មិនមែន​តែ​អ្នកមាន​ទេ​ អ្នក​មធ្យម​ក៏​ទៅ​រក​ពេទ្យ​បរទេស​ដែរ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ កុម្ភៈ​ ២០០៩​

Posted on Thursday, 5 February 2009. Filed under: សប្ដាហ៍ទី ៥៣៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៥

ភ្នំពេញ​ ៖​ ការ​មិន​គោរព​ក្រមសីលធម៌​ កង្វះ​ធនធាន​មនុស្ស​ និង​ កង្វះ​ឧបករណ៍​ទំនើប​សម្រាប់​វិភាគ​ផ្នែក​វេជ្ជសាស្ត្រ​ បាន​ធ្វើឲ្យ​គ្រូពេទ្យ​ខ្មែរ​លែង​ក្លាយ​ជា​អ្នក​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ​ ។ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចាកចេញ​ទៅ​ពិនិត្យ​សុខភាព​ និង​ ព្យាបាល​ជំងឺ​នៅ​តាម​បណ្ដា​ប្រទេស​ជិតខាង​កាន់តែ​ច្រើន​ ។

នៅ​ពីក្រោយ​ការ​ចាកចេញ​នេះ​ យើង​រក​ឃើញ​ចម្លើយ​មួយ​ថា​ សេវា​ព្យាបាល​នៅ​បរទេស​ពិសេស​ប្រទេស​វៀតណាម​ មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​នៅ​ក្នុង​ប្រទេស​ ហើយ​ការ​រួសរាយ​រាក់ទាក់​របស់​គ្រូពេទ្យ​នៅ​បរទេស​ចំពោះ​អ្នកជំងឺ​ប្រហែលជា​ផ្នែក​មួយ​ទៀត​ដែល​ធ្វើឲ្យ​អ្នកជំងឺ​មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ទៅ​ពិនិត្យ​ និង​ ព្យាបាល​ជំងឺ​នៅ​បរទេស​ បើ​ទោះ​ពួកគេ​ដឹង​ថា​វា​ជា​ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​គេ​ក៏ដោយ​ ។

លោក​ កុសល​ (ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​) ដែល​តែងតែ​ចេញទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​វៀតណាម​បាន​មាន​ប្រសាសន៍​ថា​ នៅ​ប្រទេស​វៀតណាម​ពេទ្យ​របស់​គេ​មុន​ព្យាបាល​លើ​ជំងឺ​អ្វី​មួយ​ គេ​មាន​ការ​ពិនិត្យ​ច្បាស់លាស់​មុន​នឹង​ព្យាបាល​ មិនមែន​ចេះតែ​ថា​ស្មាន​ៗ​ ហើយ​ចាក់​ថ្នាំ​ ឬ​ បន្តោង​សេរ៉ូម​ដូច​ពេទ្យ​នៅ​កម្ពុជា​ ដើម្បី​យក​ប្រាក់​នោះ​ទេ​ ។

លោក​បន្ត​ថា​ ពេទ្យ​នៅ​ប្រទេស​គេ​មាន​សម្ដីសំដៅ​រាក់ទាក់​ មាន​សីលធម៌​ មាន​អនាម័យ​ក្នុង​មន្ទីរពេទ្យ​ គេ​មាន​ឧបករណ៍​ទំនើប​ ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នកជំងឺ​ដែល​ទៅ​ពិនិត្យ​ព្យាបាល​នៅ​ប្រទេស​គេ​ ។

ការ​និយាយ​នេះ​មែន​មែន​ជា​ការ​ឃោសនា​ឲ្យ​ប្រទេស​គេ​ ហើយ​បង្អាប់​ជាតិ​ឯង​នោះ​ទេ​ ប៉ុន្តែ​កង្វះ​ក្រមសីលធម៌​របស់​ពេទ្យ​ខ្មែរ​ ក្រៅពី​សម្ដីសំដៅ​អសុរស​ មិន​មាន​ការ​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់​ ដោយ​ចេះតែ​ព្យាបាល​ដើម្បី​យក​ប្រាក់​ ទារ​ប្រាក់​មុន​ព្យាបាល​ជំងឺ​ ចិញ្ចឹម​ជំងឺ​ និង​ គ្មាន​ឯកទេស​ច្បាស់លាស់​ បាន​ធ្វើឲ្យ​អ្នកជំងឺ​លែង​មាន​ភាព​កក់ក្ដៅ​ចំពោះ​ពេទ្យ​ទាំងនោះ​ ។ លោក​កុសល​បញ្ជាក់​ ។

លោក​បន្ត​ថា​ “ខ្ញុំ​មិន​ជឿ​ថា​នៅ​កម្ពុជា​មិន​មាន​ពេទ្យ​ពូកែ​ៗ​នោះ​ទេ​ ប៉ុន្តែ​តម្លៃ​នៃ​ក្រមសីលធម៌​មិន​ត្រូវ​បាន​គ្រូពេទ្យ​ទាំងនោះ​ប្រកាន់​យក​” ។ លោក​បន្ថែម​ថា​ “សម្លៀកបំពាក់​ពណ៌​ស​ តំណាង​ឲ្យ​ភាព​ស្អាតស្អំ​បរិសុទ្ធ​ ប៉ុន្តែ​អ្នក​ស្លៀកពាក់​សម្លៀកបំពាក់​បែបនេះ​មិន​បាន​គោរព​អ្វី​ដែល​ជា​តម្លៃ​របស់​ខ្លួន​នោះ​ទេ​” ។

អ្នក​ចាកចេញ​ទៅ​បរទេស​សុទ្ធតែ​ជា​អ្នកមាន​ ឬ​ យ៉ាងណា​ លោក​ កុសល​ បញ្ជាក់​ថា​ តម្លៃ​សេវា​ព្យាបាល​នៅ​ប្រទេស​វៀតណាម​មាន​តម្លៃ​ប្រហាក់ប្រហែល​នៅ​កម្ពុជា​ ប៉ុន្តែ​អ្វី​ដែល​ចំណាយ​បន្ថែម​មាន​ច្រើន​ ដូចជា​សេវា​បកប្រែ​ ការ​ស្នាក់នៅ​ ហូបចុក​ និង​ មធ្យោបាយ​ធ្វើដំណើរ​ ។ លោក​កុសល​ បញ្ជាក់​ថា​ អ្នកមាន​ជីវភាព​មធ្យម​ ក៏​អាច​ទៅ​ព្យាបាល​បាន​ដែរ​ មិន​ចាំបាច់​មាន​ទ្រព្យធន​ហូរហៀរ​នោះ​ទេ​ ។ បន្ថែម​លើ​ទំនុក​ចិត្ត​ដល់​អ្នក​ទៅ​ពិនិត្យ​សុខភាព​ ឬ​ ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​ ឬ​ ប្រទេស​ផ្សេង​ទៀត​ ត្រង់ថា​ឱសថ​ស្ថាន​នៅ​ស្រុក​គេ​ទាល់តែ​មាន​វេជ្ជបញ្ជា​ទើប​លក់​ឲ្យ​អ្នកទិញ​ ពិនិត្យ​អ្វី​មួយ​ ដូចជា​ពិនិត្យ​ឈាម​ ឬ​ ពិនិត្យ​អេកូ​ ទាល់តែ​មាន​ការ​អនុញ្ញាត​ពី​វេជ្ជបណ្ឌិត​ជំនាញ​ ពិសេស​ពេទ្យ​ប្រទេស​គេ​ បើ​គ្មាន​ជំនាញ​ឯកទេស​ព្យាបាល​ជំងឺ​អ្វី​មួយ​ដែល​គេ​មិន​ចេះ​ ពួកគេ​មិន​ព្យាបាល​ទេ​ តែ​ជួយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​មាន​ឯកទេស​ចំ​មុខ​ជំងឺ​ ដែល​អ្នកជំងឺ​កំពុង​រងគ្រោះ​ ។

ជាទូទៅ​ពេទ្យ​នៅ​កម្ពុជា​ក្រៅពី​ព្យាបាល​មិន​រើស​មុខ​នោះ​ ខ្លួន​គ្មាន​ឯកទេស​ក្ដី​ ក្រៅពី​ការ​ព្យួរ​សេរ៉ូម​តាម​ការ​និយម​របស់​ខ្លួន​ ដើម្បី​បាន​ប្រាក់​ច្រើន​ ពួកគេ​មួយ​ចំនួន​មាន​ទាំង​បំភ័យ​អ្នកជំងឺ​ឲ្យ​ធ្វើការ​វះកាត់​ ដើម្បី​បាន​ប្រាក់​ច្រើន​ ដោយ​មិន​ខ្វល់​ពី​សុខភាព​ អាយុជីវិត​របស់​ប្រជាជន​ឡើយ​ ។ លោក​កុសល​និយាយ​ ។

ចំណែក​លោ​ ប៊ុនធឿន​ (ឈ្មោះ​អ្នកនិពន្ធ​ដាក់ឲ្យ​) ដែល​តែងតែ​ចេញទៅ​ពិនិត្យ​តាមដាន​ជំងឺ​ថ្លើម​របស់​ខ្លួន​ បាន​និយាយ​ថា​ ពេទ្យ​នៅ​ស្រុក​វៀតណាម​គេ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​យកចិត្ត​ទុកដាក់​ យើង​កុំ​បង្អាប់​គេ​ផ្ទុយទៅវិញ​យើង​គួរ​រៀន​សូត្រ​ពី​គេ​ ហើយ​ពេទ្យ​នៅ​ប្រទេស​គេ​ធ្វើការ​ពេញ​ម៉ោង​ ដោយ​ផ្លាស់ប្ដូរ​វេន​គ្នា​ជា​ប្រចាំ​ មិនមែន​នៅ​ថ្ងៃ​សៅ​ អាទិត្យ​ ពេទ្យ​នៅ​ស្រុក​ខ្មែរ​ទាមទារ​រក​តែ​ពេល​សម្រាក​នោះ​ទេ​ ។

លោក​បន្ត​ថា​ នៅ​ស្រុក​គេ​ប្រជាជន​គេ​ចូលចិត្ត​ពេទ្យ​រដ្ឋ​ច្រើន​ជាង​ពេទ្យ​ឯកជន​ ដោយសារ​ពេទ្យ​ធ្វើ​ការងារ​នៅ​ក្នុង​រដ្ឋាភិបាល​គេ​មាន​ប្រាក់​ខែ​ច្រើន​ជាង​ពេទ្យ​ឯកជន​ ដែល​ត្រូវ​បង់​ប្រាក់​ចូល​រដ្ឋ​ច្រើន​ ។

អ្វី​ជា​មូលដ្ឋាន​នៃ​ទំនុក​ចិត្ត​នេះ​ លោក​ ប៊ុនធឿន​ បាន​បន្ត​ថា​ នៅ​ស្រុក​គេ​រដ្ឋាភិបាល​តែងតែ​បញ្ជូន​គ្រូពេទ្យ​ទៅ​បំពាក់បំប៉ន​នៅ​បរទេស​តាម​ជំនាញ​ និង​ គ្មាន​បក្ស​ពួក​និយម​ឡើយ​ ប៉ុន្តែ​ផ្ទុយទៅវិញ​ គ្រូពេទ្យ​កម្ពុជា​សូក​ប្រាក់​ដើម្បី​បាន​ចូលរៀន​ប្រឡង​ធ្លាក់​ទាមទារ​ឡើង​ថ្នាក់​ ដើម្បី​បាន​ចូលរៀន​បន្ត​ ហើយ​ពេល​ចេញ​មក​ធ្វើ​ពេទ្យ​ ពួកគេ​គ្មាន​ភាព​ច្បាស់លាស់​ ចេះតែ​រាវ​ចាក់​ថ្នាំ​តាម​តែ​គេ​សន្និដ្ឋាន​ក្នុង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជំនាញ​វិជ្ជាជីវៈ​ ។

លោក​ ប៊ុនធឿន​ ក៏​បាន​រិះគន់​ផង​ដែរ​ថា​ ពេទ្យ​នៅ​កម្ពុជា​បាន​រៀន​សូត្រ​បន្តិចបន្តួច​ ចេះ​បន្តិចបន្តួច​ ដើរ​ស្ទើរ​បុក​អ្នកជំងឺ​ក៏​មិន​ហៅ​ ហើយ​បើ​សរសេរ​សំបុត្រ​ទិញ​ថ្នាំ​ សរសេរ​ដោយ​អក្សរ​បារាំង​ ដើម្បី​បង្ហាញ​ថា​ខ្លួនឯង​អ្នកចេះ​ ហើយ​អក្សរ​សរសេរ​ដូច​ដង្កូវ​ភ្លៀង​ ។

លោក​បាន​លើក​ជា​សំណួរ​ថា​ “ហេតុអ្វី​ពួកគេ​មិន​សរសេរ​ជា​អក្សរ​ខ្មែរ​” បើ​វីតាមីន​សេ​ ដាក់​អក្សរ​ខ្មែរ​ថា​វីតាមីន​សេរ​មក​ ម្ដេច​សរសេរ​ជា​បារាំង​ ហើយ​មើល​មិន​យល់​ ។ ការ​ធ្វើឲ្យ​គេ​មាន​ជំនឿចិត្ត​ វា​នឹង​កាត់បន្ថយ​ការ​ចាកចេញ​ទៅ​បរទេស​ ដែល​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ ព្រោះ​បើ​នៅ​ក្នុងស្រុក​ “គ្រូពេទ្យ​ធ្វើឲ្យ​គេ​មាន​ទំនុក​ចិត្ត​ គេ​មិន​ចាកចេញ​ទេ​” ។

លោក​ គង់​ គឹមចាន់​ នាយក​គ្លីនិក​មេគង្គ​ភ្នំពេញ​ ដែល​ជា​គ្លីនិក​ឯកជន​មួយ​ តែងតែ​បញ្ជូន​អ្នកជំងឺ​ទៅ​បរទេស​តាម​សំណូមពរ​របស់​អ្នកជំងឺ​ បាន​និយាយ​ថា​ ការ​បញ្ជូន​អ្នកជំងឺ​ទៅ​វៀតណាម​មាន​តម្លៃ​ចន្លោះ​ពី​ ៣០០​ ទៅ​ ៤០០​ដុល្លារ​អាមេរិក​ ។ លោក​បន្ត​ថា​ មិនមែន​ទាល់តែ​អ្នកមាន​ប្រាក់​ច្រើន​នោះ​ទេ​ ប៉ុន្តែ​អ្នក​មាន​ជីវភាព​មធ្យម​អាច​ចាកចេញ​ទៅ​បាន​ ហើយ​តម្លៃ​នៃ​ការ​ព្យាបាល​ថោក​ជាង​នៅ​កម្ពុជា​ ប៉ុន្តែ​ការ​ចំណាយ​ច្រើន​គឺ​លើ​ការ​ស្នាក់នៅ​ ហូបចុក​ និង​ ថ្លៃ​ធ្វើដំណើរ​ប៉ុណ្ណោះ​ ។

លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​ចាកចេញ​របស់​អ្នកជំងឺ​ខ្មែរ​ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​មិន​ដឹង​ថា​ ធនធាន​មនុស្ស​នៅ​កម្ពុជា​បែប​ណា​ទេ​ បានជា​ធ្វើឲ្យ​ប្រជាជន​លែង​សូវ​មាន​ទំនុក​ចិត្ត​” ។

លោក​ គង់​ គឹមចាន់​ បាន​បន្ត​ថា​ ប៉ុន្តែ​មាន​កត្តា​ច្រើន​ដែល​ធ្វើឲ្យ​លែង​មាន​ទំនុក​ចិត្ត​ ហើយ​បើ​និយាយ​ពី​ធនធាន​មនុស្ស​ យើង​មាន​ច្រើន​ណាស់​ដែរ​ ប៉ុន្តែ​ដោយសារ​សេវា​ឯកជន​នៅ​តាម​ផ្ទះ​ នៅ​តាម​មូលដ្ឋាន​ មិន​មាន​ភាព​ច្បាស់លាស់​ និង​ គ្មាន​ចំណេះដឹង​គ្រប់គ្រាន់​ទើប​ធ្វើឲ្យ​ជះឥទ្ធិពល​ដល់​ធនធាន​មនុស្ស​ផ្សេង​ទៀត​ ។ លោក​បន្ត​ថា​ តាំងពី​ការ​ដឹកជញ្ជូន​តាំងពី​ការ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​តាម​មូលដ្ឋាន​មាន​ភាព​យឺតយ៉ាវ​នោះ​ហើយ​ជា​កត្តា​ជះឥទ្ធិពល​ដល់​ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទោះបី​អ្នកជំងឺ​ត្រូវ​បញ្ជូន​ដល់​មន្ទីរពេទ្យ​រដ្ឋ​ក៏ដោយ​ក៏​ពួកគេ​លែង​មាន​ទំនុក​ចិត្ត​ ។

លោក​បន្ត​ថា​ “បើ​រៀបចំ​ប្រព័ន្ធ​ពី​មូលដ្ឋាន​ឡើងវិញ​ជា​ការ​ល្អ​ ព្រោះ​អ្នក​ឈឺ​មិនមែន​តែ​អ្នក​ទីក្រុង​ទេ​ ហើយ​ខ្ញុំ​មិន​ជឿ​ថា​ពេទ្យ​ខ្មែរ​ចិញ្ចឹម​ជំងឺ​ទេ​ ព្រោះ​ពេទ្យ​ណា​ក៏​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ដែរ​” ។

និយាយ​ដល់​កង្វះ​មូលដ្ឋាន​សម្ភារៈ​ លោ​នាយក​គ្លីនិក​មេគង្គ​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​ ចំពោះ​ឧបករណ៍​យើ​ក៏​មាន​ចំនួន​ច្រើន​ ធនធាន​មនុស្ស​ក៏​ច្រើន​ ប៉ុន្តែ​យើង​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​ ដូច្នេះ​គេ​មិន​ដឹង​ទេ​ថា​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ សង្គ្រោះ​ប្រជាជន​បាន​អ្វី​ខ្លះ​ ហើយ​បន្ទាប់ពី​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​ហើយ​ តើ​យើង​អាច​ធ្វើ​បាន​ទេ​ មាន​អំណះអំណាង​ឲ្យ​គេ​ឃើញ​ទេ​ ប៉ុន្តែ​នៅ​ស្រុក​គេ​មាន​អំណះអំណាង​ហើយ​ទើប​គេ​មាន​ឧបករណ៍​ ។ លោ​បន្ត​ថា​ “យើង​ក៏​នៅ​ខ្វះខាត​ដែរ​ ដែល​យើង​ត្រូវការ​ឧបករណ៍​បន្ថែម​ និង​ ធ្វើការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​បន្ថែម​ទៀត​” ។

តើ​មន្ទីរពេទ្យ​នៅ​កម្ពុជា​ពិតជា​មាន​បញ្ហា​ដូច​ការ​លើកឡើង​ដែរ​ឬ​ទេ​?​ លោក​ សាយ​ សេងលី​ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ បាន​មាន​ប្រសាសន៍​ដោយ​ទទួលស្គាល់​ថា​ “គុណភាព​សេវា​របស់​យើង​ពិតជា​នៅ​មាន​កម្រិត​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាង​ ប៉ុន្តែ​បច្ចុប្បន្ន​យើង​បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​ទាំង​ក្រមសីលធម៌​ បច្ចេកទេស​ និង​ ការ​ថែទាំ​អ្នកជំងឺ​” ។

លោក​បាន​មាន​ប្រសាសន៍​ថា​ បើ​យើង​និយាយ​ពី​សិទ្ធិ​របស់​អតិថិជន​ និង​ អ្នក​ផ្ដល់​សេវា​ អ្នក​ផ្ដល់​សេវា​ត្រូវ​ថែទាំ​អ្នកជំងឺ​ ប៉ុន្តែ​យើង​មិន​ហាមឃាត់​ទេ​ បើ​សិន​អ្នកជំងឺ​ចង់​ទៅ​ប្រទេស​ជិតខាង​ ដើម្បី​គេ​អាច​ទៅ​រក​ការ​ព្យាបាល​ដែល​មាន​គុណភាព​ប្រសើរ​ជាង​ ។ លោក​បន្ត​ថា​ ចំពោះ​ការ​បំភ័យ​អ្នកជំងឺ​ ការ​ប្រើប្រាស់​សេរ៉ូម​ច្រើន​ មិន​សូវ​ល្អ​ទេ​ នៅ​ពេទ្យ​សាធារណៈ​របស់​រដ្ឋ​ ប៉ុន្តែ​កើត​មាន​ច្រើន​នៅ​សេវា​ឯកជន​ ដើម្បី​ពួកគេ​ទទួល​ចំណូល​បាន​ច្រើន​ ៕

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ នឹង​ចូល​ឲ្យ​តុលាការ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ១១​ កុម្ភៈ​ [ទាក់ទង​នឹង​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​បាន​ប្ដឹង​លោក​ឲ្យ​បង់​​ពិន័យ​ជាប្រាក់​ចំនួន​ ១០​លាន​រៀល​ ពី​បទ​ប្រមាថ​​ថ្នាក់ដឹកនាំ​នៅ​ពេល​លោក​ឃោសនា​បោះឆ្នោត​ ក្នុង​ ឆ្នាំ​ ២០០៨​]
  • កម្មករ​រោងចក្រ​ដេរ​ស្បែកជើង​ [ប្រមាណ​ជា​ ៣០០​] ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១២​ ថ្ងៃ​ ព្រហស្បតិ៍​ – សុក្រ​ ទី​ ៥​ – ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ ឱម​ យិនទៀង​ ប្រតិកម្ម​ចំពោះ​របាយការណ៍​អាដហុក​ [ដែល​និយាយ​ថា​ការ​រំលោភ​សិទ្ធិមនុស្ស​បាន​កើន​ឡើង​គួរឲ្យ​ព្រួយបារម្ភ​ ហើយ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់ខ្សោយ​ ពិសេស​និទ្ទណ្ឌភាព​នៃ​បទល្មើស​ – លោក​ ឱម​ យិនទៀង​ បាន​និយាយ​ថា​ “ខ្ញុំ​យល់​ថា​របាយការណ៍​របស់​សមាគម​អាដហុក​មិន​ឯករាជ្យ​ទេ​ ហើយ​បញ្ហា​ខ្លះ​មាន​កកើត​ ខ្ញុំ​មិន​បដិសេធ​ទេ​ ប៉ុន្តែ​ការ​វាយតម្លៃ​វា​ហាក់​ដូចជា​មិន​ឯកភាព​ទេ​ មិន​បាន​គ្រប់​ជ្រុងជ្រោយ​]
  • តែងតាំង​ [អតីត​អនុប្រធាន​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​] លោក​ ជា​ ជាតិ​ ជា​ប្រធាន​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​ ជំនួស​ លោក​ អ៊ុំ​ ហឿង​ ចូលនិវត្តន៍


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រទេស​ស៊ែប៊ី​ ដាក់​ទូត​ជា​លើក​ដំបូង​នៅ​កម្ពុជា
  • នាវា​ទេសចរណ៍​របស់​អាមេរិក​កំពស់​ ១០​ជាន់​ [រួម​ជាមួយ​នឹង​ភ្ញៀវ​ទេសចរណ៍​ចំនួន​ ១.៣៩៣​នាក់​ មកពី​ប្រមាណ​ជា​ ១០០​ ប្រទេស​] ចូល​ចត​នៅ​ក្រុងព្រះសីហនុ
  • ក្រុម​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​សាំងហ្គាពួរ​-តៃវ៉ាន់​ មក​សិក្សា​ស្ថានភាព​ដី​នៅ​កម្ពុជា​ ឆ្ពោះ​ទៅ​រក​ការ​វិនិយោគ
  • អាមេរិក​ព្រមាន​កូរ៉េ​ខាងជើង​ចំពោះ​ការ​បាញ់​សាកល្បង​កាំជ្រួច​ថា​ជា​ការ​បង្ក​ហេតុ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ឧត្ដមសេនីយ៍​យោធា​ ១៩​នាក់​ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ សម្ដេច​ ហ៊ុន​ សែន​ បន្ទាប់​ដក​ ឯកឧត្ដម​ កែ​ គឹមយ៉ាន


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៣៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [រដ្ឋមន្ត្រី​ក្រសួងការបរទេស​] ហោ​ ណាហុង​ ទារ​ជម្ងឺ​ចិត្ត​ពី​ [មេដឹកនាំ​គណបក្ស​ប្រឆាំង​] សម​ រង្ស៊ី​ ១០​ម៉ឹន​អឺរ៉ូ​ តែ​តុលាការ​បារាំង​កាត់​ឲ្យ​ មួយ​អឺរ៉ូ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រជាពលរដ្ឋ​ដីក្រហម​ លើក​គ្នា​តវ៉ា​មុខ​ស្នាក់​ការ​ក្រុមហ៊ុន​ 7NG​ ទាមទារ​សំណង​ ២​ម៉ឺន​ដុល្លារ​ [ក្នុងចំណោម​គ្រួសារ​ដែល​រស់នៅ​តំបន់​ដីក្រហម​ចំនួន​ ១.៤៦៥​ មាន​ ៤៥​គ្រួសារ​ដែល​នៅ​ព្យាយាម​ទាមទារ​សំណង​ចំនួន​ ២​ម៉ឺន​ដុល្លារ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ជប៉ុន​ និង​ ន័រវេស​] អំពាវនាវ​ដល់​ឧទ្ទាម​ខ្លាតាមិល​បំបែក​ខ្លួន​ឲ្យ​ចុះចូល​សារភាព​ [ព្រោះ​វាសនា​របស់​ពួកគេ​កាន់តែ​ខិត​ចូល​ជិត​ដល់​ទី​បញ្ចប់​ ដោយសារតែ​ការ​វាយ​លុក​របស់​រដ្ឋាភិបាល​ស្រីលង្កា​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [លោក​ វ៉ាន់​ រិទ្ធិ​ ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​] មនុស្ស​ស្និទ្ធ​ ប៉ុល​ ពត​ ស្លាប់​ម្នាក់​ទៀត​ ជា​ការ​បាត់បង់​សាក្សី​ដ៏​សំខាន់​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ [បើ​យោង​តាម​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ គាត់​បាន​ស្លាប់​កាលពី​ចុង​​ឆ្នាំ​ ២០០៨​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មិនមែន​តែ​អ្នកមាន​ទេ​ អ្នក​មធ្យម​ក៏​ទៅ​រក​ពេទ្យ​បរទេស​ដែរ
  • ការ​ចរចា​នៅ​បាងកក​ ៖​ ថៃ​បន្ត​ទាមទារ​ការ​ប្រើ​ពាក្យ​ប្រាវិហាន​ នាំឲ្យ​រាំងស្ទះ​ការ​បោះ​បង្គោល​ព្រំដែន
  • ស្វែងរក​កុមារ​ ៥​នាក់​ នៅ​រស់​ពី​គុក​ទួលស្លែង​ [នៅ​ក្នុង​ឯកសារ​ភាពយន្ត​អំពី​គុក​ទួលស្លែង​ដែល​​ផ្ដល់​ដោយ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ​] ដើម្បី​ជា​សាក្សី​រស់
  • រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ថ្មី​មួយ​ដោះស្រាយ​បញ្ហា​អ្នក​វិនិយោគ
  • បារាំង​ចែចូវ​ស្មូម​កូន​ចិញ្ចឹម​ តែ​កម្ពុជា​ស្នើ​ឲ្យ​ពិចារណា​លើ​បញ្ហា​មួយ​ចំនួន​ [១​. តើ​អ្នក​នៅ​លីវ​ចាំបាច់​ត្រូវ​ស្នើសុំ​កូន​យក​ទៅ​ចិញ្ចឹម​ដែរ​ឬ​ទេ​?​ ២​. ចំពោះ​គ្រួសារ​ដេល​មាន​កូន​ពីរ​រួច​ហើយ​ តើ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឬ​ទេ​?​ និង​ ៣​. ចំពោះ​គ្រួសារ​ភេទ​ដូចគ្នា​ តើ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឬ​ទេ​?​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាលាក្ដី​ខ្មែរក្រហម​បាន​ទទួល​ពាក្យបណ្ដឹង​ចំនួន​ ៩៤​ ក្នុង​សំណុំរឿង​អតីត​មេ​គុក​ទួលស្លែង​ ឌុច​ [កាំង​ ហ្គេចអ៊ាវ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជាភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: