Global Witness​ ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ ការ​ផ្ដល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ – ថ្ងៃ​ សុក្រ​ ទី​ ៦​ កុម្ភៈ​ ២០០៩​

Posted on Friday, 6 February 2009. Filed under: សប្ដាហ៍ទី ៥៣៥ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៥

អង្គការ​ Global Witness​ បាន​ចេញ​របាយការណ៍​ ឆ្នាំ​ ២០០៨​ ដែល​មាន​ចំណងជើង​ធំ​ៗ​លើ​ក្រប​មុខ​នៃ​សៀវភៅ​នេះ​ សរសេរ​ថា​ “ប្រទេស​ជាតិ​លក់​ របៀប​ដែល​ពួក​ភេរវជន​កម្ពុជា​បាន​ចាប់​ក្ដោប​ឧស្សាហកម្ម​ដកស្រង់​ធនធាន​របស់​ប្រទេស​” សៀវភៅ​នេះ​បាន​សរសេរ​រៀបរាប់​ពី​អាថ៌កំបាំង​ និង​ ការ​ប្រព្រឹត្ត​អំពើពុករលួយ​ និង​ ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្ដល់​សម្បទាន​ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ចោល​រាល់​ការចោទប្រកាន់​របស់​អង្គការ​ Global Witness​ ។

អង្គការ​ Global Witness​ ដែល​ជា​អង្គការ​ឃ្លាំមើល​ធនធានធម្មជាតិ​ពិភពលោក​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុង​ ប្រទេស​អង់គ្លេស​ កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ បាន​ដាក់​ចំណងជើង​ថា​ “ប្រទេស​កម្ពុជា​ ជា​ប្រទេស​សំរាប់​លក់​ ដែល​ក្នុង​របាយការណ៍​នោះ​បាន​លាតត្រដាង​ជាច្រើន​អំពី​មន្ត្រី​កំពូល​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​សង្ស័យ​ថា​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ក្នុង​អំពើពុករលួយ​ បំផ្លិចបំផ្លាញ​ព្រៃឈើ​ និង​ រ៉ែ​ធម្មជាតិ​ ។

របាយការណ៍​អង្គការ​ Global Witness​ បាន​បង្ហាញ​ថា​ ក្នុង​រយៈពេល​ ១៥​ឆ្នាំ​ កន្លងមក​នេះ​ ផ្ទៃដី​របស់​ប្រទេស​កម្ពុជា​ចំនួន​ ៤៥​%​ ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន​បរទេស​ ហើយ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​ដែល​បាន​កើត​ចេញពី​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ឯកជន​ដើម្បី​បង់​ឲ្យ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ដី​សម្បទាន​របស់​ពួកគេ​នោះ​ ត្រូវ​គេ​ដឹង​ថា​ បាន​បាត់​ពី​ការ​ចុះបញ្ជី​នៅ​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ។ អង្គការ​ Global Witness​ បាន​បញ្ជាក់​ទៀត​ថា​ ការស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០០៨​ រក​ឃើញ​ថា​ អាជ្ញាប័ណ្ណ​ក្នុង​ការ​រុករក​រ៉ែ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​យ៉ាង​សំងាត់​នៃ​ក្រុម​មន្ត្រី​កាន់​អំណាច​ និង​ ក្រុម​សាច់ញាតិ​របស់​ពួកគេ​ ហើយ​ជាពិសេស​នោះ​គ្រប់គ្រង​ដោយ​ក្រុម​មន្ត្រី​យោធា​កំពូល​ៗ​របស់​ប្រទេស​កម្ពុជា​ ។ មន្ត្រី​យោធា​កំពូល​ៗ​នោះ​មាន​ ឧត្ដមសេនីយ៍​ អ៊ុក​ កោសា​ មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ទទួលបន្ទុក​តំបន់​អភិវឌ្ឍន៍​យោធា​, លោក​ ចម​ បុរី​ ជា​បងប្អូន​ប្រុស​របស់​លោក​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិដ្ឋិ​ និង​ ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​, លោក​ឧកញ៉ា​ ឌី​ ចូច​ ឬ​ ហ៊ុន​ ចូច​ ជា​បងប្អូន​ជីដូនមួយ​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​, ឧត្ដមសេនីយ៍​ មាស​ សុភា​ មេបញ្ជាការ​កងទ័ព​ជើងគោក​, លោក​ឧកញ៉ា​ លី​ យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​ ។ លោក​ ឱម​ យ៉ិនទៀង​ ទីប្រឹក្សា​ពិសេស​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​, លោក​ ឡៅ​ ម៉េងឃិន​ ព្រឹទ្ធសមាជិក​ និង​ជា​នាយក​ក្រុមហ៊ុន​ ភាពីម៉ិច​, ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ និង​ ឧកញ៉ា​ ទ្រី​ ភាព​ ។

របាយការណ៍​អង្គការ​ Global Witness​ បាន​រក​ឃើញ​ថា​ កងកម្លាំង​នៃ​កងយោធពលខេមរភូមិន្ទ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​យាមកាម​នៅ​តំបន់​ដែល​សំបូរ​ភោគទ្រព្យ​រ៉ែ​ ដូចជា​នៅ​ខេត្ត​ព្រះវិហារ​ ខេត្ត​ស្ទឹងត្រែង​ ខេត្ត​ពោធិ៍សាត់​ ហើយ​ដីធ្លី​នៅ​ក្នុង​តំបន់​នោះ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​រឹបអូស​យក​ដោយ​ការ​គំរាមកំហែង​ និង​ អំពើ​ហិង្សា​ ។ របាយការណ៍​ដដែល​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ពី​ស្ថាប័ន​មួយ​ដែល​ទទួលបន្ទុក​ខាង​ឧស្សាហកម្ម​ប្រេង​ និង​ ឧស្ម័ន​ ឬ​ហៅថា​ អាជ្ញាធរ​ប្រេង​ជាតិ​កម្ពុជា​នោះ​ គឺជា​ស្ថាប័ន​មួយ​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​ និង​ គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល​ គឺ​គ្រប់គ្រង​ដោយ​ លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ ។

អង្គការ​ Global Witness​ ក៏​បាន​និយាយ​ផង​ដែរ​ថា​ គ្រប់​ក្រសួង​មន្ទីរ​ស្ថាប័ន​ នីតិ​បញ្ញត្តិ​ទាំងអស់​ គ្មាន​អំណាច​ ឬ​ សមត្ថកិច្ច​លើ​ស្ថាប័ន​នោះ​ឡើយ​ ។ របាយការណ៍​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ ក្រុម​អ្នក​នយោបាយ​ អ្នកមាន​អំណាច​ដដែល​ៗ​ដែល​តែងតែ​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ឥឡូវនេះ​ជា​អ្នក​ចាត់ចែង​គ្រប់គ្រង​ធនធាន​រ៉ែ​ និង​ ប្រេង​ ហើយ​ក្រុម​អ្នកមាន​អំណាច​មួយ​ក្ដាប់​តូច​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​កម្ពុជា​នោះ​ បាន​លក់​ដី​សម្បទាន​ដែល​មាន​តម្លៃ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដោយ​គ្មាន​តម្លាភាព​ ។ Global Witness​ បាន​បង្ហាញ​ទៀត​ថា​ ធនធាន​រ៉ែ​ និង​ ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានតែ​ម្ដង​ទេ​ នៅ​ពេល​ដែល​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​ទាំងនោះ​ផុត​រលត់​អស់​ វា​នឹង​អស់​ជា​រៀង​រហូត​ ។ រាល់​ការចោទប្រកាន់​ទៅលើ​ ឧត្ដមសេនីយ៍​ ឧកញ៉ា​ និង​ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ខ្លះ​ដែល​អង្គការ​ Global Witness​ បាន​ចោទប្រកាន់​ថា​បាន​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ​នោះ​ មាន​ ឧត្ដមសេនីយ៍​ អ៊ុក​ កោសា​, លោក​ ចម​ បុរី​, លោក​ ឌី​ ចូច​ ឬ​ ហ៊ុន​ ចូច​, លោក​ឧត្ដមសេនីយ៍​ មាស​ សុភា​, លោក​ព្រឹទ្ធសមាជិក​ លី​ យ៉ុងផ៉ាត់​, លោក​ព្រឹទ្ធសមាជិក​ ឡៅ​ ម៉េងឃីន​ និង​ លោក​ឧកញ៉ា​ ទ្រី​ ភាព​ នោះ​ នៅ​ពុំ​ទាន់​ទំនាក់ទំនង​សុំ​សេចក្ដី​អត្ថាធិប្បាយ​បំភ្លឺ​ពី​អស់លោក​ទាំងនោះ​បាន​នៅ​ឡើយ​ទេ​ ។ ប៉ុន្តែ​មាន​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​អង្គការ​ Global Witness​ បាន​ឆ្លើយ​សម្ភាសន៍​ ដោយ​អះអាង​ថា​របាយការណ៍​របស់​អង្គការ​ Global Witness​ គឺជា​របាយការណ៍​បំផ្លើស​ពី​ការពិត​ និង​ ជា​របាយការណ៍​ភូត​កុហក​ ។

លោក​ ឱម​ យ៉ិនទៀង​ ទីប្រឹក្សា​ពិសេស​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​អង្គការ​ Global Witness​ រក​ឃើញ​ថា​ជា​អ្នក​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​រុករក​រ៉ែ​ដ៏​ស្ងៀមស្ងាត់​នោះ​ បាន​មាន​ប្រសាសន៍​បដិសេធ​ថា​ អង្គការ​ Global Witness​ បាន​មួលបង្កាច់​បង្ខូច​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ​ ។ លោក​បាន​ថ្លែង​បន្ត​ទៀង​ថា​ “ខ្ញុំ​គិត​ថា​ Global Witness​ វា​ដឹង​ខុស​ដឹង​ត្រូវ​ មាន​ជំនឿ​គោរព​ការពិត​អី​ ហៅ​ទៅ​ស្បថ​មួយ​ទៅ​ បើ​ខ្ញុំ​បាន​ធ្វើ​អញ្ចឹង​ឲ្យ​វា​ងាប់​ចុះ​ បើ​វា​អត់​វិញ​ឲ្យ​វា​ងាប់​ចុះ​ ។ និយាយ​អញ្ចឹង​វា​ឆាប់​ជឿ​អ្នកស្ដាប់​ហ្នឹង​វិនិច្ឆ័យ​ស្ដាប់​តាម​ហ្នឹង​ទៅ​ ។ ប៉ុន្តែ​ពួក​ហ្នឹង​ខ្ញុំ​ជឿ​ថា​អញ្ចឹង​ បើ​ភរ​គេ​ហើយ​មិន​ខ្វះ​រឿង​ភរ​បន្តបន្ទាប់​ទេ​ អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​ វា​គ្មាន​អី​ប្លែក​ប៉ុន្មាន​ ពួក​ហ្នឹង​ភរ​រាប់​ឆ្នាំ​មក​ហើយ​តើ​ ពួក​ហ្នឹង​មួលបង្កាច់​ស្រុក​ខ្មែរ​រាប់​ឆ្នាំ​” ។

ដោយឡែក​ លោក​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ បាន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​តប​ទៅ​នឹង​របាយការណ៍​អង្គការ​ Global Witness​ ថា​លោក​មិន​អាច​ទទួលយក​បាន​ទេ​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​របស់​អង្គការ​នេះ​ ។ លោក​ ទៀ​ បាញ់​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ អ្នក​ដែល​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​រុករក​រ៉ែ​ គឺ​សុទ្ធតែ​ស្រប​ច្បាប់​ទាំងអស់​ ។

ហើយ​លោក​នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ ដែល​ត្រូវ​បាន​អង្គការ​ Global Witness​ សរសេរ​ចុះ​ក្នុង​របាយការណ៍​ថា​បាន​ទទួល​អាជ្ញាប័ណ្ណ​ក្នុង​ការ​រុករក​រ៉ែ​ដោយ​ស្ងាត់​ៗ​នោះ​ គឺ​លោក​បាន​មាន​ប្រសាសន៍​បដិសេធ​ថា​ លោក​មិនមែន​ជា​អ្នក​ជំនួញ​នោះ​ទេ​ លោក​គ្រាន់តែ​ជា​យោធា​ម្នាក់​ប៉ុណ្ណោះ​ ។ លោក​ ប៉ុល​ សារឿន​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ “អត់​ទេ​ ខ្ញុំ​មិន​ដែល​មាន​ក្រុមហ៊ុន​ណា​ទេ​ ខ្ញុំ​មិន​ដែល​រកស៊ី​ ខ្ញុំ​ធ្វើ​ទាហាន​ទេ​ តើ​ Global Witness​ ចោទប្រកាន់​គេ​តែផ្ដេសតែផ្ដាស​គ្មាន​ដឹង​អី​អញ្ចឹង​ ដូចជា​មើលងាយ​គេ​ពេក​” ។

លោក​ អ៊ិត​ ប្រាង​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ ថាមពល​ បាន​មាន​ប្រសាសន៍​ថា​ ធនធាន​រ៉ែ​ប្រេងកាត​ដែល​មាន​គំរោង​រុករក​នោះ​ គឺ​ពុំ​ទាន់​មាន​ជា​លទ្ធផល​មួយ​រយ​ភាគរយ​នៅ​ឡើយ​ទេ​ ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ល្ងង់​ក្នុង​ការគ្រប់គ្រង​ធនធាន​ទាំងនោះ​ឡើយ​ ។

លោក​ អ៊ិត​ ប្រាង​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ “មក​ដល់​ពេលនេះ​ ប្រេងកាត​មិន​ទាន់​បាន​ជា​លទ្ធផល​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់តែ​ថា​ វា​អាច​ថា​មាន​ ដូច្នេះ​មិន​ទាន់​គិត​ថា​យក​ទៅ​ធ្វើ​ស្អី​ខ្លះ​នោះ​ទេ​ ព្រោះអី​របស់​យើង​មិន​ទាន់​មាន​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ល្ងង់​ក្នុង​ការ​បែងចែក​ផល​ធនធាន​របស់​ខ្លួន​ទេ​” ។ លោក​ ប្រាជ្ញ​ សុន​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​រុករក​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​នោះ​ គឺជា​ក្រុមហ៊ុន​បរទេស​ដែល​មកពី​ប្រទេស​ចិន​ ឬ​ អូស្ត្រាលី​ ។ ហើយ​ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា​ គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​រ៉ែ​ឆៅ​ទាំងនោះ​ទៅ​ប្រទេស​របស់​គេ​ឡើយ​ ។

អង្គការ​ Global Witness​ បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ឧកញ៉ា​ ឧត្ដមសេនីយ៍​ ក្រុមហ៊ុន​ដែល​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ដែល​រហូត​មិន​ទាន់​បាន​គ្រប់​នៅ​ឡើយ​ទេ​ សូម្បីតែ​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​អង្គការ​ Global Witness​ មិន​ទាន់​បាន​ទទួល​ចំលើយ​ប្រតិកម្ម​តប​នៅ​ឡើយ​ រហូតដល់​ថ្ងៃ​ចេញ​របាយការណ៍​នេះ​ជា​ផ្លូវការ​ ។ ក៏ប៉ុន្តែ​មាន​តែ​ក្រុមហ៊ុន​ ចិន​ លីភឿង​ ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​បំភ្លឺ​ ហើយ​អង្គការ​ Global Witness​ មិន​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​នោះ​ឆ្លើយ​យ៉ាងណា​នោះ​ទេ​ ។

លោក​ ខេវិន​ ហេមិន​ នាយក​អង្គការ​ Global Witness​ បាន​មាន​ប្រសាសន៍​ថា​ អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​ធ្វើ​នោះ​ គឺ​កុំ​ផ្ដល់​សម្បទាន​ថ្មី​រហ័ស​ពេល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ហើយ​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​ ហើយ​ត្រូវតែ​ធ្វើ​សវនកម្ម​ទៅលើ​សម្បទាន​ទាំងឡាយ​ណា​ដែល​បាល​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​រួច​ហើយ​ ។ លោក​បន្ត​ទៀត​ថា​ បណ្ដាល​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​អន្តរជាតិ​គួរតែ​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​កុំឲ្យ​ផ្ដល់​សម្បទាន​ថ្មី​រហ័ស​ពេល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​រុករក​រ៉ែ​ ហើយ​ត្រូវ​ត្រួតពិនិត្យ​មើល​ឡើងវិញ​ ហើយ​របាយការណ៍​នេះ​បាន​រក​ឃើញ​ថា​ មាន​ក្រុមហ៊ុន​ ៧០​ បាន​ទទួល​សម្បទាន​រួច​មក​ហើយ​ ហើយ​កំពុង​រុករក​រ៉ែ​ សម្បទាន​ទាំងនោះ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​ពុំ​មាន​លក្ខណៈ​ច្បាស់លាស់​ ពីព្រោះ​គ្មាន​ប្រព័ន្ធ​ផ្ដល់​សម្បទាន​ឡើយ​ ក្រៅតែ​ពី​ផ្ដល់​ទៅ​ឲ្យ​ខ្សែស្រឡាយ​ពួក​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ ។ លោក​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ធនធាន​រ៉ែ​ពីសំណាក់​ក្រុមហ៊ុន​បរទេស​ទាំងនោះ​ ហើយ​ជះឥទ្ធិពល​បណ្ដាលឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា​ ហើយ​រដ្ឋាភិបាល​ត្រូវ​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​ ។

Global Witness​ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង់​ប្រាក់​ទៅ​ឲ្យ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ហើយ​ប្រាក់​ទាំងនោះ​ប្រហែល​មិន​បាន​ដាក់​បញ្ចូល​ក្នុង​រតនាគារជាតិ​នោះ​ទេ​ ។ របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា​ ក្រុមហ៊ុន​រុករក​រ៉ែ​ត្រូវ​បាន​បញ្ជា​ឲ្យ​បង់លុយ​ទឹកតែ​លើ​ការ​ចុះហត្ថលេខា​ដែល​ជា​ការ​តថ្លៃ​ឲ្យ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ដូចជា​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​មួយ​ឈ្មោះ​ ភីធី​ មេឌីកូ​.. បាន​ចំណាយ​ទឹកប្រាក់​សរុប​ ៧,៥​លាន​ដុល្លារ​ ទៅ​ឲ្យ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ក្នុង​រយៈពេល​កន្លងមក​ ។ ជាង​នេះ​ទៀត​ ក្រុមហ៊ុន​នីមួយ​ៗ​ដែល​មាន​ភាគហ៊ុន​ក្នុង​ការ​រុករក​រ៉ែ​តាម​កិច្ចសន្យា​សំរាប់​តំបន់​សម្បទាន​នោះ​ ក៏​ត្រូវ​តម្រូវ​ឲ្យ​បង់​ប្រាក់​ឈ្នួល​ជា​ប្រចាំ​ឆ្នាំ​ដែរ​ ។ គឺ​នៅ​ឆ្នាំ​ដំបូង​គឺ​ត្រូវ​បង់​ប្រាក់​ឈ្នួល​ចំនួន​ ៨​សែន​ដុល្លារ​ ក្នុង​ការ​ធ្វើ​អាជីវកម្ម​នី​មួយ​ៗ​ ។

អង្គការ​ Global Witness​ បាន​បញ្ជាក់​ទៀង​ថា​ លុយ​ទាំងនោះ​ពុំ​ឃើញ​បាន​ចុះ​ក្នុង​បញ្ជី​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ នោះ​ទេ​ នៅ​ឆ្នាំ​ ២០០៦​ ឬ​ ឆ្នាំ​ ២០០៧​ ។ របាយការណ៍​នេះ​បាន​រាយការណ៍​ទៀត​ថា​ ក្រុមហ៊ុន​មួយ​ឈ្មោះ​ ភីធើរៀម​ ធីអូសឺវីស​ កំពុង​រុករក​ប្រេងកាត​ក្នុង​អាង​បឹងទន្លេសាប​ ដែល​ជា​អាង​ធំ​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​ជា​ជម្រក​ផ្ដល់​ត្រី​ពី​ ៤០​ ទៅ​ ៧០​%​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ អាង​បឹងទន្លេសាប​ជា​ផ្នែក​មួយ​ការពារ​ជីវចំរុះ​នៃ​អង្គការ​ យូនីស្កូ​ ។ Global Witness​ បាន​រិះគន់​ទៅដល់​បណ្ដាល​ប្រទេស​ជំនួយ​មិន​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ពី​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ដើម្បីឲ្យ​មាន​ការ​ធ្វើ​ដ៏​ប្រសើរ​ខាង​ផ្នែក​អភិបាលកិច្ច​នោះ​ទេ​ ជំនួយ​អន្តរជាតិ​សំរាប់​ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​ស្មើ​នឹង​ពាក់កណ្ដាល​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំ​ៗ​ ៕ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣៦​ ថ្ងៃ​ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១៣​ ថ្ងៃ​ សុក្រ​ – អាទិត្យ​ ទី​ ៦​ – ៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គណបក្ស​ សម​ រង្ស៊ី​ តែងតាំង​ លោកស្រី​ កែ​ សុវណ្ណរតន៍​ ជា​អគ្គលេខាធិការ​ [ដែល​កាលពីមុន​លោកស្រី​ជា​ អគ្គលេខាធិការ​ស្ដីទី​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣៦​ ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • Global Witness​ ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ ការ​ផ្ដល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦៦​ ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រទេស​កម្ពុជា​បើក​វេទិកា​សេដ្ឋកិច្ច​លើក​ទី​ ៣​ [ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ធនាគារ​ពិភពលោក​ និង​ ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៨​ ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • កម្លាំង​ប៉េអិម​ឡោមព័ទ្ធ​ក្រុមហ៊ុន​ Mibitel​ និង​ ស្ថានីយ​ទូរទស្សន៍​ CTN​ [របស់​ឧកញ៉ា​ គិត​ ម៉េង​] គ្មាន​អ្នក​ដឹង​មូលហេតុ
  • កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ កម្ពុជា​ – ថៃ​ ធ្វើ​នៅ​ថ្ងៃនេះ​ ក្នុង​ទីក្រុង​ភ្នំពេញ​ [ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧១​ ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សោកនាដកម្ម​គ្រួសារ​កសិករ​បរទេស​ដឹក​អុស​ កិន​មីនតោន​ ផ្ទុះ​ស្លាប់​៣​ របួស​ធ្ងន់​ និង​ ស្រាល​២​ [បុរស​ជា​ឪពុក​ និង​ កូនប្រុស​តូច​ៗ​ចំនួន​ ២​នាក់​ បាន​ស្លាប់​ រីឯ​កូនស្រី​ អាយុ​ ៦​ឆ្នាំ​ បាន​រង​របួស​ធ្ងន់​ និង​ ប្រពន្ធ​បាន​រង​របួស​ស្រាល​ – ខេត្ត​បាត់ដំបង​]
  • ថយ​រថយន្ត​ចេញពី​ផ្ទះ​ បុក​សិស្ស​ម្នាក់​ [ស្រី​] ផ្ទប់​របង​ស្លាប់​ [ប៉ូលិស​បាន​និយាយ​ថា​កំពុង​កសាង​សំណុំរឿង​ និង​ បញ្ជូន​ទៅ​តុលាការ​ក្រុងភ្នំពេញ​ ដើម្បី​ស្នើសុំ​ដីកា​ចាប់ខ្លួន​ស្ត្រី​អ្នក​បើកបរ​រថយន្ត​រូប​នោះ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨០​ ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អចលនទ្រព្យ​ កែ​ គឹមយ៉ាន​ ត្រូវ​រឹបអូស​ទុក​ជា​សម្បត្តិ​របស់​គណបក្ស​ប្រជាជន​ [នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]
  • ទាហាន​យោធភូមិភាគ​១​ [ប្រមាណ​ជា​ ២០​នាក់​ ] បន្ត​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​យ៉ាង​កំរោល​ [ដោយ​បាន​គំរាមកំហែង​បាញ់​សម្លាប់​អ្នក​ដែល​ហ៊ាន​នាំគ្នា​តវ៉ា​ការពារ​ដី​របស់​ខ្លួន​ – ភូមិ​រាជានុកុល​ ឃុំ​ស្ទឹងត្រែង​ ស្រុក​ស្ទឹងត្រែង​ ខេត្ត​ស្ទឹងត្រែង​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨១៤​ ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ហ្វីលីពីន​បាន​កាត់បន្ថយ​ពន្ធ​នាំចូល​ពី​កម្ពុជា
  • ក្រសួងការបរទេស​សន្យា​ថា​ធ្វើ​បច្ចុប្បន្នភាព​វេបសាយ​ [ក្រោយពី​មាន​ការ​រិះគន់​ពី​មតិ​សាធារណៈ​ដែល​និយម​ប្រើប្រាស់​វេបសាយ​ ប៉ុន្តែ​ឯកសារ​ខ្លះ​ៗ​ត្រូវ​បាន​បដិសេធ​មិន​ចុះផ្សាយ​ ដោយ​សំអាង​លើ​ការ​រក្សា​ការណ៍សម្ងាត់​របស់​ជាតិ​]
  • ក្រសួងសុខាភិបាល​បង្កើត​នគរបាល​យុត្តិធម៌​ដើម្បី​រឹត​បន្តឹង​សេវា​ឯកជន​ខុសច្បាប់
  • អ្នក​វិនិយោគទុន​ជប៉ុន​ ពេញចិត្ត​នឹង​គម្រោង​វិនិយោគ​តាម​ឆ្នេរ​នៅ​កម្ពុជា​ [ក្នុង​ខេត្ត​កោះកុង​]
  • ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចុះហត្ថលេខា​ជាមួយ​ធនាគារ​ស៊ីធី​ លើ​ការ​បណ្ដុះបណ្ដាល​គ្រប់គ្រង​សេវា​មូលបត្រ​ [មន្ត្រី​ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​ត្រូវ​បញ្ជូន​ទៅ​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​ធនាគារ​ពិភពលោក​នៅ​ក្នុង​ទីក្រុង​ញីវយ៉ក​]
  • មន្ត្រី​ទូរទស្សន៍​ជាតិ​ខេត្ត​ពោធិ៍សាត់​ ត្រូវ​ឃាតក​សម្លាប់​ក្នុង​ផ្ទះសំណាក់​ [ស្ត្រី​ម្នាក់​ដែល​បាន​ជួល​បន្ទប់​ផ្ទះ​សំណាក់​ដើម្បី​ដេក​ជាមួយ​បុរស​ដែល​ត្រូវ​បាន​សម្លាប់​ និង​បុរស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ជួល​បន្ទប់​មួយ​នៅ​ក្បែរ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជាប់​ពាក់​ពាន់​នឹង​ការ​ប្លន់​សម្លាប់​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨១​ ថ្ងៃ​ សុក្រ​ ទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រដ្ឋាភិបាល​ក្រុង​តូក្យូ​ បិទ​ផ្លូវ​ [នាយករដ្ឋមន្ត្រី​បណ្ដេញ​ចេញ​] ថាក់ស៊ីន​ ចូល​ប្រទេស​ជប៉ុន

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: