ក្រុង​សិទ្ធិ​មនុស្ស​ថ្កោលទោស​អាជ្ញាធរ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ គ្រឿងចក្រ​ បំផ្លាញ​បណ្ដេញ​ប្រជាជន​ដី​ក្រហម​ ៖​ ថ្ងៃ​អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Monday, 26 January 2009. Filed under: Uncategorized |

អាជ្ញាធរ​ក្រុងភ្នំពេញ​ និង​ ក្រុមហ៊ុន​ 7NG​ បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ មាន​កងរាជអាវុធហត្ថ​ នគរបាល​ និង​ ក្រុម​កម្មករ​ស៊ីឈ្នួល​រាប់​រយ​នាក់​ រួម​ទាំង​គ្រឿងចក្រ​ បាន​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិមនុស្ស​ បណ្ដេញ​ក្រុម​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​ នៅ​តំបន់​ដី​ក្រហម​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដោយ​យកលេស​អនុវត្ត​តាម​សាលក្រម​ស្ថាពរ​របស់​តុលាការ​ ដើម្បី​យក​ដី​ប្រគល់ឲ្យ​ក្រុមហ៊ុន​ 7NG​ តែ​ក្រុម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​រាល់​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ និង​ ក្រុមហ៊ុន​នេះ​ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ រំលោភ​សិទ្ធិ​តាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ ពុំ​បាន​ទទួល​សំណង​សមរម្យ​ពីសំណាក់​ក្រុមហ៊ុន​ឡើយ​ ។

ប្រជាពលរដ្ឋ​ចំនួន​ ៩១​គ្រួសារ​ ដែល​មាន​លំនៅឋាន​ធំ​ៗ​នោះ​ គឺ​ពួកគាត់​ទាមទារ​តម្លៃ​ដី​លំនៅឋាន​របស់​ពួកគាត់​គឺ​ ១​ម៉ែត្រ​ការ៉េ​តម្លៃ​ ៥.០០០​ដុល្លារ​ ប៉ុន្តែ​ក្រុមហ៊ុន​ 7NG​ ពុំ​បាន​ចរចា​ទិញ​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ​ គឺ​បែរជា​ប្រើប្រាស់​សាលក្រម​ស្ថាពរ​របស់​តុលាការ​ស្ថាពរ​ក្នុង​បណ្ដេញ​ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​តំបន់​ដី​ក្រហម​ទាំង​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដោយ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ និង​ ក្រុម​កម្មករ​ស៊ីឈ្នួល​ តាំងតែពី​ម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ហើយ​ការ​បណ្ដេញ​ អនុវត្ត​នៅ​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដើម្បី​កុំឲ្យ​មាន​ការរិះគន់​ថា​អាជ្ញាធរ​រំលោភ​ច្បាប់​ ។

លោក​ ចាន់​ សាវេត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​ កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ ៣០០​នាក់​ និង​ កម្មករ​ស៊ីឈ្នួល​ប្រមាណ​ ២០០​នាក់​ បាន​ប្រើ​អំពើ​ហិង្សា​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៩១​គ្រួសារ​ នៅ​តំបន់​ដី​ក្រហម​ ក្រោម​លេស​អនុវត្ត​សាលក្រម​តុលាការ​ដែល​ចូល​ជា​ស្ថាពរ​ ។

លោក​ ចាន់​ សាវេត​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​ប្រើ​គ្រាប់បែកផ្សែង​បាញ់​ទៅលើ​ប្រជាពលរដ្ឋ​ កាលពី​វេលា​ម៉ោង​ ៦​ព្រឹក​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ហើយ​បន្ទាប់ពី​គ្រឿងចក្រ​អាប៊ុល​ និង​ កម្មករ​ស៊ីឈ្នួល​សំរុក​ចូល​ទៅ​វាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងនោះ​ ។

លោក​ ចាន់​ សាវេត​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ លោក​ ម៉ាន់​ ឈឿន​ អភិបាលរង​ក្រុងភ្នំពេញ​ បាន​ចេញ​មុខ​អះអាង​ជា​សាធារណៈ​ ថា​សាលាក្រុង​ភ្នំពេញ​ពុំ​បាន​ធ្វើឲ្យ​មាន​ការ​ខុសឆ្គង​ទេ​ គឺ​អនុវត្ត​ទៅ​តាម​ដីកា​សាលក្រម​ស្ថាពរ​របស់​តុលាការ​តែប៉ុណ្ណោះ​ ។

លោក​ ចាន់​ សាវេត​ បាន​ឲ្យដឹង​ទៀត​ថា​ លោក​ ម៉ាន់​ ឈឿន​ អភិបាល​ក្រុងភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ទាំងនេះ​នឹង​ត្រូវ​ឲ្យ​ទៅ​នៅ​ផ្ទះ​នៅ​បុរី​សន្តិភាព​II​ ទ្រនំ​ជ្រឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ដង្កោ​ ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ​ ពី​ក្រុងភ្នំពេញ​ ។ លោក​ ចាន់​ សាវេត​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ 7NG​ បាន​សាងសង់​ផ្ទះ​ ១.៤៦៥​ល្វែង​ ដើម្បី​ទុកបម្រុង​ឲ្យ​ប្រជាពលរដ្ឋ​ដី​ក្រហម​ ហើយ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១.៣៧១​គ្រួសារ​ បាន​យល់ព្រម​ទទួល​ផ្ទះល្វែង​ពី​ក្រុមហ៊ុន​ 7NG​ គឺ​នៅសល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៩០​គ្រួសារ​ប៉ុណ្ណោះ​ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទិញ​ដី​លំនៅឋាន​របស់​ពួកគាត់​តាម​តម្លៃ​ទីផ្សារ​ គឺ​មួយ​ម៉ែត្រ​ការ៉េ​តម្លៃ​ ៥.០០០​ដុល្លារ​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​សំណង​ឲ្យ​ប្រជាពលរដ្ឋ​មិន​បាន​មួយ​ភាគរយ​ឡើយ​ បែរជា​ប្រើ​តុលាការ​ និង​ កម្លាំង​ប្រដាប់​អាវុធ​ កម្មករ​ស៊ីឈ្នួល​ មក​បណ្ដេញ​ក្រុម​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ ។

លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ប្រជាពលរដ្ឋ​ ៩១​គ្រួសារ​ និង​ ប្រជាពលរដ្ឋ​ដែល​គ្មាន​លេខ​ផ្ទះ​ចំនួន​ ១៥២​គ្រួសារ​ ត្រូវ​បណ្ដេញ​ចេញ​ដោយ​ពុំ​មាន​សំណង​សមរម្យ​ឡើយ​ ។

លោក​ អំ​ សំអាត​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​អាជ្ញាធរ​ប្រដាប់​អាវុធ​ និង​ ពួក​កម្មករ​ស៊ីឈ្នួល​មក​លើ​ប្រជាពលរដ្ឋ​តំបន់​ដី​ក្រហម​ (២៤​ – មករា​ – ២០០៩​) នោះ​ គឺ​បណ្ដាលឲ្យ​ប្រជាពលរដ្ឋ​ ៥​នាក់​ របួស​ធ្ងន់​ និង​ ជាង​ ២០​នាក់​ផ្សេង​ទៀត​ ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ពុល​ផ្សែង​ពុល​ ដែល​អាជ្ញាធរ​បាញ់​ដាក់​ប្រជាពលរដ្ឋ​ដី​ក្រហម​ ។

លោក​បាន​បន្ត​ទៀត​ថា​ ជា​ការ​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​ សិទ្ធិ​តាំង​លំនៅឋាន​ដោយ​ពុំ​បាន​បង្ហាញ​ដីកា​សាលក្រម​ស្ថាពរ​របស់​តុលាការ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ទេ​ គឺ​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​ចេញ​តែម្ដង​ ។

លោក​ យ៉េង​ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​មាន​ប្រសាសន៍​ថា​ ជា​ការពិត​ទៅ​ មិន​គួរ​ឈាន​ដល់​ដំណាក់កាល​ហ្នឹង​ទេ​ ពីព្រោះ​ការ​ចរចា​បាន​ជោគជ័យ​ច្រើន​ ។ ប្រជាពលរដ្ឋ​ដែល​នៅ​ចុងក្រោយ​នេះ​ ក៏​គាត់​មាន​សុឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដែរ​ ដោយ​មិន​ចង់​ឲ្យ​រ៉ាំរ៉ៃ​បន្ត​ទៅទៀត​ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្រប​ច្បាប់​ ។ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ផ្ដល់​ដី​ហ្នឹង​ទៅ​ឲ្យ​គាត់​ជា​សម្បទាន​សង្គមកិច្ច​ ហើយ​ការ​ដោះស្រាយ​ត្រូវតែ​មាន​ការ​យល់ព្រម​ពី​ប្រជាពលរដ្ឋ​ ។

ជុំវិញ​បញ្ហា​នេះ​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ខាង​ក្រុមហ៊ុន​បាន​ទេ​ ៕ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩១​ ថ្ងៃ​ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

One Response to “ក្រុង​សិទ្ធិ​មនុស្ស​ថ្កោលទោស​អាជ្ញាធរ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ គ្រឿងចក្រ​ បំផ្លាញ​បណ្ដេញ​ប្រជាជន​ដី​ក្រហម​ ៖​ ថ្ងៃ​អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: