២០០៨​ ៖​ រោងចក្រ​៧៣​បិទ​, ៦៤​បើក​ថ្មី​, កម្មករ​អត់​ការ​ធ្វើ​២​ម៉ឺន​នាក់​, មាន​ការ​ធ្វើ​ថ្មី​១​ម៉ឺន​នាក់​ – ថ្ងៃ​ សៅរ៍​ ទី​ ១០​ មករា​ ២០០៩​

Posted on Saturday, 10 January 2009. Filed under: សប្ដាហ៍ទី ៥៣១ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣១

ការ​នាំចេញ​ធ្លាក់​ចុះ​ ២​ភាគរយ

ភ្នំពេញ​ ៖​ ឆ្នាំ​ ២០០៨​ កម្ពុជា​មាន​រោងចក្រ​កាត់​ដេរ​ចំនួន​៧៣​ បិទ​ទ្វារ​ ធ្វើឲ្យ​កម្មករ​ជិត​ ២​ម៉ឺន​៥​ពាន់​នាក់​ បាត់បង់​ការងារ​ ។​ ប៉ុន្តែ​ក៏​មាន​រោងចក្រ​កាត់​ដេរ​បើក​ដំណើរការ​ថ្មី​ចំនួន​៦៤​ ដែល​បាន​ស្រូប​យក​កម្មករ​ថ្មី​បាន​ចំនួន​ ១​ម៉ឺន​៣​ពាន់​នាក់​ ។​ រីឯ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ធ្លាក់​ចុះ​ ២​ភាគរយ​ ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ទូទៅ​ ។​ ការ​លំបាក​ចំពោះ​មុខ​អាច​នឹង​អូស​បន្លាយ​រយៈពេល​ពី​ ៣​ទៅ​៦​ខែ​ ខាងមុខ​បន្ត​ទៀត​ ប៉ុន្តែ​ក្រុម​មន្ត្រី​អះអាង​ថា​ ពុំ​បណ្ដោយឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​ធ្ងន់ធ្ងរ​ឡើយ​ ។

លោក​ វ៉ាន់​ ស៊ូអៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ព្រលប់​ថ្ងៃ​ទី​ ៧​ ខែ​ មករា​ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ថា​ មាន​រោងចក្រ​កាត់​ដេរ​ប្រមាណ​ជាង​៦០​ បាន​បិទ​ទ្វារ​ នៅ​ក្នុង​ឆ្នាំ​ ២០០៨​ បណ្ដាលឲ្យ​កម្មករ​ប្រមាណ​ ២​ម៉ឺន​៥​ពាន់​នាក់​ បាត់បង់​ការងារ​ ។​ ការ​នាំចេញ​សម្លៀលបំពាក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ បាន​ធ្លាក់​ចុះ​ ២​ភាគរយ​ ដែល​ពីមុន​លោក​ប៉ាន់ប្រមាណ​ថា​ អាច​ធ្លាក់​ចុះ​ពី​ ៥​ទៅ​៧​ភាគរយ​ ។​ ដូច្នេះ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ធ្វើឲ្យ​យើង​ប៉ះពាល់​តិច​បំផុត​ ។​ លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​អាច​ជួប​ការ​លំបាក​រយៈពេល​ពី​ ៣​ទៅ​៦​ខែ​ ហើយ​នៅ​ក្រោយ​ឆ្នាំ​ ២០១០​ យើង​អាច​មាន​សង្ឃឹម​ឡើងវិញ​ ។​ ជា​រៀងរាល់​ឆ្នាំ​ កម្ពុជា​មាន​កំណើន​លើ​វិស័យ​នេះ​ពី​ ១៥​ទៅ​២០​ភាគរយ​ ។

ដោយ​ឡែក​ លោក​ អ៊ុំ​ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​និយាយ​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៩​ ខែ​ មករា​ ថា​ ឆ្នាំ​ ២០០៨​ មាន​រោងចក្រ​កាត់​ដេរ​បិទ​ទ្វារ​ចំនួន​៧៣​រោងចក្រ​ បណ្ដាលឲ្យ​បាត់បង់​ការងារ​កម្មករ​ចំនួន​ ២៤.៣៩៧​នាក់​ ។​ ប៉ុន្តែ​ក្នុង​ឆ្នាំ​ដដែល​ មាន​រោងចក្រ​កាត់​ដេរ​បើក​ថ្មី​ចំនួន​៦៤​រោងចក្រ​ ដែល​បច្ចុប្បន្ន​ទទួល​បាន​កម្មករ​ចំនួន​ ១​ម៉ឺន​៣​ពាន់​នាក់​ ។​ កម្មករ​អាច​នឹង​កើន​ឡើង​ថែមទៀត​ ព្រោះ​រោងចក្រ​បើក​ថ្មី​ជា​រោងចក្រ​ធំ​ៗ​នៅ​ជាយ​ក្រុង​ ។​ ដូច្នេះ​កម្មករ​ដែល​ឈប់​ពី​រោងចក្រ​បិទ​ បាន​បន្ត​ទៅ​ធ្វើការ​នៅ​រោងចក្រ​ថ្មី​ ហើយ​សុទ្ធ​សឹង​ជា​កម្មករ​មាន​ជំនាញ​ធ្លាប់​ធ្វើការ​យូរ​ឆ្នាំ​ ។​ រីឯ​កម្មករ​មួយ​ចំនួន​បាន​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​តំបន់​ពិសេស​ដែល​នៅ​ជិត​ស្រុក​កំណើត​របស់​គាត់​ ដូចជា​នៅ​ខេត្ត​ស្វាយរៀង​ និង​ តំបន់​ដទៃ​ទៀត​ ។

មូលហេតុ​នៃ​ការ​ល្អៀង​តួលេខ​រោងចក្រ​ត្រូវ​បិទ​ទ្វារ​ គឺ​មកពី​រោងចក្រ​មួយ​ចំនួន​ដែល​បិទ​ទ្វារ​មិន​ស្ថិតនៅ​ជា​សមាជិក​ GMAC​ ។

លោក​ អ៊ុំ​ មាន​ មាន​ប្រសាសន៍​បន្ត​ថា​ កម្មករ​ជាង​២​ម៉ឺន​នាក់​ គាត់​នឹង​ទៅ​រក​ការងារ​ធ្វើ​នៅ​រោងចក្រ​ថ្មី​ ។​ ខណៈ​ពេល​ពិភពលោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ដូចជា​នៅ​ប្រទេស​ធំ​ៗ​ សហរដ្ឋអាមេរិក​ និង​ ទ្វីប​អឺរ៉ុប​ បាន​ជះ​ឥទ្ធិពល​មក​កម្ពុជា​ដែរ​ ហើយ​ប្រទេស​ទាំងនោះ​ជា​ប្រទេស​ទីផ្សារ​នាំ​សម្លៀកបំពាក់​ពី​ប្រទេស​កម្ពុជា​ ។​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​ទាំងនោះ​ជួប​ការ​លំបាក​ គេ​នឹង​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ​ ហើយ​ប៉ះពាល់​ដល់​ទីផ្សារ​ការ​បញ្ជា​ទិញ​របស់​យើង​ដែរ​ ប៉ុន្តែ​យើង​មិន​រង​ផល​ប៉ះពាល់​ធំធេង​នោះ​ទេ​ ព្រោះ​ប្រទេស​កម្ពុជា​យក​ខឿន​សេដ្ឋកិច្ច​កសិកម្ម​ជា​មូលដ្ឋាន​ ទោះបី​បញ្ហា​ប្រេង​ពីមុន​ឡើង​ថ្លៃ​ ហើយ​ទំនិញ​បាន​ឡើង​ទៅ​តាម​តម្លៃ​ទីផ្សារ​ និង​ តម្រូវការ​ ។

ក្នុងនាម​ក្រសួងមានសមត្ថកិច្ច​ដែល​តាមដាន​ពី​លក្ខខណ្ឌ​ការងារ​ លោក​ អ៊ុំ​ មាន​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ដែល​ជះ​ឥទ្ធិពល​ទៅវិញទៅមក​ ហើយ​ប្រទេស​កម្ពុជា​មាន​សម្លៀកបំពាក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែរ​នោះ​ ក៏​មាន​កង្វល់​ដែរ​ រួម​ទាំង​រាជរដ្ឋាភិបាល​ និង​ កម្មករ​និយោជិក​ ។​ យើង​ត្រូវ​រួមគ្នា​ខិតខំ​ និង​ អត់ធ្មត់​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​រោងចក្រ​យើង​បាន​រស់​ និង​ មាន​ស្ថេរ​ភាព​ ជីវភាព​ និង​ ការអភិវឌ្ឍន៍​ ព្រោះ​អន្តរជាតិ​គេ​ទទួលស្គាល់​ថា​ លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​លក្ខខណ្ឌ​អាច​ទទួលយក​បាន​ និង​ មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ ។​ នៅ​ពេល​យើង​នាំ​ទំនិញ​ចេញ​ ហើយ​ដាក់​ឈ្មោះ​ “កម្ពុជា​” គឺ​នៅ​អឺរ៉ុប​ក្ដី​ នៅ​ស.ហ.រ​ក្ដី​ គេ​តែងតែ​ទទួល​ទិញ​ ព្រោះ​គេ​យល់​ថា​ ជា​ទំនិញ​ល្អ​បរិសុទ្ធ​ ដោយ​កម្មករ​ ពលករ​យើង​ទទួល​បាន​អត្ថប្រយោជន៍​គ្រប់គ្រាន់​ ។​ យើង​ត្រូវ​បន្ត​រក្សា​កេរ្តិ៍​ឈ្មោះ​នេះ​បន្ត​ទៀត​ និង​ រក្សា​ស្ថិរភាព​ឲ្យ​បាន​ល្អ​ ។

លោក​រដ្ឋលេខាធិការ​ក៏​មិន​បាន​ហាមឃាត់​ការ​តវ៉ា​ ឬ​ ទាមទារ​របស់​កម្មករ​ឡើយ​ ប៉ុន្តែ​ធ្វើ​អ្វី​ៗ​ត្រូវ​មាន​គតិ​បណ្ឌិត​ ។​ ចៀសវាង​ធ្វើ​អ្វី​ដែល​មិន​សម​ប្រកប​ និង​ ប៉ះពាល់​ដល់​ផលប្រយោជន៍​ទាំងអស់​គ្នា​ ។​ ព្រោះ​នៅ​ពេល​រោងចក្រ​បិទ​ទ្វារ​ គឺ​ប៉ះពាល់​ទាំង​កម្មករ​ និយោជក​ក៏​បាត់បង់​ផលប្រយោជន៍​ ទោះបី​រោងចក្រ​នេះ​ជា​របស់​ថៅកែ​មែន​ ប៉ុន្តែ​វា​ជា​ឆ្នាំងបាយ​រួម​ទាំងអស់​គ្នា​ ។

ទាក់ទិន​បញ្ហា​ខាងលើ​នេះ​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៩​មករា​ នេះ​ថា​ ឆ្នាំ​ ២០០៨​ នេះ​ លោក​មាន​តួលេខ​មួយ​ គឺ​ក្នុង​មួយ​ខែ​៣​ ដល់​ ៥​ ឆ្នាំ​ ២០០៨​ មាន​កម្មករ​លាឈប់​ពី​ការងារ​តែម្ដង​ចំនួន​ ២​ម៉ឺន​៧​ពាន់​នាក់​ ក្នុង​នោះ​រោងចក្រ​ដែល​បាន​បិទ​ទ្វារ​មាន​ចំនួន​ ២៦​រោងចក្រ​ ។

ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០០៨​ នេះ​ មាន​រោងចក្រ​បិទ​ទ្វារ​ទូទៅ​មាន​ ៣៧​រោងចក្រ​ ហើយ​ការ​បិទ​ទ្វារ​មិនមែន​មកពី​ក្ស័យធន​ទេ​ គឺ​បិទ​ទ្វារ​ដោយសារ​ក្រុមហ៊ុន​រើ​ទីតាំង​ពី​ទីក្រុង​ទៅ​ជាយ​ខេត្ត​ ហើយ​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​ ។​ ករណី​មួយ​ទៀត​ លោក​ថៅកែ​ចាញ់​ល្បែង​ ហើយ​ករណី​មួយ​ទៀត​ គឺ​បន្ទាប់ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ គឺ​មាន​ការ​ប៉ះពាល់​ដល់​រោងចក្រ​ដែល​ជា​ជនជាតិ​កូរ៉េ​ ដូចជា​រោងចក្រ​វូស៊ូ​ រោងចក្រ​ឆានតិឆាយ​ ព្យួរ​ការងារ​ រោងចក្រ​ខេមបូហេនស៊ែរ​ ព្យួរ​ការងារ​ រោងចក្រ​តាយ​ ព្យួរ​ការងារ​ ។​លោក​ពិនិត្យ​ឃើញ​ថា​ រោងចក្រ​ខ្លះ​មាន​លក្ខណៈ​ព្យួរ​ការងារ​សិន​ទេ​ រយៈពេល​ ២​-៣​ខែ​ ដូចនេះ​កម្មករ​មិន​រង់ចាំ​ទេ​ គឺ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ផ្សេង​ ។

លោក​ ជា​ មុនី​ បាន​ថ្លែង​ទៀត​ថា​ ខណៈ​ពេល​កម្មករ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ យើង​នឹង​ជួយ​ពួកគាត់​ទៅ​តាម​ផ្លូវ​ច្បាប់​ ។​ នៅ​ពេល​រោងចក្រ​បិទ​ទ្វារ​ ត្រូវ​ទូទាត់​ប្រាក់​តាម​ផ្លូវ​ច្បាប់​ ប៉ុន្តែ​ក្នុង​លក្ខណៈ​ប្រធាន​ស័ក្ដិ​ យើង​មិន​ទាមទារ​គាត់​អ្វី​ទាំងអស់​ ។​ រាជរដ្ឋាភិបាល​ទទួលខុសត្រូវ​ទាំងស្រុង​ ការ​បាត់បង់​ការងារ​កម្មករ​ ។​ កម្មករ​មួយ​ចំនួន​ងាក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ហើយ​យើង​ជួយ​កម្មករ​តាម​ផ្លូវ​ច្បាប់​ដើម្បី​រក្សា​ពលករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិតស្ថេរ​ ។

លោក​ វ៉ាន់​ ស៊ូអៀង​ បាន​ថ្លែង​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ពេញ​អង្គ​ក្រុមប្រឹក្សា​លើក​ទី​២៦​ របស់​សហព័ន្ធ​ឧស្សាហកម្ម​កាត់​ដេរ​អាស៊ាន​ នៅ​ថ្ងៃ​ទី​ ៧​មករា​ ថា​ អ្នកបញ្ជា​ទិញ​ត្រឹម​ខែ​២​ និង​ ខែ​៣​ ឆ្នាំ​ ២០០៩​ នេះ​ ហើយ​នៅ​ខែ​៥​ ខែ​៦​ អត់​ទាន់​មាន​ការ​បញ្ជា​ទិញ​ ។​ អ្នកបញ្ជា​ទិញ​ឲ្យ​តម្លៃ​ត្រឹម​ ៣​ដុល្លារ​ ក្នុង​អាវ​មួយ​ ដែល​ពីមុន​តម្លៃ​៤​ដុល្លារ​ ។​ ចំណែក​រោងចក្រ​ធំ​ៗ​ គេ​សុខចិត្ត​ខាត​ ២​ ឬ​ ៣​ខែ​ ប៉ុន្តែ​ចាប់ពី​ខែ​៥​ ឬ​ ខែ​៦​ទៅ​ ត្រូវ​ឲ្យ​តម្លៃ​ ៤​ដុល្លារ​វិញ​ ។​ ចំណែក​រោងចក្រ​តូច​ៗ​អាច​ត្រូវ​បិទ​ទ្វារ​ ព្រោះ​មិន​អាច​ចំណាយ​ខាត​បាន​ ។

ទាក់ទិន​បញ្ហា​នេះ​ លោក​ ជា​ មុនី​ បាន​ឯកភាព​ទៅ​នឹង​ប្រសាសន៍​ លោក​ វ៉ាន់​ ស៊ូអៀង​ ដែល​ថ្លែង​ថា​ រោងចក្រ​ធំ​ៗ​អាច​ប៉ះពាល់​តិច​ ហើយ​រោងចក្រ​តូច​ៗ​ប៉ះពាល់​ខ្លាំង​អាច​បិទ​ទ្វារ​ ព្រោះ​រោងចក្រ​តូច​ស៊ីឈ្នួល​ដេរ​ឲ្យ​រោងចក្រ​ធំ​ ។​ ចំណែក​ការ​បញ្ជា​ទិញ​ពី​ផ្សារ​អន្តរជាតិ​ថា​គេ​បញ្ចុះ​តម្លៃ​នោះ​ លោក​មិន​ឯកភាព​ទេ​ ព្រោះ​ការ​បញ្ជា​ទិញ​មាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​ ។​ លោក​ ជា​ មុនី​ បាន​ស្នើសុំ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី​ មេត្តា​ចាត់វិធានការ​មួយ​ចំនួន​ដល់​មន្ត្រី​ក្រសួង​ការងារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ និង​ ការ​មិន​គោរព​ច្បាប់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​ ។​ ទន្ទឹម​នោះ​ លោក​ក៏​សុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​ កម្មការិនី​ ដែល​មាន​ប្រាក់បៀវត្សរ៍​ទាប​ ។

លោក​ វង្ស​ សុវណ្ណ​ ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​ ៩​មករា​ ថា​ លោក​សម្ដែង​ការ​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​ការ​បិទ​រោងចក្រ​ជាបន្តបន្ទាប់​ ហើយ​ការ​បញ្ជា​ទិញ​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​ ឆ្នាំ​ ២០០៨​ មាន​រោងចក្រ​តូច​ៗ​ប៉ុណ្ណោះ​ដែល​បិទ​ទ្វារ​ ដែល​មាន​កម្មករ​ ២០០​ ឬ​ ៣០០​នាក់​ ប៉ុណ្ណោះ​ ។​ រោងចក្រ​ខ្លះ​បិទ​នៅ​ក្នុង​ក្រុង​ តែ​ទៅ​បើក​នៅ​ជាយ​ក្រុង​ ។​ រោងចក្រ​ដែល​បើក​ដំណើរការ​ថ្មី​ៗ​នេះ​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​សម្រាប់​បម្រើការ​ក្នុង​រោងចក្រ​ ។

លោក​ វង្ស​ សុវណ្ណ​ ថ្លែង​បន្ត​ថា​ សហជីព​របស់​លោក​នឹង​ជំរុញ​ផ្ដល់​ព័ត៌មាន​អប់រំ​ផ្នែក​សេដ្ឋកិច្ច​ទូលំទូលាយ​បាន​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ ហើយ​អ្វី​ដែល​បង្ក​ជា​បាតុកម្ម​ ឬ​ កូដកម្ម​ យើង​នឹង​ព្យាយាម​ពន្យល់​កម្មករ​អត់ធ្មត់​ ដោះស្រាយ​បញ្ហា​តាម​ការ​ចរចា​ ។​ ជា​លទ្ធផល​ នៅ​ចុង​ឆ្នាំ​ ២០០៨​ នេះ​ កូដ​កម្មករ​បាតុកម្ម​របស់​កម្មករ​មាន​ការ​ថយ​ចុះ​ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ កម្មករ​កាន់តែ​មាន​ការ​យល់ដឹង​ ។

លោក​ សោម​ អូន​ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៩​មករា​ នេះ​ ដែរ​ថា​ តាម​តួលេខ​នៅ​ឆ្នាំ​ ២០០៨​ មាន​រោងចក្រ​បើក​ថ្មី​ចំនួន​៦៤​ និង​ រោងចក្រ​ចំនួន​៧៣​ បាន​បិទ​ទ្វារ​ ដោយ​រាប់​ចូល​ទាំង​រោងចក្រ​ដេរ​ស៊ីឈ្នួល​គេ​ និង​ ខ្លះ​រូបភាព​សិប្បកម្ម​ផង​ ។​ ចំណែក​រោងចក្រ​ដែល​នាំចេញ​សម្លៀកបំពាក់​ដោយ​ខ្លួនឯង​ មាន​ប្រហែល​២០​រោងចក្រ​ប៉ុណ្ណោះ​ ។​ តួលេខ​របស់​ GMAC​ និង​ តួលេខ​របស់​ក្រសួង​ការងារ​មិន​សូវ​ស៊ី​គ្នា​ទេ​ ហើយ​ GMAC​ ពុំ​បាន​បង្ហាញ​ពី​តួលេខ​រោងចក្រ​ដែល​បើក​ថ្មី​នោះ​ទេ​ ។​ រោងចក្រ​បើក​ និង​ បិទ​ បើ​ប្រៀបធៀប​ឆ្នាំ​ ២០០៧​ ប្រហែល​គ្នា​ ។​ ចំពោះ​កម្មករ​ដែល​បាត់បង់​ការងារ​ ពួកគាត់​បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ​ផ្សេង​ទៀត​ ដូច្នេះ​ពុំ​ទាន់​មាន​កម្មករ​អត់​ការងារ​ធ្វើ​ច្រើន​នោះ​ទេ​ ។​ កម្មករ​មួយ​ចំនួន​ដែល​ឈប់​ពី​រោងចក្រ​មួយ​ចំនួន​ គាត់​ទៅ​ស្រុក​ជួយ​ច្រូតកាត់​ផល​ស្រូវ​ ។

លោក​ សោម​ អូន​ បញ្ជាក់​ទៀត​ថា​ រោងចក្រ​បើក​ថ្មី​មួយ​ចំនួន​កំពុង​ជួប​ការ​ខ្វះខាត​កម្លាំង​កម្មករ​ ។​ ជាក់ស្ដែង​មាន​រោងចក្រ​កាត់​ដេរ​ស្បែកជើង​មួយ​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ កំពុង​សុំ​ឲ្យ​លោក​ជួយ​រើស​កម្មករ​ដល់​ទៅ​ ២.០០០​នាក់​ឯណោះ​ ព្រោះ​រោងចក្រ​ស្បែកជើង​នោះ​បាន​ពង្រីក​អគារ​ដេរ​ធំ​មួយ​ទៀត​ ហើយ​កម្មករ​នៅ​ហូបបាយ​នៅ​ក្នុង​រោងចក្រ​តែម្ដង​ ។​ ចំពោះ​លោក​ផ្ទាល់​ ពុំ​មាន​ការ​បារម្ភ​ចំពោះ​កម្មករ​អត់​ការងារ​ធ្វើ​នោះ​ទេ​ ។​ ការ​បញ្ជា​ទិញ​ពី​ ស.ហ.រ​ និង​ អឺរ៉ុប​ យើង​នៅតែ​មាន​ ព្រោះ​កម្ពុជា​យើង​ជាប់​ជើងឯក​ខាង​ការ​គោរព​លក្ខខណ្ឌ​ការងារ​ល្អ​ជាងគេ​ បើ​ប្រៀបធៀប​ក្នុង​តំបន់​ ដោយ​យោង​តាម​របាយការណ៍​របស់​ ILO​ ។​ អ្នកបញ្ជា​ទិញ​អាមេរិក​គេ​រង់ចាំ​ប្រធានាធិបតី​ចូល​កាន់​តំណែង​នៅ​ពាក់កណ្ដាល​ខែ​នេះ​រួច​ គេ​នឹង​បញ្ជា​ទិញ​បន្ត​ទៀត​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩១​ ថ្ងៃ​ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩
២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០៥​ ថ្ងៃ​ សៅរ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ស្ពាន​អ្នកលឿង​ និង​ ជំនួយ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម​ ជា​របៀប​វារៈ​សំខាន់​នៃ​ដំណើរការ​ទស្សនកិច្ច​រដ្ឋមន្ត្រីការបរទេស​ជប៉ុន
  • មិន​ទាន់​រក​ឃើញ​មន្ត្រី​ឧទ្យាន​ជាតិ​ [វរជ័យ​] ដែល​វង្វេង​ក្នុង​ព្រៃ​ នៅ​ខេត្ត​រតនគិរី​នៅឡើយ​ទេ​ [តាំង​ពី​ពេល​ពួក​ចុះ​បំពេញ​បេសកម្ម​បង្ក្រាប​បទល្មើស​ព្រៃឈើ​កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​]
  • ក្រសួងផែនការ​ចាប់ផ្ដើម​ធ្វើ​អត្តសញ្ញាណកម្ម​លើ​គ្រួសារ​ក្រីក្រ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤៣​ ថ្ងៃ​ សៅរ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ខ្មែរ​កម្ពុជា​ក្រោម​ [ទាំង​នៅ​កម្ពុជា​ និង​ នៅ​វៀតណាម​] គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​សេរីភាព​ ទោះជា​មាន​ការ​ហាមឃាត់​ [ពី​សំណាក់​អាជ្ញាធរ​]
  • UN កុមារ​ប៉ាឡេស្ទីន​ ២៥៧​នាក់​ ស្លាប់​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣២៣​ ថ្ងៃ​ សៅរ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​] សឺន​ ស៊ូប៊ែរ្តិ៍​ ៖​ សណ្ឋាគារ​រណសិរ្ស​ជា​ផ្នែក​មួយ​នៃ​ស្ថាបត្យកម្ម​ក្នុង​សម័យ​អាណានិគមនិយម​បារាំង​ ដែល​គួរតែ​រក្សា​ទុក


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៧៩​ ថ្ងៃ​ សៅរ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អង្គ​ជំនុំជម្រះ​តុលាការ​កម្ពុជា​ សោកស្ដាយ​បណ្ដឹង​ពុករលួយ​របស់​សហ​មេធាវី​ នួន​ ជា​ ទៅ​តុលាការ​ក្រុង​ [យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៤៨​ ថ្ងៃ​ សៅរ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សមត្ថកិច្ច​បង្ក្រាប​ថ្នាំញៀន​ជាង​ ២​ម៉ឺន​គ្រាប់​ នាំចូល​ពី​ប្រទេស​ឡាវ​ [និង​បុរស​ម្នាក់​ – ខេត្ត​ស្ទឹងត្រែង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦២​ ថ្ងៃ​ សៅរ៍​ ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​] ប៉ែន​ សុវណ្ណ​ ចោទ​ ហ៊ុន​ សែន​ ថា​បាន​រំលោភ​អំណាច​អ្នកតំណាងរាស្ត្រ​ ក្នុង​ការ​ចែក​អំណោយ​ដល់​កងទ័ព​ នៅ​ប្រាសាទ​ព្រះវិហារ
  • សកម្មភាព​កាប់​ព្រៃ​រាន​យក​ដី​នៅ​ក្នុង​ខេត្ត​រតនគិរី​ រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ [នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ខេត្ត​រតនគិរី​]


កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩១​ ថ្ងៃ​ទី​ ១០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រោងចក្រ​៧៣​បិទ​, ៦៤​បើក​ថ្មី​, កម្មករ​អត់​ការ​ធ្វើ​២​ម៉ឺន​នាក់​, មាន​ការ​ធ្វើ​ថ្មី​១​ម៉ឺន​នាក់
  • តុលាការ​ក្រុង​ភ្នំពេញ​ទទួល​យក​បណ្ដឹង​ពី​សហ​មេធាវី​បរទេស​របស់​ លោក​ នួន​ ជា
  • កម្ពុជា​ទទួល​តំណែង​ជា​ប្រធាន​ AFTEX [the Asean Federation Of Textile Industries-កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហព័ន្ធ​វាយនភណ្ឌ​អាស៊ាន​ ដែល​​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៧​ មករា​ នៅ​សណ្ឋាគារ​ ឡឺរ៉ូយ៉ាល់​]!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: