រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និយាយ​អំពី​កំពង់ផែ​ និង​ នាវា​ប្រើ​ទង់ជាតិ​កម្ពុជា​ – ថ្ងៃ​ ចន្ទ​ ទី​ ១៦​ កុម្ភៈ​ ២០០៩​

Posted on Monday, 16 February 2009. Filed under: សប្ដាហ៍ទី ៥៣៧ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៧

លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​ បាន​អះអាង​អំពី​លទ្ធផល​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​កំពង់ផែ​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ បញ្ហា​កប៉ាល់​បរទេស​ដែល​ចុះ​បញ្ជី​សញ្ជាតិ​នៅ​កម្ពុជា​ ។ ខាងក្រោម​នេះ​កឺ​ជា​បទសម្ភាសន៍​របស់​ លោកស្រី​ ត្រាំ​ អ៊ីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ ដឹកជញ្ជូន​ ជាមួយ​ទូរទស្សន៍​ជាតិ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ៖

សំណួរ​ ៖​ តើ​បច្ចុប្បន្ន​កម្ពុជា​មាន​កំពង់ផែ​សរុប​ទាំងអស់​ប៉ុន្មាន​? ស្ថិតនៅ​កន្លែង​ណា​ខ្លះ​? និង​មាន​មុខងារ​សម្រាប់​បម្រើ​អ្វី​ខ្លះ​?

រដ្ឋមន្ត្រី​ ៖​ បច្ចុប្បន្ន​កម្ពុជា​មាន​កំពង់ផែ​អន្តរជាតិ​ចំនួន​២​ គឺ​កំពង់ផែ​ភ្នំពេញ​ និង​ កំពង់ផែ​ក្រុងព្រះសីហនុ​ ដែល​ជា​ច្រកចេញ​ទៅ​អន្តរជាតិ​ និង​ ពិភពលោក​ ។ កំពង់ផែ​នេះ​គ្រប់គ្រង​ដោយ​សហគ្រាស​សាធារណៈ​របស់​រដ្ឋ​ ក្រោម​ការ​ដឹកនាំ​ដោយ​ក្រុមប្រឹក្សាភិបាល​មួយ​ដែល​មាន​សមាជិក​ជា​តំណាង​មកពី​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ។ល។ ក្រៅពី​នេះ​នៅ​មាន​កំពង់ផែ​ក្នុង​ស្រុក​ចំនួន​២៩​កន្លែង​ផ្សេង​ទៀត​ (ក្នុង​នោះ​មាន​ផែ​ប្រេង​ប្រមាណ​១០​កន្លែង​ និង​ ផែ​ទំនិញ​ប្រមាណ​១៩​កន្លែង​) កំពុង​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ឯកជន​នានា​ ។

មុខងារ​របស់​កំពង់ផែ​ជាទូទៅ​គឺជា​ស្ថានីយ​សំចត​ប្រមូលផ្ដុំ​ផ្ទេរផ្ទូរ​ និង​ ចែកចាយ​ទំនិញ​ និង​ អ្នកដំណើរ​ ។ លើស​ពី​នេះ​កំពង់ផែ​អន្តរជាតិ​គឺជា​ច្រក​ចូល​ទៅ​សមុទ្រ​អន្តរជាតិ​ និង​ ពិភពលោក​ ។ សារសំខាន់​នៃ​កំពង់ផែ​ ពិសេស​កំពង់ផែ​អន្តរជាតិ​ គឺជា​ដង្ហើម​នៃ​សេដ្ឋកិច្ច​ជាតិ​ រួម​ចំណែក​ជំរុញ​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​ ពិសេស​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ ទេសចរណ៍​ ។ល។

ខ្ញុំ​សូម​បញ្ជាក់​ថា​ កំពង់ផែ​ភ្នំពេញ​ស្ថិតនៅ​ជាប់​នឹង​ខាងត្បូង​ស្ពាន​ជ្រោយចង្វា​ ដែល​មាន​ចម្ងាយ​ ៣​-៤​គីឡូម៉ែត្រ​ពី​ចំណុចប្រសព្វ​ទន្លេ​មេគង្គ​ និង​ ទន្លេសាប​ ។ កំពង់ផែ​នេះ​សម្រាប់​បម្រើ​ឲ្យ​កប៉ាល់​អន្តរជាតិ​ធ្វើ​ចរាចរ​តាម​ដង​ទន្លេ​មេគង្គ​នៅ​សមុទ្រ​ ដោយ​កាត់តាម​ប្រទេស​វៀតណាម​ ។ កំពង់ផែ​ភ្នំពេញ​ស្ថិតនៅ​ចម្ងាយ​៣៣០​គីឡូម៉ែត្រ​ ពី​ច្រក​ចូល​ទន្លេ​មេគង្គ​នៅ​វង់តាវ​វៀតណាម​ និង​ ១១០​គីឡូម៉ែត្រ​ ពី​ព្រំប្រទល់​កម្ពុជា​-វៀតណាម​ ក្អម​សំណ​ ។ សមត្ថភាព​កំពង់ផែ​នេះ​អាច​ទទួល​នាវា​ចំណុះ​២.០០០​តោន​ ពេញ​មួយ​ឆ្នាំ​ ហើយ​នៅ​រដូវ​វស្សា​អាច​ឡើង​ដល់​ ៥.០០០​តោន​ (ជម្រៅ​ទឹក​ ៤.៥០​ម៉ែត្រ​) ។

លទ្ធផល​ការងារ​ (ឆ្នាំ​ ២០០៨​) អ្នកដំណើរ​ឆ្លងកាត់​ប្រមាណ​ ៦០.០០០​នាក់​ កុងតឺន័រ​៤៧.០០០​ TEU​ ប្រេងឥន្ធនៈ​កត់ត្រា​ប្រមាណ​ ៧០០.០០០​តោន​ និង​ បរិមាណ​ទំនិញ​ប្រមាណ​ ១,២​លាន​តោន​ ។

ដោយ​ឡែក​ កំពង់ផែ​ក្រុងព្រះសីហនុ​គឺជា​កំពង់ផែ​ធំ​ជាងគេ​នៅ​កម្ពុជា​ ដែល​បាន​សាងសង់​នា​ឆ្នាំ​ ១៩៥៦​ – ១៩៦០​ និង​ ដាក់​ឲ្យ​ប្រើប្រាស់​ឆ្នាំ​ ១៩៦១​ ។ បច្ចុប្បន្ន​ផែ​ថ្ម​មាន​ការ​ទ្រុឌទ្រោម​ និង​ រៀបចំ​សម្រាប់​លើកដាក់​ស្រាល​ៗ​ និង​ ប្រែក្លាយ​ជា​ផែ​សម្រាប់​កប៉ាល់​អ្នកដំណើរ​ ។ បច្ចុប្បន្ន​ក្រោម​ជំនួយ​ JBIC​ សម្រាប់​សាងសង់​ផែ​កុងតឺន័រ​ ៤០០​ម៉ែត្រ​ ដែល​អាច​ទទួល​បរិមាណ​នាវា​ ១.០០០​គ្រឿង​ ក្នុង​មួយ​ខែ​មាន​ជម្រៅ​ទឹក​ ៩​ម៉ែត្រ​ ។ បរិមាណ​ទំនិញ​ឆ្លងកាត់​ ២.០៥៧.៩៦៧​តោន​ (សម្រាប់​ឆ្នាំ​ ២០០៨​) និង​ កុងតឺន័រ​ប្រមាណ​ ២៥៨.០០០​ប្រអប់​ ។

គម្រោង​អភិវឌ្ឍន៍​កំពុង​ដំណើរការ​រៀបចំ​ (ជំនួយ​ JBIC​) មាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​អភិវឌ្ឍន៍​តំបន់​លើក​ពិសេស​ (៧០​ហ.ត​) ។ ការស្ថាបនា​ផែ​ពហុ​បំណង​ សម្រាប់​បម្រើ​ ៖​ សេវាកម្ម​រុករក​ប្រេង​នៅ​តាម​សមុទ្រ​ និង​ ផែ​សម្រាប់​ប្រភេទ​ទំនិញ​មិន​វេច​ខ្ចប់​ សម្រាប់​បូម​គ្រាប់​ធញ្ញជាតិ​ (ស្រូវ​ ពោត​ សណ្ដែក​) កៅស៊ូ​ថ្នល់​ ម្សៅមី​ ។ល។

ចំពោះ​កំពង់ផែ​ឯកជន​វិញ​ ជា​កំពង់ផែ​ដែល​មាន​លក្ខណៈ​មធ្យម​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ទៅមក​រវាង​ប្រទេស​ជិតខាង​ ដូចជា​ផែ​វៀតណាម​ ថៃ​ ។ល។ មាន​កំពង់ផែ​ចំនួន​៤​ កំពុង​ធ្វើ​ប្រតិបត្តិការ​ គឺ​កំពង់ផែ​កែវផុស​ កំពង់ផែ​ស្រែអំបិល​ កំពង់ផែ​កំរាក់​ កំពង់ផែ​ទំនប់​រលក​ និង​ មាន​កំពង់ផែ​ចំនួន​២​កំពុង​អភិវឌ្ឍន៍​ គឺ​កំពង់ផែ​ស្ទឹងហាវ​ និង​ កំពង់ផែ​កំបង​ របស់​ក្រុមហ៊ុន​វិញហួង​ ។

សំណួរ​ ៖​ គេ​សង្កេត​ឃើញ​ថា​ ការ​ដឹកជញ្ជូន​តាម​ផ្លូវ​គោក​គឺជា​ការ​ពេញ​និយម​នៅ​កម្ពុជា​ ហេតុអ្វី​ចាំបាច់​តម្រូវឲ្យ​មាន​ការ​កសាង​កំពង់ផែ​ថ្មី​ទៀត​?

រដ្ឋមន្ត្រី​ ៖​ ជា​ការពិត​ណាស់​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​ភាគច្រើន​និយម​ចូលចិត្ត​ធ្វើដំណើរ​តាម​ផ្លូវ​ថ្នល់​ ព្រោះ​គេ​យល់​ឃើញ​ថា​ ការ​ធ្វើដំណើរ​តាម​ផ្លូវ​ថ្នល់​រហ័ស​ទាន់ចិត្ត​ ចំណាយ​ពេល​តិច​ និង​ ទៅដល់​គោលដៅ​ដែល​ពួកគេ​ត្រូវ​ទៅ​ ។ ទន្ទឹម​នឹង​នេះ​ ជា​ទូទៅ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ឬ​ ការ​ដឹកជញ្ជូន​តាម​នាវា​ ឬ​ ជលយាន​ ជលយាន​មាន​គុណសម្បត្តិ​ល្អ​ណាស់​នោះ​ គឺ​ ៖

(១)ដឹក​បាន​ច្រើន​ (២) ចំណាយ​ថ្លៃដើម​តិច​ (ចំណាយ​ប្រេង​តិច​បើ​ប្រៀបធៀប​ការ​ដឹកជញ្ជូន​តាម​រថយន្ត​ និង​ សោហ៊ុយ​ដឹក​ថោក​) (៣) មាន​សុវត្ថិភាព​ សន្តិសុខ​ និង​ ប៉ះពាល់​បរិស្ថាន​ទឹក​តិច​ (៤) មិន​មាន​កកស្ទះ​ចរាចរ​ (៥) មាន​លក្ខណៈ​អន្តរជាតិ​ដោយ​អាច​ដឹកជញ្ជូន​បាន​រហូតដល់​ប្រទេស​ឯ​នាយ​សមុទ្រ​ (៦) ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ផ្លូវ​ថ្នល់​ពី​ការ​ដឹក​លើស​ទម្ងន់​ (៧) ប៉ះពាល់​បរិស្ថាន​ជាទូទៅ​តិច​ ដោយសារ​ធាតុ​កាបូនឌីអុកស៊ីត​ និង​ កាបូនឌីអុកស៊ីត​ដែល​ភាយ​ចេញ​មាន​បរិមាណ​ប្រមាណ​ជាង​៤២​ក្រាម​ ក្នុង​មួយ​តោន​គីឡូម៉ែត្រ​ តិច​ជាង​យានយន្ត​ផ្លូវ​គោក​ដែល​មាន​ប្រមាណ​ជា​៤០៧​ក្រាម​ ក្នុង​មួយ​តោន​គីឡូម៉ែត្រ​ ។

ដំណើរ​ជឿនលឿន​នៃ​សេដ្ឋកិច្ច​ និង​ កំណើន​ប្រជាជន​ ធ្វើឲ្យ​មាន​ចរាចរ​កកស្ទះ​ រថយន្ត​ដឹកទំនិញ​ធំ​ៗ​មិន​អាច​ឆ្លងកាត់​បាន​ គ្រោះថ្នាក់​នៅ​តាម​ផ្លូវថ្នល់​កាន់តែ​កើន​ឡើង​ ។ កំពង់ផែ​មិន​អាច​កាត់ផ្ដាច់​ពី​ការ​ដឹកជញ្ជូន​ផ្លូវ​ទឹក​ និង​ ការ​ដឹកជញ្ជូន​ផ្សេង​ៗ​ទៀត​ រួម​ទាំង​សេវាកម្ម​គាំទ្រ​ផ្សេង​ៗ​ដូចជា​ភ្នាក់ងារ​បញ្ជូន​ទំនិញ​ ទីលាន​ចែកចាយ​ទំនិញ​ និង​ ភស្តុភារ​កម្ម​ ។ល។ នេះ​ជា​បច្ច័យ​មួយ​ដ៏​ចាំបាច់​ដែល​តម្រូវឲ្យ​វិនិយោគិន​មាន​ជម្រើស​ផ្សេង​ និង​ ល្អ​ ក្នុង​ការ​រក​ទទួលទាន​ ហើយ​ប្រទេស​កម្ពុជា​យើង​ក៏​ត្រូវការ​អភិវឌ្ឍន៍​វិស័យ​ទាំងនេះ​រួម​ទាំង​ការអភិវឌ្ឍន៍​កំពង់ផែ​ និង​ នាវាចរណ៍​ដឹកជញ្ជូន​ផ្លូវ​ទឹក​ និង​ ពិសេស​ការ​បង្កើត​ឡើង​តំបន់​សេដ្ឋកិច្ច​ ពិសេស​នៅ​ក្នុង​បរិវេណ​ផែ​ផង​ដែរ​ ហើយ​កម្ពុជា​ និង​ ប្រទេស​វៀតណាម​កំពុង​ពិចារណា​រួមគ្នា​លើ​ការអភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ និង​ ការ​សម្របសម្រួល​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​សម្រាប់​ទិញ​ទំនិញ​ និង​ អ្នកដំណើរ​ អ្នក​ទេសចរ​ ។ល។

សំណួរ​ ៖​ បើ​ការ​សាងសង់​កំពង់ផែ​ថ្មី​អាច​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​សមុទ្រ​ និង​ ការ​រស់នៅ​របស់​ប្រជាជន​នៅ​ក្បែរ​នោះ​ ។ បើ​មាន​ តើ​ក្រសួង​មាន​ដំណោះស្រាយ​ដូចម្ដេច​?

រដ្ឋមន្ត្រី​ ៖​ ការ​សាងសង់​កំពង់ផែ​ថ្មី​អាច​នាំឲ្យ​មាន​ផល​ប៉ះពាល់​ខ្លះ​ដល់​ធនធាន​សមុទ្រ​ និង​ ការ​រស់នៅ​របស់​ប្រជាជន​នៅ​ក្បែរ​ ។ ជាទូទៅ​គម្រោង​សាងសង់​អ្វី​មួយ​តែងតែ​មាន​ការ​ប៉ះពាល់​បរិស្ថាន​ ត្រង់​តែ​តិច​ឬ​ច្រើន​ ។ គម្រោង​សាងសង់​ផែ​ជា​ទូទៅ​មិន​មាន​ផល​ប៉ះពាល់​ធំដុំ​ដូច​ការសាងសង់​ទំនប់​វារីអគ្គិសនី​ទេ​ ។ វា​អាច​ជះឥទ្ធិពល​ពីលើ​បរិស្ថាន​ធម្មជាតិ​មួយ​ចំនួន​ ដូចជា​ប្រព័ន្ធ​ជីវចម្រុះ​ (ជម្រក​ត្រី​) និង​ ប្រព័ន្ធ​អេកូឡូហ្ស៊ី​ (ជម្រក​សត្វស្លាប​) ចរន្តទឹក​ផ្លាស់ប្ដូរ​គុណភាព​នៃ​ទឹក​ ភាព​កខ្វក់​នៃ​ទឹក​ ឬ​ ការ​ធ្លាក់​ប្រេង​ ឬ​ កាកសំណល់​ផ្សេង​ៗ​ កំណក​បាត​សមុទ្រ​ ។ល។ គម្រោង​ត្រូវ​ធ្វើការ​សិក្សា​នូវ​ផល​ការ​ប៉ះពាល់​បន្ថែម​ គេ​ហៅ​ថា​ EIA​ លទ្ធផល​វាយតម្លៃ​បរិស្ថាន​ ទើប​អនុញ្ញាត​ឲ្យ​ធ្វើការ​សាងសង់​បាន​ ។ ដូចនេះ​ការ​ប៉ះពាល់​ការ​រស់នៅ​របស់​ប្រជាជន​ សំខាន់​គឺ​ការ​ត្រូវ​រក​ដី​មាន​ទំហំ​ធំ​ដើម្បី​សាងសង់​ផែ​នីមួយ​ៗ​ ក្រៅពី​ចំណត​ផែ​ត្រូវការ​ដី​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ឃ្លាំង​ស្តុក​ទំនិញ​ ទីលាន​ស្តុក​ទំនិញ​ ឋបនីយភណ្ឌ​ឲ្យ​សេវា​ផែ​ដូចជា​ស្ថានីយ​ប្រេងឥន្ធនៈ​ ស្ថានីយ​អគ្គិសនី​ អគារ​ផ្សេង​ៗ​ ។ល។ ដូច្នេះ​បញ្ហា​វា​ពាក់ព័ន្ធ​ការ​ដោះស្រាយ​ដីធ្លី​ផ្ទះសម្បែង​ ។ នេះ​ក៏​ជា​បញ្ហា​ ។ ដូចជា​បញ្ហា​កើតឡើង​ចំពោះ​គម្រោង​វិនិយោគ​ទៀត​ដែរ​ យើង​មិន​អាច​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ និង​ ខូច​ប្រយោជន៍​ក្នុង​របរ​ទទួលទាន​ និង​ បាត់បង់​ចំណូល​ទេ​ ត្រូវ​តែ​មាន​ការ​ដោះស្រាយ​ ។

សំណួរ​ ៖​ មាន​នាវា​ដឹកជញ្ជូន​បរទេស​ខ្លះ​បាន​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​ តើ​មាន​ការ​អនុញ្ញាត​ឲ្យ​នាវា​បរទេស​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​ឬ​ទេ​? បើសិនជា​នាវា​បរទេស​ដែល​ប្រើ​ទង់ជាតិ​កម្ពុជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់​ណា​មួយ​ តើ​ក្រសួង​មាន​វិធានការ​ដូចម្ដេច​ចំពោះ​នាវា​ទាំងនោះ​?

រដ្ឋមន្ត្រី​ ៖​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ផ្ដល់​សេវា​ចុះបញ្ជី​សញ្ជាតិ​ឲ្យ​នាវា​បរទេស​តាំងពី​ឆ្នាំ​ ១៩៩៤​មក​ម្ល៉េះ​ ។ បរិមាណ​នាវា​ដែល​បាន​ចុះបញ្ជី​នាវា​សញ្ជាតិ​កម្ពុជា​បាន​កើន​ឡើង​នៅ​ឆ្នាំ​ ២០០១​ ហើយ​ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រមាណ​ ៨០០​គ្រឿង​ ។

ចាប់​តាំងពី​ខែ​កុម្ភៈ​ ២០០៣​ មក​ ការចាត់ចែង​គ្រប់គ្រង​ការ​ចុះបញ្ជី​នាវា​សញ្ជាតិ​កម្ពុជា​ ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចុះបញ្ជី​នាវា​សញ្ជាតិ​កម្ពុជា​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ។ ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​នាវា​ ឬ​ ការ​អនុញ្ញាត​ឲ្យ​នាវា​ពាក់​ទង់ជាតិ​កម្ពុជា​ នឹង​មានន័យថា​ អនុញ្ញាត​ឲ្យ​នាវា​បរទេស​ធ្វើដំណើរ​ស្របច្បាប់​នៅ​ក្រោម​សន្ធិសញ្ញា​សមុទ្រ​អន្តរជាតិ​ដឹកនាំ​ដោយ​ IMO​ ។ ការ​បំពាន់​ ឬ​ កំហុស​២​ប្រភេទ​ គឺ​ខាង​បច្ចេកទេស​ និង​ មុខរបរ​ជំនួញ​ ។ ការ​រំលោភ​ខាង​បច្ចេកទេស​ គឺជា​ការ​បំពាន​ណា​មួយ​របស់​នាវា​ទៅ​នឹង​ច្បាប់​ ឬ​ បទបញ្ញត្តិ​នានា​នៃ​ប្រទេស​ដែល​នាវា​ស្ថិតនៅ​ ឬ​ ច្បាប់​អន្តរជាតិ​ ដូចជា​ការ​បំពុល​បរិស្ថាន​សមុទ្រ​ (ការ​ចាក់ចោល​ ឬ​ ការ​បញ្ចេញ​សំណល់​ពី​នាវា​លើស​ពី​បទដ្ឋាន​) អសមត្ថភាព​របស់​មេបញ្ជាការ​ ឬ​ នាយ​នាវិក​ (កាន់​វិញ្ញាបនបត្រ​សមត្ថភាព​ជំនាញ​មិន​ត្រឹមត្រូវ​ ក្លែងក្លាយ​ ឬ​ ហួស​ ពុំ​មាន​សុពលភាព​) កង្វះ​សន្តិសុខ​ សុវត្ថិភាព​ (ស្ថិតនៅ​ក្រោម​បទដ្ឋាន​កំណត់​) ឬ​ អំពើ​ល្មើស​ឯ​ទៀត​ៗ ។ ខាង​ជំនួញ​នាវា​រំលោភ​ទៅ​នឹង​ការ​ដឹកទំនិញ​ហាមឃាត់​ ឬ​ អាវុធ​យុទ្ធភណ្ឌ​ រំសេវ​ (ថ្នាំញៀន​ សារធាតុ​ពង្វក់​ស្មារតី​ អាវុធ​ជាតិ​ផ្ទុះ​ អាវុធ​ប្រល័យ​លោក​ ទាសករ​ ។ល។ ) ការ​រត់ពន្ធ​មនុស្ស​ ឬ​ ដឹក​ជនភៀសខ្លួន​មិន​ស្របច្បាប់​ ។ល។ ទាំងអស់​នេះ​ម្ចាស់​នាវា​ ឬ​ ប្រតិបត្តិ​ករ​នាវា​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ ។ បន្ថែម​លើ​នេះ​ ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​សញ្ជាតិ​នាវា​ អាច​នឹង​ចាត់​វិធានការ​ចាំបាច់​នានា​លើ​បទល្មើស​ទាំងនោះ​ ដែល​អាច​រួមមាន​ជា​អាទិ៍​ (១) ពិន័យ​តាម​បែប​រដ្ឋបាល​ តាម​បែប​ហិរញ្ញវត្ថុ​ណាមួយ​ (២) ការ​បញ្ចប់​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​ – សញ្ជាតិ​នាវា​ ឬ​ ឯកសារ​សុពល​ណាមួយ​ដែល​បាន​ផ្ដល់ឲ្យ​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២២​ ថ្ងៃ​ទី​ ១៥​ – ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

អំណាច​រាស្ត្រ​ ឆ្នាំ​ទី​ ២​ លេខ​ ៤១​ ថ្ងៃ​ ចន្ទ​ – អាទិត្យ​ ទី​ ១៦​ – ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រជារាស្ត្រ​ ៤២១​គ្រួសារ​ [មកពី​ខេត្ត​បន្ទាយមានជ័យ​] តវ៉ា​ដល់​ផ្ទះ​សម្ដេច​តេជោ​ [ហ៊ុន​ សែន​] រឿង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​យក​ដី


ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ១៨​ ថ្ងៃ​ ចន្ទ​ ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រុម​តំណាងរាស្ត្រ​គណបក្ស​ សម​ រង្ស៊ី​ ស្នើ​ឲ្យ​ លោក​ ហ៊ុន​ សែន​ បញ្ជាក់​ពី​វត្តមាន​ ថាក់ស៊ីន​ នៅ​កម្ពុជា


ដើម​ត្នោត​ ឆ្នាំ​ទី​ ២​ លេខ​ ៥៧​ ថ្ងៃ​ ចន្ទ​ – អង្គារ​ ទី​ ១៦​ – ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោកជំទាវ​ លី​ វួចឡេង​ អតីត​ប្រធាន​សាលាឧទ្ធរណ៍​ ត្រូវ​បាន​តែងតែ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ដោយ​មិន​បាន​អង្កេត​អំពី​កំហុស​ [ចំពោះ​ករណី​ស៊ីសំណូក​តាម​រយៈ​ការ​កាត់​ក្ដី​ឱ្យ​ តែ​ ប៉ៅលី​ ជា​ថៅកែ​អតីត​សណ្ឋាគារ​ឆាយ​ ហ៊ួរ​ II​​​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​មនុស្ស]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៧៤​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ១៥​ – ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អ្នក​ក្រុង​ព្រះសីហនុ​គ្រោង​ធ្វើការ​តវ៉ា​យក​ឆ្នេរ​អូតែល​៧​ជាន់​ ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ
  • ប្រកាស​ស្រុក​អូរជ្រៅ​ និង​ ស្រុក​សិរីសោភ័ណ​ទៅជា​ក្រុង​ [ខេត្ត​បន្ទាយមានជ័យ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៧៩​ ថ្ងៃ​ ចន្ទ​ ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ទីស្ដីការ​ប្រកាស​បដិសេធ​ [ចំពោះ​ការ​បើក​ការស៊ើបអង្កេត​ទៅលើ​អតីត​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ កែ​ គឹមយ៉ាន​ ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្រប​ច្បាប់​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក​] និង​ ប្រកាស​ស៊ើបអង្កេត​រក​អ្នក​បញ្ចេញ​ឯកសារ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល
  • ២០០៨​ ៖​ ១​ថ្ងៃ​ការ​ចំណាយ​រួមភេទ​ក្រៅ​ផ្ទះ​មាន​១០​ម៉ឺន​$​ ក្នុង​មួយ​រាត្រី​ការ​រួមភេទ​មាន​ពីរ​ ២​ម៉ឺន​ ទៅ​ ៣​ម៉ឺន​ដង​ [នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ មាន​ប្រជាជន​ចំនួន​ ១០​%​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥​ ដល់​ ៤៩​ឆ្នាំ​ មាន​ការ​រួមភេទ​ក្រៅ​ផ្ទះ​ និង​ មាន​ប្រជាជន​ចំនួន​ ៣៦​%​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ១៥​ ដល់​ ២៤​ឆ្នាំ​ជា​បុរស​ រីឯ​ស្ត្រី​មាន​តែ​១​%​ប៉ុណ្ណោះ​​]
  • អំពើ​ប្លន់​ប្រដាប់​អាវុធ​នៅ​តាម​ដង​ផ្លូវ​កំរើក​ឡើងវិញ​ [សិស្ស​វិទ្យាល័យ​ម្នាក់​ត្រូវ​បាន​ចោរ​ពីរ​នាក់​បាញ់​មួយ​គ្រាប់​ពី​ខាងក្រោយ​ខ្នង​ដើម្បី​ប្លន់​យក​ម៉ូតូ​ ដោយ​ចោរប្លន់​ពីរ​ពីរ​នាក់​ដែល​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​​ – ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​]
  • ធនាគារ​កម្ពុជា​សាធារណៈ​ [ដែល​ជា​ធនាគារ​បទសម្ព័ន្ធ​របស់​ធនាគារ​ Public Bank Berhad​ របស់​ប្រទេស​ម៉ាឡេស៊ី​] ទទួល​បាន​ពានរង្វាន់​ជា​ធនាគារ​ប្រចាំ​ឆ្នាំ​ ២០០៨​ លើក​ទី​៦​ (Bank of the Year for ២០០៨​) ពី​ស្ថាប័ន​ The banker​ ក្នុង​ទីក្រុង​ឡុង


មាតុភូមិ​ ឆ្នាំ​ទី​ ៥៣​ លេខ​ ៧២២​ ថ្ងៃ​ ចន្ទ​ – សៅរ៍​ ទី​ ១៦​ – ២១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ឪពុក​ម្ដាយ​ជនបរទេស​ជា​មនុស្ស​ប្រភេទ​ទី​៣​ អ្នក​ចំណូល​ទាប​ និង​ មាន​កូន​២​ មិន​អាច​សុំ​កូន​ពី​ស្រុក​ខ្មែរ​ទៅ​ចិញ្ចឹម​បាន​ទេ


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤១២​ ថ្ងៃ​ ចន្ទ​ ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ថ្ងៃ​ ១៤​ កុម្ភៈ​ [ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​] ផ្ទះសំណាក់​ [ជាង​១០០​កន្លែង​] ពេញ​ដោយ​ពួក​យុវវ័យ​ទៅ​ស្នាក់​រួមមេត្រី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២២​ ថ្ងៃ​ ចន្ទ​ ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និយាយ​អំពី​កំពង់ផែ​ និង​ នាវា​ប្រើ​ទង់ជាតិ​កម្ពុជា
  • [រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​] ទៀ​ បាញ់​ ៖​ ប្រាក់​មុខតំណែង​នាយ​ទាហាន​សន្យា​បើក​ក្នុង​ខែ​កុម្ភៈ​នេះ​!

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: