តម្លើង​ឋានៈ​មន្ត្រី​យោធា​ជាង​ ៧០​នាក់​បន្ថែម​ទៀត​ ធ្វើឲ្យ​មាន​អតិផរណា​ស័ក្ដិ​កាន់តែ​ធ្ងន់ធ្ងរ​ – ថ្ងៃ​ សុក្រ​ ទី​ ១៦​ មករា​ ២០០៩​

Posted on Friday, 16 January 2009. Filed under: សប្ដាហ៍ទី ៥៣២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣២

កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​នេះ​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ឧត្ដមសេនីយ៍​មួយ​ក្រុម​ក្នុងចំណោម​ឧត្ដមសេនីយ៍​កងយោធពលខេមរភូមិន្ទ​ផ្កាយ​១​ នៅ​ឆ្នាំ​ ២០០៨​ មាន​មន្ត្រី​យោធា​ ៧០​នាក់​ ត្រូវ​បាន​តម្លើង​ឋានន្តរ​ស័ក្ដិ​ នៅ​ឯ​ពិធី​មួយ​ កាលពី​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ ។​ ទៀ​ បាញ់​ ដែល​បាន​លើកឡើង​អំពី​ការ​ប្រឈម​មុខ​ផ្នែក​យោធា​រយៈពេល​ ៦​ខែ​ នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​ជាមួយ​សៀម​នោះ​ បាន​អះអាង​ថា​ ឧត្ដមសេនីយ៍​មកពី​បណ្ដា​ខេត្ត​ទាំងអស់​ ត្រូវ​បាន​តម្លើង​ឋានន្តរ​ស័ក្ដិ​តាម​ការអនុវត្ត​ការងារ​របស់​ពួកគេ​ និង​ ជោគជ័យ​របស់​ពួកគេ​ ក្នុង​ការ​ការពារ​ប្រទេសជាតិ​ ។

ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដែល​មជ្ឈដ្ឋាន​ខ្លះ​រិះគន់​ថា​ពុំ​មាន​សារជាតិ​ជា​ខ្មែរ​នោះ​ បាន​ថ្លែង​ថា​ “យើង​មាន​ច្បាប់​តែងតាំង​មន្ត្រី​កងយោធពលខេមរភូមិន្ទ​ ពី​ថ្នាក់​ទាប​ ទៅ​ថ្នាក់​ខ្ពស់​ ហើយ​ការតែងតាំង​ក៏​យោង​តាម​តួនាទី​ពិសេស​របស់​ពួកគេ​នៅ​ក្នុង​យោធា​ផង​ដែរ​ និង​ នៅ​តាម​តំបន់​ជាក់លាក់​ណាមួយ​ដែល​មាន​ការ​ដាក់​ពង្រាយ​កងទ័ព​” ។​ ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បែបនេះ​ ក្រុម​អ្នក​តាមដាន​វិស័យ​ការពារ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​បាន​បញ្ចេញ​ប្រតិកម្ម​ទេ​ ប៉ុន្តែ​គេ​បាន​សម្ដែង​នូវ​ក្ដី​ព្រួយបារម្ភ​អំពី​អតិផរណា​ស័ក្ដិ​ឧត្ដមសេនីយ៍​ក្នុង​កងយោធពលខេមរភូមិន្ទ​ ព្រោះអី​បច្ចុប្បន្ន​មន្ត្រី​យោធា​ដែល​មាន​ស័ក្ដិ​ឧត្ដមសេនីយ៍​មាន​ចំនួន​គរ​ជើង​គ្នា​រួច​ទៅ​ហើយ​ ។

គួរ​រំលឹក​ដែរ​ថា​ កាលពី​ខែ​ មីនា​ ឆ្នាំ​ ២០០៦​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ បាន​អះអាង​ថា​ មាន​ឧត្ដមសេនីយ៍​កងយោធពលខេមរភូមិន្ទ​ចាប់ពី​ផ្កាយ​១​ ដល់​ ផ្កាយ​៤​ មាន​ចំនួន​ ៦១៣​នាក់​ ។​ ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​ កន្លងទៅ​នេះ​ ទៀ​ បាញ់​ មិន​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​មន្ត្រី​យោធា​ដែល​មាន​ស័ក្ដិ​ពី​ផ្កាយ​១​ ដល់​ ផ្កាយ​៤​ កើន​ឡើង​ដល់​ប៉ុន្មាន​រយ​នាក់​នោះ​ទេ​ ។​ រឿង​នេះ​កំពុង​ត្រូវ​បាន​អ្នក​តាមដាន​វិស័យ​ការពារ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ក្នុង​ខណៈ​ដែល​វិស័យ​ការពារ​ជាតិ​ក្នុង​ប្រទេស​នេះ​មាន​ការ​ធ្លាក់​ចុះ​គួរឲ្យ​ព្រួយបារម្ភ​ ។

តាម​តួលេខ​ឆ្នាំ​ ២០០៦​ បាន​ប៉ាន់ប្រមាណ​ថា​ ឧត្ដមសេនីយ៍​ផ្កាយ​១​ ក្នុង​ម្នាក់​ៗ​អាច​មាន​កូនទាហាន​នៅ​ក្រោម​បញ្ជា​តែ​ ១៧៩​នាក់​ប៉ុណ្ណោះ​ ក្នុងចំណោម​ទាហាន​ ១១​ម៉ឺន​នាក់​ នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ។​ រីឯ​យោង​តាម​តួលេខ​ឆ្នាំ​ ២០០៤​ ដែល​ចេញ​ផ្សាយ​តាម​វេបសាយ​របស់​អង្គការ​សន្តិសុខ​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ បើ​ប្រៀបធៀប​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​អាមេរិក​ មាន​ឧត្ដមសេនីយ៍​សរុប​ចំនួន​ ៨៧៦​នាក់​ ឬ​ ឧត្ដមសេនីយ៍​ម្នាក់​មាន​ពលទាហាន​នៅ​ក្នុង​បញ្ជី​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន​ ១.៣៤៧​នាក់​ ។​ រីឯ​អ្នកកាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សៀម​ និង​ មាន​ឯកទេស​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​ បាន​អះអាង​តាម​អ៊ីមែល​ កាលពី​ថ្ងៃ​ពុធ​ថា​ ឧត្ដមសេនីយ៍​ជាង​ ៦០​នាក់​ដែល​ត្រូវ​បាន​គេ​តម្លើង​ឋានន្តរ​ស័ក្ដិ​ក្នុង​កងយោធពលខេមរភូមិន្ទ​នោះ​ ហាក់បីដូចជា​មាន​ចំនួន​ច្រើន​ហួសហេតុ​ ក៏ប៉ុន្តែ​ការ​តម្លើង​ឋានន្តរ​ស័ក្ដិ​បែបនេះ​តែងតែ​មាន​ហេតុផល​នយោបាយ​ ។

ទោះជា​យ៉ាងណា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​ ការ​តម្លើង​ឋានន្តរ​ស័ក្ដិ​នេះ​គឺ​ផ្អែក​តាម​គុណសម្បត្តិ​ទាំងស្រុង​ មិនមែន​ជា​រឿង​នយោបាយ​ទេ​ ។​ ជាមួយ​គ្នា​នេះ​ សោម​ បុប្ផារ័ត្ន​ មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ប្រចាំ​ខេត្ត​ព្រះវិហារ​ បាន​អះអាង​ថា​ ខ្លួន​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មន្ត្រី​យោធា​ដែល​ត្រូវ​បាន​តម្លើង​ឋានន្តរ​ស័ក្ដិ​ ពី​វរសេនីយ៍ឯក​ ទៅជា​ឧត្ដមសេនីយ៍ត្រី​ ។​ មេបញ្ជាការ​យោធា​ខេត្ត​ព្រះវិហារ​រូប​នេះ​បាន​អះអាង​ថា​ “ខ្ញុំ​បាន​ទទួល​ឋានន្តរ​ស័ក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​១​ នេះ​បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើការ​អស់​រយៈពេល​៣០​ឆ្នាំ​ នៅ​ក្នុង​តួនាទី​របស់​ខ្ញុំ​ជា​កងយោធពលខេមរភូមិន្ទ​” ។

មេបញ្ជាការ​យោធា​ប្រចាំ​ខេត្ត​ព្រះវិហារ​រូប​នេះ​បាន​លើកឡើង​ទៀត​ថា​ ការ​តម្លើង​ឋានន្តរ​ស័ក្ដិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​រដ្ឋបាល​កងយោធពលខេមរភូមិន្ទ​ដែល​តម្រូវឲ្យ​មេបញ្ជាការ​តំបន់​ទាំងអស់​មាន​ឋានៈ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​៣​ និង​ មេបញ្ជាការ​ប្រចាំ​ខេត្ត​មាន​ឋានៈ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​១​ ។​ រីឯ​វរសេនីយ៍​ឯក​ នាក់​ វង្ស​ នាយអគ្គសេនាធិការ​ប្រចាំ​យោធភូមិភាគ​៤​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​តាមាន់​ តាម​ព្រំដែន​ខ្មែរ​-សៀម​ នោះ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​តម្លើង​ឋានន្តរ​ស័ក្ដិ​គឺ​ផ្អែក​តាម​ការងារ​ស្វិតស្វាញ​ និង​ បទពិសោធន៍​ការងារ​រយៈពេល​យូរ​នៅ​ក្នុង​ជួរ​កងទ័ព​ ។​ នាយអគ្គសេនាធិការ​យោធភូមិភាគ​៤​ រូប​នេះ​បាន​អះអាង​ថា​ “ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ជាង​១០​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ត្រូវ​បាន​តែងតាំង​ជា​ឧត្ដមសេនីយ៍​ទេ​ ខ្ញុំ​នៅតែ​ជា​វរសេនីយ៍ឯក​ដដែល​” ។

សូម​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ការ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ ២០០៩​ ដល់​ទៅ​ ១.៨០០​លាន​ដុល្លារ​នោះ​ គឺ​រដ្ឋាភិបាល​ ហ៊ុន​ សែន​ បាន​បង្កើន​ការ​ចំណាយ​យ៉ាង​ច្រើន​ទៅលើ​វិស័យ​ការពារ​ជាតិ​ផង​ដែរ​ ដើម្បីឲ្យ​វិស័យ​នេះ​មាន​ភាព​រីកចំរើន​ និង​ កាន់តែ​រឹងមាំ​ថែមទៀត​ ។​ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ក្រុម​អ្នក​តាមដាន​វិស័យ​ការពារ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា​ គឺ​ត្រូវតែ​លុបបំបាត់​អំពើពុករលួយ​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ និង​ នៅ​អគ្គបញ្ជាការ​កងទ័ព​ជាបន្ទាន់​ផង​ដែរ​ ។​ បើ​មិន​ដូច្នេះ​ទេ​ ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ពុំ​បាន​ទទួល​លទ្ធផល​ល្អ​ឡើយ​ ព្រោះអី​អំពើពុករលួយ​ក្នុង​ក្រសួង​ការពារ​ជាតិ​ និង​ ក្នុង​អគ្គបញ្ជាការ​កងទ័ព​នា​ពេល​កន្លងមក​ ស៊ីដាច់​តាំងពី​របប​មួក​ របប​ស្បែកជើង​ និង​ របប​សម្លៀកបំពាក់​របស់​នាយទាហាន​ និង​ ពលទាហាន​នៅ​ទូទាំង​ប្រទេស​ ។​ ដូច្នេះ​ការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​ការពារ​ជាតិ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដើម្បី​កុំឲ្យ​វិស័យ​នេះ​ចាញ់ប្រៀប​ប្រទេស​ជិតខាង​តទៅទៀត​ ។

មន្ត្រី​យោធា​ជើង​ចាស់​មួយ​ចំនួន​បាន​អះអាង​ថា​ ថ្វីត្បិតតែ​បច្ចុប្បន្ន​នេះ​ឧត្ដមសេនីយ៍​យោធា​នៃ​ប្រទេស​កម្ពុជា​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ​ ក៏​សមត្ថភាព​របស់​ពួកគេ​ហាក់​ដូចជា​នៅ​មាន​កម្រិត​ ។​ ពីព្រោះ​ការ​តម្លើង​ឋានន្តរ​ស័ក្ដិ​សម្រាប់​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​ជំនាញ​បទពិសោធន៍​ការងារ​ និង​ ការ​តស៊ូ​បំរើ​ជាតិ​ពិតប្រាកដ​ឡើយ​ ។​ ផ្ទុយទៅវិញ​ ពួកគេ​ទទួល​បាន​បុណ្យស័ក្ដិ​តាមរយៈ​ហេតុផល​នយោបាយ​ ដែល​បង្ក​ឲ្យ​មាន​អតិផរណា​ស័ក្ដិ​យ៉ាង​ធ្ងន់ធ្ងរ​ ធ្វើឲ្យ​ឋានៈ​របស់​ពួកគេ​ពុំ​មាន​តម្លៃ​ ហើយ​ផ្កាយ​នៅ​លើ​ស្មា​របស់​ពួកគេ​គ្រាន់តែ​ពាក់​ដើម្បី​លំអ​ខ្លួនប្រាណ​តែប៉ុណ្ណោះ​ ៕​ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦៧​ ថ្ងៃ​ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៥​ ថ្ងៃ​ សុក្រ​ – អាទិត្យ​ ទី​ ១៦​ – ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch) ចោទ​ថា​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០៧​ ថ្ងៃ​ សុក្រ​ – អង្គារ​ ទី​ ១៦​ – ២០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • អ៊ីស្រាអែល​កំពុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ – វិនិយោគ​នៅ​កម្ពុជា
  • ក្រុមហ៊ុន​ 7NG​ ទុក​ឱសានវាទ​ ៣​ថ្ងៃ​ ក្នុង​តម្លៃ​ ២​ម៉ឺន​ដុល្លារ​ [ដល់​គ្រួសារ​ដែល​មិន​ទាន់​ចាកចេញ​ពី​តំបន់​ដីក្រហម​] ថ្នូរ​នឹង​ការ​ចាកចេញ
  • កម្ពុជា​គ្រោង​បង្កើត​ការិយាល័យ​ទូរទស្សន៍​ [ទូរទស្សន៍​ជាតិ​កម្ពុជា​] នៅ​ប៉េកាំង​ [នេះ​បើ​​តាម​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក​ ខៀវ​ កាញារីទ្ធ​]
  • ស្ត្រី​ជនជាតិ​ដាណឺម៉ាក​ជាប់​គុក​ ១៥​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ ៣០​លាន​រៀល​ [ពី​បទ​ជួញដូរ​គ្រឿងញៀន​ – ភ្នំពេញ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៤៨​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ បង្ហាញ​ពី​សក្ដានុពល​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រាប់​វិនិយោគិន​គុយវ៉ែត​ [អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​គុយវ៉ែត​]
  • ឲ្យ​កូនស្រី​ [អាយុ​ ១០​ឆ្នាំ​] មក​ស៊ីឈ្នួល​គេ​នៅ​ភ្នំពេញ​ ដូច​ឲ្យ​គេ​ធ្វើបាប​ ទ្រាំ​លែង​បាន​រត់​ចេញពី​ផ្ទះ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ [ដោយសារ​នាង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ការងារច្រើន​ ​និងទទួល​រង​​ការ​ធ្វើបាប​ពី​ម្ចាស់​ផ្ទះ​ និង​ មិន​អាច​ទៅ​សាលា​រៀន​ដូច​ដែល​គេ​បាន​សន្យា​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​នាង​ នាង​បាន​លួច​រត់​ចេញ​ ហើយ​ចង់​ត្រឡប់​ទៅ​រក​ឪពុក​ម្ដាយ​របស់​នាង​នៅ​ស្រុកកំណើត​នៅ​ឯ​ខេត្ត​បាត់ដំបង​វិញ​]
  • សេដ្ឋកិច្ច​ប្រទេស​ចិន​បាន​ឈាន​ដល់​លំដាប់ថ្នាក់​លេខ​៣​ ក្នុង​ពិភពលោក​ [បន្ទាប់ពី​សហរដ្ឋអាមេរិក​ និង​ ជប៉ុន​ – រដ្ឋាភិបាល​ចិន​បាន​ប៉ាន់ស្មាន​ថា​ កំណើន​សេដ្ឋកិច្ច​ចំនួន​ ១១,៩​%​ ក្នុង​ឆ្នាំ​ ២០០៧​ អាច​ឡើង​ដល់​ ១៣​%​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៤​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • គណបក្ស​ សម​ រង្ស៊ី​-សិទ្ធិ​មនុស្ស​ ចង​សម្ព័ន្ធ​ភាព​គ្នា​បង្កើត​ចលនា​នយោបាយ​ប្រជាធិបតេយ្យ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៥៣​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សហ​ចៅក្រម​សាលាក្ដី​ខ្មែរក្រហម​ សំរេច​យក​ខែ​មីនា​ កាត់ទោស​ “ឌុច​” អតីត​មេ​គុក​ទួលស្លែង
  • ឪពុក​អប្រិយ​រំលោភ​កូនស្រី​ [អាយុ​ ១២​ឆ្នាំ​] ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​គ្រប់ខែ​ ត្រូវ​បាន​ចាប់ខ្លួន​ឲ្យ​តុលាការ​ [ខេត្ត​ព្រះវិហារ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៦៧​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • តម្លើង​ឋានៈ​មន្ត្រី​យោធា​ជាង​ ៧០​នាក់​បន្ថែម​ទៀត​ ធ្វើឲ្យ​មាន​អតិផរណា​ស័ក្ដិ​កាន់តែ​ធ្ងន់ធ្ងរ
  • តុលាការ​ក្រុងភ្នំពេញ​ចាប់ផ្ដើម​កោះហៅ​មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​មក​សាកសួរ​ពី​អំពើពុករលួយ


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤០៣​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ក្រសួងសុខាភិបាល​ស្វះស្វែង​ឲ្យ​មាន​ស្វយ័ត​ភាព​សំរាប់​មន្ទីរពេទ្យ​រដ្ឋ​ [នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ក្លាយទៅជា​ស្វយ័ត​ផ្នែក​ហិរញ្ញវត្ថុ​ ហើយ​សង្ឃឹម​ថា​នឹង​ផ្ដល់​នូវ​ការ​គាំពារ​សុខភាព​ប្រសើរ​ជាង​នេះ​ដល់​អ្នកជំងឺ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧៩៦​ ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ឥណ្ឌា​ស្នើ​ឲ្យ​កម្ពុជា​ផលិត​គ្រាប់ធញ្ញជាតិ​ដែល​អាច​នាំចូល​ទៅ​ឥណ្ឌា​ [នេះ​បើ​យោង​តាម​ជំនួប​រវាង​ លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ និង​ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ លោក​ រាជិត​ កុមារសាច់ដេវ៉ា​]
  • ឆ្នាំ​២០០៨​ ភ្ញៀវ​ទេសចរ​ខ្មែរ​ទៅលេង​ប្រទេសក្រៅ​ ថយ​ចុះ​ ២​សែន​នាក់​ [ជាមួយ​នឹង​ចំនួន​សរុប​ ៧៦០.០០០​នាក់​ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០០៧​ – គឺ​ដោយសារ​តម្លៃ​សំបុត្រ​យន្តហោះ​ថ្លៃ​ពេក​ ចំ​ពេល​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​កប់​ពពក​]
  • មនុស្ស​ជាង​ ១.០០០​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​តំបន់​ហ្កាហ្សា​ [តាំង​ពី​សង្គ្រាម​បាន​ចាប់ផ្ដើម​កាលពី​១៩​ថ្ងៃ​មុន​ – ដោយ​ក្នុង​នោះ​ ជាង​៣០០​នាក់​ជា​កុមារ​ និង​ ៧៦​នាក់​ជា​ស្ត្រី​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: