយករដ្ឋមន្ត្រី​សៀម​ឲ្យ​ស៊ើបអង្កេត​ទូរស័ព្ទ​ដែល​គំរាម​រូប​លោក

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: