ភារធារី​គណៈកម្មការ​អឺរ៉ុប​ ៖​ កម្ពុជា​ស្ថិត​លើ​ផ្លូវ​កំណែទម្រង់​, កំណែទម្រង់​មាន​សារសំខាន់​ណាស់​ – ថ្ងៃ​ អង្គារ​ ទី​ ៣​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 3 February 2009. Filed under: សប្ដាហ៍ទី ៥៣៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៥

ភ្នំពេញ​ ៖​ កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​ និង​ កំពុង​ពង្រីក​វិសាលភាព​ជាច្រើន​ទៀត​ទៅកាន់​សង្គម​ស៊ីវិល​ និង​ ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ ។ លោក​ យិន​ លាងគង់​ អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ បាន​ជួប​សម្ភាសន៍​ជាមួយ​ លោក​ រ៉ាហ្វាអែល​ ដូចាវ​ មូរ៉េណូ​ Rafael Dochao Moreno​ ភារធារី​នៃ​ប្រតិភូ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ស្វែងយល់​ពី​ទំនាក់ទំនង​នេះ​ ។

រស្មី​កម្ពុជា​ ៖​ ក្នុង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ តើ​លោក​មើល​ឃើញ​មាន​ភាព​រីកចម្រើន​អ្វី​ខ្លះ​រវាង​សហភាព​អឺរ៉ុប​ និង​ រដ្ឋាភិបាល​កម្ពុជា​?

លោក​ភារធារី​ ៖​ ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​ រដ្ឋាភិបាល​កម្ពុជា​ មាន​ភាព​ប្រសើរ​ណាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដោយ​យើង​មាន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​សំខាន់​ៗ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ។ កាលពី​ក្នុង​ខែ​កន្លងមក​នេះ​ យើង​បាន​បញ្ជូន​មក​នូវ​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ ដើម្បី​ធ្វើការ​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​កាលពី​ពេល​កន្លងទៅ​នេះ​ ។ តាមរយៈ​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​របស់​សហភាព​អឺរ៉ុប​ យើង​បាន​រៀបចំ​ជា​អនុសាសន៍​មួយ​ចំនួន​ចេញពី​ការ​សង្កេតការណ៍​បោះឆ្នោត​នោះ​ ហើយ​អនុសាសន៍​ទាំងនោះ​ទទួល​បាន​ការ​គាំទ្រ​មិន​ត្រឹមតែ​ពី​ភាគី​សង្គម​ស៊ីវិល​នោះ​ទេ​ គឺ​ថែមទាំង​រដ្ឋាភិបាល​កម្ពុជា​ និង​ គណបក្ស​ប្រឆាំង​ផ្សេង​ៗ​ក៏​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​របាយការណ៍​អនុសាសន៍​របស់​ក្រុម​អ្នកសង្កេតការណ៍​ការបោះឆ្នោត​របស់​សភាព​អឺរ៉ុប​ផង​ដែរ​ ។ ដូច្នេះ​ទាំង​ពីរ​ក្រុម​ ទាំង​ភាគី​សង្គម​ស៊ីវិល​ និង​ រដ្ឋាភិបាល​កម្ពុជា​ បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​គោលជំហរ​របស់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ​ ។

រស្មី​កម្ពុជា​ ៖​ តើ​លោក​មើល​ឃើញ​បញ្ហា​អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​រវាង​សហគមន៍​អឺរ៉ុប​ និង​ រដ្ឋាភិបាល​កម្ពុជា​?

លោក​ភារធារី​ ៖​ ក្នុង​នាម​សម​ភាគី​ យើង​តែងតែ​ធ្វើការ​ជាមួយ​គ្នា​ ពិភាក្សា​ជាមួយ​គ្នា​ និង​ ផ្ដល់​ជា​ជំនួយ​ផង​ដែរ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ។ ជា​ការពិត​ យើង​មិនមែន​សុទ្ធតែ​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទាំងអស់​នោះ​ទេ​ ហើយ​យើង​ក៏​មិន​យល់​ថា​អ្វី​ៗ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សុទ្ធតែ​ខុស​ទាំងអស់​នោះ​ដែរ​ ។ គោលជំហរ​របស់​យើង​គឺ​ផ្ដល់​ការ​គាំទ្រ​ដល់​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។ យើង​ក៏​បាន​ចាប់អារម្មណ៍​ដែរ​ថា​ ល្បឿន​នៃ​ដំណើរការ​កំណែទម្រង់​នោះ​មាន​ភាព​យឺតយ៉ាវ​ មិន​បាន​តាម​អ្វី​ដែល​យើង​ចង់​បាន​ ឧទាហរណ៍​ ដូចជា​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ជាដើម​ វា​មាន​លក្ខណៈ​យឺតយ៉ាវ​ ប៉ុន្តែ​យើង​ក៏​ដឹង​ផង​ដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​ទៅមុខ​ហើយ​ ។

សហគមន៍​អឺរ៉ុប​ក៏​មាន​ការ​ព្រួយបារម្ភ​ផង​ដែរ​ចំពោះ​ការ​បណ្ដេញ​ចេញពី​ដីធ្លី​ដោយ​បង្ខំ​ និង​ ប្រើប្រាស់​កម្លាំង​ ដូចជា​ករណី​ដីក្រហម​ដែល​បាន​កើតឡើង​ថ្មី​ៗ​នេះ​ យើង​ក៏​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ ហើយ​យើង​នឹង​បន្ត​ជួប​គ្នា​ពិភាក្សា​លើ​បញ្ហា​បណ្ដេញ​ចេញពី​ដីធ្លី​ និង​ នៅ​លើ​ការ​ធានា​នូវ​នីតិរដ្ឋ​នៅ​កម្ពុជា​ ។

រស្មី​កម្ពុជា​ ៖​ រូបភាព​នៃ​ការ​បណ្ដេញ​ចេញ​បែបនេះ​ តើ​លោក​អាច​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​អំពើពុករលួយ​របស់​រដ្ឋាភិបាល​ដែរ​ឬ​?

លោក​ភារធារី​ ៖​ នេះ​ជា​បញ្ហា​លំបាក​ ហើយ​ខ្ញុំ​មិន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​ អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​នីតិរដ្ឋ​ ។ យើង​បាន​ដឹង​ហើយ​ថា​ សហគមន៍​អឺរ៉ុប​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ផ្សេង​ៗ​យ៉ាង​ច្រើន​ ។ ឧទាហរណ៍​ដូចជា​ យើង​បាន​ជួយ​ដល់​ដំណើរការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ ដោយ​យើង​ឃើញ​ការ​អនុវត្តន៍​ច្បាប់​កម្រិត​ស្តង់ដារ​អន្តរជាតិ​ត្រូវ​បាន​អនុវត្ត​ ។ យើង​ក៏​បាន​គាំទ្រ​ផង​ដែរ​លើ​ការងារ​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ ។

ចំពោះ​បញ្ហា​នៃ​ការ​បណ្ដេញ​ចេញ​នេះ​ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ក្នុង​ការ​ធ្វើការ​បណ្ដេញ​ចេញពី​ដីធ្លី​ ហើយ​ចំពោះ​កិច្ច​គាំទ្រ​ដល់​នីតិរដ្ឋ​រួមមាន​ភាព​យុត្តិធម៌​ និង​ ត្រឹមត្រូវ​ចំពោះ​សំណង​ដល់​ក្រុម​គ្រួសារ​នានា​ដែល​រស់នៅ​ទីនោះ​ ។

រស្មី​កម្ពុជា​ ៖​ ទន្ទឹម​នឹង​ការ​រីកចម្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​ ទំនាក់ទំនង​នេះ​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ​ តើ​លោក​គិត​ថា​គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បីឲ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ​កាន់តែ​មាន​ភាព​រលូន​ថែមទៀត​?

លោក​ភារធារី​ ៖​ អ្វី​ដែល​សំខាន់​គឺ​យើង​ផ្ដោត​ទៅលើ​កិច្ចពិភាក្សា​ទ្វេភាគី​រវាង​សហគមន៍​អឺរ៉ុប​ និង​ រាជរដ្ឋាភិបាល​កម្ពុជា​ ។ ខ្ញុំ​សូម​លើកឡើង​នូវ​ព្រឹត្តិការណ៍​សំខាន់​បី​ ៖​ ទី​១​ កាលពី​ខែ​វិច្ឆិកា​ កន្លងទៅ​នេះ​ យើង​មាន​កិច្ចពិភាក្សា​ផ្លូវការ​ និង​ ទៀងទាត់​មួយ​ ទាក់ទង​សិទ្ធិមនុស្ស​ អភិបាលកិច្ច​ល្អ​លទ្ធិប្រជាធិបតេយ្យ​ ។ ទី​២​ យើង​នឹង​មាន​កិច្ចពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​សហគមន៍​អឺរ៉ុប​ និង​ រាជរដ្ឋាភិបាល​កម្ពុជា​ ថា​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ត្រូវ​ធ្វើការ​កែលំអ​ ដើម្បីឲ្យ​បាន​កាន់តែ​ប្រសើរ​ ។ ទី​៣​ យើង​នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​វិស័យ​ផ្សេង​ៗ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ​ ឧទាហរណ៍​ដូចជា​ វិស័យ​សិទ្ធិមនុស្ស​ អភិវឌ្ឍន៍​ជនបទ​ សុខាភិបាល​ និង​ អប់រំ​ជាដើម​ ។ នៅ​ខែ​មីនា​ ខាងមុខ​នេះ​ នឹង​មាន​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ចម្រុះ​រវាង​កម្ពុជា​ និង​ គណៈកម្មការ​សហគមន៍​អឺរ៉ុប​ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​រួម​ដោយ​ភាគី​កម្ពុជា​ និង​ គណៈកម្មការ​សហគមន៍​អឺរ៉ុប​ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​ឲ្យ​កាន់តែ​រឹងមាំ​ និង​ រលូន​ថែមទៀត​ ដែល​នេះ​គឺជា​កិច្ចពិភាក្សា​ជាបន្តបន្ទាប់​ ។

រស្មី​កម្ពុជា​ ៖​ ទាក់ទង​នឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ តើ​លោក​យល់​ឃើញ​យ៉ាងណា​ តើ​កម្ពុជា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ​ហើយ​ឬ​យ៉ាងណា​?

លោក​ភារធារី​ ៖​ កម្ពុជា​ស្ថិតនៅ​លើ​ផ្លូវ​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់​ ហើយ​ការ​ធ្វើ​កំណែទម្រង់​នេះ​មាន​សារសំខាន់​ណាស់​ ។ ខ្ញុំ​សូម​លើក​បទពិសោធន៍​មួយ​របស់​ប្រទេស​អេស្ប៉ាញ​ ។ ពី​ឆ្នាំ​ ១៩៣៩​ ដល់​ ១៩៧៥​ ប្រទេស​នេះ​ត្រូវ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ជន​ផ្ដាច់ការ​មាន​ឈ្មោះ​ថា​ ហ្វ្រែងកូ​ ពេលនោះ​ប្រព័ន្ធ​តុលាការ​មាន​ភាព​ពុករលួយ​ច្រើន​ណាស់​ ។ ប៉ុន្តែ​ក្រោយពេល​គាត់​ស្លាប់​ទៅ​ ប្រទេស​អេស្ប៉ាញ​បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​យុត្តិធម៌​ ប្រព័ន្ធ​រដ្ឋបាល​ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ជាច្រើន​ឆ្នាំ​ដើម្បីឲ្យ​ស្ថានភាព​មាន​ភាព​ប្រសើរ​ឡើង​ ។ ដូចគ្នា​នេះ​ដែរ​ កម្ពុជា​ត្រូវការ​ពេលវេលា​វែង​ដើម្បី​សម្រេច​គោលការណ៍​នេះ​ វា​អាច​រហូតដល់​មួយ​ជំនាន់​មនុស្ស​ទាំងមូល​ឯណោះ​ ។

ការ​ធ្វើ​កំណែទម្រង់​នេះ​សំខាន់​ត្រូវ​ចាប់ផ្ដើម​ពី​ក្នុង​សាលារៀន​ឡើង​ទៅ​ គ្រូបង្រៀន​ត្រូវការ​ប្រាក់ខែ​ប្រសើរ​ជាង​នេះ​ ចៅក្រម​ក៏​ត្រូវ​មាន​ប្រាក់ខែ​ច្រើន​ដើម្បី​បំបាត់​អំពើពុករលួយ​ ហើយ​យើង​ម្នាក់​ៗ​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ការងារ​ព្រមគ្នា​កម្ចាត់​អំពើពុករលួយ​ ។

រស្មី​កម្ពុជា​ ៖​ តើ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​ភាព​វិជ្ជមាន​ទាំងនោះ​ហើយ​ឬ​នៅ​ តាម​ទស្សនៈ​របស់​លោក​?

លោក​ភារធារី​ ៖​ យើង​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​គម្រោង​គាំទ្រ​ថវិកា​ទៅលើ​វិស័យ​អប់រំ​ តាមរយៈ​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ ។ យើង​មិន​ផ្ដល់​ថវិកា​សម្រាប់​ប្រើប្រាស់​លើ​ការសាងសង់​សាលារៀន​នោះ​ទេ​ គឺ​យើង​គាំទ្រ​ទាំង​ថវិកា​ និង​ ការ​បណ្ដុះបណ្ដាល​ពង្រីក​សមត្ថភាព​ដល់​មន្ត្រី​អប់រំ​ ដូចជា​ជំនាញ​គណនេយ្យ​ គ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​ សវនកម្ម​ជាដើម​ ។ ចំពោះ​វិស័យ​អប់រំ​កម្ពុជា​ ខ្ញុំ​អាច​និយាយ​បាន​ថា​ កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ត្រឹមត្រូវ​ហើយ​ អីចឹង​ហើយ​ទើប​យើង​បន្ត​គាំទ្រ​ក្នុង​វិស័យ​នេះ​ ។

រស្មី​កម្ពុជា​ ៖​ នៅ​ខែ​ឧសភា​ ខាងមុខ​នេះ​ កម្ពុជា​នឹង​មាន​ការ​រៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ តើ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សំណើ​សុំ​ថវិកា​ ឬ​ អ្នកជំនាញការ​ពី​សហគមន៍​អឺរ៉ុប​ឬ​ទេ​?

លោក​ភារធារី​ ៖​ យើង​មិន​បាន​ទទួល​សំណើ​រដ្ឋាភិបាល​ដើម្បី​សុំ​ការ​ឧបត្ថម្ភ​ចំពោះ​ការបោះឆ្នោត​នេះ​ទេ​ ។ ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​សកល​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០០៨​ កន្លងមក​ យើង​បាន​ផ្ដល់​អ្នកជំនាញការ​ពីរ​នាក់​ ដើម្បី​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ ដែល​ម្នាក់​ជួយ​លើ​ផ្នែក​ច្បាប់​ និង​ ម្នាក់​ទៀង​ជួយ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហើយ​ការ​គាំទ្រ​នេះ​មាន​រយៈពេល​ ៦​ ទៅ​ ៨​ខែ​ ។ ដូច​ដែល​យើង​ដឹង​ហើយ​ថា​វា​នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ ដូច​ដែល​មាន​ចែង​ក្នុង​របាយការណ៍​របស់​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​ ដើម្បី​ធានា​នូវ​ឯករាជ្យ​ និង​ ភាព​អាច​ឲ្យ​ជឿជាក់​នៃ​ NEC​ ។

រស្មី​កម្ពុជា​ ៖​ មាន​មតិ​មួយ​ចំនួន​លើកឡើង​ថា​ ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ ក្រុង​ គ្មាន​ប្រយោជន៍​ តើ​លោក​យល់​ឃើញ​យ៉ាងណា​ដែរ​ ហើយ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​?

លោក​ភារធារី​ ៖​ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ថា​វា​មាន​ប្រយោជន៍​ឬ​គ្មាន​ប្រយោជន៍​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​យល់​ គឺ​សហគមន៍​អឺរ៉ុប​ផ្ដល់​ការ​គាំទ្រ​ដល់​ការងារ​វិមជ្ឈការ​ និង​ សហ​វិមជ្ឈការ​ អីចឹង​កិច្ចការ​ណា​ក៏ដោយ​ឲ្យតែ​ពាក់ព័ន្ធ​ដល់​ការងារ​ជំរុញ​ការ​ធ្វើ​វិមជ្ឈការ​ និង​ សហ​វិមជ្ឈការ​ គឺជា​ការ​ល្អ​ ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ការ​ចាប់ផ្ដើម​ យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ។

រស្មី​កម្ពុជា​ ៖​ ពាក់ព័ន្ធ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​សៀមរាប​អ៊ែរវេយ៍​ ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​សហគមន៍​អឺរ៉ុប​កាលពី​ចុង​ឆ្នាំ​ ២០០៨​ កន្លងមក​ រហូត​មកទល់​ពេលនេះ​ មាន​ដំណើរការ​បែប​ណា​ដែរ​ហើយ​?

លោក​ភារធារី​ ៖​ យើង​មាន​របាយការណ៍​មួយ​កាលពី​ចុង​ឆ្នាំ​ ២០០៨​ របស់​ក្រុម​ចុះ​វាយតម្លៃ​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ ចុះ​មក​ធ្វើការ​វាយតម្លៃ​លើ​សុវត្ថិភាព​នានា​ ហើយ​បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា​ ប្រព័ន្ធ​សន្តិសុខ​នៅ​កម្ពុជា​ត្រូវការ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ។ របាយការណ៍​នោះ​ក៏​បាន​ដាក់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើការ​សិក្សា​ឡើងវិញ​ផង​ដែរ​ ។ កាលពី​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ សហគមន៍​អឺរ៉ុប​បាន​ធ្វើការ​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យមើល​ចំពោះ​ការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ដែល​គេ​រក​ឃើញ​ ។ តាមរយៈ​របាយការណ៍​ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​ក្រុមហ៊ុន​អាកាសចរណ៍​សៀមរាប​នៅ​ក្នុង​បញ្ជី​ខ្មៅ​ ដែល​មិន​អាច​ធ្វើការ​ហោះហើរ​ទៅកាន់​អឺរ៉ុប​បាន​ទេ​ ហើយ​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​រហូតដល់​បច្ចុប្បន្ន​ ។ អ្វី​ដែល​យើង​ចង់​ឃើញ​ គឺ​ចង់ឲ្យ​មាន​ការ​ធានា​អះអាង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ ក្រុមហ៊ុន​អាកាសចរណ៍​សៀមរាប​ ចំពោះ​ប្រព័ន្ធ​សន្តិសុខ​មាន​សុវត្ថិភាព​ មុន​នឹង​យើង​ដក​ចេញពី​បញ្ជី​ខ្មៅ​នោះ​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១១​ ថ្ងៃ​ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១១​ ថ្ងៃ​ អង្គារ​ – ពុធ​ ទី​ ៣​ – ៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អ្នកសេដ្ឋកិច្ច​ [លោក​ ច័ន្ទ​ សុផល​ ដែល​ជា​ប្រធាន​សមាគម​អ្នកសេដ្ឋកិច្ច​កម្ពុជា​] ៖​ រដ្ឋាភិបាល​ត្រូវ​បំរុង​ថវិកា​បន្ថែម​សម្រាប់​ផលិតផល​ក្នុងស្រុក​ និង​ ទំនិញ​នាំចេញ
  • ម៉ាស៊ីន​កិន​ដី​ធ្វើ​ឥដ្ឋ​ លេប​ត្របាក់​ដៃ​ [ខាងឆ្វេង​] ស្ត្រី​ម្នាក់​អស់​ម្ខាង​ [ជា​កម្មករ​ឡឥដ្ឋ​ – ខេត្ត​សៀមរាប​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦៣​ ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ស្ពាន​អាកាស​ក្បាលថ្នល់​ចាប់ផ្ដើម​សាងសង់​ក្នុង​ខែ​ មេសា​ ចំណាយ​ទឹកប្រាក់​ ៦​លាន​ដុល្លារ​ [ភ្នំពេញ​]
  • កម្មសិក្សាការី​ ២០​នាក់​ ទៅ​ប្រទេស​ជប៉ុន​សិក្សា​ស្វែងយល់​លើ​មុខវិជ្ជា​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល​ និង​ សេវា​វេជ្ជសាស្ត្រ
  • លោក​ អូបាម៉ា​ បាន​ចាប់ផ្ដើម​ការចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ និង​ ប្រទេស​ស៊ីរី


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣៣​ ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ និង​ គណបក្ស​នរោត្ដម​ រណឫទ្ធិ​ ចង​សម្ព័ន្ធ​ភាព​គ្នា​ដើម្បី​ដណ្ដើម​អាសនៈ​នៅ​ពេល​អនាគត
  • ឆេះ​ផ្ទះ​ ២៥​ខ្នង​ នៅ​ខាងក្រោយ​រោងចក្រ​អគ្គិសនី​ទួលសង្កែ​ [ខណ្ឌ​ឫស្សីកែវ​ ក្រុងភ្នំពេញ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៥​ ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ធនាគារ​ជាតិ​ទម្លាក់​អត្រា​ប្រាក់​តម្កល់​ធនាគារ​ឯកជន​នានា​ [ពី​ ១៦​%​ មក​នៅ​ត្រឹម​ ១២​%​] ឲ្យ​មាន​ការខ្ចី​ប្រាក់​ឲ្យ​រកស៊ី​អចលនទ្រព្យ​ឡើងវិញ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៨​ ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រតិភូ​អាល្លឺម៉ង់​ចង់​ឃើញ​បក្ស​ប្រឆាំង​នៅ​ក្នុង​គណៈកម្មការ​សភា​ – [ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ និង​ សវនកម្ម​] លោក​ ជាម​ យៀប​ ៖​ ធ្លាប់​ឲ្យ​ពួកគេ​ [គណបក្ស​ប្រឆាំង​] ចូលរួម​ តែ​គេ​មិនព្រម
  • ក្រុមហ៊ុន​ 7NG​ ចែក​អំណោយ​ដល់​អតីត​អ្នក​រស់នៅ​តំបន់​ដីក្រហម​ [ចំនួន​ ៧៩​គ្រួសារ​ដែល​យល់ព្រម​ទទួល​យក​ផ្ទះ​សំណង​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ ហើយ​ក្រុមហ៊ុន​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ១២​គ្រួសារ​ផ្សេង​ទៀត​ ឲ្យ​យល់ព្រម​ទទួល​យក​សំណង​ជា​ផ្ទះ​នេះ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៧​ ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មន្ត្រី​តុលាការ​ ៤២​នាក់​ [រួម​បញ្ចូល​ទាំង​ ប្រធាន​តុលាការ​កំពូល​ លោក​ ឌិត​ មន្ទីរ​ និង​ អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ លោក​ អ៊ុក​ វិធុន​] និង​ ឧត្ដមសេនីយ៍​ ២៧​នាក់​ ត្រូវ​បាន​ដាក់​ឲ្យ​ចូលនិវត្តន៍
  • ទូរទស្សន៍​អង់គ្លេស​ [ប៉ុស្តិ៍​លេខ​ ៤​] ផ្សាយ​ថា​ ក្រុមហ៊ុន​បរទេស​ជាច្រើន​កំពុង​រក​ទិញ​ដី​នៅ​ក្នុង​ប្រទេស​កម្ពុជា


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១១​ ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ភារធារី​គណៈកម្មការ​អឺរ៉ុប​ ៖​ កម្ពុជា​ស្ថិត​លើ​ផ្លូវ​កំណែទម្រង់​, កំណែទម្រង់​មាន​សារសំខាន់​ណាស់
  • ជន​កម្ពុជា​ក្លាយ​ជា​ទាសករ​នេសាទ​កណ្ដាល​សមុទ្រ​ក្នុង​ប្រទេស​ថៃ​ [កាសែត​ Guardianweekly បាន​ចេញផ្សាយ​ដោយ​ដាក់​ចំណងជើង​ថា​ “ទាសករ​សមុទ្រ​កម្ពុជា​ក្នុង​ប្រទេស​ថៃ “]
  • កម្ពុជា​នឹង​ទាមទារ​នៅ​បាងកក​ឲ្យ​ថៃ​កំណត់​ច្បាស់លាស់​ពេលវេលា​បោះ​បង្គោល​ព្រំដែន​ព្រះវិហារ
  • ហុងគ្រី​នឹង​កាត់ចោល​បំណុល​កម្ពុជា​ ៥០​ភាគរយ​ ឯ​៥០​ភាគរយ​ទៀត​ បង្វែរ​ទៅជា​ជំនួយ​ឥត​សំណង​ [ចំនួន​នៃ​ប្រាក់​បំណុល​មិន​ត្រូវ​បាន​សរសេរ​បង្ហាញ​]
  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ ស្នើ​សុំ​ឲ្យ​សហព័ន្ធ​អាល្លឺម៉ង់​ជួយ​ដល់​វិស័យ​កំណែទម្រង់​ច្បាប់​ និង​ តុលាការ
  • រដ្ឋាភិបាល​បិទ​វេបសាយ​គំនូរ​អប្សរា​ស៊ិចស៊ី​ [reahu.net]
  • សត្វព្រៃ​ ៣៥២​ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​រស់នៅ​ក្នុង​តំបន់​ត្រូវ​កសាង​ទំនប់​វារីអគ្គិសនី​គិរីរម្យ​ ៣​ [គេ​បារម្ភ​ថា​គម្រោង​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជំរក​របស់​សត្វព្រៃ​ទាំងនោះ​ដែល​រស់​នៅ​លើ​ផ្ទៃដីព្រៃ​ ១.១១៨​ហិកតារ​]
  • ដាយណូស័រ​ស៊ី​សាច់​ និង​ រុក្ខជាតិ​ នៅ​លើ​ជញ្ជាំង​អង្គរ​ និង​ បាយ័ន


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៧៩​ ថ្ងៃ​ អង្គារ​ ទី​ ៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​ អាប់ភីស៊ីត​ ច្រាន​ចោល​ឱសានវាទ​ ១៥​ថ្ងៃ​ [ឱ្យ​ធ្វើការ​លាលែង​ពី​តំណែង​] របស់​ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រ​ថាក់ស៊ីន

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: