ការ​ត្រួតពិនិត្យ​ ៖​ រូបភាព​អាសអាភាស​ដ៏​មិន​គួរ​នឹង​និយាយ​ មាន​ដាក់​បង្ហាញ​តាម​វ៉ិបសាយ​រាប់​ពាន់​នៅ​តាម​អ៊ីនធឺណិត​ – សិល្បករ​ខ្មែរ​មួយ​រូប​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 11 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៤ |

នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រយៈពេល​បី​ថ្ងៃ​ ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០០១​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សុន្ទរកថា​បើក​ពិធី​ប្រជុំ​ស្ដី​ អំពី​ការ​យល់ដឹង​ជា​សាធារណៈ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន ។ ជា​ការ​ត្រួសត្រាយ​សម្រាប់​ពេល​អនាគត​ សម្ដេច​បាន​ថ្លែង​ថា​ ៖

“អាទិភាព​កំពូល​របស់​រដ្ឋាភិបាល​គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ – IT – ដើម្បី​នឹង​ឆ្លើយតប​តាម​សេចក្ដី​ត្រូវការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ប្រជាជន​ ។ IT​ គួរតែ​ក្លាយ​ជា​មធ្យោបាយ​មួយ​អាច​ឲ្យ​ផល​ល្អ​សម្រាប់​សាធារណជន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទទួលយក​ព័ត៌មាន​ទាក់ទង​នឹង​សេចក្ដី​សម្រេច​ធ្វើ​ដោយ​រដ្ឋាភិបាល​ និង​ ការ​អនុវត្តិ​កិច្ចការ​របស់​រដ្ឋាភិបាល​ស្រប​តាម​គោលការណ៍​តម្លាភាព​ និង​ អភិបាលកិច្ច​ល្អ​… ។

“IT​ នឹង​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ ធានា​តម្លាភាព​ លើកកម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​ការងារ​រដ្ឋាភិបាល​ និង​ សហគមន៍​ ។ ស្ដីពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ និង​ សង្គម​វិញ​ IT​ នឹង​ធ្វើឲ្យ​ល្អ​ប្រសើរ​នូវ​ការ​ផ្ដល់​សេវា​សាធារណៈ​សំខាន់​ៗ​ដល់​ប្រជាជន​មូលដ្ឋាន​ និង​ បង្ក​លក្ខណៈ​ឲ្យ​គេ​អាច​តាមដាន​ និង​ ទទួល​បាន​ដោយ​ទៀងទាត់​ និង​ ទាន់​ពេល​នូវ​ព័ត៌មាន​គ្រប់​ប្រភេទ​” ។

ក្នុង​ខែ​កុម្ភៈ​ កាលពី​ឆ្នាំ​ទៅមិញ​ សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​តម្លាភាព​ជា​ថ្មី​ម្ដងទៀត​ កាន់តែ​ច្បាស់លាស់​ឡើង​ ទាក់ទង​នឹង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ន័យ​ជា​មធ្យោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​ ។ នៅ​ក្នុង​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ​ដ៏​សំខាន់​របស់​សម្ដេច​ សន្និសីទ​ស្ដីពី​កម្ពុជា​ ២០០៨​ ក្នុង​ដំណើរ​ប្រមើល​មើល​ក្នុង​អនាគត​ ៖​ ការ​ប្រើប្រាស់​ធនធាន​កម្ពុជា​ – ធនធាន​មនុស្ស​ ធនធាន​ធម្មជាតិ​ ធនធាន​ហិរញ្ញវត្ថុ​ – សម្រាប់​អភិវឌ្ឍ​គុណភាព​ ការ​រីក​លូតលាស់​ និង​ វិបុលភាព ដែល​នៅ​ពេលនេះ​សម្ដេច​បាន​ថ្លែង​ថា​ ៖

“វិស័យ​ឯកជន​មួយ​ដែល​មាន​ដំណើរការ​រីកចម្រើន​ល្អ​ធម្មតា​ គឺជា​គន្លឹះ​នៃ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រឹងមាំ​ ហើយ​អាស្រ័យ​ដោយ​ហេតុ​នេះ​ រដ្ឋាភិបាល​គួរតែ​ធានា​ឲ្យ​បាន​នូវ​ក្រប​ខណ្ឌ​ច្បាប់​សម្រាប់​ការ​ប្រកួតប្រជែង​តាម​យុត្តិធម៌​ មាន​តម្លាភាព​ គណនេយ្យ​ភាព​ និង​ ទំនាក់ទំនង​ផលិតកម្ម​ជាមួយ​វិស័យ​ឯកជន​ ។ បរិយាកាស​រួម​សម្រាប់​ការងារ​សហគ្រាស​ នឹង​ត្រូវ​ពង្រឹង​តាមរយៈ​អភិបាលកិច្ច​ល្អ​ ដែល​ត្រូវ​បាន​ពង្រីក​ និង​ អភិវឌ្ឍន៍​ធនធាន​មនុស្ស​ ។ ផ្នែក​សាធារណៈ​ក៏​គួរតែ​ខ្លាំង​ដើម្បី​កែតម្រូវ​ចំណុច​ខ្វះខាត​របស់​ទីផ្សារ​ ជា​សំខាន់​គឺ​ដើម្បី​ជួយ​ឲ្យ​បាន​ដល់​ជន​ក្រីក្រ​ និង​ អ្នក​ទន់ខ្សោយ​បាត់​ប្រៀប​” ។

រយៈពេល​រាប់​ថ្ងៃ​រាប់​សប្ដាហ៍​កន្លងមក​ថ្មី​ៗ​នេះ​ ប្រហែលជា​បាន​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ទំនាក់ទំនង​បើកចំហ​ និង​ មាន​តម្លាភាព​ដូច​ដែល​សន្យា​ – ដោយ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ ទូរស័ព្ទ​ និង​ ការ​និយាយ​គ្នា​ផ្ទាល់​ ។

ប៉ុន្តែ​គួរឲ្យ​ស្ដាយ​ ទោះជា​មាន​ការ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀង​ថា​នឹង​បង្កើត​ឲ្យ​មាន​អ្នកនាំពាក្យ​ជា​ផ្លូវការ​ក្នុង​បណ្ដា​ក្រសួង​ និង​ ទីភ្នាក់ងារ​រដ្ឋាភិបាល​ដទៃ​ទៀត​ក្ដី​ ហើយ​រហូតដល់​បាន​បណ្ដុះបណ្ដាល​មន្ត្រី​ ១៨​នាក់​ សម្រាប់​បំពេញ​ភារកិច្ច​នេះ​ ព្រមទាំង​បាន​ផ្ដល់​លិខិត​បញ្ជាក់​ដល់​គេ​ផង​ក្ដី​ ក៏​វា​ពិតជា​មាន​បញ្ហា​មួយ​ដែល​ថា​ការ​សន្យា​ឲ្យ​មាន​តម្លាភាព​ជា​មូលដ្ឋាន​ – “សម្រាប់​ឲ្យ​សាធារណជន​អនុវត្ត​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​សេចក្ដី​សម្រេច​ធ្វើ​ដោយ​រដ្ឋាភិបាល​” ដូច​ដែល​សម្ដេច​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ស្រាប់​ – នោះ​មិន​ត្រូវ​ចាត់​ទុក​ជា​សំខាន់​ទេ​ ។

ទាក់ទង​នឹង​ការ​បណ្ដេញ​ប្រជាជន​ចេញពី​តំបន់​ដីក្រហម​ ដែល​បន្ត​បង្ក​ឲ្យ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​ប្រុស​ ស្រី​ និង​ កុមារា​កុមារី​ ដែល​ជាប់​ពាក់ព័ន្ធ​ យើង​បាន​ប្រមូល​ព័ត៌មាន​ដូច​តទៅ​នេះ​ ពី​ ព្រឹត្តិបត្រ​ឌឹ​ឃែមបូឌា​ដេលីក្នុង​ថ្ងៃ​តែ​មួយ​ – គឺ​ថ្ងៃ​សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ៖

  • “គេ​មិន​អាច​ជួប​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ ស៊ូកាគូ​ បាន​ទេ​ ហើយ​សមាជិក​ព្រឹទ្ធសភា​ ឡាវ​ ម៉េងឃិន​ [ជា​ប្ដី​របស់​ម្ចាស់​ក្រុមហ៊ុន​ ស៊ូកាគូ​] បាន​បិទ​ទូរស័ព្ទ​របស់​លោក​ នៅ​ពេល​ដែល​អ្នកយកព័ត៌មាន​ទាក់ទង​មក​លោក​ ។”
  • នៅ​ឯ​ការិយាល័យ​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​បឹងកក់​ បុគ្គលិក​ម្នាក់​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ ប៉ុន្តែ​បាន​និយាយ​ថា​ “ខ្ញុំ​គិត​ថា​ លោក​ត្រូវ​សួរ​ទៅ​សាលាក្រុង​ភ្នំពេញ​” ។
  • “លោក​អភិបាល​ក្រុង​ កែប​ ជុតិមា​ និង​ លោក​អភិបាល​ក្រុង​រង​ ម៉ាន់​ ឈឿន​ និង​ ប៉ា​ សុជាតិវង្ស​ មិន​អាច​ជួប​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​” ។
  • ក្រោយពី​មាន​ការ​ទាក់ទង​មក​ក្រុមហ៊ុន​ 7NG​ ហើយ​ “តំណាង​ម្នាក់​របស់​ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ គេ​នឹង​ជួប​ជាមួយ​ប្រជាជន​ទាំងនោះ​” ។ – ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​គេ​ទាក់ទង​មក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ការ​ជួប​គ្នា​នោះ​ត្រូវ​លុបចោល​ ។
  • “លោក​ ឆាយ​ ឫទ្ធីសែន​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ដែនដី​ក្រុង​ មិន​អាច​ឲ្យ​គេ​ទាក់ទង​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​ ។ អនុប្រធាន​ទាំងពីរ​ គឺ​លោក​ សេក​ យ៉ន​ និង​ លោក​ ស​ បំណង​ បញ្ជូន​ឲ្យ​គេ​សួរ​សំណួរ​ … ទៅ​លោក​ ឆាយ​ ឫទ្ធីសែន​” ។
  • មនុស្ស​ជាច្រើន​ហាក់​ដូចជា​មិន​ខ្វល់​អំពី​សារសំខាន់​ដែល​សម្ដេច​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​លើ​តម្លាភាព​ និង​ “ដើម្បីឲ្យ​បាន​ទៅដល់​ជន​ក្រីក្រ​ និង​ អ្នក​ទន់ខ្សោយ​បាត់​ប្រៀប​” នៅ​ពេល​ដែល​មាន​ចំណុច​ខ្វះខាត​ខាង​ទីផ្សារ​” ដែល​ធ្វើឲ្យ​រាំងស្ទះ​ដល់​គោលដៅ​ចុងក្រោយ​នៃ​កិច្ច​អភិវឌ្ឍន៍​ ។

    នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ មាន​ឧប្បត្តិហេតុ​អកុសល​មួយ​ទៀត​បាន​ធ្លាក់​មក​លើ​តម្លាភាព​ក្នុង​ប្រទេស​កម្ពុជា​ ។ គេ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ ជា​បន្ថែម​ទៅ​លើ​ធនធាន​ដ៏​សម្បើម​សម្រាប់​ចំណេះវិជ្ជា​ ភាព​អាច​តភ្ជាប់​គ្នា​បាន​ និង​ ការ​ផ្ដល់​សេចក្ដី​រីករាយ​នោះ​ គឺ​អ៊ីនធឺណិត​បាន​ផ្ដល់​ឱកាស​ឲ្យ​គេ​សប្បាយ​ភ្លើតភ្លើន​នឹង​ភាព​អាសគ្រាម​ ដោយ​យោង​តាម​អ្នក​មាន​ជំនាញ​ ។ ឥឡូវនេះ​គេ​ឃើញ​មាន​វ៉ិបសាយ​ដាក់​រូបភាព​អាសអាភាស​រាប់​សិប​ពាន់​ ។ ពុំ​មាន​បច្ចេកទេស​ណា​ប្រើ​សម្រាប់​រាំង​ខ្ទប់​មិន​ឲ្យ​គេ​ឃើញ​វ៉ិបសាយ​ទាំងនេះ​នៅ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​ទេ​ ។ ចំពោះ​រឿង​នេះ​ អ្នក​ជំនាញការ​អ៊ីនធឺណិត​ផ្ដល់​អនុសាសន៍​ថា​ ការ​រំលោភបំពាន​លើ​ច្បាប់​ស្ដីពី​អំពើ​អាសគ្រាម​ដែល​ត្រូវ​ចាត់​ទុក​ជា​ទោស​ព្រហ្មទណ្ឌ​ គួរតែ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​តាមរយៈ​ការ​នាំ​ខ្លួន​អ្នក​ប្រព្រឹត្ត​អំពើ​មក​កាត់ទោស​តាម​ច្បាប់​ មិនមែន​តាមរយៈ​ការ​រាំង​ខ្ទប់​វ៉ិបសាយ​នៅ​តាម​អ៊ីនធឺណិត​តាម​តែ​អំពើ​ចិត្ត​ ហើយ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ ។

    ឥឡូវ​ ទោះជា​យ៉ាងណាក្ដី​ ថ្វីបើ​មិន​បាន​រាំង​ខ្ទប់​វ៉ិបសាយ​ដាក់​រូបភាព​អាសអាភាស​ណាមួយ​ឲ្យ​ប្រាកដ​ក៏ដោយ​ ក៏​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ខ្លះ​នៅ​កម្ពុជា​បាន​ចាប់ផ្ដើមបិទ វ៉ិបសាយ​របស់​សិល្បករ​កម្ពុជា​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​សហរដ្ឋអាមេរិក ដែរ​ ៖

    នៅ​ពេល​ដែល​វ៉ិបសាយ​របស់​សិល្បករ​ខ្មែរ​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​សារព័ត៌មាន​នោះ​ គេ​បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​គេ​ចោទប្រកាន់​ថា​បាន​បំផ្លាញ​វប្បធម៌​ខ្មែរ​ ពីព្រោះ​គេ​ (សិល្បករ​នោះ​) មិន​ត្រឹមតែ​គូរ​រូប​អប្សរា​ថ្ម​អង្គរវត្ត​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​គូរ​រូប​ដូច​អ្នក​របាំ​អប្សរា​ ដែល​តួខ្លួន​ដូច​រូបចម្លាក់​លើ​ថ្ម​ មិន​ត្រូវ​បាន​បិទបាំង​ពេញលេញ​ដោយ​សម្លៀកបំពាក់​ទេ​នោះ​ ។

    សិល្បករ​នេះ​បាន​ដាក់​បង្ហាញ​នៅ​នឹង​វ៉ិបសាយ​របស់​ខ្លួន​នូវ​ព័ត៌មាន​ស្ដីពី​អាជីព​ខាង​បច្ចេកទេស​គូរ​គំនូរ​ ហើយ​ក៏​បាន​សរសេរ​យ៉ាង​នេះ​ដែរ​ ៖

    “ខ្ញុំ​កំពុង​ខិតខំ​កសាង​សហគមន៍​សិល្បៈ​ខ្មែរ​ដែល​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​សិល្បករ​ទើប​ចាប់ផ្ដើម​ថ្មី​ៗ​ សិល្បករ​ជើង​ចាស់​ វិចិត្រករ​ក្រាហ្វិក​ វិចិត្រករ​សាក់​រូប​ ឬ​ នរណា​មួយ​ដែល​មាន​បំណង​ចង់​ចូលរួម​ចំណែក​ក្នុង​រឿង​នោះ​ ហើយ​ដែល​ចូលចិត្ត​សិល្បៈ​ខ្មែរ​ ។ យើង​អាច​ចែករំលែក​គំនិត​គ្នា​ ពិភាក្សា​ពី​គំនូរ​របស់​លោកអ្នក​ និង​ អំពី​បណ្ដាញ​ជាមួយ​សិល្បករ​ដទៃ​ទៀត​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ និង​ ជុំវិញ​ពិភពលោក​ ។

    “អត្ថន័យ​នៃ​ជីវិត​គឺជា​គោលគំនិត​មួយ​ដែល​ពិបាក​យល់​ ដែល​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​គិត​ពិចារណា​យ៉ាង​ច្រើន​អំពី​ទស្សនវិជ្ជា​ វិទ្យាសាស្ត្រ​ និង​ សាសនា​វិទ្យា​ ។ រាប់​ពាន់​ឆ្នាំ​មក​ហើយ​ បុរស​ និង​ ស្ត្រី​ ក្នុង​វិស័យ​នីមួយ​ៗ​ គ្រប់​ជាតិសាសន៍​ និង​ វប្បធម៌​ បាន​ស្វែងយល់​ពី​អត្ថន័យ​នៃ​ជីវិត​ ។ ទូទាំង​ប្រវត្តិសាស្ត្រ​ បណ្ដា​អ្នក​វិទ្យាសាស្ត្រ​និង​ទស្សនវិទូ​ សាសន​វិទូ​និង​សិល្បករ​ អ្នកនយោបាយ​និង​សកម្មជន​សង្គម​ ព្រះសង្ឃ​និង​កោវិដ​ (អ្នកប្រាជ្ញ​បណ្ឌិត​) ព្រមទាំង​បុរស​និង​ស្ត្រី​ ពី​គ្រប់​ស្រទាប់​វណ្ណៈ​សង្គម​ បាន​ពិភាក្សា​ និង​ បាន​ជជែក​ដេញដោល​លើ​បញ្ហា​ជាច្រើន​ក្នុង​គោលបំណង​ស្វែងរក​ឲ្យ​ឃើញ​អត្ថន័យ​នៃ​ជីវិត​ ។

    “ទស្សនៈ​មួយ​នៃ​ទស្សនៈ​ជា​កណ្ដាល​ក្នុង​ពុទ្ធសាសនា​ គឺ​ទស្សនៈ​មើល​ឃើញ​ពិភពលោក​ក្នុង​ផ្លូវ​តែ​មួយ​ ក្នុង​នោះ​ ប្រធាន​ និង​ កម្មបទ​គឺ​ដូចគ្នា​ ហើយ​ន័យ​នៃ​ភាព​ជា​អ្នក​ធ្វើ​អំពើ​គឺ​មិន​ច្បាស់​ ។ ហេតុដូច្នេះ​អត្ថន័យ​នៃ​ជីវិត​នឹង​ត្រូវ​បំភ្លឺ​តាម​ធម្មជាតិ​ និង​ តាម​គំនិត​ដែល​គិត​ថា​សកលលោក​មាន​តែ​មួយ​ ។ តាម​គម្ពីរ​សាសនា​ ព្រះពុទ្ធ​ បាន​បង្ហាត់​បង្រៀន​ថា​ ក្នុង​ឆាក​ជីវិត​ វា​មាន​ទុក្ខ​ ដែល​មានន័យថា​ជា​ការ​ព្រួយបារម្ភ​/ការ​ឈឺចាប់​ ដែល​បណ្ដាលមកពី​តណ្ហា​ ហើយ​គេ​អាច​បញ្ឈប់​វា​បាន​ដោយ​បដិបត្តិ​តាម​អដ្ឋង្គិក​មគ្គ​ដ៏​ឧត្ដុង្គឧត្ដម​ ។

    “វា​ជា​គោលការណ៍​ណែនាំ​ជាក់ស្ដែង​សម្រាប់​ការ​អភិវឌ្ឍន៍​ការ​រៀបរយ​កិរិយាមារយាទ​ និង​ ប្រាជ្ញា​ស្មារតី​ ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​អភិសមាចារ​ ក្នុង​គោលដៅ​ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួច​ផុត​ពី​ចំណង​ និង​ ទស្សនៈ​ខុសឆ្គង​ ហើយ​ទីបំផុត​វា​នឹង​នាំ​ទៅដល់​ការ​យល់ដឹង​ការពិត​អំពី​រឿង​អ្វី​ៗ​ទាំងអស់​ ។ ផ្ដើម​ចេញពី​នេះ​ គេ​អាច​ឈាន​ទៅដល់​អត្ថិភាព​កម្រិត​ខ្ពស់​ ហើយ​ទីបំផុត​បាន​ដល់​ឋាននិព្វាន​ ហើយ​នោះ​ឯង​ហើយ​ជា​អត្ថន័យ​នៃ​ជីវិត​ ។

    “ខ្ញុំ​ជឿ​លើ​ការ​ទិតៀន​ក្នុង​ន័យ​ស្ថាបនា​! ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ​ ខ្ញុំ​បាន​ទទួល​ពាក្យសំដី​មិន​គួរឲ្យ​ចង់​បាន​យ៉ាង​ច្រើន​ដែល​លើកឡើង​ថា​ ស្នាដៃ​ខ្លះ​របស់​ខ្ញុំ​បាន​បន្ទាបបន្ថោក​វប្បធម៌​ខ្មែរ​ ។ ដោយ​ពិចារណា​ផ្អែក​លើ​ពាក្យសំដី​មិន​ពេញចិត្ត​ទាំងនោះ​ ខ្ញុំ​នឹក​ចង់​ដឹង​ថា​ តើ​យើង​ជា​ខ្មែរ​នឹង​សម្រេច​អ្វី​បាន​ដូចម្ដេច​ខ្លះ​ក្នុង​សតវត្ស​ទី​២១​ នេះ​” ។

    រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ម្នាក់​ បាន​ជូនដំណឹង​ពី​វត្ថុបំណង​ចង់​ “ផ្សព្វផ្សាយ​សេវា​តាមរយៈ​ ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ច្បាប់​ ដែល​កំពុង​ត្រូវ​ធ្វើ​ពង្រាង​” ។ សេចក្ដី​ជូនដំណឹង​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ – មិន​គ្រាន់តែ​ពីព្រោះ​តែ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា​ការ​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​លើ​សិល្បៈ​ជា​ញឹកញាប់​បាន​ក្លាយ​ជា​ច្រក​ចូល​សម្រាប់​លុបបំបាត់​សិទ្ធិ​សេរីភាព​ឯ​ទៀត​ៗ​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​ពីព្រោះ​តែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ ការ​ផ្សព្វផ្សាយ​ ហើយ​រដ្ឋ​ត្រូវតែ​គាំទ្រ​ភាព​ឥត​លំអៀង​ ព្រមទាំង​ការពារ​សិទ្ធិ​ និង​ សេរីភាព​របស់​ប្រជាពលរដ្ឋ​ (មាត្រា​ទី​ ៤១​ និង​ ១០៩​) ។

    បំណង​ដ៏​ធំធេង​របស់​ពង្រាង​ច្បាប់​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ពេល​ដែល​គេ​បាន​ចាប់ផ្ដើម​ ៖

    “ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំងអស់​ដែល​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ ទូរគមនាគមន៍​ ក៏​ត្រូវ​ស្នើសុំ​អាជ្ញាប័ណ្ណ​ទី​ពីរ​ ពី​ក្រសួងព័ត៌មាន​ឲ្យ​បាន​ជា​មុន​សិន​ បើសិនជា​ច្បាប់​ត្រូវ​អនុម័ត​ ពីព្រោះ​ក្រុមហ៊ុន​ទាំងនោះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អ៊ីនធឺណិត​ភ្ជាប់​បណ្ដាញ​ ព្រមទាំង​ប្រើ​ទិន្នន័យ​ក្នុង​បណ្ដាញ​ខុស​ៗ​គ្នា​ផង​ទៀត​” ។

    ជា​ឧទាហរណ៍​ តើ​នេះ​មានន័យថា​ក្រសួងព័ត៌មាន​អាច​បដិសេធ​មិន​ព្រម​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​រូប​អប្សរា​តាម វ៉ិបសាយ​របស់​ក្រសួងការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ ដែល​ជនបរទេស​ទាំងអស់​បាន​ឃើញ​នៅ​ពេល​ដែល​គេ​ដាក់​ពាក្យ​ស្នើសុំ​ទិដ្ឋាការ​នៅ​ទីនោះ​ដែរ​ឬ​ទេ​?
    Official Visa Application Site

    តើ​មន្ត្រី​ណា​នៅ​ក្នុង​ក្រសួងព័ត៌មាន​ដែល​ជា​អាជ្ញាធរ​ជំនាញ​លើ​ការ​បញ្ចេញ​មតិ​ខាង​សិល្បៈ​ ឬ​ ធ្វើការ​សម្រេច​ – យោង​សំដី​ដកស្រង់​របស់​រដ្ឋលេខាធិការ​ដដែល​ – បើសិនជា​ “រូបភាព​អាច​បង្កើត​អារម្មណ៍​ភ្លើតភ្លើន​ក្នុង​ផ្លូវ​ភេទ​” ហើយ​តើ​គេ​ត្រូវ​ហាមឃាត់​វា​ដែរ​ឬ​ទេ​? តើ​ស្នាដៃ​សិល្បៈ​របស់​មនុស្ស​ម្នាក់​ជា​អំពើ​រំលោភ​បំពាន​ដ៏​ឃោរឃៅ​ទៅលើ​ប្រពៃណី​វប្បធម៌​ និង​ កេរ្តិ៍​ដំណែល​របស់​ប្រទេស​ជាតិ​ធ្ងន់ធ្ងរ​ជាង​ការ​បំផ្លាញ​សាល​មហោស្រព​ទន្លេបាសាក់​ប្រវត្តិសាស្ត្រ​ទៅទៀត​ឬ​ ហើយ​ឥឡូវនេះ​ទៀត​ក៏​មាន​ការ​គំរាម​បំផ្លាញ​សណ្ឋាគារ​រណសិរ្ស​ដ៏​គួរឲ្យ​កត់សំគាល់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ជា​អតីត​ក្រសួងយុត្តិធម៌​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​បរិស្ថាន​ស្ថាបត្យកម្ម​របស់​ព្រះរាជវាំង​ផង​ទៀង​នោះ​?

    កាលពី​ឆ្នាំ​មុន​ៗ​នៃ​វត្តមាន​អ៊ីនធឺណិត​ ពេល​ដែល​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នៃ​ក្រសួងព័ត៌មាន​នៅ​ជា​រដ្ឋលេខាធិការ​ម្នាក់​ក្នុង​ក្រសួង​ដដែល​ លោក​បាន​សរសេរ​អ៊ីមែល​មួយ​ក្នុង​ឆ្នាំ​ ១៩៩៩​ ផ្ញើ​ជូន​លោក​ Bill Herod​ ជា​អ្នក​ឈាន​មុខ​ម្នាក់​ខាង​អ៊ីនធឺណិត​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ​នៅ​ក្នុង​ ទស្សនាវដ្ដី​មួយ​ឈ្មោះ​ Digital Review of Asia Pacific 2003/2004 ដែល​នៅ​ពេលនោះ​ កាសែត​ចិន​ឈ្មោះ​ South China Morning Post ក្នុង​ទីក្រុង​ហុងកុង​ បាន​សរសេរ​ថា​ នៅ​កម្ពុជា​ប្រហែលជា​នឹង​មាន​ការ​ត្រួតពិនិត្យ​លើ​អ៊ីនធឺណិត​ ៖

      សូម​ជម្រាប​មក​លោក

      “ខ្ញុំ​មិន​ដឹង​ថា​ តើ​ SCMP​ [South China Morning Post] បាន​ដំណឹង​នេះ​មកពី​ណា​មក​ទេ​ (“ច្បាប់​គ្រោង​សម្រាប់​គ្រប់គ្រង​អ៊ីនធឺណិត​ ‘ការ​គំរាមកំហែង​ប្រជាធិបតេយ្យ​’ ” ថ្ងៃ​ទី​ ៣១​ ខែ​ ឧសភា​ ឆ្នាំ​ ១៩៩៩​) ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​ ខ្ញុំ​គឺជា​អ្នក​កំពុង​ប្រយុទ្ធ​ និង​ បន្ត​ប្រយុទ្ធ​ដើម្បី​សេរីភាព​ក្នុង​ការ​ដាក់​ផ្សាយ​អ្វី​ៗ​តាម​អ៊ីនធឺណិត​ និង​ លំហូរ​ព័ត៌មាន​ជាទូទៅ​ដោយ​សេរី​ ។ រៀងរាល់ថ្ងៃ​ ក្នុង​អ៊ីមែល​របស់​ខ្ញុំ​ ខ្ញុំ​ឃើញ​មាន​ព័ត៌មាន​គ្រប់​ប្រភេទ​ ក្នុង​នោះ​មាន​ម៉េល​ខ្លះ​បាន​ជេរ​ខ្ញុំ​ផង​ដែរ​ ។

      “នេះ​គឺជា​ហេតុការណ៍​ពិត​នៃ​ជីវិត​ ។ កាលបើ​យើង​មិន​ទាំង​ដែល​ព្យាយាម​ត្រួតពិនិត្យ​លើ​ការ​នាំ​សៀវភៅ​ និង​ ទស្សនាវដ្ដី​ចូល​មក​កម្ពុជា​ផង​នោះ​ រឿង​អ្វី​ធ្វើឲ្យ​យើង​ចង់​ហាមឃាត់​អ៊ីនធឺណិត​បាន​នោះ​? …

      “សូម​មេត្តា​ជឿជាក់​ថា​ខ្ញុំ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ទម្រង់​នៃ​ការ​បញ្ជូន​សារ​បែបនេះ​ ហើយ​ខ្ញុំ​នឹង​មិន​សំចៃ​កម្លាំង​ក្នុង​ការ​ការពារ​វា​នេះ​ទេ​ ។ ខ្ញុំ​សង្ឃឹម​ថា​លោក​នឹង​អាច​ជួយ​បញ្ជូន​ទំនុក​ចិត្ត​នេះ​ទៅដល់​អ្នក​ជាវ​ទាំងអស់​របស់​លោក​ ហើយ​បើសិនជា​លោក​មាន​បញ្ហា​ណាមួយ​ទាក់ទង​នឹង​រឿង​នោះ​ សូម​មេត្តា​កុំ​រួញរា​នឹង​ទាក់ទង​មក​ខ្ញុំ​ ។

      ដោយ​ស្មោះស្ម័គ្រ​អំពី​ខ្ញុំ

      ស”ខៀវ​ កញ្ញារិទ្ធ​”

    វា​ជា​រឿង​សំខាន់​ដែល​នឹង​ទទួលស្គាល់​ថា​បញ្ហា​ “វប្បធម៌​កម្ពុជា​” ត្រូវ​បាន​លើកឡើង​ជា​រឿយ​ៗ​ដោយ​ដំណឹង​ជាច្រើន​ប្រភេទ​ខុស​ៗ​គ្នា​ ។ ជា​ឧទាហរណ៍​ ដំណឹង​ស្ទើរតែ​ពេញ​មួយ​សប្ដាហ៍​ៗ​អំពី​ការ​ចាប់​រំលោភ​ដ៏​សាហាវ​ និង​ ឃាតកម្ម​លើ​កុមារ​ បាន​លើក​ជា​បញ្ហា​អំពី​ថា​តើ​ការ​បំផ្លាញ​វប្បធម៌​មនុស្ស​ជាតិ​ត្រូវ​ដោះស្រាយ​ដូចម្ដេច​ ហើយ​ក៏​ពុំ​មាន​កម្លាំង​ណាមួយ​នឹង​ខិតខំ​រាំង​ខ្ទប់​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ ។

    លើស​ពី​នេះ​ទៀត​ ការ​រាំង​ខ្ទប់​វ៉ិបសាយ​រាហូ​ នឹង​ត្រូវ​បាន​រាយការណ៍​ជា​ព័ត៌មាន​ជុំវិញ​ពិភពលោក​ ហើយ​វា​មុខជា​នឹង​ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​ច្រើន​ជាង​កាល​ដែល​វ៉ិបសាយ​នេះ​មិន​ទាន់​ដែល​បាន​ទទួល​វិធានការ​ដូចនេះ​មិនខាន​ ។ ហើយ​នោះ​ក៏​គឺជា​អ្វី​ដែល​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​ការ​ដាក់​ឲ្យ​ប្រើ​ទូរស័ព្ទ​ចល័ត​ 3G​ នោះ​ត្រូវ​បាន​ពន្យារពេល​ដែរ​ – ព្រោះតែ​ខ្លាច​វា​អាច​នាំឲ្យ​កើត​មាន​អំពើ​អាសអាភាស​ទៅដល់​អ្នក​ដែល​អាច​មាន​លទ្ធភាព​ទិញ​បច្ចេកវិទ្យា​ 3G​ ថ្មី​នេះ​ ដែល​មាន​ថ្លៃ​ខ្ពស់​ ក្នុង​ខណៈ​ដែល​រូបភាព​អាសគ្រាម​ដែល​មិន​គួរ​នឹង​និយាយ​នេះ​បន្ត​ឲ្យ​គេ​រក​បាន​ក្នុង​តម្លៃ​ថោក​ៗ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ CDs​ ដាក់​លក់​ពាសពេញ​យ៉ាង​នេះ​ ។

    គួរឲ្យ​ស្ដាយ​ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ជា​វិជ្ជមាន​យ៉ាង​ច្រើន​មក​លើ​កម្ពុជា​ ដូច​កាល​ដែល​វា​បាន​កើតឡើង​ចំ​ពេល​ដែល​ការ​ហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​សៀវភៅ​របស់​អង្គការ​ Global Witness​ ស្ដីពី​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​ Cambodia’s Family Trees បាន​ដាស់​ឲ្យ​ពិភពលោក​កើត​មាន​ការ​យកចិត្ត​ទុកដាក់​កាន់តែ​ច្រើន​មក​លើ​រឿង​នេះ​ ដែល​វា​មិន​ដែល​អាច​កើត​មក​ដោយ​ពុំ​មាន​ការ​ហាមប្រាម​ដូចនេះ​នោះ​ទេ​ ៕

    Make a Comment

    Leave a Reply

    Fill in your details below or click an icon to log in:

    WordPress.com Logo

    You are commenting using your WordPress.com account. Log Out / Change )

    Twitter picture

    You are commenting using your Twitter account. Log Out / Change )

    Facebook photo

    You are commenting using your Facebook account. Log Out / Change )

    Google+ photo

    You are commenting using your Google+ account. Log Out / Change )

    Connecting to %s

    3 Responses to “ការ​ត្រួតពិនិត្យ​ ៖​ រូបភាព​អាសអាភាស​ដ៏​មិន​គួរ​នឹង​និយាយ​ មាន​ដាក់​បង្ហាញ​តាម​វ៉ិបសាយ​រាប់​ពាន់​នៅ​តាម​អ៊ីនធឺណិត​ – សិល្បករ​ខ្មែរ​មួយ​រូប​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ២០០៩​”

    RSS Feed for កញ្ចក់​សង្គម Comments RSS Feed

    […] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

    […] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

    […] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]


    Where's The Comment Form?

    Liked it here?
    Why not try sites on the blogroll...

    %d bloggers like this: