របាយការណ៍​បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​នៅតែ​លំបាក​រក​ការងារ​ធ្វើ​ – ថ្ងៃ​ សៅរ៍​ ទី​ ២៤​ មករា​ ២០០៩​

Posted on Saturday, 24 January 2009. Filed under: សប្ដាហ៍ទី ៥៣៣ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

រាជធានី​ភ្នំពេញ​ ៖​ របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យុវជន​កម្ពុជា​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ ហើយ​និយោជក​ក៏​មាន​ការ​លំបាក​ដូចគ្នា​ដែរ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​យុវជន​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​ ។ នា​ថ្ងៃ​ទី​ ២២​ មករា​ ២០០៩​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-ជប៉ុន​ (CJCC)​ សហព័ន្ធ​និយោជក​ និង​ សមាគម​ពាណិជ្ជកម្ម​កម្ពុជា​(

the Cambodian Federation of Employers & Business Associations – CAMFEBA) ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត​ ថា​ជា​អង្គការ​តំណាង​និយោជក​ក្នុង​ព្រះរាជាណាចក្រ​ ជាពិសេស​លើ​បញ្ហា​ការងារ​បាន​សហការ​ជាមួយ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​រៀបចំ​សិក្ខាសាលា​ជាតិ​សំរាប់​យុវជន​ លើ​ប្រធានបទ​ “យុវជន​ និង​ ការងារ​” ដើម្បី​ផ្សព្វផ្សាយ​ដល់​យុវជន​នូវ​របាយការណ៍​ស្រាវជ្រាវ​ដ៏​មាន​សារសំខាន់​មួយ​ស្ដី​អំពី​ការងារ​យុវជន​នៅ​កម្ពុជា​ ។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ លោក​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​យុវជន​ប្រមាណ​៤០០​នាក់​ ដែល​ជា​និស្សិត​មកពី​បណ្ដា​សាកលវិទ្យាល័យ​ និង​ សមាគម​យុវជន​នានា​ ។

របាយការណ៍​ដែល​ទទួល​បាន​ការឧបត្ថម្ភ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​នេះ​ បាន​បង្ហាញ​អំពី​ជំហាន​ដំបូង​ប្រកបដោយ​ភាព​ចាំបាច់​ក្នុង​ការ​លើក​កំពស់​ការ​យល់ដឹង​ និង​ កិច្ច​សន្ទនា​សង្គម​ អំពី​បញ្ហា​ដ៏​មាន​សារសំខាន់​បំផុត​ចំពោះ​អនាគត​របស់​កម្ពុជា​ ដែល​នោះ​គឺ​ភាព​មិន​ស៊ី​គ្នា​រវាង​ការ​ផ្គត់ផ្គង់​ និង​ តំរូវការ​ក្នុង​ទីផ្សារ​ការងារ​ ។

CAMFEBA​ បាន​ជួល​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ BDLINK​ ឲ្យ​អនុវត្ត​ការ​ស្ទង់មតិ​ដ៏​ធំ​មិន​ធ្លាប់​មាន​ជាមួយ​យុវជន​ និង​ និយោជក​ ស្ដីពី​ការ​លំបាក​ និង​ សេចក្ដី​រំពឹង​ទុក​របស់​ពួកគេ​ ពាក់ព័ន្ធ​នឹង​ជំនាញ​ និង​ ការងារ​យុវជន​ ។ ការសិក្សា​នេះ​ជា​ផ្នែក​មួយ​របស់​គំរោង​ការងារ​សំរាប់​យុវជន​ និង​ កិច្ច​សន្ទនា​សង្គម​របស់​សហព័ន្ធ​និយោជក​ និង​ សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ដែល​កំពុងតែ​មាន​ដំណើរការ​ ។ គំរោង​នេះ​ជា​ការ​ផ្ដួចផ្ដើម​រួមគ្នា​រវាង​ CAMFEBA​ និង​ ការិយាល័យ​ការងារ​និយោជក​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ក្នុង​ទីក្រុង​ហ្សឺណែវ​ នៅ​ក្រោម​គំរោង​កម្មវិធី​សន្ទនា​សង្គម​ ដែល​ទទួល​បាន​មូលនិធិ​ពី​រដ្ឋាភិបាល​ន័រវេសន៍​ ។ ដោយ​បាន​ចាប់ផ្ដើម​អនុវត្ត​ក្នុង​ខែ​ មិថុនា​ ឆ្នាំ​ ២០០៧​ គំរោង​នេះ​មាន​គោលបំណង​បង្កើត​ការងារ​សមរម្យ​ និង​ លើក​កំពស់​ឱកាស​រក​ប្រាក់ចំណូល​សំរាប់​យុវវ័យ​ តាមរយៈ​ការ​បន្ស៊ី​គ្នា​រវាង​ការ​ផ្គត់ផ្គង់​ និង​ តំរូវការ​ ការ​ជំនាញ​ក្នុង​ទីផ្សារ​ការងារ​ និង​ ការ​បង្កើត​ទំនាក់ទំនង​រវាង​ភ្នាក់ងារ​ពាក់ព័ន្ធ​ ដើម្បី​បង្ហាញ​អំពី​គោលនយោបាយ​ និង​ ការអភិវឌ្ឍន៍​ដល់​យុវជន​ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ គំរោង​នេះ​ផ្ដោត​លើ​ការ​បង្កើត​ និង​ សម្របសម្រួល​កិច្ច​សន្ទនា​សង្គម​ក្នុងចំណោម​សហជីព​ រាជរដ្ឋាភិបាល​ និង​ និយោជក​ ដោយ​ដោះស្រាយ​នូវ​ផល​លំបាក​ និង​ ក្ដី​បារម្ភ​ ដែល​ភ្នាក់ងារ​ត្រីភាគី​ទាំងនេះ​មាន​ចំណាប់អារម្មណ៍​ដូចគ្នា​ក្នុង​ការ​ដោះស្រាយ​ ។

យុវជន​ប្រហែល​ ២.២០០​នាក់​ និង​ និយោជក​ ២២០​នាក់​ ក្នុង​ខេត្ត​-ក្រុង​ចំនួន​៥​ រួមមាន​ ទីក្រុង​ភ្នំពេញ​ ខេត្ត​សៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កំពង់ចាម​ និង​ ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​ស្ទង់មតិ​ ។ ពួកគេ​ត្រូវ​បាន​សាកសួរ​អំពី​ទស្សនៈ​របស់​ពួកគេ​លើ​បញ្ហា​មួយ​ចំនួន​ ដូចជា​ ឱកាស​ទទួល​បាន​ការអប់រំ​ និង​ បណ្ដុះបណ្ដាល​គុណភាព​នៃ​ការអប់រំ​ និង​ បណ្ដុះបណ្ដាល​តំរូវការ​លើ​ការងារ​ បទពិសោធន៍​ស្វែងរក​ការងារ​ធ្វើ​ និង​ ប្រភេទ​នៃ​ជំនាញ​ដែល​គេ​ត្រូវការ​ក្នុង​ទីផ្សារ​ការងារ​ ។

យុវជន​ត្រូវ​ប្រឈម​នឹង​ការ​សំរេច​ចិត្ត​ដ៏​លំបាក​លើ​បញ្ហា​សំខាន់​ៗ​ក្នុង​ជីវិត​របស់​ពួកគេ​ ដូចជា​ធុរៈ​គ្រួសារ​ ការសិក្សា​ និង​ ការ​ជ្រើសរើស​ការងារ​ និង​ ការ​ចុះ​កម្មសិក្សា​ ឬ​ ឱកាស​ការងារ​ ។ ចំណុច​មួយ​ក្នុងចំណោម​ចំណុច​គន្លឹះ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ​គឺថា​ យុវជន​មាន​ការ​លំបាក​ក្នុង​ការ​សំរេច​ចិត្ត​ ពីព្រោះ​ពួកគេ​ពុំ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ ។

ជា​ឧទាហរណ៍​ ពេល​សំរេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ និស្សិត​ច្រើនជាង​ពីរ​ភាគ​បី​ ដែល​ត្រូវ​បាន​សាកសួរ​ គឺ​ពឹងផ្អែក​លើ​យោបល់​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ​ប៉ុណ្ណោះ​ ។ ព័ត៌មាន​ដែល​ផ្ដល់​ដោយ​សាលារៀន​ ឬ​ គ្រូបង្រៀន​ ឬ​ ការ​យល់ដឹង​ដោយ​ខ្លួនឯង​ពី​ទីផ្សារ​ការងារ​ គឺ​មិនមែន​ជា​កត្តា​ដែល​មាន​ឥទ្ធិពល​ចំពោះ​ការ​សំរេច​ចិត្ត​របស់​ពួកគេ​ទេ​ ។ ដូចគ្នា​នេះ​ដែរ​ និស្សិត​ត្រឹមតែ​៣៣​ភាគរយ​ នៃ​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​ និង​ គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ជ្រើសរើស​មុខជំនាញ​សិក្សា​ដោយ​ផ្អែកលើ​ការ​យល់ឃើញ​របស់​ពួកគេ​លើ​តម្រូវការ​ជំនាញ​ទាំងនោះ​នៅ​ក្នុង​ទីផ្សារ​ការងារ​ ។

ការ​រក​ឃើញ​ទាំងនេះ​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​ដែល​ភ្នាក់ងារ​រដ្ឋាភិបាល​ គ្រឹះស្ថាន​អប់រំ​ សមាគម​និយោជក​ សហជីព​ និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ត្រូវ​ស្វែងរក​មធ្យោបាយ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដល់​ការសិក្សា​ និង​ ការ​ជ្រើសរើស​ការងារ​ធ្វើ​របស់​ពួកគេ​ ។

អ្វី​ដែល​ធ្វើឲ្យ​ការងារ​សិក្សា​នេះ​មាន​ភាព​ប្លែក​ពី​គេ​គឺថា​ ការសិក្សា​នេះ​បាន​សម្លឹង​មើល​បញ្ហា​ការងារ​យុវជន​ក្រោម​ទស្សនៈ​របស់​និយោជក​ ។ មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​គ្រប់​វិស័យ​សេដ្ឋកិច្ច​ ត្រូវ​បាន​ស្ទាបស្ទង់​មតិ​អំពី​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ពី​យុវជន​ខ្មែរ​ ។

បើ​និយាយ​អំពី​តំរូវការ​អប់រំ​ ប្រហែលជា​៩៦​ភាគរយ​នៃ​និយោជក​ ទាមទារ​យុវជន​មួយ​ចំនួន​ដែល​មាន​ការអប់រំ​ខ្ពស់​ ពេល​ដែល​ពួកគេ​ត្រូវការ​បុគ្គលិក​អាជីព​ ហើយ​ ៧២​ភាគរយ​ទាមទារ​កំរិត​បរិញ្ញាបត្រ​ ឬ​ អនុ​បណ្ឌិត​ ។ តំរូវការ​នេះ​មាន​កំរិត​ខ្ពស់​ក្នុង​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ វិស័យ​សេវាកម្ម​ជំនាញ​ និង​ អាជីព​ ហើយ​តិច​បំផុត​ក្នុង​វិស័យ​សណ្ឋាគារ​ និង​ រោងចក្រ​ (បរិញ្ញាបត្រ​រង​ និង​ លិខិត​បញ្ជាក់​ជំនាញ​គឺ​គ្រប់គ្រាន់​) ។

ទាក់ទង​នឹង​ជំនាញ​ និយោជក​ជាច្រើន​លើកឡើង​ពី​ក្ដី​បារម្ភ​ថា​មាន​ចន្លោះ​ខ្វះខាត​ជំនាញ​ក្នុង​ទីផ្សារ​ការងារ​ ។ និយោជក​ត្រូវការ​កំលាំង​ពលកម្ម​ដែល​មាន​ជំនាញ​បច្ចេកទេស​ និង​ អាច​ធ្វើការ​បាន​ ដើម្បី​ជំរុញ​អាជីវកម្ម​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ​ទៅ​មុខ​ ប៉ុន្តែ​ជំនាញ​ទាំងអស់​នេះ​តែងតែ​មាន​ភាព​ខ្វះខាត​ ។ មានតែ​និយោជក​ត្រឹមតែ​ ១៣​ភាគរយ​ប៉ុណ្ណោះ​ ជឿជាក់​ថា​និស្សិត​បញ្ចប់​មហាវិទ្យាល័យ​មាន​ជំនាញ​ទាំងអស់​ ឬ​ ស្ទើរតែ​ទាំងអស់​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ​សំរាប់​ការងារ​ ។

ដូច​បង្ហាញ​តារាង​ខាងក្រោម​ និយោជក​ជាង​ពាក់កណ្ដាល​និយាយ​ថា​ វា​ជា​ការពិត​ណាស់​ក្នុង​ការ​ស្វែងរក​បុគ្គលិក​អាជីព​ប្រកបដោយ​ជំនាញ​សំរេច​ចិត្ត​ និង​ វិភាគ​ត្រឹមត្រូវ​ ។ នេះ​ជា​លទ្ធផល​គន្លឹះ​ក្នុង​ការ​ស្ទង់មតិ​នេះ​ ហើយ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​វិធីសាស្ត្រ​ដែល​និស្សិត​ត្រូវ​បាន​បណ្ដុះបណ្ដាល​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​សាលារៀន​ដល់​មហាវិទ្យាល័យ​ ៕ កាសែត​កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦០​ ថ្ងៃ​ទី​ ២៤​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋមន្ត្រីការបរទេស​ថៃ​ [លោក​ កាស៊ីត​ ភីរ៉ុមយ៉ា​] ហៅ​មន្ត្រី​ទូត​ខ្មែរ​នៅ​បាងកក​ហូប​បាយ​ថ្ងៃត្រង់​មួយ​ពេល​ មុន​នឹង​មក​ទស្សនកិច្ច​កម្ពុជា​ [ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​]
  • ក្នុង​ឆ្នាំ​ ២០០៨​ នៅ​ភ្នំពេញ​កើត​មាន​បទល្មើស​ ៣៥១​ករណី​ មាន​មនុស្ស​ស្លាប់​ ៦៣​នាក់​ [ជន​ល្មើស​១.០១២​នាក់​ ត្រូវ​បាន​ផ្ដន្ទាទោស​]
  • កម្មករ​ – ការិនី​រោងចក្រ​យ៉ុងវ៉ា​ នៅតែ​ធ្វើការ​តវ៉ា​ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ [ខេត្ត​ កណ្ដាល​]
  • ប៉ូលិស​ចរាចរ​ក្រុង​មាន​សង្ឃឹម​ឡើងវិញ​ហើយ​ ក្រោយពី​សាលាក្រុង​រក្សា​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ប្រចាំ​ខែ​ដូច​ដើម​ [ដោយ​ប៉ូលិស​ចរាចរ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ចំនួន​ ១០.០០០​រៀល​]
  • សង្គ្រាម​២២​ថ្ងៃ​ នៅ​ហ្កាហ្សា​ សម្លាប់​មនុស្ស​ ១.៣៣០​នាក់​ របួស​ ៥.៤៥០​នាក់​ [រី​ឯ​ដែល​អ៊ីស្រាអែល​មាន​ជនស៊ីវិល​ ៣​នាក់​ និង​ ទាហាន​ ១០​នាក់​ បាន​ស្លាប់​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣០​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២៤​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • មន្ត្រី​រដ្ឋាភិបាល​ ៖​ បដិសេធ​ការ​ចោទប្រកាន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ [អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​]
  • ថៅកែ​រោងចក្រ​យ៉ុងវ៉ា​យល់ព្រម​បើក​ប្រាក់បំណាច់​ប្រចាំ​ឆ្នាំ​ ៥០​ដុល្លារ​ ឲ្យ​កម្មករ​ តែ​សុំ​ជំពាក់​ [រហូតដល់​ខែ​កុម្ភៈ​ – នេះ​បើ​យោង​តាម​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ជា​ មុន្នី​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦០​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២៤​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • របាយការណ៍​បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​នៅតែ​លំបាក​រក​ការងារ​ធ្វើ
  • ចោរប្លន់​ពាក់​អាវ​ទាហាន​ [២​នាក់​] ចូល​ភ្ជង់​ប្លន់​អ្នក​លក់​មាស​ យក​អស់​គិត​ជា​ប្រាក់​ ៣​ម៉ឺន​ដុល្លារ​ [ប៉ូលីស​នៅ​មិន​ទាន់​រក​ឃើញ​ជន​ល្មើស​នៅ​ឡើយ​- ខេត្ត​សៀមរាប​]
  • ថ្ងៃ​ដំបូង​នៅ​សេតវិមាន​ លោក​ អូបាម៉ា​ ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច​ មជ្ឈិមបូព៌ា​ និង​ ហ្គង់តាណាម៉ូ​ [ដែល​ជា​ពន្ធនាការ​នៅ​ក្នុង​ប្រទេស​គុយបា​]
  • ឆ្នាំ​ ២០០៨​ ជន​ស៊ីវិល​ជិត​ ៤.០០០​នាក់​ ត្រូវ​ស្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន
  • គ្រោះ​មហន្តរាយ​ធម្មជាតិ​ឆ្នាំ​ ២០០៨​ ស្លាប់​ ២៣៥.៨១៦​នាក់​ [ក្នុងចំណោម​នោះ​ មាន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន​នៅ​ភូមា​ ចំនួន​ ១៣៨.៣៦៦​នាក់​, មនុស្ស​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ចិន​ ចំនួន​ ៨៧.៤៧៩​នាក់​ និង​ចំនួន​ដែល​នៅ​សល់​ត្រូវ​បាន​សម្លាប់​ដោយ​គ្រោះ​មហន្តរាយ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​ [ហ៊ុន​ សែន​] ចាត់​ទុក​ជំហរ​ថៃ​ទន់ភ្លន់​នៅ​ក្នុង​ជម្លោះ​ព្រំដែន
  • បញ្ជូន​តែ​មេការ​១៣​នាក់​ [ដែល​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​] ទៅ​តុលាការ​ ឯ​កម្មករ​ [នេសាទ​]ជិត​៣០០​ដោះ​លែង​ – កំពង់​ឆ្នាំង
  • រដ្ឋមន្ត្រី​សាធារណការ​ និង​ ដឹកជញ្ជូន​ [លោក​ ត្រាំ​ អ៊ីវតឹក​] ស្នើ​ជប៉ុន​ជំរុញ​ការសាងសង់​ស្ពាន​អ្នកលឿង
  • កូរ៉េ​ជា​ប្រទេស​ផ្ដល់​ការធានារ៉ាប់រង​ខ្ពស់​ចំពោះ​ពលករ​ [ដែល​មាន​ទឹកប្រាក់​ចំនួន​ ២០.០០០​ដុល្លារ​ បើ​ប្រៀបធៀប​ជាមួយ​ថៃ​មាន​ត្រឹមតែ​ ១.០០០​ដុល្លារ​ប៉ុណ្ណោះ​]
  • វិនិយោគិន​រដ្ឋ​អូហៃយ៉ូ​ [សហរដ្ឋអាមេរិក​] សិក្សា​ស្វែងយល់​ការ​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា
  • ពួក​អាវ​ក្រហម​ [ដែល​ប្រឆាំង​រដ្ឋាភិបាល​] ប្រកាស​មហា​បាតុកម្ម​ ថ្ងៃ​៣១​ មករា​ [ប្រទេស​ថៃ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: