ការប្រើ​ថ្នាំ​គីមី​ពុល​កសិកម្ម​នៅតែ​ពេញ​និយម​ ទោះជា​ដឹង​ថា​មាន​គ្រោះថ្នាក់​ – ថ្ងៃ​ សុក្រ​ ទី​ ១៣​ កុម្ភៈ​ ២០០៩​

Posted on Friday, 13 February 2009. Filed under: សប្ដាហ៍ទី ៥៣៦ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៦

មាន​ថ្នាំពុល​កសិកម្ម​ចំនួន​១៤៧​មុខ​ កំពុង​ធ្វើ​ចរាចរ​លើ​ទីផ្សារ

ភ្នំពេញ​ ៖​ ទោះជា​មាន​ការ​រំលឹក​ពី​មន្ត្រី​ក្រសួងកសិកម្ម​ឲ្យ​ប្រយ័ត្ន​ក្នុង​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​នា​ពេលនេះ​ក៏ដោយ​ ក៏​កសិករ​ជាច្រើន​ដែល​នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា​ នៅតែ​អះអាង​ថា​ គេ​ពុំ​អាច​បោះបង់ចោល​បាន​ឡើយ​ ។ កសិករ​នៅ​ក្នុង​ខេត្ត​កណ្ដាល​បាន​អះអាង​ថា​ ថ្នាំ​គីមី​ពុល​កសិកម្ម​នៅតែ​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ដែល​ពួកគេ​មិន​អាច​អត់​បាន​សម្រាប់​ជា​ជំនួយ​ឲ្យ​ដំណាំ​របស់​ពួកគេ​បាន​ផ្ដល់​ផល​បាន​ល្អ​គ្រប់គ្រាន់​សម្រាប់​បំពេញ​ទីផ្សារ​ និង​ តម្រូវការ​ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ អ្នក​ជំនាញ​បាន​រក​ឃើញ​ថា​ មាន​ថ្នាំ​គីមី​កសិកម្ម​ចំនួន​រហូតដល់​ទៅ​ ១៤៧​ប្រភេទ​ កំពុងតែ​ចរាចរ​នៅ​លើ​ទីផ្សារ​ នៅ​ក្នុង​នោះ​មាន​ថ្នាំ​ពី​ ៤០​ ទៅ​ ៥០​មុខ​ ដែល​ធ្វើឲ្យ​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​អ្នក​ទទួលទាន​ ។

លោក​ ណុប​ (ឈ្មោះ​អ្នកយកព័ត៌មាន​ដាក់​ឲ្យ​) អាយុ​ ៤៨​ឆ្នាំ​ កសិករ​ដាំ​បន្លែ​នៅ​ឃុំ​មួយ​នៅ​ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ បាន​ឲ្យ​ដឹង​ថា​ មកដល់​ពេលនេះ​ គាត់​នៅតែ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ដដែល​ បើ​ទោះបីជា​ដឹង​ថា​វា​អាច​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​របស់​គាត់​ និង​ អ្នកប្រើប្រាស់​ក៏ដោយ​ចុះ​ ដោយសារតែ​គាត់​គ្មាន​ជម្រើស​ ។

ខេត្ត​កណ្ដាល​ដែល​មាន​ភូមិសាស្ត្រ​ភាគច្រើន​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខេត្ត​មួយ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ ពិសេស​បន្លែ​ ផ្លែឈើ​ផ្សេង​ៗ​ដល់​ទីផ្សារ​នៅ​ក្នុង​ក្រុងភ្នំពេញ​ និង​ ខេត្ត​ដទៃ​ទៀត​ ។ ស្រុក​មួយ​ចំនួន​ដែល​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ និង​ ទន្លេបាសាក់​ គឺ​ជង្រុក​នៃ​ដំណាំ​បន្លែ​ទាំងនោះ​ ។

លោក​ ណុប​ គឺជា​កសិករ​មួយ​រូប​នៅ​ក្នុងចំណោម​កសិករ​ដែល​កំពុង​តែ​ប្រកបរបរ​ដាំ​បន្លែ​ជាច្រើន​ប្រភេទ​ ដូចជា​ស្ពៃ​ សាលាដ​ ផ្កា​ខាត់ណា​ នៅ​ក្នុង​ភូមិស្រុក​របស់​លោក​ ដើម្បី​យក​មក​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ។ ដោយ​ឡែក​ វិធី​ដែល​លោក​បាន​យក​មក​ប្រើប្រាស់​ដើម្បី​ថែរក្សា​ដំណាំ​របស់​គាត់​រហូតដល់​ឲ្យ​ផល​នោះ​គឺ​ការប្រើប្រាស់​ថ្នាំពុល​គីមី​កសិកម្ម​ ដែល​លោក​អាច​រក​ទិញ​បាន​យ៉ាង​ងាយស្រួល​នៅ​តាម​ទីផ្សារ​នានា​នៅ​ក្នុង​ភូមិស្រុក​របស់​លោក​ ។

លោក​បាន​បញ្ជាក់​ថា​ “ខ្ញុំ​ត្រូវតែ​ប្រើ​ ដើម្បីឲ្យ​ដំណាំ​ខ្ញុំ​ល្អ​ បើ​ខ្ញុំ​មិន​ប្រើ​ ដង្កូវ​វា​ស៊ី​អស់ហើយ​” ។បើ​តាម​ការ​រៀបរាប់​របស់​លោក​ គឺ​គិត​មកដល់​ពេលនេះ​គាត់​នឹង​អ្នកភូមិ​នៅ​មិន​ទាន់​ឃើញ​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​ណា​ម្នាក់​មក​ធ្វើការ​ណែនាំ​ពន្យល់​ពី​ផល​ប៉ះពាល់​ការប្រើប្រាស់​ជី​គីមី​ និង​ គំនិត​ផ្ដួចផ្ដើម​ធ្វើ​ថ្នាំពុល​ ឬ​ ជី​គីមី​ធម្មជាតិ​នៅឡើយ​ទេ​ បើ​ទោះបីជា​នៅ​ពេលនេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​ អង្គការ​មួយ​ចំនួន​ កំពុងតែ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ ឬ​ ជី​គីមី​ មក​ប្រើ​ជី​ ឬ​ មធ្យោបាយ​ធម្មជាតិ​ក៏ដោយ​ចុះ​ ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ លោក​ នួន​ សឿន​ មេឃុំ​ស្វាយប្រទាល​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ បាន​ឲ្យ​ដឹង​ថា​ ខាង​មន្ត្រី​កសិកម្ម​គឺ​ពិតជា​មិន​ដែល​បាន​ចុះ​មក​ធ្វើការ​ពន្យល់​ណែនាំ​អំពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំពុល​ និង​ ជី​គីមី​កសិកម្ម​មែន​ ប៉ុន្តែ​កន្លងមក​គឺ​ធ្លាប់​មាន​អង្គការ​ចុះ​មក​ជួយ​អប់រំ​ប្រជាកសិករ​ខ្លះ​ តែ​ប្រជាកសិករ​ហាក់​ដូចជា​មិន​សូវ​យកចិត្ត​ទុកដាក់​ ។ លោក​បាន​បន្ត​ថា​ ថ្នាំពុល​តាម​ធម្មជាតិ​ ទំនង​ជា​លំបាក​ជាង​ និង​ ហត់​ជាង​ការ​ប្រើ​ថ្នាំ​គីមី​ ។ ហេតុនេះ​ទើប​បានជា​គេ​មិន​និយម​ប្រើ​នោះ​ ។

លោក​បាន​បញ្ជាក់​ថា​ “តាម​ខ្ញុំ​ ធ្លាប់​ចូលរួម​ដើម្បី​ផលិត​ថ្នាំពុល​សម្រាប់​បាញ់​ការពារ​សត្វល្អិត​លើ​ដំណាំ​មួយ​មុខ​ គេ​ត្រូវការ​ពេលវេលា​រហូតដល់​យ៉ាង​តិច​ក៏​កន្លះ​ខែ​ដែរ​ ដើម្បី​រក​វត្ថុធាតុដើម​ និង​ ផ្សំ​ ខណៈ​ដែល​ថ្នាំ​គីមី​គ្រាន់តែ​ទៅ​ផ្សារ​ទិញ​យក​មក​លាយ​ ហើយ​បាញ់​ជា​ការ​ស្រេច​” ។

បើ​តាម​បទពិសោធន៍​ដែល​លោក​មេឃុំ​ធ្លាប់​ទទួល​បាន​ គឺថា​ ដើម្បី​ផលិត​ថ្នាំពុល​ធម្មជាតិ​ការពារ​សត្វល្អិត​លើ​ដំណាំ​ កសិករ​ត្រូវការ​ស្វែងរក​វត្ថុធាតុដើម​ផ្សេង​ៗ​ ដូចជា​សម្បក​ស្ដៅ​ គ្រាប់​ស្លែង​ សម្បក​កន្ទួត​យក​ទៅ​ត្រាំ​ទឹក​សម្រាប់​យក​ទៅ​បាញ់​ ដូច្នេះ​ហើយ​បាន​ជា​លោក​បាន​អះអាង​ថា​ វា​ស្មុគស្មាញ​ ហើយ​អាច​ធ្វើឲ្យ​កសិករ​ខ្ជិល​ ។ តាម​ព័ត៌មាន​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ បច្ចុប្បន្ន​នេះ​នៅ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ៣.០០០​គ្រួសារ​ ភាគច្រើន​មាន​មុខរបរ​ជា​អ្នក​ដាំ​បន្លែ​ ហើយ​នៅ​ក្នុង​នោះ​អ្នក​ដែល​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ ឬ​ ជី​គីមី​កសិកម្ម​នោះ​ គឺ​មាន​រហូតដល់​ទៅ​ ៩០​ភាគរយ​ឯ​ណោះ​ ។

បច្ចុប្បន្ន​ក្រសួង​កសិកម្ម​ ពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ច័ន្ទ​ សារុន​ ដែល​តែងតែ​ចុះ​ទៅកាន់​មូលដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​ បាន​អំពាវនាវ​ដល់​កសិករ​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​ពី​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ និង​ គីមី​ ឲ្យ​ងាក​មក​ប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ​ និង​ ជី​ធម្មជាតិ​វិញ​ ។ ការផ្លាស់ប្ដូរ​ដែល​ក្រសួង​ចង់​បាន​នោះ​គឺ​ដើម្បី​សុខភាព​កសិករ​ខ្លួនឯង​ សុខភាព​អ្នក​ហូបចុក​ ពោល​គឺ​ដើម្បី​គុណភាព​ដី​ ទឹក​ ពុំ​មាន​ជាតិ​ពុល​ ។ គ្រោះថ្នាក់​ជាច្រើន​អាច​នឹង​កើតឡើង​ដោយសារ​កសិករ​ខ្លួនឯង​ប្រើប្រាស់​ដោយ​ពុំ​មាន​ការណែនាំ​ពី​អ្នក​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​ ។ ក្រសួង​ក៏​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ទៅកាន់​មូលដ្ឋាន​ដើម្បី​ជួយ​ពន្យល់​កសិករ​អំពី​បញ្ហា​នេះ​ដែរ​ ។

លោក​ ឃឺម​ ច័ន្ទគីរី​ អភិបាល​ស្រុក​ស្អាង​ និង​ លោក​ ប៊ុន​ ទួនស៊ីមូណា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កណ្ដាល​ បាន​ច្រានចោល​ការ​លើកឡើង​របស់​អ្នកស្រុក​អំពី​បញ្ហា​ដែល​ថា​ខាង​មន្ត្រី​ជំនាញ​មិន​ដែល​ចុះ​ទៅ​ណែនាំ​ពួកគេ​អំពី​ផល​ប៉ះពាល់​នៃ​ថ្នាំពុល​គីមី​នោះ​ ដោយ​លើកឡើង​ថា​ ការ​អប់រំ​អំពី​បញ្ហា​នោះ​គឺជា​អ្វី​ដែល​ពួកគេ​កំពុងតែ​យកចិត្ត​ទុកដាក់​ ។

លោក​ ច័ន្ទ​ គីរី​ បាន​លើកឡើង​ថា​ កន្លងមក​ខាង​ស្រុក​បាន​ចុះ​ទៅ​ណែនាំ​ពួកគាត់​ពី​បញ្ហា​នេះ​ដែរ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ខាង​មន្ទីរ​ក៏​បាន​បញ្ជូន​មន្ត្រី​របស់​គេ​ចុះ​ផង​ដែរ​ ។ លោក​បាន​បញ្ជាក់​ “គាត់​ភាគច្រើន​ខ្លាច​ខាត​ពេលវេលា​ធ្វើ​ចម្ការ​របស់​ពួកគាត់​ ទើប​គាត់​មិន​មក​ចូលរួម​ ។ ដូច្នេះ​ហើយ​បានជា​គាត់​និយាយ​ថា​ មិន​ដែល​ឃើញ​មាន​អ្នក​ណា​ចុះ​ទៅ​អប់រំ​” ។ ចំណែក​ឯ​ លោក​ ទួនស៊ូមូណា​ វិញ​ បាន​ឲ្យ​ដឹង​ថា​ មកដល់​ពេលនេះ​ ខាង​មន្ទីរ​កសិកម្ម​ធ្លាប់​ចុះ​ទៅ​អប់រំ​ជា​ប្រចាំ​អំពី​ការ​ធ្វើ​ជី​កំប៉ុស​ និង​ វិធានការ​ចម្រុះ​ផ្សេង​ៗ​ដើម្បី​ការពារ​ដំណាំ​ និង​ ផល​ប៉ះពាល់​អំពី​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ និង​ ជី​គីមី​ជាដើម​ ។

ប៉ុន្តែ​តាមរយៈ​នៃ​ការ​ជួប​ជាមួយ​កសិករ​នៅ​ខេត្ត​ផ្សេង​ទៀត​ មាន​មនុស្ស​មួយ​ចំនួន​អះអាង​ស្រដៀង​គ្នា​នេះ​អំពី​វត្តមាន​របស់​មន្ត្រី​កសិកម្ម​ ។ ពួកគេ​និយាយ​ថា​ មិន​សូវ​ឃើញ​មន្ត្រី​កសិកម្ម​ចុះ​មក​ជួប​កសិករ​ទេ​ លើកលែងតែ​មាន​ពិធី​ហែហម​ថ្នាក់លើ​របស់​គេ​តែ​ប៉ុណ្ណោះ​ ។ ការពិត​អ្វី​ដែល​ផ្សារភ្ជាប់​គ្នា​ជាមួយ​បញ្ហា​នេះ​គឺ​ការ​ចុះ​ជាក់ស្ដែង​របស់​អ្នក​ជំនាញ​ គួរតែ​សកម្ម​ជាង​មុន​ ជា​ជាង​ការ​ថ្លែង​តែ​របស់​មន្ត្រី​ថ្នាក់លើ​ដែល​មាន​ឆន្ទៈ​ចង់​បាន​តែ​មន្ត្រី​ថ្នាក់ក្រោម​ មិន​កម្រើក​ខ្លួន​ជាមួយ​នឹង​ហេតុផល​ផ្សេង​ៗ​ ឬ​ ការ​ឡើង​គម្រោង​ចំណាយ​ តែ​ធ្វើ​សកម្មភាព​ខ្យល់​ ។ ដូចនេះ​កសិករ​ពុំ​អាច​ទទួល​នូវ​អ្វី​ដែល​លោក​រដ្ឋមន្ត្រី​ចង់​បាន​នោះ​ទេ​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ យ៉ង់​ សាំងកុមារ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​ អភិវឌ្ឍន៍​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា​ ជាទូទៅ​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ និង​ ជី​គីមី​ វា​បាន​ក្លាយទៅជា​ទម្លាប់​របស់​កសិករ​ទៅ​ហើយ​ ។ ដូច្នេះ​បើ​ចង់​កែប្រែ​គាត់​ត្រូវការ​ពេលវេលា​ និង​ ការ​ចូលរួម​ ។

លោក​បាន​បញ្ជាក់​ថា​ “បើ​ការប្រើប្រាស់​នោះ​ក្លាយ​ជា​ទម្លាប់​ហើយ​នោះ​ វា​លំបាក​បំផុត​នៅ​ក្នុង​ការ​កែប្រែ​ទម្លាប់​របស់​គាត់​” ។

គិត​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ថ្នាំពុល​កសិកម្ម​ និង​ ថ្នាំ​គីមី​ដែល​កំពុងតែ​ចរាចរ​នៅ​លើ​ទីផ្សារ​នៅ​ក្នុងស្រុក​ គឺ​មាន​រាប់​រយ​មុខ​ ។ នេះ​បើ​តាម​ការសិក្សា​មួយ​របស់​មជ្ឈមណ្ឌល​សិក្សា​ និង​ អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​រក​ឃើញ​ ។

លោក​ គាម​ មករាឌី​ នាយក​កម្មវិធី​បរិស្ថាន​នៃ​មជ្ឈមណ្ឌល​សិក្សា​ និង​ អភិវឌ្ឍន៍​កសិកម្ម​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​ ២០០៨​ មជ្ឈមណ្ឌល​បាន​រក​ឃើញ​ថា​មាន​ថ្នាំពុល​កសិកម្ម​ និង​ គីមី​ ចំនួន​រហូតដល់​ទៅ​ ១៤៧​ប្រភេទ​ កំពុងតែ​ចរាចរ​នៅ​លើ​ទីផ្សារ​ពេញ​ប្រទេស​ នៅ​ក្នុង​នោះ​ ៥៣​ភាគរយ​ មកពី​ប្រទេស​វៀតណាម​ ចំនួន​ ៣៧​ភាគរយ​ មកពី​ប្រទេស​ថៃ​ ។ ក្រៅពីនោះ​គឺ​មាន​មកពី​ឥណ្ឌា​ និង​ ចិន​ជាដើម​ ។ នៅ​ក្នុង​នោះ​មាន​សារធាតុ​គីមី​ចំនួន​ពី​ ៤០​ ទៅ​ ៥០​មុខ​ ដែល​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​បន្លែ​ និង​ ផ្លែឈើ​ដែល​ពួកគេ​បាញ់​នោះ​ ។

លោក​បាន​បញ្ជាក់​ថា​ “បើ​និយាយ​អំពី​សារធាតុ​គីមី​ គឺ​យើង​រក​ឃើញ​ថា​មាន​ចំនួន​ ១៤៧​មុខ​ តែ​បើ​និយាយ​អំពី​ឈ្មោះ​ពាណិជ្ជកម្ម​របស់​ថ្នាំពុល​ទាំងនោះ​វិញ​ គឺ​មាន​រហូតដល់​ទៅ​ ៦០៦​មុខ​ឯណោះ​” ។

តាម​ការ​រក​ឃើញ​របស់​មជ្ឈមណ្ឌល​កាលពី​ឆ្នាំ​ ២០០៧​ ថ្នាំពុល​កសិកម្ម​ដែល​គេ​រក​ឃើញ​នៅ​លើ​ទីផ្សារ​គឺ​មាន​ត្រឹមតែ​ ១៣២​មុខ​ទេ​ ហើយ​ឈ្មោះ​ពាណិជ្ជកម្ម​របស់​ថ្នាំពុល​ទាំងអស់​នេះ​គឺ​មាន​ចំនួន​តែ​ ៤៧២​មុខ​ប៉ុណ្ណោះ​ ។ ដូច្នេះ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​គឺ​មាន​ការ​កើន​ឡើង​ច្រើន​មែនទែន​ ។

លោក​បាន​អះអាង​ថា​ ថ្នាំពុល​ទាំងអស់​នោះ​គឺ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​អ្នកប្រើប្រាស់​ ជាពិសេស​គឺ​កសិករ​ដែល​ជា​អ្នកប្រើប្រាស់​ និង​ ប៉ះពាល់​ថ្នាំ​នេះ​ដោយ​ផ្ទាល់​ ។

បើ​តាម​ការ​រៀបរាប់​របស់​លោក​ មករាឌី​ ថ្នាំពុល​ទាំងអស់​នោះ​អាច​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​កសិករ​ផ្ទាល់​ ដូចជា​ធ្វើឲ្យ​វិលមុខ​ ធេងធោង​ ក្អួតចង្អោរ​ ខូច​ក្រពះ​ តម្រងនោម​ ជំងឺ​សើស្បែក​ និង​ ធ្វើឲ្យ​សុខភាព​ចុះ​ខ្សោយ​ជាដើម​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដោយ​ប្រយោល​ចំពោះ​អ្នក​ទទួលទាន​ផង​ដែរ​ ជាពិសេស​គឺ​ប្រភេទ​ថ្នាំពុល​គីមី​ដែល​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​បន្លែ​ និង​ ផ្លែឈើ​ ។

ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ និង​ គីមី​នេះ​ អ្នក​ដាំ​ចេក​មួយ​រូប​នៅ​ក្នុង​ខេត្ត​កណ្ដាល​ដដែល​ បាន​អះអាង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ដោយសារតែ​តម្រូវការ​ទើប​ពួកគេ​ប្រើប្រាស់​ពពួក​ថ្នាំពុល​ និង​ គីមី​ទាំងអស់​នោះ​ ។ លោក​បាន​បន្ត​ថា​ បើ​ពួកគេ​ដាំ​តាម​ធម្មជាតិ​ កសិករ​មិន​អាច​ប្រមូល​ផល​ឲ្យ​ទាន់​នឹង​តម្រូវការ​ទីផ្សារ​ទេ​ ។

លោក​បាន​បញ្ជាក់​ថា​ “ចេក​ពងមាន់​ចាប់ពី​ទម្លាប់​ត្រយូង​ វា​ត្រូវការ​ពេល​ប្រមាណ​ជា​ ៣​ខែ​ ទើប​វា​ទុំ​ ។ ប៉ុន្តែ​បើ​គេ​ប្រើ​ថ្នាំ​បាញ់​ ចង់​ឲ្យ​វា​ទុំ​មុន​២​ខែ​ក៏​បាន​ដែរ​ ។ បាញ់​តែ​មួយ​ដង​ពីរ​ដង​ ចេក​ស្វិត​ៗ​ឡើង​ប៉ុន​ៗ​កដៃ​ដូច​គេ​សប់​” ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៧២០​ ថ្ងៃ​ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១៧​ ថ្ងៃ​ សុក្រ​ – អាទិត្យ​ ទី​ ១៣​ – ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មូលនិធិ​អន្តរជាតិ​ IMF​ ព្រមាន​ពី​ការ​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​ធ្ងន់ធ្ងរ​ [បើសិនជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​សមស្រប​ណាមួយ​ដើម្បី​ទប់ស្កាត់​នូវ​ការ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ​]
  • អ.ស.ប​ និង​ មហាផ្ទៃ​ រួមគ្នា​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧២​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​] សម្ដេច​ ជា​ ស៊ីម​ នៅតែ​បន្ត​គាំទ្រ​ [អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយករដ្ឋមន្ត្រី​] សម្ដេច​តេជោ​ ហ៊ុន​ សែន​ [សម្ដេច​ ជា​ ស៊ីម​ បាន​មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ឥត​ងាករេ​គាំទ្រ​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​]
  • ប្រជាជន​ជាង​ ៤០​គ្រួសារ​ នាំគ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ ដោយ​ចោទ​ថា​គេ​រំលោភ​យក​ដី​ [ខេត្ត​ឧត្ដរមានជ័យ​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤១​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បំភ្លឺ​លើ​របាយការណ៍​ Global Witness​ និង​ ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៤៣​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ហ៊ុន​ សែន​ បញ្ជា​ឲ្យ​គណៈរដ្ឋមន្ត្រី​ សុខ​ អាន​ ចាត់​វិធានការ​ [អតីត​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​] កែ​ គឹមយ៉ាន​ តាម​ប្រព័ន្ធ​តុលាការ​ [ដោយ​ដកហូត​គ្រឿងចក្រ​ទាំងអស់​ ព្រមទាំង​បញ្ចា​ឲ្យ​ឲ្យ​ទាហាន​ដែល​ការពារ​ដី​ឲ្យ​ លោក​ កែ​ គឹមយ៉ាន​ ទាំងប៉ុន្មាន​ ប្រមូលផ្ដុំ​គ្នា​នៅ​បន្ទាយ​វិញ​]
  • អង្គការ​អប់រំ​ពិភពលោក​ក្រើនរំលឹក​ [រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​] អ៊ឹម​ សិទ្ធី​ ឲ្យ​ដាក់​ លោក​ ស៊ុន​ ធន់​ នៅ​កន្លែង​ដើម​វិញ​ [លោក​ ស៊ុន​ ធន់​ ត្រូវ​បាន​ផ្លាស់​ចេញពី​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ ឲ្យ​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​វិញ​ដោយ​ចោទ​ថា​គាត់​រិះ​គុន​មេដឹក​នាំ​រដ្ឋាភិបាល​នៅ​ពេល​គាត់​បង្រៀនសិស្ស​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ២០២​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ផែនការ​ប្រមូល​ពន្ធ​ឆ្នាំ​ ២០០៩​ អាច​កើន​ដល់​ ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧៧​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ [លោក​ ខៀវ​ កាញារីទ្ធ​] ស្នើ​នាយក​តំបន់​ V.O.A​ ជួយ​មន្ត្រី​ទូរទស្សន៍​ជាតិ​ [ដោយ​បញ្ជូន​ពួកគេ​ទៅ​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​សហរដ្ឋអាមេរិក​]
  • ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ ថ្ងៃ​ ១៥​ កុម្ភៈ​ [ព្រោះ​ប្រធាន​ស្ដីទី​គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ មិន​បាន​ធ្វើ​លិខិត​ប្រគល់​សិទ្ធិ​ស្របច្បាប់​ជូន​ លោក​ ឯម​ ស៊ីថា​ ចុះ​ហត្ថលេខា​ ដើម្បី​បញ្ជាក់​ថា​លោក​ជា​អ្នកតំណាង​ឲ្យ​គណបក្ស​សម្រាប់​ស្នើសុំ​ធ្វើ​សមាជ​នោះ​ទេ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៨៦​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អាជ្ញាធរ​យួន​នៅតែ​ហាមឃាត់​មិន​ឲ្យ​ខ្មែរ​សាងសង់​របង​វត្ត​ជាប់​ព្រំដែន​ ក្នុង​ស្រុក​មេមត់​ ខេត្ត​កំពង់ចាម​ [បើ​ទោះ​បី​មិន​ស្ថិត​ក្នុង​ដី​របស់​វៀតណាម​ក៏​ដោយ​ – អភិបាល​ស្រុក​មេមត់​ លោក​ ចឹក​ សាអន​ ដែល​ជា​អ្នក​ចុះហត្ថលេខា​អនុញ្ញាត​ឲ្យ​សាងសង់​ ហើយ​ក៏​ជា​អ្នក​បាន​ទៅ​ធ្វើការ​ហាមឃាត់​ការ​សង​សង់​បាន​បញ្ជាក់​ថា​បញ្ហា​នេះ​ជា​បញ្ហា​ថ្នាក់​ជាតិ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២០​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ការប្រើ​ថ្នាំ​គីមី​ពុល​កសិកម្ម​នៅតែ​ពេញ​និយម​ ទោះជា​ដឹង​ថា​មាន​គ្រោះថ្នាក់
  • រយៈពេល​១០​ឆ្នាំ​ខាងមុខ​នេះ​ កម្ពុជា​នឹង​មាន​ការប្រណាំងប្រជែង​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ឡើង​ [នេះ​បើ​យោង​តាម​ស្ថាប័ន​នាំមុខ​គេ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ធំ​ៗ​ដែល​មាន​ឈ្មោះ​ថា​ “Economist Conferences”]
  • WFP​ [អង្គការ​ស្បៀងអាហារ​ពិភពលោក​] នឹង​ផ្ដល់​ជំនួយ​ ២៥​លាន​ដុល្លារ​ សម្រាប់​អនុវត្ត​គម្រោង​នៅ​កម្ពុជា
  • គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ ស្នើ​រដ្ឋាភិបាល​៤​ចំណុច​ សម្រាល​ពន្ធ​ដើម្បី​ជួយ​វិស័យ​កាត់ដេរ​ [វិធានការ​៤​ចំណុច​នោះ​រួមមាន​ ៖​ ១​. វិធានការ​សម្រាប់​សម្រាល​បន្ទុក​ និង​ អាករ​ ព្រមទាំង​កម្រៃ​ផ្សេង​ៗ​ ២​. វិធានការ​កែលំអ​សម្រួល​ពាណិជ្ជកម្ម​ ពិសេស​ការនាំចេញ​សំលៀកបំពាក់​ ៣​. ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​សម្រាប់​ពាណិជ្ជកម្ម​ និង​ ៤​. វិធានការ​កែលំអ​សម្រាប់​ទំនាក់ទំនង​វិជ្ជាជីវៈ​ និង​ ការ​ទទួលខុសត្រូវ​របស់​គ្រប់​ភាគី​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ជា​ធរមាន​]
  • មេដឹកនាំ​សាសនា​ ១៦​ប្រទេស​ [មកពី​ ឥណ្ឌា​ បង់ក្លាដេស​ អ៊ូហ្គាន់ដា​ ជប៉ុន​ ទីបេ​ ថៃ​ ស្រីលង្កា​ វៀតណាម​ ភូមា​ ប៊ូតាន់​ អ៊ីតាលី​ អង់គ្លេស​ អូស្ត្រាលី​ សហរដ្ឋអាមេរិក​ តៃវ៉ាន់​ និង​ កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​] ជួប​ប្រជុំ​នៅ​កម្ពុជា
  • វិបត្តិ​ហិរញ្ញវត្ថុ​ធ្វើឲ្យ​កម្ពុជា​ឆ្នាំ​ ២០០៩​ បាត់​ចំណូល​ ៦៧៦​លាន​ដុល្លារ​ និង​ កម្មករ​បាត់បង់​ការងារ​ ៤៤.៦០០​នាក់​ [នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការអភិវឌ្ឍន៍​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨៤​ ថ្ងៃ​ សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​ អាប់ភីស៊ីត​ ហាម​ក្រុម​ភៀសខ្លួន​ រ៉ូហ៊ីងយ៉ា​ ចូល​ទៅ​ក្នុង​ប្រទេស​សៀម​ [ប៉ុន្តែ​ឲ្យ​ពួកគេ​ទៅកាន់​ប្រទេស​ទី​បី​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: