ថ្ងៃ​ ចន្ទ​ ទី​ ៣០​ មិថុនា​ ២០០៨​ ៖ កម្ពុជា​ត្រូវការ​ឆ្មប​យ៉ាង​ច្រើន​ដើម្បី​ធានា​សុវត្ថិភាព​មាតា​ និង​ ទារក​ នៅ​ក្នុង​ពេល​សម្រាល​

Posted on Monday, 30 June 2008. Filed under: សប្ដាហ៍ទី ៥០២ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០២​

អ្នក​ជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​ សុខភាព​មាតា​និង​ទារក​នៅ​ក្នុង​ពេល​កើត​ នៅ​កម្ពុជា​ នៅ​តែ​ជា​បញ្ហា​ដ៏​គួរឲ្យ​ព្រួយបារម្ភ​ ហើយ​បញ្ហា​ព្រួយបារម្ភ​នេះ​គឺ​ដោយសារ​តែ​កម្ពុជា​ខ្វះខាត​ឆ្មប​គឺជា​មូលហេតុ​ដ៏​ចម្បង​ ។​

លោកស្រី​ វេជ្ជបណ្ឌិត​ ជាង​ កន្និដ្ឋា​ មន្ត្រី​នៃ​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​ សុខភាព​មាតា​ និង​ ទារក​នៅ​ក្នុង​ពេល​កើត​ គឺជា​បញ្ហា​មួយ​ដែល​កម្ពុជា​គួរតែ​យក​ចិត្ត​ទុកដាក់​ ដោយសារតែ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​ មាន​ទារក​និង​មាតា​រាប់​ពាន់​នាក់​ បាន​ត្រូវ​ស្លាប់​ ។​ លោកស្រី​បាន​បញ្ជាក់​ថា​ “គេ​បាន​ប៉ាន់​ប្រមាណ​ថា​ នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​ មាន​ទារក​ និង​ ស្ត្រី​កម្ពុជា​ប្រមាណ​ជា​ ២.០០០​ បាន​ស្លាប់​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ ពេល​កើត​” ។​

លោក​វេជ្ជបណ្ឌិត​ គុំ​ កាណាល់​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ ទារក​ បាន​ទទួល​ស្គាល់​កាលពី​ ថ្ងៃ​ទី​ ២៧​ ខែ​ មិថុនា​ កន្លងទៅ​នេះ​ថា​ អត្រា​ស្លាប់​របស់​មាតា​ និង​ ទារក​នៅ​ក្នុង​ពេល​មាន​ទម្ងន់​រហូត​ដល់​កើត​បាន​៤២​ថ្ងៃ​ គឺ​ពិតជា​ខ្ពស់​ជាង​គេ​មែន​ បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​ ។​ លោក​បាន​បញ្ជាក់​ថា​ “តួលេខ​នៃ​ការ​ស្លាប់​របស់​មាតា​ និង​ ទារក​យើង​ គឺ​គ្រាន់បើ​ជាង​ភូមា​បន្តិច​ តែ​ប្រដមប្រសង​ជាមួយ​នឹង​ឡាវ​ តែ​បើ​ជាមួយ​នឹង​វៀតណាម​ និង​ ថៃ​ យើង​នៅ​ចាញ់​គេ​ឆ្ងាយ​ណាស់​” ។​

លោក​បាន​បន្ត​ទៀត​ថា​ មូលហេតុ​ដែល​កម្ពុជា​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ​ គឺ​ដោយសារតែ​បី​ចំណុច​ធំ​ គឺ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​យឺត​ បញ្ជូន​យឺត​ និង​ សង្គ្រោះ​យឺត​ ។​ ចំណែក​គេ​សុទ្ធតែ​លឿន​ ។​ លោក​បាន​បន្ត​ទៀត​ថា​ បញ្ហា​យឺតយ៉ាវ​ទាំងអស់​នេះ​ គឺ​ដោយសារតែ​កង្វះខាត​ឆ្មប​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​មិន​ទាន់​យល់​អំពី​សារសំខាន់​របស់​មណ្ឌល​សុខភាព​ ។​

លោកស្រី​វេជ្ជបណ្ឌិត​ ជាង​ កន្និដ្ឋា​ បាន​ឲ្យ​ដឹង​ថា​ បើ​យោង​ទៅ​តាម​ស្ថិតិ​សុខភាព​ជាតិ​កាលពី​ ឆ្នាំ​ ២០០៧​ កន្លងទៅ​នេះ​ កម្ពុជា​ទើប​តែ​មាន​ឆ្មប​ ៣.១៨៤​នាក់​ ប៉ុណ្ណោះ​ តែ​ចំនួន​នេះ​មិន​គ្រប់​សម្រាប់​ធានា​សុវត្ថិភាព​មាតា​ និង​ ទារក​នៅ​ក្នុង​ពេល​កើត​បាន​ឡើយ​ ។​

លោកស្រី​បាន​បញ្ជាក់​ថា​ មាន​មណ្ឌល​សុខភាព​ជាង​១០០​កន្លែង​ ដែល​មិន​មាន​ឆ្មប​ទាល់​តែ​សោះ​ ហើយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៧៨​ភាគរយ​ ផ្ដល់​កំណើត​កូន​នៅ​ផ្ទះ​ ក្នុង​នោះ​ ៥៥​ភាគរយ​ គឺ​កើត​ជាមួយ​នឹង​ឆ្មប​បុរាណ​ ដែល​ជា​អ្នក​ដែល​មិន​មាន​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ ។​

លោក​ គុំ​ កាណាល់​ បាន​បដិសេធ​នឹង​តួលេខ​កង្វះខាត​ឆ្មប​ខាងលើ​ ហើយ​បាន​អះអាង​ថា​ ដោយសារតែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រហូត​មក​ដល់​ពេលនេះ​ នៅ​ក្នុង​ចំណោម​មណ្ឌល​សុខភាព​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង​៩០០​នោះ​ គឺ​មាន​តែ​ ៧២​ឬ​៧៣​មណ្ឌល​សុខភាព​ ប៉ុណ្ណោះ​ដែល​មិន​ទាន់​មាន​ឆ្មប​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ លោក​ទទួល​ស្គាល់​ថា​ កម្ពុជា​នៅ​ខ្វះខាត​ឆ្មប​រាប់​ពាន់​នាក់​ ប៉ុន្តែ​ចំនួន​ខ្វះខាត​ពិត​ប្រាកដ​គឺ​លោក​មិន​បាន​ដឹង​ច្បាស់​នោះ​ទេ​ ។​

មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃ​ក្រសួង​សុខាភិបាល​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​ មិថុនា​ កន្លងទៅ​នេះ​ ។​

លោកស្រី​ ជាង​ កន្និដ្ឋា​ បាន​អះអាង​ថា​ តាម​ស្តង់ដារ​ជាតិ​ មណ្ឌល​សុខភាព​នីមួយ​ៗ​ត្រូវការ​ឆ្មប​ពីរ​នាក់​ ចំណែក​តាម​មន្ទីរពេទ្យ​ដែល​មាន​បី​ប្រភេទ​នោះ​ ខ្លះ​ត្រូវការ​ឆ្មប​ពី​ ៦​ទៅ​៨​នាក់​ ខ្លះ​ទៀត​ត្រូវការ​ឆ្មប​ពី​ ៧​ទៅ​១០​នាក់​ និង​ ខ្លះ​ទៀត​ត្រូវការ​ឆ្មប​ពី​ ១៥​ទៅ​២០​នាក់​ ហើយ​ចំណែក​នៅ​តាម​មូលដ្ឋាន​ក៏​ត្រូវការ​ឆ្មប​ផង​ដែរ​ ។​

ពាក់ព័ន្ធ​នឹង​កង្វះខាត​ឆ្មប​នៅ​កម្ពុជា​នេះ​ នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​គេ​រៀបចំ​នៅ​ក្នុង​ទីក្រុង​ហាណូយ​ កាលពី​ចុង​ខែ​ ឧសភា​ កន្លងទៅ​នេះ​ អ្នក​ជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ បាន​អះអាង​ថា​ មូលហេតុ​នៃ​កង្វះ​ខាត​ឆ្មប​នៅ​កម្ពុជា​ គឺ​ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច​ ។​

លោក​ គុំ​ កាណាល់​ បាន​ឲ្យ​ដឹង​ថា​ វា​គឺជា​ការពិត​ ប្រាក់ខែ​តិច​គឺ​មូលហេតុ​ចម្បង​ ហើយ​កង្វះ​ការ​លើក​ទឹកចិត្ត​ក៏​ជា​បញ្ហា​មួយ​ដែរ​ ។​ យុវជន​ក្មេង​ៗ​ជំនាន់​ក្រោយ​មិន​សូវ​ចាប់អារម្មណ៍​នឹង​ជំនាញ​នេះ​ទេ​ ។​

លោក​បាន​បញ្ជាក់​ថា​ “យើង​មាន​សាលា​បណ្ដុះបណ្ដាល​ឆ្មប​ដល់​ទៅ​៥​កន្លែង​ តែ​សាលា​ទាំងនោះ​ផលិត​ឆ្មប​បាន​ត្រឹមតែ​ ២០០​នាក់​ប៉ុណ្ណោះ​ នៅ​ក្នុង​មួយ​ឆ្នាំ​” ។​

លោក​បាន​បន្ត​ទៀត​ថា​ បើ​ផ្អែក​លើ​ចំនួន​នេះ​ យើង​ត្រូវការ​ស៊ី​ពេលវេលា​រហូត​ដល់​ទៅ​ ១០​ឆ្នាំ​ ទើប​អាច​ស្វែងរក​ឆ្មប​បាន​គ្រប់គ្រាន់​ ៕​ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦២៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៩​ – ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ​ ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​

ជួយ​ខ្មែរ​ ឆ្នាំ​ទី​ ២​ លេខ​ ១២៥​ ថ្ងៃ​ ចន្ទ​ ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • សហ​មេធាវី​ សាយ​ បូរី​ លា​ឈប់​ការពារ​ក្ដី​ឲ្យ​ឃាតក​ ខៀវ​ សំផន​ [ដោយសារ​តែ​មាន​ការ​អាក់​អន់​ចិត្ត​ ហើយ​មិន​មាន​ការ​ចុះ​សម្រុង​នឹង​គ្នា​ជាមួយ​នឹង​ដៃគូ​របស់​ខ្លួន​ គឺ​ លោក​ ហ្សាក់​ វ៉ាក់ហ្សេស​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៧​ លេខ​ ១៦៨០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៩​ – ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • អនុប្រធាន​ភូមិ​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចង​.ក​ អូស​ទៅ​បាញ់​សម្លាប់​ចោល​នៅ​ក្រោយ​ផ្ទះ​ [ខេត្ត​ កំពង់ចាម​]
  • អ្នក​កាសែត​នៅ​ខេត្ត​ កំពង់ធំ​ ម្នាក់​ ត្រូវ​ជនពាល​រកស៊ី​ឈើ​ខុស​ច្បាប់​ ឡោម​ព័ទ្ធ​បាញ់​នឹង​គ្រាប់​ចំពាម​រង​របួស​ជា​ដំណំ​
  • ប្រទេស​កូរ៉េ​ខាងជើង​បំផ្លាញ​ចោល​ប៉ម​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ [នៅ​ Yongbyon ]


ខ្មែរ​អមតៈ​ ឆ្នាំ​ទី​ ៩​ លេខ​ ៥៩៤​ ថ្ងៃ​ ចន្ទ​ ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • លោក​ ស៊ុត​ ឌីណា​ សកម្មជន​ជាន់​ខ្ពស់​ គ.រ.ន​ [គណបក្ស​នរោត្ដម​រណឫទ្ធិ​] ប្រចាំ​ខេត្ត​ បាត់ដំបង​ ត្រូវ​គេ​ប៉ុនប៉ង​សម្លាប់​ [ដោយ​មាន​ការ​បាញ់​ប្រហារ​មក​លើ​រថយន្ត​របស់​គាត់​ បន្ទាប់ពី​ត្រឡប់​ពី​ការងារ​ឃោសនា​នៅ​តាម​ស្រុក​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ២​ លេខ​ ១៨៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៩​ – ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • សមត្ថកិច្ច​ចាប់​ថៅកែ​កាស៊ីណូ​ម៉ាកាវ​ នៅ​បាវិត​ បញ្ជូន​មក​ក្រុង​ភ្នំពេញ​ទាំង​កណ្ដាល​យប់​ [នេះ​បើ​ផ្អែក​តាម​អ្នក​បំរើ​ម្នាក់​ ដែល​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​នេះ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ១​ លេខ​ ៣៦​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៩​ – ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • សារមន្ទីរ​ជាតិ​អង្គរ​ [ក្នុង​ខេត្ត​ សៀមរាប​] មើល​រំលង​អក្សរសាស្ត្រ​ជាតិ​ [ដោយ​មិន​ប្រើប្រាស់​ស្លាក​ជា​តួ​អក្សរ​ខ្មែរ​ ក្រៅពី​ស្លាក​ចំនួន​ពីរ​ដែល​ដាក់​ថា​ “National Angkor Museum”]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៣៨៤​ ថ្ងៃ​ ចន្ទ​ ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • [ក្រុមហ៊ុន​ សូ​ ជីង​​] ទំលាយ​ទំនប់​ទឹក​ ហូរ​កួច​លិច​ទូក​ កាណូត​ធំ​ តូច​ ៣៥​គ្រឿង​ និង​ លំនៅឋាន​
  • អង្គការ​សត្វ​ព្រៃ​ និង​ រុក្ខជាតិ​អន្តរជាតិ​ ជួយ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​ [ដោយ​បាន​រឹបអូស​បាន​ប្រេង​ម្រះព្រៅ​ចំនួន​ ៣៣​តោន​ ដែល​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​ផលិត​ថ្នាំ​ អេចស្តាស៊ី​]
  • ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ​ គ្រោង​បើក​សាលា​បណ្ដុះបណ្ដាល​សំរាប់​វិជ្ជាជីវៈ​ផលិត​ខ្សែភាពយន្ត​ [ដោយ​មាន​កិច្ចសហការ​ជាមួយ​ប្រទេស​កូរ៉េ​ ក្នុង​គោលបំណង​ដើម្បី​ស្ដារ​វិស័យ​សិល្បៈ​ភាពយន្ត​ឡើង​វិញ​]


មាតុភូមិ​ ឆ្នាំ​ទី​ ៥២​ លេខ​ ៦៩៥​ ថ្ងៃ​ អង្គារ​ – សៅរ៍​ ទី​ ១​ – ៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​នឹង​បង្កើត​ភ្នាក់ងារ​ជាតិ​មុខរបបរ​ និង​ ការងារ​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦២៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៩​ – ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • កម្ពុជា​ត្រូវការ​ឆ្មប​យ៉ាង​ច្រើន​ដើម្បី​ធានា​សុវត្ថិភាព​មាតា​ និង​ ទារក​ នៅ​ក្នុង​ពេល​សម្រាល​


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៤៦​ ថ្ងៃ​ អាទិត្យ​-ចន្ទ​ ទី​ ២៩​-៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨

  • សង្គម​ស៊ីវិល​ ៖​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​ ២០០៨​ មាន​លក្ខណៈ​ប្រសើរ​
  • សង្វាក់​ផលិតកម្ម​បំផ្លាញ​ឈើ​នៅ​ខេត្ត​ សៀមរាប​ កើន​ឡើង​គគ្រឹកគគ្រេង​ តែ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a comment

Liked it here?
Why not try sites on the blogroll...