សហ​មេធាវី​បរទេស​របស់​ លោក​ នួន​ ជា​ ប្ដឹង​ពី​អំពើពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ – ថ្ងៃ​ សុក្រ​ ទី​ ៩​ មករា​ ២០០៩​

Posted on Friday, 9 January 2009. Filed under: សប្ដាហ៍ទី ៥៣១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣១

ភ្នំពេញ​ ៖​ សហ​មេធាវី​បរទេស​របស់​ លោក​ នួន​ ជា​ បាន​ទាមទារ​ឲ្យ​តុលាការ​ក្រុងភ្នំពេញ​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ ។​ ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​ពាក្យបណ្ដឹង​មួយ​ច្បាប់​ដែល​បាន​ដាក់​ទៅកាន់​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​ កាលពី​ថ្ងៃ​ ៨​មករា​ ម្សិលមិញ​ ។​ ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​នេះ​មិន​ទាន់​ត្រូវ​បាន​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​ទទួលយក​នៅឡើយ​ទេ​ ។

ជួស​មុខ​ឲ្យ​ដើមបណ្ដឹង​ដែល​ជា​ក្រុម​សហ​មេធាវី​បរទេស​ចំនួន​ ៣​រូប​ នៅ​តុលាការ​ខ្មែរក្រហម​ លោក​ ម៉ៃឃើល​ ភេសមែន​ (Michiel Pestman) ជា​សហ​មេធាវី​បរទេស​ការពារ​ លោក​ នួន​ ជា​ បាន​កាន់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​នេះ​ទៅ​ដាក់​នៅ​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​ ។​ ដើម​បណ្ដឹង​បាន​ប្រកាស​ខ្លួន​ជា​ជនរងគ្រោះ​នៃ​ការ​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​អ៊ុនតាក់​ ឆ្នាំ​ ១៩៩២​ ជាពិសេស​ដើមបណ្ដឹង​ចោទប្រកាន់​អំពី​អំពើពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ​ខ្មែរក្រហម​ ។​ អំពើពុករលួយ​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះក្ដី​ប្រកបដោយ​យុត្តិធម៌​ ។

នៅ​ក្នុង​ពាក្យបណ្ដឹង​ សហ​មេធាវី​បរទេស​ចំនួន​ ៣​រូប​ រួមមាន​ លោក​ Michiel Pestman លោក​ Victor Koppe និង​ លោក​ Andrew Lanuzzi ក្នុងនាម​ជា​ដើម​បណ្ដឹង​ បាន​យោង​សំអាង​ទៅលើ​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សង្គម​យុត្តិធម៌​បើកចំហ​ OSJI កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០០៧​ យោង​របាយការណ៍​របស់​អង្គការ​ UNDP រួម​នឹង​ព្រឹត្តិបត្រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ ។​ ការ​លើកឡើង​ទាំងនេះ​គឺជា​ការចោទប្រកាន់​បុគ្គលិក​ រួម​ទាំង​ចៅក្រម​នៅ​តុលាការ​ខ្មែរក្រហម​ថា​បាន​បង់​ចំណែក​នៃ​ប្រាក់ខែ​របស់​ពួកគេ​ច្រើន​គួរសម​ ឲ្យ​ទៅ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទទួល​បាន​តួនាទី​នៅ​តុលាការ​ខ្មែរក្រហម​ ។

សហ​មេធាវី​បរទេស​ក៏​បាន​លើកឡើង​នូវ​សាវតារ​នៃ​អង្គហេតុ​ដែល​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រឿង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ក្នុង​ពេល​កន្លងមក​ផង​ដែរ​ ។

ក្រុម​មេធាវី​បរទេស​ការពារ​ លោក​ នួន​ ជា​ បាន​ស្នើសុំ​ឲ្យ​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ ។

ការ​ប្ដឹង​ទាមទារ​នេះ​ក៏ដោយសារតែ​សហ​មេធាវី​បរទេស​អះអាង​ថា​ ការ​ខិតខំ​ប្រឹងប្រែង​ជា​ផ្លូវការ​ពីសំណាក់​មេធាវី​ការពារ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ចំពោះ​អំពើពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ពី​ភាគី​កម្ពុជា​ និង​ ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ មិន​ទទួល​បាន​ជ័យជម្នះ​ឡើយ​ក្នុង​ពេល​កន្លងមក​ ។​ ដោយសារតែ​គ្មាន​ការ​ទម្លាយ​ព័ត៌មាន​នេះ​ហើយ​បាន​ជា​សហ​មេធាវី​បរទេស​ទាញ​ការ​សន្និដ្ឋាន​ថា​ បុគ្គល​ដែល​បាន​លើកឡើង​ដូច​ខាងលើ​នេះ​ និង​ អញ្ញត្រ​ជន​ដទៃ​ទៀត​ អាច​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​អ៊ុនតាក់​ ឆ្នាំ​ ១៩៩២​ ឬ​ បទបញ្ញត្តិ​ស្រដៀង​គ្នា​ដទៃ​ទៀត​ ដោយ​ការប្រព្រឹត្ត​ផ្ទាល់​ ការ​សម្របសម្រួល​ការ​ជួយ​ និង​ ការ​ជំរុញ​ឲ្យ​មាន​អំពើពុករលួយ​ ដែល​មាន​ការ​ចាត់តាំង​នៅ​តុលាការ​ខ្មែរក្រហម​នៅ​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​ដែល​កំពុង​បន្ត​ ។

ដោយ​ធ្វើដំណើរ​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​ នៅ​ពេលព្រឹក​ម្ដង​ និង​ នៅ​ពេលល្ងាច​ម្ដងទៀត​ កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ មករា​ ម្សិលមិញ​ លោក​ ម៉ៃឃើល​ ភេសមែន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ ក្រឡាបញ្ជី​មិនព្រម​ទទួល​ចុះបញ្ជី​នូវ​ពាក្យបណ្ដឹង​របស់​លោក​ទេ​ ទោះបីជា​លោក​បាន​ទុក​សំណុំ​ឯកសារ​ ពាក្យបណ្ដឹង​នៅ​អយ្យការ​ក៏ដោយ​ ។​ ក្រឡាបញ្ជី​សន្យា​ឲ្យ​ក្រុម​មេធាវី​បរទេស​របស់​ លោក​ នួន​ ជា​ ត្រឡប់​ទៅ​ជួប​ម្ដងទៀត​នៅ​រសៀល​ម៉ោង​ ៣​ ថ្ងៃ​ទី​ ៨​ ខែ​មករា​ ។​ ក៏ប៉ុន្តែ​ក្រឡាបញ្ជី​នៅតែ​មិនព្រម​ទទួល​យក​ពាក្យបណ្ដឹង​នោះ​ និង​ តម្រូវ​ឲ្យ​សហ​មេធាវី​បរទេស​ទៅកាន់​តុលាការ​ម្ដងទៀត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​៩​ មករា​ ។

លោក​ ភេសមែន​ បាន​ឲ្យ​ដឹង​ថា​ ក្រឡាបញ្ជី​អះអាង​ថា​ ពាក្យបណ្ដឹង​របស់​សហ​មេធាវី​បរទេស​នេះ​ជា​ពាក្យបណ្ដឹង​ពិសេស​ ដែល​ក្រឡាបញ្ជី​ត្រូវ​និយាយ​ទៅកាន់​មេ​ជាមុន​សិន​ ។

យ៉ាងណាក៏ដោយ​ លោក​ ភេសមែន​ បាន​បញ្ជាក់​ថា​ ការចោទប្រកាន់​ពី​រឿង​ពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ ជា​រឿង​ធ្ងន់ធ្ងរ​ និង​ អាច​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សិទ្ធិ​របស់​ជនជាប់ចោទ​ ក្នុង​ការ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌​ ហើយ​វា​ជា​ការ​ព្រួយបារម្ភ​ដ៏​ចម្បង​ដល់​ជន​គ្រប់រូប​ដែល​ពាក់ព័ន្ធ​ជាមួយ​ដំណើរការ​នីតិវិធី​ ។

លោក​សហ​មេធាវី​បាន​បន្ថែម​ជាមួយ​នឹង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ថា​ តើ​តុលាការ​ខ្មែរក្រហម​អាច​ផ្ដល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក​ដែរ​ឬ​ទេ​?​ ព្រោះ​ថា​ការ​បាត់បង់​ចំណែក​នៃ​ប្រាក់ខែ​របស់​មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​ទៅ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ នាំឲ្យ​មន្ត្រី​តុលាការ​មិន​អាច​ធ្វើការ​ដោយ​ឯករាជ្យ​ឡើយ​ ។

លោក​ ម៉ៃឃើល​ ភេសមែន​ អះអាង​យ៉ាង​ច្បាស់លាស់​ថា​ បុគ្គលិក​ខ្មែរ​ក្នុង​តុលាការ​ខ្មែរក្រហម​ពិតជា​បាន​កាត់​ប្រាក់ខែ​ទៅ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ ដោយ​លោក​សំអាង​លើ​របាយការណ៍​ដែល​បាន​បោះពុម្ព​ដោយ​អង្គការ​សហប្រជាជាតិ​ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា​បុគ្គលិក​ខ្មែរ​ទាំងនោះ​ជា​នរណា​ខ្លះ​?​ ហើយនិង​បាន​បង់​ប្រាក់​ទៅ​ឲ្យ​នរណា​ទេ​?

ក៏ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម​ លោក​ រាជ​ សម្បត្តិ​ មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ពាក្យបណ្ដឹង​របស់​សហ​មេធាវី​បរទេស​ដាក់​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​នោះ​ទេ​ ។​ លោក​ រាជ​ សម្បត្តិ​ បាន​ចាត់​ទុក​ការ​លើកឡើង​ពី​អំពើពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម​ថា​ជា​រឿង​ចាស់​ និង​ គ្រាន់តែ​ជា​ការ​ពោល​អះអាង​ តែ​រក​មិន​ឃើញ​ការពិត​ឡើយ​ ។​ ក៏ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ថា​ ភាគី​កម្ពុជា​ក្នុង​តុលាការ​ខ្មែរក្រហម​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រឆាំង​នឹង​ភាព​អសកម្ម​ ។​ តុលាការ​បាន​បង្កើត​យន្តការ​ដោយ​មាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​ មាន​ប្រអប់​សំបុត្រ​ ដើម្បីឲ្យ​បុគ្គលិក​ដាក់​ពាក្យបណ្ដឹង​ទាក់ទង​នឹង​អំពើពុករលួយ​ជាដើម​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩០​ ថ្ងៃ​ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤២​ ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ថៃ​ឲ្យ​ពិចារណា​រឿង​កិច្ចប្រជុំ​អាស៊ាន
  • ក្រសួងការបរទេស​ខ្មែរ​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ថៃ​ហាម​មិន​ឲ្យ​អ្នកទេសចរ​កម្ពុជា​ចូល​ប្រទេស​ថៃ​ [តាម​រយៈនាវា​ទេចរណ៍​មួយ​កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ដោយ​លើក​ហេតុផល​ថា​ គេ​ធ្វើ​ដូច្នេះ​ដោយ​សារ​ពួក​គេ​បារម្ភ​ខ្លាច​មាន​បញ្ហា​សន្តិសុខ​]
  • ថៅកែ​រោងចក្រ​ផលិត​ស្បែកជើង​ រត់ចោល​កម្មករ​ជាង​ ១០០​នាក់​ ថ្ងៃ​បើក​លុយ​ [មន្ត្រី​ស័ក្ដិ​ប្រាំ​ដែល​ជា​ម្ចាស់​រោងចក្រ​បាន​បញ្ជា​ឲ្យ​អង្គរក្ស​គំរាមកំហែង​កម្មករ​មិន​ឲ្យ​តវ៉ា​ ឯ​កម្មករ​ភាគច្រើន​ជា​ក្មេង​ស្រី​ពុំ​ទាន់​គ្រប់​អាយុ​ នាំគ្នា​ស្រែក​ថា​គ្មាន​លុយ​ទិញ​បាយ​ហូប​ ហើយ​ក៏​គ្មាន​ប្រាក់​ជិះ​ឡាន​ទៅ​ស្រុក​វិញ​ដែរ​]
  • អត្រា​ឈឺ​ និង​ ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​មាន​ការ​ថយ​ចុះ​ នៅ​ឆ្នាំ​ ២០០៨​ [អ្នក​កើត​ជំងឺ​គ្រុនចាញ់​មាន​ចំនួន​ ៤៦.៩៣១​នាក់​ និង​ ស្លាប់​មាន​ចំនួន​ ១៥៥​នាក់​ បើ​ប្រោប​ធោប​កាលពី​ ឆ្នាំ​ ២០០៧​ អ្នក​ជំងឺ​គ្រុនចាញ់​មាន​ចំនួន​ដល់​ទៅ​ ៥៩.៨៤៨​នាក់​ និង​ ស្លាប់​ចំនួន​ ២១៩​នាក់​]
  • ធនាគារ​កណ្ដាល​ ៖​ ការ​កាន់កាប់​ព្រលានយន្តហោះ​ [កាលពី​ឆ្នាំ​ ២០០៨​ដោយ​ក្រុម​បាតុករ​អាវ​លឿង​] ធ្វើឲ្យ​ប្រទេស​សៀម​ខាតបង់​ប្រាក់​ ៨,៣​ពាន់​លាន​ដុល្លារ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២០​ ថ្ងៃ​ សុក្រ​-សៅរ៍​ ទី​ ៩​-១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • លោក​ កាស៊ីត​ ពីរ៉ូមីយ៉ា​ រដ្ឋមន្ត្រីការបរទេស​សៀម​ នឹង​មក​ជួប​ សម្ដេច​ ហ៊ុន​ សែន​ ថ្ងៃ​ទី​ ២៥​-២៦​ មករា​ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ [នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ លោក​ កុយ​ គង់​]
  • មេក្លោង​ភេរវកម្ម​បង្កៃ​គ្រាប់បែក​ [នៅ​ទីក្រុង​ភ្នំពេញ​] ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ [នៅ​ប៉ោយប៉ែត​ – ពួកគេ​ទាំង​ពីរ​គឺជា​ប្ដី​ប្រពន្ធ​ ហើយ​ប៉ូលិស​បាន​និយាយ​ថា​ជនសង្ស័យ​ទាំងពីរ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រឿង​ផ្ទុះ​បំផ្លាញ​ស្តូប​អនុស្សាវរីយ៍​ កម្ពុជា​-វៀតណាម​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣២២​ ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • បើ​ដល់​អាយុ​ចូលនិវត្តន៍​ហើយ​នៅតែ​ឃុបឃិត​គ្នា​ពន្យារ​អាយុ​ទៀត​ គួរ​លុប​ច្បាប់​ចូលនិវត្តន៍​ចោល​ទៅ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៧៨​ ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សវនាការ​ជំនុំជម្រះក្ដី​ម្ដាយ​ និង​ កូន​ ជនជាតិ​ដាណឺម៉ាក​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ត្រូវ​លើក​ប្រកាស​ [ទៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៤៧​ ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រថយន្ត​ដឹក​ពោត​ជាន់​មីនតោន​ ស្លាប់​៣​ របួស​ធ្ងន់​ស្រាល​៦​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​ [ស្រុក​រតនៈមណ្ឌល​ ខេត្ត​បាត់ដំបង​]
  • សំលេង​ផ្ទុះ​កក្រើក​ក្រោយ​បន្ទប់​ធ្វើការ​នាយករដ្ឋមន្ត្រី​ [លោក​ អាប់ភីស៊ីត​ វាចាជីវ៉ា​ – ប៉ុន្តែ​មិន​បណ្ដាលឲ្យ​មាន​មនុស្ស​ត្រូវ​របួស​ឡើយ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦១​ ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម​] រ៉ូបឺត​ ប៉ឺទីត​ មិន​ទាន់​បោះបង់​ចោល​ការ​ទាមទារ​នាំ​ខ្លួន​ជនសង្ស័យ​ថ្មី​ ៦​នាក់​ [បើ​ទោះ​បី​ជា​សហ​ព្រះរាជអាជ្ញា​ខ្មែរ​នៃ​សាលាក្ដី​ខ្មែរក្រហម​ អ្នកស្រី​ ជា​ លាង​ បាន​ចេញ​សេចក្ដីប្រកាស​ជំទាស់​នឹង​ការ​ស្នើសុំ​នេះ​ក៏​ដោយ​] – ការ​កាត់ទោស​ [អតីត​មេ​គុក​ទួលស្លែង​] ឌុច​ ចាប់ផ្ដើម​នៅ​ ខែ​មីនា


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩០​ ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សហ​មេធាវី​បរទេស​របស់​ លោក​ នួន​ ជា​ ប្ដឹង​ពី​អំពើពុករលួយ​នៅ​តុលាការ​ខ្មែរក្រហម
  • ចំណូល​ប្រាក់​ពន្ធគយ​ឆ្នាំ​ ២០០៨​ បាន​ជាង​ ៦៩០​លាន​ដុល្លារ​ លើស​ផែនការ​ ៣០​ភាគរយ​ [គឺ​ធ្លាក់​ចុះ​ ៧,៥​%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០០៧​ – នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​គយ​ លោក​ ប៉ែន​ ស៊ីម៉ន​]
  • សត្វ​ផ្សោត​ញី​របួស​មួយ​ក្បាល​ អណ្ដែត​មក​ទើរ​ហើយ​ងាប់​នៅ​មុខ​វត្ត​ជ្រោយ​ថ្មី​ ខេត្ត​កំពង់ចាម


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៧១​ ថ្ងៃ​ សុក្រ​ ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប្រជារាស្ត្រ​ក្រីក្រ​ចំនួន​ ៥​ខេត្ត​ [ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​ឧត្ដរមានជ័យ​ ខេត្ត​ព្រះវិហារ​ និង​ ខេត្ត​ពោធិ៍សាត់​] ត្រូវ​ធនាគារ​ពិភពលោក​បង្កើន​លទ្ធភាព​ទទួល​សេវា​ទូរគមនាគមន៍​បាន​ល្អ​ប្រសើរ


វត្តភ្នំ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៨០០២​ ថ្ងៃ​ សុក្រ​-អាទិត្យ​ ទី​ ៩​-១១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • លោក​ កែប​ ជុតិមា​ គ្រោង​ចំណាយ​ ១០​លាន​ដុល្លារ​ សំរាប់​ភ្លើង​បំភ្លឺ​សាធារណៈ​នៅ​ក្រុងភ្នំពេញ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: