នាយទាហាន​ជាន់ខ្ពស់​ស្និទ្ធ​ កែ​ គឹមយ៉ាន​ ច្រើន​នាក់​ទៀត​ ប្រឈម​នឹង​ការ​ដកហូត​តំណែង​ ឧត្ដមសេនីយ៍​តាម​យោធភូមិភាគ​ និង​ កងពល​កំពុង​ជ្រួលច្របល់​ – ថ្ងៃ​ សៅរ៍​ ទី​ ៣១​ មករា​ ២០០៩

Posted on Saturday, 31 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

ថ្មី​ៗ​នេះ​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​បញ្ជាក់​ថា​ កងទ័ព​កម្ពុជា​មាន​សភាព​នឹងន​ធម្មតា​ ក្រោយពេល​មាន​ការផ្លាស់ប្ដូរ​អគ្គ​មេបញ្ជាការ​កងទ័ព​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ យ៉ាងណាក្ដី​ ។ ការ​អះអាង​របស់​ ទៀ​ បាញ់​ បែបនេះ​បាន​កើតឡើង​ក្រោយពេល​ នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​ដកចេញ​ពី​មុខតំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ក្នុង​ខណៈ​ដែល​បញ្ហា​ជម្លោះ​ព្រំដែន​ ខ្មែរ​ – សៀម​ នៅ​មិន​ទាន់​ដោះស្រាយ​ឲ្យ​បាន​ជ្រះស្រឡះ​ ហើយ​កងទ័ព​ខ្មែរ​ និង​ ទាហាន​សៀម​ឈ្លានពាន​ នៅតែ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​តានតឹង​នៅ​ឡើយ​ ។

នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អតីត​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ ជា​នាយសេនាធិការ​ចម្រុះ​ ត្រូវ​បាន​តែងតាំង​ជា​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ជំនួស​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ យ៉ាង​តក់ក្រហល់​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ។ ការផ្លាស់ប្ដូរ​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​នេះ​ បង្ក​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​នៅ​ក្នុង​ជួរ​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​មួយ​ចំនួន​តាម​ភូមិភាគ​ និង​ តាម​កងពល​ ដោយ​ភ័យខ្លាច​ថា​ពួកគេ​អាច​ត្រូវ​ដកហូត​មុខតំណែង​ជាបន្តបន្ទាប់​ ។ ជាពិសេស​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ កំពុងតែ​មាន​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​តួនាទី​ និង​ មុខតំណែង​របស់​ពួកគេ​ ។

ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រួយបារម្ភ​របស់​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ដូច​ខាងលើ​នេះ​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​បញ្ជាក់​ថា​ ពុំ​មាន​ការផ្លាស់ប្ដូរ​របៀប​នោះ​កើតឡើង​ទេ​ ។ រីឯ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​មួយ​រូប​ផ្សេង​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ក៏​បាន​និយាយ​ដែរ​ថា​ រហូតមកដល់​ពេលនេះ​រដ្ឋាភិបាល​ពុំ​មាន​គំរោងការ​ផ្លាស់ប្ដូរ​នាយទាហាន​ឡើយ​ ហើយ​កិច្ចប្រជុំ​កន្លងមក​ថ្មី​ៗ​នេះ​ និង​ របៀប​វារៈ​នៃ​កិច្ចប្រជុំ​កងទ័ព​ទៅ​មុខ​ទៀត​ ក៏​មិន​ឃើញ​លើកឡើង​អំពី​រឿង​ដោះដូរ​នោះ​ដែរ​ ។ ប៉ុន្តែ​ប្រភព​ក្រៅ​ផ្លូវការ​ខ្លះ​បាន​និយាយ​ថា​ អាច​មាន​ការផ្លាស់ប្ដូរ​តំណែង​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ជាច្រើន​នាក់​ទៀត​នា​ពេល​ខាងមុខ​ ជាពិសេស​នាយទាហាន​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ។

ទោះជា​យ៉ាងណា​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ បាន​តែងតាំង​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​រាប់​សិប​នាក់​ ជា​ទីប្រឹក្សា​របស់​ខ្លួន​ បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន​ ក្រោយពេល​ដក​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ។ ក្រុម​អ្នកវិភាគ​ស្ថានការណ៍​មួយ​ចំនួន​បាន​វាយតម្លៃ​ថា​ ការ​ដែល​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែងតាំង​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​រាប់​សិប​នាក់​ជា​ទីប្រឹក្សា​របស់​ខ្លួន​នោះ​ គឺជា​ការ​ខិតខំ​ប្រមូល​អំណាច​យោធា​ឲ្យ​បាន​រឹងមាំ​ ប៉ុន្តែ​អាច​ធ្វើឲ្យ​ខាតបង់​ថវិកា​ជាតិ​អស់​យ៉ាង​ច្រើន​ផង​ដែរ​ ។ ហេតុ​នេះ​ហើយ​ទើប​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​តាម​យោធភូមិភាគ​ និង​ តាម​កងពល​មួយ​ចំនួន​ មាន​ភាព​រំជើបរំជួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយពេល​ ហ៊ុន​ សែន​ ដកហូត​ កែ​ គឹមយ៉ាន​ ចេញពី​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​យ៉ាង​តក់ក្រហល់​ ។

តាម​ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ ក្នុង​ពេល​ដកហូត​តំណែង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នោះ​ គឺ​មាន​មន្ត្រី​ទាហាន​ ៥០៧​នាក់​ ត្រូវ​បាន​ដក​ចេញពី​កង​អង្គរក្ស​របស់​ ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ និង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​ ហើយ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​បន្ទាយ​របស់​ពួកគេ​វិញ​ ។ ក្នុងចំណោម​មន្ត្រី​ទាហាន​ដែល​ត្រូវ​ដក​ចេញពី​កង​អង្គរក្ស​ ជា​ ស៊ីម​ នោះ​ គឺ​មាន​ឧត្ដមសេនីយ៍​ត្រី​ ២​នាក់​ ហើយ​បច្ចុប្បន្ន​កម្លាំង​កង​អង្គរក្ស​សម្រាប់​ការពារ​ ជា​ ស៊ីម​ ត្រូវ​បាន​កាត់បន្ថយ​ឲ្យ​នៅ​ត្រឹមតែ​ចំនួន​ប្រហែល​ ១០០​នាក់​ប៉ុណ្ណោះ​ ។ ប្រការ​នេះ​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​ អន្តរជាតិ​ មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ព្រោះ​គេ​យល់​ថា​ជា​ល្បិច​របស់​ ហ៊ុន​ សែន​ ក្នុង​ការកាត់បន្ថយ​កម្លាំង​កង​អង្គរក្ស​ការពារ​ ជា​ ស៊ីម​ ទៅ​តាម​ឧបាយកល​ដែល​ ហ៊ុន​ សែន​ បាន​រៀបចំ​ទុក​ ។

ប្រតិកម្ម​នឹង​ករណី​ខាងលើ​នេះ​ នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ដែល​ទើប​តែងតាំង​ថ្មី​ បាន​អះអាង​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ មករា​ ថា​ ការផ្លាស់ប្ដូរ​កន្លែង​អង្គរក្ស​កងទ័ព​នេះ​មិនមែន​ជា​ផ្នែក​នៃ​ការ​ដកចេញ​ទេ​ ហើយ​ថា​ទាហាន​ទាំងនោះ​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​កន្លែង​រហូត​ទេ​ ។ នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “យើង​គ្រាន់តែ​នាំ​ពួកគេ​ត្រឡប់​ទៅ​ហ្វឹកហ្វឺន​ថែមទៀត​ប៉ុណ្ណោះ​” ។ អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​រូប​នេះ​បាន​បញ្ជាក់​ថា​ មាន​កម្លាំង​ ១០០​នាក់​ទៀត​ ដើម្បី​ការពារ​ ជា​ ស៊ីម​ ព្រោះអី​ ជា​ ស៊ីម​ ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​ ។ ដោយឡែក​ កាលពី​ថ្ងៃ​ពុធ​ ទី​ ២៨​ មករា​ ឆ្នាំ​ ២០០៩​ នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ព្យាយាម​ទប់ស្កាត់​ព័ត៌មាន​ចចាមអារ៉ាម​នៅ​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​អំពី​ការ​ដកហូត​តំណែង​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​ចំនួន​ថែមទៀត​ ក្រោយពេល​ដកហូត​តំណែង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ យ៉ាង​ទាន់ហន់​រួចមក​ ។

កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ អ្នកយកព័ត៌មាន​មិន​អាច​ទាក់ទង​ឧត្ដមសេនីយ៍​ ឈឿន​ ចន្ថន​ ប្រធាន​អង្គរក្ស​កងទ័ព​របស់​ ជា​ ស៊ីម​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ ។ ប៉ុន្តែ​នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ បាន​បញ្ជាក់​ថា​ ឧត្ដមសេនីយ៍​ ឈឿន​ ចន្ថន​ នឹង​មិន​ត្រូវ​បញ្ចុះ​ស័ក្ដិ​ ឬ​ ដកហូត​ចេញ​ទេ​ ។ រីឯ​វរសេនីយ៍ត្រី​ ហែម​ សាវី​ ជា​មន្ត្រី​ក្នុង​កង​អង្គរក្ស​របស់​ ជា​ ស៊ីម​ បាន​បញ្ជាក់​ថា​ បញ្ជា​សម្រាប់​នាយទាហាន​ចំនួន​ ៥០៧​នាក់​ ឲ្យ​វិលត្រឡប់​ទៅ​មូលដ្ឋាន​កងទ័ព​ជើងគោក​នៃ​កងពលតូច​លេខ​៧០​ បាន​កើតឡើង​កាលពី​ថ្ងៃ​អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ហើយ​នឹង​មាន​ការ​ដក​បន្ថែម​ទៀត​ ។ វរសេនីយ៍ត្រី​ ហែម​ សាវី​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “យើង​ត្រូវ​បាន​ដកចេញ​តាម​បញ្ជា​របស់​រដ្ឋាភិបាល​” ។

តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ព្រលយ​ពាក្យ​ថា​ មេទ័ព​ដែល​ស្និទ្ធ​ជាមួយ​ កែ​ គឹមយ៉ាន​ និង​ ស្និទ្ធ​ជាមួយ​ ជា​ ស៊ីម​ ប្រមាណ​ ១០​នាក់​ទៀត​ អាច​ត្រូវ​ប្រឈមមុខ​នឹង​ការ​ដកហូត​ពី​តំណែង​ ប្រសិនបើ​ពួកគេ​មិន​ងាក​ទៅ​គាំទ្រ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ដ៏​មាន​អំណាច​ទេ​នោះ​ ។ ទន្ទឹម​នឹង​នេះ​ ហ៊ុន​ សែន​ អាច​រៀបចំ​យុទ្ធសាស្ត្រ​ដកហូត​ ជា​ ស៊ីម​ ចេញពី​តំណែង​ប្រធាន​គណបក្ស​ប្រជាជន​ផង​ដែរ​ ព្រោះ​បច្ចុប្បន្ន​នេះ​ ហ៊ុន​ សែន​ បាន​ក្ដោបក្ដាប់​អំណាច​កងទ័ព​ទាំងស្រុង​ទៅ​ហើយ​ ។

អ្នក​តាមដាន​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ បាន​កត់សម្គាល់​ថា​ នៅ​មុន​ពេល​ដក​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ពី​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ គឺ​ ហ៊ុន​ សែន​ ក្ដោបក្ដាប់​អំណាច​រដ្ឋ​ប្រមាណ​ត្រឹមតែ​ ៦០​ភាគរយ​ប៉ុណ្ណោះ​ ។ ប៉ុន្តែ​នៅ​ក្រោយពេល​ដក​ កែ​ គឹមយ៉ាន​ ចេញពី​តំណែង​រួចមក​ គឺ​ ហ៊ុន​ សែន​ ក្ដោបក្ដាប់​អំណាច​រដ្ឋ​ ១០០​ភាគរយ​តែម្ដង​ ទោះបី​ ស​ ខេង​ កំពុង​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​យ៉ាងណាក្ដី​ ។ ហើយ​បើ​តាម​ពិនិត្យ​ជាក់ស្ដែង​ តំណែង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ ស​ ខេង​ ក៏​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​គួរឲ្យ​ព្រួយបារម្ភ​ដែរ​ ព្រោះ​ ហ៊ុន​ សែន​ អាច​ដកហូត​តំណែង​នេះ​បាន​គ្រប់ពេលវេលា​ ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​បាន​បញ្ជាក់​ថា​ បន្ទាប់ពី​ ហ៊ុន​ សែន​ បោសសំអាត​មេទាហាន​ មេ​ប៉ូលិស​ស្និទ្ធ​ជាមួយ​ ជា​ ស៊ីម​ រួចរាល់​ហើយ​ គឺ​ ហ៊ុន​ សែន​ អាច​រៀបចំ​សមាសភាព​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ថ្មី​ រួច​បង្ខំ​ឲ្យ​ ជា​ ស៊ីម​ ចុះចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ ហើយ​ខ្លួន​គាត់​ជា​អ្នក​ឡើង​ជំនួស​វិញ​ ។ មិនតែប៉ុណ្ណោះ​ ហ៊ុន​ សែន​ អាច​កាត់បន្ថយ​អំណាច​របស់​ សាយ​ ឈុំ​ អគ្គលេខាធិការ​បក្ស​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​ ដោយ​ឲ្យ​ សុខ​ អាន​ ដន្លង​របស់​គាត់​ជា​អ្នក​ជំនួស​ ។ រីឯ​តំណែង​របស់​ ស​ ខេង​ នោះ​ គឺ​ ហ៊ុន​ សែន​ ចង់​ដក​ម៉ោង​ណា​ក៏បាន​ដែរ​ ប៉ុន្តែ​ឥឡូវ​នេះ​បើ​ដក​ កែ​ គឹមយ៉ាន​ ហើយ​ដក​ ស​ ខេង​ ថែមទៀត​នោះ​ គឺ​អាច​ធ្វើឲ្យ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ជ្រួលច្របល់​ជាមិនខាន​ ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​បាន​អះអាង​ថា​ ឥឡូវនេះ​អំណាច​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ ត្រូវ​បាន​ ហ៊ុន​ សែន​ ក្ដោបក្ដាប់​ស្ទើរតែ​ទាំងស្រុង​ ហើយ​បើ​ ហ៊ុន​ សែន​ មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​ប្រធាន​គណបក្ស​ពិតមែន​នោះ​ គឺជា​រឿង​ងាយស្រួល​បំផុត​ ។ ពីព្រោះ​ថា​ ក្រោយពេល​ ហ៊ុន​ សែន​ សម្រេច​ដក​ កែ​ គឹមយ៉ាន​ ចេញពី​តំណែង​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ ហើយ​លើក​បន្តុប​ ប៉ុល​ សារឿន​ ជំនួស​រួចមក​ គឺ​មិន​ឃើញ​ក្រុម​ ជា​ ស៊ីម​ និង​ ស​ ខេង​ មាន​ប្រតិកម្ម​អ្វី​ទាំងអស់​ ហើយ​នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​ ទុកឲ្យ​ ហ៊ុន​ សែន​ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្ត​ ។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ បើ​ទោះបីជា​ ទៀ​ បាញ់​ អះអាង​ថា​ ផ្ទៃក្នុង​កងទ័ព​គ្មាន​អ្វី​ប្រែប្រួល​ក៏ដោយ​ ក៏​ព័ត៌មាន​ស្ដីពី​ការ​ដកហូត​តំណែង​នាយទាហាន​ស្និទ្ធ​នឹង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ជាបន្តបន្ទាប់​ ។ ការ​ទម្លាយ​ព័ត៌មាន​នេះ​បាន​ធ្វើឲ្យ​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​នៅ​តាម​ភូមិភាគ​ និង​ តាម​កងពល​នានា​ មាន​ការ​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​មុខតំណែង​របស់​ពួកគេ​ ។ មានន័យថា​ ការ​ដកហូត​តំណែង​ កែ​ គឹមយ៉ាន​ កំពុងតែ​ធ្វើឲ្យ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ ជាពិសេស​កំពុង​ធ្វើឲ្យ​ស្ថានភាព​ក្នុង​ជួរ​កងទ័ព​រំជើបរំជួល​យ៉ាង​ពេញ​បន្ទុក​ ដោយ​គ្មាន​អ្វី​អាច​ទប់ស្កាត់​បាន​ឡើយ​ ៕ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៥​ ថ្ងៃ​ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦១​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សាលា​ខណ្ឌ​ឫស្សីកែវ​ ចុះ​បណ្ដេញ​ផ្ទះ​ក្បូន​បណ្ដែត​ទឹក​ [ប្រមាណ​ ២០​ខ្នង​] នៅ​តាម​ច្រាំង​ទន្លេសាប​ [ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម​]
  • ចោរ​សមុទ្រ​សូម៉ាលី​ប្លន់​នាវា​ដឹក​ឧស្ម័ន​របស់​ប្រទេស​អាល្លឺម៉ង់​ និង​ ចាប់​នាវិក​ ១៣​នាក់
  • មន្ត្រី​ អ.ស.ប​ [អង្គការ​សហប្រជាជាតិ​] បាន​ចូល​ជួប​ជន​តាម​ទូក​ដែល​ជាប់ឃុំ​នៅ​ក្នុង​ប្រទេស​ថៃ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣២​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ – ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​ ២០០៨​ មាន​ការ​កើន​ឡើង​ [បាន​កើន​ឡើង​ ២៥​%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០០៧​ ហើយ​បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​ បាន​ឲ្យ​ដឹង​ថា​ មាន​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​តាម​បណ្ដា​ខេត្ត​ ក្រុង​ចំនួន​១៧​ មាន​ចំនួន​ ៣៨១​ករណី​ ក្នុង​ឆ្នាំ​ ២០០៨​ ដែល​២១២​ករណី​ ទាក់ទង​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ ដោយ​ក្នុង​នោះ​មាន​ជនរងគ្រោះ​ចំនួន​ ១៦.៧២៥​នាក់​ ហើយ​អ្នក​ប្រព្រឹត្ត​ការ​រំលោភសិទ្ធិ​មនុស្ស​មាន​ចំនួន​ ២.៦៦៩​នាក់​ ដែល​ ៩,១៩​%​ ប្រព្រឹត្ត​ដោយ​យោធា​, ៥,២៥​%​ដោយ​កងរាជអាវុធហត្ថ​, ១៧,៥៩​%​ ដោយ​នគរបាល​, ១៦,៨០​%​ ដោយ​មន្ត្រីរាជការ​, ៣,៤១​%​ ដោយ​មន្ត្រី​តុលាការ​, ៦,៨២​%​ ដោយ​ក្រុមហ៊ុន​, ១២,០៧​%​ ដោយ​ជនស៊ីវិល​, ៨,៩២​%​ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​, ១,០៥​%​ ប្រព្រឹត្ត​ដោយ​ហ្វូង​មនុស្ស​ និង​ ១៨,៩០​%​ ប្រព្រឹត្ត​ដោយ​ក្រុម​ចម្រុះ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៣៤​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ដក​ផ្កាយ​មាស​៤​ ម៉ឹង​ សំផន​ និង​ ប្រមូល​អាវុធ​ពី​អ្នកគាំទ្រ​ [អតីត​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​] កែ​ គឹមយ៉ាន​ បាន​ជាង​ ៣​ពាន់​ដើម
  • គណបក្ស​ សម​ រង្ស៊ី​ ធ្វើ​សមាជ​វិសាមញ្ញ​ថ្ងៃ​នេះ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៤​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ នឹង​ត្រូវ​ប្ដូរ​ទៅជា​ រណសិរ្ស​ជនជាតិ​ខ្មែរ​ បើ​គ្មាន​ដំណោះស្រាយ​ [ចំពោះ​ការ​បណ្ដេញ​សមាជិក​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​ទេ​នោះ​]
  • ប្រជាពលរដ្ឋ​ ៣​រូប​ ជាប់​ពន្ធនាគារ​ដោយសារ​វិវាទ​ដីធ្លី​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ [បន្ទាប់ពី​គ្រួសារ​ប្រមាណ​ ១៤០​ បាន​តវ៉ា​អស់​ចាច្រើន​ថ្ងៃ​ដើម្បីឲ្យ​ដោះលែង​ពួកគេ​ទាំង​បី​ – ខេត្ត​សៀមរាប​]
  • កម្ពុជា​រំពឹង​ថា​ ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​សហការ​ល្អ​ជាមួយ​រដ្ឋាភិបាល​ [ដើម្បី​លើកកម្ពស់​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៦​ ថ្ងៃ​ សៅរ៍​ ទី​ ១​ ខែ​ មករា​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រុម​អាវ​ក្រហម​ថៃ​ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​កម្ពុជា​ [ដើម្បី​ដាក់​ជូន​លិខិត​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ថៃ​ និង​ រដ្ឋមន្ត្រីក្រសួងការបរទេស​ លោក​ កាស៊ីត​ ភិរ៉ុម៉្យា​ ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នេះ​ គឺ​មិន​យុត្តិធម៌​ និង​ មិនមែន​ជា​តំណាង​របស់​ប្រជាជន​ពិតប្រាកដ​ទេ​ ហើយ​បន្ទាប់មក​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានទូត​ឡាវ​ និង​ វៀតណាម​]
  • អគ្គីភ័យ​ឆេះ​លំនៅឋាន​អ្នកនេសាទ​ជាង​ ៥០​ខ្នង​ នៅ​តំបន់​ទំនប់​រលក​ [ខេត្ត​ព្រះសីហនុ​]
  • ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចុះហត្ថលេខា​ជាមួយ​ធនាគារ​ជាតិ​ឡាវ​ [ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធនាគារ​]
  • មូលនិធិ​ជា​ទឹកប្រាក់​ ១,៥​លាន​ដុល្លារ​ [ដែល​ផ្ដល់​ដោយ​ធនាគារ​ពិភពលោក​ និង​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ជំនួញ​ Emerging Markets Consulting​] ជួយ​ក្រុមហ៊ុន​នាំចេញ​ ក្នុង​គំរោង​បើក​ច្រក​នាំចេញ​ EMAPF​ របស់​ក្រសួងពាណិជ្ជកម្ម​ [គម្រោង​នេះ​នឹង​ផ្ដល់​នូវ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ ផ្នែក​បច្ចេកទេស​ ដើម្បី​ជួយ​ក្រុមហ៊ុន​នាំចេញ​កម្ពុជា​ឲ្យ​បង្កើន​ការ​លក់​នាំចេញ​ក្នុង​ទីផ្សារ​ថ្មី​]
  • កូរ៉េ​ខាងជើង​លុបចោល​រាល់​កិច្ចព្រមព្រៀង​ជាមួយ​ [កូរ៉េ​] ខាងត្បូង


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៥​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • នាយទាហាន​ជាន់ខ្ពស់​ស្និទ្ធ​ កែ​ គឹមយ៉ាន​ ច្រើន​នាក់​ទៀត​ ប្រឈម​នឹង​ការ​ដកហូត​តំណែង​ ឧត្ដមសេនីយ៍​តាម​យោធភូមិភាគ​ និង​ កងពល​កំពុង​ជ្រួលច្របល់


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៩​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សាលាក្រុង​ថ្លែងការណ៍​បដិសេធ​ការចោទប្រកាន់​ [ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អង្គការ​អន្តរជាតិ​មួយ​ចំនួន​ និង​ គណបក្ស​ប្រឆាំង​] ថា​ប្រើ​កម្លាំង​បណ្ដេញ​ប្រជាជន​ចេញពី​តំបន់​ដីក្រហម
  • ២០០៩​ ៖​ FAO​ [អង្គការ​ស្បៀង​ និង​ កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​] គ្រោង​ផ្ដល់​ជំនួយ​ ២,២៥​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម​ [ក្នុង​ប្រទេស​កម្ពុជា​]
  • កម្មវិធី​ធានារ៉ាប់រង​សុខភាព​សហគមន៍​ ជម្រើស​មួយ​ទៀត​សម្រាប់​ប្រជាជន​ក្រីក្រ
  • កម្ពុជា​បន្ត​ជំរុញ​ឲ្យ​ថៃ​ប្រគល់​វត្ថុបុរាណ​ខ្មែរ​ [ដែល​អាជ្ញាធរ​ថៃ​ចាប់​បាន​ពី​ពីការ​ជួញដូរ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​] ឲ្យ​បាន​លឿន
  • មនុស្ស​ជាង​ ១​លាន​នាក់​ ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​បារាំង​ [លោក​ នីកូឡាស​ សាកូហ្ស៊ី​ – ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​ ដែល​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​បុគ្គលិក​អចិន្ត្រៃយ៍​ក្នុង​វិស័យ​រដ្ឋ​ ជាពិសេស​នៅ​តាម​សាលារៀន​ ដែល​បាន​ធ្វើឲ្យ​ប្រជាជន​បារាំង​ខកចិត្ត​ និង​ ខឹង​សម្បារ​ជា​ខ្លាំង​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: